នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឯកឧត្តម ហ្សង់¬ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសអប់រំ (Ordre des Palmes Académiques) ថ្នាក់អស្សឫទ្ធិ ជូនលោកស្រី នាង ផល្លា គ្រូបង្រៀននៅសាលាអង្គការគ្រួសារថ្មី និងជាអ្នកសម្របសម្រួលកម្មវិធីជាតិនៃ «ការអប់រំសម្រាប់កុមារពិការភ្នែក និងគ ថ្លង់»។ ពិធីនេះបានប្រព្រឹត្តទៅក្នុងឱកាសនៃការ ប្រារព្ធខួបលើកទី២៥ឆ្នាំរបស់អង្គការ គ្រួសារថ្មី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានរបស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី សមាជិកសមាជិការាជរដ្ឋាភិបាល និងលោក Benoît Duchâteau-Arminjon ដែលជាប្រធាននិងស្ថាបនិកនៃអង្គការនេះ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានរៀបរាប់ពីប្រវត្តិការងាររបស់លោកស្រី នាង ផល្លា ក្នុងការបង្ហាត់បង្រៀនកុមារពិការភ្នែក។ ក្រោយរត់គេចចេញពីរបបខ្មែរក្រហម លោកស្រី នាង ផល្លា បានទទួលការបណ្តុះបណ្តាលពីអង្គការសហប្រជាជាតិក្នុងជំរុំជន ភៀសខ្លួននៅប្រទេសថៃ មុនពេលទៅបង្រៀន និងដឹកនាំសាលាកុមារពិការភ្នែកក្នុងជំរំ។
នៅពេលលោកស្រីត្រឡប់មកកាន់មាតុប្រទេសវិញនៅឆ្នាំ១៩៩១ លោកស្រីបានទាក់ទង ជាមួយអង្គការគ្រួសារថ្មី ដើម្បីជួយបង្ហាត់បង្រៀនកុមារពិការភ្នែក និងគថ្លង់ និងធ្វើការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលពិសេសមួយសម្រាប់កុមារទាំងនេះ។
កិច្ចសហប្រតិបត្តិការនេះបាននាំអោយមានការបង្កើតសាលាសម្រាប់កុមារពិការភ្នែក និងគថ្លង់លើកដំបូងនៅកម្ពុជានៅក្នុងឆ្នាំ១៩៩៣។
លោកស្រីក៏បានក្លាយជាគ្រូបង្រៀនអក្សរប្រាយ(សម្រាប់កុមារពិការភ្នែក)ដំបូងគេបង្អស់នៅកម្ពុជា ហើយបានរួមចំណែកបង្កើតអក្សរប្រាយជាភាសាខ្មែរ។
ការងារនិងការប្តេជ្ញាចិត្តរបស់លោកស្រីត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ដោយសារ លោក ស្រីស្ថិតក្នុងចំណោមបេក្ខជន១០រូបដើម្បីដណ្តើមពានរង្វាន់គ្រូ បង្រៀនឆ្នើមពិភពលោក (Global Teacher Prize) ។
ដំណឹងនេះត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសកម្ពុជា ដែលជាមោទនភាពមួយសម្រាប់ប្រជាជនខ្មែរ ក៏ដូចជាសម្រាប់ថ្នាក់ដឹកនាំផងដែរ។
ដោយសារប្រវត្តិការងារគំរូនេះហើយទើបប្រទេសបារាំងសម្រេចបំពាក់គ្រឿងឥស្សរិយយសអប់រំ ជូនដល់លោកស្រី នាង ផល្លា ហើយកាយវិកានេះក៏ជាសក្ខីភាព បញ្ជាក់ពីការ ទទួលស្គាល់ និងលើកទឹកចិត្តរបស់បារាំងចំពោះលោកស្រី ដែលជាគ្រូបង្រៀននិងជាស្រ្តី មួយរូបមានដំណើរជីវិត និងប្រវត្តិការងារដ៏គួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ថា មេដាយអប់រំគឺជាគ្រឿងឥស្សរិយយសដ៏ចំណាស់មួយរបស់សាធារណ រដ្ឋបារាំង ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨០៨ដោយព្រះចៅណាប៉ូឡេអុងទី១ ដើម្បីផ្តល់ជូនសាស្រ្តាចារ្យ និងលោកគ្រូអ្នកគ្រូ។ ចាប់ពីឆ្នាំ១៨៦៦មក គ្រឿងឥស្សរិយយសនេះក៏ត្រូវបានបំពាក់ផងដែរដល់បុគ្គលមិន មែនជាគ្រូបង្រៀន តែមានស្នាដៃឧត្តុង្គឧត្តមក្នុងវិស័យអប់រំ៕
Wednesday, February 17, 2016
សេចក្តីថ្លែងការណ៍រួមរបស់ មេដឹកនាំអាស៊ាន-អាមេរិក
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
រយៈពេលពីរថ្ងៃ (១៥-១៦ ខែកុម្ភៈ) នៅទឹកដីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក
ប្រកបដោយភាពជោគជ័យ។ ប្រមុខរដ្ឋ/រដ្ឋាភិបាល នៃសមាជិកទាំងអស់
នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក
បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយមានចំនួន១៧ចំណុច។
នេះបើយោងតាមគេហទំព័រផ្លូវការរបស់សេតវិមាននៃសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការនោះមានខ្លឹមសារដូចខាងក្រោម៖
សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលពិសេស
មេដឹកនាំអាស៊ាន-អាមេរិក
សាន់នីឡែនស៍ (Sunnylands), កាលីហ្វរញ៉ា (California)
យើងខ្ញុំ ក្នុងនាមប្រមុខរដ្ឋ/រដ្ឋាភិបាល
នៃសមាជិកទាំងអស់ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន និង សហរដ្ឋអាមេរិក
បានប្រមូលផ្តុំគ្នានៅទីក្រុង សាន់នីឡែនស៍ នៃរដ្ឋកាលីហ្វរញ៉ា ចាប់ពីថ្ងៃទី១៥ ដល់១៦
ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីបើកកិច្ចប្រជុំកំពូលពិសេស នៃមេដឹកនាំទាំងអស់។
កិច្ចកំពូលពិសេសរវាងមេដឹកនាំអាមេរិក និងអាស៊ាននេះ បានក្លាយជាលើកទី១
ហើយនៅក្នុងការរៀបចំនៅសហរដ្ឋអាមេរិក វាក៏ជាកិច្ចប្រជុំកំពូលដំបូងបង្អស់
ចាប់តាំងពីការបង្កើតសហគមន៍អាស៊ានផងដែរ។
កិច្ចប្រជុំកំពូលនេះ
បានបញ្ជាក់ច្បាស់ពីឆ្នាំថ្មីសម្រាប់អាស៊ាន និងសម្រាប់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ
អាមេរិក-អាស៊ាន ដែលកំពុងតែកើនឡើងផងដែរ។ នៅឆ្នាំ២០១៥ ប្រទេសសមាជិកអាស៊ាន
បានប្រារព្ធពិធី បង្កើតសហគមន៍អាស៊ាន ដើម្បីដើរតួនាទីរួមគ្នា នៅក្នុងអាស៊ាន
ដែលអាចលើកស្ទួយការរីកចំរើន នៃប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
នៅឯកិច្ចប្រជុំកំពូលរបស់យើង ក្នុងទីក្រុងគូឡាឡាំពួរ
កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ យើងបានជម្រុញពីចំណងមិត្តភាពរវាង អាមេរិក-អាស៊ាន
ឲ្យទៅជាដៃគូយុទ្ធសាស្ត្រ
ដែលជាការទទួលស្គាល់នូវការផ្លាស់ប្តូរចំណងមិត្តភាពរបស់យើងទាំងពីរ
នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសនេះ យើងខ្ញុំ
ទាំងឡាយជាប្រមុខរដ្ឋ/រដ្ឋាភិបាល នៃប្រទេសសមាជិករបស់អាស៊ាន និង សហរដ្ឋអាមេរិក
សូមយកពេលវេលា នេះដើម្បីបញ្ជាក់ឡើងវិញ ទៅលើគោលការណ៍គន្លឹះៗ
ដែលនឹងដឹកនាំកិច្ចសហប្រតិបត្តិការរបស់យើង ឲ្យដើរ ឆ្ពោះទៅមុខ។
១៖ ការគោរពគ្នាទៅវិញទៅមក លើអធិបតេយ្យភាព, បូរណភាពដែនដី, ភាពស្មើគ្នា
និងសេរីភាពនយោបាយចំពោះប្រជាជាតិទាំងអស់តាមរយៈ ការលើកកម្ពស់គោលការណ៍ និង
គោលដៅនៃធម្មនុញ្ញរបស់អង្គការ សហប្រជាជាតិ, ធម្មនុញ្ញអាស៊ាន
និងច្បាប់អន្តរជាតិ។
២៖ សារៈសំខាន់នៃការចែករំលែកវិបុលភាព, ចីរភាព, ការអភិវឌ្ឍ និងរីកចំរើនជាចង្កោម, និង ការអប់រំយុវវ័យ របស់យើងឲ្យបន្ត រក្សានិរន្តភាព សន្តិភាព, ការអភិវឌ្ឍ និងស្ថិរភាពដើម្បីផលប្រយោជន៍ទៅវិញទៅមក។
៣៖ ការទទួលស្គាល់ទៅវិញទៅមកនូវសារៈសំខាន់
នៃការស្វែងរកនយោបាយនានា ដែលអាចដឹកនាំទៅរក សន្ទុះ, ការបើកទូលាយ,
និង សេដ្ឋកិច្ចប្រកបដោយការប្រកួតប្រជែង ដែលជម្រុញកំណើនសេដ្ឋកិច្ច,
ការបង្កើតការងារ, ការបង្កើតអ្វីដែលថ្មី,
សហគ្រិនភាព និង ការផ្សារភ្ជាប់, និងដែលជាការគាំទ្រសហគ្រាសធុនតូច
និង មធ្យម (SMEs) និងបង្រួមគម្លាតនៃការអភិវឌ្ឍ។
៤៖ ការប្តេជ្ញារបស់យើង
ក្នុងការធានានូវឱកាសទាំងឡាយ សម្រាប់ប្រជាជនរបស់យើង តាមរយៈការពង្រឹង
និងពង្រីកលទ្ធិប្រជាធិបតេយ្យ, លើកស្ទួយអភិបាលកិច្ចល្អ
និងមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាព ព្រមទាំងប្រកាន់ខ្ជាប់ នូវការគោរពច្បាប់, ការលើកទឹកចិត្តឲ្យមានការលើកស្ទួយ ភាពអត់ឱន និង អធ្យាស្រ័យ, និង កិច្ចការពារបរិស្ថាន។
៥៖ គោរព និងគាំទ្រដល់ភាពជាកណ្តាលរបស់អាស៊ាន
និងយន្តការនានាដែលដឹកនាំដោយអាស៊ាន នៅក្នុងចលនាស្ថាបត្យកម្មនៃតំបន់
អាស៊ី-ប៉ាស៊ីហ្វិក។
៦៖ ការប្រកាន់យ៉ាងមុតមាំ
ទៅលើការអនុវត្តច្បាប់ប្រចាំតំបន់ និង សណ្តាប់ធ្នាប់អន្តរជាតិ ដែលជាការជ្រោមជ្រែង
និង ការពារសិទ្ធិ ព្រមទាំង អត្ថប្រយោជន៍នៃរដ្ឋទាំងអស់។
៧៖ ការប្តេជ្ញារួមគ្នាទៅរកដំណោះស្រាយជម្លោះ
ប្រកបដោយសន្តិវិធី ក្នុងនោះរួមមានការគោរពយ៉ាង
ពេញលេញទៅលើដំណើរការការទូតដោយស្របច្បាប់ ដោយមិនមានការប្រើប្រាស់ការគម្រាមកំហែង ឬ
កម្លាំងបាយ ដោយយោងទៅលើច្បាប់សមុទ្រដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និង
អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) កាលពីឆ្នាំ
១៩៨២។
៨៖ ការប្តេជ្ញារួមគ្នា ដើម្បីពង្រីកសន្តិភាព, សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់, ធានាការសន្តិសុខ
និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ដែលក្នុងនោះ រួមមានសិទ្ធិ និងសេរីភាពនៃការចល័តនាវា
និងយន្តហោះ និងច្បាប់នានា ដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រ។
មិនមានការរាំងការធ្វើនាវាចរណ៍លើ វិស័យពាណិជ្ជកម្ម
ដូចមានបញ្ជាក់នៅក្នុងអនុញ្ញាសញ្ញាអន្តរជាតិស្តីពីសមុទ្រ (UNCLOS) ក៏ដូចជាការមិនប្រើប្រាស់យោធា និងកងកម្លាំងនៅក្នុងការ
ប្រព្រឹត្តទង្វើរារាំងនានា។
៩៖ ការប្តេជ្ញារួមគ្នា
ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការទៅលើការដោះស្រាយបញ្ហាប្រឈមចាំបាច់
នៃដែននាវាចរ។
១០៖ ការដោះស្រាយឲ្យបានមុតមាំ ទៅលើបញ្ហាសកល
ដូចជាភេរវកម្ម និង អំពើហិង្សាដោយពួកជ្រុលនិយម, ការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀន, និង
អំពើល្មើសច្បាប់, ការមិនបានរាយការណ៍, និងការនេសាទដោយគ្មាការអនុញ្ញាត, ក៏ដូចជាការជួញដូរខុសច្បាប់សត្វព្រៃ
និង អនុផលព្រៃឈើ។
១១៖ ការប្តេជ្ញារួមគ្នា
ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និង ស្តារអាកាសធាតុឡើងវិញ, បរិស្ថាន
អាស៊ានប្រកបដោយនិរន្តរភាព, ក៏ដូចជាការអនវត្តនូវការ សន្យារបស់ប្រទេសនីមួយៗ
នីក្នុងកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស។
១២៖
ការប្តេជ្ញារួមគ្នាក្នុងការលើកស្ទួយសន្តិសុខ និង ស្ថិរភាពប្រព័ន្ធអ៊ិនធឺណែត
ដោយអនុវត្តន៍តាមច្បាប់ និងបទដ្ឋានប្រកប ដោយទំនួលខុសត្រូវពីបណ្តារដ្ឋ។
១៣៖ គាំទ្រសម្រាប់ការ ធ្វើឲ្យមានភាពខ្លាំងក្លា, ស្ថិរភាព, នយោបាយប្រកបដោយឥទ្ធិពល, កិច្ចសហការផ្នែកសេដ្ឋកិច្ច, ទំនួលខុសត្រូវសង្គម, តម្រង់ទិសប្រជាជន, ដឹកនាំប្រជាជន
និង សហគមន៍អាស៊ានប្រកបដោយមូលដ្ឋានច្បាប់។
១៤៖ ការប្តេជ្ញារួមក្នុងការពង្រឹង
និងពង្រីកការតភ្ជាប់រវាងប្រជាជន និងប្រជាជន
តាមរយៈកម្មវិធីដែលផ្សាភ្ជាប់ប្រជាពលរដ្ឋអាស៊ាន និងអាមេរិក ជាពិសេសមនុស្សវ័យក្មេង
និងលើកស្ទួយឱកាសសម្រាប់ប្រជាជនគ្រប់គ្នា ជាពិសេសអ្នកដែលមានសមត្ថភាព ដើម្បីបំពេញឲ្យបានតាម
គោលដៅរបស់សហគមន៍អាស៊ាន។
១៥៖ ការប្តេជ្ញារួមគ្នាក្នុងការលើកស្ទួយ
ភាពជាដៃគូសកលមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
តាមរយៈការប្រតិបត្តិតាមរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍដោយចរីភាព
និងរបៀបវារៈសកម្ម ទីក្រុង អាដឌីស អាបាបា (Addis Ababa) ក្នុងការធានាឲ្យបាននូវនិរន្តរភាព, សមធម៌
និងសង្គមចំរុះ ដែលគ្មាននរណាម្នាក់ត្រូវបាន គេបោះបង់ចោលនោះទេ។
១៦៖ ការប្តេជ្ញារួមគ្នា
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ នៅវេទិកាថ្នាក់តំបន់ និងអន្តរជាតិ
ជាពិសេសយន្តការ ដឹកនាំដែលមានស្រាប់របស់អាស៊ាន។
លោកជំទាវ ម៉ែន សំអន អញ្ជើញចូលជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូននៅ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាម៉ែលប៊ន ប្រទេសអូស្ត្រាលី
នាព្រឹកថ្ងៃទី១៧
ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច ជាប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចូលជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូននៅ
សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាម៉ែលប៊ន ប្រទេសអូស្ត្រាលី ។
លោកជំទាវ ម៉ែន
សំអន មានប្រសាសន៍ថា ថ្នាក់ដឹកនាំរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព
និងអភិវឌ្ឍន៍ បានប្រើប្រាស់ធនធានរបស់ខ្លួនក្នុងការបម្រើការងារសង្គម ការងារមនុស្សធម៌
និងការងារអប់រំ ដើម្បីបានជិតស្និទ្ធជាមួយនឹងប្រជាពលរដ្ឋ ដឹងសុខទុក្ខលំបាក
និងការប្រឈមទាំងឡាយរបស់ប្រជាពលរដ្ឋ ជាពិសេស ស្រ្តីងាយរងគ្រោះ ហើយធ្វើការដោះស្រាយបានទាន់ពេល
ក្នុងន័យរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស។ ក្នុងនោះផងដែរសមាគមនារីកម្ពុជាក៏បានពង្រឹង
និងពង្រីកកិច្ចសហការ ជាមួយអង្គការមិនមែនរដ្ឋាភិបាល ដៃគូជាតិ អន្តរជាតិដទៃទៀត
ក្នុងការស្វែងរកធនធានមនុស្សបន្ថែមទៀត ដើម្បីផ្គត់ផ្គង់សកម្មភាពក្នុងការចូលរួមការងារសង្គម
និងអភិវឌ្ឍស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវ ម៉ែន
សំអន បានថ្លែងអំណរគុណចំពោះការដឹកនាំរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព
និងអភិវឌ្ឍន៍ សាខាម៉ែលប៊ន ប្រទេសអូស្ត្រាលី កន្លងមកក្នុងការលើកស្ទួយដល់នារីកម្ពុជាដែលបានរស់នៅក្នុងប្រទេសអូស្ត្រាលី
និងបានសំណូមពរឲ្យថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍
សាខាម៉ែលប៊ន ប្រទេសអូស្ត្រាលី ត្រូវខិតខំបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវាងសមាគមនេះ៕
បទអត្ថាធិប្បាយ៖ តើ លោក ហ៊ុន សែន ជាជនកុម្មុយនិស្ដផ្ដាច់ការ ឬជាអ្នកប្រជាធិបតេយ្យ?(ប្រភពពី GNN)
កម្ពុជាកំពុងតែបោះជំហានយ៉ាងស្វាហាប់លើការពង្រឹងនីតិរដ្ឋ
ដែលជាមូលដ្ឋានគ្រឹះដ៏មាំនៃលទ្ធិ ប្រជាធិបតេយ្យ
ដែលពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ណាស់ថា ប្រជាធិបតេយ្យសេរី នៃព្រះរាជាណាចក្រកម្ពុជា
ជាប្រជាបធិបតេយ្យដែលមានការធានាយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល គឺជាតំណាងយ៉ាងពិតប្រាកដរបស់ពលរដ្ឋ
ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជា ច្បាប់កំពូលរបស់ជាតិ
ដែលបានបង្កើតជាមូលដ្ឋានគ្រឹះនៃច្បាប់ទាំងទ្បាយរបស់ប្រទេស។ អាណត្តិ
នៃសមាជិកអង្គការនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ
ត្រូវបានកំណត់ពីការជ្រើសតាំងទ្បើងវិញ ឬត្រូវ ជំនួសតាមពេលវេលាទៀងទាត់។
បើបែបនេះតើការលើកទ្បើងរបស់ក្រុមដែលមាននិន្នាការប្រឆាំង មួយចំនួនដែលថា
លោក ហ៊ុន សែន ជាជនកុម្មុយនិស្ត ផ្តាច់ការនោះ វាជាការត្រឹមត្រូវដែរឬទេ?
មនុស្សគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា
រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំស្តារ កសាង
និងអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់យ៉ាង
រួមទាំងដំណើរការប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានកំណើនជារៀងរាល់ឆ្នាំ
ការគោរពសិទ្ធិមនុស្ស ជាពិសេសការធានាបាននូវស្ថេរភាពនយោបាយ
សន្តិសុខទូទាំងផ្ទៃប្រទេស ការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពទឹកដី
និងការរស់នៅក្រោមដំបូលនៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ។
ម្យ៉ាងវិញទៀត
កម្ពុជាបានអនុវត្តតាមគន្លងប្រជាធិបតេយ្យពេញលេញលើគោលការណ៍សំខាន់ៗ
ដែលរួមមាន ប្រព័ន្ធពហុបក្ស ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងទៀងទាត់
ការទទួលស្គាល់ លទ្ធផលឆ្នោត ការចូលរួមរបស់ប្រជាពលរដ្ឋ ភាពស្មើគ្នា
ការអត់ឱនខាងនយោបាយ ការទទួល ខុសត្រូវ តម្លាភាព
ការត្រួតពិនិត្យការរំលោភអំណាច ការការពារសិទ្ធិមនុស្ស នីតិរដ្ឋ សេដ្ឋកិច្ច ទីផ្សារសេរី។
ការអនុវត្តយ៉ាងខ្ជាប់ខ្ជួនរបស់រាជរដ្ឋាភិបាលលើគោលកាណ៍ខាងលើ
ប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជាត្រូវបានធានាយ៉ាងច្បាស់ថា
កម្ពុជាមានគណបក្សទាំងអស់ អាចប្រកួតប្រជែង គ្នានៅក្នុងរង្វង់ច្បាប់
តាមរយៈការបង្កឲ្យមានការបោះឆ្នោតទៀងទាត់ ដើម្បីជ្រើសរើសតំណាងរាស្រ្ត
ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ឃុំ សង្កាត់
ដោយមានការបោះឆ្នោតទូលំទូលាយ ដោយសេរី និងយុត្តិធម៌
អាចទទួលយកបានពីគ្រប់ភាគី ដែលបច្ចុប្បន្ន
រដ្ឋាភិបាលកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ លទ្ធផលនៃការបោះឆ្នោតម្តងៗ
ត្រូវបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ។ ជាងនេះទៅទៀត
នៅកម្ពុជាមានការបែងចែកអំណាចច្បាស់លាស់ ដូចមាន ចែងនៅក្នុងរដ្ឋធម្មនុញ្ញ
គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ទន្ទឹម នឹងនេះ
កម្ពុជាក៏មានស្ថាប័នឯករាជ្យមួយចំនួន ដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ
អាជ្ញាធរសវនកម្មជាតិ ស្ថាប័នប្រឆាំងអំពើពុករលួយជាដើម។
រាល់កិច្ចការនយោបាយ និងកិច្ចការធំៗរបស់ជាតិ ត្រូវ បានសម្រេចដោយមតិភាគច្រើន
គឺ ៥០ បូក ១ ដែលកម្ពុជាបាននឹងកំពុងអនុវត្តកិច្ចការនេះ នៅ ក្នុងរដ្ឋសភាបច្ចុប្បន្ន។
តើនៅលើពិភពលោកនេះ
មានមេដឹកនាំកុម្មុយនិស្តផ្តាច់ការណាដែលប្រកាន់គោលការណ៍ និង របបដឹកនាំដូចដែល
លោក ហ៊ុន សែន បាននឹងកំពុងតែអនុវត្តនៅកម្ពុជា ដូចដែលបានរៀបរាប់ ខាងលើដែរឬទេ?
បើកម្ពុជាប្រកាន់នូវររបបកុម្មុយនិសផ្តាច់ការដូចអ្វីដែលក្រុមអ្នកប្រឆាំងទាំងទ្បាយទាំងពួងបានលើក ទ្បើងមែននោះ តើពួកគេអាចរិះគន់
និងបរិហារដ្ឋាភិបាលដូចសព្វថ្ងៃដែរឬទេ? បើកម្ពុជាប្រកាន់ នូវររបបកុម្មុយនិស្ដផ្តាច់ការ តើពួកគេអាចដើរបំផុសបំផុលឲ្យមានចលនានៃការផ្លាស់ប្តូររដ្ឋាភិបាល
តាមរយៈបដិវត្តន៍ពណ៌លើគ្រប់រូបភាពដែរឬទេ? តើនៅលើពិភពលោកមានប្រទេសកុម្មុយនិស្ដ
ផ្តាច់ការណាដែលមាន បណ្តាញសារព័ត៌មាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
រហូតដល់ ទៅជាង ៥,០០០ ដូចនៅកម្ពុជា?
ហើយធ្វើសកម្មភាពដោយសេរី។
ដូចនេះ សូមក្រុមប្រឆាំង
និងគូកនមេត្តាយល់ឲ្យច្បាស់ថា នៅក្នុងលទ្ធិផ្តាច់ការ បុគ្គល ឬ មនុស្ស មួយក្រុមតូចជាអ្នកកាន់អំណាច។
សម្តីរបស់ជនផ្តាច់ការ គឺជាច្បាប់ ជនផ្តាច់ការ ឬក្រុមអ្នកដឹកនាំ ទាំងនោះ
មិនដែលទទួលខុសត្រូវចំពោះឆន្ទៈរបស់រាស្រ្តម្តងណាទ្បើយ។ ដែលហេតុផលទាំង នេះ វាប្រាសចាកទាំងស្រុងនូវអ្វីដែល លោក ហ៊ុន សែន
បាននឹងកំពុងតែអនុវត្តនៅកម្ពុជាបច្ចុប្បន្ន។
សរុបមក
បើយោងតាមដំណើរការក្នុងការដឹកនាំរបស់ លោក ហ៊ុន សែន ឆ្លងតាមព្រឹត្តិការណ៍ នយោបាយនៅកម្ពុជាជិត
៤ ទសវត្សរ៍កន្លងមកនេះ ពិភពលោកអាចមើលឃើញយ៉ាងច្បាស់ថា លោកជាអ្នកចរចាដ៏ល្បីល្បាញ
និងដើរតួនាទីដ៏សំខាន់ជាអ្នកដោះស្រាយ ក៏ដូចជាអ្នកការទូត ដ៏ប៉ិនប្រសប់ ទន់ភ្លន់ នៅគ្រប់របត់នយោបាយធំៗ
ជាអាយុជីវិតរបស់ជាតិខ្មែរជាង ៣០ ឆ្នាំចុង ក្រោយនេះ ដោយលោកតែងតែបើកបេះដូងចិត្តទូលាយជាមួយអ្នកនយោបាយខ្មែរគ្នាឯង
ព្រម ទាំងជាមួយប្រទេសនានា ដើម្បីសន្តិភាព អភិវឌ្ឍនប្រទេសកម្ពុជា
និងផលប្រយោជន៍សហគម៍ ទៅវិញទៅមក។ សមទ្ធផលរបស់កម្ពុជាបច្ចុប្បន្ន
អាចសមល្មមបង្ហាញឲ្យពិភពលោកមើល ឃើញថា កម្ពុជាជាគំរូនៃសន្តិភាព លោក ហ៊ុន សែន
ជាអ្នកសាបព្រួស ជាអ្នកបំពាក់ ជាបិតា ប្រជាធិបតេយ្យ
ជាអ្នកប្រជាធិបតេយ្យនិយមយ៉ាងពិតប្រាកដនៅកម្ពុជា៕
ស្ថាប័នធានាគុណភាពជប៉ុនJQAបើកសវនកម្ម លើការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា
ស្ថាប័នធានាគុណភាពជប៉ុនJQA បើកសវនកម្មប្រចាំឆ្នាំលើការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Kozo Sakurada ប្រធានសវនករនៃស្ថាប័នJQA។
ក្នុងបទបង្ហាញដល់អង្គប្រជុំ លោក Kozo Sakurada ពន្យល់ថា សវនកម្មលើកនេះជាប្រភេទសវនកម្មតាមដាន ទៅលើភាពអនុលោមនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន បន្ទាប់ពីអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្រ ISO14001 ជាថ្មីម្តងទៀតកាលឆ្នាំ២០១៥កន្លងទៅ។ តាមរយៈសវនកម្មនេះ នឹងធ្វើឲ្យក្រុមការងារគ្រប់គ្រងប្រព័ន្ធបរិស្ថាន និងក្រុមជំរុញការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កាន់តែយកចិត្តទុកដាក់និងមានស្មារតីបន្ថែមទៀត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
មានប្រសាសន៍ក្នុងពិធីបើកនេះ ឯកឧត្តមបណ្ឌិតលើកឡើងថា អាជ្ញាធរជាតិអប្សរាពិតជាមានមោទនភាពណាស់ ដែលអង្គរទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពរបស់ជប៉ុនជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៦មក។ អង្គរជាបេតិកភណ្ឌពិភពលោកមុនគេបង្អស់ដែលទទួលបានវិញ្ញាបនបត្រនេះ។ ការងារនេះ មិនមែនបានមកពីបុគ្គលណាម្នាក់នោះទេ តែវាជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការទទួលបានវិញ្ញាបនបត្រISO14001 នេះមិនទាន់គ្រប់គ្រាន់ទេ យើងពិតជាមានមហិច្ឆិតាលើសហ្នឹងទៀត។ យើងចង់ឲ្យបរិស្ថានអង្គររឹងរឹតមានភាពស្រស់បំព្រង ព្រោះបេតិកភណ្ឌអង្គរ មិនមែនមានន័យត្រឹមតែប្រាង្គប្រាសាទប៉ុណ្ណោះទេ តែត្រូវរួមបញ្ចូលទាំងទេសភាពវប្បធម៌ក្នុងតំបន់អង្គរផង។ អាជ្ញាធរជាតិអប្សរានឹងបើកទូលាយបន្ថែមទៀត ដើម្បីសហការជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីជំរុញឲ្យបរិស្ថានអង្គរកាន់តែមានភាពល្អប្រសើរជាងនេះ។ ឯកឧត្តមបណ្ឌិតក៏បានដាស់តឿនឲ្យនាយកដ្ឋាននិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាទាំងអស់ យកចិត្តទុកដាក់អនុវត្តឲ្យលើសពីតម្រូវការចាំបាច់របស់ស្ថាប័នJQA ព្រោះយើងមិនមែនធ្វើដើម្បីទទួលបានវិញ្ញាបនបត្រតែម្យ៉ាងប៉ុណ្ណោះទេ តែគឺដើម្បីសោភណភាព និងចីរភាពនៃរមណីយដ្ឋានអង្គររបស់យើង៕
សំណង់អគារភ្លោះមានកម្ពស់ ៥០០ម៉ែត្រ ដែលមានកម្ពស់ខ្ពស់ជាងគេនៅតំបន់អាស៊ី ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៦នេះ
អគារភ្លោះដែលមានកម្ពស់ខ្ពស់ជាងគេនៅតំបន់អាស៊ី ត្រូវគេគ្រោងនឹងសាងសង់នៅកណ្ដាលរាជធានីភ្នំពេញនិងធ្វើឲ្យរួចរាល់ក្នុងរយៈពេល ៣ឆ្នាំទៅមុខទៀតនេះ ។ អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង នឹងមានចំនួន ១៣៣ជាន់ កំពស់ ៥០០ម៉ែត្រ និងក្លាយជាអគារខ្ពស់ជាងគេបង្អស់នៅតំបន់អាស៊ី ។
មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក្រុងភ្នំពេញ បានសម្រេចអនុម័តយល់ព្រមលើគម្រោងសាងសង់អគារភ្លោះនោះហើយ ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ឌ្រីមលែន នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងទៅតាមការស្នើសុំរបស់ក្រុមហ៊ុនបណ្តាក់ទុនវិនិយោគថៃ ប៊ុនរ៉ុង ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា ខូវ សម្បត្តិ និងក្រុមហ៊ុនរបស់ចិន ។
គម្រោងសាងសង់ «អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុង» គ្រោងនឹងចាប់ដំណើរការសាង់សង់នៅដើមឆ្នាំ ២០១៦នេះ លើផ្ទៃដីទំហំ ៥ហិកតា ហើយនឹងចំណាយពេលសាងសង់រយៈ ពេល ៣ឆ្នាំ ដោយបញ្ចប់ក្នុងឆ្នាំ ២០១៩ ។ តាមការសិក្សាវាយតម្លៃជំហានដំបូង ពីក្រុមមន្ត្រីជំនាញគម្រោងវិនិយោគ សំណង់អគារភ្លោះនោះ អាចនឹងត្រូវចំណាយទុនយ៉ាងហោចណាស់ជាង ១ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះ គឺជាគម្រោងដ៏ធំបំផុតនៅអាស៊ី ហើយត្រូវគេរំពឹងថា នឹងបង្ហាញពីមុខមាត់ និងលំនឹងសេដ្ឋកិច្ចកម្ពុជាលើវិស័យសំណង់ ដែលកំពុងមានការរីកចម្រើន និងទាក់ទាញការវិនិយោគថ្មីៗ កាន់តែច្រើនបន្ថែមទៀត។ តាមរបាយការណ៍ សាលារាជធានីភ្នំពេញឲ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ នៅរាជធានីភ្នំពេញ មានសំណង់អគារខ្ពស់ៗ ចាប់ពីកម្ពស់ ៥ជាន់ ដល់លើសពី ៤០ជាន់ឡើងទៅមានចំនួន៦២៨ អគារហើយ ។
មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក្រុងភ្នំពេញ បានសម្រេចអនុម័តយល់ព្រមលើគម្រោងសាងសង់អគារភ្លោះនោះហើយ ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ឌ្រីមលែន នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងទៅតាមការស្នើសុំរបស់ក្រុមហ៊ុនបណ្តាក់ទុនវិនិយោគថៃ ប៊ុនរ៉ុង ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា ខូវ សម្បត្តិ និងក្រុមហ៊ុនរបស់ចិន ។
គម្រោងសាងសង់ «អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុង» គ្រោងនឹងចាប់ដំណើរការសាង់សង់នៅដើមឆ្នាំ ២០១៦នេះ លើផ្ទៃដីទំហំ ៥ហិកតា ហើយនឹងចំណាយពេលសាងសង់រយៈ ពេល ៣ឆ្នាំ ដោយបញ្ចប់ក្នុងឆ្នាំ ២០១៩ ។ តាមការសិក្សាវាយតម្លៃជំហានដំបូង ពីក្រុមមន្ត្រីជំនាញគម្រោងវិនិយោគ សំណង់អគារភ្លោះនោះ អាចនឹងត្រូវចំណាយទុនយ៉ាងហោចណាស់ជាង ១ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះ គឺជាគម្រោងដ៏ធំបំផុតនៅអាស៊ី ហើយត្រូវគេរំពឹងថា នឹងបង្ហាញពីមុខមាត់ និងលំនឹងសេដ្ឋកិច្ចកម្ពុជាលើវិស័យសំណង់ ដែលកំពុងមានការរីកចម្រើន និងទាក់ទាញការវិនិយោគថ្មីៗ កាន់តែច្រើនបន្ថែមទៀត។ តាមរបាយការណ៍ សាលារាជធានីភ្នំពេញឲ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ នៅរាជធានីភ្នំពេញ មានសំណង់អគារខ្ពស់ៗ ចាប់ពីកម្ពស់ ៥ជាន់ ដល់លើសពី ៤០ជាន់ឡើងទៅមានចំនួន៦២៨ អគារហើយ ។
Subscribe to:
Posts (Atom)