Friday, March 25, 2022

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូ៖« ពេលឃើញសង្គ្រាមទើបយល់អត្ថន័យ«អរគុណសន្តិភាព »


អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀតដែលមានរយៈពេលប្រមាណ១៨នាទី ក្រោមចំណងជើងថា « ពេលឃើញសង្គ្រាមទើបយល់អត្ថន័យ«អរគុណសន្តិភាព »។



វីដេអូនេះ បានបង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅ និងសារៈសំខាន់បំផុតនៃសន្តិភាពដែលកើតចេញពីនយោបាយ  ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន។ ខណៈដែលមនុស្សពាសពេញសាកលលោកបាននិងកំពុងតាមដានសង្គ្រាមនៅអ៊ុយក្រែន ម្នាក់ៗសុទ្ធតែមានអារម្មណ៍សង្វេគ និងអាណិតអាសូរជាពន់ពេកដល់ប្រជាពលរដ្ឋអ៊ុយក្រែន ជាពិសេស ស្ត្រីមនុស្សវ័យចំណាស់ និងកុមារដែលរត់ភៀសខ្លួនពីសង្គ្រាមយ៉ាងប្រសេកប្រសាច ដែលជាសោកនាដកម្មនៃសង្គ្រាមដែលបានបង្ហាញជារៀងរាល់ថ្ងៃ។

អគារខ្ពស់ៗ ផ្ទះសម្បែង ហាងទំនិញ ព្រលានយន្តហោះ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានឆាបឆេះ និងបំផ្លាញដោយសារគ្រាប់មីស៊ីល។ ជីវិតទាហាន និងពលរដ្ឋសាមញ្ញត្រូវបានសម្លាប់យ៉ាងអណោចអធម។ ប្រឈមមុខនឹងសោកនាដកម្មអស់ទាំងនេះ ទីបំផុតប្រធានាធិបតី អ៊ុយក្រែនខ្លួនឯងផ្ទាល់ក៏បានប្រកាសរកសន្តិភាពនិងចាត់ទុកសន្តិភាពថា ពិតជាសំខាន់ណាស់សម្រាប់ប្រទេសនិងប្រជាពលរដ្ឋរបស់ខ្លួន។

មកដល់ចំណុចនេះ យើងពិតជាអាចយល់បានដោយគ្មានអ្វីគួរអោយសង្ស័យបន្តិចណាឡើយថា សន្តិភាព គឺពិតជាមានតម្លៃជាសាកលមួយដែលមនុស្សជាតិ នៅជុំវិញពិភពលោកពិតជាប្រាថ្នាចង់បាន។ សន្តិភាពពិតជា មានតម្លៃមិនអាចយកអ្វីមកប្រៀបបានឡើយ។ នេះហើយជាហេតុផលដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងផ្តល់តម្លៃយ៉ាងខ្លាំងបំផុតដល់សន្តិភាព និងពិតជាអរគុណយ៉ាងខ្លាំងដល់ស្ថាបនិកសន្តិភាពនៅកម្ពុជា។

ប្រជាពលរដ្ឋខ្មែរភាគច្រើននៅចងចាំយ៉ាងច្បាស់អំពីការបញ្ចប់សង្គ្រាមនៅកម្ពុជានៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញពេញផ្ទៃប្រទេស។

ការដង្ហោយហៅសន្តិភាពក្នុងពេលដែលភ្លើងសង្គ្រាមកំពុងឆាបឆេះ គឺជារឿងហួសពេលដ៏គួរឲ្យសោកស្តាយបំផុត ហើយបើនិយាយអោយទូលាយជាងនេះទៅទៀត គឺ «នៅពេលឃើញសង្គ្រាមទើប យល់អត្ថន័យ «អរគុណសន្តិភាព» ។ នៅពេលឃើញសង្គ្រាម ទើបយើងដឹងគុណស្ថាបនិកសន្តិភាព គឺតេជោសែន ដែលប្រជាពលរដ្ឋខ្មែរនៅតែបន្តគោរពស្រឡាញ់ គាំទ្រ និងជឿជាក់ក្នុងការការពារ និងថែររក្សាសន្តិភាពដែលរកបានដោយលំបាកឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្ត។

សូមគោរពអញ្ជើញទស្សនាវីដេអូ៖













ផ្សាយបន្តផ្ទាល់៖ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៥១ ប្រវែង ៣៧,៩៥ គ.ម ចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឺង (ចំណុចប្រសព្វផ្លូវជាតិលេខ៤)

នៅព្រឹកនេះ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ដែលជាផ្លូវមួយខ្សែដ៏សំខាន់បម្រើការដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។

គម្រោងសាងសង់ផ្លូវជាតិលេខ៥១ មានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ ក្នុងនោះ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង(១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមទទឹង ០.៥០ម៉ែត្រ។ 

គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាងសង់ចំនួន២៧ខែ គិតចាប់ពី ខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ 

ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្តរវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤១ និងតភ្ជាប់ទៅផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤២ ទៅរាជធានីភ្នំពេញ, និងផ្លូវលេខ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយសារនៅតំបន់នេះ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដូចជា លំនៅឋាន និងបុរីជាច្រើន ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។

ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។