Sunday, August 20, 2023

ស្អែកនេះ រដ្ឋសភា ចាប់ផ្តើមបើកសម័យប្រជុំលើកដំបូង និងសម័យប្រជុំលើកទី១ សម្រាប់នីតិកាលទី៧ ដើម្បីរៀបចំក្បាលម៉ាស៊ីន និងរាជរដ្ឋាភិបាលថ្មី



FN- (ភ្នំពេញ)៖ សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងត្រូវធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា​១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

យោងទៅតាមកម្មវិធីដែលជូនដំណឹងរបស់រដ្ឋសភា បានឱ្យដឹងថា សម្រាប់សម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧ នឹងចាប់ផ្តើមនៅម៉ោង៨ព្រឹក ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាងមុខរដ្ឋសភា។ បន្ទាប់មក រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។ ដោយឡែកពេលរសៀល តំណាងរាស្ត្រដែលប្រកាសសុពលភាពទាំងអស់ នឹងយាង និងអញ្ជើញទៅស្បថនៅព្រះបរមរាជវាំង។

សម្រាប់កម្មវិធីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១ លើរបៀបវារៈចំនួន១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។

បើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ការប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រនឹងមានការអញ្ជើញឥស្សរជនជាន់ខ្ពស់ អង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចូលរួមជាកិត្តិយសផងដែរ។

ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ក៏ត្រូវបានបង្ហើបរួចផងដែរ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត ក្នុងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានគាំទ្រដោយសមាជិកអចិន្ត្រ្តៃយ៍បក្ស ឲ្យធ្វើជាប្រធានរដ្ឋសភា។ ចំណែកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា នៅពេលខាងមុខ។

រដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ គឺជារបត់នយោបាយថ្មីរបស់កម្ពុជា ដែលមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់តំណែង៦អាណត្តិ កន្លងមក ចាត់ទុកថា ជាការផ្លាស់ប្តូរដើម្បីបន្តធានាដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រយៈកាលយូរអង្វែង៕

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការផ្ទេរអំណាចសម័យតេជោសន្ដិភាព ជាការបិទបញ្ចប់ទាំងស្រុងទៅលើទស្សនខ្មែរក្នុងប្រវត្ដិសាស្រ្ដនៃមេដឹកនាំកម្ពុជា ជាអាយ៉ងរបស់មហាអំណាចបរទេសទាំងតូចទាំងធំ


FN- (ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថានៅក្នុងដែនកម្ពុជាទេសយើងនេះ បើនិយាយអំពីការគ្រប់គ្រងនិងដឹកនាំប្រទេស ក្រោយពីការធ្លាក់ចុះនៃចក្រភពអង្គរពីស.វ.ទី១៤ រហូតមកដល់សម័យបច្ចេកវិជ្ជាទំនើបនេះ បើយើងនឹកគិតទៅដល់ការគ្រប់គ្រងនិងដឹកនាំប្រទេសនៅក្នុងដំណាក់កាលប្រវត្ដិសាស្រ្ដនៃមេដឹកនាំកម្ពុជាអស់កាល៥០០ឆ្នាំដ៏យូរលង់មកនេះ នៅក្នុងទស្សនខ្មែរយល់ថា មេដឹកនាំខ្មែរគឺជាការលើកបន្ដុប ឬជាអាយ៉ង របស់មហាអំណាចបរទេសទាំងតូចទាំងធំ ជាអ្នករៀបចំ ។

បើពោលឲ្យចំ ចំពោះទស្សនខ្មែរដែលគិតថាជាការលើកបន្ដុប ឬជាអាយ៉ង របស់មហាអំណាចបរទេសទាំងតូចទាំងធំជាអ្នករៀបចំឡើងនោះគឺ៖

ទី១៖ ចាប់ពីសតវត្សទី១៤ រហូតដល់សតវត្សទី១៩ ក្នុងអំឡុងឆ្នាំ១៨៦៣ ជាការលើកបន្ដុប ឬជាអាយ៉ងរបស់មហាអំណាចតូច មានប្រទេសនៅក្បែរខាងខ្មែរគឺ សៀមនិងយួន ជាអ្នករៀបចំ។
ទី២៖ ចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ឆ្នាំ១៩៧០ ជាការលើកបន្ដុប ឬជាអាយ៉ងរបស់មហាអំណាចធំ គឺបារាំង និងអាមេរិកាំង ជាអ្នករៀបចំឡើងរហូតមានរបបប្រល័យពូជសាសន៍ប៉ុលពតកើតឡើងពីឆ្នំា១៩៧០-១៩៧៩ ដែលជាប្រវត្តិសាស្ត្រមួយដ៏សែនខ្លោចផ្សាបំផុត។

លោក រ័ត្ន សណ្តាប់ បន្ដថា ស្ថិតក្នុងរបត់សករាជថ្មីនៃសម័យតេជោសន្ដិភាពនេះ ចំពោះទស្សនវិជ្ជាសម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់អំណាចយ៉ាងធំធេងនៅក្នុងស្មារតីឯករាជ្យជាតិ និងសន្ដិភាពក្នុងការផ្ទេរអំំណាចដល់ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៅនីតិកាលទី៧នៃរដ្ឋសភា ដ៏ឧត្ដុង្គឧត្ដមដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ប្រកបដោយភាពរលូន ស្របតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ដូចបណ្ដាអារ្យប្រទេសប្រជាធិបតេយ្យជឿលឿននានាលើពិភពលោកនេះ គឺជាការបិទបញ្ចប់ទាំងស្រុងទៅលើទស្សនខ្មែរ នៅក្នុងដំណាក់កាលប្រវត្ដិសាស្រ្ដនៃមេដឹកនាំកម្ពុជាអស់កាលដ៏យូរលង់មកនេះជាស្ថាពរ។
ដូច្នេះចាប់ពី របត់ប្រវត្ដិសាស្រ្ដទំនើបថ្មី សម័យតេជោ សន្ដិភាព ការផ្ទេរអំណាចដល់ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នេះរៀងតទៅទស្សនខ្មែរ ក្នុងចំណោមមេដឹកនាំខ្មែរ គឺប្រជាជាតិខ្មែរខ្លួនឯងជាអ្នកសម្រេចសម្រាប់ជោគវាសនាប្រទេសខ្លួនឯង៕

លិខិតមិត្តអ្នកអាន៖ អង្គការសង់ត្រាល់ ចេញជារបាយការណ៍បែបបំភ័យសាធារណៈមតិ គ្មានលក្ខណៈវិទ្យាសាស្ត្រ ហើយចង់បំផុសកំហឹងសង្គម

 


FN-(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅថ្ងៃទី១៧ ខែសីហា បានចេញអត្ថបទចំនួន៤ទំព័រ ដែលមានចំណងជើងថា «តើកម្ពុជាអាចប្រឈម វិបត្តិសង្គម និងសេដ្ឋកិច្ចបែបណាក្រោយការបោះឆ្នោត?»

ឆ្លងតាមការវិភាគលើអត្ថបទនេះ សង់ត្រាល់បានបង្ហាញចំនួន៤ចំណុចធំៗ ទី១ ចំនួនរោងចក្រកាត់ដេរនៅកម្ពុជា បានបិទទ្វាជាបន្តបន្ទាប់ (៨ខែដើមឆ្នាំមានរោងចក្រ១០៧៧) ទី២.ការថមថយនៃកំណើននៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ទី៣. កម្ពុជាមិនបានអនុវត្តលក្ខខ័ណ្ឌការងារ និងទី៤. បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក។

សម្រាប់អ្នកតាមដានបញ្ហាសង្គមលើវិស័យការងារ និងសង្គមជាទូទៅមើលឃើញថា អត្ថបទរបស់អង្គការដែលទទួលជំនួយពីលោកខាងលិចមួយនេះ គ្មានលក្ខណៈវិទ្យាសាស្ត្រ តួលេខមិនច្បាស់លាស់ ប្រើការសន្និដ្ឋានផ្តេសផ្តាសបង្កើតសេនារីយូនយោបាយបំភៃសាធារណៈមតិ ហើយបំផុសឱ្យពលរដ្ឋមានកំហឹងក្នុងសង្គមកម្ពុជាទៅវិញ។

ចំណុចទី១ ស្តីពីការបិទទ្វារោងចក្រនៅកម្ពុជា
ការបិទឬបើកនៃរោងចក្រដែលជារបរ នៃការវិនិយោគគឺជារឿងចៀសមិនផុត។ ប៉ុន្តែជាក់ស្តែងជាទូទៅសុខភាពវិស័យការងារ និងស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ទាំងមូលមានស្ថិរភាពល្អប្រសើរនិងបន្តរីកចម្រើនបន្តទៀតនៅឆមាសទី២ ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤ ក្នុងនោះធនាគារពិភពលោក មូលនីធិរូបិយវត្ថុអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៥.៥% ទៅ៥.៨% ក្នុងឆ្នាំ២០២៣ ហើយក្នុងឆ្នាំ២០២៤ កំណើននឹងកើនដល់ក្នុងរង្វង់៦.១% ទៅ ៦.៦% ដែលជាសញ្ញាណវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជាធៀបប្រទេសនានាក្នុងតំបន់។

ជាមួយលក្ខខណ្ឌល្អប្រសើរបែបនេះ កំណើននៃការវិនិយោគរោងចក្រនៅកម្ពុជាក្នុងវិស័យកាត់ដេរ និងវានភណ្ឌដែលត្រូវបានគេវាយតម្លៃថាធ្លាក់ចុះ បែរជាកើនឡើងពីជាង ១ ៣២០ រោងចក្រនៅចុងឆ្នាំ២០២២ ដល់ ជាង ១ ៣៣០ នៅគិតក្នុងខែមិថុនា ឆ្នាំ២០២៣នេះ និងផ្តល់ការងារផ្លូវការដល់បងប្អូនកម្មករនិយោជិតជាង ៨៣ម៉ឺននាក់។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ មានរោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរបើកថ្មីប្រមាណ ៦០រោងចក្របន្ថែម ដែលបានបង្កើតការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៣ម៉ឺននាក់។ ការណ៍នេះ សបញ្ជាក់ពីនិន្នាការធម្មតាក្នុងវិស័យកាត់ដេរ និងបង្ហាញពីសេចក្តីទុកចិត្តទាំងស្រុងរបស់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកមកលើរាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងអាណត្តិទី៦ និងអាណត្តិទី៧ខាងមុខ។ មួយវិញទៀត តាមការព្យាកររបស់អង្គការ ILO ក្នុងឆ្នាំ២០២៣នេះ ចំនួនការងារសរុបរបស់កម្ពុជានៅតែមានកំណើនប្រមាណ ១,៣% ដែលមានន័យថា ស្ថានភាពទីផ្សារការងាររបស់កម្ពុជាមានភាពរឹងមាំ និងនៅតែផ្តល់ក្តីសង្ឈឹមខ្ពស់ដល់ប្រជាជន ជាពិសេសយុវជន។

ទី២៖ ការថមថយនៃការនាំចេញផលិតផល កាត់ដេរ ស្បែកជើងនិងផលិតផលធ្វើដំណើរ
កម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត ដូចជាវៀតណាម បង់ក្លាដែស ឥណ្ឌូនេស៊ី ស្រីលង្ការ គឺជាប្រទេសផលិតដើម្បីផ្គត់ផ្គង់ផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារពិភពលោក ក្នុងនោះមានអឺរ៉ុប អាមេរិក ជប៉ុន និងបណ្តាប្រទេសអាស៊ាន។ ជាចៃដន្យអាក្រក់របស់ពិភពលោក ក្រោយការរងគ្រោះក្នុងវិបត្តិកូវីដ១៩ដ៏ធ្ងន់ធ្ងរហើយនោះ ពិភពលោកទាំងមូលដែលកំពុងដើរអូសជើងចេញពីវិបត្តិសាកលនេះ ត្រូវជួបប្រទះបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ វិបត្តិនេះ បានទាញពន្យឺតការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកទាំងមូលជាពិសេស សេដ្ឋកិច្ចសហភាពអឺរ៉ុបដែលបានប៉ះពាល់ខ្លាំងជាងគេពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ហើយគួរបញ្ជាក់ផងដែរថាទីផ្សារសហភាពអឺរ៉ុប ជាទីផ្សារនាំចេញធំជាងគេមួយរបស់កម្ពុជាក៏ដូចជាប្រទេសនាំចេញផលិតផលកាត់ដេរដទៃផ្សេងទៀត។ ប្រការនេះ បានធ្វើឱ្យតម្រូវការសាកលសម្រាប់ផលិតផលគ្រប់មុខដែលរួមទាំង សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បានថយចុះតាំងពីត្រីមាសទី២ឆ្នាំ២០២២រហូតដល់បច្ចុប្បន្ន (គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣)។ ក្នុងនោះ តម្លៃនាំចូលនៃផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងការបូបរបស់ពិភពលោក បានធ្លាក់ចុះមកនៅត្រឹម១២៥ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី១ឆ្នាំ២០២៣ ខណៈដែលធ្លាប់កើនឡើងរហូតដល់១៥០ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌពាណិជ្ជកម្មអន្តរជាតិដែលបានទាញយកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

ប្រការនេះ បានធ្វើឱ្យប្រទេសផ្គត់ផ្គង់ដូច កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែសជាដើមរងផលប៉ះពាល់។ ការនាំចេញរបស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះរហូតដល់១៩.២% ខណៈវៀតណាមធ្លាក់ចុះ១៥.៧% ហើយស្រីលង្កាក៏បានធ្លាក់ចុះ១៤.៦% ដោយឡែកកម្ពុជាក៏មានការធ្លាក់ចុះចំនួន១៨.៦%។ ជារួម ការធ្លាក់ចុះផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំនើរ និងកាបូបជានិន្នាការរួមរបស់សកលលោក ប៉ុន្តែមិនមែនបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ។

សម្រាប់អ្នកតាមដានវិស័យកាត់ដេរនៅកម្ពុជា មូលហេតុកំណើននៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង ការបូប និងផលិតផលធ្វើដំណើរនៅឆ្នាំ២០២២ មានកម្រិតខ្ពស់ គឺដោយសារតែកម្ពុជាបានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានសុខាភិបាល និងការអន្តរាគមន៍នានាយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសគឺការធានាបាននូវនិរន្តរភាពច្រវ៉ាក់ផលិតកម្មរបស់រោងចក្រសហគ្រាសនៅកម្ពុជា ដែលធ្វើឱ្យម្ចាស់ម៉ាកនៅទូទាំងពិភពលោក បានបង្វែរការបញ្ជាទិញមកកម្ពុជា ខណៈដែលកាលណោះ តម្រូវការរបស់ពិភពលោក មានការកើនឡើងខ្ពស់ ហើយប្រទេសនាំចេញផលិតផលនេះផ្សេងទៀតនៅមានការឆ្លងរាលដាលជំងឺកូវីដ-១៩ខ្លាំងនៅឡើយ។ ដោយឡែកការថយចុះនាពេលនេះ ក្រៅពីតម្រូវការពិភពលោកមានការថយចុះ ការបញ្ជាទិញម្ចាស់ម៉ាកធំៗដែលធ្លាប់បង្វែរការទិញនៅកម្ពុជាកាលពីឆ្នាំ២០២២នោះ បានត្រឡប់ទៅបញ្ជាទិញពីប្រទេសដែលខ្លួនធ្លាប់បញ្ជាទិញមុនបរិបទកូវិដវិញហើយ ព្រោះពេលនេះ បណ្តាប្រទេសទាំងអស់ក្នុងតំបន់បានបិទបញ្ចប់វិបត្តិកូវីដ១៩រួចហើយ និងមានដំណើរការសេដ្ឋកិច្ច សង្គមដូចកម្ពុជាដែរ។

ទី៣៖ ការអនុវត្តលក្ខខណ្ឌការងារ
គិតមកដល់ឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលគោលរបស់កម្មកររោងចក្រកាត់ដេរបានកើនដល់២០០ដុល្លារក្នុងមួយខែ ដោយបានកើនឡើងបន្ថែមចំនួន៤០០% ចាប់ពីឆ្នាំ១៩៩៧ដែលមានប្រាក់ឈ្នួលគោលត្រឹម៤០ដុល្លារ។ បើប្រៀបធៀបប្រាក់ឈ្នួលជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់ នៅឆ្នាំ២០២៣នេះ កម្មកររបស់ឡាវ ទទួលបានចំនួន ៧៥ដុល្លារអាម៉េរិក, មីយ៉ាន់ម៉ា ទទួលបាន ៦៩ដុល្លារអាម៉េរិក, វៀតណាម ទទួលបានចន្លោះ១៣៨ និង ១៩៨ទៅតាមតំបន់, ស្រីលង្កា ទទួលបាន៣៩ដុល្លារ ហើយបង់ក្លាដែស ទទួលបានចំនួន៧៥ដុល្លារអាម៉េរិក។ ដោយឡែក នៅកម្ពុជា បើបូកប្រាក់ឈ្នួលញអប្បបរមា និងប្រាក់ឧបត្ថមផ្សេងៗ (ប្រាក់ថ្លៃបាយ, ប្រាក់ធ្វើការថែមម៉ោង, ប្រាក់ធ្វើការទៀងទាត់, ប្រាក់ធ្វើដំណើរ, និងប្រាក់អតីតភាពការងារ) កម្មករម្នាក់ៗជាមធ្យមទទួលបានប្រាក់ចំណូលក្នុងរង្វង់២១៧ដុល្លារអាម៉េរិក ទៅ២៥៩ដុល្លារអាម៉េរិកក្នុងមួយខែ។

សូមបញ្ជាក់ថា លក្ខខណ្ឌការងារ និងសុខដុមនីយម្មទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យការងារ ហើយប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងាររបស់អង្គការ ILO ចំនួន១៣ ក្នុងនោះកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ដែលបានផ្តល់សច្ចាប័នអនុសញ្ញាស្នូលទាំង ៨របស់អង្គការ ILO។

បន្ថែមលើនេះ កម្ពុជាបាននិងកំពុងអនុវត្តគោលនយោបាយពាណិជ្ជកម្មផ្សារភ្ជាប់ជាមួយនឹងអនុលោមភាពការងារ និងធានាឱ្យបាននូវកេរ្តិ៍ឈ្មោះផលិតផលនាំចេញរបស់យើងជាប្រភពទំនិញដែលមានការគោរពតាមលក្ខខណ្ឌការងារ និងសិទ្ធិការងារ។ ក្នុងន័យនេះ កម្ពុជាបានទទួលយកការអនុស្សរណៈនៃការយោគយល់គ្នា “កម្មវិធីគម្រោងរោចក្រកាន់តែប្រសើរនៅកម្ពុជា” រវាងរាជរដ្ឋាភិបាល និង ILO-BFC ចំនួន ៨លើក ដោយចាប់ផ្តើមដំបូងនៅឆ្នាំ២០០៣ ហើយបច្ចុប្បន្ន កម្ពុជាបាននិងកំពុងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០២០-២០២២ ដែលចុះហត្ថលេខានៅក្នុងឆ្នាំ២០១៩ និងជាចុងក្រោយ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងត្រូវបន្តបន្ថែមទៀតសម្រាប់ឆ្នាំ២០២៣-២០២៧។

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦ ក្នុងបរិបទកូវីដ១៩ បានផ្តល់វ៉ាក់សាំងជូនកម្មករដោយឥតគិថ្លៃដើម្បីធានាបាននូវសុខភាព និងរក្សាការងារជូនកម្មករនិយោជិត ហើយបានបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតដែល បានព្យួរកិច្ចសន្យាការងារចំនួន ៧០ដុល្លារអាម៉េរិក (រាជរដ្ឋាភិបាល ៤០ដុល្លារអាម៉េរិក និងនិយោជក ៣០ដុល្លារអាម៉េរិក)។ មួយវិញទៀត រដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការបណ្តុះបណ្តាលជំនាញដល់កម្មករដែលព្យួរកិច្ចសន្យាការងារបានចំនួន៦,៨ម៉ឺននាក់ និងបានប្រកាសត្រៀមបណ្តុះបណ្តាលកម្មករ ឬយុវជនកម្ពុជាដែលងាយរងគ្រោះ ឬមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ ដែលចង់អភិវឌ្ឍនជំនាញ ឬចង់បានជំនាញជាក់លាក់ដើម្បីបង្កើនប្រាក់ចំណូល។

មិនតែប៉ុណ្ណោះ កម្មករនិយោជិត ក៏នឹងទទួលបានផងដែរនូវប្រាក់សោធននិវត្តន៍ ប្រាក់ថែមម៉ោង ប្រាក់ធ្វើការទៀតទាត់ ផ្តល់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់កម្មករនិយោជិតក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារទៀតផង និងការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃ។ល។ អ្វីដែលបានលើកឡើងសម្រាប់កម្មករនេះ នៅមិនទាន់រាប់បញ្ចូលការឧបត្ថមសម្រាប់កម្មការនីមានផ្ទៃពោះ ដូចជាអនុញ្ញាតិឱ្យចេញមុនម៉ោង ១៥នាទី, ឈប់សម្រាកចំនួន ៩០ថ្ងៃ តាមច្បាប់ស្តីពីការងារ និងទទួលបានប្រាក់ឈ្នួលសរុប ១២០% ដោយ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស., ទទួលបានប្រាក់ឧបត្ថម្ភ មុន និងក្រោយ សម្រាលកូន សរុបចំនួន ១លាន ៩២ម៉ឺនរៀល ឬ ៤៨០ដុល្លារអាម៉េរិក/១នាក់ដោយមិនទាន់រាប់បញ្ចូលការឧបត្ថមរបស់ដល់ស្តី្រកម្មករដែលនឹងទទួលបានការឧបត្ថមពេលឆ្លងទន្លេកូន១រូប បាន៨០ម៉ឺនរៀល ភ្លោះ២រូប បាន១.២លានរៀល និងភ្លោះ៣រូបទទួលបាន១.៦លានរៀល និងការឧបត្ថមពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ចំនួន៥លានរៀលទៀតផងទេ។

ទី៤៖ ប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប និង GSPរបស់អាមេរិក
តាមពិតការលើកឡើងស្តីពីប្រព័ន្ធងនុគ្រោះពន្ធEBA និង GSPរបស់អាមេរិកនេះ គឺជារឿងនយោបាយតែប៉ុណ្ណោះដែលវាហាក់ដូចជាអាយ៉ៃឆ្លើយឆ្លងដែលមិនចេះចប់ព្រោះអ្នកលើកឡើងមិនចង់ចប់។ ចំណុចនេះ គឺជាចំណុចដែលគណបក្សប្រឆាំង និងសង្គមស៊ីវិលប្រើវាជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល។ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប(អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) នៅឆ្នាំ២០០១ក្នុងចំណោមប្រទេសក្រីក្រចំនួន៣នៅអាស៊ាន ក្នុងនោះមានឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានប្រកាសយកពន្ធលើផលិតផលកម្ពុជាចំនួន២០%នៃផលិតនាំចូលទាំងអស់ដែលស្មើប្រមាណ៨០មុខ។ ផ្ទុយទៅវិញ បើទោះបីជាយកពន្ធ២០%ក៏ដោយ ក៏ការនាំចេញរបស់កម្ពុជានៅបន្តកើនឡើងដដែល។ ជាក់ស្តែងតម្លៃនាំចេញសរុបរបស់កម្ពុជានៅឆ្នាំ២០២២ បានកើនឡើង១៧,១% ក្នុងនោះការនាំចេញទៅអឺរ៉ុបបានកើនឡើង ២៥,៣% (វិស័យកាត់ដេរនាំចេញទៅអឺរ៉ុបកើនឡើង ២១,៧%) ដែលបញ្ជាក់ឱ្យឃើញថា កម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហើយ EBA មិនមែនជាបញ្ហាចម្បងក្នុងការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់កម្ពុជាទៀតឡើយ ផ្ទុយទៅវិញការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA កាលពីឆ្នាំ ២០២០ បានជួយឱ្យកម្ពុជាបានត្រៀមខ្លួនកាន់តែប្រសើរ មានភាពម្ចាស់ការ និងមានភាពប្រកួតប្រជែងដោយឡែករបស់ខ្លួន។ គួរកត់សម្គាល់ថា EBAនេះ នឹងត្រូវបានទាំងស្រុងនៅឆ្នាំ២០២៧ព្រោះកម្ពុជាលែងជាប្រទេសក្រីក្រដែលស្ថិតក្នុងកូតារបស់សហភាពអ៊ឺរ៉ុបទៀតហើយ។

ដោយឡែក ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(GSP)វិញគឺជាប្រពន្ធអនុគ្រោះពន្ធដែលផ្តល់ឱ្យប្រទេសក្រីក្រ ឬមានកំណើនតិចតួចបំផុតក្នុងនាំចូលមុខទំនិញដោយមិនជាប់ពន្ធ។ សម្រាប់កម្ពុជា ប្រពន្ធអនុគ្រោះពន្ធនេះ បានផុតតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មកម្លេះបន្ទាប់ពីកម្ពុជាទទួលបាននៅឆ្នាំ១៩៩៧។ សូមរំលឹកថា ក្នុងឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទំហំជាង ៩.២ ពាន់លានដុល្លារ កើនឡើង ១៨.៦ ភាគរយបើធៀបឆ្នាំ ២០២១។ ជាមួយទំហំពាណិជ្ជកម្មនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅតែបន្តមានវឌ្ឍនភាពបើទោះបីអត់មានប្រព័ន្ធGSPក៏ដោយ។ ប៉ុន្តែមិនមានន័យថា កម្ពុជាមិនទទួលប្រព័ន្ធអនុគ្រោះពន្ធGSPរបស់អាមេរិកនោះទេព្រោះការផ្តល់ឱ្យវានឹងនាំឱ្យជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជាមានកំណើនបន្ថែមទៀត។

ទាំងនេះ គឺជាចំណុចត្រួសៗដែលរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងផ្តល់ដំណោះស្រាយ និងសម្រួលជូនកម្មករនិយោជិត ប៉ុន្តែមិនត្រូវបានកត់ចំណាំដោយមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់)។ តើវាជា ការមើលមិនឃើញ ស្តាប់មិនឮឬយ៉ាងណា? ប៉ុន្តែផ្ទុយទៅវិញ មានតែចំណុចអវិជ្ជមានដែលគ្មានការពិត មិនគ្រប់ជ្រុងជ្រោយ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃសង្គមកម្ពុជាក្នុងវិស័យកាត់ដេរ។ ហេតុអ្វីបានជាដូចនេះ? តើដូចពាក្យគេថាអង្គការមួយចំនួននៅកម្ពុជាដើម្បីទទួលបានជំនួយសម្រាប់ប្រតិបត្តិការក្នុងអង្គការ បានយកបញ្ហាកម្មកររោងចក្រ សិទ្ធិការងារ ប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អ៊ឺរ៉ុប និងGSPរបស់អាមេរិក។ល។... ជាឆ្នាំងបាយរបស់ខ្លួន?

មួយវិញទៀត ក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហាដែលនិយាយថា៖ «ការឈឺចាប់ចំពោះបញ្ហា មិនបានរួមចំណែកក្នុងការស្វែងរកដំណោះស្រាយ ឬធ្វើឱ្យស្ថានភាពប្រសើរឡើងឡើយ មានតែការចូលរួមឈឺឆ្អាលរបស់យុវជន និងពលរដ្ឋគ្រប់គ្នាប៉ុណ្ណោះទើបធ្វើឱ្យស្ថានភាពប្រសើរឡើងជាងនេះសម្រាប់ ៥ឆ្នាំខាងមុខ។ យើងនឹងក្លាយជាពលរដ្ឋអាត្មានិយមនៅពេលដែលយើងម្នាក់ៗបន្តនៅស្ងៀមស្ងាត់ចំពោះបញ្ហាដែលកំពុងកើតមានទ្បើងក្នុងសង្គម»។ សំណួរសួថា តើអង្គការសង់ត្រាល់ចង់បានអ្វីឱ្យពិតប្រាកដ? តើមិនមែនជាការដុតរោលឱ្យពលរដ្ឋមានកំហឹងទេឬយ៉ាងម៉េច? នេះជាសំណួររបស់ពលរដ្ឋ។

សូមបញ្ជាក់ថា ទម្រាំមានសន្តិភាពដូចសព្វថ្ងៃកម្ពុជារងចាំរយៈពេល៥០០ឆ្នាំដើម្បីមានកម្ពុជាមួយដែលមានរដ្ឋធម្មនុញ្ញតែមួយ រាជបល្ល័ង្កតែមួយ រាជរដ្ឋាភិបាលតែមួយដែលគ្មានការបែងចែកទឹកដី និងតំបន់កាន់កាប់។ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ កម្ពុជា បានបើកលំហអង្គការសង្គមស៊ីវិលក្នុងការធ្វើប្រតិបត្តិការនៅទូទាំងប្រទេសដោយគ្មានការរិតត្បិត។ គិតត្រឹមបំណាច់ឆ្នាំ២០២២ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានជាង៦ពាន់ស្ថាប័ន ហើយរដ្ឋាភិបាលតែងតែចាត់ទុកសមាគម និងអង្គកការមិនមែនរដ្ឋាភិបាលទាំងនោះ ជាដៃគូសហការមិនអាចខ្វះបាន។

ដូចនេះ វត្តមានសមាគម និងអង្គការ គួរតែដើរតួនាទីជាអ្នកផ្តល់ព័ត៌មាន ផ្តល់ទិន្នន័យ និងការវិភាគជាក់ស្តែងឱ្យរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យកែតម្រូវចំណុចខ្វះខាត ហើយជឿថា រដ្ឋាភិបាលកម្ពុជានឹងមិនចង្អៀតចង្អល់ក្នុងការទទួលចំណុចអវិជ្ជមានដើម្បីស្ថាបនានោះទេ៕