Saturday, September 16, 2023

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “រួមកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ »

 CNV:

ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលបានចូលរួមជាលើកទី ១ នៅក្នុង ពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន នាថ្ងៃនេះ។ ខ្ញុំសូមអបអរសាទរចំពោះការប្រារព្ធខួបលើកទី ២០ នៃការរៀបចំពិព័រណ៍ចិន-អាស៊ាន និងខួបលើកទី ១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។

ក្នុងបរិការណ៍សកលលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព។ ជាងនេះទៅទៀត ការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវ សុខសន្តិភាព និងវិបុលភាពរួម យ៉ាងពិតប្រាកដ។

យើងមានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំ ដោយអាស៊ាន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាច្រើនទៀត។ នៅក្នុងក្របខណ្ឌទាំងអស់នេះ, ពិព័រណ៍នេះ គឺជាសកម្មភាពជាក់ស្ដែង ដែលបង្កើតបាននូវសហថាមភាព ក្នុងការជំរុញទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យមានសន្ទុះកាន់តែខ្លាំងក្លាផងដែរ។ យើងទាំងអស់គ្នាពិតជាមានមោទនភាព ដែលទំហំពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងដល់ ៧២២ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
នៅពេលដែលជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយរបស់មនុស្សជាតិត្រូវបានធ្លាក់ចុះ, ប៉ុន្តែយើងបានឃើញដោយផ្ទាល់ថា រំហូរពាណិជ្ជកម្មទំនិញនៅតែបន្តដំណើរការ។ ក្នុងឆ្នាំ ២០២១ និង២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិត មុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានាសន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោក។

នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ យើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈម ផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ សន្តិសុខស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាដើម។ នៅត្រង់ចំណុចនេះ ខ្ញុំចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹងផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ។

ក្នុងន័យនេះ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ពិភពលោកពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។ ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារ ការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក។ បន្ថែមពីនេះ យើងក៏ត្រូវពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី។

ឯកឧត្តម, លោកជំទាវ, លោក លោកស្រី!
នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមគូសបញ្ជាក់ពីការប្ដេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។

កម្ពុជាក៏សូមសម្តែងនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។

ជាទីបញ្ចប់ ខ្ញុំមានជំនឿជឿជាក់ថា ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នេះនឹងប្រព្រឹត្តទៅ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងសូមជូនពរឱ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី មានសុខភាពល្អ និងទទួលបានជោគជ័យលើគ្រប់ភារកិច្ច។

សូមអរគុណ!

*********

Remarks of Samdech Moha Borvor Thipadei HUN MANET Prime Minister of the Kingdom of Cambodia at the Twentieth China-ASEAN Expo 2023 under the theme “Work Together for a Harmonious Home and a Shared Future”


 


CNV:

  • Excellency Li Qiang, Premier of the People’s Republic of China
  • Excellencies Heads of State and Government
  • Excellencies, Ladies and Gentlemen!

I am very pleased to attend the Opening Ceremony of the China-ASEAN Expo for the first time today. For the Twentieth Anniversary of the Expo and the Tenth Anniversary of the Belt and Road Initiative, I extend my sincere congratulations.

Amid global uncertainties, holding the China-ASEAN Expo is significant in forging closer and harmonious regional relations and helping to promote sustainable development. Above all, it shows that cooperation combined with free and open trade is the only path to peace and shared prosperity.

We enjoy excellent cooperation through ASEAN-led regional architecture. This includes the ASEAN-China Free-Trade Agreement, RCEP and many bilateral trade agreements. Within these frameworks, this Expo is a concrete activity that creates synergies to increase trade between ASEAN and China. We are all very proud that ASEAN-China trade reached 722 billion dollars last year.

  • Excellencies, Ladies and Gentlemen!

When Covid upended the world, movements of people declined but we saw first-hand that movements of goods continued to flourish. In 2021 and 2022, trade in goods even exceeded pre-pandemic levels highlighting the essential role of commerce in ensuring the socio-economic security of people around the world.

As the pandemic subsides, we face new challenges such as rising commodity prices, food insecurity and climate change. Here, I would like to highlight the important role of trade in tackling these global challenges to ensure that interdependence and globalization are mutually beneficial. Trade should not be used as a weapon that undermines global economic security.

In this sense, ASEAN and China are key players. We can show the world examples of tangible benefits of strengthening multilateral cooperation – without leaning towards protectionism, unilateralism or economic nationalism. Going forward, ASEAN and China need to reinforce our cooperation and interdependence – by further opening markets and improving connectivity, supply chain resilience, supply-linked production capacity and trade facilitation. We also need to work together to promote two-way investment. In addition, we should strengthen technical support – especially in complying with market requirements and demands. Such support will help ensure that developing countries truly benefit from market openings resulting from multilateral trading mechanisms.

  • Excellencies, Ladies and Gentlemen!

Under the new mandate of the Royal Government of Cambodia, I’d like to reiterate our continued efforts to improve our business and investment climate by cutting costs and improving the efficiency of transport and logistics. Our aim is to raise productivity to meet the needs of all investors.

Cambodia is deeply committed to collaborating with all government and private-sector stakeholders in the region to support trade activities that help address regional and global challenges.

Finally, I am confident that the Twentieth China-ASEAN Expo will run smoothly and achieve fruitful results – and wish Excellencies, Ladies and Gentlemen good health and success in all your endeavors.

Thank you!

កម្ពុជា-ចិ​ន ចេញសេចក្តីប្រកាសរួមអំពីលទ្ធផល នៃទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិនរយៈពេល៣ថ្ងៃ

 

 (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា-ចិន នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសរួមមួយ ស្តីអំពី លទ្ធផល នៃទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅប្រទេសចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ២០២៣។







[ENG]

Joint Communiqué between the Royal Government of Cambodia and the Government of the People's Republic of China

🇰🇭🇨🇳










សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ ឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នារសៀល ថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ទីក្រុងណានីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង គណៈប្រតិភូ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តម លាវ នីង លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ដែលបានចូលជួបសម្តែងការគួរសម ។ បន្ទាប់ពីបានសម្តែងនូវការអបអរសាទរចំពោះតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ សម្តេចធិបតី បានអរគុណចំពោះការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ប្រកបដោយភាតរភាព ពីសំណាក់ថ្នាក់ដឹកនាំ និង ប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចំពោះវត្តមានរបស់ សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ។
ឯកឧត្ដមលេខាធិការបក្ស បានសម្តែងនូវអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្ដម បានគូសបញ្ជាក់បន្ថែមថា តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពិតជាមានមោទនភាព និងកិត្តិយសដ៏ឧត្ដុង្គឧត្ដម ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចធិបតី និងគណៈប្រតិភូ ។ ឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ចំពោះ សម្ដេចធិបតី ដែលបានជ្រើសរើសយកប្រទេសចិន ជាប្រទេសទី១ សម្រាប់បំពេញទស្សនកិច្ចផ្លូវការ ក្រោយពីសម្ដេចធិបតី ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ។
បន្ទាប់មក ឯកឧត្ដមលេខាធិការបក្ស បានគោរពរាយការណ៍ជូន សម្តេចធិបតី អំពីសក្ដានុពលឧត្តមភាព និងភាពខ្លាំងនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័តមាន ជាមួយប្រទេសកម្ពុជា និងកំពុងស្វែងរកលទ្ធភាពបន្ថែមផ្សេងទៀត ។ គិតមកត្រឹមពេលនេះ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាលធនធានមនុស្ស ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវអំណរគុណចំពោះការអបអរសាទរ និងចំពោះការរាយការណ៍ និងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័ត មានជាមួយប្រទេសកម្ពុជា ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័ត ដែលប្រៀបបីដូចជាចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្ដមលេខាធិការបក្ស និងគណៈប្រតិភូអំពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ សម្ដេចធិបតី នៅរដ្ឋធានីប៉េកាំង ដែល សម្តេចធិបតី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping), ឯកឧត្តមប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស ចាវ ឡឹជី (Zhao Leji) និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) ។ ដំណើរទស្សនកិច្ចផ្លូវការនេះ បានជួយជំរុញឱ្យទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កាន់តែរីកលូតលាស់ និងរឹងមាំ ថែមមួយកម្រិតទៀត ។
ក្នុងទិសដៅបម្រើផលប្រយោជន៍ឱ្យប្រជាជាតិទាំងពីរកាន់តែប្រសើរឡើង, សម្តេចធិបតី បានស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែម លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្តល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏ស្នើឱ្យ ឯកឧត្ដមលេខាធិការបក្ស ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្ដោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។
មុននឹងឆ្លើយតបចំពោះការស្នើរបស់ សម្ដេចធិបតី ឯកឧត្ដមលេខាធិការបក្ស បានអរគុណចំពោះ សម្ដេចធិបតី ដែលបានជូនពរឱ្យការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ប្រកបដោយជោគជ័យ និងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយឯកឧត្ដមនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា ។
ជាកិច្ចបញ្ចប់, សម្ដេចធិបតី បានជូនពរជាថ្មីឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទទួលបានជោគជ័យត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ។ ឯកឧត្ដមលេខាធិការបក្ស ក៏បានអរគុណ និងបានជូនពរឱ្យ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយជោគជ័យ និងបានជូនពរឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕









ចំណេះដឹងទូទៅ៖ វិជ័យ (Vijaya) រាជធានីដ៏ល្បីល្បាញរបស់អាណាចក្រចាម្ប៉ា

(ភ្នំពេញ)៖ ដោយសារត្រូវកងទ័ពដាយវៀតវាយលុកចូលរាជធានីក្រុងឥន្ទ្របុរៈ (Indrapura) ក្សត្រក៏បានបន្តរើរាជធានីទីក្រុងដ៏សំខាន់មួយនៅវិជ័យ ឬវិជយៈ (Vijaya) ដើម្បីកសាងកម្លាំងដែលនៅសេសសល់ ពង្រឹងអំណាចរាជការ និងយោធា ទប់ទល់នឹងការវាយលុកបន្តរបស់ពួកយួនដាយវៀត។

ជារឿយៗ កងទ័ពចាមបានវាយទៅកាន់ភាគខាងជើង ដើម្បីដណ្ដើមទឹកដីដែលបានបាត់បង់មកវិញ ដូចជា ក្រុងសិង្ហបុរៈ ក្រុងឥន្ទ្របុរៈ ក្រុងអមវតីជាដើម។ ប៉ុន្តែនៅពេលដែលអាណាចក្រដាយវៀតត្រូវបានគ្រប់គ្រងដោយស្ដេចលីញ៉ាតុង (Ly Nhan Tong) កងទ័ពដាយវៀតបានវាយបកមកលើក្រុងវិជ័យវិញនៅឆ្នាំ១០៦៩ ដើម្បីសងសឹកលើចំពោះការរំខាននៅព្រំដែនខាងត្បូង។ ពេលនោះហើយដែលក្សត្រចាមព្រះបាទរុទ្រវម៌្មទី៣ (Rudravarman III) ត្រូវចាញ់សង្រ្គាមជាមួយដាយវៀត និងបានរត់មកទឹកដីចក្រភពខ្មែរបំណងសុំសិទ្ធិជ្រកកោណ ប៉ុន្តែត្រូវកងទ័ពយួនចាប់បានតាមផ្លូវ ទម្លាក់ជាឈ្លើយសឹក។ សព្វមុខនាម៉ឺនមន្ត្រីចាមបានស្នើសុំព្រះរាជារបស់ខ្លួនមកវិញ ជាថ្នូរនឹងការកាត់ក្រុងភាគខាងជើងចំនួន៣ឱ្យទៅអាណាចក្រដាយវៀត នោះគឺក្រុងសិង្ហបុរៈ ក្រុងឥន្ទ្របុរៈ និងក្រុងអមរវតី។

រាជការចាមក្រុងវិជ័យក៏ជាប់ពាក់ព័ន្ធក្នុងសង្រ្គាមជាមួយមហាអំណាចខ្មែរក្នុង​សតវត្ស​ទី១២ និង​ទី១៣ដែរ។ ការលុកលុយរបស់កងទ័ពខ្មែរទៅលើក្រុងវិជ័យ ទទួលបានជោគជ័យជាបន្តបន្ទាប់ ហើយព្រះបាទសូរ្យវម៌្មទី២ ក៏វាយបំបាក់ក្រុងវិជ័យបាននៅឆ្នាំ១១៤៥ ដោយផ្តួលរំលំព្រះបាទជយឥន្ទ្រវម៌្មទី៣ (Jaya Indravarma III) និងបានដាក់ព្រះញាតិវង្សរបស់ព្រះអង្គ ព្រះនាមហរទេវៈ ធ្វើជាព្រះរាជទេសាភិបាលនៅក្រុងវិជ័យ។ ប៉ុន្តែនៅឆ្នាំ១១៤៩ ព្រះហរិទេវៈ ក៏ត្រូវកងទ័ពចាមវាយបណ្តេញពីក្រុងវិជ័យវិញ ហើយក្រោយមកក៏បានវាយមកដល់រាជធានីក្រុងយសោធរបុរៈរបស់ខ្មែរថែមទៀត។ ក្នុងរាជ្យព្រះបាទជយវម៌្មទី៧ ក្រុងវិជ័យក៏ធ្លាក់ក្រោមចំណុះឱ្យចក្រភពខ្មែរម្ដងទៀត។ ប៉ុន្តែរហូតដល់រាជ្យព្រះបាទឥន្ទ្រវម៌្មទី២ (បុត្រព្រះបាទជយវម៌្មទី៧) នាសតវត្សទី១៣ ព្រះអង្គក៏បានប្រគល់ឯករាជ្យឱ្យក្សត្រចាមវិញ។

ក្រុងវិជ័យ ត្រូវដណ្តើមកាន់កាប់បានដោយកងទ័ពរាជវង្សយ័ន (Yuan Dynasty) ដែលដឹកនាំដោយមេទ័ពម៉ុងហ្គោល Sogetu នៅដើមឆ្នាំ១២៨៣។ ក្រោយមក ពួកម៉ុងហ្គោលត្រូវបានបណ្តេញចេញទៅវិញ ប៉ុន្តែទីក្រុងនេះបានរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយទ្រព្យសម្បត្តិមានតម្លៃនានា​ត្រូវបានបាត់បង់។ នៅឆ្នាំ១៣៧៧ ទីក្រុងនេះត្រូវបានឡោមព័ទ្ធដោយកងទ័ពវៀតណាម។ សង្រ្គាមធំៗជាមួយវៀតណាម ត្រូវបានប្រយុទ្ធម្តងទៀតនៅអំលុងសតវត្សទី១៥ ដែលនៅទីបំផុតនាំទៅដល់ការបរាជ័យរបស់ពួកចាមនៅក្រុងវិជ័យ និងការដួលរលំនៃអាណាចក្រចាម្ប៉ាខាងជើង នៅឆ្នាំ១៤៧១។ ព្រះរាជាចាមក្រោយក៏បានបង្កើតរដ្ឋថ្មីនៅរាជធានីក្រុងគោធរៈ (ខេត្តញ៉ាចាង) និងនៅក្រុងបណ្ឌុរង្គៈ (ខេត្តហ្វាន់រ៉ាង) ភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន៕











បទវិភាគ៖ តើអ្នកណាជាការគំរាមកំហែងដ៏ធំបំផុតក្នុងលំហបណ្តាញអ៊ីនធើណេតនៅទូទាំងពិភពលោក? សហរដ្ឋអាមេរិកបានផ្តល់ចម្លើយជាស្រេចតាមរយៈទង្វើរបស់ខ្លួន

(ប៉េកាំង)៖ ពេលថ្មីៗនេះ សំណុំរឿងពាក់ព័ន្ធនឹងសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យ នៃប្រទេសចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធើណេតទទួលបានការវាយទម្លុះដ៏សំខាន់ ។ ពេលធ្វើការស៊ើបអង្កេតចំពោះសំណុំរឿងនេះ បុគ្គលិកចិនបានកំណត់ច្បាស់ពីអត្តសញ្ញាណពិតប្រាកដ របស់បុគ្គលិកការងារនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)តាមរយៈការធ្វើវិភាគខាងបច្ចេកទេសចំពោះ កម្មវិធីចារកម្មមួយឈ្មោះ"SecondDate" ។ ការរកឃើញដ៏សំខាន់នេះបានក្លាយជាភស្តុតាងថ្មីមួយទៀតដែលអាចបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបំផុសការវាយប្រហារ តាមបណ្តាញអ៊ីនធើណេតទៅលើប្រទេសផ្សេងទៀត ។


យោងតាមរបាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលជាតិ ដោះស្រាយវីរុសកុំព្យូទ័រជាបន្ទាន់របស់ចិនឱ្យដឹងថា កម្មវិធី"SecondDate"ជាអាវុធចារកម្មតាមបណ្តាញអ៊ីនធើណេត ដែលអភិវឌ្ឍដោយទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)ដែលអាចសម្រេចបាននូវមុខងារដែលមានចេតនាអាក្រក់ជាច្រើន ដូចជា ការលួចស្តាប់និង"ឆក់យក"តាមបណ្តាញអ៊ីនធើណេត ការវាយប្រហារតាមរយៈអន្តរការីនិងការបញ្ចូលលេខកូដ ដែលមានចេតនាអាក្រក់ជាដើម ហើយវាក៏អាចរួមសហការជាមួយកម្មវិធី ដែលមានចេតនាអាក្រក់ផ្សេងទៀតដើម្បីសម្រេចបាននូវសកម្មភាព "ចារកម្ម" ដ៏ស្មុគស្មាញតាមបណ្តាញអ៊ីនធើណេតផងដែរ ។ ប៉ុន្តែ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ស្ទើរតែក្នុងពេលដំណាលគ្នា ក្រសួងការពារជាតិអាមេរិកបានប្រកាសជាសាធារណៈ នូវសេចក្តីសង្ខេបនៃ«យុទ្ធសាស្ត្រតាមបណ្តាញអ៊ីនធើណេតឆ្នាំ ២០២៣»ដែលឃោសនាបំប៉ោងម្តងទៀតនូវអ្វីដែលហៅថា "ការគំរាមកំហែងពីប្រទេសចិន"។

គិតតាំងពីឆ្នាំ ២០១៣ មក រដ្ឋាភិបាលអាមេរិកបានប្រើប្រាស់ជាប្រព័ន្ធនូវអ្វីដែលហៅថា យុទ្ធសាស្ត្រ"ដាក់ឈ្មោះ"ដើម្បីលាបពណ៌ប្រទេសចិន ជុំវិញបញ្ហាសន្តិសុខតាមបណ្តាញអ៊ីនធើណេត ប៉ុន្តែអ្វីទាំងអស់គ្មានភស្តុតាងអាចបញ្ជាក់ពីចំណុចនេះនោះឡើយ ។ ផ្ទុយទៅវិញ ទង្វើអាក្រក់របស់អាមេរិកក្នុងការលួចស្តាប់ ប្រទេសដទៃត្រូវបានលាតត្រដាងជាបន្តបន្ទាប់ សូម្បីតែវាក៏ត្រូវបញ្ជាក់ថែមមួយកម្រិតទៀតថា សហរដ្ឋអាមេរិកបាននិងកំពុងលួចស្តាប់យក ការណ៍សម្ងាត់ពីទូទាំងពិភពលោកក្នុងរយៈពេលជាយូរណាស់មកហើយ។ បន្ទាប់ពីហេតុការណ៍ "PRISM" ត្រូវបានបែកធ្លាយកាលពីខែមិថុនា ឆ្នាំ ២០១៣ លោក Edward Snowden អតីតបុគ្គលិកនៃក្រុមហ៊ុនម៉ៅសេវាកម្មដល់ កិច្ចការពារជាតិរបស់អាមេរិកបានផ្តល់ភស្តុតាងដ៏ពិតប្រាកដ ដើម្បីលាតត្រដាងរដ្ឋាភិបាលអាមេរិកដែលបានលួចស្តាប់ យ៉ាងទូលំទូលាយចំពោះទូរស័ព្ទទាំងជាតិនិងអន្តរជាតិ ក៏ដូចជាទូរគមនាគមន៍តាមបណ្តាញអ៊ីនធើណេតផងដែរ ក្នុងនោះបូករួមទាំងការវាយលុកចូលក្នុងម៉ាស៊ីមេ របស់ទីស្នាក់ការទូទៅនៃក្រុមហ៊ុន Huawei របស់ចិនក្នុងរយៈពេលជាយូរនិងការឃ្លាំមើល និងត្រួតពិនិត្យទូរគមនាគមន៍របស់អ្នកទទួលខុសត្រូវជាន់ខ្ពស់នៃក្រុមហ៊ុន Huawei ជាដើម ។

កាលពីខែមិថុនា ឆ្នាំ ២០២២ សកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យនៃប្រទេសចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរងការវាយប្រហារតាមបណ្តាញអ៊ីធើណេត ហើយក្រុមពួក Hacker ដែលមកពីក្រៅប្រទេសប៉ុនប៉ងលួចយកទិន្នន័យពាក់ព័ន្ធ ។ បន្ទាប់ពីនោះ ប្រទេសចិនបានឆែករកឃើញដោយជោគជ័យ នូវបាតដៃខ្មៅនៅពីក្រោយហេតុការណ៍វាយប្រហារ តាមបណ្តាញអ៊ីនធើណេតលើកនេះ គឺ ការិយាល័យប្រតិបត្តិការលុកលុយជាពិសេស(TAO)ដែលស្ថិតនៅក្រោមឱវាទនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA។ មើលពីករណីមួយចំនួនទាំងនេះ អាចបញ្ជាក់ថា ប្រទេសចិនទើបជាអ្នករងគ្រោះដ៏សំខាន់មួយនៃការលួចយក ការណ៍សម្ងាត់តាមបណ្តាញអ៊ីធើណេតរបស់សហរដ្ឋអាមេរិក នេះមានភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបាន។

តាមស្ថិតិពីលោក Glenn Greenwald អតីតអ្នកសារព័ត៌មាននៃកាសែត«Guardian»របស់អង់គ្លេសដែលបានរាយការណ៍ អំពីហេតុការណ៍"PRISM" បង្ហាញឱ្យឃើញថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)ធ្លាប់បានលួចយកពីចម្ងាយចំពោះអ៊ីម៉ែលចំនួន ៩៧ ពាន់លានច្បាប់និងទិន្នន័យទូរស័ព្ទចំនួន ១២៤ ពាន់លាននៅទូទាំងពិភពលោកក្នុងរយៈពេល ៣០ ថ្ងៃ ក្នុងនោះបូករួមទាំង ៥០០ លានច្បាប់នៅប្រទេសអាល្លឺម៉ង់ ៧០ លានច្បាប់នៅប្រទេសបារាំងនិង ៦០ លានច្បាប់នៅប្រទេសអេស្ប៉ាញ ។ ដើម្បីរក្សាទុកទិន្នន័យយ៉ាងច្រើនសន្ធឹក ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក(NSA)ក៏បានសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុត នៅទូទាំងសហរដ្ឋអាមេរិកនៅរដ្ឋ Utah ដែលអាចរក្សាទុកបាន នូវទិន្នន័យទូរគមនាគមន៍អេឡិចត្រូនិកទូទាំងពិភពលោករយៈពេល ១០០ ឆ្នាំ ។

តើអ្នកណាបាននិងកំពុងលួចស្តាប់និងលួចយកការណ៍សម្ងាត់ ក្នុងកម្រិតដូចគ្នាចំពោះបណ្តាប្រទេសនានាលើពិភពលោក ? តើអ្នកណាជាការគំរាមកំហែងដ៏ធំបំផុត ក្នុងលំហបណ្តាញអ៊ីនធើណេតនៅទូទាំងពិភពលោក ? សហរដ្ឋអាមេរិកបានផ្តល់ចម្លើយជាស្រេចតាមរយៈទង្វើរបស់ខ្លួន ។ ជឿជាក់ថា ស្របនឹងពេលដែលសមត្ថភាពគាំពារសន្តិសុខ តាមបណ្តាញអ៊ីនធើណេតនៃបណ្តាប្រទេសនានា ត្រូវបានកែលម្អជាបន្តបន្ទាប់ យុគសម័យដែលអាមេរិកអនុវត្តអនុត្តរភាព តាមតែទំនើងចិត្តក្នុងលំហបណ្តាញអ៊ីនធើណេត ពិតជានឹងបញ្ចប់ដោយបរាជ័យជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន



សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់ក្រុងណាននីង ត្រៀមអញ្ជើញបើកពិព័រណ៍ចិន-អាស៊ាន

(ណាននីង, ចិន)៖ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ីហើយ ដើម្បីត្រៀមបើកពិព័រណ៍ចិន-អាស៊ានលើកទី២០។

ដំណើរអញ្ជើញដល់ព្រលានយន្តហោះក្នុងក្រុងណាននីង សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី តំណាងតំបន់​ស្វយ័តក្វាងស៊ី អមដំណើរដោយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង។

សូមបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងណាននីង។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗ​ទៀត​រវាងចិន និងបណ្តាប្រទេសសមាជិកអាស៊ាន។

មេដឹកនាំប្រទេសសមាជិកអាស៊ាន ជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជា តែងតែអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់មួយនេះ៕












សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ បន្តដំណើរចូលរួមពិព័រណ៍អាស៊ាន-ចិនលើកទី២០

(ប៉េកាំង, ចិន)៖ ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ សម្តេចធិបតី បន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិក្សាការងារជាមួយមេដឹកនាំចិន រួមមាន លោក ស៊ី ជិនពិង ប្រធានាធិបតីចិន លោក ចាវ ឡឺជី ប្រធានសភាប្រជាជនចិន លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្នុងដំណើរទស្សនកិច្ចនេះ មានឯកសាររហូតដល់ទៅ១៥ ត្រូវបានចុះហត្ថលេខា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មជាដើម។

ជំនួបទាំងនេះមេដឹកនាំកម្ពុជា និងមេដឹកនាំចិន បានបង្ហាញជំហរនយោបាយទ្វេភាគី តំបន់ និងអន្តរជាតិ ព្រមទាំងប្រកាសបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឱ្យកាន់តែខ្លាំងក្លាជាប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងពីរ។ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានធានាអះអាងបន្តប្រកាន់នយោបាយចិនតែមួយមិនប្រួលប្រែនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជ្រើសយកប្រទេសចិន ជាប្រទេសបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេស​លើកដំបូង​ ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាល។

តាមរយៈការជ្រើសយកប្រទេសចិន ជាគោលដៅទស្សនកិច្ចផ្លូវការលើកដំបូងនេះ នាំឱ្យការវាយតម្លៃថា នយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់សារៈសំខាន់លើទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលជាទំនាក់ទំនងដ៏ស្អិតល្មួតជាប្រវេណី ជាទំនាក់ទំនងរឹងមាំដូចដែកថែម ទំនាក់ទំនង ដែលផ្តល់តម្លៃឱ្យគ្នា គោរពគ្នារយៈពេល៦៥ឆ្នាំមកហើយនោះ។

មេដឹកនាំចិន សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះនយោបាយការបរទេសរបស់សម្តេចធិបតី ចំពោះការជ្រើសយកប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅក្នុងអំណាចជានាយករដ្ឋមន្ត្រីរបស់កម្ពុជា៕







លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន មាណែត អញ្ជើញទស្សនាស្វែងយល់ ពីអរិយធម៌ដ៏រុងរឿង ក្នុងមហាវិមានប្រជាជនចិន

នៅរសៀលថ្ងៃទី ១៥ ខែកញ្ញា  លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវបណ្ឌិត បានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ នៃមហាវិមានប្រជាជនចិន។ 

សូមបញ្ជាក់ថា មហាវិមានប្រជាជន គឺជាអគាររដ្ឋដែលមានទីតាំងនៅភាគខាងលិចនៃទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។  មហាវិមានប្រជាជន ត្រូវបានប្រើសម្រាប់សកម្មភាពនីតិប្បញ្ញត្តិ និងពិធីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងគណបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាច។ មហាវិមានប្រជាជនមានមុខងារជាកន្លែងប្រជុំសម្រាប់សម័យប្រជុំពេញអង្គ នៃសភាជាតិប្រជាជន នីតិប្បញ្ញត្តិរបស់ចិន ដែលកើតឡើងជារៀងរាល់ឆ្នាំក្នុងកំឡុងខែមីនា រួមជាមួយនឹងសម័យប្រជុំថ្នាក់ជាតិនៃសន្និសិទប្រឹក្សានយោបាយប្រជាជនចិន។  មហាវិមានប្រជាជន ក៏ជាកន្លែងប្រជុំនៃសមាជជាតិនៃបក្សកុម្មុយនិស្តចិន ដែលចាប់តាំងពីសន្និសីទលើកទី 12 ក្នុងឆ្នាំ 1982 ការប្រជុំបានកើតឡើងរៀងរាល់ 5 ឆ្នាំម្តង ហើយគណៈកម្មាធិការកណ្តាលរបស់គណបក្សត្រូវប្រជុំម្តងក្នុងមួយឆ្នាំ។ មហាវិមានប្រជាជនក៏ត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន កិច្ចប្រជុំថ្នាក់ជាតិនៃអង្គការសង្គម និងនយោបាយផ្សេងៗ ការប្រារព្ធខួបអនុស្សាវរីយ៍ថ្នាក់ជាតិ ក៏ដូចជាពិធីបុណ្យរំលឹកដល់អតីតមេដឹកនាំផងដែរ។  

មហាវិមានប្រជាជន ក៏ជាកន្លែងទាក់ទាញទេសចរដ៏ពេញនិយមនៅក្នុងទីក្រុង ដែលមានភ្ញៀវទេសចរណ៍មកទស្សនារាជធានីនេះជាញឹកញាប់ផងដែរក្នុងមួយឆ្នាំៗ។ ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះដែរ ថ្នាក់ដឹកនាំនៃមហាវិមានប្រជាជនចិន បានបង្ហាញផ្ទាំងគំនូដ៏វិចិត្រក្នុងមហាវិមាន ពិសេសស្នាដៃនៃមហាបុរសចិនជំនាន់មុន។ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណ ដែលថ្នាក់ដឹកនាំចិន បានអនុញ្ញាតឲ្យរូបលោកជំទាវ បានចូលទស្សនាស្វែងយល់ ពីអរិយធម៌ដ៏រុងរៃង ក្នុងមហាវិមានប្រជាជនចិន។