Tuesday, July 23, 2019

សេចក្តីបំភ្លឺរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (ខ្មែរ-អង់គ្លេស)»



សូមមទស្សនាវីដេអូ សេចក្តីបំភ្លឺរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (ខ្មែរ-អង់គ្លេស)
មានរយៈពេល ៣នាទី ១៣វិនាទី

បុណ្យចូលព្រះវស្សា

បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំ វស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺ ចាត់ចែងវស្សិកសាដក(សំពត់សំរាប់ងូត ទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព ។ ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈ ពេល ៤ខែ គឺរាប់ ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើតខែកត្តិក រយៈពេលនោះ ឯង ហៅថាវស្សានរដូវ ។ បានជាព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់ អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សា នោះពីព្រោះហេតុខាង ដើម ២យ៉ាងគឺ៖
១- ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មាន គួរខ្លះ មិនគួរខ្លះ មានការ ដើរជាន់នៅភូតគាម ពិជគាម និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឲ្យអ្នកស្រុករិះគន់តិះដៀល និង ពោលនូវទោសដែលមានប្រការផ្សេង។
២- ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឲ្យបព្វជិតក្នុង សាសនា លំបាកក្នុង ការធ្វើដំណើរទៅមក គឺឲ្យនៅចាំវស្សាតែមួយ កន្លែងអស់រយៈពេល ៣ ខែ ។
ក្នុងវិន័យបិដក មហាវគ្គភាគ ៧ ត្រង់វស្សូបនាយិកក្ខន្ធក លោកសម្តែងថា ការចូលវស្សា មាន ២យ៉ាងគឺ ទី១. ហៅថាបុរិមិកាវស្សា ការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ ១រោច ខែអាសាធ (បើឆ្នាំ ណាលើកខែអាសាធពីរដងនោះ ចូលវស្សានេះនៅថ្ងៃ១រោចខែទុតិយាសាធ) តទៅអស់ ១ត្រៃមាស (៣ខែ) ទើបចេញវស្សា នៅថ្ងៃ ១៥កើតខែអស្សុជ។ ឯទី ២.ហៅថាបច្ឆិមិកាវស្សា ការចូលវស្សា លើកក្រោយ( ក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន ១ខែ ) គិតចាប់ពីថ្ងៃ ១រោចខែស្រាពណ៍ តទៅ ដល់ថ្ងៃ១៥កើតខែកត្តិកទើបត្រូវចេញ ។ ការចូលវស្សាលើកក្រោយនេះ ព្រះពុទ្ធទ្រង់អនុញ្ញាតដល់ សាវ័ក ក្រែងមានកិច្ចរវល់ប្រការណាមួយ ដែលពុំអាច ចូលវស្សាទី១ ឲ្យចូល វស្សាទី២បាន ។
បុព្វហេតុនៃការចូលវស្សា
សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវ័ន កលន្ទកនិវាបស្ថានទៀបក្រុង រាជគ្រឹ ។ គ្រានោះឯង ការនៅចាំវស្សា ព្រះមានព្រះភាគមិនទាន់បញ្ញត្តិដល់ភិក្ខុសង្ឃទាំងឡាយនៅ ឡើយ ភិក្ខុទាំងនោះក៏ចេញដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ មនុស្សទាំងឡាយ ពោលទោសតិះដៀលបន្តុះបង្អាប់ ថា ពួកសមណជាសក្យបុត្ត មិនសមបើនឹងដើរ ទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុដែលមានជីវិតមានឥន្រ្ទីយ៍តែមួយ ញុំាងសត្វតូចៗជាច្រើនឲ្យដល់នូវសេចក្តីវិនាស សោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃពីនេះ ដែលជាអ្នកពោលធម៌អាក្រក់ ម្តេចគង់នៅសម្ងំឈប់ សម្រាកនៅចាំវស្សា សូម្បីទាំងពួកសត្វស្លាបនោះទៀតសោត ក៏គង់ធ្វើសំបុកលើចុងឈើទាំងឡាយ ហើយសម្ងំឈប់សម្រាកនៅចាំវស្សាដែរ ចំលែកតែពួកសមណជាសក្យបុត្តនេះ នៅតែដើរទៅកាន់ ចារិក អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀត បៀននូវវត្ថុដែលមានជីវិតមានឥន្រ្ទីយ៍តែមួយ ញុំាងសត្វតូចៗជាច្រើន ឲ្យដល់នូវសេចក្តីវិនាស ។
កាលមនុស្សទាំងឡាយ កំពុងពោលទោសតិះដៀលបន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់ គ្រា នោះឯងភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះឯង រួចហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក អនុញ្ញាតថា អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុន្តិ ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យ ភិក្ខុចូលចាំវស្សា ។ ការចូលវស្សា និយាយតាមបទព្រះវិន័យ ជាកិច្ចរបស់ព្រះសង្ឃដោយឡែកផ្សេង មិនទាក់ ទាមដោយគ្រហស្ថផងទេ។ ពាក្យថាចូលវស្សា ឬនៅចាំវស្សា ជាពុទ្ធសាសនវោហារ បានសេចក្តីថា កាលដែលភិក្ខុសង្ឃឈប់សម្រាកនៅទីណាមួយ ឬវត្តណាមួយ កំណត់អស់វេលា៣ខែ ក្នុងរដូវភ្លៀង ដោយមិនបានត្រេចទៅណាមកណាឲ្យកន្លងរាត្រីឡើយ ។ វៀលែងតែមានហេតុការចាំបាច់ ដូចជា មាតាបិតា ឬគ្រូឈឺជាទម្ងន់ ឬដល់នូវមរណ ឬឧបាសកនិមន្តទៅសម្តែងធម៌ជាដើម ទើបទៅបាន ដើម្បីជួយឧបត្ថមកិច្ចការនោះៗ ដោយតាំងចិត្តថានឹងត្រឡប់មកវិញ ក្នុងរវាង ៧ថ្ងៃ ។
យើងដឹងហើយថា នៅថ្ងៃ១រោចខែអាសាធ ជាថ្ងៃត្រូវចូលវស្សារបស់បព្វជិត ក្នុងព្រះពុទ្ធ សាសនាទាំងភិក្ខុទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញាត ។ រីឯទាយកទាយិកា ឧបាសក ឧបាសិកា ជាពុទ្ធសាសនិក ចំណុះជើងវត្តនីមួយៗ ក្រោមការដឹកនាំរបស់លោកអាចារ្យវត្តក៍ប្រារព្ធ ធ្វើបុណ្យចូលវស្សា ឬកាន់វស្សាផងដែរ តែធ្វើនូវថ្ងៃ១៥កើតខែអាសាធ មុនព្រះសង្ឃចូលព្រះវស្សា ១ថ្ងៃ ។ បានសេចក្កីថា មុនថ្ងៃចូលព្រះវស្សាកន្លះខែ ឬថារាល់ថ្ងៃឧបោសថសីល ( ថ្ងៃខែដាច់ខែជេស្ឋ ឬថ្ងៃ៨ កើតខែអាសាធ ) លោកអាចារ្យ តែងតែប្រកូកប្រកាសជំរាបពុទ្ធបរិស័ទឲ្យដឹកជាមុន អំពីថ្ងៃ ចូល វស្សាខាងមុខ ( ប្រជុំពិភាក្សាឯកភាពគ្នាក្នុងជួរអាចារ្យ គណ:កម្មការវត្ត ចាស់ព្រឹទ្ធាចារ្យរួច ហើយ) ឲ្យពុទ្ធបរិស័ទត្រៀម លក្ខណ:ប្រុងរៀងចំ ចតុប្បច្ច័យ ទេយ្យវត្ថុ មានសាដក ទៀន ធូប ប្រេងចំណាំវស្សា ជាដើមសំរាប់ទំនុកបំរុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្ត និងជំរាបពុទ្ធបរិស័ទ មកជួបជុំគ្នានៅថ្ងៃទី១៥កើតខែអាសាធដោយនាំមក នូវទេយ្យវត្ថុផង។
អាចារ្យវត្តកន្លែងខ្លះមានឲ្យ លិខិតដែលកំណត់ទេយ្យវត្ថុអ្វីខ្លះ ក្នុងមួយកញ្ចប់និងប្រាក់សង្កត់លើទេយ្យវត្ថុនោះចាត់ចែងស្វែងរកទៀន ធំៗហៅថា:ទៀនចំណាំវស្សា(បើពុំមានអ្នកមានសទ្ធាណាបូជាទេ)ទៀនធំ មួយគូនេះ សំរាប់ដុត ចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធជាថ្ងៃចូលវស្សាមិន ពន្លត់ដល់ថ្ងៃចេញវស្សា (៣ខែ) ។ នៅថ្ងៃ១៥កើត ខែអាសាធក្រោយ ពីសមាទានឧបោសថសីលរួចហើយលោកអាចារ្យប្រកាសឲ្យបរិស័ទយក រណ្តាប់រណ្តា រៀងៗខ្លួនចូលបុណ្យដែលត្រូវជួបជុំគ្នានៅម៉ោង២រសៀល ដើម្បីធ្វើពិធីសូត្រមន្តចូលវស្សា ។ នៅពេលរសៀល ពុទ្ធបរិស័ទមកជួបជុំគ្នា រួមទាំងកញ្ចប់ទេយ្យវត្ថុ ផង ក៏ធ្វើពិធីហែសាដកចំណាំវស្សានេះ ពីឧបដ្ឋានសាលាទៅព្រះវិហារដោយ និមន្តព្រះសង្ឃគ្រប់អង្គក្នុងវត្តទៅតែម្តង ។
ពិធីចាប់ផ្តើមនមស្ការព្រះរតន ត្រៃសមាទានសីលហើយអារាធានាព្រះសង្ឃចំរើនព្រះបរិត្ត។ ចប់ពុទ្ធមន្ត ហើយលោកអាចារ្យប្រកូកប្រកាសអំពីថ្ងៃចូលវស្សា ។ ការចូលវស្សារបស់ ទាយកទាយិកា នេះ មិនមែនជាពុទ្ធប្បញ្ញត្តិទេ គឺជាចេតនាកម្មធ្វើដោយ សោមនស្សវេទនា ញាណសម្បយុត្ត ។


 







ក្រសួក្រសួងការបរទេស បង្ហាញសេចក្តីបំភ្លឺរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលច្រានចោលការប្រឌិតព័ត៌មានបរទេស អំពីមូលដ្ឋានទ័ពចិននៅកម្ពុជាងការបរទេសកម្ពុជា៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកព័ត៌មានប្រឌិតរបស់សារព័ត៌មាន Wall Street Journal ជាចេតនាអាក្រក់បំផុតប្រឆាំងកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីបំភ្លឺរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលច្រានចោលការប្រឌិតព័ត៌មានរបស់ សារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពចិន នៅកម្ពុជា។
ក្នុងសេចក្តីបំភ្លឺដែលទទួលបាននៅព្រឹកនេះ គឺលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះព័ត៌មានប្រឌិត ចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធាចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្រ្តី ចាត់ទុកព័ត៌មានប្រឌិតចុងក្រោយនេះថា ជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ ….«គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។
លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍អះអាងច្បាស់ៗថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ *ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ ….» ។
សូមបញ្ជាក់ថា សារព័ត៌មានបរទេសមួយចំនួនក្នុងនោះមានទាំង VOA ផងបានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។
ការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាននេះ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ប្រមុខក្រសួងការពារជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចាត់ទុកថា ការប្រឌិតព័ត៌មានរបស់សារព័ត៌មានសហរដ្ឋអាមេរិក អំពីមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា គឺហាក់មានចេតនាបំផ្លាញសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ៕


នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសច្រានចោល និងថ្កោលទោសខ្លាំងៗ ទៅកាន់ក្រុមប្រឆាំងអគតិដែលបំផ្លើសព័ត៌មានថា ត្រៀមអមដំណើរជាមួយទណ្ឌិត សម រង្ស៊ី មកស្រុកវិញ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស សម្ដេចតេជោ ហ៊ុន សែន បានចេញមកប្រកាសច្រានចោលភ្លាមៗ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ទៅលើក្រុមប្រឆាំងអគតិទាំងឡាយដែលបានប្រឌិតព័ត៌មាន មកលើនាយឧត្តមសេនីយ៍ និងទៅលើឧត្តមសេនីយ៍យោធាជាច្រើនរូបផ្សេងទៀត ដែលក្រុមប្រឆាំងទាំងងងឹតងងុលខាងលើនេះ បានភូតកុហកថា នាយឧត្តមសេនីយ៍ ត្រៀមអមដំណើរជាមួយទណ្ឌិត សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ។
តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនអគតិទាំងនោះ ដែលធ្វើឲ្យមានការភ័ន្ដច្រឡំ និងខូចសណ្ដាប់ធ្នាប់សង្គម ក៏ដូចស្ថេរភាពនយោបាយនៅក្នុងប្រទេសផងដែរ។
ប្រតិកម្មវាយបក និងធ្វើឡើងភ្លាមៗខាងលើនេះ បន្ទាប់ពីក្រុមប្រឆាំងទំនងនៅក្រៅប្រទេស ដែលមានគណនី Facebook ឈ្មោះ Seng Ratana បានបង្ហោះខ្លឹមសារដោយបំពុលថា «ហ៊ីង ប៊ុនហៀង កំពុងនៅថៃត្រៀមអមដំណើរ និងការពារលោកប្រធានស្ដីទី សម រង្ស៊ី វិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅក្នុងខែកញ្ញាខាងមុខ ដូច្នេះនេះជាដំណឹងមួយដ៏រីករាយ និងរំភើបបំផុត។ ហើយមានឧត្តមសេនីយ៍ជាង២០រូបទៀត ក៏ត្រៀមចាំអមដំណើរលោកប្រធានស្ដីទី សម រង្ស៊ី តាមច្រកព្រំដែនខ្មែរ-ថៃផងដែរ»។
មេបញ្ជាការកងអង្គរក្សប្រមុខ នៃរាជរដ្ឋាភិបាល មានតែប្រកាសបកត្រឡប់ទៅវិញថា កងកម្លាំងអង្គរក្សនៅក្រោមបញ្ជារបស់លោកទាំងអស់ គឺពិតជាត្រៀមអមដំណើរ ប៉ុន្ដែអមដោយខ្នោះយកទៅជាមួយ ដើម្បីចាប់ទណ្ឌិតរូបនេះ និងបរិវារបស់ខ្លួន បើសិនឈានជើងចូលទឹកដីកម្ពុជាពេលណានោះ ពីព្រោះដីកាចាប់ខ្លួនរបស់តុលាការ ពាក់ព័ន្ធទៅនឹងបទល្មើសក្បត់ជាតិជាច្រើន កំពុងតែទទួលរងចាំទណ្ឌិតរត់ចោលស្រុករូបនេះ។
សូមបញ្ជាក់ថា ព័ត៌មាននៃការប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី កំពុងតែផុសផុលតាមរយៈក្រុមប្រឆាំង និងការប្រកាសក្ដែងៗពីសំណាក់មេដឹកនាំពួកគេ ប៉ុន្ដែសម្រាប់រាជរដ្ឋាភិបាលវិញ បានត្រៀមវិធានការរួចជាស្រេចនោះ គឺខ្នោះរង់ចាំទទួលជានិច្ច នៅពេលបង្ហាញវត្តមាននៅកម្ពុជាពេលណានោះ។

តែយ៉ាងណាក៏ដោយ យោងតាមចរិកធម្មជាតិរបស់ សម រង្ស៊ី ទណ្ឌិតរូបនេះ ដែលមានភាពកំសាកនៅក្នុងខ្លួនតាំងពីដើមមកនោះ ពិតជាមិនហ៊ានវិលចូលស្រុកនោះឡើយ គ្រាន់តែប្រកាសភូតភរមតិជាតិ និងអន្ដរជាតិ ដើម្បីបង្ហាញការចាប់អារម្មណ៍ទៅលើខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះ ស្របពេលដែលលំហូរនៃការគាំទ្ររបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសបានធ្លាក់ចុះយ៉ាងគំហុកជាក់ស្ដែង៕


រដ្ឋមន្ត្រីការពារជាតិ៖ ការចោទប្រកាន់កម្ពុជា អនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ជារឿងមួលបង្កាច់ ដើម្បីយកលេសដាក់ទណ្ឌមកលើកម្ពុជា

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានថាកម្ពុជា បានចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា ដើម្បីជាលេសដាក់ទណ្ឌកម្មមកលើកម្ពុជា និងបម្រើឱ្យចរន្តនយោបាយណាមួយតែប៉ុណ្ណោះ។
ការឆ្លើយតបរបស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលដែលសម្តេច រួមជាមួយលោក នីហ្សីដា យ៉ាសានណូរី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានអញ្ជើញជាអធបតីភាព ពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោល វាស់ស្ទង់ សម្រាប់ប្រតិបត្តិការសន្តិភាព អង្គសហប្រជាជាតិ ដើម្បីបង្កើនសមត្ថភាព និងសិក្សាស្រាវជ្រាវជំនាញ TOPO នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រតិកម្មរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន ព្រមទាំងសារព័ត៌មាន VOA បានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឱ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះ គឺកម្ពុជាផ្តល់ឱ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិន ជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឱ្យចិន ប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»
ប្រមុខការពារជាតិកម្ពុជា បានបកត្រឡប់ទៅវិញយ៉ាងដូច្នេះថា៖ «ព្រោះគេគិតថា កម្ពុជាហ្នឹង មិនមែនបម្រើសេចក្តីត្រូវការដែលគេចង់បាននោះទេ នេះជារឿងពិតអញ្ចឹងដូច្នេះ គឺគេចង់និយាយយ៉ាងម៉េចយើងមិនអាចទៅហាម ទៅឃាត់គេបានទេ ទោះជាយើងមាន ឬមិនមានក៏ដោយ គេអាចរៀបរាប់ទៅតាមអ្វីដែលគេចង់រៀបរាប់ ទាំងប៉ុណ្ណឹងទេ ដូច្នេះ រឿងពិតតែប៉ុណ្ណឹង ជាក់ស្តែងនៅកម្ពុជា មិនត្រឹមតែរឿងនៅសមុទ្ររាមនោះទេ កន្លែងដទៃក៏ដូចគ្នាហ្នឹងដែរ គឺគ្មានអីការពិតទេ គេរៀបរាប់ឱ្យទៅជារឿងផ្សេងទាំងអស់ ហើយខុសពីការពិតទាំងអស់ ដូច្នេះ គឺរឿងហ្នឹង គឺជាបំណងរបស់គេចង់ធ្វើយ៉ាងណា បម្រើមហិច្ចតាខាងនយោបាយឱ្យក្រុមមួយចំនួនតែប៉ុណ្ណោះ ដូច្នេះ គេមិនអើពើមិនគោរពស្អីទាំងអស់»
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា ចំណុចដែលកាសែតបរទេសចុះផ្សាយ ព្រមទាំងមានការលើកឡើង ពីសំណាក់មន្ត្រីរបស់បរទេស និងក្រុមប្រឆាំងមួយចំនួនតូច គឺគ្មានធអ្វីដែលត្រូវងើងឆ្ងល់នោះទេ ព្រោះជនទាំងអស់នោះធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងកុំឱ្យកម្ពុជា មានការអភិវឌ្ឍ កុំឱ្យកម្ពុជាងើបផុតពីភាពក្រីក្រ ដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំជំនៈគ្រប់បែបយ៉ាង ដើម្បីឱ្យប្រទេសដ៏កុំខ្សត់មួយនេះ មានសុខសន្តិភាព ស្ថិរភាពនយោបាយ បន្ទាប់ពីឆ្លងកាត់សង្គ្រាមស៊ីវិលរាប់សតវត្សមកនោះ។
រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា អារឿងហ្នឹងគ្មានអ្វីត្រូវឆ្ងល់នោះទេ ព្រោះគេរកគ្រប់វិធី គ្រប់បែបយ៉ាងទាំងអស់ គឺធ្វើយ៉ាងម៉េចរារាំង កុំឱ្យកម្ពុជា គឺមានការអភិវឌ្ឍបាន ហើយក៏រារាំងរហូតដល់សមត្ថភាពទាំងឡាយរបស់កម្ពុជា នឹងអាចបង្កើននាពេលខាងមុខ គេរកវិធីដើម្បីរារាំង កុំឱ្យកម្ពុជាហ្នឹង [...] ខ្ញុំលើកឧទាហរណ៍ថា ប្រសិនជាកម្ពុជា មានកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសណា ក៏ដោយមិនថាតែចិនទេ គឺដើម្បីអភិវឌ្ឍប្រទេស ដើម្បីបង្កើនសមត្ថភាពប្រទេសឱ្យមានការកើនឡើង រួមទាំងកងយោធពលខេមរភូមិន្ទ ផងដែលនោះ តើកម្ពុជាមានសិទ្ធិធ្វើទេ ខ្ញុំសួរតែប៉ុណ្ណឹង»
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានចែងយ៉ាងច្បាស់ថា កម្ពុជារក្សាសិទ្ធិក្នុងការទទួលយកជំនួយ ដើម្បីអភិវឌ្ឍ និងការពារជាតិរបស់ខ្លួន ដូច្នេះមានន័យថា បរទេសណាផ្តល់ជំនួយដល់ខ្លួននឹងទទួលយក។ «ដូច្នេះ គឺថាកិច្ចព្រមព្រៀងមិនមែនថា កិច្ចព្រមព្រៀងស្អីណានៅរាម កិច្ចព្រមព្រៀងទាំងឡាយមិនមែនជាទី ពេញចិត្ត របស់ក្រុមមួយចំនួន ហើយអ្នកខ្លះគេមិនសប្បាយចិត្តទេ ដោយសារអី កម្ពុជានឹងអាចមានលទ្ធភាពទទួលបានការបង្កើនសមត្ថភាពខាងកងទ័ពទៀតសោត កម្ពុជា អាចទទួលបាន សមត្ថភាពក្នុងការការពារជាតិ របស់ខ្លួនឡើង គេមិនសប្បាយចិត្តទេ ដូច្នេះ គេក៏រកវិធីគ្រប់បែបយ៉ាងទាំងអស់មួលបង្គាច់ការពិត និយាយបំភ្លើសនេះ បំភ្លើសនោះ ជាលេសដើម្បីធ្វើយ៉ាងណា ឱ្យគេឯងទាំងឡាយ មើលមកកម្ពុជា គឺខ្មៅងងឹត និងមានតែម្យ៉ាងទេ គឺដាក់ទណ្ឌកម្មមកលើកម្ពុជា នេះគឺជារឿងពិត»

ដូច្នេះ មជ្ឈដ្ឋានទូទៅសូមតាមដានតាមរយៈបណ្តាញព័ត៌មាននានា ហើយប្រៀបធៀបដោយឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ននេះ។ នេះជាការបញ្ជាក់បន្ថែមទៀត របស់ប្រមុខការពារជាតិកម្ពុជា៕