Thursday, October 10, 2024

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាទៀត




នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


ក្នុងឱកាសនៃជំនួប លោកជំទាវ នាយករដ្ឋមន្រ្តីថៃ បានថ្លែងអំណរគុណ សម្ដេចបវរធិបតី ដែលបានផ្ញើសារអបអរសាទរលោកជំទាវ មុនគេបង្អស់នៅពេលដែលលោកជំទាវត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។ លោកជំទាវ នាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយក្តីរីករាយនូវភាពរីកចម្រើនថែមទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈឆ្នាំ ២០២៤។  


ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ថៃ  ដែលត្រូវបានដំឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០២៤នេះ។ 


សម្តេចបវរធិបតី និងលោកជំទាវនាយករដ្ឋមន្រ្តី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ ការចាប់ផ្ដើមឡើងវិញនូវកិច្ចប្រជុំយន្តការទ្វេភាគីមួយចំនួន ការសិក្សាអំពីលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញគ្នាទៅវិញទៅមក ការតភ្ជាប់រវាងប្រជាជននិងប្រជាជន វិស័យទេសចរណ៍ វិស័យការពារជាតិ និងសន្តិសុខ ជាដើម។


ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា និងប្រគល់ជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីសម្របសម្រួលកិច្ចពិភាក្សាបន្ត ពាក់ព័ន្ធនឹងប្រធានបទខាងលើ ព្រមទាំងរៀបចំឱ្យមានសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ នាឆ្នាំ២០២៥៕




ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មានសារៈសំខាន់សម្រាប់ធានានូវកំណើនចីរភាព




នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី  (AIIB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


ក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា លោកមានក្ដីសោមនស្សរីករាយជាខ្លាំងដែលចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលកម្រិតតំបន់នេះ ហើយខ្លឹមសារសំខាន់នៃសុន្ទរកថារបស់លោក គឺផ្ដោតលើសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នៅក្នុងតំបន់អាស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសនៅក្នុងតំបន់។ លោកប្រធានធនាគារក៏បង្ហាញនូវសក្ដីសប្បាយរីករាយដែលធនាគារ AIIB បានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ លោកប្រធានធនាគារបានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា កម្ពុជា ជាប្រទេសស្ថាបនិកមួយដែលបានចូលរួមចំណែកក្នុងការបង្កើតធនាគារ AIIB កាលពី ៩ ឆ្នាំមុន។ ការណ៍នេះសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងការអភិវឌ្ឍបន្តិចម្ដងៗនៃដំណើរការរបស់ធនាគារ AIIB។ ជាមួយគ្នានោះលោកប្រធានធនាគារក៏បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីជំរុញ និងធានាដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញដើម្បីបង្កើននូវភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ 


ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះ ប្រកបដោយអត្ថន័យរបស់លោកប្រធានធនាគារ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលព្រឹក។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់នូវគន្លឹះអាទិភាពធំៗចំនួន៥ ដែលក្នុងនោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពសំខាន់មួយ ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានល្អប្រសើរ ហើយក៏ជាអ្វីដែលកម្ពុជាត្រូវការអភិវឌ្ឍបន្ថែមទៀត បន្ទាប់ពីបានរងការខូចខាតដោយភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា បុរេលក្ខខណ្ឌដ៏សំខាន់មួយនៃការអភិវឌ្ឍជាតិ គឺការធានាឱ្យបាននូវសុខសន្ដិភាព ស្ថិរភាព ជៀសឱ្យផុតពីជម្លោះប្រដាប់អាវុធ ព្រោះថានៅពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម នោះគ្រប់គ្នានឹងដឹងថា សន្ដិភាពមានតម្លៃប៉ុណ្ណា។ សម្ដេចបវរធិបតី គូសបនញ្ជាក់ថា ក្នុងនាមជាប្រទេសស្ថានិកមួយរបស់ធនាគារAIIB កម្ពុជានឹងបន្តចូលរួមជាមួយធនាគារ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងជាស្ថាប័នសម្របសម្រួល និងទំនាក់ទំនងផ្ទាល់ ជាមួយធនាគារ AIIB។

ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី៖ កម្ពុជាជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍




នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ Tan Sri Nazir Razak  ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ 


ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលសម្ដេចបវរធិបតីបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងារមួយចំនួនរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៅពេលដែលប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៥ខាងមុខ ហើយរូបលោកក៏នឹងក្លាយជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ផងដែរ។ លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីបានលើកឡើងអំពីគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅតំបន់អាស៊ាន តាមរយៈ៖ (១) ការកំណត់អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន, (២) ការរៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង នៅក្នុងទីផ្សារមូលបត្រអាស៊ាន (ASEAN-IPO), (៣)ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គម ជាមួយនឹងការសម្រួលដល់ការបរិច្ចាគឆ្លងដែននានា និង (៤) ការជំរុញឱ្យមានការចូលរួមផ្នែកយែនឌ័រប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងធុរកិច្ច និងការវិនិយោគ។ លោកប្រធានក្រុមប្រឹក្សាធុរកិច្ចក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា កម្ពុជា ជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេស ខាងវិស័យទេសចរណ៍ និងបានលើកឡើងពីការជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងតំបន់ និងពិភពលោក ជាមួយនឹងការផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ ក្នុងការកំណត់គំរូអាជីវកម្មថ្មីៗ។  


ជាការឆ្លើយតប សម្ដេចបវរធិបតីបានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី ដោយសម្ដេចបវរធិបតីបានគូសបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺការប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងនេះទៅជាសកម្មភាព និងលទ្ធផលជាក់ស្ដែង។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើសុខដុមនីយកម្មនៃក្របខ័ណ្ឌគតិយុត្តនៃបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើតឱ្យបាននូវបរិស្ថាន អំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគិនក្នុងតំបន់អាស៊ាន, ការប្រែក្លាយគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតឱ្យមានទីផ្សារមូលបត្ររួម នៅក្នុងតំបន់អាស៊ាន និងការជំរុញការចូលរួមបន្ថែមទៀតរបស់វិស័យឯកជនក្នុងធុរកិច្ច និង ការវិនិយោគ ។ សម្ដេចបវរធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកថាវិស័យឯកជនជាដៃគូមិនអាចខ្វះបានក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកញ្ចប់វិធានការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនបានដំណើរការល្អប្រសើរ និងរីកលូតលាស់ ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់




នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ

មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុប្រធានគ្រប់គ្រងនៃ IMF បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើចំណុចសំខាន់ៗពាក់ព័ន្ធទៅនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និងការពង្រឹងភាពជាដៃគូដ៏ល្អ រវាងកម្ពុជា និង IMF សម្រាប់ពេលអនាគត។ ឯកឧត្តមបានក៏គូសបញ្ជាក់ថា កម្ពុជាបានធានានូវភាពជាដៃគូដ៏ល្អជាមួយនឹង IMF, ជាពិសេសក្នុងមុខងារនៃការឃ្លាំមើល (Surveillance function), ការកំណត់នូវអនុសាសន៍គោលនយោបាយ, និងការចូលរួមក្នុងការជំរុញឱ្យស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគាររបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ និង ភាពរឹងមាំ។ 


ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ IMF ក៏ដូចជាក្រុមការងាររបស់ IMF ដែលបានរួមចំណែក ក្នុង៖ (១) ការផ្ដល់ជំនួយបច្ចេកទេស, ការបណ្ដុះបណ្ដាលនិងការកសាងសមត្ថភាពដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ច, សារពើពន្ធ, ហិរញ្ញវត្ថុ, និងវិស័យផ្សេងៗទៀត ដែលមានសារៈសំខាន់ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច, សារពើពន្ធ និងរូបិយវត្ថុ, (២) ប្រែក្លាយប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីប្រព័ន្ធសេដ្ឋកិច្ចផែនការទៅប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ, និង (៣) ធានាបាននូវស្ថិរភាពផ្នែកធនាគារ និងហិរញ្ញវត្ថុ ដែលជាសសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា, និង (៤) ពង្រឹងការរៀបចំទិន្នន័យ និងបង្កើតប្រព័ន្ធទិន្នន័យនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលមានសារៈសំខាន់នៅក្នុងការកំណត់ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ប្រកបដោយភាពច្បាស់លាស់ និងឈានទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ជូនឯកឧត្តមអនុប្រធានផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពគន្លឹះមួយចំនួននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល IMF អាចចូលរួមគាំទ្រ និង ជួយជំរុញ ធ្វើយ៉ាងណាអាចឱ្យកម្ពុជាអាចអនុវត្តយុទ្ធសាស្រ្តខាងលើ ប្រកបដោយជោគជ័យ ឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ កម្ពុជាបាន និងកំពុងតែយកចិត្តទុកដាក់ក្នុងការកំណត់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ តាមរយៈការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក៏ដូចជាតាមរយៈការពង្រឹងនូវឯករាជភាពផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។   


សម្ដេចបវរធិបតី និងឯកឧត្តមអនុប្រធាន IMF បានបង្ហាញជំហររួមគ្នាក្នុងការបន្តនូវភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ក៏ដូចជាការកំណត់នូវក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ពេលអនាគត។