ប្រធានអង្គការមួយឈ្មោះ« មាតាធម្មជាតិ
» ជាជនជាតិអេស្បាញ គឺលោក Alex jandro Gonzalez Davidson (
អាឡិច ហ្សង់ដ្រូ ហ្សន់ហ្សាឡេ
ដាវីតសុន)
អាយុ៣៤ឆ្នាំ បានដឹកនាំគ្នីគ្នារបស់ខ្លួនមួយចំនួន បិទផ្លូវសាធារណៈនៅចំណុចច្រាំងត្រឡាច
ស្ថិតក្នុងខេត្តកោះកុង ក្នុងអ្វីដែលលោកគិតថា
ជាការប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គីសនី ។
សកម្មភាពបំពានច្បាប់របស់លោក
អាឡិច ហ្សង់ដ្រូ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ចរាចរ
និងបង្កការអាក់ខានក្នុងការធ្វើដំណើររបស់អ្នកដទៃទៀតដែលត្រូវ
ឆ្លងកាត់ទីនោះ។
ក្នុងឋានៈជាជនបរទេសមួយរូប
លោក អាឡិច ហ្សង់ដ្រូ ហ្សន់ហ្សាឡេ ដាវីតសុន មិនត្រឹមតែបានញុះញង់ប្រជាពលរដ្ឋ
និងបក្ខពួករបស់ខ្លួនមួយក្រុមតូចប្រឆាំងនឹងផែនការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ
ថែមទាំងបង្កចលាចល រារាំង ប្រឆាំងអាជ្ញាធរដែនដីទៀតផង។
តើជនបរទេសម្នាក់នេះ ជាកូនជឹង ជាឈ្នាន់បំរើនយោបាយឲ្យគណបក្សប្រឆាំង
ឬក៏ជាជនអានាធិបតេយ្យចង់ធ្វើជាបងធំ ប្រឆាំងនឹងច្បាប់នៅស្រុកខ្មែរ?
វាមិនមែនគ្រាន់តែជាការប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិប៉ុណ្ណោះទេ
ប៉ុន្តែ ជនជាតិអេស្បាញ ជាប្រធានអង្គការរូបនេះ
បានធ្វើសកម្មភាពដ៏ជ្រុលហួសព្រំដែនកំណត់នៃច្បាប់ គឺការបិទផ្លូវសាធារណៈ
ដែលជាអំពើបំពានច្បាប់ទាំងកំរោល។
បន្ទាប់ពីពិនិត្យឃើញទង្វើច្រងេងច្រងាងរបស់ជនបរទេសរូបនេះ
និងការសម្របសម្រួលនៅកន្លែងកើតហេតុមិនបានសម្រេច
អាជ្ញាធរដែនដីខេត្តកោះកុង ដែលជាមន្ត្រីអនុវត្តច្បាប់ ក៏បាននាំខ្លួនលោក
អាឡិច ហ្សង់ដ្រូ ទៅសាកសួរ
និងធ្វើកំណត់ហេតុនៅការិយាល័យរបស់សមត្ថកិច្ចខេត្ត។
នៅក្នុងចំលើយសារភាពដែលសរសេរដោយដៃជាភាសាខ្មែរ
មានហត្ថលេខា និងស្នាមផ្តិតមេដៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤
ជនបរទេសរូបនេះ បានទទួលស្គាល់ថា ខ្លួនគេពិតជាបានធ្វើខុសច្បាប់
និងបានសូមអភ័យទោសចំពោះកំហុសឆ្គងរបស់ខ្លួន
ដែលបានធ្វើសកម្មភាពចតឡានទទឹងផ្លូវ
ដោយមូលហេតុគ្រាន់តែគេបានលឺដំណឹងពីសហគមន៍នៅតំបន់អារ៉ែង
ថាមានក្រុមហ៊ុនមួយនឹងធ្វើការសាងសង់ទំបន់វារីអគ្គីសនីនៅតំបន់នោះប៉ុណ្ណោះ
គឺគាត់អាចនឹងមិនមានការសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅអំពី
អត្ថប្រយោជន៍ដែលបានមកពីការសាងសង់ទំបន់វារីអគ្គីសនីនៅតំបន់នោះទេ។
ក្នុងកំណត់ហេតុ
លោក អាឡិច ហ្សង់ដ្រូ បានសន្យាថា
ថ្ងៃក្រោយលោកនឹងមិនធ្វើទង្វើណាដែលខុសនឹងសណ្តាប់ធ្នាប់សាធារណៈ
និងប៉ះពាល់ដល់អាជ្ញាធរខេត្តទៀតឡើយ និងបានសូមការអភ័យទោសពីឯកឧត្តម
អភិបាលខេត្តកោះកុង ចំពោះកំហុសនៃការបិទផ្លូវ។
ការសារភាពដូចគ្នានេះ
ក៏បានធ្វើឡើងផងដែរដោយបក្ខពួកគូកន និងប្រជាពលរដ្ឋចំនួន១០នាក់ ដែលចាញ់ការញុះញង់របស់ប្រធានអង្គការមាតាធម្មជាតិ
បានសន្យាចំពោះមុខសមត្ថកិច្ចថា តទៅថ្ងៃមុខ
បើពួកខ្ញុំទាំងអស់គ្នាធ្វើសកម្មភាពបែបនេះទៀត
សូមឲ្យសមត្ថកិច្ចដាក់ទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា
យោងតាមច្បាប់ចរាចរផ្លូវគោក មាត្រា៧៨ បានចែងយ៉ាងច្បាស់ថា
ជនណាប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ
និងពិន័យជាប្រាក់ពីម្ភៃម៉ឺនរៀល ទៅពីរលានរៀល។
ដូច្នេះ
ក្នុងករណីជនជាតិអេស្បាញរូបនេះ ដែលបានបិទផ្លូវសាធារណៈ
ប្រសិនបើសកម្មភាពនេះ
មិនត្រូវបានទទួលយកការសម្របសម្រួលពីសមត្ថកិច្ចនោះទេ លោកអាឡិច
ហ្សង់ដ្រូ ហ្សន់ហ្សាឡេ ដាវីតសុន នឹងត្រូវប្រឈមចំពោះមុខច្បាប់
ហើយមិនត្រឹមតែប៉ុណ្ណោះ បើប្រធានអង្គការរូបនេះ នៅតែរឹងរូសចចេះមានៈមិនស្គាល់ពីកំហុសរបស់ខ្លួន
ហើយបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម
ឬក៏រារាំង បំផ្លាញដល់ការអនុវត្តន៍ច្បាប់ ជនបរទេសរូបនេះ
អាចនឹងត្រូវបណ្តេញចេញពីកម្ពុជា តាមរយៈការអនុវត្តច្បាប់អន្តោប្រវេសន៍
ពីព្រោះសកម្មភាពរបស់លោក អាឡិច ហ្សង់ដ្រូ មិនមែនជាការប្រើប្រាស់ត្រឹមតែសិទ្ធិបញ្ចេញមតិប៉ុណ្ណោះទេ
វាគឺជាការញុះញង់ បង្កចលាចលសង្គម។
លោក អាឡិច ហ្សង់ដ្រូ គួរគប្បីធ្វើសកម្មភាពត្រឹមត្រូវស្របតាមច្បាប់របស់កម្ពុជា
និងព្រំដែននៃវិជ្ជាជីវៈរបស់ខ្លួនដែលជាអង្គការឯករាជ្យ មិនត្រូវពាក់ព័ន្ធក្នុងរឿងនយោបាយឡើយ។
យោងតាមការបំភ្លឺរបស់ក្រសួងរ៉ែ
និងថាមពលលើគម្រោងវារីអគ្គីសនីស្ទឹងអារ៉ែង ផ្សព្វផ្សាយថ្ងៃទី៣០
ខែកញ្ញា ឆ្នាំ២០១៤នេះ បានបញ្ជាក់ថា គម្រោងវារីអគ្គីសនីស្ទឹងអារ៉ែង
ត្រូវបានកំណត់សម្រាប់ការអភិវឌ្ឍតាំងពីមុនឆ្នាំ១៩៧០
ជាមួយគម្រោងវារីអគ្គីសនីដទៃទៀតនៅភាគខាងលិច ដូចជា កំចាយ អាតៃ ឬស្សីជ្រុំ តាតៃ
ជាដើម។
ការសិក្សាបច្ចេកទេស
និងបរិស្ថានធម្មជាតិ និងសង្គម បានចាប់ផ្តើមតាំងពីឆ្នាំ២០០៦ និងនៅខែ វិច្ឆិកា ខែធ្នូ ឆ្នាំ ២០១៣
មានការផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន
និងសង្គមជំហ៊ានដំបូង។
ក្រសួងរ៉ែ និងថាមពល
បានឱ្យដឹងថា ផលដែលទទួលបានពីគម្រោងវារីអគ្គីសនីស្ទឹងអារ៉ែងនេះ
មានអានុភាពតម្លើងត្រឹម១០៨ មេហ្គាវ៉ាត់ ប៉ុន្តែ
វារីអគ្គីសនីនេះអាចដំណើរការស្ទើរពេញមួយឆ្នាំ
ដែលបរិមាណថាមពលផលិតបានប្រចាំឆ្នាំរហូតដល់៥៩៥ លានគីឡូវ៉ាត់ម៉ោង
ច្រើនជាងវារីអគ្គីសនីកំចាយដែលផលិតថាតែ៤៩៨ លានគីឡូវ៉ាត់ម៉ោង
ទោះជាអានុភាពតម្លើងធំជាងដល់ទៅ១៩៤មេហ្គាវ៉ាត់ដ៏ដោយ។ ទន្ទឹមនោះ
គម្រោងវារីអគ្គីសនីស្ទឹងអារ៉ែង
ក៏ដូចជាវារីអគ្គីសនីដទៃទៀតដែរនឹងទទួលនូវអត្ថប្រយោជន៍ជាច្រើន
ដូចជាធានាសន្តិសុខថាមពល ធានានូវស្ថេរភាព និងគុណភាពនៃការផ្គត់ផ្គង់
ការពារទឹកជំនន់ អាចចែកចាយ
និងផ្គត់ផ្គង់ថាមពលអគ្គីសនីទូទាំងប្រទេសតាមបណ្តាញបញ្ជូនជាតិ
និងជារមណីដ្ឋានទេសចរណ៍ធម្មជាតិ ( អេកូទេសចរណ៍)
និងផលប្រយោជន៍ជាច្រើនទៀត ជាពិសេស ការកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ
និងបង្កើតការងារជូនប្រជាពលរដ្ឋជាដើម។
ទោះយ៉ាងណា ក្រសួងរ៉ែ
និងថាមពល បានអះអាងថា គម្រោងវារីអគ្គីសនីស្ទឹងអារ៉ែងនេះ
ក្រសួងនឹងខិតខំរកវិធីធ្វើការអភិរក្ស និងកាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចបំផុត
ហើយថា គម្រោងវារីអគ្គីសនីនេះត្រូវមានការសិក្សាលម្អិតអំពីផលប៉ះពាល់បន្ថែមទៀត
និងការស្វែងរកវិធានដោះស្រាយផលប៉ះពាល់ទាំងនោះ។ បច្ចុប្បន្ន
អ្នកសិក្សាជំហានបន្ទាប់នៃគម្រោងវារីអគ្គីសនីស្ទឹងអារ៉ែង
កំពុងព្យាយាមចូលទៅសិក្សាលម្អិតនៅតំបន់នោះ៕
សូមអានការបំភ្លឺរបស់ក្រសួងរ៉ែ និងថាមពល៖
អត្ថបទដោយ៖ សុភាព