Tuesday, October 26, 2021

វីដេអូ៖ តុលាការផ្តន្ទាទោសថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ៣រូប ឱ្យជាប់ពន្ធនាគារម្នាក់២ឆ្នាំ ខណៈសកម្មជនជាង១០រូបផ្សេងទៀត កាត់ទោសពី ២០ខែទៅ២ឆ្នាំ ករណីញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម

តុលាការប្រកាសសាលក្រមផ្តន្ទាទោសលោក ហូរ វ៉ាន់ អ៊ូ ច័ន្ទឫទ្ធិ គង់ សុភា ដាក់ពន្ធនាគារ ២ ឆ្នាំ និងបក្ខពួក១១នាក់ទៀត ដាក់ពន្ធនាគារ ២០ខែ

 (ភ្នំពេញ)៖ លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក គង់ សុភា ដែលជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល ចំពោះករណីញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។ ទន្ទឹមនឹងនេះ ក្នុងសំណុំរឿងដដែល តុលាការក៏បានកាត់ទោសសកម្មជនជាង១០រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារពី២០ខែ ទៅ២ឆ្នាំ ប៉ុន្តែពួកគេត្រូវបានព្យួរទោសមួយចំនួន។ នេះបើតាម លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់។

ការប្រកាសសាលក្រមលោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក គង់ សុភា រួមទាំងសកម្មជនជាង១០រូបនេះ បានធ្វើឡើង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យ សុធីបូរ៉ាឆាត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បន្ទាប់ពីបានលើកពេលប្រកាសអស់រយៈពេល១ខែកន្លងមក។

បើតាមអ្នកនាំពាក្យស្ថាប័នអយ្យការ ក្នុងសំណុំរឿងនេះ តុលាការបានកាត់ទោសដូចតទៅ៖

១៖ ឈ្មោះ ទុំ វុទ្ធី ហៅ ជុំ ពុទ្ធី ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
២៖ ឈ្មោះ ឈួ ផេង ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៣៖ ឈ្មោះ ឈឿន ដារ៉ាវី ភេទស្រី ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៤៖ ឈ្មោះ ហ៊ុន វណ្ណៈ ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៥៖ ឈ្មោះ គង់ សំអាន ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៦៖ ឈ្មោះ មាន ព្រហ្មមុនី ភេទប្រុស ដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៧៖ ឈ្មោះ កើត សារាយ ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៨៖ ឈ្មោះ ថា ឡាវី ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
៩៖ ឈ្មោះ មួង សុភ័ក្ត្រ ភេទប្រុស ដាក់ពន្ធនាគារ ២០ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
១០៖ ឈ្មោះ អេង ម៉ាឡៃ ភេទស្រី ដាក់ពន្ធនាគារ ២០ ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល តែអនុវត្តទោសដាក់ពន្ធនាគារ ១៤ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ។
១១៖ ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ភេទប្រុស ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
ជាប់ចោទពីបទ ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងដើមខែសីហា ដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
១២៖ ឈ្មោះ ហូរ វ៉ាន់ ភេទប្រុស ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៣៖ ឈ្មោះ អ៊ូ ច័ន្ទឫទ្ធិ ភេទប្រុស ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៤៖ ឈ្មោះ គង់ សភា ភេទប្រុស ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។
១៥៖ សម្រាប់ លោក ហុង លីម ហៅ ហុង មុយលីម វិញត្រូវបានតុលាការសម្រេចឱ្យរួចផុតពីបទចោទប្រកាន់។

ពួកគេត្រូវបានចោទប្រកាន់ពីបទ ផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា, ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ការចាប់ខ្លួនជនជាប់ចោទ ក្រុមសកម្មជននេះ បានធ្វើឡើងបន្ទាប់ពីពួកគេ នាំគ្នាតវ៉ាទាមទារឱ្យដោះលែងជនជាប់ចោទ រ៉ុង ឈុន ដែលញុះញង់អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

លោក រ៉ុង ឈុន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាត់ទោស ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំមុន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម»។

ទន្ទឹមគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀតដែលចូលរួមទាមទារឱ្យដោះលែង លោក រ៉ុង ឈុន នោះគឺលោក តុល និមល និង កញ្ញា ស កណិកា ឱ្យជាប់ពន្ធនាគារ២០ខែផងដែរ។ ជនទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ម្នាក់២លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែន សរុបចំនួន៤០០លានរៀល៕




វីដេអូ៖ លោក អ៊ុក សាមឿន នៅខេត្តកំពង់ស្ពឺ បកស្រាយពីកិច្ចព្រមព្រៀងប៉ារីស និងល្បិចជនឧទ្ទាមក្រៅច្បាប់

គណៈកម្មាធិការ ពិគ្រោះ យោបល់ កិច្ចការស្ត្រី និងកុមារ រៀបចំបើកកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្ត

កំពង់ឆ្នាំង៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។

ពិធីបើកកិច្ចប្រជុំនេះអញ្ជើញដឹកនាំដោយលោកស្រី ឈុំ ចាន់សុខ អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីមន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ ៕





លោក គួច ចំរើន វាយតម្លៃលើលទ្ធភាពការងាររបស់មន្ទីរអង្គភាព និងជំរុញឱ្យបន្តកិច្ចសហការគ្នា ឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាពការងារខ្ពស់

ព្រះសីហនុ ៖  នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។ 

បន្ទាប់ពីស្តាប់របាយការណ៍ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុប និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរអង្គភាព និងបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ 

លោក អភិបាលខេត្ត បានបញ្ជាក់ថាទីកន្លែងដែលប្រព្រឹត្តបទល្មើស ក្នុងដែនសមត្ថកិច្ចខេត្តនោះ លោកនឹងដឹកនាំបញ្ជាបើកប្រតិបត្តិការដោយផ្ទាល់ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ដោយមិនអនុញ្ញាត្តឱ្យជនល្មើសប្រព្រឹត្តបទល្មើសនៅលើទឹកដីនៃខេត្តព្រះសីហនុនោះឡើយ ដើម្បីគ្រប់គ្រងសន្តិសុខ សុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ។ ដូច្នេះយើងត្រូវបង្កើនកិច្ចសហការគ្នារវាងមន្ទីរអង្គភាពពាក់ព័ន្ធ ព្រោះយើងមានបទពិសោធន៍ល្អៗជាច្រើន ដែលបានបំពេញការងារជាមួយគ្នា ជាពិសេស នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើង នាពេលកន្លងមក ទទួលបានលទ្ធផលល្អ។     

លោក អភិបាលខេត្ត បន្តថា កិច្ចការដែលយើងត្រូវយកចិត្តទុកដាក់ពេលនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយនៅតាមភូមិ ឃុំ សង្កាត់កំពុងបន្តចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។ល។  ដូច្នេះលោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវតាមដានកាងារជាប់ជាប្រចាំ ដើម្បីរក្សាសន្តិសុខ ផ្សារភ្ជាប់នឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងឈានទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំបន្ទាប់ ៕






វេទិការសាធារណៈដោះស្រាយបញ្ហាប្រឈមរបស់អាជីករលក់ដូរនៅតាមឆ្នេរជ្រោយដូង ក្នុងអំឡុងពេលអនុវត្តគម្រោង ពង្រឹងឆ្នេរសមុទ្រខេត្តកែប

កែប៖  នៅរសៀលថ្ងៃទី២៥  ខែតុលា  ឆ្នាំ២០២១  នៅ សាលប្រជុំធំសាលាខេត្ត  រដ្ឋបាលខេត្តកែប  បានរៀបចំពិធីជួបសំណេះសំណាល  និងដោះស្រាយបញ្ហាប្រឈមមួយចំនួន  ជាមួយអាជីវករលក់ដូរ នៅតាមបណ្តោយឆ្នេរ សមុទ្រកែប  ជាពិសេសឆ្នេរជ្រោយដូង  មុខសាលាខេត្ត  ជាទីតាំងគម្រោងដែលត្រូវអនុវត្តន៍គម្រោងចាក់ដីបំពេញបន្ថែម  ដេីម្បីពង្រឹងឆ្នេរសមុទ្រ។ 

ក្នុងឱកាសនេះផងដែរ  លោក  សោម  ពិសិដ្ឋ   អភិបាលខេត្ត  បានបញ្ជាក់ថា  គោលដៅគម្រោង  គឺ ដេីម្បី ពង្រីកតំបន់កំសាន្តផ្សេងៗ ក្នុងខេត្ត  គម្រោងនេះប្រេីប្រាស់ថវិកាខេត្ត  ដែលទទួលបាន ការឯកភាព ពីក្រសួងមហាផ្ទៃផងដែរ ។ 

សូមបញ្ជាក់ថា គម្រោងចាក់ដីពង្រីកឆ្នេរជ្រោយដូងនេះ  មិនមានជួលបន្តទៅក្រុមហ៊ុនឯកជនណាមួយឡេីយ  ព្រោះទីតាំងនេះ  រដ្ឋបាលខេត្តនឹងរៀបចំជាសួនច្បារកំសាន្ត  និងជាតំបន់រៀបចំពីធីបុណ្យទានផ្សេងៗ  ជាពិសេស គឺបុណ្យសមុទ្រ ។ 

ចំពោះអាជីវករដែលកំពុងអាស្រ័យផល  លក់ដូរនៅលេីដីចំណីឆ្នេរសមុទ្រជ្រោយដូង ជាដីសាធារណរដ្ឋ  នៅតែអាចលក់ដូរដដែល  ដោយមិនមានការុះរេីរឡេីយ៕






សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សូមក្រាបបង្គុំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ






សារលិខិតថ្វាយព្រះពរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គុំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ








វីដេអូ៖ សម្ដេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងពីធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន