Tuesday, April 10, 2018

ផ្សាយបន្តផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលពិសារបាយជាមួយបងប្អូនសមាគមខ្មែរ-ចិន

ពិធីសំណេះសំណាល និងជប់លៀងអបអរឆ្នាំថ្មីជាមួយប្រធានផ្នែក ប្រធានក្រុម អនុប្រធានក្រុមកម្មកររោងចក្រប៉ុនតឹស

តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃ​ទី៩ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមសំណេះសំណាល និងជប់លៀងអបអរសាទរ​ឆ្នាំថ្មីប្រពៃណី​ជាតិ​ខ្មែរ ជាមួយបងប្អូនប្រធានផ្នែក ប្រធានក្រុម អនុប្រធានក្រុមកម្មកររោងចក្រប៉ុនតឹស ស្ថិតក្នុងឃុំតាភេម ស្រុក​ត្រាំកក់ ចំនួន ២០០នាក់។

ក្នុងឱកាសនោះលោកអភិបាលខេត្តបានជម្រាបជូនបងប្អូនពីតម្លៃនៃសន្តិភាពដែលរកបានដោយកម្រ ក្រោមការ​ដឹក​នាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋយើង ហើយតាមរយៈសន្តិភាព​នេះ​ទើបយើងទាំងអស់គ្នាមានឱកាសបានជួបជុំគ្នាសប្បាយ អបអរសាទរបុណ្យចូលឆ្នាំថ្មីដូចថ្ងៃនេះ។ ជាមួយគ្នា​នោះ​សន្តិភាព ក៏បានផ្តល់ឱកាសដល់រាជរដ្ឋាភិបាល​ធ្វើការទាក់ទាញអ្នកវិនិយោគមក​ធ្វើការវិនិយោគនៅ​ប្រទេស​យើងកាន់តែច្រើន ហើយបង្កើតការងារជូនបងប្អូនយើងកាន់តែច្រើនផងដែរ។ ទន្ទឹមនឹងនោះ ក្រោមការ​យក​ចិត្តទុកដាក់ខ្ពស់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានដាក់​ចេញនូវគោល​នយោបាយជាច្រើនដែលជាប្រយោជន៍ដល់បងប្អូនកម្មករ កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង។

ជាចុងក្រោយលោកអភិបាលខេត្ត បានជូនពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ទទួលបាននូវសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ៗគ្នា ៕






អភិបាលខេត្តស្វាយរៀង និងគណៈប្រតិភូក្រុមការងារអន្តរក្រសួង ចុះពិនិត្យស្ថានភាពនៅតាមប៉ុស្តិ៍ច្រកទ្វារព្រំដែន

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមជាមួយ​គណៈប្រតិភូក្រុម​ការងារអន្តរក្រសួង ចុះសិក្សាស្ថានភាពតាមបណ្ដាប៉ុស្តិ៍ច្រកទ្វារព្រំដែន ដឹកនាំដោយ នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង អញ្ជើញចុះពិនិត្យស្ថានភាព​ជាក់ស្តែងនៅតាមបណ្ដាប៉ុស្តិ៍ច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្តខេត្តស្វាយរៀង រួមមានប៉ុស្តិ៍ច្រកទ្វារ​តំបន់ព្រំដែន​ព្រៃតាអី នៅស្រុកស្វាយទាប ប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីសំរោង នៅស្រុកចន្រ្ទា ប៉ុស្តិ៍ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃវល្លិ៍ នៅស្រុកកំពង់រោទិ៍ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ។

អញ្ជើញចូលរួមជាមួយគណៈប្រិភូក្នុងឱកាសនោះរួមមាន លោក អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង អស់លោក ជាសមាជិកក្រុមការងារ អន្តរក្រសួង លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុង ស្រុកជាប់ព្រំដែន ប្រធានទីស្នាក់ការច្រកទ្វារ​ព្រំដែន​ទាំង៨ ព្រមទាំងកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធដែលកំពុងឈរជើងនៅតាមច្រកទ្វារព្រំដែន សរុបប្រមាណ ៦០នាក់ ។

បន្ទាប់ពីចុះពិនិត្យស្ថានភាពច្រកទ្វារព្រំដែនទាំងបួនខាងលើរួច គណៈប្រតិភូ ក៏បានចូលរួម​ប្រជុំដើម្បីស្ដាប់​សេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ លទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពររបស់សមត្ថកិច្ចនៅ​តាមច្រកទ្វារព្រំដែន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង និងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ៕








ពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ខ្សែរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅស្ថានីយរថភ្លើងភ្នំពេញ

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គិត ម៉េង ប្រធាន ក្រុមហ៊ុន Royal Group នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធី បើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ខ្សែរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នៅស្ថានីយរថភ្លើងភ្នំពេញ។

សម្រាប់ការដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ននេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ តាមរថភ្លើង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

រថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ៣០នាទី ក្នុងការដឹកជញ្ជូនអ្នកដំណើរ ពីស្ថានីយរថភ្លើង ភ្នំពេញទៅព្រលានយន្តហោះ និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់។ នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ ហើយប្រជាពលរដ្ឋដែលរស់នៅ ក្បែរព្រលានយន្តហោះ ហើយចង់ ឡើងមករាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការដាក់ឲ្យដំណើរផ្លូវដែកថ្មី ចូលព្រលានយន្តហោះនេះ គឺដាក់ឲ្យប្រើប្រាស់រថភ្លើងចំនួន៣គ្រឿង ដែលបញ្ជាទិញពីប្រទេសម៉ិចស៊ិក។ ជាមួយនឹងការដឹកជញ្ជូនថ្មីតាម ផ្លូវដែក ក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលាន យន្តហោះមិនមានការព្រួយបារម្ភ ពីបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ។

ការដាក់ឲ្យដំណើររថភ្លើងនេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើរ របស់អ្នកត្រូវឡើងយន្តហោះប៉ុណ្ណោះទេ អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកដែលធ្វើដំណើរទាំងអស់ត្រូវ បានត្រួតពិនិត្យទំនិញនៅស្ថានីយរថភ្លើង ជាមុន ហើយមិនបាច់ទៅត្រួតពិនិត្យនៅអាកាសយានដ្ឋានទៀតនោះឡើយ។

យោងតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានសហការជាមួយអាកាស ចរណ៍ស៊ីវិល រៀបចំឲ្យមានបញ្ជរសម្រាប់ត្រួតពិនិត្យទំនិញ របស់អ្នកដំណើរដែលត្រូវឡើងយន្តហោះ ឬ Check In នៅស្ថានីយរថភ្លើងតែម្តង ពោលរាល់អ្នកដំណើរមិនបាច់ចំណាយពេលទៅត្រួតពិនិត្យ ឬ Check In នៅព្រលានយន្តហោះទៀតនោះឡើយ។ ប្រការនេះ នឹងធ្វើឲ្យអ្នកដំណើរកាន់តែងាយស្រួលមួយកម្រិត ថែមទៀត ៕







តើនរណាជាអ្នកឈ្នះ និងចាញ់នៅក្នុងសង្គ្រាម អាមេរិក-ចិន?

នៅពេលដែលជម្លោះពាណិជ្ជកម្ម ចិន-អាមេរិក កើតមានឡើង ប្រទេសទាំងអស់នៅក្នុងពិភព​លោក​កំពុង​​តែស្តារស្ថានភាពខ្លួនឯងឡើងវិញ ចំពោះការបែកបាក់ដែលកើតចេញពីជម្លោះរវាង​មហា​សេដ្ឋកិច្ចដ៏ធំជាងគេបំផុតពីរនៅក្នុងលោកនេះ។

កាលពីថ្ងៃពុធ ចិនបានប្រកាសពន្ធគយបន្ថែមទៅលើផលិតផលអាមេរិកដែលមានទឹកប្រាក់ ៥០ ប៊ីលានដុល្លារ​អាមេរិក រាប់បញ្ចូលទាំងរថយន្ត និងសណ្តែកសៀង បន្ទាប់ពីអាមេរិកប្រកាសពន្ធ​គយ​ប្រហាក់ប្រហែលគ្នានេះស្តីពីទំនិញចិន ក្រោយពីមានការស៊ើបអង្កេតរបស់ខ្លួននៅក្នុងរឿងករណី​ចោរលួចកម្ម​សិទ្ធិ​បញ្ញាចិន។

វិធានការសងសឹកគ្នាទៅវិញទៅមកនេះ បានបង្កឱ្យមានភាពភ័យខ្លាចនៅក្នុងសង្គ្រាមពាណិជ្ជ កម្មពេញទំហឹងតែម្តង ដែលធ្វើឱ្យមានផលប៉ះពាល់ទូទាំងពិភពលោក។ នៅដើមសប្តាហ៍នេះ ចិនបានដាក់កំហិតពន្ធគយដែលមានទឹកប្រាក់ ៣ ប៊ីលានដុល្លារអាមេរិក ទៅលើទំនិញអាមេរិក ១២៨ មុខ ជាការសងសឹកចំពោះពន្ធគយអាមេរិកមុននេះ ទៅលើអាលុយមីញូម និងដែកថែបរបស់ចិន។

អ្នកវិភាគមួយចំនួននិយាយថា គ្មាននរណាម្នាក់ឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះទេ ក៏ប៉ុន្តែ​ផល​ប៉ះ​ពាល់​ទៅលើសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត មានស្ថានភាពខុសៗគ្នា ហើយនៅក្នុងករណីខ្លះ​ទៀតនោះ ប្រហែលក្លាយទៅជាវិជ្ជមានទៅវិញ។

អ្នកចាញ់

អ្នកវិភាគមួយចំនួនបាននិយាយថា សេដ្ឋកិច្ចអាស៊ីដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក និង​ចិននឹងប្រឈមនូវបន្ទុកដែលកើតចេញពីផលវិបាកនៃជម្លោះពាណិជ្ជកម្មនេះ។

លោក Steven Schwartz នាយកជាន់ខ្ពស់សម្រាប់កិច្ចការត្រួតពិនិត្យវាយតម្លៃកម្រិតនៅក្រុមហ៊ុន Fitch ប្រចាំអាស៊ីបាននិយាយថា កូរ៉េខាងត្បូង តៃវ៉ាន់ និងម៉ាឡេស៊ី ដែលប្រទេសទាំងអស់នោះនាំចេញផលិតផលគ្រឿងបន្លាស់ម៉ាស៊ីន និងសម្ភារៈបរិក្ខារផ្នែកសារគមនាគមន៍ ដែលបានប្រើប្រាស់នូវគ្រឿងផលិតកម្មដែលចិនលក់ទៅអាមេរិកនោះ គឺងាយរងគ្រោះ។

លោក Tommy Wu សេតវិទូជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ផ្នែកសេដ្ឋកិច្ចបាននិយាយ​ថា ជប៉ុន​ដែលជាអ្នកនាំចេញដ៏ធំបំផុតមួយ ក៏អាចទទួលរងហានិភ័យផងដែរ។ ប្រទេសនេះនាំទំនិញ​ចេញគិត​ជាទឹកប្រាក់ជិត ៧០០ ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំមុន ហើយចិន និងអាមេរិក​គឺ​ជាដៃគូពាណិជ្ជ​កម្ម​ដ៏ចម្បងរបស់ជប៉ុន។

ការនាំចេញសំខាន់ៗរបស់ជប៉ុនមាន រថយន្ត កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិក ក៏ដូចជាដែក និង​ដែក​ថែបផងដែរ ផលិតទាំងអស់នេះសុទ្ធតែមានការភ័យខ្លាចនៅខណៈដែលមានភាពតាងតឹងរវាង​ចិន និងអាមេរិក។

ក្រុមហ៊ុនចិនដីគោក ថ្មីៗនេះបាននាំទំនិញចូលផ្នែកគ្រឿងអេឡិចត្រូនិកម៉ៃក្រូឈីប (Micro-chips) ដែល​មានទឹកប្រាក់ជិត ២០០ ប៊ីលានដុលា្លរអាមេរិក ក្នុងមួយឆ្នាំ ភាគច្រើននៃទំនិញទាំងនោះមកពីកូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់។

កាសែត Financial Times ថ្មីៗនេះបានចុះផ្សាយថា បើសិនជាចិនចង់ធ្វើសម្បទានដល់អាមេរិក ដែលក្នុងនោះអាមេរិកបានអំពាវនាវដល់ចិន ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិក ដែល​មានទឹកប្រាក់ ១០០ ប៊ីលានដុលា្លរអាមេរិក។ ចិនក៏អាចធ្វើដូច្នេះផងដែរ តាមរយៈការបង្កើនការទិញទំនិញផ្នែកគ្រឿងអេឡិចត្រូនិកឈីបពីអាមេរិក។

ហានិភ័យសេដ្ឋកិច្ចមួយទៀតគឺសម្រាប់ហុងកុង ដែលជាច្រកចេញដ៏ច្រើនផ្នែកពាណិជ្ជកម្មរវាង​ចិន​ដី​​គោក និងអាមេរិក។

លោក Paul Chan Mo-po ជារដ្ឋមន្ត្រីហិរញ្ញវត្ថុប្រចាំក្រុងហុងកុងនេះបានព្រមានថា ការកើនឡើងជម្លោះ​ពាណិជ្ជកម្មអាចធ្វើឱ្យប៉ះពាល់ការងារមួយក្នុងចំណោម ៥ នៅហុងកុង។

គាត់សរសេរនៅក្នុង Blog ថា «ពាណិជ្ជកម្មសេរីគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ជ័យជម្នះរបស់យើង ការផ្គត់ផ្គងសម្ភារៈ និងការងារពាណិជ្ជកម្មគឺជាសសរស្តម្ភឧស្សាហកម្មរបស់ហុងកុង ដោយ​សារ​តែឧស្សា​ហកម្ម​នេះបានរួមចំណែក ២២ ភាគរយនៃ GDP និងផ្តល់ការងារជាង ៧៣០ ០០០ នាក់​»។

អ្នកឈ្នះ

ការដាក់កំហិតពន្ធ ២៥ ភាគរយថ្មីទៅលើសណ្តែកសៀងអាមេរិក ដែលជាផលិតផលកសិកម្មរបស់អាមេរិកមានតម្លៃជាងគេបំផុតនាំចូលទីផ្សាររបស់ចិន ដែលមានទឹកប្រាក់ក្នុងមួយឆ្នាំៗ ១៤ ប៊ីលានដុល្លារ ដែលស្ថានភាពនេះនឹងផ្តល់ផលប្រយោជន៍ដល់អ្នកនាំចេញផ្សេងទៀតចំពោះគ្រាប់ធញ្ញ​ជាតិ​ដូចប្រទេសប្រេស៊ីល និងអាហ្សង់ទីន។

ចិនដែលជាប្រទេសទិញសណ្តែកសៀងដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ចំនួន ៦០ ភាគរយនៃពាណិជ្ជកម្មផ្នែកគ្រប់ធញ្ញជាតិនេះ ដើម្បីផលិតជាម្ហូបអាហារសត្វ។ នៅពេលដែលសណ្តែក សៀងអាមេរិកកាន់តែមានតម្លៃថ្លៃ ចិនទំនងជាសម្លឹងមើលទៅលើទីផ្សារដទៃទៀត ដូចជាអាហ្វិក ខាងត្បូង។

លោក Allan von Mehren សេតវិទូសម្រាប់កិច្ចការសេដ្ឋកិច្ចចិនធ្វើការនៅក្រុមហ៊ុន Danske Bank Markets នៅដាណាម៉ាកនិយាយថា កសិកម្មគឺជាវិស័យមួយជាភស្តុតាងដ៏សំខាន់ដែលចិនប្រើប្រាស់ដើម្បីវាយបកទៅលើលោក Trump វិញ៕

ប្រភព៖ South China Morning Post  ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨


លោក Trump និយាយបន្ធូរបន្ថយស្ថានភាព ស្តីពីកង្វល់សង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក៖ នៅពេលដែលអ្នកបញ្ចុះជញ្ជីងពាណិជ្ជកម្ម ៥០០ ប៊ីលានដុល្លារអាមេរិក អ្នកមិនអាចចាញ់បានទេ

ក្រោយពីចិនស្នើពន្ធនាំចូលសងសឹកវិញទៅលើអាមេរិក តម្លៃទីផ្សារភាគហ៊ុនធ្លាក់ចុះ ហើយមានការភ័យខ្លាចថា ការយកពន្ធនាំចូលដែលមានចរិកពុះកញ្ជ្រោលរបស់លោក Trump អាចធ្វើ ឱ្យសេដ្ឋកិច្ចថម​ថយ​។

មានការភ័យខ្លាចថា លោក Donald Trump កំពុងតែដាក់ឱ្យអាមេរិកស្ថិតនៅក្នុងស្ថានភាព ស្មុគស្មាញនៃសង្គ្រាមពាណិជ្ជ​កម្ម​ដែល​កាន់តែខ្លាំងឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីចិនបានដាក់ពន្ធកំហិតនាំចូលសង​សឹក​វិញ​ទៅ​លើ​អាមេរិក ហើយ​បាន​ធ្វើ​ឱ្យ​តម្លៃ​ទី​ផ្សារ​ភាគ​ហ៊ុន​ធ្លាក់ចុះ។

តាមការស្ទង់របស់សារព័ត៌មាន Dow Jones ផ្នែកឧស្សាហកម្មមានការធ្លាក់ចុះ ហើយឈានទៅដល់ទីផ្សារនៅអឺរ៉ុប និងអាស៊ីដោយសារតែមានការព្រួយបារម្ភអំពីជម្លោះពាណិជ្ជកម្មដែលកាន់តែមានសន្ទុះខ្លាំងឡើងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតពីរនេះ។

បន្ទាប់ពីអាមេរិកបានបង្ហាញផែនការចំពោះការកំណត់ពន្ធគយនៅទឹកប្រាក់ ៥០ ប៊ីលានដុល្លារ អាមេរិក ក្នុងការនាំទំ​និញ​ចិន​​ចូល​នៅ​ថ្ងៃ​អង្គារ​នេះ ចិន​ក៏បានវាយបកទៅវិញដោយមាន​ផែន​ការ​យកពន្ធ ៥០ ប៊ី​លាន​​ដុល្លារ​អាមេរិក ចំពោះផលិតផលអាមេរិក រាប់បញ្ចូលទាំងសាច់​គោ រថយន្ត យន្ត​ហោះ សណ្តែក​សៀង និង​ស្រា​វីស​ស្គី។

លោក Trump បានអះអាងកាលពីខែមុនថា​ សង្គ្រាមពាណិជ្ជកម្មគឺជារឿងល្អ ហើយងាយឈ្នះ។

ចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់សណ្តែកអាមេរិក។ ហើយសមាគមន៍សណ្តែកសៀងអាមេរិក ដែល​ជាក្រុម​តំណាងឱ្យអ្នកផលិតចំនួន ២១០០ បានព្រមានថា ការដែលចិនលើកឡើងនៅពន្ធ​គយ ២៥ ភាគរយ ទៅ​លើសណ្តែកសៀងអាមេរិកនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកសិករ អាមេរិក។ ខ្លួនបានប៉ាន់ស្មាន​ថា កសិករអាមេរិកបាត់បង់លុយប្រហែល ១,៧២ ប៊ី​លាន​ដុល្លារអាមេរិកនៅថ្ងៃពុធ នេះ សម្រាប់​តែ​សណ្តែក​សៀងមួយមុខទៅពេលអនាគត។

លោក John Heisdorffer ជាកសិករនៅរដ្ឋ Iowa និងជាប្រធាននៃសមាគមន៍នេះនិយាយ​ថា «លុយពិតប្រាកដដែលខាត់សម្រាប់កសិករ គឺជារឿងដែលអាចទប់ស្កាត់បានទាំង​ស្រុង​»។ គាត់បានអំពាវនាវទៅដល់សេតវិមាន ដើម្បីលុបចោលនូវផែនការពន្ធគយដែល​បានស្នើឡើងរបស់ ខ្លួន​។ ក្រុមហ៊ុនផលិតរថយន្ត Ford និងក្រុមហ៊ុន General Motors ក៏បានចេញសេចក្តីថ្លែងការ​ណ៍សុំឱ្យមានការបន្តការពិ​ភាក្សា ដើម្បីដោះស្រាយភាព​តាន​តឹងពាណិជ្ជកម្មដែលកំពុងតែធ្ងន់​ធ្ងរ​ឡើងនេះ។

កាលពីថ្ងៃពុធ លោក Trump ក៏បាននិយាយបន្ធូរស្ថានការណ៍ស្តីពីកង្វល់ទៅលើការខូចខាតដោយ​សារ​តែ​សង្គ្រាម​ពាណិជ្ជ​កម្ម​នេះ។

គាត់បានសរសេរបដិសេធតាម Twitter របស់គាត់ថា «យើងមិនមែនស្ថិតនៅក្នុងសង្គ្រាមជាមួយ​ចិននោះ​​ទេ ក៏ប៉ុន្តែជាសង្គ្រាមដែលយើងចាញ់ជាច្រើនឆ្នាំមកហើយ ដោយសារតែភាពល្ងង់ខ្លៅ ឬ​អ​សមត្ថ​ភាព​​របស់មនុស្សដែលតំណាងឱ្យអាមេរិក។ ឥឡូវនេះយើងមានឱនភាពជញ្ជីងពាណិជ្ជ​កម្ម ៥០០ ប៊ីលានដុល្លារ​ក្នុងមួយឆ្នាំ ហើយមានចោរលួចផ្នែកកម្មសិទ្ធិបញ្ញា មានទឹកប្រាក់រហូតទៅ​ដល់ ៣០០ ប៊ីលានដុល្លារ​​អាមេរិកថែមទៀត។ យើងមិនអាចចេះតែឱ្យស្ថាន​ភាពនេះចេះតែបន្ត​កើនមានទៅទៀតនោះទេ»។

លោកប្រធានាធិបតីបាននិយាយបន្ថែមទៀតថា «នៅពេលដែលអ្នកទម្លាក់ជញ្ជីងពាណិជ្ជកម្ម ៥០០ ប៊ី​លាន​ដុល្លារទៅហើយនោះ អ្នកមិនអាចចាញ់បានទេ»។

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Wilbur Ross ក៏បានទាមទារឱ្យមានភាពស្ងប់ស្ងៀម។ នៅក្នុងបទសម្ភាសន៍​មួយជាមួយទូរទស្សន៍ CNBC លោក Ross បាននិយាយថា ការដែលចិនប្រ​កាសកំណត់ពន្ធ​គយ​នោះ មានត ០,៣ ភាគរយនៃផលិត​ផល​សរុបអាមេរិក។ ដូច្នេះវា មិន​មែន​ជាការសកម្មភាពគំរាមកំហែង​ដល់ជីវិត។

លោក Ross បាននិយាយថា ការដែលអាមេរិកដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងចិនបានកើតមាន​ឡើងមួយរយៈ ដោយ​សារ​តែឥរិយាបថកេងប្រវ័ញ្ចរបស់ចិនទាក់ទងទៅនឹងបច្ចេក​វិទ្យា។ លោក Ross និយាយ​ថា យើងកំពុងតែនិយាយអំពី​ភាគី​ទាំង​សងខាង ហើយវាគ្រាន់​តែប៉ះពាល់ ១ ភាគ​រយនៃសេដ្ឋកិច្ចរបស់ប្រទេស​ទាំងពីរ។

ការកំណត់ពន្ធគយថ្មីនេះមិនទាន់ចូលជាធរមានភ្លាមនៅឡើយទេ។ រដ្ឋាភិបាលអាមេរិកកំពុង​តែអញ្ជើញឱ្យមហាជនមាន​យោ​​​បល់​​​ស្តី​អំពីការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់ខ្លួននៅថ្ងៃ១១ ឧសភា ហើយនិងបើកស្តាប់​​សវ​នាការ​ស្តី​ពី​ផែន​ការ​នេះ​​នៅ​ថ្ងៃ​១៥ ឧសភា។ ចំណែក​ចិនវិញមិន​បានកំណត់កាលបរិច្ឆេទសម្រាប់ការ​ចូលជាធរមានចំពោះពន្ធគយ ២៥ ភាគរយនៅឡើយ ដោយ​និយាយថា ខ្លួនកំពុងរង់ចាំមើលទង្វើរបស់​​លោក Trump សិន។

ស្ត្រីអ្នកនាំពាក្យលោកស្រី Sarah Sanders និយាយនៅសេតវិមានថា «យើងនឹងពិនិត្យ​ពិច្ច័យ នៅក្នុងរយៈពេលនេះ យើងមានសំណាងហើយ ដោយសារតែយើងមានអ្នកចរចាដ៏ល្អបំផុត​នៅក្នុងតុតំណាង​ឱ្យប្រធានាធិបតី។

លោកស្រីបានមានប្រសាសន៍បន្ថែមថា ចិនជាអ្នកបង្កើតបញ្ហានេះឡើង មិនមែនប្រធានាធិប តី Trump ទេ។ យើងប្រហែលជារងការឈឺចាប់រយៈពេលខ្លី ក៏ប៉ុន្តែយើងនឹងទទួលជ័យ​ជំនះ​រយៈពេលវែង»។

ចិនទទួលបានអតិរេកជញ្ជីងពាណិជ្ជកម្មជាមួយអាមេរិក ចំនួនទឹកប្រាប់ ៣៧៥ ប៊ីលានដុល្លារនៅឆ្នាំ​២០១៧។ ចិនបាននិយាយថា ខ្លួនបានស្នើឱ្យមានការពិភាក្សានៅអង្គការពាណិជ្ជកម្មពិភព​លោក​ជាការឆ្លើយតបទៅនឹងពន្ធគយអាមេរិក ស្ថាន​ភាព​នេះ​ដែលតម្រូវឱ្យយន្តការដោះស្រាយ​របស់​អង្គការ WTO ចំពោះជម្លោះនេះ។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មាននៅទី​ក្រុង​ប៉េកាំង​ថា «ចិននៅតែបើកទ្វារចំហសម្រាប់ការចរចាដែលនៅសេសសល់ជាមួយអាមេរិក ក៏ប៉ុន្តែអាមេរិកបាន​ខក​ខានឱកាសនេះម្តងហើយម្តងទៀត»។

លោក William Zarit ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅចិន បានប្រាប់ទីភ្នាក់​ងារ​ព័ត៌​មាន Associated Press ថា «ក្រុមហ៊ុនអាមេរិកនៅពេលនេះ ចង់ឃើញការចរចាដ៏ស្រ​ស្រាក់ស្រស្រាំរវាងរដ្ឋា​ភិបាលអាមេរិក និងរដ្ឋាភិបាលចិន និងការចរចាបែបស៊ីជម្រៅទៅលើភាគីទាំងសងខាង ហើយសង្ឃឹមថា នឹងអាចចៀសវាងសង្គ្រាមពាណិជ្ជកម្មបាន។ ខ្ញុំគ្រាន់តែអាច​សង្ឃឹមថា យើងអាច​ដោះស្រាយភាពខ្វែងយោបល់របស់យើងឆាប់ៗដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសការ​ខូច​ខាត​ទៅ​ដល់​សេដ្ឋ​កិច្ច​អាមេរិក ចិន និងចំពោះក្រុមហ៊ុនអាមេរិក»។

ការសរសើររបស់លោក Trump ចំពោះប្រធានាធិបតី Xi Jinping ហើយការអះអាងរបស់គាត់​ថា ពួកគេមានទំនាក់ទំនងផ្ទាល់ខ្លួនល្អ ហើយមិនទាន់បានទប់ស្កាត់នៅការគំរាមកំហែងចំពោះពន្ធ​គយ​នៅឡើយទេ។ ប្រហាក់ប្រហែលនឹងគ្នានេះដែរ លោក Trump បន្តនិយាយថា គាត់នឹងព្យា​យាមដើម្បីឱ្យចុះសម្រុងនឹងគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បើទោះបីជាទំ​នាក់​ទំនងរវាងរដ្ឋាភិបាលរបស់ពួកគេទាំងពីរមានភាពល្វីងជូរចត់ក៏ដោយ៕

ប្រភព៖ The Guardian ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨


ផ្សាយបន្តផ្ទាល់(Live): លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)

អភិបាលរាជធានីភ្នំពេញ ដាក់ចេញផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ គ្រោះអគ្គិភ័យ និងការពង្រឹងការរៀបចំរំដោះចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ បានដាក់ចេញនូវផែនការ ក្នុងការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ គ្រោះអគ្គិភ័យ និងការពង្រឹង ការរៀបចំរំដោះចរាចរណ៍ លើផ្លូវជាតិសំខាន់ៗ៥ខ្សែ ចេញចូលក្រុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តិទៅ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ការដាក់ចេញជាផែនការ ដើម្បីបម្រើឲ្យប្រជាពលរដ្ឋរបស់លោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ។

ក្រោយកិច្ចប្រជុំ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងន័យពិភាក្សា អំពីកិច្ចការពារ សន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោក ម៉េត មាសភក្តី បានបន្តថា «ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ លើការងារសន្តិសុខសុវត្ថិភាព និងបញ្ហាចរាចរណ៍។ យើងដឹងហើយថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គឺបងប្អូនប្រជាពលរដ្ឋ ភាគច្រើន បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើត និងចាកចេញធ្វើដំណើរទៅកម្សាន្តនៅ តាមរមណីយដ្ឋាននានា»។

លោកថា ការយកចិត្តទុកដាក់ លើការងារសន្តិសុខសណ្តាប់ធ្នាប់នេះ ជាការងារដ៏សំខាន់បំផុត ដែលរដ្ឋបាល រាជធានីភ្នំពេញ ត្រូវយកទុកដាក់ពីព្រោះថា ក្រៅពីបងប្អូនដែលចាកចេញ ពីភ្នំពេញ ក៏នៅមានបងប្អូន មួយចំនួនទៀត រស់នៅក្នុងរាជធានីភ្នំពេញ ដែលទាមទារឲ្យមានការយកចិត្តទុកការពារសន្តិសុខផងដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បន្ដទៀតថា ម្យ៉ាងទៀត ប្រជាពលរដ្ឋ ដែលចាកចេញទៅស្រុកកំណើតនោះ បានបន្សល់ទុកនូវផ្ទះសម្បែង ដែលត្រូវតែមានការការពារ លើបញ្ហាចោរកម្ម គាស់លួចផ្ទះ និងបញ្ហាអគ្គិភ័យ ដែលត្រូវធ្វើការត្រួតពិនិត្យតាមដាន។

ការងារត្រួតពិនិត្យ សន្តិសុខសណ្តាប់ធ្នាប់ ត្រូវធ្វើឡើងនៅតាមគោលដៅសំខាន់ៗ ដែលមានមនុស្សប្រមូលផ្តុំ ច្រើន ដូចជា៖ នៅតាមទីវត្តអារ៉ាម រមណីយដ្ឋាន កន្លែងកម្សាន្ត ជាដើម ហើយកងកម្លាំងនៅតាមបណ្តាខណ្ឌ ត្រូវចេញល្បាតជាប្រចាំ។

ចំណែកបញ្ហាសម្រួលចរាចរណ៍ ដែលនៅចំណុចទីតាំងមានមនុស្សច្រើន ក៏មានការកកស្ទះច្រើន នៅតាម គោលដៅ និងច្រកចេញចូលរាជធានីភ្នំពេញ ទាំង៥ច្រក ដូចជា ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ និងផ្លូវជាតិលេខ៥ ដែលលោកអភិបាល បានដាក់បទបញ្ជាទៅដល់គណៈបញ្ជាការឯកភាពខណ្ឌ សមត្ថកិច្ច ចរាចរណ៍មូលដ្ឋានផ្ទាល់ ត្រូវតែគិតគូរឲ្យបានម៉ត់ចត់ ដើម្បីសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះ និងកាត់បន្ថយជាអតិបរិមា ដែលបងប្អូនប្រជាពលរដ្ឋ បានសម្រុកចេញពីរាជធានីភ្នំពេញ។

ដោយឡែកបញ្ហាសំរាម ក៏ត្រូវតែមានការយកចិត្តទុកដាក់ផងដែរ ជាពិសេស នៅរាល់ពេលដែល បញ្ចប់ ពិធីបុណ្យធំៗ នាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋ ទទួលបាននូវផាសុកភាព នូវភាពសប្បាយរីករាយ សុវត្ថិភាព ដោយសារតែការប្រមូលសំរាមបានល្អ ធ្វើឲ្យទីក្រុងភ្នំពេញមានភាពស្រស់បំព្រង ហើយក្រោយពី ពិធីបុណ្យបញ្ចប់ទីក្រុង បានកាត់បន្ថយនូវសំរាម ពាសវាលពាសកាល។

លោកបន្ដថា ជាពិសេសលោកអភិបាលរាជធានីភ្នំពេញ បានណែនាំទៅដល់ក្រុមហ៊ុនស៊ីនទ្រី គណៈបញ្ជាការ ឯកភាពខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការបែងចែកវេន ឲ្យបានត្រឹមត្រូវ ពីបងប្អូនអ្នកប្រមូល សំរាម ក៏ត្រូវជួបជុំបងប្អូនរបស់ខ្លួន នៅស្រុកកំណើតផងដែរ។

លោក ម៉េត មាសភក្តី បានគូសបញ្ជាក់ថា «ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំ សង្ឃឹមថា រាជធានីភ្នំពេញ នឹងមានភាពស្រស់ស្អាតល្អប្រសើរ មានសោភ័ណភាព ដូចដែលយើងបានខិតខំត្រៀម រៀបចំពិធីបុណ្យ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ដោយយើងឃើញថា បានរៀបចំបានល្អ ការតុបតែងភ្លើងផ្កាភ្ញី បានល្អមែនទែន។ អីចឹងទេ យើងចង់ឲ្យភាពល្អប្រសើរនេះ ទទួលបានដែរ ក្រោយពេល ពិធីបុណ្យចូលឆ្នាំបានបញ្ចប់» ៕





ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

នៅថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើនូវសារលិខិតថ្លែងអំណរព្រះរាជគុណ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ។

សារលិខិតមានខ្លឹមសារទាំងស្រុងថា «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្ដី សោមនស្សរីករាយក្រៃលែងដោយបានទទួលព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្ដម ចំនួន ៣,០០០ដុល្លារអាមេរិក របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា ចំពោះកាកបាទ ក្រហមកម្ពុជា សម្រាប់ត្រីមាសទី ២ ( ខែមេសា ឧសភា និងមិថុនា ) ឆ្នាំ២០១៨ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង»។

តាងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្រ្តី បុគ្គលិក ទាំងអស់ នៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជាអនុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជឧបត្ថម្ភ ជារៀងរាល់ត្រីមាសសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ខ្ញុំម្ចាស់ និងសហការីទាំងអស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុង្គឧត្ដមនេះ ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជួយសង្រ្គោះ ដល់ប្រជារាស្រ្តក្រីក្រ និងប្រជារាស្រ្តដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជា ណាចក្រកម្ពុជា។

ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំ២០១៨ នេះ សូមប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរថ្វាយចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំង ព្រះរាជាណាចក្រ កម្ពុជា ជ្រកកោនតរៀងទៅ ៕


រដ្ឋសភា ប្រកាសលទ្ធផលផ្លូវការ នៃសម័យប្រជុំពេញអង្គ លើកទី១០ នីតិកាលទី៥

បន្ទាប់ពីបញ្ចប់ សម័យប្រជុំពេញអង្គ លើកទី១០ នីតិកាលទី៥ រដ្ឋសភា ក៏បានប្រកាសលទ្ធផលផ្លូវការ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភាចំនួន១១៥រូបចូលរួម។

របៀបវារៈសំខាន់ៗ ដែលត្រូវលើកនៅក្នុងអង្គប្រជុំរួមមាន៖
១- ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥។
២- របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៩ និងលើកទី១០ នីតិកាលទី៥
៣- ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចំនួន២រូប
៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ៕

ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ៖



ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យពលរដ្ឋទៅចូលរួមបោះឆ្នោត នៅខែកក្កដា ដើម្បីអនុវត្តសិទ្ធិ ជាម្ចាស់វាសនាជាតិ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលមានសិទ្ធិបោះឆ្នោត ហើយមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយនោះ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិជាពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនា នៃប្រទេសរបស់ខ្លួន។

ក្នុងសារលិខិតមួយដែលផ្ញើជូនជនរួមជាតិ នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឆ្លៀតក្នុងឱកាសនេះដែរ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត ហើយមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយសូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនា នៃប្រទេសជាតិរបស់ខ្លួន»។

ពាក់ព័ន្ធនឹងការអំពាវនាវនេះ បុរសខ្លាំងរបស់កម្ពុជា បានបន្តថា សម្រាប់ឆ្នាំថ្មីនេះ រដ្ឋាភិបាលនឹងខិតខំពុះពារ គ្រប់បែបយ៉ាងជាបន្តទៀត ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ឱ្យបានរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងមូលបានសម្រេច កន្លងទៅ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងបន្តការធ្វើ កំណែទម្រង់រដ្ឋដ៏ស៊ី ជម្រៅតាមអភិក្រម «ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិម្ឈការ និងសហវិម្ឈការ និងប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស កែលម្អប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាពខ្ពស់ ការលើក កម្ពស់ប្រព័ន្ធការពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្ត សំណង់ ផ្លូវ ស្ពាន ធារាសាស្ត្រ ព្រមទាំងបង្កើនប្រភពថាមពលអគ្គិសនី ដើម្បីបន្តការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើនថែមទៀត ៕

(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ គល់ បញ្ញា និងអង្គការខុមហ្វ្រែល បាននិងកំពុងបម្រើមហិច្ឆតាបរទេស បំផ្លាញការបោះឆ្នោតនៅកម្ពុជា!

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទីស្តីការគណៈរដ្ឋមន្រ្តី

នៅរសៀលថ្ងៃច័ន្ទ ៩រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០​១៨ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តច​ម្រើនព្រះបរិត្ត អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។

នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអស់លោក លោកស្រីជាមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងអញ្ជើញចូលរួមបើកអង្គរសង្រ្កាន្តនៅខេត្តសៀមរាបផងដែរ៕


















លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រកម្ពុជាពីប្រទេសជប៉ុន

នៅរសៀលថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញមកទទួលព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បន្ទាប់ពីព្រះអង្គបានយាងទៅប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ដើម្បីយាងចូលរួមសម្ពោធមហាសាលប្រជុំ Nalanda Mahavihara និងបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ។

តាមរយៈព្រះរាជដំណើររបស់ព្រះអង្គ គឺបានពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាន់តែជិតស្និទ្ធល្អប្រសើរថែមទៀត។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំងប្រទេស ៕