Tuesday, August 06, 2024

រាជរដ្ឋាភិបាល នៅតែកំណត់យកកត្តាមនុស្សជាស្នូល ក្នុងការវិនិយោគដ៏វែងឆ្ងាយ សំដៅពង្រឹងសេដ្ឋកិច្ចជាតិឱ្យរឹងមាំ



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំទ្រសង្គមជាផ្លូវការតែម្តង។ 

សម្តេចធិបតី បានថ្លែងបន្តថា ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសម្បទានសំដៅលើកកម្ពស់ការផលិត និងការរកទីផ្សារឱ្យមានលំនឹងផ្នែកកសិផលសំខាន់ៗ និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំសង្កាត់ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេស។ 

នាឱកាសនោះដែរ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា មនុស្សនៅតែជាកត្តាស្នូលនៃគោលនយោបាយរបស់យើង ដូច្នេះហើយការអប់រំនិងបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មដែលផ្តោតលើជំនាញនិងចំណេះដឹង ដើម្បីធានាបានថា កម្ពុជានឹងមិនធ្លាក់ចូលប្រទេសដែលមានចំណូលមធ្យមនៅក្នុងដំណើរការដ៏វែងឆ្ងាយដែលឈានឆ្ពោះទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ នាពេលខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់៕





សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងប្រទេសដែលបានអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ




ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលបង្ហាញពីស្មារតីរួមសាមគ្គីគ្នា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មិនមែនគ្រាន់តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធម្មតានោះទេ ប៉ុន្តែគឺជានិមិត្តរូបនៃការរួមគ្នារបស់ជាតិខ្មែរយើង។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការរួមសាមគ្គីរបស់ប្រជាពលរដ្ឋជុំវិញគម្រោងព្រែកជីកហ្វូណនតេជោ បង្ហាញពីក្តីសង្ឃឹមនិងភាពជឿជាក់ចំពោះការកសាងនូវសក្តានុពលដើម្បីពង្រឹងនូវឯករាជ្យភាព កិត្យានុភាពជាតិ និងអធិបតេយ្យភាពរបស់ប្រជាជន៕





រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ផ្តោតការយកចិត្តទុកដាក់ចំពោះការពង្រឹងធនធានមនុស្សឱ្យមានចំណូលខ្ពស់នៅឆ្នាំ២០៥០



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាមួយនិងបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយក្នុងនោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យកវិធានគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។


សម្តេចធិបតី បានថ្លែងបន្តថា នៅក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន ៦ ដែលសុទ្ធតែផ្តោតសំខាន់ទៅលើកត្តាមនុស្ស ដូចជាការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនចំនួនប្រមាណជាង១,៥លាននាក់។ ការធ្វើស្ថាបនូបនីយកម្ម និងកម្មវិធីជាតិជំនួយសង្គមគ្រួសារគ្រីក្រ និងជនងាយរងគ្រោះបានគ្របដណ្តប់លើប្រជាជនប្រមាណ ៤,៣លាននាក់។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់៕





ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា



ក្នុងឱកាសនៃជំនួប ឯកឧត្តម Kihara Minoru រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីលទ្ធផលនៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃ"ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាបន្ថែមទៀត រួមទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខ។ 


សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានចូលរួមគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។


សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ​ ក្នុងក្របខ័ណ្ឌកងទ័ពជេីងគោក​ ជេីងទឹក និងជើងអាកាស។ កិច្ចសហការទាំងនោះនឹងផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ច, ការបណ្តុះបណ្តាល​,​ ការបោសសម្អាតមីនមនុស្សធម៌  និងលំហាត់រួមលើការសង្គ្រោះគ្រោះមហន្តរាយ ជាដើម៕






មូលនិធិNippon កោតសរសើរការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា នៅកម្ពុជា




ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិមូលនិធិ Nippon បានកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រយៈពេលជាង៣០ឆ្នាំមកនេះ លោកនាយកប្រតិបត្តិសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាលើការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា ព្រមទាំងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជាពិសេសការគ្របដណ្ដប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ តាមរយ:កិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏បានផ្តល់ការបណ្ដុះបណ្ដាលដល់និស្សិតបរទេសមួយចំនួន ដែលនេះជាមោទនភាពមួយរបស់កម្ពុជា ។ 


សម្ដេចធិបតីបានអអរគុណ និងកោតសរសើរចំពោះមូលនិធិ Nippon ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យស្ដានីតិសម្បទា អប់រំ  និងសុខាភិបាល នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ដោយកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ។ សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា មូលនិធិ Nippon នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីគាំទ្រវិស័យដ៏សំខាន់នេះ៕