Thursday, October 24, 2024

ហេតុអ្វីបានជាគណបក្សប្រឆាំងមិនព្រមជំទាស់នឹងកិច្ចសហប្រតិបត្តិការ CLV-DTA ខណៈខ្លួននៅក្នុងសភា?



សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅគណបក្សប្រឆាំងថា នៅពេលដែលខ្លួននៅក្នុងសភា និងមានអំណាច ខណៈមានការអនុវត្តកិច្ចព្រមព្រៀងនេះហេតុអ្វីក៏មិនចោទ មិននិយាយអ្វីសោះ ហើយមិនសើរើនៅពេលនោះ ស្របពេលដែលមានតំណាងរបស់ខ្លួនចូលរួមប្រជុំពី CLV-DTA ដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបងប្អូនយុវជនមួយចំនួននៅក្រៅប្រទេសដែលត្រូវបានពួកអ្នកនយោបាយចាស់វស្សាបបួលធ្វើបាតុកម្មត្រូវសួរទៅពួកគាត់ថា ហេតុអ្វីកាលពីពេលនៅក្នុងសភាអត់មាននិយាយអ្វីសោះអំពីរឿងហ្នឹង។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការមិននិយាយអ្វីសោះរបស់ពួកអ្នកនយោបាយចាស់វស្សាក៏ព្រោះតែកិច្ចព្រមព្រៀងនេះមិនបានធ្វើឱ្យកម្ពុជាខាតបង់អ្វីឡើយ ប៉ុន្តែឥឡូវបែរជាមកចាក់សាំងដុតបន្ថែមទៅលើបញ្ហានេះទៅវិញ។ នេះហើយជាចរិកញុះញង់របស់អ្នកនយោបាយចាស់វស្សាដែលចង់បង្ករចលាចលសង្គមរហូតដល់មានសកម្មភាពថ្ងៃ១៨ សីហា ដែលបម្រុងនឹងដុតប្រទេសថែមទៀតផង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤៕






តើដំណើរទស្សនកិច្ចទៅខេត្តភាគឦសាន្តផ្តល់ផលប្រយោជន៍អ្វីខ្លះ?



សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មីម្តងទៀតឱ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរទស្សនកិច្ចទៅខេត្តភាគឦសាន្តដើម្បីមើលឃើញពីការអភិវឌ្ឍពិតប្រាកដនៅតំបន់ទាំងនោះដើម្បីកុំឱ្យគេបំផុសបំភិតបំភ័យបាន។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងមក ប្រជាពលរដ្ឋមួយចំនួនដែលមិនធ្លាប់បានទៅខេត្តភាគឦសាន្ត យល់ថា ខេត្តទាំងនោះ គ្មានការរីកចម្រើន មានតែសត្វដំរី ខ្លា ជាដើម ប៉ុន្តែបច្ចុប្បន្ននេះ ខេត្តទាំងនោះមានការរីកចម្រើន និងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រឹងមាំផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាល នឹងដាក់ចេញគោលនយោបាយវិនិយោគនៅខេត្តភាគឦសាន្តបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍនៅទីនោះផងដែរ៕





តើការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA ជាការកាត់ដីឱ្យប្រទេសជិតខាងដូចការចោទប្រកាន់មែនឬ?




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់កិច្ចសហប្រតិបត្តិការ CLV-DTA មិនមែនដាក់ដើម្បីបាត់ទឹកដី មិនមែនដាក់ដើម្បីឱ្យយើងបាត់អធិបតេយ្យភាព មិនមែនដាក់ដើម្បីឱ្យខេត្តទាំង៤ក្លាយជាខេត្តមិនអភិវឌ្ឍន៍ដើម្បីឱ្យបាត់ដីនោះទេ ប៉ុន្តែផ្ទុយទៅវិញ គោលការណ៍នេះគឺដាក់ដើម្បីជំរុញការអភិវឌ្ឍខេត្តឦសានរបស់យើងឱ្យមានការរីកចម្រើនកាន់តែច្រើន។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA របស់កម្ពុជាមិនមែនដោយសារយើងមានផែនការដើម្បីបំផ្លាញ ឬកាត់ប្រទេសយើង កាត់ខេត្តយើងទៅឱ្យអ្នកណាទេ ប៉ុន្តែគោលដៅសំខាន់គឺពន្លឿនការអភិវឌ្ឍ ដើម្បីកាត់បន្ថយគម្លាតជាមួយខេត្តផ្សេងៗនៅក្នុងប្រទេសរបស់យើង។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២៥ ឆ្នាំនៃការអនុវត្តកិច្ចសហប្រតិបត្តិការនោះ កម្ពុជាមិនបានបាត់អធិបតេយ្យភាព ឬយកច្បាប់របស់ប្រទេសណាមកអនុវត្តន៍ក្នុងខេត្តមណ្ឌលគិរីទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤៕







កត្តា ៣សំខាន់ៗ ក្នុងការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះប្រកបដោយប្រសិទ្ធភាពខ្ពស់




សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្រោយពីការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះបានជោគជ័យ គឺប្រទេសយើងរួមគ្នា ដោយគោលនយោបាយថ្មីភ្លាម ដែលត្រូវដាក់ចេញនៅពេលនោះ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនៅពេលនោះ បានយកចិត្តទុកដាក់ទៅលើកិច្ចការចំនួន ៣ធំៗ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កិច្ចការធំៗទាំង ៣នោះរួមមាន៖ 

១. ការពង្រឹងភាពជឿទុកចិត្ត ដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរ ការពារកុំឱ្យមានសន្តិភាពបាន១ ឬ២ឆ្នាំ បែកបាក់សាមគ្គីចេញទៅវៃប្រហារគ្នាបន្តទៀតនៅតាមតំបន់ជាច្រើន 

២. សមាហរណកម្មខ្លួនយើងនៅលើឆាកអន្តរជាតិ ៣. ការដាក់ចេញគោលនយោបាយអភិវឌ្ឍ ន៍កាត់បន្ថយភាពក្រីក្រដែលហៅថា យុទ្ធសាស្រ្តត្រីកោណ នៅឆ្នាំ១៩៩៨ ដែលបានដាក់ចេញ ៥ឆ្នាំម្តង។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅចំណុចទី៣ នេះពិតជាសំខាន់ណាស់ គឺការថែរក្សា សុខសន្តិភាព ជាគន្លឹះទុកចិត្តគ្នាកុំឱ្យបែកបាក់សាមគ្គីគ្នា។ ប៉ុន្តែអ្វីដែលធ្វើជាមួយគ្នាគឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍នៅទូទាំងប្រទេសកម្ពុជាតែម្តង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី៕




តើរយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្ដិការ CLV-DTA កម្ពុជាពិតជាបាត់បង់អធិបតេយ្យភាពជាតិ ដូចជាការចោទប្រកាន់មែនដែរឬទេ?




សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថា រយៈពេល២៥ឆ្នាំនៃកិច្ចសហប្រតិបត្ដិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិ ឬយកច្បាប់របស់ប្រទេសណាយកមកអនុវត្ដ ដូចជាការចោទប្រកាន់នោះទេ។ 

 ការបញ្ជាក់ជាថ្មីរបស់សម្ដេចធិបតី ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនបានបាត់បង់អធិបតេយ្យភាពជាតិនោះទេ។ 

ប៉ុន្ដែក្រុម អ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីតែកេញចំណេញនយោបាយរបស់ពួកគេ លើកិច្ចសហប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីផងដែរថា សម្រាប់ការបិទបញ្ចប់ទាំងស្រុងនូវកិច្ចសហប្រតិបត្ដិការនេះ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋមានភាពហ្មងសៅ និងមន្ទិលសង្ស័យលើរឿង CLV-DTA ជាពិសេសកុំឱ្យក្រុមជ្រុលនិយមមួយចំនួនឆ្លៀតដុតបន្ថែម ដើម្បីប្រយោជន៍របស់ពួកគេ៕





តើកិច្ចព្រមព្រៀងក្រុងប៉ារីស អាចស្វែងរកសន្តិភាពឱ្យកម្ពុជាបានដែរឬទេ?




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃទី២៣ តុលា ១៩៩១ គឺជាថ្ងៃដែលថ្នាក់ដឹកនាំកម្ពុជាយើង បានឈានដល់ការចុះកិច្ចព្រមព្រៀងមួយដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែនៅតែមិនអាចទទួលបានសន្តិភាពពេញលេញនោះទេ ដោយសារនៅតែមានការវាយប្រយុទ្ធគ្នាបង្កអសន្តិសុខសង្គមដដែល។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ៊ុនតាក់ ចំណាយលុយរាប់ពាន់លានដុល្លារ ប៉ុន្តែនៅតែមិនអាចស្វែងរកសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជាបានដដែល គឺទើបតែចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ទើបប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីបាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញមក ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ កំពុងតែទទួលបានផ្លែផ្កាពីសុខសន្តិភាពនេះ និងសម្រាប់ខ្មែរគ្រប់ជំនាន់តទៅមុខទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងប្រឆាំងចំពោះអ្នកដែលចង់បំផ្លាញសន្តិភាពរបស់យើង៕

តើកម្ពុជាបានឆ្លងកាត់ទុក្ខលំបាកអ្វីខ្លះកាលពីអតីតកាល?



នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាយើងបានឆ្លងកាត់នូវសង្រ្គាមហែកហួរ និងធ្លាប់ជាវាលពិឃាតក្នុងអំឡុងទស្សវត្សទរ៍ទី៧០ ជាតំបន់អសន្តិសុខ និងជាចំការមីនដែលគ្រប់គ្នាភ័យខ្លាច ប៉ុន្តែបច្ចុប្បន្នប្រទេសយើងបានប្រែក្លាយជាមុខមាត់ថ្មីមានសុខសន្តិភាពពេញលេញ ប្រជាជនរស់នៅដោយក្តីសប្បាយរីករាយ និងអាចធ្វើដំណើរបានគ្រប់ពេលវេលាគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេសដោយមិនមានការភ័យបារម្ភទៀតឡើយ។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល២៥ ឆ្នាំចុងក្រោយនេះកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងឯកភាពជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តដោយជោគជ័យនៃយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំងបួនដំណាក់កាលដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យទាំងវិស័យនយោបាយ សង្គម សេដ្ឋកិច្ច វប្បធម៌ ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូមុខមាត់ថ្មីទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕





តើអ្វីជាកត្តាអំណោយផលសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា?



 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយសុខសន្តិភាព គឺជាកត្តាអំណោយផលដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ រហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមទាំងអស់គ្នាក្នុងការថែរក្សាសុខសន្តិភាព គឺជាគន្លឹះសំខាន់បំផុតដើម្បីកុំឱ្យកម្ពុជាបែកបាក់គ្នាដូចកាលពីអតីតកាល៕






តើមានកត្តាអ្វីខ្លះ? ដែលធ្វើឱ្យប្រទេសកម្ពុជាឆ្លងផុតពីភ្លើងសង្គ្រាម



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តមណ្ឌលគិរីជាខេត្តសំបូរធនធានធម្មជាតិមានសក្តានុពលនៅមានច្រើន ប៉ុន្តែមិនអាចធ្វើអ្វីបានទេ បើគ្មានលទ្ធភាពបានន័យថា គ្មានកត្តាអំណោយផលដែលយើងអាចធ្វើបាន។


សម្តេចធិបតី បានថ្លែងបន្តថា កត្តាអំណោយផលនោះមានអ្វីខ្លះ? ដែលយើងនិយាយ នោះគឺក្រោយនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមដែលធ្វើឱ្យប្រទេសកម្ពុជា រួចផុតពីការបែកបាក់ទឹកដី ក្នុងរយះពេល៥០០ឆ្នាំ ទទួលឯកភាពជាតិពេញលេញនៅឆ្នាំ១៩៨៩ ដែលជាឱកាសសម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍប្រទេសជាតិរបស់យើង។ ប៉ុន្តែលក្ខខណ្ឌដែលអាចធ្វើទៅបាន គឺត្រូវធានា ការពារ សុខសន្តិភាព និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី៕