Wednesday, February 08, 2023

អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញពិនិត្យការងារមួយចំនួននៅតាមការដ្ឋានដែលកំពុងអនុវត្តន៍

នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង និងមន្ត្រីជំនាញ បានអញ្ជើញពិនិត្យការងារមួយចំនួន នៅតាមទីតាំងការដ្ឋាននានាដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្ត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ 

ដំណើរអញ្ជើញចុះពិនិត្យនេះ ក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ ដែលសម្រេចបាននាពេលកន្លងមក និងផ្តល់អនុសាសន៍ណែនាំមួយចំនួន ទៅកាន់អ្នកជំនាញនៅតាមការដ្ឋាននីមួយៗ ដើម្បីឱ្យដំណើរការជួសជុលសម្រេចបានលទ្ធផលល្អប្រសើរ៕







តាអាយុជាង ៨០ឆ្នាំ យកប៉ាន់តែអាយុជាង១២០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ លោកតាអាយុជាង ៨០ឆ្នាំ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចបំណងប្រាថ្នារបស់ខ្លួនហើយ ក្នុងការនាំយកវត្ថុបុរាណជាប៉ាន់តែអាយុប្រមាណ១២០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកតា ទ្រី និងក្រុមគ្រួសារ ដែលបានយកវត្ថុបុរាណដ៏មានតម្លៃជូនសម្តេចទុកជាអនុស្សាវរីយ៍។

ក្នុងឱកាសនោះ លោកតា ទ្រី អាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង បានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកតា បានបញ្ជាក់ថា ការប្រគល់ប៉ាន់តែ ដែលជាវត្ថុបុរាណដ៏មានតម្លៃ ជូនសម្តេចតេជោ គឺជាបំណងប្រាថ្នាដ៏ធំមួយសម្រាប់លោកតា។ ឥឡូវបំណងប្រាថ្នានេះ បានសម្រេចហើយ។

ក្នុងឱកាសនោះ លោកតា ទ្រី ក៏បានសម្តែងក្តីដឹងគុណ និងគោរពស្ញប់ស្ញែងចំពោះការដឹកនាំ និងការបម្រើជាតិមាតុភូមិ មិនខ្លាចការនឿយហត់ ធ្វើឱ្យជាតិមានការរីកចម្រើន និងជួបសុខសន្តិភាពរយៈពេលជាង ៤០ឆ្នាំមកនេះ៕















វេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា បានចាប់ផ្តើមនៅទឹកដីអង្គរ ខេត្តសៀមរាប

 (សៀមរាប)៖ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី 3R សេដ្ឋកិច្ចចក្រា ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកទី១ នៅទឹកដីខេត្តសៀមរាប បានចាប់ផ្តើមហើយ។

វេទិកានេះប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ពិធីបើកបានធ្វើឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលពីសំណាក់មន្ត្រីជំនាញប្រតិភូមកពីប្រទេសចំនួន ៣៩ ក្នុងតំបន់។ សម្រាប់វេទិការថ្នាក់តំបន់នេះរៀបចំដោយក្រសួងបរិស្ថានកម្ពុជា ក្រោមកិច្ចសហការពីក្រសួងបរិស្ថាននៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD។ ទិកានេះត្រូវបង្កើតឡើងនៅឆ្នាំ២០០៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមបញ្ជាក់ថាការ រៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់កម្ពុជានេះ ដោយបានផ្តោតលើការកាត់ បន្ថយការប្រើប្លាស្ទិកប្រើឡើងវិញនូវប្លាស់ស្ទិក និងកែច្នៃយកមកប្រើប្រាស់នូវសំណល់ប្លាស្ទិក ហៅកាត់ថា «3R» និងសេដ្ឋកិច្ចចក្រា ចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ខណៈកំពុងជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក៕






ឈ្វេងយល់ពីប្រទេសចិន ទីដែលសម្ដេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ច

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។

ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។

បច្ចុប្បន្ន ចិនគឺជាប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោក និងជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលឈរនៅលេខ១។ ចិន ឬមានឈ្មោះពេញថាសាធារណរដ្ឋប្រជាមានិតចិន។ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៩ ក្រោយគណបក្សកុម្មុយនិស្ដរបស់លោកប្រធាន ម៉ៅ សេទុង បានយកឈ្នះនៅក្នុងសង្រ្គាមស៊ីវិល លើក្រុមអ្នកជាតិនិយមគួរមិញតាងដឹកនាំដោយលោក ចាង ខៃជៀក ដែលបានរត់ទៅបង្កើតរដ្ឋាភិបាលនៅកោះតៃវ៉ាន់។ ប៉ុន្តែ ចិនចាត់ទុកថាតៃវ៉ាន់ គឺគ្រាន់តែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ហើយថានឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់។
ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបត្រូសៗពីប្រទេសចិន៖

* ចិន៖ មានឈ្មោះពេញថាសាធារណរដ្ឋប្រជាមានិតចិន
* មានរដ្ឋធានី៖ ប៉េកាំង
* មានផ្ទៃដីសរុប៖ ៩,៥៩៦,៩៦១ គីឡូម៉ែត្រក្រឡា
* មានប្រជាជនសរុប៖ ១.៤១ពាន់លាននាក់
* ភាសា៖ ចិន ម៉ុងហ្គោលី អ៊ុយហ្គ័រ និងទីបេ
* អត្រាសង្ឃឹមរស់៖ មនុស្សប្រុស ៧៤ឆ្នាំ និងមនុស្សស្រី ៧៩ឆ្នាំ

* មេដឹនាំ

លោក ស៊ី ជិនពីង គឺជាអគ្គលេខាធិការបក្សកម្មុយនិស្ដចិន និងជាប្រធានាធិបតីនៃសាធាណរដ្ឋប្រជាមានិតចិនចាប់តាំងពីឆ្នាំ២០១៣ មកទល់នឹងបច្ចុប្បន្ន ពោលគឺ ៣អាណត្តិជាប់ៗគ្នា ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំចិន មានអំណាចបំផុតចាប់តាំងពីសម័យលោក ម៉ៅ សេទុង​មក។

* ទីតាំងភូមិសាស្ត្រ

ចិនមានផ្ទៃដីសរុប ៩,៥៩៦,៩៦១ គីឡូម៉ែត្រក្រឡា ដោយលាតសន្ធឹងប្រវែង ៥,០០០គីឡូម៉ែត្រ ពីកើតទៅលិច និង ៥,៥០០គីឡូម៉ែត្រ ពីជើងទៅត្បូង។ ដែនដីរបស់ចិនមានដូចជា តំបន់ភ្នំ តំបនទំនាប វាលខ្សាច់រហោស្ថាន និងតំបន់ព្រៃភ្នំ ហើយមួយភាគបីនៃផ្ទៃដីគោករបស់ចិន គឺហ៊ុមព័ទ្ធដោយភ្នំ។ ចិនមានទន្លេរាប់ពាន់ ក្នុងនោះទន្លេយ៉ងសេ និងទន្លេលឿង គឺមានសារៈសំខាន់ជាងគេបំផុត។ ទន្លេយ៉ង់សេមានប្រវែងបណ្ដោយ ៦,៣០០គីឡូម៉ែត្រ ដែលធ្វើឱ្យវាក្លាយជាទន្លេវែងជាងគេបំផុតជាប់ចំណាត់ថ្នាក់លេខ ៣នៅលើពិភពលោក។

ចិនមានខេត្តចំនួន២៣ តំបន់ស្វយ័តចំនួន៥ និងទីក្រុងស្វយ័តចំនួន៤ ដូចជា ប៉េកាំង ធៀនជីន សៀងហៃ និងឈុងជីង ព្រមទាំងតំបន់រដ្ឋបាលពិសេសចំនួន២ គឺហុងកុង និងម៉ាកាវ ខណៈតៃវ៉ាន់ ត្រូវបានចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួនដែរ។

* សេដ្ឋកិច្ច

បច្ចុប្បន្ន ចិនគឺជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដែលឈរនៅលេខ១។ វិស័យសំខាន់ៗរបស់ចិន រួមមានឧស្សាហកម្មដែលតំណាងឱ្យជាង ៤០.៥ភាគរយនៃ GDP, សេវាកម្ម (តំណាងឱ្យ៥១.៦ភាគរយ នៃGDP) ព្រមទាំងហិរញវត្ថុ អចលនទ្រព្យ បច្ចេកវិទ្យា កសិកម្ម និងពាណិជ្ជកម្មលក់ដុំលក់រាយជាដើម។ ក្នុងឆ្នាំ២០២២ ​GDP​ សរុបរបស់ចិនគឺ ១៨.៣២១ទ្រីលានដុល្លារ រីឯ GDP សរុបក្នុងប្រជាជនម្នាក់ក្នុងមួយឆ្នាំគឺ ១២,៩៧០ដុល្លារ។

*​ កាលបរិច្ឆេទប្រវត្តិសាស្ត្រសំខាន់ៗរបស់ចិនក្នុងសម័យទំនើប

ឆ្នាំ១៩១១ ដល់ឆ្នាំ១៩១២៖ ការធ្វើរដ្ឋប្រហារយោធាបះបោរប្រឆាំងនឹងរបបរាជានិយមចិន នាំឱ្យមានការប្រកាសពីការបង្កើតសាធារណរដ្ឋចិន ដឹកនាំដោយលោក ស៊ុន យ៉ាត់សេន។
ឆ្នាំ១៩៤៩៖ មេដឹកនាំកុម្មុយនិស្ដចិន លោក ម៉ៅ សេទុង បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន។​
ឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៦០៖ «គោលនយោបាយមហាលោតផ្លោះ» របស់លោក ម៉ៅ សេទុង ត្រូវបានបោះបង់ចោលក្រោយប្រជាជនរាប់លាននាក់បានស្លាប់។​
ឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៧៦៖ បដិវត្តន៍វប្បធម៌ បានធ្វើឱ្យសង្គមចិនជួបវិបត្តិទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ។
ឆ្នាំ១៩៧៦៖ លោក ម៉ៅ សេទុង ទទួលមរណភាព ហើយពីឆ្នាំ១៩៧៧ លោក តេង ស៊ាវពីង បានក្លាយជាមេដឹកនាំចិន និងជាបិតាកំណែទម្រង់សេដ្ឋកិច្ចងាកទៅរកទីផ្សារសេរី។
ឆ្នាំ១៩៨៩៖ ព្រឹត្តិការណ៍បាតុកម្មតវ៉ារបស់និស្សិតចិន នៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង
ឆ្នាំ២០១០៖ ចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក ដោយទម្លាក់ជប៉ុនឱ្យមកឈរនៅលេខ៣វិញ
ឆ្នាំ២០១២ ដល់ឆ្នាំ២០១៣៖ លោក ស៊ី ជិនពីងក្លាយជាប្រធានាធិបតីចិន៕






នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដិ្ឋធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះកម្ពុជា

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា៤៩រូប យកទៅតម្កល់ទុកក្នុងមហាចេតិយ និងជាស្តូបរំលឹកគុណពិធីរំលឹកខួប៤៥ឆ្នាំ នៃការបង្កើតកម្លាំងប្រដាប់អាវុធសាមគ្គីសង្គោះជាតិកម្ពុជា។ ក្នុងនោះក៏មានការត្រៀមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន ៤៩រូប ពិធីអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម (X16) ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ឧត្តមសេនីយ៍ តំណាងមកពីក្រួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស នាយសេនាធិការ និងអភិបាលខេត្តត្បូងឃ្មុំ ស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផង។ សូមរំលឹកថា អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ដែលត្រូវបាននាំយកពីវៀតណាម ត្រូវបានរាជរដ្ឋាភិបាលរៀបចំពិធីបូជាតាមប្រពៃណីសាសនា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ដែលត្រូវបានបូជារួច ត្រូវបានតម្កល់នៅក្នុងអគារមិត្តភាពជាបណ្តោះអាសន្នរង់ចាំពិធីឆ្លងមហាចេតិយរួច នឹងធ្វើពិធីរំកិលកោដិយុទ្ធជនទាំង៤៩រូបនោះ ទៅតម្កល់ទុកក្នុងមហាចេតិយទៅតាមការគ្រោងទុក។ អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ត្រូវបានធ្វើពិធីប្រគល់ និងទទួល នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯកបម្រុង ដូ កាន់ អនុប្រធានស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម ដំណាងក្រសួងការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងកម្លាំងប្រដាប់អាវុធហត្ថអាជ្ញាធរដែនដីលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួចកម្ពុជាបានធ្វើពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់ អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង៤៩រូប ពីទឹកដីវៀតណាមចូលមកតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦៕





សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ 

ឯកឧត្តម Atsushi បានគោរពចូលរួមសម្ដែងមរណៈទុក្ខដល់ក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីថ្លៃរបស់សម្ដេចតេជោ និងសូមវិញ្ញាណក្ខន្ធរបស់គាត់ បានទៅកាន់សុគតិភព។

ឯកឧត្តម Atsushi បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ ហើយនៅពេលនេះ កម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំង មានស្ថិរភាព និងមានសន្តិភាព ។ ក្នុងន័យនេះ ឯកឧត្តម សូមសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ក្នុងភាពជាអ្នកដឹកនាំជាទីគោរព។

ឯកឧត្តម Atsushi ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ាន ទទួលបានជោគជ័យ ។

ឯកឧត្តម Atsushi បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងទាំងពីរ គឺល្អបំផុតនៅពេលនេះ។ ឯកឧត្តម ពិតជាមានកិត្តិយសណាស់ ដែលបានមកបម្រើការងារជាអ្នកការទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម Atsushi  បានប្ដេជ្ញា និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់កម្ពុជា, ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជា លើការរៀបចំដំណើរការកីឡាស៊ីហ្គេម, បោះឆ្នោតនាខែកក្កដាខាងមុខ, ការងារដោះមីន, កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តម Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណជូនចំពោះឯកឧត្តម Atsushi នូវការចូលរួមរំលែកមរណៈទុក្ខ។

សម្ដេចតេជោបានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់ឯកឧត្តម Atsushi អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយការប្ដេជ្ញាចិត្តរបស់ឯកឧត្តម Atsushi ជួយដល់កម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជប៉ុន អាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា ។ ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេច បានសុំឱ្យឯកឧត្តមអគ្គរាជទូត ជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ៕




បឹងទន្លេសាប គឺ ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និង បរិស្ថាន គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍

 

បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្តោយប្រមាណ ១១៦គ.ម ទទឹងប្រមាណពី ៣០គម ទៅ ៣៣គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២គ.ម នៅរដូវប្រាំង។ បឹងទន្លេសាប គឺ ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និង បរិស្ថាន។ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០% ប្រចាំឆ្នាំ។

វិសាលភាពរបស់បឹងទន្លេសាបមានការប្រែប្រួលទៅតាមរដូវកាល។ នៅរដូវប្រាំង ពេលបឹងទន្លេសាប មានផ្ទៃក្រឡាប្រមាណ ២៥០,០០០ហិកតា ជម្រៅពី ១-២ម៉ែត្រ ហើយនៅរដូវវស្សា បឹងមានផ្ទៃក្រឡាប្រមាណ ១,៥០០,០០០ហិកតា ជម្រៅពី ៨-១១ម៉ែត្រ។ ផ្ទៃទឹកបឹងទន្លេសាបនៅរដូវវស្សា បានមកពីទន្លេមេគង្គ ៦២% និង ៣៨% ទៀតបានមកពីបណ្ដាស្ទឹងធំៗដែលនៅជុំវិញចំនួន ១១ ។ បរិមាណទឹកបឹងទន្លេសាបប្រែប្រួល ប្រមាណពី ៤,៥០០លានម៉ែត្រគូប នៅរដូវប្រាំង ទៅ ១៣៥,០០០លានម៉ែត្រគូប នៅរដូវវស្សា។ ផ្ទៃក្រឡាបឹងទន្លេសាបនៅរដូវវស្សាមានទំហំធំជាងរដូវប្រាំងប្រមាណពី ៥-៦ ដង។ 

លក្ខណៈពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ជេញទឹកទៅឱ្យទន្លេ          មេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ត្រធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។ បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដីធំល្វឹងល្វើយ ដែលផ្តល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ ជីវសាស្ត្រចម្រុះក្នុងតំបន់បឹងទន្លេសាបរួមមាន មច្ឆជាតិ ១៧៥ប្រភេទ ក្នុងនោះ ល្មូន ៤២ប្រភេទ បក្សី ២២៥ប្រភេទ ថនិកសត្វ ៤៦ប្រភេទ និងរុក្ខជាតិជាង ២០០ប្រភេទ។ ទោះបីជាបឹងទន្លេសាបជាប់ជាតំបន់សម្បូរផលនេសាទទឹកសាបចំណាត់ថ្នាក់ទី៤លើពិភពលោក និងផលនេសាទច្រើនបំផុតរបស់ប្រទេសកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ទំនាប និងតំបន់លិចទឹកនៃបឹងទន្លេសាប មានជីវភាពរស់នៅពឹងផ្អែកជាចម្បងលើការនេសាទ និងកសិកម្មបន្ទាប់បន្សំ។

 បឹងទន្លេសាប ជាតំបន់ដែលផលិតធនធានជលផលលំដាប់កំពូលមួយក្នុងចំណោមតំបន់ផលិតផលផលកំពូលទាំងបួននៅលើពិភពលោក និងរួមចំណែកដល់ការផលិតត្រីទឹកសាបភាគច្រើនរបស់កម្ពុជា។ បច្ចុប្បន្នបឹងទន្លេសាបនិងអាងរបស់វាកំពុងទទួលរងសម្ពាធកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ ការប្រមូលផលនេសាទខុសបច្ចេកទេស និងបញ្ហាប្រឈមមួយចំនួនទៀត ដែលបង្កជាការលំបាកមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅជុំវិញតំបន់បឹងទន្លេសាប។







សម្តេចប្រធានព្រឹទ្ធសភា ទទួលឯកអគ្គរាជទូតថៃ ចូលជួបសម្តែងការគួរសម

 (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យ លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

លោក ឈើតគាត អាត់ថាកន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលថ្វាយសារតាំង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២។

គួររម្លឹកថា ទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ គិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល៧២ឆ្នាំ៕






វិភាគអន្តរជាតិ៖ ហេតុអ្វី ហ្វីលីពីនបើកដៃឱ្យអាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួនបន្ថែម?

(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ដែលសមាជិកហ្វីលីពីន បានបិទបញ្ចប់វត្តមានយោធាអាមេរិកនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិក កាលពីដំបួងឡើយមានមូលដ្ឋានទ័ព អចិន្ត្រៃយ៍ចំនួន២ នៅលើទឹកដីហ្វីលីពីន ប៉ុន្តែប្រជាជនហ្វីលីពីនភាគច្រើនយល់ថាមូលដ្ឋានទ័ពនេះគឺជាមរតកនៃអាណានិគមអាមេរិក ហើយពួកគេចង់ឱ្យទីក្រុងវ៉ាស៊ីនតោន បិទមូលដ្ឋានទ័ពទាំងនេះ ដើម្បីបញ្ជាក់ពីឯករាជ្យភាព នៃប្រទេសរបស់ពួកគេ។

ក៏ប៉ុន្តែ បច្ចុប្បន្ន រដ្ឋាភិបាលលោកប្រធានាធិបតី Ferdinand Marcos Jr បានបើកភ្លើងបៃតងឱ្យសហរដ្ឋអាមេរិក បង្កើនវត្តមានយោធានៅក្នុងប្រទេសហ្វីលីពីនសាជាថ្មី តាមរយៈការអនុញ្ញាតឱ្យ កងទ័ពអាមេរិកចូលប្រើមូលដ្ឋានទ័ព ៤បន្ថែមទៀត ដោយនេះធ្វើឱ្យចំនួនមូលដ្ឋានទ័ពហ្វលីពីនដែលអាមេរិកអាចចូលប្រើកើនឡើងដល់ចំនួន៩។ តែប្រជាជនហ្វីលីពីនមួយចំនួនបានបង្ហាញការជំទាស់ទៅនឹង ការពង្រីកវត្តមានយោធាអាមេរិកនេះ។

* តើអ្វីទៅជាកិច្ចព្រមព្រៀងថ្មីរវាងហ្វីលីពីន និងអាមេរិក?

ការពង្រីកបន្ថែមនៃកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ហៅកាត់ថា EDCA ដែលបង្កើតឡើងដំបូងកាលពីឆ្នាំ២០១៤ ត្រូវបានប្រកាសកាលពីថ្ងៃទី២ ខែកុម្ភៈនេះ នាឱកាស នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន ក្នុងទីក្រុងម៉ានីល។ តាមរយៈកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកអាចចូលប្រើមូលដ្ឋានទ័ពហ្វីលីពីនចំនួន៤ បន្ថែមពីលើ មូលដ្ឋានទ័ពចំនួន ៥ ដែលកងទ័ពអាមេរិកកំពុងប្រើ មានដូចជាមូលដ្ឋានទ័ពនៅក្នុងខេត្ត Palawan, Pampanga, Nueva Ecija, Visayas និងខេត្ត Mindanao។

បើតាមសេចក្ដីថ្លែងការណ៍រួមមួយ កិច្ចព្រមព្រៀង EDCA បានអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីន សម្រាប់ការហ្វឹកហ្វឺន​រួមគ្នា, ការរក្សាទុកសម្ភារត្រៀមជាមុន ក៏ដូចជាការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមានទាំងផ្លូវយន្តហោះ កន្លែងស្តុកប្រេងឥន្ធនៈ និងកន្លែងស្នាក់នៅសម្រាប់កងទ័ព ដោយមិនអាចរក្សាវត្តមានយោធាជាអចិន្រ្តៃយ៍បានឡើយ តែអាចស្នាក់នៅឈរជើង បានយូរជាមុន។ សេចក្តីថ្លែងការណ៍ដដែល មិនបានបញ្ជាក់ឱ្យច្បាស់អំពីទីតាំងនៃមូលដ្ឋានថ្មីទាំង៤ឡើយ។ ប៉ុន្តែ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ឯកហ្វីលីពីន លោក Bartolome Vicente Bacarro បានបង្ហើបឱ្យដឹងថាសហរដ្ឋអាមេរិកបានស្នើសុំប្រើប្រាស់មូលដ្ឋានទ័ពចំនួន២ នៅខេត្ត Cagayan, ចំនួនមួយនៅក្នុងខេត្ត Palawan, មួយក្នុងខេត្ត Zambales និងមួយទៀតក្នុងខេត្ត Isabela។ ខេត្តប៉ាឡាវ៉ាន (Palawan) ស្ថិតនៅទល់មុខគ្នានឹងទីប្រជុំកោះមាននៅជម្លោះនៅសមុទ្រចិនខាងត្បូង ខណៈខេត្ត Cagayan និង Isabela ស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីនដែលនៅក្បែរទៅនឹងកោះតៃវ៉ាន់។ លើសពីនេះទៅទៀត ជាផ្នែកមួយនៃកិច្ចព្រមព្រៀង EDCA សហរដ្ឋអាមេរិកបានផ្ដល់កញ្ចប់ថវិកា ៨២លានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅឯមូលដ្ឋានទ័ពដែលមានស្រាប់នាពេលបច្ចុប្បន្ន។

* ហេតុអ្វីហ្វីលីពីន អនុញ្ញាតឱ្យសហរដ្ឋអាមេរិកពង្រីកវត្តមានយោធា?

បើតាមក្រុមអ្នកវិភាគ ចិនជាកត្តាចម្បងជំរុញឱ្យសហរដ្ឋអាមេរិក និងហ្វីលីពីនសម្រេចបានកិច្ចព្រមព្រៀងថ្មីខាងលើ។ សម្រាប់សហរដ្ឋអាមេរិក ហ្វីលីពីនជាទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រមួយ ដ៏សំខាន់មិនអាចខ្វះ បានដើម្បីរក្សាឥទ្ធិពលរបស់ខ្លួន និងដើម្បីការពារតៃវ៉ាន់ នៅក្នុងករណីសង្រ្គាមផ្ទុះឡើង។ ចំណែកឯ ហ្វីលីពីនវិញ ត្រូវការសហរដ្ឋអាមេរិកជាខ្នងបង្អែក ដើម្បីមានទឹកមាត់ប្រៃនិយាយជាមួយចិនក្នុងសំណុំរឿង ជម្លោះដែនទឹកក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយក៏អាចពង្រឹងតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនដែរ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាន និងកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងពង្រីកវត្តមានយោធាអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងស្ដារទំនាក់ទំនងឡើងវិញជាមួយហ្វីលីពីន ចាប់តាំងពីលោក Ferdinand Marcos Jr ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ២០២២។ លោក Kenneth Faulve-Montojo ជាអ្នកជំនាញម្នាក់លើនយោបាយហ្វីលីពីន និងជាសាស្ត្រាចារ្យជាន់ខ្ពស់ម្នាក់មកពី សាកលវិទ្យាល័យ Santa Clara University មានមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានកត់សម្គាល់ថាជាការពិតណាស់ ហ្វីលីពីនមិនអាចប្រឈមមុខនឹងចិនតែម្នាក់ឯងបាននោះឡើយ ដូច្នេះ ទីក្រុងម៉ានីលត្រូវការជាចាំបាច់នូវជំនួយពីសហរដ្ឋអាមេរិក ដែលនេះសម្រាប់ហ្វីលីពីន និងសហរដ្ឋអាមេរិក ជាការផ្ដល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក។

សហរដ្ឋអាមេរិក កំពុងផ្ដោតជាសំខាន់លើការខ្ទប់ការកើនឡើងឥទ្ធិពលចិន និងការពារតៃវ៉ាន់ ដូច្នេះការពង្រីកវត្តមានយោធានៅក្នុងតំបន់អាស៊ី គឺជាសារមួយយ៉ាងច្បាស់បញ្ជូនទៅឱ្យចិន។ ក្រុមអ្នកវិភាគជាច្រើន យល់ថាជាលក្ខណៈភូមិសាស្រ្ត ហ្វីលីពីនជាទីតាំងយុទ្ធសាស្ត្រមួយដ៏សំខាន់ដល់សហរដ្ឋអាមេរិក ពីព្រោះថាកោះមួយចំនួនរបស់ហ្វីលីពីន អាចនឹងផ្ដល់ឱ្យសហរដ្ឋអាមេរិកនូវ អត្ថាប្រយោជន៍លើសមត្ថភាពធ្វើ អន្តរាគមន៍យោធា ដែលមូលដ្ឋានទ័ពអាមេរិកដទៃដូចជានៅកោះអូគីណាវ៉ា ប្រទេសជប៉ុន ឬនៅក្នុងប្រទេសថៃ មិនអាចផ្ដល់ឱ្យបានឡើយ។ ពោលគឺហ្វលីពីនប្រៀបដូចជាផ្លូវចូលទៅកាន់ផ្លូវទឹកយុទ្ធសាស្ត្រ សំខាន់ៗនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលអាចនឹងផ្ដល់ភាពបត់បែនដល់កងទ័ពអាមេរិក ព្រមទាំងនឹងជាការបើកផ្លូវសម្រួលដល់ការធ្វើអន្តរាគមន៍ចូលរួមរបស់កងទ័ពអាមេរិក មិនថាតែនៅក្នុងតំបន់ អាស៊ីឦសានប៉ុណ្ណោះទេ (កូរ៉េខាងត្បូង និងជប៉ុន) តែក៏នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

គួរបញ្ជាក់ថា ស្ថានភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នាពេលបច្ចុប្បន្ននៅតែបន្តស្ថិតក្នុងភាពតានតឹងនៅឡើយ ហើយក្រុមអ្នកវិភាគមួយចំនួនថែមទាំងព្យាករដែរថាជម្លោះ ឬសង្រ្គាមរវាងអាមេរិក និងចិន ដើម្បីតៃវ៉ាន់អាចនឹងកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ជាក់ស្ដែង មេបញ្ជាការកងទ័ពអាកាសអាមេរិក បានព្យាករនៅក្នុងកំណត់ហេតុមួយច្បាប់ផ្ញើទៅកាន់ថ្នាក់លើរបស់លោកថា សង្រ្គាមអាចនឹងផ្ទុះ នៅឆ្នាំ២០២៥៕ (Fresh News)