Monday, December 22, 2014

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចការ ICC ព្រះវិហារ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា



នាព្រឹកថ្ងៃ​ទី ២២​ ខែធ្នូ ​ឆ្នាំ២០១៤​​ នៅវិមា​នមិត្ត​ភាព ​នៃទីស្តីកា​រគណៈរ​ដ្ឋមន្រ្តី ​ឯក​ឧត្តម បណ្ឌិត​សភាចា​រ្យ សុខ​ អាន ឧ​បនាយ​ករដ្ឋម​ន្រ្តីរដ្ឋមន្រ្តី​ទទួល​បន្ទុ​កទីស្តីកា​រគណៈ​រដ្ឋមន្រ្តី បាន​អនុញ្ញា​ត្តិឲ្យ​ឯកឧត្ត​ម Bill Longhurst ឯកអគ្គរា​ជទូត​​ចក្រ​ភពអង់គ្លេ​ស ប្រចាំ​ ព្រះរាជា ណា​ចក្រ​កម្ពុជា ចួលជួ​បពិភាក្សា​ការងារស្តី​ពី (ICC ព្រះ​​វិហារ ) និងអង្គជំ​នុំជម្រះ​វិសាមញ្ញ​ក្នុង​តុ​លាកា​រកម្ពុជា (​ECCC)

ឯក​ឧត្តម Bill Longhurst ឯកអ​គ្គរាជទូត​ចក្រភ​ពអង់គ្លេ​សប្រចាំព្រះ​រាជាណា​ចក្រកម្ពុ​ជា បានបង្ហា​ញនូវការពេញ​ចិត្តទៅនឹ​ងការងារដែ​លព្រះជាណា​ចក្រកម្ពុជា បា​ននិងកំពុងធ្វើ​ក្រោ​មការដឹ​កនាំរបស់​សម្តេច​តេ​ជោ ហ៊ុន សែ​ន​ ដែ​លរួមមានការ​បង្កើតឲ្យមាន​នូវ​គណៈ​កម្មកា​រ ICC ព្រះវិហារ និងចាត់ទុកថា​ វាជាជា​ដំណើរកា​រវិឌ្ឍន៍ជាវិជ្ជ​មានមួ​យរបស់គណៈ​កម្មការ ICC ព្រះ​វិហារ ហើ​យឯកឧត្ត​ម និងរង់ចាំ​មើលពីដំ​ណើរការ​វិជ្ជមានបន្ត​ទៀតពី​កិច្ចការ​របស់គ​ណៈ​កម្មកា​រ ICC​ ព្រះ​វិហារនេះ​។​ ទន្ទឹមនេះ​ដែរ ​ចក្រភ​ពអ​ង់គ្លេ​ស និងបន្ត​គាំ​ទ្រ ដំណើ​រកា​រប្រពឹត្តិ​ទៅរប​ស់អង្គជំនុំ​ជំរះវិ​សាមញ្ញ​នៅក្នុ​ងតុលាការ​កម្ពុជា ​ដែលកន្លង​មកច​ក្រភ​ព​អង់គ្លេសធ្លា​​ប់​បានចូ​លរួមវិភា​គទា​នជា​ហិរញ្ញវត្ថុសំ​រាប់តុលា​ការនេះ។
ឯក​ឧត្តម Bill Longhurst បានមា​នប្រសា​សន៍បន្តថា​ ចក្រភពអង់​គ្លេសមានការ​ប្តេ​ជ្ញាចិត្ត​ខ្ពស់​ចំពោះ​កា​របន្តកា​រគាំទ្រ​ការជួយរៃ​​អង្គាស​ថវិកាសម្រា​ប់ អ.​វ.ត.ក​ នៅ​​ឆ្នាំ២​​០១៥ខាងមុ​ខ និ​ងឆ្នាំ​​បន្ត​បន្ទា​ប់ទៀត។

ឯកឧត្ត​មបណ្ឌិ​តសភា​ចារ្យ សុខ ​​អាន ឧប​នាយ​ករដ្ឋមន្រ្តីរដ្ឋ​មន្រ្តីទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ បានលើ​កឡើងពី​ការងារដែ​លប្រ​កប​ដោយជោ​គ​ជ័យ នៃICC ព្រះវិហារ​កន្លងមក ជា​ពិសេ​សនៅ​ក្នុងកិ​ច្ចប្រជុំប្រ​​កាសពីកា​របង្កើ​ត ICC ព្រះវិ​ហា​រ កា​លពី​ដើម​ខែធ្នូ​នេះ។
ឯកឧត្តម​បណ្ឌិ​តស​ភាចារ្យ​ សុខ អាន​ បា​នមានប្រសា​សន៍ថា យើ​ងទទួ​លបានជោគ​ជ័យ​នៅ​ដំណាក់​កាលទី១ គឺក្រោយពីកា​រចុះឈ្មោះ​ប្រាសាទ​ព្រះវិហា​រនៅ​ខែកក្កដា ​ឆ្នាំ២០០៨ ឥឡូវ​យើ​ងបានបង្កើត​នូវ ICC​ ព្រះវិហា​រ ដែលនៅ​ក្នុងនោះ​មាន​ការចូ​លរួមរបស់​ថៃផងដែរ និង​សមា​ជិ​កពីប្រ​ទេសចំនួន​៧ទៀ​ត ដែ​លបានរៀបចំកា​រប្រជុំនៅ សៀ​មរា​ប កា​លពីថ្ងៃទី៣ ខែធ្នូ ក​ន្លងមក ដោយមិនមាន ​ការជំទា​ស់ពីភា​គីណានោះ​ឡើយ។

ឯកឧត្តម​បណ្ឌិ​តសភា​​ចារ្យ សុខ អាន ​បានបន្តថា នៅដំ​ណា​ក់កា​លជា​បន្តបន្ទាប់​ទៀត​ គឺយើង​សំ​លឹងមើលកា​ររៃអ​ង្គាសថវិកា​​សំរាប់កា​រជួសជុ​ល អភិរ​ក្សថែ​រក្សា​ប្រាង្គ​​​ប្រាសាទ​ ព្រះវិហារ​ រប​ស់​យើ​ង ឲ្យកាន់តែ​មាន​កេរ្តិ៍ឈ្មោះ ល្បី​​ល្បាញបន្ថែមទៀ​ត ព្រោះ​ប្រាសាទ​របស់យើង​​ត្រូវបានដាក់ប​ញ្ជូលក្នុ​ងបញ្ជី​បេតិកភ​ណ្ឌ​ពិភព​លោក។

ដោយ​ឡែ​កគេក៏​បាន​សង្កេត​ឃើញថា ​ភាគីថៃដែ​លធ្លាប់តែ​មាន​ការជំ​ទាស់ និ​ងមិ​នពេ​ញ​ចិត្តនូ​វ ការដាក់បញ្ជូលប្រា​សាទ​ព្រះវិហា​រ រ​បស់ខ្មែ​រក្នុ​ងបញ្ជី​បេ​តិក​ភណ្ឌពិ​​ភ​ពលោ​កនោះ ក៏​បានចូ​លរួម​យ៉ា​ង​ផុសផុ​លដូចជាភា​គីផ្សេង​ទៀ​តដោ​យ​មិន​មាន​ការជំទា​ស់ឡើយ។

​ឯកឧត្ត​មបណ្ឌិ​​តសភា​ចារ្យ សុខ អា​ន បាន​សង្កត់ធ្ង​ន់ថា យើ​​ងធ្វើ​ ICC ​ព្រះវិហា​រដូច​យើង​ធ្វើICC​ អង្គ​រផងដែរ​ ដែលយើ​ងបានឃើញពីបទពី​សោ​ធន៍កន្លង​ម​កថា ICC អង្គរតាំ​ង​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៣ ​រហូត​ដល់​ឆ្នាំ ​២០១៤ ​ដែលមា​នដៃ​​គូរជា​មួយ​អា​ជ្ញា​ធរអប្សរា ​គឺបាន​ទទួលការ​គាំ​ទ្រទាំងផ្នែ​កហិរ​ញ្ញវត្ថុ​ បច្ចេ​កទេ​ស និ​ង​ផ្នែកបេតិ​កភណ្ឌ​​​ពិ​ភព​លោក​ដើម្បីគៀងគរហិរញ្ញប្បទាន ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ប្រាង្គប្រាសាទអ​​ង្គរ​ដែលមាន​ទំហំ​២គីឡូម៉ែត្រ​ក្រឡា វា​គឺជាជោ​គជ័យមួ​​យរប​ស់រាជ​រដ្ឋាភិបា​ល ហើយការ​ដែលយើង​ប​ង្កើត ​ICC​ ព្រះវិហារនេះ​គឺយើ​ង​ធ្វើតាមគំរូ ICC ​អង្គរ ​ដោយ​រំពឹ​ងថា​​យើ​ងនិងទទួល​​បាន​​ជោ​គជ័យ​​​ដូចគ្នា​ក្នុងពេ​លខា​ងមុខ៕

អត្ថប​ទដោយៈ​ ច័ន្ទ ទេវី

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា​ស្តីពី កិច្ច​ពិភាក្សា​រវាង​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ​ជាមួយ​អាជ្ញាធរ​អប្សរា


ទស្សនៈប្រឆាំងងប់ងល់នាំឲ្យបាត់បង់នូវមនៈសិការបស់ខ្លួន

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​ភរិយា​ ត្រូវ​បានទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់​ក្តៅ​ ដោយ​លោក​ស្រី​ប្រធានាធិបតី​កូរ៉េ​ ប៉ាក់ គឿន​​ហេ​​ ( Park Geun-hye ) ​នៅ​ក្នុង​​ដំណើរ​ទស្សនៈកិច្ច ចូល​រួមកិច្ច​ប្រជុំ​​កំពូល​រំឮក​ខួប​អនុស្សវរីយ៍​​​២៥ឆ្នាំ​​ នៃ​ទំនាក់​ទំនង​កិច្ច​​សហប្រតិ​បត្តិ​​ការ​​ ​​អាស៊ាន​-សាធារណរដ្ឋ​កូរ៉េ​​ និងដំណើរ​ទស្សនៈផ្លូវការ​​ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៤​។​
នៅក្នុង​ជំនួប​ទ្វេភាគី​ក្នុង​ទីក្រុង​សេអ៊ូល​​ លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​ស្នើលោកស្រី​​ប្រធានាធិបតី​​ Park Geun-hye ក្នុង​​ការ​​បង្កើន​កូតាការងារ ដើម្បីបង្កឱកាសដល់​ពលករខ្មែរ​ បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​​​កូរ៉េ ឲ្យកាន់តែ​ច្រើន​បន្ថែមទៀត​។ ចំណុច​នេះ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​​​ការ​យក​ចិត្ត​​ទុក​ដាក់របស់​ប្រមុខ​​រាជ​​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើត​ ស្វែងរកការងារ​ និង​បង្កើន​លទ្ធភាព​ចំណូល​ ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​​ យ៉ាង​ពិត​ប្រាកដ​។​
ប៉ុន្តែ​ ជាការ​គួរ​ឲ្យ​សោក​ស្តាយ​ ដែល​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន​តូច​ រួម​ទាំង​អ្នកសិក្សារៀនសូត្រ​ខ្លះ​ មិន​បាន​គិត​ទៅ​ដល់​ផល​ប្រយោជន៍​​ប្រជាជន​ខ្លួន​ឯង​ បែរ​ជា​លើក​ឡើង​នៅ​តាម​បណ្តាញ​ព័ត៌មាន​សង្គម និង​សារព័ត៌មាន​ ដែលមាន​និន្នាការ​ប្រឆាំង​​ថា​ ជារឿង​អន់​ទៅ​វិញ​។​ ជន​ជាតិ​ខ្មែរ​​ដែល​មាន​គំនិត​ទុទិដ្ឋិនិយម​ទាំង​នោះ​ ប្រហែល​ជាត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​មនោគមន៍​វិជ្ជា​​​បក្ស​ប្រឆាំង យ៉ាង​ងប់​ងល់ ទើប​អ្វីៗ​ដែល​ជា​ទង្វើ​ល្អ​របស់​​រដ្ឋាភិបាល ក៏​ពួក​គេ​នៅ​តែ​មើល​ឃើញ​​របៀប​​ខ្មៅ​ងងឹត​គ្រប់​ពេលដែរ រហូតមានអ្នកខ្លះ​ ហ៊ានលើកឡើងថា “ការខិតខំរបស់លោកនាយករដ្ឋមន្ត្រី គឺជាយុទ្ធសាស្ត្ររុញច្រានយុវជន នៅឲ្យឆ្ងាយ​ពីប្រទេសជាតិ ដើម្បីលោកបន្តគ្រប់គ្រង ដឹកនាំប្រទេសបានយូរ”។​
ការលើកឡើងនេះ គឺជាមតិអវិជ្ជមានបំផុត។ មេដឹកនាំណាមិនស្រឡាញ់ជាតិ មិនចង់ឲ្យប្រទេស​ជាតិរីកចំរើន និងមិនចង់ឲ្យប្រជាជនខ្លួនរស់ដោយសេចក្តីថ្លៃថ្នូរនោះ? ហើយប្រទេសណាដែលមិនមាន​ប្រជាជនរបស់ខ្លួនធ្វើការងារនៅបរទេសនោះ?
ជាក់ស្តែង បច្ចុប្បន្ននេះ​ ចរន្ត​នៃ​ការ​នាំ​ពលករ​នៅ​តំបន់​អាស៊ី​ ទៅ​ធ្វើ​ការ​នៅបរទេស​ គឺ​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង​ក្លា​។​ ជាក់​ស្តែង​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​​​​យើង​នេះ​ ប្រទេស​ដែល​មាន​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ច្រើន​ជាង​គេ​គឺ​ប្រទេស​ ហ្វីលីពីន​ ហើយ​ប្រាក់​ចំណូល​របស់​ពលករ​ ដែលទទួល​បាន​ គឺ​​​មាន​​តួរលេខ​​​រហូត​​ដល់​​ ២៨​ពាន់​លាន​ដុល្លារ​ ក្នុង១​​ឆ្នាំ​​​។ យើង​អាច​ចោទ​ជាសំណួរ​ថា តើ​ហ្វីលីពីន​ ជា​ប្រទេស​​ក្រីក្រ​​​នៅក្នុង​តំបន់​ ​​ឬយ៉ាង​ណា​​?​ ចម្លើយ​គឺ​ទេ​ ប៉ុន្តែ​ហេតុ​អ្វី​ក៏​ចំនួន​ពលករ​​ដែល​ទៅ​​ធ្វើ​ការ​នៅបរទេស​ នៅ​តែ​មាន​ច្រើន​?​ មូល​ហេតុ​ចម្បង ​គឺ​រដ្ឋាភិបាល​គេ​ក៏​មាន​គោល​នយោបាយ​​ចង់​បង្កើន​ចំណូល និង​រក​ការងារ​ឲ្យ​​ប្រជាជន​គេ​ឲ្យ​បាន​ច្រើន​ដែរ​។​ ដូច្នេះ​ ការ​លើក​ឡើង​ទាំង​ឡាយ​នៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេស​ប៊ុក​ និង​នៅ​តាម​សារព័ត៌​មាន​ដែល​​មាន​និន្នាការ​ប្រឆាំង​ គឺ​ជាការ​តិទៀន​ ឬរិៈគន់​ ដើម្បី​តែ​លាប​ពណ៌​ របៀប​ជា​អ្នកបម្រើ​ អ្នក​នយោបាយ​ ​​ដែល​ក្បត់​មនសិការបស់​ខ្លួន​ បើ​ទោះ​បី​ខ្លួន​ជាអ្នកសិក្សារៀនសូត្រ យ៉ាងណា​ក៏ដោយ​។​​​​​
ក្រៅ​ពី​ប្រទេស​ហ្វីលីពីន​ ប្រទេស​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការនៅ​បរទេស​​ច្រើនដែរ​នោះ ក៏​មាន​ដូចជា​ប្រទេស​ឥណ្ឌា​ វៀតណាម​ និង​ប្រទេស​ថៃ ​ផង​ដែរ​។ ចំនួន​ទឹក​ប្រាក់​ដែល​ពលករ​ ឥណ្ឌា ទទួល​បាន​ និង​ផ្ញើរ​ត្រឡប់​ទៅ​ក្រុម​គ្រួសារ​នៅក្នុង​ប្រទេស​វិញ​ គឺ​មាន​រហូត​ដល់​ ៧១ ពាន់​លាន​ដុល្លារក្នុង​ ១ឆ្នាំ​។​ ពលករ​​របស់ប្រទេស​ថៃ​ ភាគ​​ច្រើន​​ត្រូវ​បានបញ្ជូន​ទៅធ្វើការ​នៅ​​បណ្តាប្រទេស​​អារ៉ាប់​ ហើយ​ចំណូល​ដែល​​ទទួល​បាន​ពី​វិស័យ​​នេះ គឺ​មាន​រហូត​ដល់​ទៅ ​៦ពាន់​លាន​ដុល្លារ​​​​​។ តួលេខ​ទាំង​នេះ​ គឺ​បាន​បង្ហាញ​តាម​​រយៈ​របាយការណ៍​របស់​ធនាគារ​ពិភព​លោក និង​អង្គការ​ពលកម្មអន្តរជាតិ​ (ILO)។ ​ ដូច្នេះ​ ការ​នាំ​ពលករ​​ចេញ​ទៅ​ធ្វើការ​ គឺ​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​​​​ ដើម្បី​បង្កើន​សមត្ថភាព​របស់​ពលរដ្ឋ​ប្រទេស​នីមួយៗ​។​ យើង​ទាំងអស់គ្នា​បាន​ដឹង​ហើយថា​ នៅ​ចុង​ឆ្នាំ​២០១៥ សហគមន៍​អាស៊ាន​ នឹង​ធ្វើ​សមាហរ​ណ​កម្ម​​​សេដ្ឋកិច្ច​ក្នុង​តំបន់​ ស្រប​តាម​ទស្សនៈវិស័យ​ «អាស៊ាន​តែ​មួយ​ វាសនា​តែមួយ​»។​ ដូច្នេះ​ ដើម្បី​បង្កើន​សក្តានុពលសេដ្ឋកិច្ច​របស់​ប្រទេស​ ក៏​ត្រូវ​បង្កើន​នូវ​សមត្ថភាព​ វិជ្ជាជីវៈ របស់​កម្លាំង​ពលកម្មផង​ដែរ​។​​​
ការ​ខិត​ខំ​​​ប្រឹង​ប្រែង​​របស់​​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែលស្នើ​ទៅ​ប្រធានាធិបតី​កូរ៉េ ក្នុង​​​​ការ​បង្កើន​កូតាការងារឲ្យ​ពលករខ្មែរ​ បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ គឺ​ជាការ​​ខិតខំ​​ប្រឹង​ប្រែង​របស់រាជ​​​​រដ្ឋាភិបាល ដើម្បី​​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ ទី​ពីរ​ ពលករកម្ពុជា​​​ ក៏អាច​ទទួល​បាន​នូវ​​បទពិសោធន៍ ការ​បណ្តុះបណ្តាល​លើ​បច្ចេកវិជ្ជា និង​​ជំនាញ​​ផ្សេងៗ​ទៀត​ ដែល​​​អាច​ឲ្យ​​ពួក​គេ​មាន​ចំណេះ​ដឹង​អាច​ចិញ្ចឹម​​ជីវិត​បាន​ នៅពេល​ពួក​គេ​ត្រឡប់​មក​ធ្វើការ​នៅ​​​ក្នុង​ប្រទេស​វិញ​។​ ទី​បី​ ក៏​ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ដែល​​មាន​​​ឱកាស​ទៅធ្វើ​ការ​នៅ​​ប្រទេស​កូរ៉េ អាច​​រក​ប្រាក់​ចំណូល​បាន​ច្រើន​ផ្គត់​ផ្គង់​ជីវភាព​ផ្ទាល់ខ្លួន​​ផង​ និង​បាន​បញ្ជូន​មក​ផ្គត់​ផ្គង់​ជីវភាព​​គ្រួសារ​​​​នៅ​ក្នុង​​ប្រទេស​ផង​។ ​ជាក់​ស្តែង​ ដោយសារ​ប្រាក់​ចំណូល​ជា​មធ្យម​​របស់​​ពលករ​ ដែលទៅ​​​ធ្វើ​ការ​នៅ​​ប្រទេស​កូរ៉េ​ បាន​ប្រហែល​ ២ពាន់​ដុល្លារ​ក្នុង​១ខែក្នុង​ម្នាក់ៗ​​ បាន​ធ្វើ​​ឲ្យ​​តួលេខ​​នៃ​ទឹក​ប្រាក់​ ដែល​បាន​ផ្គត់​ផ្គង់​មក​គ្រួសារ​បាន​កើន​រហូត​ដល់​៣៦៤​លាន​ដុល្លារ​ នៅ​ឆ្នាំ​​២០១០​​ កន្លង​មក​។​
បច្ចុប្បន្ន​ ​កម្ពុជា​​មាន​ចំនួន​ពលករ​ទៅ​ធ្វើ​ការ​នៅកូរ៉េ​ គឺ​មាន​តិចតួច​​នៅឡើយ​។​ ដូច្នេះ​ហើយ​​​បាន​ជា​​រដ្ឋាភិបាល​​ ស្នើ​ទៅរដ្ឋាភិបាល​សាធារណរដ្ឋ​​កូរ៉េ​ខាងត្បូង​ឲ្យ​​បង្កើន​ចំនួន​​ពលករ​​ខ្មែរទៅ​ធ្វើ​ការ​នៅ​ទី​នោះ​​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ការ​​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​ផ្សេងៗ​​ផង​ និង​ជា​​ការ​បំពេញ​តម្រូវ​ការ​ទីផ្សារការងារ​​របស់​កូរ៉េផង​។
យោងតាម​ឯកសារ​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​ឆ្នាំ​២០១៤-២០១៨ ឲ្យដឹងថា រហូត​មក​ដល់​ឆ្នាំ​២០១៣​ ពលករខ្មែរ​ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​​កូរ៉េ​មាន​ទៅ​​ដល់ជាង ​២៨៨០០ នាក់​ ក្នុង​នោះធ្វើ​ការ​នៅ​​ផ្នែក​ឧស្សាហកម្ម​មានចំនួនជាង ​​១៧៩៩០ នាក់ ផ្នែក​កសិកម្មមាន​​ចំនួនជាង ​​៩៨៣០ នាក់ ផ្នែក​នេសាទមាន​ចំនួន​ ២៧៨ នាក់ និង​ផ្នែក​​​សំណង់​មាន​ចំនួន​​៧៣៨នាក់។
​ ​​កន្លង​មក​ ក្រុម​ប្រឆាំង​​ តែង​ស្រែក​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ស្វែង​រក​ការ​ងារ​ឲ្យ​យុវជន​ធ្វើ​ ប៉ុន្តែ​នៅពេល​ដែល​ នាយក​រដ្ឋ​មន្ត្រី​ ស្វែង​រក​តាម​ការ​ស្រែក​ទាម​ទារ​របស់​ពួក​គេនោះ​ បែរ​ជា​បន្តុះបង្អាប់​ ថា​ជារឿង​មិន​ល្អ​ ទៅវិញ​។ ដូច្នេះ​​​ ប្រសិន​បើ​ជន​ជាតិ​ខ្មែរ​ ដែល​រស់​នៅក្នុង​សង្គម​ មិនបាន​ជួយជ្រោម​ជ្រែង​ លើក​មុខ​មាត់​ប្រជាជន​ខ្លួន​ឯង​ ហើយ​យល់​ថា ​ការ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ គឺ​ជារឿង​ថោក​ទាប​នោះ គឺជាការយល់ខុស ពីព្រោះ បើគិតបែបនេះ នាំឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ ក៏​មិន​ងាយ​នឹង​រីក​ចម្រើន​ ចំណេះដឹងវិជ្ជា​ជី​វៈ​​​ប្រជាពលរដ្ឋ​ក៏​មិនជឿន​លឿន​ដូច​ប្រទេស​គេនោះ​ដែរ​។​ ម្យ៉ាងទៀត​ ក្រុម​​មនុស្ស​ដែល​មាន​ទស្សនៈទុទិដ្ឋនិយម​ មួយចំនួន​តូច​នោះ​ មិនត្រូវ​ងប់​ងល់​ទាំង​ស្រុង​ តាម​ការ​អូស​ទាញ​របស់​អ្នក​នយោបាយ​ ដែល​យល់​ថា​ខ្លួន​ជាបក្ស​ប្រឆាំង​ ដូច្នេះ​គឺ​ត្រូវ​តែ​បន្ត​ប្រឆាំង​ ​បន្ត​លាប​ពណ៌​ បន្ត​បំភ្លៃ​​ការពិត​ គ្មាន​ទី​​បញ្ចប់​ ​​ ​នោះ​ឡើយ​​​​។​
ជារួម​ សម្រាប់​ពលរដ្ឋ​ដែល​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ យល់​​ឃើញ​ថា​ ការ​ស្នើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ចំពោះ​ប្រធានាធិបតី​កូរ៉េ​ ក្នុង​ការ​បង្កើន​កូតា​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ គឺ​ជាកាយ​វិការ​ប្រកប​ដោយ​គុណ​ធម៌​ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ ក្នុង​ការ​ស្វែង​រក​ការងារ​​ ផ្តល់​ជំនាញ​វិជ្ជាជីវៈ និង​បង្កើន​ប្រាក់​ចំណូល​ ជូន​ពលរដ្ឋ​ ទាំង​នៅក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​៕​

ដោយ៖ ពង្ស សុក្រឹត្យ

ប្រាសាទព្រះវិហារ មានយន្តការអ​ភិរក្ស​ និង​អភិវឌ្ឍន៍ដ៏រឹងមាំ ICC - Preah Vihear គណៈកម្មាធិការសម្របសម្រួល​អន្តរជាតិព្រះវិ­ហារ ថ្ងៃទី២០ ខែធ្នូ ២០១៤

សេច​ក្តី​ជូន​ដំណឹង ​ទីស្តីការ​​គណៈ​រដ្ឋមន្រ្តី ជូន​ដំណឹង​​ដល់​បេក្ខជន​​ពិការ​​ដែល​​បាន​ដាក់​​ពាក្យ​​ប្រឡង​​មក​ចូល​បំរើ​ការ​ងារ​ក្នុង​ក្របខ័ណ្ឌ​ទីស្តីការ


សហភាព​​សហព័ន្ធ​​យុវជន​​កម្ពុជា​ ប្រារព្ធពិធី​ រាត្រី​​ស្រមោល​​សរ ប្រមូល​​មូល​និធិ ដើម្បី​គាំ​ទ្រ​​សកម្ម​ភាព​​​សហភាព​​សហព័ន្ធ​​យុវជន​​កម្ពុជា​ និង​អង្គ​រ​សង្ក្រាន្ត​ ២០១៥

នៅ​រាត្រី​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ ឆ្នាំ​២០១៤​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​ រាត្រី​ស្រមោល​សរ នៅ​សណ្ឋាគា​រ អ៊ីន​ធឺ​កុង​ទី​ណង់​តាល់ ដែល​នឹង​ចាប់​ផ្តើម​ពី​វេលាម៉ោង៦និង​០០នាទី​ល្ងាច ដល់​ម៉ោង៩និង​០០នាទី​យប់ ដើម្បី​គាំទ្រ​សកម្មភាព​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​អង្គរសង្ក្រាន្ត​ឆ្នាំ២០១៥  ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្ត​បណ្ឌិត​សភា​ចារ្យ សុខ អាន​​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ និង​រំ​ពឹង​ថា នឹង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ អ្នក​មុខ​អ្នក​ការ​ និង​យុវជន​សហភាព​សហព័ន្ធ​កម្ពុជា​ និង​សប្បុ​រសជន​នានាជា​ច្រើន។
សូម​បញ្ជាក់​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដឹក​នាំ​ដោយ​ឯកឧត្តម​ ហ៊ុន ម៉ា​នី កន្លងមក​បាន​ធ្វើ​សកម្មភាព​ការងារ​សង្គម​ មនុស្ស​ធម៌ និង​បាន​​ផ្សាភ្ជាប់​ទៅ​នឹង​កិច្ច​ការ​ងារ​ជា​ច្រើន​ ដែល​​នាំ​មក​នូវ​ផល​ប្រយោជន៍​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ ជា​ពិសេស កម្លាំង​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុ​ជា​​ ដែល​ជា​សរសរ​ទ្រូង​នៃ​សង្គម​ជា​តិ​ និង​ជា​ធនធាន​មនុស្ស​សម្រាប់​ការ​បន្ត​វេនរបស់​កម្ពុជា​៕​

សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី អញ្ជើញ​ចូល​រួម​​កិច្ច​ប្រជុំ​​កំពូល​​មហា​អនុ​តំបន់​ មេគង្គ​លើក​ទី៥ នៅទី​ក្រុង​បាងកក ព្រះរាជា​ណា​ចក្រថៃឡងដ៏ ថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០១៤


សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា​​អញ្ជើញសួរសុខ­ទុក្ខ និង​នាំយក​អំណោយ មនុស្សធម៌​ជូន​អង្គការ​សង្រ្គោះ ជនអស់សង្ឃឹម មណ្ឌលទី១ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤

ពិធីលាង​សាយ​ភោជន៍​របស់​ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ ជូន​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​​នៃ ប្រទេស​មហា​អនុតំបន់​មេគង្គ ដែល​អញ្ជើញ​ចូលរួមកិច្ច​ប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី៥

នៅរាត្រីថ្ងៃទី១៩ធ្នូ ឆ្នាំ២០១៥​ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាប្រធាន កិច្ចប្រជុំកំពូល នៃមហា​អនុតំបន់​មេគង្គ​លើកទី៥ និងលោកជំទាវ បានប្រារព្ធពិធី​លាង​សាយ​ភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូន​សម្តេច​ឯកឧត្តម​បណ្តា​ប្រមុខ​រដ្ឋ-ប្រមុខរដ្ឋា​ភិបា​ល​​នៃបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ និងគណៈប្រតិភូ ដែលបានអញ្ជើញចូល​រួមកិច្ច​ប្រជុំ​កំពូលមហាអ​នុ​តំបន់មេគង្គ​លើកទី៥​ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមហាអនុតំបន់មេគង្គ ដែលបានអញ្ជើញចូល រួម ក្នុង​ពិធីលាងសាយ​ភោជន៍ជាមហា​កិត្តិយស​នោះរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ខឺឈាង នាយករដ្ឋ​មន្រ្តី​ចិន ឯកឧត្តម ថងស៊ីង ថាមម៉ាវង្ស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឡេ លឿងមិញ  អគ្គលេខាធិការអាស៊ាន។

ថ្លែងទៅកាន់មេដឹកនាំ នៃប្រទេសក្នុងមហាអនុតំពន់មេគង្គ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាប្រធានកិច្ចប្រជុំកំពូល នៃមហាអនុតំបន់មេគង្គលើកទី៥ មាន​ប្រសា​សន៍​ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច ឯកឧត្តមប្រមុខរដ្ឋ ប្រមុខរដ្ឋា​ភិបា​ល និងគណៈប្រតិភូទាំងអស់ នៃបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានចំណាយ​នូវ​ពេល​វេលាដ៏មានតំលៃបំផុត អញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៥ នៅទីក្រុងបាងកកដ៏បវរនៃព្រះរាជាណាចក្រថៃ។

ឯកឧត្តមឧត្តមសេនីយ៍មានប្រសាសន៍បន្តថា ឯកឧត្តមផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋថៃទាំងអស់ មានការរីរាយខ្លាំងណាស់ ក្នុងការធ្វើគារ​វ​កិច្ច​ស្វាគមន៍ចំពោះវត្តមានរបស់បន្តាប្រមុខរដ្ឋ ប្រ​មុខ​រដ្ឋាភិបាល និងប្រតិភូទាំងអស់ នៃប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបាន​ខិត​ខំពុះពារ​នូវ​រាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការសំរេចបាននូវសមិទ្ធផលដ៏ធំធេង បន្ទាប់ពីកិច្ចប្រជុំ​កំពូ​ល​​មហាអនុតំបន់មេគង្គលើកទី៤ ដែលបានបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។ ឯកឧត្តមឧត្តមសេនីយ៍មានប្រសាសន៍បញ្ជាក់បន្ថែម ថា ថ្ងៃនេះយើង​ទាំងអស់គ្នាបាន​មកជួប​ជុំ​គ្នា ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៥ ដើម្បី​ផ្លាស់​ប្តូរយោបល់​លើវិធីសាស្រ្ត ក្នុងការពង្រឹងភាពជាដៃគូរបស់យើង ដើម្បីគាំទ្រដល់កិច្ច​សហ​ប្រតិបត្តិការរបស់ប្រទេស ក្នុងមហាអនុតំបន់មេគង្គ។

ឯកឧត្តមប្រធានកិច្ចប្រជុំកំពូលលើកទី៥ បានធ្វើការកត់សំគាល់នៅក្នុងសុន្ទរកថាគន្លឹៈនោះថា ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ១៩៩២ កម្មវិធីកិច្ច សហប្រតិបត្តិការនៃប្រទេស GMS សម្រេច​បាននូវភាពជោគជ័យយ៉ាងធំធេង។ ដៃគូអភិវឌ្ឍន៍នានាបានសហការ​ជាមួយ​ប្រទេស GMS ក្នុង​ការបង្កើតការតភ្ជាប់ក្នុងតំបន់ ពិសេសជម្រុញឲ្យមានការប្រកួតប្រជែង និងបង្កើតស្មារតី​សហគមន៍​ឲ្យបាន​ច្រើន​ជាងមុន។ ឯកឧត្តមប្រធានមានប្រសាសន៍បន្ថែមថា ចាប់តាំងពីឆ្នាំ ១៩៩៣ដល់ឆ្នាំ២០១៣ ដៃគូអភិវឌ្ឍន៍​បានរួមចំណែក​ជាទឹក​ប្រាក់​សរុប ១២ពាន់២០០លាន​ដុល្លា​អាមេរិក សម្រាប់គម្រោងវិនិយោគ និងទឹកប្រាក់ចំនួន៣១១លានដុល្លា សម្រាប់គម្រោង​ជំនួយ​បច្ចេក​ទេស។

ក្រៅពីការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដ៏ច្រើននោះ ការគាំទ្រ​របស់ដៃគូ​អភិវឌ្ឍន៍​ក៏ធ្វើឡើងក្នុង​ទ្រង់​ទ្រាយផ្សេងៗ ដូចជាការផ្តល់ចំណេះដឹង ការណែនាំអំពីគោលនយោបាយ និង​អភិវឌ្ឍក្រម​នវានុវត្តន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕
អត្ថបទ ៖ ខេមរា  

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម​ឧត្តម​សេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយក​រដ្ឋមន្រ្តីថៃ

នៅល្ងាចថ្ងៃទី១៩ធ្នូ ឆ្នាំ​២០១៤  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួប​ពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលថៃ ឯកឧត្តម​ប្រាយុទ្ធ ចាន់អូចារ មានប្រសាសន៍​សំដែងនូវ ការស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែល​បានឆ្លើយតបតាមការ អញ្ជើញរបស់ឯកឧត្តម មកចូលរួមកិច្ចប្រជុំកំពូល​មហា​អនុតំបន់​មេគង្គលើក ទី៥ នៅទីក្រុងបាងកក ប្រទេសថៃ។

សម្តេចតេជោនាយករដ្ឋ​មន្រ្តីមាន​ប្រសាសន៍​អបអរសាទរ ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី ដែល​បានទទួល​ធ្វើជាប្រធាន​កិច្ចប្រជុំ​កំពូល មហាអនុតំបន់មេគង្គលើកទី៥។ សម្តេចតេជោ​មាន ប្រសាសន៍បន្តថា កន្លងមកសម្តេចផ្ទាល់ធ្លាប់ធ្វើជាប្រធាន កិច្ចប្រជុំ​កំពូល​មហាអនុតំបន់​មេគង្គលើកទី១ ហើយកិច្ចប្រជុំកំពូលលើកទី៥នេះ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ ធ្វើជាប្រធាន​ដឹកនាំកិច្ចប្រជុំកំពូល។ ក្នុងជំនួបពិភាក្សាគ្នានេះ​ដែរ សម្តេចតេជោនាយករដ្ឋ​មន្រ្តីបាន​ឯកភាព​ជាមួយ និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ អំពីទំនាក់ទំនងល្អ​នៃ​ប្រទេសទាំងពីរ ដែលកំពុង​មាន​ដំណើរការទៅមុខ ដោយមិនមានការថយក្រោយ។

ក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើង នូវចំណុច​សំខា​ន់ៗ​ចំនួន៦ក្នុងនោះរួមមាន៖

ទី១សម្តេច​តេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍ ស្នើសុំឲ្យមាន​នូវការ​ប្រជុំ​ឲ្យបានឆាប់ ចំពោះក្រុម ការងារ ចម្រុះរបស់ប្រទេសទាំងពីរ ដដែលពាក់ព័ន្ធ​ទៅនិងការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស នៅតំបន់ព្រំដែន ខេត្តកោះកុងរបស់កម្ពុជា ជាមួយនិង​ខេត្តត្រាត​របស់​ថៃ ប៉ោយ​ប៉ែតរបស់កម្ពុជា ជាមួយអារញ្ញប្រាថេតរបស់ថៃ និងតំបន់ផ្សេងៗទៀត។

ទី២ការ​ស្នើឲ្យមានការបើកច្រកថ្មីស្ទឹងបត់ ដែលរួមទាំងការផ្ទេហិរញ្ញប្បទានពីការ កសាងផ្លូវជាតិ​លេខ​៤៨ សម្រាប់ប្រើ​ប្រាស់​ដល់​ការ​ស្ថាបនាផ្លូវ ស្ពាន នៅច្រកព្រំដែនស្ទឹងបត់ ទី៣ជំរុញឲ្យ មាន​ការ​ពិភាក្សា​គ្នា​លើ​តំបន់​ត្រួតស៊ីគ្នានៅតំបន់ព្រំដែនសមុទ្រ របស់ប្រទេសទាំងពី​ឲ្យបាន​ឆាប់​តាម​ដែល​អាចធ្វើទៅបាន។

ទី៤ពាក់ព័ន្ធទៅនឹងពលករកម្ពុជា ដែល​កំពុង​ធ្វើការនៅប្រទេសថៃ សម្តេច​តេជោមានប្រសាសន៍ ថ្លែងនូវអំណរគុណ​ជូនចំពោះ​រដ្ឋា​ភិបាល​ថៃ ដែលបានផ្តល់​នូវ​ការ​គាំទ្រនិង​ការការ​ពារដល់ពលករកម្ពុជា តាមរយៈនេះ កម្ពុជា​នឹង​ត្រៀម​បញ្ជូនមន្រ្តី​កម្ពុជា​ចំនួន១០​នាក់​បន្ថែមទៀត មកប្រទេស​ថៃក្នុងការ​បំពេញ​ការការ​ផ្តល់នូវលិខិត​ឆ្លងដែនដល់​ពលករ​កម្ពុជា ដែល​មួយ​ចំនួនមិនទាន់មាននៅ ឡើយ ពោលគឺក្នុងចំណោមពលករ​កម្ពុជាជាង​៦១ម៉ឺន​នាក់ ​ដែលកំពុងធ្វើការនៅប្រទេសថៃមាន ពលករ​ជាង​៤ម៉ឺន​២ពាន់នាក់ ដែលជាកូន ចៅរបស់ពលករ។

ទី៥ពាក់ព័ន្ធនិងការអភិវឌ្ឍធនធានមនុស្ស សម្តេចតេជោនាយករដ្ឋមន្រ្តី បាន​ស្នើ​ឲ្យមានការប្តូរ វិទ្យាល័យកំពង់ឈើទាល ក្នុងខេត្តកំពង់ធំ ឲ្យក្លាយទៅជាវិទ្យាស្ថាន​បច្ចេកទេសវិញ និងវិទ្យាល័យ ដែលគ្រោងនិងបង្កើតនៅខេត្តកោះកុង ឲ្យមកបង្កើត​នៅខេត្ត​កំពង់ស្ពឺវិញ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងនូវអំណរគុណជូនចំពោះរាជរដ្ឋាភិ​បាល ថៃដែលបានផ្តល់អាហារូបករណ៍ ចំនួន១៩៦កន្លែងដល់កម្ពុជា និងទី៦ពាក់ព័ន្ធទៅនិង​វត្ថុ​បុរាណ​​កម្ពុជាដែលបានបាត់បង់ទៅនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីស្នើដល់ភាគីថៃ ទី១អនុ​ញ្ញាត​ឲ្យ​អ្នក​ឯកទេសកម្ពុជាមកពិនិត្យមើលវត្ថុបុរាណ ដែលរាជរដ្ឋាភិបាលថៃទើបនិងធ្វើការ​ចាប់​បាន កាលពី ពេលថ្មីៗកន្លងទៅ និងទី២ស្នើឲ្យភាគីថៃមានការបន្ធូរបន្ថយ នូវលក្ខខណ្ឌដ៏តឹងរឹង​មួយចំនួន ដែលទាក់ទិនទៅនិងវត្ថុបុរាណដ៏មានតំលៃទាំងនោះ។ ជា​ការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចារ មានប្រសាសន៍ទាក់ទិន​ទៅនិង​ចំណុច៖


ទី១ ឯកឧត្តមបាន​ស្នើឲ្យក្រុម​ការងារនៃប្រទេសទាំងពីរជួបប្រជុំគ្នាឲ្យបានឆាប់ ដើម្បី​ពិនិត្យ​នូវ​ការវាយ តំលៃរួមគ្នា។

ទី២​ទាក់​ទិនទៅ​និងតំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​តំបន់ព្រំដែន ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ មាន ប្រសាសន៍ថា ភាគីថៃ​មានបាន​បង្កើត​ឡើង​នូវគណៈកម្មការ​រួចហើយ តាមរយៈ​នេះ​ឯកឧត្តម​មានប្រ សាសន៍ដោយសេចក្តីសង្ឃឹមថា ភាគីទាំងពីរ​នឹង​ធ្វើការ​ពិភាក្សា​គ្នាកាន់​តែឆាប់​តាមដែលអាច ធ្វើទៅ បាន ពិសេស​ពាក់ព័ន្ធទៅនិងការជួញដូរ​ទំនិញ​ឆ្លងដែន នៃប្រទេសទាំងពីរ

ទី៣ពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នា ក្នុងតំបន់សមុទ្រ​នៃប្រទេសទាំងពីរ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តម​នឹង​ជម្រុញ​ឲ្យស្ថាប័ន​របស់​ថៃ ចាប់​ផ្តើម​ធ្វើ​ការពិភាក្សាជាមួយនិងភាគីកម្ពុជា។

ទី៤៖ ពាក់ព័ន្ធទៅនិងពលករកម្ពុជាដែលកំពុង​បំរើ​ការងារក្នុង ប្រទេសថៃ ឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូន​ចំពោះ​សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលគ្រោងនិងបញ្ជូន ក្រុមការងារមកធ្វើលិខិតឆ្លងដែន ជូន​ដល់​ពលករកម្ពុជា ដែលក្នុងនោះភាគីថៃ នឹងផ្តល់នូវការ សហការនិងការគាំ​ទ្រក្នុងការជួយ​គ្នាទៅ​វិញទៅមក ក្នុងការផ្តល់នូវភាពស្របច្បាប់ដល់ពលករ កម្ពុជា

ជាមួយគ្នានេះឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍ដល់ភាគីកម្ពុជាកំណត់ឲ្យបានច្បាស់ នូវ ច្រកចេញចូល ដើម្បីឲ្យ​ពលករ​កម្ពុជា​មានលក្ខណៈងាយស្រួលក្នុងការធ្វើលិខិតឆ្លងដែន និង​ជួយសំរួលដល់ការងារគ្រប់គ្រង និងទី៥ពាក់​ព័ន្ធ​និងការផ្ទេរការកសាងវិទ្យាល័យ​នៅខេត្ត​កោះ​កុង មកធ្វើ ការសាងសង់នៅ ខេត្តកំពង់ស្ពឺ និងការប្តូរវិទ្យាល័យកំពង់ឈើទាល ខេត្តកំពង់ធំ ឲ្យទៅ​ជាវិទ្យាស្ថានបច្ចេកវិទ្យា ឯកឧត្តមមាន ប្រសាសន៍ថា បញ្ហានោះឯកឧត្តម​បានទួល​សម្តេច​ព្រះមហាចក្រី សិរិន្ទ ថន រួចហើយ ដោយសារ​នោះគឺជា​គំរោង​របស់​ផ្ទាល់​របស់ សម្តេច​មហា​ចក្រី។ និងទី៦៖ ពាក់ព័ន្ធទៅនិងវត្ថបុរាណ ឯកឧត្តមនាយករដ្ឋមន្រ្តីមាន ប្រសាសន៍ថា ប្រសិន​ជា​កម្ពុជា​មាន​ភស្តុតាងប្រមាណ ៧០%នោះ ភាគីថៃនឹងអាចទទួលយកបាន ដោយមិនចាំ​បាច់​​១០០%នោះទេ។

ជាមួយគ្នានេះភាគីថៃសូមស្វាគមន៍ចំពោះភាគីកម្ពុជា ក្នុងការ​បញ្ជូន​អ្នកឯក ទេសមកកាន់​ប្រទេស​ថៃ ដើម្បីពិនិត្យ​វត្ថុបុរាណ​ដែលភាគី​ថៃចាប់រឹប​អូសបាន។ ឯកឧត្តមនាយករដ្ឋមន្រ្តីមាន ប្រសាសន៍ សង្កត់ធ្ងន់ថា ថ្វីត្បិតវត្ថុ​បុរាណទាំងនោះ​មានការបាត់​បង់ភស្តុតាង​ក៏ពិត​មែន ប៉ុន្តែ​អ្នក​បច្ចេកទេស អាចធ្វើការពិនិត្យផ្ទៀងផ្ទាត់ជាមួយគ្នាបាន៕
អត្ថបទ៖ ខេមរា

សកម្មភាព​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ចូល​រួមកិច្ច​ប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើកទី៥ នៅទីក្រុង​បាងកក ព្រះរាជា​ណាចក្រថៃ

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៥ ក្រោមប្រធានបទ  «  ការប្តេជ្ញាចិត្ត ដើម្បី​កិច្ចអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និង​ចីរភាពក្នុងមហាអនុតំបន់មេគង្គ » បាន​ប្រារព្ធ​ពិធីបើក​ជាផ្លូវ​ការ​នៅ​ព្រឹកថ្ងៃទី២០ធ្នូ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ប្រមុខ​រដ្ឋ ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេសមហាអនុតំបន់មេគង្គ រួមមាន សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ខឺឈាង នាយក​រដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិចិន ឯកឧត្តម ថងស៊ីង ថាមម៉ាវង្ស នាយក​រដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឡេ លឿងមិញ  អគ្គលេខាធិការអាស៊ាន រួមទាំង​ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ក្រោមវត្តមាននៃ​ការស្វាគមន៍​យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូ​ចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​កំពូល​មហាអនុតំបន់មេគង្គ (GMS) លើកទី៥។

នៅមុនពិធីបើកកិច្ចប្រជុំកំពូលរបស់ខ្លួន បណ្តាមេដឹកនាំទាំងអស់ បាន​ទស្សនាខ្សែវីដេអូ ស្តីពី​សកម្មភាពរបស់បណ្តាប្រទេស ក្នុងមហាអនុតំបន់មេគង្គ ពិសេស ក្រោមកិច្ច​អភិវឌ្ឍន៍​របស់​ខ្លួន​។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលើកទី៥ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋ​មន្រ្តី​ថៃ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​មហាអនុតំបន់មេគង្គ (GMS) លើកទី៥ បានធ្វើការ​គូស​បញ្ជាក់ថា កាលពី២០ឆ្នាំមុនគ្មាននណាម្នាក់គិតថា ប្រជាជន​នៃប្រទេស​ទាំង៦​របស់យើង និងអាចទាក់ទង គ្នាដោយងាយស្រួលដូចថ្ងៃនេះទេ និងក៏មិនមានអ្នកណាជឿថា ផ្នែកធុរកិច្ច​អាចធ្វើការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ព្រំដែនថៃ វៀតណាម ក្នុងពេល១ថ្ងៃបាននោះទេ នេះចក្ខុ​វិស័យ​ដែលមេដឹកនាំនៃ ប្រទេសទាំង៦ បានខិតខំរួមគ្នានិង ភាព​ជោគ​ជ័យ​នៅក្នុង​ការកសាង​បណ្តាញដឹកជញ្ជូន ដែលផ្សារ ភ្ជាប់ប្រជាជនប្រមាណ៣២០លាននាក់។

ឯកឧត្តមប្រធានមានប្រសាសន៍ដោយឈរលើហេតុផលនៃការតភ្ជាប់នេះ ដែលធ្វើឲ្យអាស៊ាន​បាន​រួមចំណែកជម្រុញ​ដល់បណ្តា​ប្រទេស​ក្នុង GMS ខិតខំធ្វើសមាហរណកម្មរបស់ខ្លួន ដល់​ការ​រួម​ចំណែកដល់ការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥។

នៅក្នុង​សុន្ទរកថាគន្លឹៈនោះដែរ ឯកឧត្តមប្រធានមានប្រសាសន៍ថា ប្រធានបទដែល​យើងនឹង​លើកយកមក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើកទី​៥នេះ គឺពិតជាសមស្រប ទៅនិងសភាព​ការណ៍​វិវត្តន៍ របស់ពិភពលោក ក្នុងការប្តេជ្ញាចិត្តដើម្បីជំរុញកំណើនរួម និងប្រកបដោយចីរភាព​។ ឯកឧត្តម​មានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំខាងមុន បណ្តាមេដឹកនាំ GMS បានដាក់​ចេញនូវ ផែនការវិនិយោគយ៉ាងប្រុងប្រយ័ត្ន ដែលមានទឹកប្រាក់ប្រមាណ ៣០ពាន់លាន​ដុល្លា​អាមេរិក ហើយដែលមេដឹកនាំទាំងអស់ នឹងធ្វើការពិចារណារួមគ្នា ក្នុងការអនុវត្តនូវ​ផែនការ​ដ៏មានសារៈ សំខាន់នោះ។ ឯកឧត្តម បន្តថា សម្រាប់រយៈពេល១០ឆ្នាំខាងមុន សម្រាប់ផែន​ការ​សកម្មភាព និងត្រូវអនុម័ត និង​អនុវត្តលើវិស័យ ទាំង៧ រួមមានទី១ការប្រើប្រាស់នូវការ​តភ្ជាប់​នៃច្រកសេដ្ឋកិច្ច តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅ​តាម​ច្រក​ព្រំដែន ដើម្បី​បង្កើត​កំណើនក្នុងតំបន់ បង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជន ទី២ ការបង្កើនដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវគោក ផ្លូវ​ហាយ​វេ ផ្លូវអាកាសនិងផ្លូវដែក ដើម្បីភ្ជាប់ប្រទេសក្នុងមហាអនុតំបន់ ទី៣​បង្កើន​ការសំរួលពាណិជ្ជ កម្ម និងកាត់​បន្ថយ​នូវ​ភាពស្មុក​ស្មាញ់​នានា តាមរយៈនោះថៃ​នឹ​ង​បង្កើត​ផ្លូវ​ហាយវេចំនួន៨ទៀត នៅពេលខាងមុខ ទី៤បង្កើនកិច្ចសហប្រតិបត្តិការពី​គ្រប់ស្ថាប័ន​អន្តរជាតិ និង​ដៃគូរអភិវឌ្ឍដល់ គំនិតផ្តួចផ្តើមរបស់យើង ទី៥ការបង្កើនផល​ប្រយោជន៍​និង​លើក​​ទឹកចិត្តដល់ផ្នែកឯកជន ដល់ការអភិវឌ្ឍន៍ក្នុងតំបន់ ទី៦​ការអភិរក្សបរិស្ថាន​និងការ​គ្រប់​គ្រង​គ្រោះមហន្តរាយ និងទី៧ការរួមគ្នា សំរេចឲ្យបាន នូវសេដ្ឋកិច្ចមេគង្គពណ៌បែតង។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើ​ញ​ថ្លែង សុន្ទរកថា​គន្លឹៈ​ក្នុងពិធី​បើកកិច្ច​ប្រជុំ​កំពូល​មហាអនុតំបន់មេគង្គលើកទី៥ ក្នុងខ្លឹម​សារដ៏​មាន​អត្ថន័យ​បំ​ផុត។

​នៅក្នុងបទអន្តរាគមន៍នោះដែរ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃ​សាធារណរដ្ឋ​ប្រជា​មានិតចិន ឯកឧត្តម ថងលួង ថាមម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថេន សេន ប្រធានា​ធិបតី​​នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ារ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋ​មន្រ្តីនៃ​សាធារ​ណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានបទ​អន្ត​រាគមន៍ របស់ខ្លួន​ដោយបាន​សង្កត់​ធ្ងន់​ថា បើទោះបីជាសេដ្ឋកិច្ចពិភពលោក​មានការងើប​ឡើង មានភាព យឺតយ៉ាវក៏ពិតមែន ប៉ុន្តែជារួមសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេស GMS មាន​ការរីកចំរើនគួរឲ្យកត់ សំគាល់ផងដែរ។

ជាមួយគ្នានេះចិននៅតែប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការ ខិតខំសំរេចនូវគោលដៅរបស់ខ្លួន។ គាំទ្រ​ដល់​សមាហរណកម្មអាស៊ាន និងចាត់​ទុក​អាស៊ានជាអាទិភាពធំបំផុតរបស់ចិន ពិសេស​បណ្តា​ប្រទេសក្នុងមហាអនុតំបន់មេគង្គ។ ជាមួយនិងការថ្លែងនូវសុន្ទរកថាគន្លឹៈនោះដែរ ឯកឧត្តម​នាយក រដ្ឋមន្រ្តីចិន លី ខឺឈាង មានប្រសាសន៍ទៅកាន់បណ្តាមេដឹកនាំនៃប្រទេសមេគង្គ ដែរថា ប្រទេស​ចិននិង​ផ្តល់​ថវិកា​ចំនួន១០០លានយន់ ដល់ការចូលរួមចំណែក​ជួយថែ​រក្សាផ្ទៃ​ទឹកក្នុងបណ្តា ប្រទេស GMS។ ដោយឡែកនៅក្នុងបទអន្តរាគមន៍របស់ ឯកឧត្តម ថងលួង ថាមម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋ សហភាព​មីយ៉ាន់ម៉ារ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម ឯកឧត្តមប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី  បានសង្កត់ធ្ងន់​​ពី សារៈសំខាន់ក្នុងការនៃភាព​ជាដៃគូ​របស់​បណ្តាប្រទេស ទាំងអស់ ពិសេសការការប្តេជ្ញានិងការសហការដើម្បីឲ្យតំបន់ របស់យើង​ទទួ​លបានជោគជ័យទ្វេឡើង ថែមទៀត ពិសេសការចូរួមលើកកម្ពស់ជីវភាពរស់នៅ និងការ​កាត់​​បន្ថយភាពក្រីក្រ របស់ប្រជាជនក្នុងតំបន់។ បន្ទាប់មកបណ្តាមេដឹកនាំនៃមហា អនុតំបន់មេគង្គ GMS បានអញ្ជើញ ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូ​ល ចង្អៀតរបស់ខ្លួន ប្រកប​ដោយ​បរិយា​កាស​ស្និតស្នាលរ៉ាក់ទាក់បំផុត។ 

នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ បណ្តាមេដឹកនាំនៃប្រទេស GMS បាន​បញ្ជា​ក់​អះអាងជាថ្មីនូវទិសដៅដ៏ទូលំទូលាយ កម្លាំង​ចលករសំខាន់ៗ និងអភិក្រមដូច​បា​នកំ​​ណ​ត់​នៅ​ក្នុង​ក្របខណ្ឌ យុទ្ធសាស្រ្ត GMS ២០១២-២០២២ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល GMS លើកទី៤ នៅទីក្រុងណៃពីដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ កាលពីខែ​ធ្នូ​ឆ្នាំ​២០១១។

ជាមួយ​គ្នានេះមេដឹកនាំទាំងអស់ បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹង​ប្រែងដ៏ធំធេងរបស់ រដ្ឋមន្រ្តី ឧត្តមមន្រ្តី និងភាគី​ពាក់ព័ន្ធ​នានា ក្នុងការប្រែក្លាយក្របខណ្ឌយុទ្ធសាស្រ្ត GMS ទៅ​ជាក្របខណ្ឌវិនិយោគតំបន់ ដោយមានអនុលោមភាពជាមួយនឹងការចង្អុល​បង្ហាញ​​របស់​យើ​ង ដើម្បី បង្កើតនូវបណ្តុំផលបត្រនៃគម្រោង GMS ជំនាន់ទី២ សម្រាប់ ទសវត្សរ៍ថ្មី។

នៅក្នុង​កិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំនៃប្រទេស GMS ទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែង​បច្ចុប្បន្ន​កំពុងផ្តោតទៅ​លើការ​អនុវត្ត​យ៉ាង​ហ្មត់ធ្យ័ត និងអនុលោមតាមកាលវិភាគនៃ​ក្របខណ្ឌ​វិនិយោគតំបន់ ដើម្បីសម្រេចឲ្យបាននូវគោលដៅចុងក្រោយ នៃកិច្ចអភិវឌ្ឍន៍ប្រកប​ដោយ​បរិយាប័ន្ន និងចីរភាពនៅក្នុង GMS តាមរយៈការរួមកម្លាំងគ្នាឆ្ពោះទៅរកការប្រតិបត្តិមួយ ដែល​មានប្រសិទ្ធ ភាពឆាប់រហ័ស និង​ប្រកបដោយជោគជ័យនៃគម្រោងវិនិយោគអាទិភាព និង​កិច្ចសហប្រតិបត្តិការ ដទៃទៀត ដែលកំពុងអនុវត្តន៍ ដែលបាន​ឯកភាព​គ្នាកន្លង​មក និងធ្វើ​ប្រត្យក្ស​នីយកម្មនៃផល ប្រយោជន៍ របស់គម្រោងទាំងនោះ សម្រាប់ប្រជាជននៃប្រទេស GMS ដូច​បានចង្អុល​បង្ហាញដោយ​ផែនការនៃការអនុវត្តមានលក្ខណៈជាក់ស្តែង និងច្បាស់លាស់ និងការកៀរគរការគាំទ្រពីភាគី ពាក់ព័ន្ធទាំងអស់។

មេដឹកនាំទាំងអស់បានគត់សំគាល់ថា ផែន​ការ​អនុវត្តក្រមខណ្ឌវិនិយោគតំបន់ ដែលបានបាន កំណត់គម្រោងអាទិភាពក្នុងមហាអនុតំបន់ ចំនួន៩២ សម្រាប់ឆ្នាំ២០១៤-២០១៨ ជាមួយនិងតម្លៃ វិនិយោគប្រមាណ ៣០ពាន់១០០​លាន​ដុល្លារ មិនត្រឹមតែផ្តល់​បានផ្តល់​ជាផែន​ទី​បង្ហាញ​ផ្លូវ ជាយុទ្ធសាស្រ្ត និងផែនការសកម្មភាព​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍ផ្សព្ធផ្សាយពីទីផ្សារប្រកប ដោយប្រសិទ្ធភាព នៅក្នុង​កិច្ចខិត​ខំប្រឹងប្រែងរបស់យើង ដើម្បីទទួលបាននូវការគាំទ្រដ៏ទូលំ ទូលាយសម្រាប់​គំនិតផ្តួចផ្តើម​គន្លឹៈ​នានា នៅក្នុងគ្រប់សកម្មភាពរបស់ GMS ពោលគឺក្នុងរយៈពេល បីឆ្នាំកន្លងមក កិច្ចសហ​ប្រតិ​បត្តិ​ការ​ដែលមានទ្រង់ទ្រាយនៅក្នុងកម្រិតវិស័យ ក៏ទទួល​បាននូវ​លទ្ធផល​ជាដុំកំភួនផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំនៃប្រទេស GMS បានធ្វើការកត់សំគាល់ ផងដែរថា ការសម្រេចឲ្យបាននូវសហគមន៍ GMS ដែលមានសមាហរណកម្ម និងវិបុលភាព គឺនៅតែមាន ហានិភ័យ ប្រសិនបើគម្លាតនៃការអភិវឌ្ឍទាំងនៅក្នុងស្រុក និងនៅក្នុង​រង្វង់​ប្រទេស GMS បន្តនៅមានគម្លាតនៅឆ្ងាយពីគ្នា។ តាមរយៈនេះមេដឹកនាំទាំងអស់ ក៏បានធានាដែរថា រាល់​គម្រោងដែលមានពីមុន គំ​រោងដែលបាននិងកំពុងអនុវត្តន៍ និងគម្រោងសម្រាប់អនាគត គឺ​មានបរិយាប័ន្ន ដែលផលប្រយោជន៍នៃការ អភិវឌ្ឍគម្រោងទាំងនោះ បានទៅដល់ប្រជា​ជន​ក្រីក្រ ជាមួយគ្នានេះយើងក៏ត្រូវការឆ្លើយតបទៅនិង តម្រូវការរបស់ជនដែលងាយ​រង​គ្រោះ​បំផុតនៅក្នុង សង្គមតាមរយៈការផ្តល់នូវតម្រូវការសុវត្តិភាពសង្គមគ្រប់គ្រាន់ ខណៈបំពេញ​នូវតម្រូវការមូលដ្ឋាន រួមមាន សន្តិសុខស្បៀង ជម្រក សុខា​ភិបាល និងសិក្សាធិការ​។

មេដឹកនាំទាំងអស់ ក៏បានយល់ឃើញដែរថា កំណើនសេដ្ឋកិច្ច និងកំណើន​ប្រជាជន​យ៉ាង​ឆាប់​រហ័ស បានធ្វើឲ្យមាន​ការកើន​ឡើង​នូវ​សេច​ក្តីត្រូវការផ្នែកថាមពល ដីធ្លី ទឹក និងធនធាន​ដទៃ​ផ្សេងទៀត។ ប្រទេស​និង សហគមន៍មូលដ្ឋានក្នុងGMS បានជួបនូវបញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​ជាច្រើន ដែលក្នុងនោះបញ្ហាមួយចំនួន ត្រូវបានដោះស្រាយតាមរយៈ​កិច្ចសហប្រតិបត្តិ​ការ​តំប​ន់។

នៅក្នុងកិច្ចប្រជុំកំពូលនេះដែរមេដឹកនាំទាំងអស់ បានឯកភាពគ្នាក្នុងការប្រារព្ធពិធី​បើក​កិច្ច​​ប្រជុំ​ កំពូលមហាអនុតំបន់មេគង្គលើកទី៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅឆ្នាំ​២០១៧​ខាងមុខ។ ជាមួយគ្នានេះបណ្តាមេដឹកនាំទាំងអស់ បានឯកភាព​គ្នាក្នុង​ការ​ចុះ​ហត្ថ​​លេខា​លើ​​ សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៥ ដែលចេញដោយ​ឯកឧត្តម​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​មហាអនុតំបន់មេគង្គ (GMS) លើកទី៥៕
អត្ថបទ៖ ខេមរា