Sunday, October 28, 2018

លោក សុខ ឥសាន៖ ការរិះគន់របស់មន្រ្តីសង្គមស៊ីវិល ចំពោះការចាត់ចែងមន្រ្តីតុលាការ គឺជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងជាក់ស្តែង

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានប្រតិកម្មចំពោះ ការរិះគន់របស់ មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃសមាគមអាដហុក (ADHOC) លោក សឺន សែនករុណា ដែលបានរិះគន់ទៅលើចំណាត់ការផ្ទេរ និងតែងតាំង មន្រ្តីក្នុងស្ថាប័នតុលាការ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានចាត់ទុកថា ការរិះគន់ចំពោះការចាត់ចែង តែងតាំង និងផ្លាស់ប្ដូរព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញា របស់ស្ថាប័នឧត្តមក្រុមប្រឹក្សាអង្គចៅក្រមរបស់មន្រ្តីសង្គមស៊ីវិលរូបនេះ គឺជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងជាក់ស្តែង។
លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅពេលថ្មីៗនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចដាក់ឲ្យចូលនិវត្តន៍ និងតែងតាំងមន្ត្រីតុលាការមួយចំនួន។ ផ្អែកលើការសម្រេចនេះ មានជននៅក្នុងអង្គការសង្គមស៊ីវិលមួយចំនួននិយាយថា ការសម្រេចដាក់ឲ្យចូលនិវត្តន៍ និងតែងតាំងមន្ត្រីតុលាការទាំងនោះមិនមានតម្លាភាពឡើយ ដោយសារពួកគេមិនបានដឹង ដែលនាំឲ្យមានការសង្ស័យមួយចំនួន»។
លោកបានបន្តថា «ការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានប្រព្រឹត្តទៅក្នុងអង្គប្រជុំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហេតុអ្វីបានជាថាគ្មានតម្លាភាព? ការនិយាយបែបនេះ គឺជាការប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងជាក់ស្តែង»។

លោក សុខ ឥសាន បានបញ្ជាក់ថា ស្ថាប័នរដ្ឋរបស់កម្ពុជា ធ្វើអ្វីមួយមិនចាំបាច់ត្រូវរាយការណ៍ឲ្យសង្គមស៊ីវិលនោះទេ។ លោកថ្លែងថា៖ «ឱ! បើអង្គការរដ្ឋធ្វើអីចាំបាច់ត្រូវរាយការណ៍សុំសង្គមស៊ីវិល ឬទើបបានត្រឹមត្រូវ និងមានតម្លាភាពនោះ? បើយ៉ាងដូច្នោះ អង្គការសង្គមស៊ីវិល កំពុងតាំងខ្លួនឯងដ៏អស្ចារ្យ នៅពីលើអង្គការរដ្ឋដែលជាស្ថាប័នកើតចេញពីឆន្ទ:របស់ប្រជាជនកម្ពុជា។ ឯអង្គការសង្គមស៊ីវិល គ្រាន់តែជាអង្គការដែលបង្កើតឡើងដោយមនុស្ស២-៣នាក់សោះ ហេតុម៉េចបានជាទាមទារសិទ្ធិអីធំសម្បើមម៉្លេះ?»៕

សេចក្ដីប្រកាសផ្លូវការអំពីលទ្ធផលនៃការចូលរួមរបស់តំណាង CPP ក្នុងមហាសន្និបាតលើកទី១០ នៃ សន្និសីទអន្ដរជាតិគណបក្សនយោបាយអាស៊ី (ICAPP)


(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយបង្ហាញ អំពីលទ្ធផល នៃការអញ្ជើញចូលរួមរបស់ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ក្នុងមហាសន្និបាតលើកទី១០ នៃសន្និសីទអន្ដរជាតិ គណបក្សនយោបាយអាស៊ី ICAPP ដែលបានប្រព្រឹត្តិទៅនៅទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ។
មហាសន្និបាតនេះ បានផ្ដោតទៅលើប្រធានបទធំៗចំនួន២ រួមមាន ទី១៖តួនាទីរបស់គណបក្សនយោបាយក្នុងការកាត់បន្ថយភាពតានតឹងអន្ដរជាតិ និងការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម​ និងទី២៖សារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយអាស៊ីក្នុងការបង្កើត និងអភិវឌ្ឍន៍ចំណងនយោបាយ សេដ្ឋកិច្ច និងសង្គមរវាងរដ្ឋ និងរដ្ឋ។
សូមជម្រាបថា លោកស្រី ឃួន សុដារី អនុប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍ ICAPP សហប្រធានវេទិកានយោបាយអាស៊ីអឺរ៉ុប AEPF អនុប្រធានទី២ រដ្ឋសភា និងជាសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានចាត់ជាតំណាង CPP ដើម្បីដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី១០ របស់ ICAPP នាពេលនេះ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ដែលខ្លឹមសារទាំងស្រុងដូចតទៅ៖







រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ ថ្វាយសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ​ ក្នុងព្រះរាជពិធីខួបលើកទី១៤ នៃការគ្រងរាជ្យសម្បត្តិ

ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប១៤ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ តាងនាមថ្នាក់ដឹកក្រសួង​ផែនការ​ លោក​  ឆាយ​ ថន​​ សូមព្រះរាជានុញ្ញាតសម្តែងថ្វាយនូវអំណរសាទរ ដោយក្តីរំភើបរីករាយ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅប្រជានុរាស្រ្តទូទាំងប្រទេសតរៀងទៅ៕


លោក នេត្រ ភក្ត្រា​៖ ក្នុងអាណត្តិទី៦នេះ ក្រសួងបរិស្ថានផ្តោតលើរដ្ឋបាលទំនើប កម្ម​​ និងពង្រឹងប្រសិទ្ឋភាពលើកិច្ចគាំពារបរិស្ថាន

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានថ្លែងថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥ ក្រសួង បរិស្ថានបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ហើយនៅក្នុងរាជរដ្ឋា ភិបាលអាណត្តិទី៦ នេះ ក្រសួងបរិស្ថានផ្តោតលើរដ្ឋបាលទំនើប ដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា និងពង្រឹងប្រសិទ្ធភាពកាន់តែខ្លាំងលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

លោកបានថ្លែងដូចនេះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១ ៨ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធី Business and HR Networking ក្នុងក្របខណ្ឌពិព័រណការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ រៀបចំឡើងរយៈពេល ២ថ្ងៃ ២៧ដល់២៨ខែតុលាឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោក នេត្រ ភក្ត្រា បានថ្លែងការកោតសរសើរ និងវាយ​តម្លៃខ្ពស់ចំពោះក្រុមការងារ នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងដែគូរភាគីពាក់ព័ន្ធទំាងអស់ ចែករំលែកចំ​ណេះដឹងបទពិសោធន៍ ដែលធ្វើអោយដំណើរការនៃពិព័រណនេះមានការចូលរួមទស្សនា និង អ្នកស្វែងរកការងារយ៉ាងច្រើនកុះករជាទីមោទនៈក្នុងរយៈពេល ២ ថ្ងៃនេះ។

លោក​ បានបន្តថា កម្មវិធីពិព័រណ៍ការងារនេះ មិនត្រឹមតែផ្តល់ឱកាសការងារប៉ុណ្ណោះទេ តែថែមទាំងផ្តល់ការបណ្តុះ​បណ្តាលដើម្បីធ្វើការស្វែងយល់ និងទទួលព័ត៌ មានថ្មីៗបំផុតពីតម្រូវការជំនាញទីផ្សារការងារ ការធ្វើទំនើបកម្មខ្លួនឯង អភិវឌ្ឍន៍សមត្ថភាពជំនាញ ការរៀបចំផែនការអាជីព បណ្តុះផ្នត់គំនិត កែប្រែឥរិយាបទ និង បង្កើនការយល់ដឹងការលើកកម្ពស់ផលិតភាពជាតិ និងភាពប្រកួតប្រជែងអាជីវកម្មដោយប្រើបញ្ញាក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មឌីជីថល តាមរយៈការដកពិសោធន៍ជាមួយនិយោជក វិស័យឯកជន ជំនាញការជាតិ អន្តរជាតិ និងស្ថាប័នរដ្ឋនៅតាមស្តង់នីមួយៗ និងតាមរយៈគ្រឹស្ថានសិក្សា សាលាមគ្គុទេសក៍ និងផលិតភាពជាតិ៕










រដ្ឋលេខាធិការក្រសួងបរិស្ថានបញ្ជាក់ថាបញ្ហាបរិស្ថានមិនមែនជាបញ្ហាដាច់ដោយឡែករបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជារឿងរបស់យើងទាំងអស់គ្នា

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមធ្វើជាអធិបតីភាពក្នុងកម្មវិធីឧត្តមឆន្ទៈបៃតង សហការរៀបចំឡើងដោយបណ្ណាល័យបញ្ញាវ័ន្ត សមាគម និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងអេកូយុវទូតដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨ នៅវិទ្យា ស្ថានបច្ចេកវិទ្យាកម្ពុជា។ លោក បានបញ្ជាក់ថា បញ្ហាបរិស្ថានមិនមែនជាបញ្ហាដាច់ដោយឡែករបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជារឿងរបស់យើងទាំងអស់គ្នាដែលចាំបាច់ទាមទារការរួមគ្នាសម្អាតបរិស្ថានឱ្យបានស្អាតល្អ។

គោលបំណងនៃកម្មវិធីនេះគឺចង់ឱ្យប្រជាពលរដ្ឋទូទាំងប្រទេស នាំគ្នាជួយថែរក្សាបរិស្ថាន ព្យាយាមគិតនូវគំនិតបៃតង និងអនុវត្តទៅលើរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាជីវិតការងារនិងសកម្មភាពអាជីវកម្មរបស់ពួកគេ។ យើងចង់ឱ្យប្រជាជនក្នុងតំបន់ត្រូវបានទទួ​លការអប់រំ, ត្រូវបានជូនដំណឹងនិងអនុញ្ញាតឱ្យពួកគេដឹងពីរបៀបរួមចំណែកជួយដល់ផែនដីរបស់យើង។ ជាមួយគ្នានេះ ការគ្រប់គ្រងសំណល់រឹងសំរាម និងការការពារធនធានធម្មជាតិជាប្រធានបទក្នុងកិច្ចពិភាក្សា។

ដោយលើកការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់យុវជនក្នុងការថែរក្សាអនាម័យបរិស្ថាន លោក នេត្រ ភក្ត្រា បានជម្រាបជូនអ្នកចូលរួមអំពីតួនាទីភារកិច្ចរបស់ក្រសួងបរិស្ថាន និងផែនការយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងបរិស្ថានដែលបានផ្តោតលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ទាក់ទងនឹងបញ្ហាសំរាម លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមនឹងបងប្អូនប្រជាពលរដ្ឋ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងគ្រប់គ្រងសំណល់រឹងសំរាម។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សំរាមប្រមាណមួយម៉ឺនតោនត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ហើយក្នុងនោះ បរិមាណសំរាមប្រមាណ ៣ ពាន់តោនក្នុងមួយថ្ងៃនៅ រាជធានីភ្នំពេញ និងប្រមាណ ៦០០ តោននៅខេត្តព្រះសីហនុ និងប្រមាណ ៤០០តោននៅខេត្ត​សៀមរាប។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងលើក​ទឹកចិត្តដល់ប្រជាពលរដ្ឋ និងស្ថាប័នគ្រប់ជាន់ថ្នាក់ចូលរួមសម្អាតអនាម័យបរិស្ថាន និងចូលរួមញែកសំរាមឱ្យត្រឹមត្រូវតាមបច្ចេកទេសត្រឹមត្រូវ និងចូលរួមកាត់​បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធ្វើឱ្យសហគមន៍ ភូមិឃុំ និងសង្គមរបស់យើងមានបរិស្ថាន ល្អស្អាត និងពលរដ្ឋរស់នៅប្រកបដោយផាសុកភាព៕







ក្រុមនិស្សិត បញ្ញាវន្ត មន្ត្រីរាជការប្រមាណ ២០០០នាក់ចូលរួម «កម្មវិធីរត់ដើម្បីបរិស្ថាន»

សាធារណជនរួមមានសិស្ស និស្សិត បញ្ញាវន្ត មន្ត្រីរាជការប្រមាណ ២០០០ នាក់បានចូលរួម «កម្មវិធីរត់ដើម្បីបរិស្ថាន» លើកទី៣ ដែលរៀបចំដោយសិស្សានុសិស្សសុឆន្ទៈសាលា ACE និងគណៈកម្មការកិច្ចការសង្គម IDP-ACE សហការជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នេះក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP-ACE បានលើកឡើងថា កម្មវិធីរត់ដើម្បីបរិស្ថាននេះពិតជាមានសារៈ និងបានចូលរួមក្នុងកិច្ចការពារបរិស្ថាន។ លោកបានថ្លែងថា ថវិកាដែលបានមកពីការចូលរួមរបស់សាធារណជននេះនឹងត្រូវប្រើប្រាស់ដើម្បីសាង់សង់បង្គន់អនាម័យ នៅតាមសាលារដ្ឋនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ លោកបានរំឭកថា កម្មវិធីរត់ដើម្បីបរិស្ថានលើកទី១ ថវិកាដែលបានយកទៅរៀបចំកម្មវិធីចូលរួមដាំដើមឈើ កម្មវិធីរត់ដើម្បីបរិស្ថានលើកទី២ សម្រាប់ទិញធុងសំរាមចែកជូនដល់សាលារៀនមួយចំនួន។
លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការហាត់ប្រាណដើម្បីសុខភាព និងការសម្អាតបរិស្ថាន ក៏ដូចជាការផ្លាស់ប្តូរឥរិយាបថ របស់សាធារណជនចំពោះការគ្រប់គ្រងសំរាមដែលខ្លួនបានបង្កើតឡើង។ លោកបានកោតសរសើរចំពោះសិស្សានុសិស្សសុឆន្ទៈសាលា ACE និងគណៈកម្មការកិច្ចការសង្គម IDP-ACE ដែលបានផ្តួចផ្តើមបង្កើតកម្មវិធីរត់ដើម្បីបរិស្ថាននេះឡើង។
អ្នកចូលរួមប្រកបដោយទឹកមុខសប្បាយរីករាយ និងប្រកបដោយមោទនភាព។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមរបស់យុវជន និងសាធារណជនជាតិ និងអន្តរជាតិក្នុងកម្មវិធីរត់ដើម្បីបរិស្ថាននៅពេលនេះគឺជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នៃការរស់នៅប្រកបដោយផាសុកភាព តាមរយៈការហាត់ប្រាណ ហើយតាមរយៈសកម្មភាពទាំងនេះ នឹងចូលរួមចំណែកក្នុងការរៃអង្គាសក្នុងយុទ្ធនាការអនាម័យ និងបរិស្ថានស្អាត។

លោក បានបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តរភាព លុះត្រាយើងទាំងអស់គ្នា មានសុខភាពល្អ និងរស់នៅក្នុងសង្គមដែលមានបរិស្ថានល្អស្អាត។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា ហើយចាំបាច់ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្អាតអនាម័យបរិស្ថាន។ លោកជឿជាក់ថា កម្មវិធីរត់ដើម្បីបរិស្ថាននេះ នឹងត្រូវរៀបចំជាបន្តបន្ទាប់នៅឆ្នាំខាងមុខទៀត និងមានអ្នកចូលរួមពីបងប្អូនប្រជាពលរដ្ឋកាន់តែច្រើន ហើយគំនិតនៃការស្រឡាញ់បរិស្ថាន និងសុខភាពនេះនឹងត្រូវផ្សព្វផ្សាយ រីកសាយភាយទៅគ្រប់ទិសទី៕




អភិបាលខេត្តកំពត ថ្វាយសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ​ ក្នុងព្រះរាជពិធីខួបលើកទី១៤ នៃការគ្រងរាជ្យសម្បត្តិ


ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប១៤ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ តាងនាមថ្នាក់ដឹកនាំខេត្តកំពត លោក​ ជាវ តាយ សូមព្រះរាជានុញ្ញាតសម្តែងថ្វាយនូវអំណរសាទរ ដោយក្តីរំភើបរីករាយ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅប្រជានុរាស្រ្តទូទាំងប្រទេសតរៀងទៅ៕

សាលារាជធានី​ភ្នំពេញ​ ​ដាក់​ឲ្យ​មហាជន​បោះ​ឆ្នោត​ជ្រើសរើស​គម្រូក្លោងរបារកាត់ទទឹងផ្លូវសម្រាប់ពិធីបុណ្យអុំទូក​ នៅលើទំព័រ​Facebookរបស់​ខ្លួន​

នៅថ្ងៃ​ទី២៨​ ខែតុលា​ ឆ្នាំ​២០១៨នេះ​ សាលា​រាជធានី​ភ្នំពេញ​ បានដាក់​ឲ្យ​មហាជនទូទៅមានសិទ្ធិចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​គម្រូក្លោងរបារកាត់ទទឹងផ្លូវសម្រាប់ពិធីបុណ្យអុំទូក​ នៅលើទំព័រ​Facebook​ ផ្លូវការរបស់​ខ្លួន​ ដែលមានឈ្មោះថា​ "​ ដើម្បី​ប្រជាជន​ រាជធានី​ "​ ។

ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ខ្លោងរបារកាត់ទទឹងផ្លូវនោះបាន​ បងប្អូន​ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម​ (Facebook)​ គ្រាន់​តែ​ចុច​ Like​ រូបភាពមួយសន្លឹក ដែលបងប្អូនគិតថាស្អាត និងស័ក្តិសមជាងគេ។

រូបភាពទាំង ៥ជម្រើសខាងក្រោម គឺជាស្នាដៃរបស់បេក្ខជនដែលបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន ៤៥រូបភាព ដែលមានបេក្ខជនចំនួន ២៩នាក់ បានផ្ញើមកដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដោយពិនិត្យទៅលើ អត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ និងការរចនាភ្លើងឱ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង ៥ ខាងក្រោមនេះ។

រូបភាពដែលទទួលបានការ Like គាំទ្រ ច្រើនជាងគេចំនួន ៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច។

ការប្រមូលការគាំទ្រ នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល៕​