លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យអង្គការមេត្រីអន្តរជាតិ (AIM) បន្តវត្តមានរបស់ខ្លួននៅកម្ពុជាតទៅទៀត។លោក ស ខេង បានថ្លែងអះអាងប្រាប់ដល់ក្រុមអ្នកសារព័ត៌មានបែបនេះ នៅក្រសួងមហាផ្ទៃ បន្ទាប់ពីលោកបានជួបជាមួយតំណែងអង្គការ ការពារសត្វព្រៃ Wildlife Alliance នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ។ឆ្លើយសំណួរក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ « AIM ដូចជាសម្តេចនាយករដ្ឋមន្រ្តី លោកបានសម្រេចថាឱ្យបន្ត ហើយអង្គការនេះត្រូវធ្វើសន្និសីទកាសែត ប៉ុន្តែត្រូវធ្វើសន្និសីទកាសែត ដើម្បីបកស្រាយបំភ្លឺបញ្ហានានា ដែលមានកន្លងទៅដោយខ្លួនឯង»។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងនាមលោកជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រគល់ការងារនេះ ទៅឱ្យខាងអគ្គស្នងការដ្ឋាន ដើម្បីធ្វើកិច្ចការងារនេះ ដោយសារតែអគ្គស្នងការមានការ MOU ជាមួយអង្គការនេះ។
សូមបញ្ជាក់ថា អង្គការ AIM នាថ្មីៗនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សង្ស័យថាជាអ្នកផ្តល់ព័ត៌មានខុសការពិតដល់ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក រហូតដល់ទូរទស្សន៍នេះបានផ្សព្វផ្សាយថា «កូនស្រីកម្ពុជាត្រូវបានម្តាយយកទៅលក់ឱ្យបម្រើផ្លូវភេទ»។ ការសង្ស័យបែបនេះធ្វើឡើងបន្ទាប់ពី AIM ដែលមានស្នាក់ការនៅរាជធានីភ្នំពេញ អនុញ្ញាតឱ្យទូរទស្សន៍ CNN សម្ភាសន៍ក្មេងស្រីរងគ្រោះ៣នាក់ នៅក្នុងអង្គការរបស់ខ្លួន។ ការផ្សព្វផ្សាយរបស់ CNN បែបនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃកុមារី និងស្រ្តីខ្មែរ ដែលធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា ការផ្សព្វផ្សាយបែបនេះ គឺប្រមាថខ្លាំងបំផុតដល់ស្ដ្រីនៅកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ជាមួយគ្នានេះ លោក ហ៊ុន សែន បានបញ្ជាឱ្យក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតឱ្យបានច្បាស់ ដើម្បីបិទអង្គការ AIM ដែលបានផ្តល់ព័ត៌មានបំភ្លៃបែបនោះ។
ទោះជាយ៉ាងណា ក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះលោក ដន ប្រ៊ូវស្ទ័រ ប្រធានអង្គការ AIM បានបកស្រាយថា ក្មេងស្រីដែល CNN បានសម្ភាសន៍៣នាក់នោះ មិនមែនជាក្មេងស្រីកម្ពុជានោះទេ ប៉ុន្តែជាក្មេងស្រីវៀតណាមទាំងអស់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងដែលទូរទស្សន៍ CNN មានវិជ្ជាជីវៈដូចជា CNN បែរជាដាក់ចំណងជើងថា ក្មេងស្រីរងគ្រោះទាំងនោះ ជាក្មេងស្រីកម្ពុជាទៅវិញ៕