Monday, March 21, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២


នៅរសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។



សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីរីករាយ ដោយបានអញ្ជើញមកចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២(២០២១- ២០៣០) បន្ទាប់ពីដំណាក់កាលទី១ នៃកម្មវិធីជាតិរយៈពេល ១០ ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានបញ្ចប់នាចុងឆ្នាំ២០២០ កន្លងមក ។

សម្តេចតេជោបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប )ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការជាទូទៅនៃកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង កម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់ ។ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្ររដ្ឋបាល-សាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដូចខាងក្រោម ៖

ទី១) អំពីការបន្តលើកកម្ពស់ប្រសិទ្ធភាពនិងចីរភាពនៃការគ្រប់គ្រងការងារកែទម្រង់ត្រូវបន្តបែងចែកឲ្យបានច្បាស់លាស់នូវតួនាទី​ សិទ្ធិអំណាច​ និងការទទួលខុសត្រូវលើការផ្ដល់សេវាសាធារណៈដែលត្រូវបានផ្ទេរពីក្រសួងស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ជាពិសេសរវាងថ្នាក់រដ្ឋបាលនីមួយៗដើម្បីរៀបចំគោលនយោបាយ​ និងការផ្ដល់សេវាក្នុងវិស័យនីមួយៗ​។  គ.ជ.អ.ប​ ត្រូវពង្រឹងការអនុវត្តតួនាទីរបស់ខ្លួនដោយផ្សារភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​ ពិនិត្យ​ និងកែសម្រួលច្បាប់​ លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធឲ្យស្របទៅនឹងគោលនយោបាយនិងការវិវត្តន៍នៃការកែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ។ គ.ជ.អ.ប​ ចាំបាច់ត្រូវសិក្សានូវជម្រើសសមស្របនានាសម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិដែលជាយន្តការអចិន្ត្រៃយ៍ធានាប្រសិទ្ធភាពនៃការដឹកនាំការសម្របសម្រួលការតាមដានត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់។

ទី២) អំពីការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតតាមរយៈការរៀបចំឡើងវិញនូវមុខងាររចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការផ្ដល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្អែកលើសក្តានុពលនៃមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធម៌សង្គម។ រដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខងារស្របតាមចរិតលក្ខណៈជាទីក្រុងធំដែលហៅជាសកលថា “ទីក្រុងមេត្រូប៉ូលីតែន” ដើម្បីធានាដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលជាតម្រូវការសមស្របតាមកំណើនប្រជាជននិងសេវាទីក្រុង។ រដ្ឋបាលខេត្តត្រូវបន្តរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខងារស្របតាមចរិតលក្ខណៈរដ្ឋបាលតំបន់ដែលតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នថ្នាក់ជាតិហើយត្រូវគាំទ្រតាមដានត្រួតពិនិត្យលើការបំពេញការងាររដ្ឋបាលមូលដ្ឋាន ការផ្ដល់សេវាសាធារណៈជាមួយនឹងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ហើយដែលក្រុង ស្រុក មិនអាចមានលទ្ធភាពអនុវត្តបាន។ ចំពោះរដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ ត្រូវពង្រឹងឲ្យក្លាយទៅជារដ្ឋបាលមូលដ្ឋានជួរមុខលើការផ្ដល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋដោយផ្ទាល់ទៅតាមមូលដ្ឋាននីមួយៗ។  ចំពោះប្រព័ន្ធអភិបាលកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិក្រុមប្រឹក្សាដែលជាតួអង្គទី១ ត្រូវបង្កើតឡើងតាមការបោះឆ្នោតដើម្បីធ្វើជាតំណាងឲ្យសំឡេងនិងផលប្រយោជន៍ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ហើយមានតួនាទីធ្វើសេចក្តីសម្រេចក្នុងក្របខណ្ឌនៃសិទ្ធិអំណាចដែលបានកំណត់ដោយច្បាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចហើយក៏អាចត្រួតពិនិត្យលើការអនុវត្តការងារគណៈអភិបាលក្នុងការអនុវត្តការងារតាមការសម្រេចរបស់ខ្លួន។ តួអង្គទី២ គឺគណៈអភិបាលដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិឲ្យទៅបម្រើការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រង ចាត់ចែងការងារប្រចាំថ្ងៃ មានតួនាទីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ហើយមានតួនាទីធ្វើជាតំណាងឲ្យរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅក្នុងដែនសមត្ថកិច្ច។ 

ទី៣)​ អំពីការពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពិនិត្យនិងកែលម្អគោលការណ៍និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សដើម្បីលើកទឹកចិត្តការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ដល់ថវិកា បន្ថែមលើលើបៀវត្ស និងការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់និងឋានន្តរស័កក្នុងមុខតំណែងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យសមស្របទៅនឹងមុខជំនាញដើម្បីធានាការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពយុត្តិធម៌និងគ្មានការរើសអើង។ 

ទី៤)អំពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយនឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់រួមទាំងគម្រោងវិនិយោគសាធារណៈដែលពុំទាន់ចាំបាច់ដើម្បីធានាស្ថេរភាពថវិកាជាតិដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវីដ-១៩។ សាខាពន្ធដាររាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗដើម្បីប្រមូលចំណូល សារពើពន្ធនានា។ ទន្ទឹមនឹងនេះត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានាថាធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានាដែលបានកំណត់។

ទី៥) អំពីការរៀបចំនិងពង្រឹងអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញការរៀបចំនិងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដើម្បីធ្វើឲ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិនិងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋព្រមទាំងធានាដល់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលា និងមានតម្លាភាព៕

















សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ


នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ)។ 



ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ជាង៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។ មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ។

ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះសមិទ្ធផលនៃមន្ទីរពេទ្យព្រះកុសុមៈដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ ដែលកើតចេញពីចំណងមិត្តភាពដ៏រឹងមាំរវាងចិន និងកម្ពុជា ។ ឯកឧត្តមសង្ឃឹមជឿជាក់ថាតាមរយៈមន្ទីរពេទ្យនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជនកម្ពុជា ដែលមន្ទីរពេទ្យនេះបានបំពាក់នូវគ្រឿងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ថែមទាំងមានការបណ្ដុះបណ្ដាលធនធានមនុស្សសំខាន់ៗនៅមន្ទីរពេទ្យនេះផងដែរ។ ឯកឧត្តមបានមានប្រសាសន៍គាំទ្រចំពោះកម្ពុជា នឹងបន្តជួយកម្ពុជាជាបន្តបន្ទាប់ទៀតទៅតាមវិស័យផ្សេងៗដែលជាតម្រូវការរបស់កម្ពុជា។ 

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះការទទួលបានសមិទ្ធផលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនាពេលនេះ  ដែលជាមន្ទីរពេទ្យដែលបានបំពាក់នូវបរិក្ខារវេជ្ជសាស្ត្រដ៏ទំនើបជាច្រើន។ សម្តេចតេជោនាយរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កើតចេញពីចំណងមិត្តភាពនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន។ 

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាបច្ចុប្បន្នក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែថាកន្លងមក យើងមិនមានការផ្សព្វផ្សាយឲ្យទូលំទូលាយ ព្រោះដោយសារតែខ្លាចមានការជួញដូរក្រលៀន ឬអវយវៈនោះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ការបង្កើនសមត្ថភាពរបស់គ្រូពេទ្យគឺជារឿងសំខាន់ បូកនឹងការការពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីធានាការព្យាបាលមានប្រសិទ្ធភាព និងសុវត្ថិភាព។ 

ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជាចិន សម្តេចតេជោ បានបានមានប្រសាសន៍ថា មិត្តចិនបានប្រកាសផ្តល់ជំនួយបន្ថែមនូវវ៉ាក់សាំងបង្ការជាជំងឺកូវីដ-១៩ ចំនួន ២០លានដូសបន្ថែមទៀត ដោយ៥ លានដូស នឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះតាមរយៈជំនួយវ៉ាក់សាំងបន្ថែមទៀតនេះ ធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ បានគ្រប់គ្រាន់។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមគ្រូពេទ្យឱ្យចូលរួមទាំងអស់គ្នា ក្នុងថែទាំមន្ទីរពេទ្យ និងបរិក្ខារទាំងឡាយក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ  ដើម្បីធានាការប្រើប្រាស់បានគង់វង្សនិងយូរអង្វែង។ 

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាល ប្រជាពលរដ្ឋកម្ពុជាទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ហើយក៏បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ចាប់ពីពេលនេះតទៅ៕


























ផ្សាយបន្តផ្ទាល់ៈ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន

 

នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប ដែលបានសាងសង់រួចរាល់ជាស្ថាពរ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។

មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ។