Saturday, June 15, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អបអរសាទរប្រទេសស្រីលង្កាដែលក្លាយជាសមាជិកថ្មីនៃគ្រួសារ CICA

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអបអរសាទរដល់សាធារណរដ្ឋតាជីគីស្ថានបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ និងស្វាគមន៍ប្រទេសស្រីលង្កា ដែលក្លាយជាសមាជិកថ្មីនៃគ្រួសារ CICA ដើម្បីការកសាងទំនុកចិត្ត និងការបង្កើនភាពជឿជាក់ ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបញ្ហាប្រទេសក្នុងតំបន់របស់យើង គឺពិតជាចាំបាច់មិនអាចខ្វះបានសម្រាប់ដំណើរការអភិវឌ្ឍរបស់ប្រទេសយើងនីមួយៗ ជាពិសេស ដើម្បីជម្នះលើបញ្ហាប្រឈមនានារបស់ពិភពលោក។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងឌូសាន់បេ នៃសាធារណរដ្ឋតាជីគីស្ថាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតរីករាយដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និង វិធានការកសាងទំនុកចិត្តនៃតំបន់ស៊ីអាស៊ី។ លោកក៏សូមសម្តែងនូវអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលតាជីគីស្ថាន ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូកម្ពុជា ក្នុងន័យនេះ ប្រធានបទនៃកិច្ចប្រជុំនាពេលនេះ ពោលគឺ «ចក្ខុវិស័យរួម ដើម្បីសន្តិសុខ និងវិបុលភាពនៃតំបន់» ពិតជាសមស្របបំផុត ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកស៊ីកា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាសន្តិសុខ និងស្ថិរភាពពិភពលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់៕



១ទសវត្សចុងក្រោយនេះ ពិភពលោកបាននឹងកំពុងប្រឈមនឹងការផ្លាស់ប្តូរនិម្មាបនកម្មយ៉ាងធំធេងលើវិស័យភូមិសាស្ត្រនយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងមួយទសវត្សចុងក្រោយនេះ ពិភពលោកបាននឹងកំពុងប្រឈមនឹងការផ្លាស់ប្តូរនិម្មាបនកម្មយ៉ាងធំធេងលើវិស័យភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាពាណិជ្ជក ម្ម និងការវិនិយោគ ដែលបានកែប្រែតុល្យភាពអំណាចសកល ឆ្ពោះទៅរកក្របខ័ណ្ណពហុប៉ូល ស្របគ្នានឹងការកើតឡើងនូវការគម្រាមថ្មីៗលើសន្តិសុខ ដូចជា បញ្ហានៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខអ៊ិនធើណែត និង សកម្មភាពភេរវកម្មជ្រុលនិយម។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងឌូសាន់បេ នៃសាធារណរដ្ឋតាជីគីស្ថាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីការកកើតរបស់ខ្លួនក្នុងឆ្នាំ ១៩៩២ មក ស៊ីកា បានធ្វើជាសាក្សីនៃដំណើរការផ្លាស់ប្តូរជាច្រើនក្នុងពិភពលោក រួមមាន ការដួលរលំរបស់សហភាពសូវៀតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅអឺរ៉ុបខាងកើត ការបញ្ចប់សង្គ្រាមត្រជាក់ និងការរៀបចំឡើងវិញនៃសណ្តាប់ធ្នាប់អន្តរជាតិថ្មី។
ក្រៅពីជម្លោះក្នុងឧបទ្វីបកូរ៉េ បញ្ហានុយក្លេអ៊ែរក្នុងតំបន់ ការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមួយចំនួនតំបន់អាស៊ីយើងក៏កំពុងរងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំៗ ពិសេស សហរដ្ឋអាមេរិក និងចិនដែលមជ្ឈដ្ឋានខ្លះបានហៅថាជាសង្គ្រាមត្រជាក់ថ្មី៕


ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសអធិបតេយ្យ មិនបានធ្វើឱ្យសភាពការណ៍ប្រសើរជាងមុននោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បទពិសោធន៍ និងមេរៀនរបស់ប្រទេសលីប៊ី អឺរ៉ាក់ និង ស៊ីរី បានសបញ្ជាក់ថា ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសអធិបតេយ្យ មិនបានធ្វើឱ្យសភាពការណ៍មានភាពប្រសើរជាងមុននោះទេក្រៅតែពីការបន្សល់ទុកនូវសោកនាដកម្មដ៏ឈឺចាប់ដល់ប្រជាជនស្លូតត្រង់ និងការបំផ្លិចបំផ្លាញ ព្រមទាំងការបន្តការហែកហូរដោយសារសង្គ្រាមស៊ីវិល។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងឌូសាន់បេ នៃសាធារណរដ្ឋតាជីគីស្ថាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ភាពអត្មានិយមក្នុងការប្រកួតប្រជែងអំណាច និងឥទ្ធិពល ដោយមិនបានគិតគូរពីផលប្រយោជន៍រួម តាមរយៈ មធ្យោបាយដាក់ទណ្ឌកម្ម ឬ គំនាបសេដ្ឋកិច្ច ការដកហូតការអនុគ្រោះពន្ធ និង គោលនយោបាយគាំពារនិយមបាន និងកំពុងគម្រាមដល់ស្ថិរភាព និងដំណើការអភិវឌ្ឍន៍របស់ប្រទេសជាច្រើន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា យើងគប្បីទាញយកប្រយោជន៍ពីចំណុចខ្លាំងរបស់ស៊ីកាពោលគឺ ការផ្តោតលើវិធានការនៃការកសាងទំនុកចិត្ត ដោយលោកមើលឃើញពីសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម, ការវិនិយោគ និងទេសចរណ៍៕



កម្ពុជាមានបំណងស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគបន្ថែមជាមួយប្រទេសជាសមាជិករបស់ស៊ីកា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាមានបំណងស្វែងរកកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ជាមួយប្រទេសជាសមាជិករបស់ស៊ីកាទាំងអស់ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរពត៌មាន និងការតភ្ជាប់គ្រប់ផ្នែក។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងឌូសាន់បេ នៃសាធារណរដ្ឋតាជីគីស្ថាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសជាសមាជិកទាំងអស់ នៅក្នុងដំណើរការរបស់ស៊ីកា សំដៅកសាងនិម្មាបនកម្មសន្តិសុខមួយសមស្របនឹងលក្ខខណ្ឌអាស៊ី ជាមួយនឹងរបៀបអាស៊ានក្នុងការគោរពគ្នាទៅវិញទៅមក ការស្រុះស្រួលមតិ និងការយោគយល់គ្នា ដើម្បីការពារសន្តិភាព និងស្ថិរភាពពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿជាក់ថា សន្និសីទនេះ នឹងផ្តល់នូវគំនិតផ្តួចផ្តើមថ្មីៗ និង អនុសាសន៍ល្អៗ ដើម្បីរួមចំណែកការពារវិបុលភាពស្ថិរភាពសន្តិសុខ និងសន្តិភាពតំបន់ តាមរយៈការកសាងនូវការយោគយល់ ជំនឿនិង ការទុកចិត្តរវាងគ្នាទៅវិញទៅមក៕




ប្រធានាធិបតីនៃប្រទេសតាជីគីស្ថាន (Tajikistan) សន្យាទិញសំលៀកបំពាក់ក្រណាត់ពីកម្ពុជានាពេលខាងមុខ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានប្រធានាធិបតីនៃប្រទេសតាជីគីស្ថាន (Tajikistan)​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលជួបសំដែងការគួរសម និង​ពិភាក្សា​ជាមួយ លោក អ៊ី ម៉ូ ម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតី នៃសាធារណរដ្ឋ​តាជីគី​ស្ថាន។ ក្នុងជំនួបនោះ ប្រធានាធិបតីតាជីគីស្ថាន បានសំដែងនូវការស្វាគមន៍ និងវាយតម្លៃ​ខ្ពស់ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​មក​ចូ​ល​រួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាង​ទំនុកចិត្តនៅ​អា​ស៊ី។ លោក ក៏បានបង្ហាញនូវបំណងប្រាថ្នាក្នុងការពង្រឹងទំនាក់ទំនងជាមួយ​នឹងកម្ពុជា​ផង​ដែរ​។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណ​ចំពោះប្រធានាធិបតី​តាជីគី​ស្ថាន​​ដែលបានអញ្ជើញរូបលោក និងគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី និងអរគុណចំពោះកា​​រ​បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោកនិងគណៈប្រតិភូកម្ពុជាទាំងមូលហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី​ដែ​ល​ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ។

ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី កម្ពុជា បានចុះហត្ថលេខាក្នុងការកសាងទំនាក់​ទំនង​ការ​ទូតតាំងពីឆ្នាំ១៩៩៥មក តែរហូតមកដល់ពេលនេះយើងក៏មិ​នមានកិច្ចសហប្រតិបត្តិ​កា​រ​អ្វីជាដុំកំភួននោះទេ។​លោកនាយកមន្ត្រី ហ៊ុន សែន បានលើកជាការផ្ដួចផ្ដើមមួយ​ចំនួន​ដូច​ខាងក្រោម៖
ទី១)​ ដោយសារតែយើងមានបញ្ហាក្នុងការស្នើសុំតែងតាំងឯកអគ្គរដ្ឋទូតនៃប្រទេសទាំង២ ដូច្នេះយើងត្រូវយកឯកអគ្គរដ្ឋទូតពីប្រទេសនៅក្បែរៗនេះដើម្បីមកកាន់ទីក្រុងនៃប្រទេសទាំងពីរ ហើយក្នុងនោះលោកនាយករដ្ឋមន្ត្រីបានប្រាប់ថា នឹងតែងតាំងឯកអគ្គរាជ​ទូតកម្ពុជា​នៅ​ទី​ក្រុងម៉ូស្គូមកកាន់ប្រទេសតាជីគីស្ថាន។

ទី២)​ ដោយសភាពការណ៍អន្តរជាតិបច្ចុប្បន្នត្រូវការឲ្យមានការពិគ្រោះ​យោបល់ពិភាក្សា​គ្នា​គំនិតនយោបាយដើម្បីសម្របសម្រួលដើម្បីការពារផលប្រយោជន៍គ្នាទៅវិញទៅមក រួម​ទាំ​ងពិនិត្យលើការកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ លោកបាន​ស្នើឲ្យប្រទេសទាំងពីរ​ពិនិត្យលទ្ធភាពរៀបចំឲ្យមានអនុស្សរណៈមានការយោគយល់គ្នាមួយដើម្បីឲ្យលឿនជាពិសេ​សដើម្បីពិនិត្យមើលលទ្ធភាពនៅការកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម​វិ​និយោគ វប្បធម៌ និងទេសចរណ៍ជាដើម។

ទី៣)​ ស្នើសុំឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចពិនិត្យពិគ្រោះយោបល់គ្នា និងយល់ដឹងគ្នាកា​ន់​តែច្រើនថែមទៀត។ ជាមួយគ្នានោះដែរលោកនាយករដ្ឋមន្ត្រី ក៏បានមានប្រសា​សន៍ក្នុង​នាមព្រះករុណាព្រះមហាក្សត្រស្នើសុំគោរពអញ្ជើញ​ លោក​ប្រធានាធិបតីអញ្ជើញម​កបំពេ​ញទ​ស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយនៅពេលខាងមុខ។

លោកប្រធានាធិបតី បានបញ្ជាក់ពីគោលបំណងចង់សហប្រតិបត្តិ​ការជាមួយកម្ពុជា​លើ​គ្រ​ប់វិស័យ និងបានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​កា​រតែងតាំងឯកអគ្គរដ្ឋទូតក្នុងប្រទេសផ្សេងនៅជិតនេះ ទៅកាន់ទីក្រុងនៃប្រទេសទាំងពីរ​ និ​ងឯកភាពឲ្យមានអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឲ្យបាន និងមាន​ការ​ណែនាំរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនឲ្យបង្កើតក្រុមការងារដើម្បីធ្វើការពិគ្រោះយោបល់ជាមួយនឹងសមភាគីក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម វិនិយោគ វិស័យឧស្សាហកម្ម ជាពិសេសប្រទេសតាជីគីស្ថាននឹងធ្វើការនាំចូលក្រណាត់ និងសម្លៀក​បំពាក់ពីប្រទេសកម្ពុជាផងដែរ។ លោកប្រធានាធិបតី ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកបំពេញទស្សន​កិច្ច​ផ្លូវការក្នុងប្រទេសតាជីគីស្ថាន តាមពេលវេលាសម​ស្រ​បណាមួយដើម្បីជំរុញកិច្ច​សហប្រតិ​ប​ត្តិការ​លើវិ​ស័​យនានាដើម្បីការពារផលប្រ​យោជ​ន៍គ្នា​ទៅវិញទៅមក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ក៏បានថ្លែងអំណរគុណចំ​ពោះការឆ្លើយតបជា​វិជ្ជមានចំ​ពោះ​​​គំនិតផ្ដួចផ្ដើមនានា ហើយនឹងគាំទ្រគំនិតផ្ដួចផ្ដើមនេះ ជាពិសេសក្នុងការប​ង្កើតនូវ​គ​ណៈកម្មការចម្រុះដើម្បីគាំពារការវិនិយោគ និងអរគុណដែលលោកប្រធានាធិបតីបាន​បង្ហា​ញពីបំណងចង់ទិញនាំចូលនូវសំលៀកបំពាក់ក្រណាត់ពីកម្ពុជា​ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅតាជីគីស្ថានជាថ្មីម្ដងទៀត នឹងចុះហត្ថ​លេ​ខា​លើអ្វីដែលយើងបានព្រមព្រៀងគ្នានោះពេលខាងមុខបន្តទៀត៕








ប្រធានសភានៃប្រទេសហុងគ្រី កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលខុសប្លែកពីមុនត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាម

នៅព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសហុងគ្រីរួចហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជួបពិភាក្សាការងារជាបន្តជាមួយលោក ឡាស្លូ ម័រវៀវ៍ (Laszlo Kover) ប្រធានសភានៃប្រទេសហុងគ្រី។ ក្នុងជំនួបនោះ លោកប្រធានសភាពហុងគ្រី បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា គាត់ធ្លាប់ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយបានជួបជាមួយលោកសាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
លោកបានគូសបញ្ជាក់ថា លោកបានឃើញនូវការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍច្រើន ដែលខុសប្លែកពីមុនដែលប្រទេសកម្ពុជាមិនមានអ្វីដោយត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាម ប៉ុន្តែពេលនេះមានការរីកចំរើនយ៉ាងច្រើន និងឆាប់រហ័ស។ លោកប្រធានសភាហុងគ្រី ចង់ឃើញមានការពង្រឹងពង្រីកទំនាក់ទំនងរវាងសភា និងសភានៃប្រទេសទាំងពីរ និងសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិស័យដទៃទៀតទាំងទ្វេភាគី ពហុភាគីផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រី ដែលលោកបានមកទស្សនកិច្ចក្នុងប្រទេសហុងគ្រី។ លោក ក៏បានស្នើឲ្យប្រធានព្រឹទ្ធសភា នៃប្រទេសទាំងពីរបង្កើននូវទំនាក់ទំនងជាមួយគ្នា ជាពិសេសពេលខាងមុខយើងនឹងស្ថានទូតរៀងៗខ្លួន។
លោក ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺបានបន្តពង្រឹងទំនាក់ទំនងដែលយើងធ្លាប់មានអោយកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលោកចង់ឃើញគោលដៅសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងការពង្រឹងសេដ្ឋកិច្ច ទេសចរណ៍ជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណដល់ប្រទេសហុងគ្រីដែលបានគាំទ្រកម្ពុជា រាល់ដំណោះស្រាយបញ្ហានានា។ ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានអញ្ជើញលោកប្រធានសភាហុងគ្រីចូលរួមកិច្ចប្រជុំសភាអាស៊ីអឺរ៉ុបនៅឆ្នាំ២០២០ ដែលកម្ពុជាត្រូវរៀបចំនោះ។
លោកប្រធានសភា ក៏បានឯកភាព និងអរគុណដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបង្កើតយន្តការរវាងសភា និងសភានៃប្រទេសទាំងពីរ ជាពិសេសក្នុងការតាក់តែងអនុស្សរណៈសហប្រតិបត្តិការរវាងសភា នៃប្រទេសពីក្នុងការពង្រឹងស្ថាប័ននេះ។ លោកប្រធានសភាហុងគ្រី ក៏បានគួរបញ្ជាក់ថា ប្រទេសហុងគ្រីគាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជាដើម្បីឲ្យសភាអឺរ៉ុបផ្ដល់ការភាពយុត្តិធម៌ដល់ប្រទេសកម្ពុជាចំពោះបញ្ហារឿងការដក EBA ។
លោកប្រធានសភាហុងគ្រី បានបន្តថា តាមរយៈកិច្ចព្រមព្រៀងទាំងបីនេះគឺឆ្លុះបញ្ចាំងពីគំនិតថ្មីនៅប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ហើយលោកនឹងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនលើវិស័យទេសចរណ៍ និងការផ្ដល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាផងដែរ ហើយលោកសង្ឃឹមថា កម្ពុជានឹងបញ្ជូននិស្សិតទៅសិក្សានៅប្រទេសហុងគ្រីបន្តទៀត និងប្រើប្រាស់ចំណេះដឹងទាំងនោះជួយដល់ប្រទេសកម្ពុជា។ លោក ក៏បានអរគុណគុណដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរដែលទទួលយកនូវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសហុងគ្រីនៅអំឡុងខែតុលាខាងមុខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណដល់ប្រទេសហុងគ្រីផងដែរ ដែលតែងតែផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយលោកសង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចរបស់លោកនៅខែតុលាខាងមុខ លោកនឹងបន្តការពង្រឹង ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្ថែមអោយកាន់តែរឹងមាំបន្ថែមទៀត៕