Thursday, February 29, 2024

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤


ក្រសួងមហាផ្ទៃបានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ រយៈពេល ០២ថ្ងៃ ដែលពិធីបើកសន្និបាតបានប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់ប្រធាន នាយកដ្ឋាន ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ស្នងការនគរបាល និងប្រធានពន្ធនាគារ រាជធានី-ខេត្ត ព្រមទាំងអភិបាលក្រុង-ស្រុក-ខណ្ឌ មេឃុំ-ចៅសង្កាត់មួយចំនួន និងថ្នាក់ដឹកនាំតំណាង មកពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ៨០០រូប។ អង្គសន្និបាតមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ ដែល បានពុះពារប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តមោះមុត រួបរួមគ្នាបំពេញបេសកកម្មបម្រើបុព្វហេតុជាតិ និងប្រជាជន ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ ។ ជាមួយនឹងការអបអរសាទរចំពោះសមិទ្ធផល សម្រេចបានក្នុងឆ្នាំ២០២៣ សម្តេចមហាបមរធិបតី នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍ គន្លឹះមួយចំនួន ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព- ឱ្យកាន់តែសកម្មថែមទៀត ក្នុងនោះ ៖

- ត្រូវបន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យបានកាន់តែ សកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន ។

- ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឱ្យបាន ជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ។

- ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើក កម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕

ដោយ​: អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ




សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ


នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែ​កុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា​អធិប​តី​បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ របស់ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្ត​កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួង​មហា​ផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងនៅថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ បានជម្នះរាល់ឧបសគ្គ សម្រេចបាន​សមិទ្ធ​ផលជាច្រើនទាំងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងការគ្រប់គ្រង សន្តិសុខជាតិ សណ្តាប់​ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គម បម្រើដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។

ក្រសួងមហាផ្ទៃបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯក​រាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ បញ្ចៀសបានសកម្មភាពភេរវកម្មទាំង​ឡាយ ទប់ស្កាត់ បានឧបាយកល សកម្មភាពប៉ុនប៉ងបំបែកបំបាក់សាមគ្គីជាតិ និងការប៉ុនប៉ងផ្តួលរំលំរាជ​រដ្ឋាភិបាល​ស្របច្បាប់ ធានាយ៉ាងល្អប្រសើរនូវព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ និងសុវត្ថិភាពឥស្សរជន​ដឹក​នាំប្រទេស ព្រមទាំងសម្រប សម្រួលរៀបចំព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិសំខាន់ៗ ឱ្យ​ប្រព្រឹត្តិ​ទៅដោយរលូន និងជោគជ័យ។

ឯកឧត្តមបានបន្តទៀតថា នៅឆ្នាំ២០២៣ គោលនយោបាយ «ភូមិ-ឃុំ-​សង្កាត់ មានសុវត្ថិភាព» ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាព ក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្តល់អន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវបានយកចិត្តទុកដាក់អនុវត្តជា ប្រចាំ ដែលធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត រក្សាបាន​នូវប្រក្រតី​ភាព​សង្គមគ្រប់វិស័យ។ ទោះបីស្ថានភាពបទល្មើសមានការកើនឡើង ប៉ុន្តែការបង្ក្រាបមានរហូតដល់ ៩០ភាគរយ នៃបទល្មើស ដែលបានកើតឡើង។ ការងារអត្តសញ្ញាណកម្ម ត្រូវបានពង្រឹងទាំងក្នុងក្រប​ខ័ណ្ឌ​នៃការរៀបចំច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានអត្តសញ្ញណ ខាងផ្លូវច្បាប់ពេញលេញ ព្រមទាំងទទួលបាននូវ​ការគោរព​សិទ្ធិ និងសេវាជាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់។

សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងចំពោះការងារលាឆ្នាំកន្លងមករបស់ក្រសួងមហាផ្ទៃដែលសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ជាពិសេសការចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ 

សម្ដេចធិបតី បានមានប្រសាសន៍បន្តទៀតថា ក្រោយពីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មស្ថាប័ន ជាបណ្តើរៗបន្ថែម ដោយបានធ្វើវិចារណកម្មមុខងារ និងបានកែសម្រួលរបៀបរបបការងាររបស់អង្គភាពនីមួយៗឱ្យឆ្លើយតបទៅនឹងអាទិភាពការងារ និងការទទួលខុសត្រូវរបស់អង្គភាពទាំងនោះ ដោយក្នុងនោះ ក្នុងនីតិកាលថ្មីនេះ ក្រសួងបានដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី “ ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ” ដែលជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយសម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តតួនាទី ភារកិច្ចជាសេនាធិការជូនរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចបានតាមគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់៕

































សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជាដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិតក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។


នៅក្នុងសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិសម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។


នៅក្នុងខ្លឹមសារនៃសារាចរដដែលនេះដែរ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធេ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមស្មារតីអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក «កម្ពុជាៈ ព្រះរាជាណាចក្រនៃវប្បធម៌»៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា


នៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។


ក្នុងនាមរាជរដ្ឋាភិបាល និងសម្តេចធិបតីក៏ដូចជាប្រជាពលរដ្ឋ ព្រះសង្ឃ និងពុទ្ធសាសនិកទាំងអស់ ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។

សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ។






ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់!


យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨  ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យអំពីរបៀបរបប បទប្បញ្ញត្តិ និងនីតិវិធីទាំងឡាយពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានខ្សាច់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំដៅធានាបាននូវផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្នុងតុល្យការដែលធានាបានប្រសិទ្ធភាព តម្លាភាព និងចីរភាពនៃការប្រើប្រាស់ធនធានខ្សាច់ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ថា អង្គប្រជុំទាំងមូលមានភារកិច្ចរិះរកវិធានការ យ៉ាងណាឱ្យយន្តការគ្រប់គ្រងធនធានខ្សាច់ជារួម រួមទាំងការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្ម និងនីតិវិធីពាក់ព័ន្ធនានា មានប្រសិទ្ធភាពខ្ពស់បំផុត ដោយមានការគិតគូរជាលក្ខណៈប្រព័ន្ធ និងមានការថ្លឹងថ្លែងច្បាស់លាស់អំពីម្ខាងផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់បម្រើឱ្យការអភិវឌ្ឍ និងចំណូលថវិកាជាតិ និងម្ខាងទៀតផលប៉ះពាល់លើបរិស្ថាន និងសហគមន៍ក្នុងមូលដ្ឋាន។

ក្នុងស្មារតីនេះ អង្គប្រជុំបានពិភាក្សាលើរាល់សមាសភាគសំខាន់ៗនៃយន្តការគ្រប់គ្រងធនធានខ្សាច់ក្នុងខ្សែច្រវាក់នៃនីតិវិធីនិងលក្ខខណ្ឌចាំបាច់ ជាពិសេសក្នុងការផ្តល់អាជ្ញាបណ្ណ យន្តការនៃការវាយតម្លៃហេតុប៉ះពាល់លើបរិស្ថាន (Environmental Impact Assessment – EIA) ការកំណត់អត្រាសួយសារជាដើម។ល។ ជាលទ្ធផល អង្គប្រជុំបានពិភាក្សាលើវិធានការកែទម្រង់មួយចំនួន និងមុខងារភារកិច្ចរបស់ក្រសួង ស្ថាប័ន ព្រមទាំងមុខសញ្ញាសម្រាប់ការកែទម្រង់ផ្សេងៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព ក្នុងការគ្រប់គ្រងធនធានខ្សាច់ និងជាពិសេសឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាក់ស្តែង និងកាត់បន្ថយផលប៉ះពាល់លើសហគមន៍ក្នុងមូលដ្ឋានឱ្យនៅកម្រិតអប្បបរមា។