

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ
នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភីនៃការប្រកួតកីឡាអន្តរជាតិនាពេលកន្លងមក។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា
ការជួបជុំគ្នាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់នូវការលើកទឹកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលដល់វិស័យកីឡា ជាពិសេសដល់កីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមប្រកួតកីឡាអន្តរជាតិនានា។ ការយកចិត្តទុកដាក់និងការគាំទ្រទាំងនេះ ស្តែងចេញតាមរយៈការគាំទ្រថវិការដ្ឋសម្រាប់វិស័យនេះ
ក៏ដូចជាអនុសាសន៍ណែនាំនិងការផ្តល់ថវិកាផ្ទាល់របស់ សម្តេចតេជោ ជូនដល់គ្រប់កីឡាករ កីឡាការិនី មុនពេលអញ្ជើញចេញទៅប្រកួតកន្លងមក។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបន្តថាក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរដោយស្មោះ និងអបអរសាទរដល់ជ័យលាភីទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីប្តេជ្ញាចិត្តខ្ពស់រហូតទទួលបានជោគជ័យដ៏ធំធេងជូនជាតិមាតុភូមិ។
ឯកឧត្តម បានចាប់អារម្មណ៍ឃើញថា ព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិ បាននាំមកនូវបទពិសោធន៍ថ្មីៗ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្តបន្ថែមទៀត ហើយបទពិសោធន៍ទាំងនេះនឹងជួយឲ្យកីឡាករ កីឡាការិនី ត្រៀមខ្លួនឱ្យកាន់តែប្រសើរថែមទៀត សម្រាប់ការប្រកួតជាអន្តរជាតិនាពេលអនាគត ជាពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍវិស័យកីឡានៅកម្ពុជា
ឱ្យទទួលបានជោគជ័យបន្ថែមទៀត។ ក្រៅពីនេះដើម្បីឲ្យកីឡាករ
កីឡាការិនីកម្ពុជាយើង មានសមត្ថភាពកាន់តែប្រសើរឡើងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
សុខ អាន បានលើកជាអនុសាសន៍ថា គួរបង្កើតឲ្យមានការប្រកួតប្រជែង ឲ្យបានញឹកញាប់
ទាំងនៅតាម បណ្តាខេត្ត ក្រុងនានា ក៏ដូចជាការប្រកួតថ្នាក់ជាតិ ដើម្បីជំរុញឲ្យកីឡាករយើងខិតខំហ្វឹកហាត់
ឲ្យបានកាន់តែច្រើន។
តាមរយៈសន្ទរកថា និងរបាយការណ៍របស់ ឯកឧត្តម ហង់
ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ
យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ការប្រគល់ប្រាក់រង្វាន់ ដល់កីឡាករជ័យលាភីនៅពេលនេះ
គឺមានកីឡាចំនួន៣ប្រភេទ ដែលក្នុងនោះរួមមាន៖ ទី១ ការប្រកួតកីឡាតៃក្វាន់ដូ
WTF ជើងឯក អាស៊ីលើកទី២១ ដែលប្រព្រឹត្តទៅកាល
ពីថ្ងៃទី២៣-២៩ ខែឧសភាឆ្នាំ២០១៤ នៅប្រទេសអ៊ូបេគីស្ថាន កម្ពុជាទទួលបានមេដាយ
សំរិទ្ធ១, ទី២ ការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលបានប្រព្រឹត្តទៅកាល
ពីថ្ងៃទី២០-២៥ ខែតុលា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាទទួល បានមេដាយ១៤
ក្នុងនោះ មេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៨ និងទី៣ ការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីអាគ្នេយ៍បូកអូស្ត្រាលី
ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៣-២៧ ខែតុលា ឆ្នាំ២០១៤ នៅប្រទេសសឹង្ហបុរី
កម្ពុជាទទួលបានមេដាយ៤ ក្នុងនោះ មេដាយមាស១ ប្រាក់១ និងសំរិទ្ធ២ ដែលមានកីឡាករកីឡាករិនីជាជ័យលាភី
សរុបចំនួន៣៣នាក់ ក្នុងនោះជ័យលាភីមេដាយមាស ៥នាក់ ជ័យលាភីមេដាយប្រាក់៤នាក់
ជ័យលាភីមេដាយ សំរិទ្ធ១៨នាក់ និងប្រាក់រង្វាន់ជូនគ្រួបង្វឹក ចំនួន៦នាក់
ដែលត្រូវទទួលប្រាក់រង្វាន់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាល ។
ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តម
ហង់ ជួន ណារ៉ុន ក៏បានមានប្រសាន៍លើកឡើង ផងដែរថា ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ក្នុងការរៀបចំ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ ឯកឧត្តមបានបន្តថាបច្ចុប្បន្ន
ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងរៀបចំនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យអប់រំកាយ
និងកីឡា ដែលជា យុទ្ធសាស្ត្រសម្រាប់រយៈពេលវែងក្នុងវិស័យនេះ។ ឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្រចតុកោណ
និងគោរពនយោបាយជាតិ ស្តីពី ការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡានេះ ក្រសួងអប់រំ
យុវជន និងកីឡា នឹងដាក់ចេញនូវវិធានការគន្លឹះជាសារវន្តមួយចំនួនដើម្បីធ្វើកំណែទម្រង់វិស័យអប់រំកាល
និងកីឡា ឲ្យមានប្រសិទ្ធភាពខ្ពស់រួមមាន៧ចំណុចធំៗ៖
១- ការបណ្តុះបណ្តាលធនធានមនុស្ស
២- ជួសជុល កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
បំពាក់ឧបករណ៍ និងសម្ភារៈកីឡា
៣-ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងកីឡាថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ
៤- ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ
ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា (រៀបចំ គោលនយោបាយកីឡាជាតិ អនុក្រឹត្យស្តីពីការគ្រប់គ្រងវិស័យកីឡា
និងលិខិតបទដ្ឋាន គតិយុត្តិនានា)
៥- ការកែសម្រួលរចនាសម្ព័ន្ធនៃការប្រកួត
(ការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រកួត ល្បែងកីឡាជាតិ National Games)
៦- ពង្រីក និងពង្រឹងការសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
និងសហព័ន្ធ កីឡាជាតិ
៧- ការត្រៀមរៀបចំកីឡាស៊ីហ្គេម
(បង្កើតគណៈកម្មការអន្តរក្រសួង និងបង្កើតក្រុមការងារ ដើម្បីសិក្សាស្រាវជ្រាវ
ស្តីពី ការរៀបចំនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។)
ដោយៈ ច័ន្ទ ទេវី

