(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងព្យាយាមប្រើអំណាច និងឥទ្ធិពលរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឱ្យរុស្ស៉ី «ឯកោពីពិភពលោក»។ ក៏ប៉ុន្តែ ក្រៅពីតំបន់អឺរ៉ុប ការព្យាយាមរបស់ទីក្រុងវ៉ាស៊ីនតោន ហាក់មិនបានទទួលផែ្លផ្កាជាដុំកំភួននោះទេ ដោយសូម្បីតែឥណ្ឌាដែលជាសមាជិកក្រុមប្រទេសក្វាដ (Quad) និងតួកគីជា សម្ព័ន្ធមិត្តណាតូ (NATO) ក៏អាមេរិកមិនទាន់អាចបញ្ចុះបញ្ចូលឱ្យពួកគេដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬចូលរួមក្នុងយុទ្ធនាការកាត់ផ្ដាច់រុស្ស៉ីចេញពីពិភពលោក បាននោះដែរ។
នៅក្នុងតំបន់អឺរ៉ុបផ្ទាល់ ការប្រឹងប្រែងធ្វើឱ្យរុស្ស៉ីឯកោ ក៏មិនទទួលបានលទ្ធផលតាមដែលអាមេរិកត្រូវការនោះដែរ ពោលគឺបណ្ដាប្រទេសអឺរ៉ុបខ្លះត្រូវបានគេ រាយការណ៍ថានៅតែបន្តនាំចូលវត្ថុធាតុដើមមួយចំនួនពីរុស្ស៉ី។ ក្នុងតំបន់អាស៊ីវិញ រុស្ស៉ីបានវ៉ាដាច់អារ៉ាប៊ីសាអូឌីតក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំលំដាប់ទី២ ទៅកាន់ប្រទេស ឥណ្ឌាដែលបាននាំចូលប្រេងពីរុស្ស៉ី ៨១៩,០០០បារែលក្នុងមួយថ្ងៃ និងបានវ៉ាដាច់អារ៉ាប៊ីសាអូឌីតក្លាយជាអ្នកនាំចេញប្រេងធំលំដាប់ទី១ ទៅកាន់ប្រទេសចិនជាមួយ ទំហំ ១.៩៨លានបារែល ក្នុងមួយថ្ងៃ។
តែតាមពិតទៅ ក្រៅតែពីស្រេកឃ្លានប្រេងលក់បញ្ចុះតម្លៃពីរុស្ស៉ី ចិន និងឥណ្ឌា សុទ្ធតែមានផលប្រយោជន៍យុទ្ធសាស្ត្រនៅក្នុងទំនាក់ទំនងជាមួយរុស្ស៉ី។ ចិនត្រូវការ មហាអំណាចនុយក្លេអ៊ែរដូចជារុស្ស៉ី ជាទីពឹងដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក រីឯឥណ្ឌាត្រូវការរុស្ស៉ីដើម្បីអាចរក្សាតុល្យភាពអំណាចនៅក្នុងតំបន់ជាមួយចិន ដោយ មិនចង់ឱ្យរុស្ស៉ីងាកទៅរកចិនពេញទំហឹងទេ។ តួយ៉ាង ទោះបីជាចិនបានបង្ហាញការព្រួយបារម្ភរបស់ខ្លួនចំពោះសង្រ្គាមនៅអ៊ុយក្រែន ហើយឥណ្ឌានិយាយថាសព្វថ្ងៃ មិនមែនជាពេលត្រូវធ្វើសង្រ្គាម និងគាំទ្រដំណោះស្រាយការទូត និងកិច្ចសន្ទនាក៏ពិតមែន តែប្រទេសទំាង២នៅតែ «ទុកផ្លូវក្រោយ» ដើម្បីរក្សាទំនាក់ទំនងល្អជាមួយ រុស្ស៉ីដដែល។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានលើកឡើងនៅក្រោយចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ថា «ទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌា មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់។ ប្រជាជាតិទាំង២ គឺជាមិត្ត ហើយក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ យើងតែងតែឈរប្រកៀកស្មាគ្នាទៅវិញ ទៅមក»។ លោក ម៉ូឌី បានបន្ថែមថាទំនាក់ទំនងរវាងរុស្ស៉ី និងឥណ្ឌា នឹងកាន់តែមានភាពល្អប្រសើរ និងរឹងមាំនៅពេលអនាគត។ ស្រដៀងគ្នាទៅនឹងជំហររបស់លោក ម៉ូឌី ដែរ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថាចិន និងរុស្ស៉ីនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរុស្ស៉ី ដើម្បីបំពេញទំនួលខុសត្រូវនៃប្រទេសទាំង២ ក្នុងនាមជាមហាអំណាច ក៏ដូចជាដើរតួនាទីស្វែងរកស្ថិរភាពជូនពិភពលោកដែលកំពុងផ្លាស់ប្ដូរ។ នៅពេលនិយាយដល់អង្គការអន្តរជាតិពហុភាគី ដូចជា SCO និង BRICS លោក ស៊ី ជិនពីង បានកត់សម្គាល់ដែរថាប្រទេសទាំង២ នឹងពង្រឹងកិច្ចសម្របសម្រួល និងការសហប្រតិបត្តិការ។
ការធ្វើឱ្យរុស្ស៉ីឯកោ មិនបានទទួលជោគជ័យ មិនមែនត្រឹមតែផ្នែកសេដ្ឋកិច្ច និងការទូតប៉ុណ្ណោះទេ ប៉ុន្តែផ្នែកយោធាក៏មិនបានសម្រេចដែរ។ ជាឧទាហរណ៍ រុស្ស៉ីបានធ្វើ សមយុទ្ធយោធាវ៉ូស្ដុក (Vostok) ឆ្នាំ២០២២ ក្នុងខែកញ្ញានេះ ឥណ្ឌា ចិន និងប្រទេសមួយចំនួនបានបញ្ជូនកងទ័ពរបស់ខ្លួនឱ្យចូលរួមនៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំ នេះ។ សហរដ្ឋអាមេរិក មិនមែនត្រឹមតែមិនអាចធ្វើឱ្យរុស្ស៉ីឯកោបាននោះទេ សូម្បីតែអ៉ីរ៉ង់ក៏អាមេរិកមិនអាចធ្វើឱ្យឯកោពីពិភពលោកបាននោះដែរ។ កាលពីថ្ងៃទី១៥ ខែកញ្ញា អង្គការ SCO បានចុះអនុស្សារណយោគយល់មួយជាមួយអ៉ីរ៉ង់ដែលនឹងត្រួសត្រាយផ្លូវឱ្យទីក្រុងតេហេរ៉ង់ ក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការមួយនេះ ដែលតំណាងឱ្យ ៤៣ភាគរយនៃប្រជាជនពិភពលោក ក្នុងពេលអនាគតដ៏ខ្លី។ សមាជិកភាព SCO នេះនឹងផ្ដល់ឱ្យអ៉ីរ៉ង់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយចិន និងឥណ្ឌា ខណៈតួកគី អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប កាតា បារ៉ែន និងម៉ាល់ឌីវ ទទួលបានឋានៈជាដៃគូសន្ទនារបស់ SCO។
នៅក្នុងតំបន់មជ្ឈិមបូព៌ាវិញ អ៉ីរ៉ង់កំពុងរំដោះខ្លួនចេញពីភាពឯកោ ដោយកាលពីខែសីហាកន្លងទៅ អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត បានប្រកាសថាពួកគេនឹងបង្កើត ទំនាក់ទំនងការទូតឡើងវិញជាមួយទីក្រុងតេហេរ៉ង់។ ជាងនេះទៅទៀត អារ៉ាប៊ីសាអូឌីតបានរៀបចំកិច្ចសន្ទនាចំនួន៥លើកមកហើយជាមួយអ៉ីរ៉ង់ ហើយកិច្ចសន្ទនាជុំទី ៥ កាលពីថ្ងៃទី២៥ ខែមេសា ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ ត្រូវបានក្រសួងការបរទេសអ៉ីរ៉ង់បានអះអាងថាប្រព្រឹត្តទៅក្នុងទិសដៅវិជ្ជមាន។ នៅខែមេសា ឆ្នាំ២០២១ អ៉ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចមានទំហំទឹកប្រាក់ ៤០០ពាន់លានដុល្លារ និងមានរយៈពេល២៥ឆ្នាំជាមួយចិន ហើយ កាលពីខែមិថុនា ឆ្នាំ២០២២នេះ អ៉ីរ៉ង់ និងវ៉េណេស៊ុយអេឡាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរយៈពេល ២០ឆ្នាំដែលគ្របដណ្ដប់លើ វិស័យជាច្រើនក្នុងនោះរួមមានប្រេង ការពារជាតិ កសិកម្ម និងទេសចរណ៍ជាដើម។
គួរជម្រាបជូនថា វ៉េណេស៊ុយអេឡា ក៏ជាប្រទេសមួយដែលសហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើឱ្យឯកោពីពិភពលោកដែរ តែក្នុងពេលជាមួយគ្នាទីក្រុងការ៉ាកាស់ បានរើខ្លួន បន្តិចម្ដងៗចេញពីភាពឯកោ។ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ កូឡុំប៊ីបានបង្កើតទំនាក់ទំនងការទូតផ្លូវការឡើងវិញជាមួយវ៉េណេស៊ុយអេឡា ក្រោមការដឹកនាំ របស់ប្រធានាធិបតីកូឡុំប៊ីថ្មី គឺលោក ហ្គូសតាវ៉ូ ប៉េត្រូ (Gustavo Petro)។ ការសម្រេចបែបនេះឯងរបស់កូឡុំប៊ី បានបង្ហាញយ៉ាងច្បាស់ពីបរាជ័យនៃគោលនយោបាយ អាមេរិកដែលចង់ធ្វើឱ្យវ៉េណេស៊ុយអេឡាឯកោ។ ជាការពិតណាស់ កូឡុំប៊ីជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក រីឯលោកប្រធានាធិបតី ចូ បៃដិនក៏ធ្លាប់បាន លើកឡើងជាច្រើនលើកដែរថាកូឡុំប៊ី គឺជាសម្ព័ន្ធមិត្តគន្លឹះនៃគោលនយោបាយអាមេរិកនៅក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាបៀន។
បន្ថែមពីលើការបើកស្ថានទូតឡើងវិញ លោក ប៉េត្រូ និងប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ថែមទាំងមានផែនការបើកព្រំដែននៃប្រទេសទាំង២ និងស្ដារទំនាក់ទំនងយោធាឡើងវិញទៀតផង។ ការសម្រេចចិត្តរបស់កូឡុំប៊ី ក្នុងការស្ដារទំនាក់ទំនងការទូតជាមួយវ៉េណេស៊ុយអេឡា កើតមានឡើងបន្ទាប់ពីអាហ្សង់ទីន កាលពីខែមេសា បានប្រកាសថាខ្លួននឹងស្ដារទំនាក់ទំនងជាមួយវ៉េណេស៊ុយអេឡា។ ប្រទេសនៅក្នុងតំបន់ជាច្រើន ក្នុងនោះរួមមានទាំងម៉ិកសិក ប៉េរូ ហុងឌូរ៉ាស់ និងស៊ីលី សុទ្ធតែបានបើកឡើងវិញនូវបណ្ដាញទំនាក់ទំនងជាមួយទីក្រុងការ៉ាកាស់ ខណៈប្រធានាធិបតីអាហ្សង់ទីន លោក អាប៊ែរតូ ហ្វឺណាន់ដែស (Alberto Fernandez) បានជំរុញឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនទាំងអស់ពិនិត្យឡើងវិញលើទំនាក់ទំនងរបស់ពួកគេជាមួយវ៉េណេស៊ុយអេឡា។
ការវិវត្តទាំងនេះបានបើកផ្លូវឱ្យលោក នីកូឡាស់ ម៉ាឌូរ៉ូ និងប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ កាណែល (Miguel Díaz-Canel) ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំកំពូលនៃអង្គការ Community of Latin American and Caribbean States ឬហៅកាត់ថា CELAC ហើយនៅពេលលោក បៃដិនសម្រេចចិត្តដក វ៉េណស៊ុយអេឡា និងគុយបា ចេញពីកិច្ចប្រជុំកំពូលទ្វីបអាមេរិក (Summit of the Americas) ប្រទេសជាច្រើនរួមមានអាហ្សង់ទីន ស៊ីលី បេលីសបានសម្ដែង ការជំទាស់ទៅនឹងលោក បៃដិន ហើយម៉ិកស៉ិក ហុងឌូរ៉ាស់ និងប្រទេសដទៃក្នុងតំបន់បានសម្រេចចិត្តធ្វើពហិការមិនចូលរួម។
ដូច្នេះ ករណីរុស្ស៉ី អ៉ីរ៉ង់ និងវេណេស៊ុយអេឡា បានបង្ហាញពីភាពខុសគ្នារវាងការអះអាង និងសមត្ថភាពពិតប្រាកដរបស់សហរដ្ឋអាមេរិក ក្នុងការដឹកនាំយុទ្ធនាការធ្វើឱ្យ គូសត្រូវរបស់ខ្លួនឯកោ។ ការព្យាយាមរបស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់ធ្វើឱ្យបណ្ដាប្រទេសទាំងនោះឯកោពីពិភពលោក បែរជាជំរុញឱ្យពួកគេរត់រកគ្នា និងបង្កើតជា «សមាគមន៍មួយនៃប្រជាជាតិឯកោ ឬមិនត្រូវគ្នាជាមួយសហរដ្ឋអាមេរិកទៅវិញ»។ កាន់តែសំខាន់ទៅទៀត ការប្រឹងប្រែងនេះថែមទាំងជួយពង្រឹង «ពិភពលោកពហុប៉ូល» ដែលសហរដ្ឋអាមេរិកខ្លួនឯងកំពុងព្យាយាមរារាំង៕ ដោយៈ Fresh News