Saturday, February 25, 2023

សម្តេចតេជោ ហ៊ុន សែន៖ ស៊ន ដារ៉ា កុំថាឡើយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកក៏មិនបានផង !


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅ លោក ស៊ន ដារ៉ា សកម្មជនរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ដោយបញ្ជាក់ថា កុំថាឡើយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន គឺសូម្បីតែចង់ក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា ក៏មិនបានផង។



ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពី លោក ស៊ន ដារ៉ា តាមរយៈវីដេអូមួយ បានលើកតម្កើនខ្លួនឯងជាសត្វឥន្ទ្រី ហើយលើកយោបល់បើកការចរចាជាមួយសម្តេចដោយភ្ជាប់មកជាមួយលក្ខខណ្ឌ៤ ក្នុងនោះលក្ខខណ្ឌទី១ គឺខ្លួនត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន ទើបខ្លួនព្រមចូលរួមជាមួយគណបក្សប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ស៊ន ដារ៉ា បាននិយាយថា គាត់ជាសត្វឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។ នេះជាការប្រៀបធៀបបែបប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មកសម្រាប់បង្រ្កាប ប៉ុល ពត ឯព្រះបានបង្កើត ស៊ន ដារ៉ា មកដើម្បីបង្រ្កាប ហ៊ុន សែន។ ពូសូមផ្តាំទៅក្មួយ ស៊ន ដារ៉ា វិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជន ក៏មិនបានផង ព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ក្មួយលើកខ្លួនឯងហួសជ្រុលហើយ»។

ស​ម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា៖ «ឯពាក្យក្មួយថា ព្រះបង្កើតក្មួយមកដើម្បីបង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូ អ្នកដែលបង្រ្កាបហ៊ុន សែន បានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យ តើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ។ ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជា នាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាប ហ៊ុន សែន គឺរឿងយលសប្តិទាំងថ្ងៃ»។

សូមបញ្ជាក់ថា សកម្មជន ស៊ន ដារ៉ា បានចាកចេញទៅរស់នៅប្រទេសបារាំង ទន្ទឹមគ្នាជាមួយនឹងមេដឹកនាំក្រុមប្រឆាំងដទៃទៀត បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។ ក្រោយរស់នៅក្រៅប្រទេស លោកបានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានវាយប្រហាររាជរដ្ឋាភិបាលជាបន្តបន្ទាប់។

នាពេលថ្មីៗនេះ លោក សុខ ស៊ុនណារ៉េត ជាឪពុកបង្កើតរបស់ លោក ស៊ន ដារ៉ា ហើយក៏ជាទាហានមួយរូបដែរនោះ បានរៀបរាប់ថា លោកបានព្យាយាមអប់រំ និងទូន្មាន លោក ស៊ន ដារ៉ា ជាច្រើនតែមិនស្តាប់ ហើយរហូតដល់កូនរូបនេះ ប្រមាថរូបលោកថា «ចេះមិនដល់ខ្លួនថែមទៀតផង»។ លោក សុខ ស៊ុនណារ៉េត បានបន្តអំពាវនាវឱ្យកូនឈប់វាយប្រហារលើ សម្តេចតេជោ ហ៊ុន សែន ដែលមានជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជាផងដែរ៕

វិភាគអន្តរជាតិ៖ សង្រ្គាមអ៊ុយក្រែន អាចនឹងបញ្ចប់ជាមួយ «បទឈប់បាញ់»?




(វ៉ាស៊ីនតោន)៖ សង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៉ី អស់រយៈពេលមួយឆ្នាំមកនេះ ដែលបានផ្ដាច់យកអាយុជីវិតមនុស្សរាប់ពាន់នាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងសម្បើមអស្ចារ្យចំពោះ ប្រជាជនអ៊ុយក្រែន ត្រូវបានក្រុមអ្នកវិភាគខ្លះយល់ថាបានដើរមកដល់ «ដំណាក់កាលជាប់គាំង» ដោយគ្មានអ្នកឈ្នះ-អ្នកចាញ់ពិតប្រាកដ ពោលគឺមានតែការបន្តកាប់សម្លាប់គ្នាយ៉ាងបង្ហូរឈាម តែប៉ុណ្ណោះនៅលើសមរភូមិ ក្រោមសម្រោលនៃហានិភ័យសង្រ្គាមនុយក្លេអ៊ែរ។

ស្ថានភាពបែបនេះមិនមែនទើបតែកើតឡើងនៅអ៊ុយក្រែនទេ ហើយវាក៏ធ្លាប់បានកើតឡើងរួចហើយដែរនៅលើឧបទ្វីបកូរ៉េ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ ជាការពិតណាស់ សង្រ្គាមពីរមិនអាចដូចគ្នា ទាំងស្រុងនោះទេ ប៉ុន្តែការកាប់សម្លាប់គ្នាក្នុងថ្លុកឈាមនៅក្នុងសង្រ្គាមមួយ និងការលូកដៃរបស់ពួកមហាអំណាចនៅពេលនោះ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងសង្រ្គាមក្នុងថ្លុកឈាមនៅ អ៊ុយក្រែនដែរ នោះគឺសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។ ក្នុងសង្រ្គាមកូរ៉េ កូរ៉េខាងត្បូងក្រោមការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានធ្វើសង្រ្គាមតតាំងជាមួយ កូរ៉េខាងជើង និងកងទ័ពចិនដែលមានសូវៀតជាខ្នងបង្អែក។ ប្រវត្តិសាស្ត្រមានមេរៀនជាច្រើនដែលយើងត្រូវរៀនសូត្រ ហើយត្រង់ចំណុចនេះអ្វីដែលសំខាន់ជាងគេ នោះគឺសង្រ្គាមអ៊ុយក្រែន អាចនឹងបញ្ចប់ទៅដោយរបៀបណា?

នៅអ៊ុយក្រែន «ការបិទបញ្ចប់សង្រ្គាម» មើលទៅដូចជានៅឆ្ងាយខ្លាំងណាស់។ ចំណែកឯ សម្រាប់រុស្ស៉ីវិញ ជ័យជម្នះ គឺធ្វើយ៉ាងណាអាចរក្សាឱ្យបាននូវទឹកដីអ៊ុយក្រែនដែលកងទ័ពរបស់ខ្លួនកំពុង កាន់កាប់។ ដូចគ្នាដែរ សម្រាប់អ៊ុយក្រែន រឿងសំខាន់នៅចំពោះមុខគឺធ្វើយ៉ាងណា ត្រូវតែវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹករបស់ខ្លួនទាំងអស់ ក្នុងនោះរួមមានទាំងចេញពីតំបន់គ្រីមៀ ផងដែរ។ និយាយជារួម គ្មានភាគីណាមួយបង្ហាញចំណាប់អារម្មណ៍ចង់ចរចាគ្នានោះទេ ហើយវាក៏ពិបាកនឹងស្រមៃខ្លាំងដែរថាតើសន្តិភាពនឹងមានទម្រង់បែបណា?

ក្នុងសង្រ្គាមកូរ៉េ ពីដំបូងឡើយ ស្ថានភាពក៏មិនខុសគ្នាប៉ុន្មានដែរពីសង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ ដោយទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង រួមទាំងពួកមហាអំណាចដែលជាខ្នងបង្អែក ភាគីម្ខាងៗម្នាក់ ក៏មិនប្រញាប់ប្រញាលបញ្ចប់សង្រ្គាមនោះដែរ។ តែនៅទីបញ្ចប់ សង្រ្គាមកូរ៉េដែលបានផ្ដាច់ជីវិតមនុស្សជាង ៣លាននាក់ និងបានបំផ្លិចបំផ្លាញទីក្រុងរាប់មិនអស់ បានថមថយចុះបន្តិចម្ដងៗ រហូតដល់ឈានទៅរកបទឈប់បាញ់មួយ និងការពុះចែកកូរ៉េជា២ ជាបណ្ដោះអាសន្ននៅពេលនោះដែលគ្មាននរណាម្នាក់អាចស្មានដល់ថាបទឈប់បាញ់នេះអាចមានជីវិតមកទល់នឹងសព្វថ្ងៃ ឡើយ។ ការសម្រេចចិត្តធ្វើសង្រ្គាមនៅកូរ៉េ ធ្វើឡើងដោយមនុស្សតែម្នាក់គត់គឺមេដឹកនាំអតីតសហភាពសូវៀត ចូសែប ស្ដាលីន (Joseph Stalin )។ ស្ដាលីនធ្លាប់បានច្រានចោលគំនិត ធ្វើសង្រ្គាមឈ្លានពានកូរ៉េខាងត្បូង របស់អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន) ប៉ុន្តែបានប្ដូរចិត្តនៅខែមករា ឆ្នាំ១៩៥០ ក្រោមហេតុផលសំខាន់ចំនួន ២។ ទីមួយ៖ ការសម្រេចបានសន្ធិសញ្ញាសម្ព័ន្ធភាពចិន-សូវៀតដែលត្រូវបានចុះហត្ថលេខាក្នុងទីក្រុងមូស្គូ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៥០ ដែលធ្វើឱ្យស្ដាលីនជឿជាក់ថាលោកអាចពឹងលើ ចិនឱ្យចូលរួមក្នុងសង្រ្គាម ហើយសូវៀតជាអ្នកជួយពីក្រោយ។

ទី២ និងជាហេតុផលសំខាន់បំផុត នោះគឺសហរដ្ឋអាមេរិកខ្លួនឯងជាអ្នកបង្កកំហុស តាមរយៈសេចក្ដីថ្លែងការណ៍របស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកជំនាន់នោះ គឺលោក Dean Acheson កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ១៩៥០ ដែលបានប្រកាសថាកូរ៉េខាងត្បូងមិនស្ថិតនៅក្រោមការការពារជាពិសេសរបស់អាមេរិកនោះទេ ហើយនេះធ្វើឱ្យស្ដាលីនសន្និដ្ឋានថាសហរដ្ឋអាមេរិកនឹងមិន ធ្វើអន្តរាគមន៍យោធានៅកូរ៉េឡើយ។ ដោយមានភ្លើងបៃតងពីស្ដាលីន កងទ័ពកូរ៉េខាងជើងបានឆ្លងកាត់ខ្សែស្របទី៣៨ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ និងបានវាយលុកចូលកាន់កាប់រដ្ឋធានី សេអ៊ូលក្នុងពេលដ៏ខ្លី និងបន្តព្យាយាមវាយគ្រប់គ្រងទឹកដីកូរ៉េទាំងមូល។ ប៉ុន្តែសហរដ្ឋអាមេរិកបានប្ដូរចិត្ត និងបានដឹកនាំកងទ័ពសម្ព័ន្ធមិត្តក្រោមទង់អង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍យោធា ដើម្បីជួយកូរ៉េខាងត្បូង ហើយបានបណ្ដេញកងទ័ពកូរ៉េខាងជើងឱ្យចេញពីទីក្រុងសេអ៊ូលចូលទៅក្នុងទឹកដីកូរ៉េខាងជើងវិញ។ នៅចុងខែកញ្ញា ឆ្នាំ១៩៥០ ឧត្ដមសេនីយ៍អាមេរិក ​Douglas MacArtur ដែលជាមេបញ្ជាការទទួលបន្ទុកកិច្ចការសង្រ្គាមកូរ៉េ បានសម្រេចចិត្តលើកទ័ពវាយចូលទឹកដីកូរ៉េខាងជើង ក្នុងគោលបំណងបង្រួមបង្រួបកូរ៉េឱ្យក្លាយជាប្រទេសសេរីតែមួយ។

ប្រឈមមុខនឹងស្ថានភាពនេះ ស្ដាលីនបានជំរុញឱ្យចិនលូកដៃចូលជួយ រីឯមេដឹកនាំចិន លោក ម៉ៅ សេទុង បានបញ្ជូនកងទ័ពចិនរាប់សែននាក់ឆ្លងកាត់ព្រំដែនចូលទៅជួយកូរ៉េខាងជើង នៅចុង ខែតុលា ឆ្នាំ១៩៥០ ដែលធ្វើឱ្យសង្រ្គាមឈានចូលដល់ដំណាក់ដ៏បង្ហូរឈាម។ ដោយមានការជួយពីកងទ័ពចិន កូរ៉េខាងជើងបានវាយបណ្ដេញកងទ័ពកូរ៉េខាងត្បូង​ និងកងទ័ពសម្ព័ន្ធមិត្តដឹកនាំ ដោយសហរដ្ឋអាមេរិកត្រឡប់ចូលទឹកដីកូរ៉េខាងត្បូងវិញ។ ប៉ុន្តែ ដោយមើលឃើញថាកំពុងមានប្រៀប កងទ័ពចិន និងកូរ៉េខាងជើងបានសម្រេចចិត្តវាយលុកឆ្លងខែ្សស្របទី៣៨ ជាថ្មីចូលក្នុង ទឹកដីកូរ៉េខាងត្បូង និងដណ្ដើមកាន់កាប់បានរដ្ឋធានីសេអ៊ូលម្ដងទៀត។ ការកាន់កាប់នេះបានត្រឹមមួយរយៈពេលខ្លី ដោយខាងកងទ័ពសម្ព័ន្ធមិត្តបានវាយបណ្ដេញកងទ័ពចិន និងកូរ៉េខាងជើង ឱ្យដកថយចូលទៅក្នុងទឹកដីកូរ៉េខាងជើងវិញ នៅខែឧសភា ឆ្នាំ១៩៥១។ ចាប់តាំងពីពេលនោះមកដែរ សង្រ្គាមបានឈានចូលដល់ដំណាក់ជាប់គាំងគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ ហើយភាគីជម្លោះ ទាំងសងខាងបានបន្តវាយប្រយុទ្ធគ្នា នៅលើសមរភូមិជាច្រើននៅចន្លោះពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៣។

ចាប់ផ្ដើមពីឆ្នាំ១៩៥១ សង្រ្គាមកូរ៉េត្រូវជាប់គាំងនៅត្រឹមខ្សែស្របទី៣៨ ជាមួយការបាញ់ផ្លោងកាំភ្លើងធំដាក់គ្នាទៅវិញទៅមក មុនការវាយប្រយុទ្ធគ្នាដល់ទីបញ្ចប់ ក្រោយមរណភាពរបស់ស្ដាលីន នៅខែមីនា ឆ្នាំ១៩៥៣។ បទឈប់បាញ់មួយត្រូវបានព្រមព្រៀងឡើង និងត្រូវបានចុះហត្ថលេខានៅឯភូមិ Panmunjom នៅថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ១៩៥៣ ហើយនេះគឺជាបទឈប់បាញ់ ដ៏សំខាន់មួយ បើទោះជាវាមិនមែនជាសន្ធិសញ្ញាសន្តិភាព ឬការផ្សះផ្សាបញ្ចប់សង្រ្គាមជាផ្លូវការក៏ដោយ។ ជាលក្ខណៈបច្ចេកទេសសង្រ្គាមកូរ៉េមិនទាន់បិទបញ្ចប់ទាំងស្រុងនោះទេ តែវាក៏មិនមាន ការវាយប្រយុទ្ធគ្នានោះដែរ។ តាមពិតទៅ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ មានការសន្និដ្ឋានជាច្រើនថាកូរ៉េខាងជើងអាចនឹងធ្វើសង្រ្គាមឡើងវិញ ខណៈសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងបរាជ័យ នៅក្នុងសង្រ្គាមវៀតណាម។ ក៏ប៉ុន្តែ ទាំងចិន និងសូវៀតមិនចង់ត្រឡប់ចូលក្នុងសង្រ្គាមកូរ៉េវិញនោះទេ។ មកទល់នឹងបច្ចុប្បន្ន ក្រោយបទឈប់បាញ់មានរយៈពេលជាង ៧០ឆ្នាំ គ្រួសារត្រកូលគីម នៅតែបន្តដឹកនាំកូរ៉េខាងជើង តែម្ដងនេះមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ និងមានការគាំទ្រចិន និងរុស្ស៉ី។

យ៉ាងណាក៏ដោយ ចិនសព្វថ្ងៃបានចេញផ្សាយ «ផែនការសន្តិភាពរបស់ខ្លួន» ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលនេះបានធ្វើឱ្យអ្នកជំនាញខ្លះយល់ថាចិនក៏មិនចង់ឃើញសង្រ្គាមអ៊ុយក្រែន បន្ត អូសបន្លាយគ្មានទីបញ្ចប់នោះទេ និងប្រហែលជាចង់បានបទឈប់បាញ់មួយ ស្របទៅនឹងការចង់បានរបស់បណ្ដាប្រទេសមិនមែនលោកខាងលិច និងមួយចំនួននៅក្នុងចំណោមប្រទេស លោកខាងលិច ខណៈភាគីដែលជំទាស់នឹងបទឈប់បាញ់ នោះគឺអ្នកដែលកំពុងប្រយុទ្ធផ្ទាល់នៅលើសមរភូមិ អ៊ុយក្រែន និងរុស្ស៉ី។ ប្រសិនបើគ្មានភាគីណាមួយអាចទទួលបានជោគជ័យធំធេង នៅប៉ុន្មានខែខាងមុខនេះទេ នោះសង្រ្គាមនៅអ៊ុយក្រែនអាចនឹងឆ្ពោះទៅរកបទឈប់បាញ់មួយ។ អ៊ុយក្រែនប្រហែលជាមិនអាចដណ្ដើមយកទឹកដីរបស់ខ្លួនទាំងស្រុងពីរុស្ស៉ីវិញនោះទេ ហើយនឹង ត្រូវបន្តតស៊ូប្រយុទ្ធជាមួយសត្រូវ។ ចំណែកឯ រុស្ស៉ីវិញ អាចប្រើប្រាស់ទឹកដីដែលខ្លួនកំពុងកាន់កាប់ជាលេសប្រាប់ប្រជាជនខ្លួនឯងពីជ័យជម្នះ។

បទឈប់បាញ់ជាការពិតណាស់ វាមិនមែនលទ្ធផលល្អឥតខ្ចោះទេ។ តែប្រសិនបើគេស្វែងយល់ពីសង្រ្គាមកូរ៉េ នោះគេអាចយល់បានថា «បទឈប់បាញ់» គឺវាល្អប្រសើរជាងសង្រ្គាមដែលគ្មានទីបញ្ចប់ ឬក៏សង្រ្គាមលោក។ ទីក្រុងសេអ៊ូលដែលពោរពេញដោយភាពរុងរឿងស៊ីវិល័យ និងដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសង្រ្គាមកូរ៉េ គឺជាឧទាហរណ៍មួយដាស់រំឮកថា «អ្នកដែលទទួលបានជ័យជម្នះ ក្នុងសង្រ្គាមមិនអស្ចារ្យទេ តែអ្នកដែលសម្រេចបានសន្តិភាពទើបអស្ចារ្យ»៕ (Fresh News)