Thursday, July 06, 2023

អគ្គលេខាធិការអាស៊ាន ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់ជប៉ុន

 តាមការអញ្ជើញរបស់លោក Saito Ken រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គេលខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងព្រឹត្តិការណ៍ពាក់ព័ន្ធមួយចំនួន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិសាអាហារការងារពេលព្រឹកជាមួយសហប្រធាន នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងជំនួបរវាងរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន ជាមួយប្រទេស G7។ នៅក្នុងឱកាសនោះ ភាគីទាំងអស់បានពិភាក្សាអំពីការត្រៀមរៀបចំលើបញ្ហាពាក់ព័ន្ធនានា ដើម្បីធានាឲ្យបានជោគជ័យ នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ៦-៧ ខែកក្កដា ឆ្នាំ២០២៣។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលអាស៊ាន ដឹកនាំដោយលោកស្រី ដាតុ Sri Azalina Othman Said រដ្ឋមន្ត្រីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកកំណែទម្រង់ច្បាប់ និងស្ថាប័ន។ កិច្ចប្រជុំនោះ បានធ្វើការពិភាក្សា និងសម្របសម្រួលទស្សនៈរបស់អាស៊ាន ដើម្បីត្រៀមសម្រាប់ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានចូលរួមពិសាបាយការងារថ្ងៃត្រង់ ជាមួយអ្នកចូលរួមវេទិកាយុវជនពិសេស រៀបចំដោយអនុរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងអស់បានផ្លាស់ប្តូរទស្សនៈ លើការចូលរួម និងតួនាទីរបស់យុវជនអាស៊ាន-ជប៉ុន នៅក្នុងការរៀបចំអនាគតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអាស៊ាន-ជប៉ុន ជាពិសេស ក្នុងការពង្រឹងនីតិរដ្ឋ និងវិស័យយុត្តិធម៌។

ឆ្លៀតក្នុងឱកាសនោះ នៅរសៀលថ្ងៃនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ Nippon Hōsō Kyōkai (NHK) របស់ជប៉ុន។ លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈអំពីសារៈសំខាន់ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន ជាពិសេស ស្របពេលនៃខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ លោកបានបញ្ជាក់ពាក់ព័ន្ធនឹងការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន ក៏ដូចជា អនាគតនៃទំនាក់ទំនងអាស៊ាន-ជប៉ុន។

ជាមួយគ្នានេះ លោក កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Ghada Waly ប្រធានប្រតិបត្តិការិយាល័យទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង UNODC នៅក្នុងវិស័យនីតិរដ្ឋ និងយុត្តិធម៌ ក៏ដូចជា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិតបានបន្ដអញ្ជើញចូលរួមក្នុងពិធីពិសាតែ (Tea Party) រៀបចំដោយរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន ដោយមានការចូលរួមពីសំណាក់បណ្តារដ្ឋមន្ត្រីច្បាប់ និងយុត្តិធម៌ នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងទីម័រខាងកើត ក៏ដូចជាអ្នកចូលរួមនៃវេទិកាយុវជនពិសេសអាស៊ាន-ជប៉ុន។ ពិធីនេះ គឺជាឱកាសដ៏ល្អដើម្បីឲ្យយុវជនចែករំលែកនូវទស្សនៈ ជាមួយបណ្តារដ្ឋមន្ត្រី អំពីតួនាទី និងការទទួលខុសត្រូវរបស់យុវជនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអាស៊ាន-ជប៉ុន៕







បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង និងធានាអនាគតដ៏ល្អរបស់កូនចៅយើងគ្រប់ៗគ្នា»

 

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកកងមាស និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានបន្តជួបសំណេះ សំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សចំនួនប្រមាណ១,០០០ នាក់ ក្នុងឃុំព្រែកកុយ និងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៥ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងការជួយគាំទ្ររបស់ក្រុមការងារចុះជួយ ស្រុកកងមាសក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ក្នុងមូលដ្ឋានឃុំព្រែកកុយមានការអភិវឌ្ឍ និង សម្រេចបាននូវសមិទ្ធផលនានាជាច្រើនដូចជា សាលារៀន ស្ពានបេតុង ស្ពានយោល ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ជ្រាំងទប់មាត់ព្រែក អគារសិក្សា មណ្ឌលសុខភាព និងការបន្តសាងសង់សមិទ្ធផលផ្សេងៗជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបម្រើដល់សេចក្ដីត្រូវការចាំបាច់ របស់សហគមន៍ទាំងមូល។

ជាមួយគ្នានេះ លោកសូមអំពាវនាវដល់ប្រជាជាតិខ្មែរ ឲ្យរួមគ្នាការពារសុខសន្តិភាព ការពារសមិទ្ធផលរបស់កម្ពុជា ដែលទទួលបានក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងទៅ បោះឆ្នោតជូនគណបក្សប្រជាជននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គ្រប់ៗគ្នា៕






សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូនលោកស្រី យិន ថុល និងក្រុមគ្រួសារ ចំពោះមរណភាពលោក កង កេង

 សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូនលោកស្រី យិន ថុល និងក្រុមគ្រួសារ ចំពោះមរណភាពលោក កង កេង។

សាររំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារទាំងស្រុងដូច្នេះថា ខ្ញុំ និងស្វាមី មានសេចក្តីក្រៀមក្រំរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម កង កេង បានទទួលមរណភាព កាលពីវេលាម៉ោង ៥៖១៥នាទីទាបភ្លឺ ថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះផងដែរ ខ្ញុំ និងស្វាមី សូមសម្តែងនូវការសោកស្តាយ ដោយស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ឯកឧត្តម កង កេង ដែលជាស្វាមីប្រកបដោយព្រហ្មវិហារធម៌។

មរណភាពរបស់ឯកឧត្តម កង កេង ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូប ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ជាពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្រតិបត្តិ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។

ខ្ញុំ និងស្វាមី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម កង កេង សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕


«កំណត់ត្រានៃប្រជាធិបតេយ្យូបនីយកម្មដោយសន្តិភាពរបស់កម្ពុជា»


 


ទោះបីជាមានការរិះគន់ក្តី ក៏មានហេតុផលដែលត្រូវជឿជាក់ថា ការបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា នឹងមាន ភាពស្របច្បាប់។ នៅថ្ងៃទី២៣ ខែកក្កដា កម្ពុជានឹងឆ្លងកាត់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត នោះ គឺការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ការបោះឆ្នោតនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ថែមទៀតនូវប្រជាធិបតេយ្យូបនីយកម្មប្រកបដោយសន្តិភាពដែលផ្អែកលើគោលការណ៍នីតិរដ្ឋរបស់កម្ពុជា ។

មានទិដ្ឋភាព៣ ដែលបង្ហាញថា កម្ពុជាគឺជាប្រទេសគំរូដ៏កម្រមួយនៅក្នុងចំណោមបណ្តាប្រទេសក្រោយ សង្គ្រាមនៅលើពិភពលោក។ ទិដ្ឋភាពទី១ គឺកម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្រោយសង្គ្រាម មួយចំនួនតូច ដែលមិនបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលសាជាថ្មី ។ សន្តិភាពគឺជាកត្តាចាំបាច់បំផុត ដើម្បីអាចឱ្យប្រទេសយើងបន្តអភិវឌ្ឍទៅជាប្រទេសជោគជ័យបំផុតមួយក្រោយសង្គ្រាម ។ ប្រទេសជាច្រើនដូចជា អាហ្វហ្កានីស្ថាន កុងហ្គោ ហៃទី លីបង់ សូម៉ាលី សៀរ៉ាឡេអូន និងស៊ូដង់ ដែលបានទទួលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅតែបន្តមានជម្លោះរ៉ាំរ៉ៃនៅឡើយ ។

ដោយឡែក ចាប់តាំងពីការបោះឆ្នោតគាំទ្រដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជាមាន សន្តិភាពជាទូទៅដោយមិនមានជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំនោះទេ។ បន្ទាប់ពីការធ្វើសមាហរណកម្មនៃកងកម្លាំងខ្មែរក្រហមដែលនៅសេសសល់នៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាបានបង្រួបបង្រួមកងទ័ពជាតិរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ។ នេះគឺជាចំណុចគន្លឹះសំខាន់ក្នុងការលុបបំបាត់នូវរចនាសម្ព័ន្ធនៃអំពើហិង្សាដែលមាននៅក្នុងនយោបាយកម្ពុជាជាយូរមកហើយ។

ជាក់ស្តែង រហូតដល់ចុងឆ្នាំ ១៩៩៨ គណបក្សនយោបាយរបស់កម្ពុជានៅតែគ្រប់គ្រងបក្សពួកផ្សេងគ្នានៃកងកម្លាំងប្រដាប់អាវុធ ដូច្នេះហើយ ប្រព័ន្ធបែបនេះបានផ្តល់ជាលំហដែលអាចបង្កឱ្យមានអំពើហិង្សានៅពេលដែលគណបក្សផ្សេងគ្នាមិនអាចផ្សះផ្សា ឬចុះសម្រុងនឹងគ្នាបាន ។ ការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា ឆ្នាំ១៩៩៧ គឺជាឧទាហរណ៍ជាក់ស្តែងនៃការតស៊ូប្រដាប់អាវុធរវាងកងទ័ពដែលស្មោះត្រង់នឹងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ដូច្នេះ សម្រាប់ប្រទេសដូចជាកម្ពុជា ការសម្រេចបាន នូវឯកភាពជាតិនៃកងទ័ពជាតិមិនមែនជាកត្តាដ៏សាមញ្ញនោះឡើយ។ នេះគឺជាការរួមចំណែកសំខាន់ខ្លាំងណាស់ដល់សន្តិភាព ។

គួរកត់សម្គាល់ផងដែរ ថា រដ្ឋាភិបាលកម្ពុជាមុនៗ មិនដែលមានរដ្ឋាភិបាលណាដែលអាចគ្រប់គ្រងកងទ័ពជាតិទាំងមូលបានទេ ហើយក៏គ្មានរដ្ឋាភិបាលណាដែលបានកាន់កាប់ដែនអធិបតេយ្យទាំងមូលរបស់កម្ពុជាបាន ដោយគ្មានពួកឧទ្ទាម ឬតំបន់ស្វយ័តនោះដែរ ។

ទិដ្ឋភាព ទី២ គឺប្រជាធិបតេយ្យូបនីយកម្មនៅកម្ពុជាមានដំណើរប្រកបដោយសន្តិភាព និងមិនអាចប្រែក្រឡាស់ ថយក្រោយបាន។ មាត្រា១៥៣ នៃរដ្ឋធម្មនុញ្ញ មានចែងយ៉ាងច្បាស់ថា ការសើរើ ឬវិសោធនកម្ម រដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបប រាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ។

ទោះបីជាមានការរិះគន់ក៏ដោយ ក៏ប្រទេសកម្ពុជានៅតែបន្តរៀបចំការបោះឆ្នោតជាទៀងទាត់ មិនដែលអាក់ខាន ហើយវាមិនមានសញ្ញាណាមួយដែលបង្ហាញថា កម្ពុជានឹងលែងរៀបចំការបោះឆ្នោត ហើយកម្ពុជា អាចនឹងជ្រើសរើសយកទម្រង់ផ្សេង នៃប្រព័ន្ធគ្រប់គ្រងរដ្ឋក្រៅពីប្រព័ន្ធប្រជាធិបតេយ្យក៏គ្មានដែរ។

គេមិនគួរប្រញាប់ប្រញាល់ទាមទារលទ្ធិប្រជាធិបតេយ្យពេញលេញក្នុងរយៈពេលពីរ ឬបីទសវត្សរ៍ពីប្រទេសក្រោយសង្គ្រាមដូចកម្ពុជានោះទេ។ វាត្រូវការពេលវេលាដើម្បីឱ្យប្រព័ន្ធសង្គមទាំងមូលសម្របខ្លួន។ វាត្រូវការ ពេលវេលាដើម្បីឱ្យប្រជាជនយើងយល់ដឹង និងបែងចែកឱ្យបានច្បាស់លាស់រវាងសិទ្ធិ និងកាតព្វកិច្ចរបស់ ពលរដ្ឋ។ ពលរដ្ឋខ្លះគាត់ដឹងតែទាមទារសិទ្ធិរបស់ពួកគាត់ ប៉ុន្តែ ពួកគាត់មិនបានគិតពីកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការគោរពច្បាប់នោះឡើយ ។ ក្នុងប្រព័ន្ធនយោបាយដែលគណបក្សនយោបាយធ្លាប់តែឆ្លងកាត់ការតស៊ូដោយប្រដាប់អាវុធ និងការកំចាត់គ្នាទៅវិញទៅមក សង្គមយើងក៏ត្រូវការពេលវេលាដើម្បីអនុញ្ញាតឱ្យវប្បធម៌សន្ទនាអាចចាក់ឫសបានដោយរឹងមាំ ។

សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនយោបាយ មិនគួរត្រូវបានលើកកម្ពស់ខ្ពស់ហួសហេតុដល់កម្រិតមួយដែលលទ្ធិប្រជាធិបតេយ្យបានក្លាយជាលេសដើម្បីគាំទ្រដល់លទ្ធិជ្រុលនិយម និងប្រជាកលនិយមនោះទេ។

ប្រទេសកម្ពុជាបន្តប្រកាន់យកលទ្ធិប្រជាធិបតេយ្យដែលសមស្របទៅនឹងបរិបទប្រវត្តិសាស្ត្រ វប្បធម៌ អត្តសញ្ញាណ និងព្រះពុទ្ធសាសនារបស់ខ្លួនដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវការរួមរស់ដោយសន្តិភាព និងការអត់ឱន។ បើទោះជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែ ភាពសុខដុមខាងសាសនារបស់កម្ពុជាមានភាព លេចធ្លោយ៉ាងខ្លាំង ទាំងនៅក្នុងតំបន់ និងពិភពលោក។ មិនថាសាសនាគ្រឹស្ត ឬសាសនាឥស្លាម ពលរដ្ឋសុទ្ធតែ អាចប្រតិបត្តិបានដោយសេរីនៅក្នុងប្រទេសកម្ពុជា ដោយគ្មានការរើសអើង ហើយកម្ពុជាមិនដែលមានអំពើ ហិង្សាផ្នែកសាសនានោះឡើយ។

ការលុបបំបាត់អន្តរាគមន៍ពីបរទេសនៅក្នុងនយោបាយផ្ទៃក្នុង និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ក៏ ជាចំណុចពិសេសមួយនៃនយោបាយរបស់កម្ពុជាផងដែរ ។ កម្ពុជាបានប្រកាន់ជំហររឹងមាំក្នុងការជំរុញប្រជាធិបតេយ្យូបនីយកម្មប្រកបដោយសន្តិភាពដោយផ្អែកលើជម្រើសអធិបតេយ្យរបស់ខ្លួន ហើយបានបដិសេធយ៉ាង ដាច់អហង្ការនូវអន្តរាគមន៍ និងការជ្រៀតជ្រែកពីបរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ។ ករណីកាត់ទោស លោក កឹម សុខា គឺឧទាហរណ៍មួយស្រាប់ ។

កម្ពុជាមិនមានអ្វីត្រូវខ្លាចការរិះគន់ទាក់ទងនឹងដំណើរនៃប្រជាធិបតេយ្យូបនីយកម្មរបស់ខ្លួននោះឡើយ។ សូម្បីតែសហរដ្ឋអាមេរិកដែលមានប្រវត្តិប្រជាធិបតេយ្យជាងពីររយឆ្នាំហើយក៏ដោយ ក៏អំពើហិង្សានាពេលថ្មីៗនេះនៅវិមានសភាកាពីតូល មិនមែនជាគំរូល្អដែលប្រទេសប្រជាធិបតេយ្យប្រាថ្នាចង់បាននោះដែរ ។ ហើយការ បដិសេធរបស់សហរដ្ឋអាមេរិកចំពោះឥទ្ធិពលបរទេសក្នុងការបោះឆ្នោតរបស់ខ្លួន ក៏មិនខុសអ្វីពីករណីរបស់កម្ពុជានោះដែរ ។

ទិដ្ឋភាពទី៣ គឺកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសុខុមាលភាពរបស់ប្រជាជន រួមទាំងការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សជាមូលដ្ឋាន។ ដោយសារតែមានសន្តិភាព និងស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៧,៧% ចន្លោះពី ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក។ ជាលទ្ធផល ភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងគំហុក ហើយកម្ពុជាបានសម្រេចនូវវឌ្ឍនភាពយ៉ាងច្រើនក្នុងការកែលម្អសូចនាករ សុខាភិបាល ការអភិវឌ្ឍន៍កុមារតូច និងការអប់រំកម្រិតបឋមសិក្សានៅតាមទីជនបទ។

អាយុកាលសង្ឃឹមរស់ជាមធ្យម និងអត្រាមរណៈរបស់មាតា កុមារ អាយុក្រោមអាយុ៥ឆ្នាំ និងទារកមានភាពប្រសើរឡើងយ៉ាងខ្លាំងនៅចន្លោះឆ្នាំ២០០០ និងឆ្នាំ២០២១។ នេះគឺ ជាអ្វីដែលប្រទេសកំពុងអភិវឌ្ឍលើពិភពលោកចង់បានតាំងពីដំបូង។

តាមពិតទៅ មិនមានប្រទេសក្រោយជម្លោះច្រើនទេ ដែលមានធាតុផ្សំទាំងបីខាងលើរួមគ្នា ក្នុងរយៈពេលដ៏វែងមួយដូចនៅកម្ពុជា។ ប្រទេសខ្លះមានសន្តិភាព និងការអភិវឌ្ឍ ប៉ុន្តែ រដ្ឋាភិបាលរបស់ពួកគេមិនដែលចង់ ទទួលយកប្រព័ន្ធប្រជាធិបតេយ្យនោះទេ។ រីឯប្រទេសខ្លះវិញ មានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ នយោបាយផ្ទៃ ក្នុងរបស់ពួកគេរញ៉េរញ៉ៃ សង្គមរបស់ពួកគេមិនមានសន្តិភាព ហើយសេដ្ឋកិច្ចវិញនៅទ្រឹងគ្មានកំណើន ។

ដូច្នេះ ដើម្បីវិនិច្ឆ័យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យើងគួរតែដកខ្លួនបន្តិច ហើយពិចារណា វិនិច្ឆ័យដោយធ្វើ ការប្រៀបធៀបជាលក្ខណៈ អន្តរជាតិ ជាជាងការប្រើប្រាស់មូលដ្ឋានវិនិច្ឆ័យដែលមានភាពរើសអើងចំពោះប្រទេសកម្ពុជា ។ កម្ពុជាមានទំនុកចិត្តថា យើងធ្វើបានល្អតាមរបៀបរបស់យើង បើគិតពីសោកនាដកម្មពីអតីតកាល ដែល ប្រទេសយើងបានឆ្លងកាត់ ។

ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើបរិវត្តកម្មបន្តិចម្តងៗ ទៅជាសង្គមមួយដែលមានសន្តិភាពជាវិជ្ជមាន ដែលមាន ការស្វែងរកការដោះស្រាយជម្លោះ នយោបាយដោយប្រើ “សន្លឹកឆ្នោតជំនួសឱ្យគ្រាប់កាំភ្លើង”។ នេះគឺជាការបរិវត្តកម្មដ៏អស្ចារ្យមួយសម្រាប់ប្រទេសដូចជាកម្ពុជា ដែលបានឆ្លងកាត់ការបង្ហូរឈាមគ្មានទីបញ្ចប់ និងទុក្ខវេទនាដ៏ធំធេងសម្រាប់ប្រជាជន។ ដំណើរនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានឹងដើរទៅមុខដោយគ្មានងាកក្រោយនោះទេ។ កម្ពុជា នឹងបន្តដំណើររបស់ខ្លួនទៅមុខជានិច្ច ។

ស៊ឹម វីរៈ

ទីប្រឹក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)