ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរជាលក្ខណៈមិត្តភាពអន្តរជាតិ និងដណ្តើមខែ្សក្រវ៉ាត់ ណាហ្គា វ៉ើល នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានសហការរៀបចំឡើងដើម្បីចូលរួមអបអរសាទរទិវាជ័យជំនៈ ៧មករាខួបលើកទី៣៧ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ក្រោមវត្តមានចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម យុទ្ធ ភូថង ក្នុងនាមគណៈកម្មការរៀបចំការប្រកួតបានលើកឡើងថា៖ ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរនាពេលនេះមានលក្ខណៈជាមិត្តភាព-អន្តរជាតិ ហើយក៏ជាលើកទី៣ដែរ ដែលបានរៀបចំក្នុង មួយឆ្នាំម្តងនៅតាមបណ្តាខេត្តនានា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យកីឡាហើយក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរទាំងបច្ចេកទេស និងបទពិសោធន៍ក្នុងការប្រកួតក្បាច់គុនបុរាណដែលជាមរតកនៃសិល្បៈការពារខ្លួនរបស់ប្រជាជាតិខ្មែរយើង។ ការប្រកួតជាលក្ខណៈមិត្តភាព អន្តរជាតិនាពេលនេះដែរ គឺស្របពេល ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមអបអរសាទរខួបលើកទី៣៧ ទិវាជ័យជំនះ៧មករា ព្រមទាំងជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រលាញ់ និងគាំទ្រកីឡា ពិសេសក្បាច់គុនបុរាណខ្មែរ សំដៅលើកកម្ពស់កិត្តិសព្ទកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ឱ្យកាន់តែមានភាពល្បីល្បាញថែមទៀតនៅលើឆាកអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានឲ្យដឹងដែរថា ក្នុងចំណោមកីឡាជាច្រើន ក្បាច់គុនបុរាណខ្មែរ គឺជាប្រភេទកីឡាដ៏មានប្រជាប្រិយភាពមួយ ដែលទទួលបានការទាក់ទាញ និងគាំទ្រ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ហើយក្បាច់គុនបុរាណខ្មែរ មិនត្រឹមតែជាកីឡាប្រដាល់សម្រាប់ប្រកួតតាមលក្ខណៈបច្ចេកទេស និងដើម្បីប្រកួតយកចាញ់ឈ្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសិល្បៈកីឡា នៃការបញេ្ចញនូវកាយវិការដ៏រហ័សរហួន ប្រកបដោយភាពស្វាហាប់ និងមានឫសគល់យ៉ាងជ្រៅក្នុងទំនៀមទំលាប់ប្រពៃណីវប្បធម៌របស់ជាតិ ហើយកីឡាប្រភេទនេះ ក៏បានបង្ហាញ នៃអារ្យធម៌ខ្មែរផងដែរ។ តាមការសិក្សាស្រាវជ្រាវរបស់ប្រវត្តិវិទូបានឱ្យដឹងថា នាសម័យអាណាចក្រខ្មែរ ក្បាច់គុនខ្មែរមានច្រើនប្រភេទណាស់ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងវិស័យការពារជាតិ និងសង្គមវប្បធម៌ ជាសិល្បៈការពារខ្លួន ជាល្បែងប្រដាល់កំសាន្ត និងជាយុទ្ធគុនសម្រាប់ពលទាហានផងដែរ។ ជារួមក្នុងសម័យនោះ ទាំងព្រះរាជាមន្រ្តីគ្រប់ជាន់ថ្នាក់ ពលទាហាន និងរាស្រ្តសាមញ្ញភាគច្រើន សុទ្ធតែទទួលបានការហ្វឹកហាត់ និងរៀនក្បាច់គុនខ្មែរមានជាអាទិ៍ គុនប្រដាល់ គុនដាវ គុនដំបង បាញ់ធ្នូ និងក្បាច់គុនល្បុក្កតោជាដើម។ ជាក់ស្តែង យើងអាចរកឃើញ ភស្តុតាងជាច្រើន លើផ្ទាំងថ្មចម្លាក់នៅតាមប្រាសាទបុរាណនានា តួយ៉ាងនៅបា្រសាទសម្បូរណ៍ព្រៃគុហ៍ ប្រាសាទអង្គរបូរី ប្រាសាទកោះកេរ្តិ៍ ប្រាសាទបន្ទាយស្រី ប្រាសាទបាពួន ប្រាសាទបាយ័ន ដែលអាចបញ្ជាក់យ៉ាងច្បាស់ អំពីប្រភពមរតកវប្បធម៌នៃក្បាច់គុនបុរាណខ្មែរដែលបាន បន្សល់ទុក។
សម្រាប់ការប្រកួតឆ្នាំនេះនៅខេត្តព្រះសីហនុ មានចំនួន៨គូ ដែលសុទ្ធសឹងជាការប្រកួត ជាលក្ខណៈមិត្តភាព អន្តរជាតិ ហើយជាលទ្ធផលសំរាប់កីឡាករកម្ពុជា ប្រកួតស្មើ១គូ ឈ្នះដោយពិន្ទុចំនួន៤គូ និងបានផ្ដួលគូប្រគួត ឲ្យសន្លាបសង្វៀនមានចំនួន៣គូ ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ngQ1p7CmmDo9nXUeNKptHou4uQCv3CH76cbgEWCyWGkliuxNmOZoHRVPmEfH90BLgMYStZV64UxIGqpXyzhEEc8KX54Oe7SqDoEQKRlqzhIswMjRT_XnOfb_-QqWntqDUnFYAK4Pa0_y/s640/20160107_DPMSA_BOXER_SIHANOUK-Ville_0016.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHpngkeiYgQXaF5-LaVg-3UjHpIrAreK9KMX5I6EJy0OrUnPHDC_wRZZdlOtUQ_A8x-6kjk3OnvseiMpJ1g9vaZIbI0-Ioxg2op1n2uJOaSuTG8Nktyl3vPI7Y48z7ZR3FtmADArD7-SG/s640/20160107_DPMSA_BOXER_SIHANOUK-Ville_0006.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLOKpyxb0YTd-TtGBJuFkQYjlY6X5vRxc0JFVITnTpxo0GldluInQWuuE_6l3HtOfDCh9Xv6pHTTz24DSk8NhkfCV2UROqfjvWgWJtCB4ai_nfl7HrjYGYhS8SYTjkDprM_uoFAAHG0ydl/s640/20160107_DPMSA_BOXER_SIHANOUK-Ville_0007.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqsXL1jEXIL-H5tdiBJ5AM2AOdKvKHmPqvtib35-Ak-5qPwVOWBLqGIZJJBoPEabEeer9HN_ZezOqtA0yOp3Gzt6nbAgsSxkiVOal6X0Xsf2sKBBgs7Kv6xsrEynlxDHcIPufSUw29RlDr/s640/20160107_DPMSA_BOXER_SIHANOUK-Ville_0024.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSWlAmIVdIy7BL5KVKA9JU-Thl8q3_UFEwQx8ZX21I4273MTQw3K_83WMQpCJWRl_2o9sNp2w3KAFQzRSWnDO8JNy29x-mDiKK8GHDZuwPS0tp9VG8YodpEVx30qKRmg42x5Nr0_RVf5yr/s640/20160107_DPMSA_BOXER_SIHANOUK-Ville_0031.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNLW_7YJwo0d6bqAY68VKNDhCqMp_a2Wr0ghDhnX0FXXrfOFyGBLyTAXu9h2Q7iBUkaZlaO-wFkp-5vxwYKothUjj-orhkR-ZSoibQNoTC-CC4033rizF5sZGW1061qG4NT8dt8uVsMRkG/s640/20160107_DPMSA_BOXER_SIHANOUK-Ville_0067.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY5fj1AV8zHc2H74srvHaLjYYikoxxpRtKL9XyIQJfQ8iVvR7ocY-wbIPsLQb419_sQekbCgHMHaYiM7VwYIkV-CXbFprJue5ZuYS9Sg7gzqqdeXCh02JSL7DppXlzUyu_nkQXhhRyuCVI/s640/20160107_DPMSA_BOXER_SIHANOUK-Ville_8201.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT5f_vOF1XccJ1IVqgjJ06odHk9mauIzn5Voz8XjTORnxfCSwytpkjfKDgo_umBm4xdUcMxaZk24QzTHM1pPPq8KY2Q6R_JiCRXiqV6EFHa1ThbYGpyFK6YABWZgZh75BIcFIfD1mjFoWk/s640/20160107_DPMSA_BOXER_SIHANOUK-Ville_8233.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjayTXSMqb9XagHzH4-AElI3eDRNudX6qAx8w02pGdGDVZwey0QjqLZ1C__em1mwbtMfI1l0D8GFjkg9q2-3aTbybi2SyxouNmi1VFt4-BGSG4whh9L3w-a3A9ZmIONXG5ys31OuFFhbgfr/s640/20160107_DPMSA_BOXER_SIHANOUK-Ville_8232.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1P6SjPLSBjC2em2IXkdi0ULXx2QbHkIC5ct_DELHM7gEznhtl9GlCS3EyCCap20HA2sNpLet57Hi-x5m0iFsdvuQugNwa0pmRJVqemmnszjQ9LQ-do_MVuXhSE-U0mAR7uw7X5cuyuF6m/s640/20160107_DPMSA_BOXER_SIHANOUK-Ville_8231.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijiUtGK5vGRok-e1liCGvPA03sMkd5qg6QkqdywOxrNQx1jlsewB8VX8BBrI7wAZxc1abBLUOteZRgfVsvjFVYZ8ghCmKee9HF-nvL8E6WUD885y6GwDlvC2GTXOD_Bhua3bZ6ObgjxWXY/s640/20160107_DPMSA_BOXER_SIHANOUK-Ville_8230.jpg)