Thursday, September 28, 2023

វិភាគអន្តរជាតិ៖ កូរ៉េខាងជើង តែងតាំងខ្លួនឯងជាមហាអំណាចនុយក្លេអ៊ែរ តើមានន័យយ៉ាងណា?


(សេអ៊ូល)៖ សភាកូរ៉េខាងជើង បានបញ្ចូលឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចអាវុធនុយក្លេអ៊ែរ ទៅក្នុងរដ្ឋធម្មនុញ្ញជាផ្លូវការហើយ ខណៈលោក គីម ជុងអ៊ុន សន្យាថានឹងបង្កើនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់នូវអី្វដែលលោកហៅថាជាការបង្ករឿងពីសហរដ្ឋអាមេរិក។ ​លោក គីម បាននិយាយថាការផលិតអាវុធ នឹងត្រូវបន្តធ្វើឡើងដោយគ្មានកាលកំណត់ ជាមួយការបញ្ជាក់ពីភាពត្រឹមត្រូវ និងទម្លាក់កំហុសលើសហរដ្ឋអាមេរិក សម្រាប់ការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី ជាមួយកូរ៉េខាងត្បូង និងជប៉ុន ជាសម្ព័ន្ធយោធាមួយដែលលោកហៅថាជាអង្គការ​ NATO ក្នុងតំបន់អាស៊ី។

លោក គីម ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំនៃសភាប្រជាជនជាន់ខ្ពស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ។ ប៉ុន្តែថាតើការតែងតាំងខ្លួនឯង ជាមហាអំណាចអាវុធនុយក្លេអ៊ែរមានន័យយ៉ាងណា ចំពោះសហរដ្ឋអាមេរិក និងតំបន់ឧទ្វីបកូរ៉េ?

* គោលនយោបាយអាវុធនុយក្លេអ៊ែរថ្មី របស់កូរ៉េខាងជើង

មានជាងពាក់កណ្ដាលនៃអត្ថបទសុន្ទរកថារបស់លោក គីម ជុងអ៊ុន ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Rodong Sinmun គឺមាននិយាយតែពីការការពារកម្មវិធី អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបន្ទោសសហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូងជាអ្នកបង្ខំឱ្យទីក្រុងព្យុងយ៉ាងដើរដល់ផ្លូវមួយមិនអាចបកក្រោយវិញបាន។

លោក គីម បានគូសបញ្ជាក់ដូច្នេះថា «គណបក្ស និងរដ្ឋាភិបាលជាតិរបស់យើងត្រូវតែឆ្ពោះទៅមុខជានិច្ច ក្នុងការពង្រឹងកងកម្លាំងនុយក្លេអ៊ែរឱ្យបានខ្លាំងក្លា និងលឿនរហ័ស ដោយមិនត្រូវឈប់សូម្បីមួយវិនាទីណាឡើយ និងដើម្បីបង្កើនការផលិតអាវុធនុយក្លេអ៊ែរជាអតិបរមាសំដៅសម្រេចឱ្យបាននូវគ្រប់មធ្យបាយ ទាំងអស់នៃការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ព្រមទាំងដាក់ពង្រាយទៅកាន់គ្រប់អង្គភាពយោធា»។ ប្រមុខដឹកនាំកូរ៉េខាងជើងបានបន្ថែមថាកម្មវិធីអាវុធ របស់កូរ៉េខាងជើង គឺជាវិធានការការពារខ្លួនសុទ្ធសាធ ហើយថាកូរ៉េខាងជើងគឺជារដ្ឋនុយក្លេអ៊ែរមួយប្រកបដោយការទទួលខុសត្រូវដែលកំពុងប្រយុទ្ធប្រឆាំងនឹង ទង្វើបង្ករឿងយោធាពីសំណាក់សហរដ្ឋអាមេរិក។

នៅក្នុងសុន្ទរកថាមួយកាលពីចុងឆ្នាំ២០២២ និងអំឡុងការធ្វើតេស្ដមីស៊ីលនុយក្លេអ៊ែរតាក់ទិក លោក គីម ជុងអ៊ុន ក៏ធ្លាប់លើកឡើងដែរពីការបង្កើនការផលិតអាវុធ នុយក្លេអ៊ែរជាអតិបរមា។ Rodong Sinmun មិនបានរាយការណ៍លម្អិតនោះទេពីប្រព័ន្ធអាវុធដែលស្ថិតនៅក្រោមផែនការរបស់លោក គីម ប៉ុន្តែសុន្ទរកថារបស់លោក ក្នុងសប្ដាហ៍នេះ កើតមានឡើងក្រោយលោក គីម កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការបំពាក់អាវុធនុយក្លេអ៊ែរសម្រាប់នាវាចម្បាំង និងនាវាមុជទឹកស៊េរីថ្មី របស់ខ្លួន និងបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈរឹង Hwasong-18 ចំនួន២ដងដោយជោគជ័យក្នុងឆ្នាំ២០២៣នេះ។

លោក គីម ជុងអ៊ុន ក៏បាន និងកំពុងផ្តោតជាអាទិភាពផងដែរលើការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរតាក់ទិករយៈចម្ងាយខ្លី ក្រោយលោកអះអាងពីភាពជោគជ័យនៃ ការបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរឱ្យតូចល្មមកាលពីខែមីនាកន្លងទៅ។ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាបានរៀបចំឡើងវិញនូវទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ក្រោមដីរួចរាល់ហើយ ពោលគឺវាអាស្រ័យថាតើទីក្រុងព្យុងយ៉ាងចង់ ឬមិនធ្វើតេស្ដតែប៉ុណ្ណោះ។ កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៦លើក រួចមកហើយ រាប់តាំងពីឆ្នាំ២០០៦ និងចុងក្រោយគេបំផុតក្នុងឆ្នាំ២០១៧។

ច្បាប់ស្ដីគោលនយោបាយអាវុធនុយក្លេអ៊ែរថ្មីរបស់កូរ៉េខាងជើង ត្រូវបានអនុម័តតាំងតែពីឆ្នាំ២០២២មកម្ល៉េះ។ ច្បាប់ថ្មីនេះបានចែងថាគោលនយោបាយរបស់ កូរ៉េខាងជើង គឺអនុញ្ញាតឱ្យមានការបើកការវាយប្រហារបង្ការទុកជាមុនដោយប្រើអាវុធនុយក្លេអ៊ែរលើសត្រូវ ក្នុងករណីដែលព្យុងយ៉ាងយល់ថាការវាយប្រហារ ណាមួយប្រឆាំងនឹងខ្លួនកំពុងត្រូវបានគ្រោងទុក ឬក៏អាយុជីវិតរបស់លោក គីម ជុងអ៊ុន រងការគំរាមកំហែង។ កូរ៉េខាងជើងជារឿយៗតែងតែគំរាមថាខ្លួនអាចពិចារណា ចាត់ទុកថាការដាក់ពង្រាយសព្វាវុធប្រដាប់ដោយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង គឺជា ផ្នែកនៃការវាយប្រហារមួយ ដែលនេះនឹងលើកទឹកចិត្តឱ្យមានការវាយប្រហារដោយប្រើមីស៊ីលនុយក្លេអ៊ែរលើសហរដ្ឋអាមេរិក នៅពេលអនាគត។

ត្រង់ចំណុចនេះឯងដែលក្រុមអ្នកវិភាគភាគច្រើនបង្ហាញការព្រួយបារម្ភ ដ្បិតថាបើមានឧបទ្ទវហេតុ ឬការគណនាខុសណាមួយតែបន្តិច វាអាចនឹងងាយឆាបឆេះទៅ ជាសង្រ្គាមនៅលើឧបទ្វីបកូរ៉េ។ គួរបញ្ជាក់ថា កូរ៉េខាងជើង ធ្លាប់បានបន្ថែមចំណុចខ្លីមួយនៅក្នុងសេចក្ដផ្ដើមនៃរដ្ឋធម្មនុញ្ញ ក្នុងឆ្នាំ២០១២ ជាមួយប្រកាសថាប្រទេស របស់ខ្លួនជារដ្ឋនុយក្លេអ៊ែរ។ លោក Martin Weiser ជាអ្នកជំនាញខាងកិច្ចការកូរ៉េខាងជើងម្នាក់ បាននិយាយថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយបំផុតរបស់ កូរ៉េខាងជើងនៅពេលនេះគឺជានិមិត្តរូប បង្ហាញពីការប្ដេជ្ញាចិត្តរបស់លោក គីម ជុងអ៊ុនចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ ស្របទៅតាមអ្វីដែលលោកបានសង្កត់ធ្ងន់ពី ការបំពាក់អាវុធនុយក្លេអ៊ែរទៅគ្រប់អង្គភាពយោធាកូរ៉េខាងជើង។

លោក Martin Weiser បន្ថែមដូច្នេះថា «ខ្ញុំអាចអះអាងបានថាគោលនយោបាយថ្មីនេះ នឹងកាន់តែបង្កការលំបាកដល់កិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ធៀបទៅនឹងពេលដែលលោក គីម បានពិភាក្សាពីបញ្ហានេះជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ប្រហែលវាអាចនឹងខុសគ្នា ពីឆ្នាំ២០១៨ ដែលកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរអាចឱ្យគេឃើញពន្លឺខ្លះៗ ប៉ុន្តែក្នុងពេលនេះ កិច្ចចរចានេះគឺមិនអាចទៅរួចឡើយ»។

ក្រោមអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានឯកភាពធ្វើការជាមួយគ្នាលើការឆ្ពោះទៅការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩។ ប៉ុន្តែអ្វីៗបានត្រឡប់ទៅរកសភាពដើមវិញ ក្រោយកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម ក្នុងទីក្រុងហាណូយ នៅខែកុម្ភៈ ឆ្នាំ២០១៩ ទទួលបរាជ័យ។ ចាប់តាំងពីពេលនោះមកដែរ កូរ៉េខាងជើងកាន់តែដំឡើងសាច់ដុំមាត់ ដោយប្រកាសថាការកាន់កាប់ អាវុធនុយក្លេអ៊ែរ គឺជារឿងមួយមិនអាចកែប្រែបានដាច់ខាត៕ ប្រភព៖ Fresh News













រដ្ឋសភាកម្ពុជា ស្នើរដ្ឋសភាថៃ ដែលមានបទពិសោធន៍បច្ចេកវិទ្យាឌីជីថល ជួយគាំទ្រកំណែទម្រង់ ដើម្បីឱ្យក្លាយទៅជាសភាឌីជីថល នាពេលខាងមុខ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ នាយករដ្ឋមន្រ្តីថៃ ជួយជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែសកម្មទ្វេ ឡើងនៅក្នុងនោះ រដ្ឋសភាកម្ពុជាក៏បានស្នើដល់រដ្ឋសភាប្រទេសថៃ ដែលមានបទពិសោធន៍បច្ចេកវិទ្យាឌីជីថល ជួយគាំទ្រដល់ រដ្ឋសភាកម្ពុជាក្នុងកំណែទម្រង់ដើម្បីឱ្យក្លាយទៅជាសភាឌីជីថលនាពេលខាងមុខ។

នេះបើតាមលទ្ធផល នៃជំនួបរវាង សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងនាយករដ្ឋមន្រ្តីថ្មីថៃរូបនេះ បំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ លោក សេដ្ឋា ថាវីស៊ីន និងបានវាយតម្លៃខ្ពស់ចំពោះការណ៍ដែលលោកបានជ្រើសរើសកម្ពុជា ជាប្រទេសទីមួយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្រោយពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។ សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ក្នុងការបន្ដពូនជ្រំនូវកម្លាំងនៃសាមគ្គីភាព មិត្ដភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អនឹងគ្នា ដែលមានជាយូរលង់ណាស់មកហើយឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព»។

ជាមួយគ្នានេះលោក សេដ្ឋា ថាវីស៊ីន បានសម្តែងនូវក្តីរំភើប និងរីករាយជាខ្លាំង ដែលសមភាគីកម្ពុជាបានរៀបចំពិធីបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ទំាងនៅខាងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា។ លោកនាយករដ្ឋមន្រ្តី បានសម្តែងក្តីមោទកភាពជាមួយ សម្តេចរដ្ឋសភាធិបតី ក្នុងនាមជាស្រ្តីដំបូងរបស់កម្ពុជាដែលទទួលតួនាទីជាអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលនេះជាគំរូមួយសម្រាប់ប្រទេសថៃត្រូវរៀនសូត្រពីកម្ពុជា។

លោក សេដ្ឋា ថាវីស៊ីន បានជម្រាបជូន សម្តេចរដ្ឋសភាធិបតី ពីលទ្ធផលសំខាន់ៗមួយចំនួនដែល ឯកឧត្តម បានពិភាក្សានិងឯកភាពជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យមានការរីកចម្រើនថែមទៀត ទំាងផ្នែកសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេស ការកសាងបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអបអរនូវលទ្ធផលនៃជំនួបរវាង ឯកឧត្ដមនាយករដ្ឋមន្រ្ដី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកមិញនេះថាជាជំនួបដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមានប្រសិទ្ធភាពឡើងថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងសងខាង។ រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ លោកនាយករដ្ឋមន្រ្តីថៃ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយថែមទៀត ដូចជាខាងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងកសិកម្មជាដើម។

ក្នុងនាមតំណាងរាស្រ្ត និងក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់លក្ខខណ្ឌការងារល្អ ក៏ដូចជាបានការពារសិទ្ធិពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃផងដែរ៕















សម្តេចធិបតី ហ៊ុន ម៉ាណែត សូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ


 

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំសូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ។ 

ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង។ 

រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកជួលបន្ទប់។

អ្នកវិភាគចៅចាក់ស្មុក៖ គ្រប់កាលៈទេសៈ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល


(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃដ៏សប្បាយរីករាយបំផុតមួយរបស់កម្មករនិយោជិត ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានបោះឆ្នោតឯកភាពកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្ប បរមា សម្រាប់ ឆ្នាំ២០២៤។ កាន់តែរីករាយបន្ថែមទៀត ក្រោមទឹកចិត្តដ៏សប្បុរសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា បានសម្រេចបន្ថែមចំនួន ២ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិត កើនដល់ ២០៤ដុល្លារ ពោលក្នុងមួយខែ គឺកើនបាន ៤ដុល្លារសម្រាប់ឆ្នាំ២០២៤។

ទោះតិចក្តីច្រើនក្តី នេះគឺជាការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកម្មករកម្មការិនី និង និយោជិត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចបានតាមដានយ៉ាង យកចិត្តទុកដាក់ លើ ការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ តាំងពីពេលចាប់ផ្តើមហើយ ការជួយលើកកម្ពស់ជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាន នៃលទ្ធភាព ជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក។

សម្តេចធិបតីបានជម្រាបជូនជនរួមជាតិថាសម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាម ដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ សម្តេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បីកែលម្អ បរិយាកាស វិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និង បង្កើត ការងារថ្មីៗជូនប្រជាពលរដ្ឋ។

នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខរបស់កម្មករកម្មការិនី និង ចំពោះ ប្រជាពលរដ្ឋខ្មែរជារួម។ ដើម្បីឆ្លើយតបនឹងសេចក្តីទុកចិត្តដែល ប្រជាពលរដ្ឋបានផ្តល់មកជូនគណ បក្ស ប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណ បក្សប្រជាជនកម្ពុជា បានដាក់ចុះឱ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែររួមមាន៖

ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រី រាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវ សេវា ថែទាំសុខភាពគ្រប់ៗគ្នា។

ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ ដើម្បីពួក គេ អាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតប ង់ប្រាក់ ហើយ ថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។

ទី៣៖ ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈ កម្មវិធីជាតិជំនួយសង្គម ដែលនឹង ត្រូវ ពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺនៅពេលពលរដ្ឋជួបវិបត្តិរឿឫហានិភ័យផ្សេងៗ កម្មវិធីជាតិ ជំនួយសង្គម និងរង់ចាំជួយពួកគេ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនិងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ ដូចអ្នកប្រកបរបរ ក្នុងប្រព័ន្ធដែរនៅពេល ដែលពួកគេជួបវិបត្តិឫហានិភ័យផ្សេងៗ។

ទី៥៖ ប្រជាកសិករ និងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធី ហិ រញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបានការការពារតម្លៃក សិផល ឱ្យ បានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។

ទី៦៖ រាជរដ្ឋាភិបាល និងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំសង្កាត់ ដែលមានពល រដ្ឋ ប្រកប របរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

កម្ពុជារីកចម្រើន នោះប្រាក់ឈ្មួលកម្មករនិយោជិត ជីវភាពប្រជាពលរដ្ឋនឹងរីកចម្រើនធូរធារកម្ពុជា ក្រោមការ ដឹក នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយកម្ពុជានឹងបន្ត រីកចម្រើនទៅមុខប្រកបដោយមោទកភាព និងសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានចំណូល មធ្យម កម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣

ទស្សនៈ៖ ទោះបីរងវិបត្តិសកល តែរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រឹងប្រែងដំឡើងប្រាក់ឈ្នួលជូនកម្មករ


(ភ្នំពេញ)៖ វិបត្តិសកលកើតចេញពីជំងឺកូវីដ១៩ សង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងការប្រកួតប្រជែងផ្នែក​ពាណិជ្ជ​កម្មរបស់ប្រទេសមហាអំណាច បានធ្វើឱ្យប្រទេសជាច្រើនជួបនឹងស្ថានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ហើយមាន​ឱន​ភាពសេដ្ឋកិច្ចផងដែរ។ ស្ថានភាពបែបនេះ បានធ្វើឱ្យប្រទេសនៅតំបន់អាស៊ីជាអ្នកផលិត​ផ្នែកសម្លៀក​បំពាក់ ស្បែកជើង កាបូប និងសម្ភារៈតាមខ្លួនជាដើម ធ្លាក់ចុះការបញ្ជាទិញជាច្រើន។

ក្នុងស្ថានភាពបែបនេះ ប្រទេសជាអ្នកផលិតទាំងនោះ ក៏បានសម្រេចផ្អាកការដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិតរយៈពេលប៉ុន្មានជា២ ទៅ៣ឆ្នាំចុងក្រោយនេះ។

នៅកម្ពុជាបើទោះបីស្ថិតក្នុងស្ថានភាពបែបណា ក្រោមស្មារតីគិតគូរពីជីវភាព និងការលំបាករបស់កម្មករ និយោជិតនោះ រាជរដ្ឋាភិបាល​កម្ពុជា បានរិះរកគ្រប់វិធី ដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត ទោះបីតិច ឬច្រើនក្តី។ ជាក់ស្តែង​នៅថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាទើបសម្រេចបានលទ្ធផលនៃការដំឡើងប្រាក់​ឈ្នួលអប្បបរមា ឬប្រាក់ខែ​គោល​ទាបបំផុតជូនកម្មករ និយោជិតសម្រាបឆ្នាំ២០២៤ ចំនួន២០៤ដុល្លារ បន្ទាប់ពីបើកការចរចាយ៉ាង​ស្វិត​ស្វាញចំនួន​២០លើក។ ប្រាក់ឈ្នួលនេះ ឡើង​លើស​ប្រាក់​ឈ្នួលឆ្នាំ២០២៣ ចំនួន ៤ដុល្លារ។ ក្នុងនោះប្រាក់​ឈ្នួល២ដុល្លារជាការព្រមព្រៀងពីភាគីនិយោជក ហើយ​២​ដុល្លារ​​ទៀត ជាការសម្រេចឧបត្ថម្ភបន្ថែម​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការដំឡើងប្រាក់ឈ្នួលនេះមិនច្រើន តែជារង្វាន់​ដ៏ធំ​របស់រាជរដ្ឋាភិបាលជូនកម្មករ និយោជិត ក្នុងស្ថានភាពពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

លទ្ធផលនៃការដំឡើងប្រាក់ឈ្នួលនេះ ជាការបង្ហាញឱ្យឃើញច្បាស់ពីការគិតគូររបស់រាជរដ្ឋាភិបាល ជា​ពិសេស​​​​​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកម្មករ និយោជិត។ លទ្ធផលនេះ ក៏បាននាំ​មកនូវ​ក្តីពេញ​ចិត្ត និង​ការសាទរពីសំណាក់កម្មករ និយោជិតផងដែរ។ ពួកគេបានមើលឃើញថា ការដំឡើងប្រាក់ឈ្នួលពិត​ណាស់​មិន​ច្រើន តែក្នុងកាលៈទេសៈស្ថានភាពសេដ្ឋកិច្ចជួបវិបត្តិដូចពេលបច្ចុប្បន្ន គឺជារឿងដ៏វិសេសវិសាល​សម្រាប់​ពួក​គេ​។ តាមរយៈការដំឡើងប្រាក់ឈ្នួល ៤ដុល្លារនេះ នឹងធ្វើឱ្យប្រាក់បន្ថែមម៉ោងរបស់ពួកគេបានកើន​ឡើង ដូច្នេះប្រាក់ប្រចាំខែក៏នឹងបានខ្ពស់ជាងពេលបច្ចុប្បន្នផងដែរ។

យោងតាមរបាយការណ៍ពីអង្គការផ្នែកការងារ បានបង្ហាញថា ប្រាក់ឈ្នួលកម្មករនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខ្ពស់​ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ ដូចជាប្រទេសវៀតណាម មានប្រាក់ឈ្នួលចន្លោះពី ១៣៨​ដុល្លារ ទៅ១៩៨ដុល្លារ, ប្រទេសស្រីលង្ការ ៣៩ដុល្លារ, ប្រទេសបង់ក្លាដែស ៧៤ដុល្លារ, ប្រទេសឡាវ ៧៥ដុល្លារ និងប្រទេសមីយ៉ាន់ម៉ា ៦៩ដុល្លារ។

សម្រាប់កម្ពុជាវិញ កម្មករ និយោជិតទទួលបានប្រាក់ឈ្នួលមធ្យមពី ២១៧ដុល្លារ ទៅ២៥៩ដុល្លារក្នុងមួយខែ ដោយមិនទាន់គិតពីប្រាក់ថែមម៉ោង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងអត្ថប្រយោជន៍ពីបេឡេជាតិ​របប​សន្តិ​សុខសង្គម។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមការខិតខំដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗហើយនោះ ក៏បានខិតខំ​រួម​ចំណែកកាត់បន្ថយបន្ទុកចំណាយរបស់កម្មករ និយោជិតជាបន្តបន្ទាប់ដូចជា៖

* បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជកជាអ្នកបង់ ជំនួសបងប្អូន​កម្មករ​និយោជិត ១០០ភាគរយ ក្នុងផ្នែកថែទាំសុខភាព និងផ្នែកគ្រោះថ្នាក់ការងារ និងជួយបង់ ៥០ភាគរយ ក្នុង​ផ្នែកប្រាក់សោធន ដែលធ្វើឱ្យបងប្អូនសន្សំថវិកាបានប្រមាណជា ៦ដុល្លារ ក្នុង ១ខែ និងអាចរក្សាបាននូវ​សន្តិ​សុខចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារហូតដល់ពេលចូល​និវត្តន៍។ កម្មករនិយោជិតឱ្យតែបានបង់ភាគទានប្រាក់សោធនយ៉ាងតិច ១២ខែ នៅពេលអាយុ ៦០ឆ្នាំ នឹង ទទួលបានប្រាក់សោធននិវត្តន៍ ដោយភ្ជាប់ជាមួយនឹងរបបថែទាំសុខភាពរហូតដល់ទទួលមរណភាព។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលកម្មករនិយោជិត និងវិស័យឯកជនទទួល​បានរបបសន្តិសុខ​សង្គម ជាពិសេសរបបសោធននិវត្តន៍ ដូចមន្ត្រីសាធារណៈដែរ។ ជារួមបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាន​គិតគូរដល់សុខុមាលភាព របស់បងប្អូនកម្មករនិយោជិតពេញមួយជីវិត តាំងពីកើត ចាស់ជរា និងទទួល​មរណ​ភាព។

គិតចាប់ពីឆ្នាំ២០១៨ រហូតដល់ត្រឹមខែសីហា ឆ្នាំ២០២៣ មានកម្មករ និយោជិត បានទៅព្យាបាល​ជំងឺជា​ច្រើន​លើក និងច្រើនករណីដោយមិនចាំបាច់បង់ប្រាក់ ដែលគិតជាសរុបស្មើនឹងជាង ១៣,៦លានករណី ស្មើនឹងទឹក​ប្រាក់​ប្រមាណជិត ៣៨២លានដុល្លារ។

ចំពោះកម្មករនិយោជិតជាស្រ្តីបានទទួលការយកចិត្តទុកដាក់ និងគាំពារតាមរយៈប្រព័ន្ធគាំពារសង្គម គឺកម្មវិធី​ផ្តល់​ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំពោះស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម ២ឆ្នាំ។ ក្នុងនោះមុនពេល​សម្រាល ទទួលបានការឧបត្ថម្ភចំនួន ៤លើក និងក្រោយពេលសម្រាលចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗ ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល។ នៅពេលសម្រាលកូន ទទួលបានប្រាក់​ឧបត្ថម្ភ​បន្ថែមចំនួន ៨០ម៉ឺនរៀល។ ជាសរុបរាជរដ្ឋាភិបាល បានជួយឧបត្ថម្ភជាសាច់ប្រាក់ចំនួន ១លាន ៩សែន ២ម៉ឺនរៀល ដល់កម្មការិនី តាំងពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។

ដោយឡែកសម្រាប់អ្នកមានកូនភ្លោះ ២នាក់ គឺទទួលបានប្រាក់បន្ថែមចំនួន ៤០ម៉ឺនរៀល និងភ្លោះ ៣នាក់ ទទួលបានប្រាក់បន្ថែមចំនួន ៨០ម៉ឺនរៀល។ លើសពីនេះ អ្នកមានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភ​បន្ថែមចំនួន ៥លានរៀល ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

បច្ចុប្បន្នកម្មករនិយោជិតជាស្ត្រី ដែលឈប់សម្រាកលំហែរមាតុភាពចំនួន ៩០ថ្ងៃ នឹងទទួលបានប្រាក់ឈ្នួល​រហូតដល់ ១២០ភាគរយ ក្នុងនោះ ៥០ភាគរយ ទទួលបានពីនិយោជក និង ៧០ភាគរយ ទៀតទទួលបានពី ប.ស.ស.។

តាមអ្វីដែលបានគូសរំលេចនេះ គឺស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ​ស្ថាន​ភាពជីវភាពរបស់កម្មករ និយោជិត តាមរយៈយន្តការបង្កើនប្រាក់ឈ្នួល និងកាត់បន្ថយការចំណាយ​ប្រចាំ​ខែ​​របស់ពួកគេ ដើម្បីរុញជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ការណ៍នេះ ក៏បានឆ្លុះបង្ហាញឱ្យឃើញច្បាស់​ពី​សុច្ឆន្ទៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តោតជា​សំខាន់ទៅលើជីវភាព និងការងារសម្រាប់ប្រជាពលរដ្ឋ៕

ដោយ៖ វ៉ាន់ សារាយ
ប្រភព៖ Fresh News

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលជួបពិភាក្សាការងារមួយលោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោកស្រី Alissar Chaker អ្នកតំណាងប្រចាំប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme-UNDP) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះ លោកស្រី Alissar Chaker បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេសកម្ពុជាសម្រេចបានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ក្នុងអត្រាជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ ទសវត្សកន្លងមក មុនវិបត្តិកូវីដ-១៩ និងជាពិសេសក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលកាត់បន្ថយភាពក្រីក្រពហុវិមាត្រ(Multidimensional Poverty) បានលឿនជាងគេ។ ជាមួយគ្នានេះ លោកស្រីក៏បានសម្តែងនូវការប្តេជ្ញាចិត្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងអន្តរកាល ដែលកម្ពុជានឹងចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្នុង ឆ្នាំ២០២៧ ខាងមុខនេះ, គាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) និងជាពិសេសគាំទ្រដល់ការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលតែងតែផ្តល់ជំនួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ ដោយឡែកដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានដឹកនាំការរៀបចំ និងដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស, ការបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈឱ្យកាន់តែប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច និងស្ថានភាពភូមិសាស្ត្រនយោបាយសកល។
ពាក់ព័ន្ធនឹងចំណុចនេះ លោកស្រី Alissar Chaker បានសម្តែងនូវស្មារតីសុទិដ្ឋិនិយមសម្រាប់អនាគតនៃប្រទេសកម្ពុជា និងបានបញ្ជាក់ថាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងបញ្ចប់ការរៀបចំ «ឯកសារកម្មវិធីប្រចាំប្រទេសកម្ពុជា ២០២៤-២០២៨» (Cambodia Country Programme Document 2024-2028) ដែលត្រូវបានរៀបចំឡើងឱ្យមានសង្គតិភាពជាមួយនឹងអាទិភាពនានានៅក្នុង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីបន្តរួមចំណែកសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រដែលបានដាក់ចេញក្នុង «យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១»។ ជាមួយគ្នានេះ UNDP ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការសហការអនុវត្តកម្មវិធីមួយចំនួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា៖ (១).ការរៀបចំក្របខណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិ (Integrated National Financing Framework – INFF) ដែលជាកម្មវិធីជួយរៀបចំផែនទីបង្ហាញផ្លូវសម្រាប់កៀរគរប្រភពធនធានហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអាទិភាព និងការសម្រេចបាននូវគោលដៅប្រកបដោយចីរភាព, (២).កម្មវិធី SDG Budget Tagging ដែលជាកម្មវិធីសម្រាប់សិក្សាអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានហិរញ្ញវត្ថុ, និង (៣).ការប៉ាន់ស្មានសន្ទស្សន៍ភាពងាយរងគ្រោះពហុវិមាត្រ (Multidimensional Vulnerability Index) ដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកក្នុងការកំណត់អាទិភាពចំពោះមុខ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានជម្រាបជូនលោកស្រីតំណាង UNDP ប្រចាំការកម្ពុជាជ្រាបផងដែរ អំពីអាទិភាពការងារសំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្រ្តី។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រី Alissar Chaker បានឯកភាពគ្នានឹងពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្នុងការសិក្សាស្រាវជ្រាវលើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា និងការបន្តពន្រឹងសមត្ថភាពគ្រប់អង្គភាពក្រោមឱវាទ និងការពង្រឹងសម្ថតភាពមន្ត្រីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះ លោកស្រី Alissar Chaker ចំពោះឆន្ទៈរបស់លោកស្រីក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបានជូនពរឱ្យលោកស្រីទទួលបានជោគជ័យបន្ថែមទៀតក្នុងកិច្ចការដ៏សំខាន់នេះ។








 

រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរដល់ចំនួន ២០៤ដុល្លារ សម្រាប់ឆ្នាំ២០២៤ ក្នុងនោះរាជរដ្ឋាភិបាលបន្ថែម ២ដុល្លារ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសការដំឡើងប្រាក់ឈ្នួល ជូនដល់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៤ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ២០៤ដុល្លារក្នុង១ខែ ដែលក្នុងចំនួននេះ សម្តេចនាយករដ្ឋមន្ត្រីប្រកាសបន្ថែម ២ដុល្លារ។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ 

ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ក្នុង ១ខែ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ (កើន ៤ដុល្លារ ប្រៀបធៀបជាមួយឆ្នាំ ២០២៣ ដែលមានត្រឹម ២០០ដុល្លារ)។ 

មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង ៤៦ លើ ៥១សម្លេង និងតួលេខ ២១៣ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១សម្លេង។ 

យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។

ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។  ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ 

ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។ 

ខ្ញុំសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ធ្វើការផ្សព្វផ្សាយនិងជូនដំណឹងដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ទន្ទឹមនឹងនេះ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។

ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និងស្មារតីរួមក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ។ 

ខ្ញុំក៏សូមអរគុណដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានខិតខំដឹកនាំសម្របសម្រួលការចរចានេះរហូតបានជោគជ័យនៅមុនភ្ជុំបិណ្ឌតាមការកំណត់របស់ខ្ញុំ។

ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ


នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និង គណៈប្រតិភូជាន់ខ្ពស់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។

ជាកិច្ចចាប់ផ្តើម, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងចំពោះការជ្រើសរើសកម្ពុជា ជាប្រទេសដំបូង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ។ សម្តេចធិបតី ក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃតែមួយ ស្របគ្នាទៅនឹងការជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី ផងដែរ ។
ជាការឆ្លើយតប, ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយភាតរភាព និងក៏បានអបអរសាទរដោយផ្ទាល់ចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ផងដែរ ។
ជាកិច្ចបន្ទាប់, ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និង ដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹងអន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។
មុននឹងបញ្ចប់, ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ។
ជាកិច្ចបញ្ចប់, សម្តេចធិបតី បានអញ្ជើញ ឯកឧត្តម សេដ្ឋា ថាវីស៊ីន និង គណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិធីជប់លៀងផ្លូវការ និង បានជូនពរដល់ឯកឧត្តម និង គណៈប្រតិភូ ទាំងអស់ ទទួលបាននូវជោគជ័យដ៏ថ្លៃថ្លា នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និង សូមឱ្យការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ៕