Tuesday, April 26, 2016

កម្ពុជា-​ចិន សន្យារួម​គ្នាថា នឹង​រឹតចំ​ណង​មិត្តភាព បន្ថែម​ទៀត លើគ្រប់​វិស័យ ខណៈ​ប្រទេសទាំ​ង​ពីរ កំពុង​មាន​ទំនាក់ទំនង​ជាមួយ​គ្នាយ៉ាង​ល្អ

នៅក្នុង​ជំនួបពិភាក្សាការងារ​រវាងឯកឧត្តម​បណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម Chen Minér លេខា​បក្សកុំម្មុយនីស្តចិន នៃខេត្តគុយ​ចូវ កាលពី​រសៀល​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ភាគីទាំង២ ​កម្ពុជា-ចិន បាន​សន្យារួមគ្នាថា នឹងរឹត​ចំណងមិត្តភាពបន្ថែមទៀត លើគ្រប់វិស័យ ខណៈ​ប្រទេសទាំងពីរ កំពុងមាន​ទំនាក់ទំនង​​ជាមួយ​គ្នា​យ៉ាងល្អ។
នៅ​ក្រោយ​ជំនួបនោះ លោក ឯក ថា ​អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បាន​​ឲ្យ​ដឹងថា៖ កិច្ចពិភាក្សានោះ ភាគីទាំងពី​រ បានផ្តោត​ទៅលើវិស័យអាទិភាព​មួយចំនួន​ដូចជា ​វិស័យ​ទេស​ចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងវិស័យអប់រំ។ ក្នុងនោះឯកឧត្តម​បណ្ឌិតសភាចារ្យ បានស្នើឲ្យ​មានការ​ជម្រុញ​​ភ្ញៀវ​ទេស​ចរ​ណ៍​ចិន ចូលមក​កម្ពុជា​បន្ថែមទៀត ខណៈដែលឆ្នាំកន្លង​ទៅចំនួន​ទេសចរណ៍ចិន មក​កម្ពុជា​មាន​ប្រមាណ តែជាង៧០ម៉ឺននាក់។ លើសពីនេះ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្រ្តី បាន​ស្នើឲ្យ​មាន​ការ​ជម្រុញ​ដល់​​អ្នក​វិនិ​យោគ​ចិន​ឲ្យមកបណ្តាក់ទុន​នៅកម្ពុជា ឲ្យបានកាន់តែច្រើន ព្រោះកម្ពុជា​មានសុខសន្តិភាព មាន​ស្ថេរ​ភាព​​នយោ​បាយ សុវត្ថិភាពទាំង​ការងារ និងការ​រស់នៅ។ ជាមួយនេះ​ដើម្បីលំហូរភ្ញៀវទេសចរណ៍ ចិន​មកកម្ពុជា​កាន់​​តែច្រើន ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើក​​ទឹកចិត្តឲ្យ​មាន​​ការហោះហើរ​យន្តហោះ​ពាណិជ្ជកម្ម ដោយ​ត្រង់​​ពី​ខេត្តគុយចូវ​ ប្រទេស​ចិន មកកាន់រា​ជធានីភ្នំពេញ ​ក៏ដូចជា​ខេត្តសៀមរាបតែម្តង។ មួយ​វិញទៀត​ដោយ​​សារ​កម្ពុជា មានសក្កានុពលខ្ពស់ផ្នែក​វិស័យកសិកម្មនោះ ឯកឧត្តម​បណ្ឌិតសភាចារ្យ ក៏បាន លើក​ទឹក​ចិត្តឲ្យ​​មានកិច្ច​សហប្រតិបត្តិការ រវាងខេត្ត​គុយចូវជា​មួយ​ខេត្តតាកែវ​លើផល​ដំណាំស្រូវ។ ដោយ​​ឡែក​សម្រាប់​​​វិស័យ​អប់រំវិញ ឯកឧត្តមបណ្ឌិត​សភាចារ្យ ក៏បាន​ជម្រុញ​ឲ្យមាន​ការផ្លាស់​ប្តូរ​ទស្សន​កិច្ច​សិក្សា​បន្ថែម​ទៀត​ រវាងយុវជន ថ្នាក់ដឹក​នាំកម្ពុជា និងយុវជន​ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្តគុយចូវ។
ជាការឆ្លើយ​តបឯកឧត្តម Chen Minér បានមាន​ប្រសាសន៍​ថា ទំនា​ក់​ទំនង​រវាងប្រទេស ទាំងពីរ​កាន់​តែ​មាន​ភាព​ស៊ីជម្រៅ និងរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែក​ការទូត អប់រំ ទេសចរណ៍ និងកសិកម្ម និង​វិស័យ​ជាច្រើន​ទៀតនាពេលកន្លងមក ហើយក្នុងដំណើរបំពេញ​ទស្សនកិច្ច​របស់ ឯកឧត្តម ​លើកនេះ​ឯកឧត្តម​ នឹង​ចុះ​​ហត្ថលេខា​សហប្រតិបត្តិការ​ជាមួយ​ខេត្តសៀមរាប ដែល​ជាខេត្ត​មានសក្កដានុ​ពល ផ្នែក​ទេស​ចរណ៍​ផង​ដែរ​៕





ឯកឧត្ត​មបណ្ឌិត​សភាចារ្យ សុខ អាន បានជំរុញ​និងលើក​​ទឹកចិត្ត​ប្រទេស​សឹង្ហ​បុរីឲ្យចូលរួម លើការ​ងារ​ថែទាំ និង​អភិរក្ស​ប្រាសាទ​ព្រៈវិហារ

ឯកឧត្តម  ខេវីន ជក់ (Kevin Cheok) ឯកអគ្គរដ្ឋទូ ​ត​នៃសាធារណៈ​រដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវ​បញ្ចប់អាណត្តិ នាព្រឹកថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០១៦នេះ ត្រូវបាន​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក ​រដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួល​បន្ទុកទីស្ដីការគណៈ​រដ្ឋមន្រ្ដី បានអនុញ្ញាត្តិ​ឲ្យចូលជួបសម្ដែង​ការគួរសម និងជំរាបលា ​ខណៈពេលដែល ឯកឧត្តម  KEVIN  CHEOK  បានបំពេញ​ការងារទូត​យ៉ាងសកម្ម​ជិត៣ឆ្នាំ កន្លងមកនេះ​បានធ្វើឲ្យ​ប្រទេស​ទាំង២  មាន​ការការទំនាក់​ទំនងគ្នាយ៉ាង​ល្អប្រសើរ ក្នុងនោះ​កាលពីឆ្នាំ២០១៤ កម្ពុជាបានធ្វើការនាំទំនិញចេញទៅ​កាន់ប្រទេស​សឹង្ហបុរី ដែលមានទំហំ​ទឹកប្រាក់​ប្រមាណជា​១ពាន់លានដុល្លារ ពិសេស ការលំហូចូល​នៃនាក់វិនិយោគទន់ប្រទេស​សឹង្ហបុរីមកកាន់កម្ពុជា ដែលជាការរួមចំណែក មួយដ៍សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមាន ​ប្រសាសន៍​ថា៖ កម្ពុជាមាន​​សក្ដានុ​ពលខ្ពស់ លើវិស័យទេសចរណ៍ វប្បមធ៌ ដោយកម្ពុជា​មានប្រាង្គប្រាសាទបុរាណ ជាច្រើន ដូចនេះប្រទេស​សឹង្ហបុរី គួ​រចូលរួមផ្នែកវប្បធម៌ លើការងារ​ថែទាំ​ជួសជុល និងអភិរក្សប្រាសាទ​ព្រះវិហារ ជាសម្បត្តិបេតិក​ភណ្ឌពិភពលោក ជាមួយនិងបណ្ដា​ប្រទេសផ្សេងៗទៀត ដែលបេតិក​ភណ្ឌមួយនេះ ត្រូវបានចុះក្នុង​ប​ញ្ជីបេតិក​ភណ្ឌពិភពលោក កាលពីឆ្នាំ២០១៨ ហើយបច្ចុប្បន្ន​ការងារនេះ ត្រូវបាន​បង្កើតជាគ​ណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ ដើម្បីកិច្ច​គាំពារ ថែទាំនិង​ជួសជុល​​ប្រាសាទព្រះវិហារ​​ដែលហៅកាត់ថា អាយស៊ីស៊ី ព្រះវិហារ   ដោយមាន​សហប្រធាន​ប្រទេសចិន និងប្រទេសឥណ្ឌា ព្រមទាំង​សមាភាពចូល​រួមជាច្រើន​ប្រទេស ទៀតផង ដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បាន​ជំរុញ​ និងលើកទឹកចិត្ត​ដល់ប្រទេស​សឹង្ហបូរី ឱ្យ​ចូលរួម​លើ​ការងារ​​ងែទាំ​ និងអភិរក្សប្រាសាទព្រះវិហារ​ផងដែរ។
  
ឯកឧត្តម  ខេវីន ជក់ (Kevin Cheok) ឯកអគ្គរដ្ឋ ​ទួតសឹង្ហ​បុរីដែលត្រូវ​បញ្ចប់អាណត្តិ បានវាយតម្លៃខ្ពស់ចំពោះ​​ការវិវត្តន៍រីកចំរើននៅប្រទេស​ កម្ពុជាក្នុងរយៈពេលចុងក្រោយនេះ លើផ្នែកហេ​ដ្ឋារចនាសម្ព័ន្ធ និងសំ​ណង់ដែល​បច្ចុ​ប្បន្ន មានការ​អភិវឌ្ឍយ៉ាងឆាប់រហ័ស  ព្រមជាមួយនឹងការនាំ​យកនូវ​សំណើរដែល​​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ទៅជំរាបជូនដល់រដ្ឋាភិបាលសឹង្ហបុរី ធ្វើការពិនិត្យ និងសម្រេច៕