
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាតទៅទៀត រវាងក្រសួងសន្តិសុខចិន និងក្រសួងមហាផ្ទៃកម្ពុជាស្របពេលដែលប្រទេសទាំងពីរត្រូវពង្រឹង ការងារសន្តិសុខនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Guo Shng Kunសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីសន្តិសុខនៃសាធារណរដ្ឋប្រជាមានិតចិនចូលជួប សំដែងការគួរសមនៅវិមានសន្តិភាពនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥នេះ។
ជាមួយនឹងការពាំនាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី ពីសំណាក់ថ្នាក់ដឹកនាំចិនសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម Guo Shng Kun បានមានប្រសាសន៍ដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមិត្តចាស់របស់ចិននិងជាថ្នាក់ដឹកនាំកំពូលដែលចូលរួមចំណែកយ៉ាងធំធេង នៅក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិន ។ ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងប្រតិភូមកកម្ពុជាកាលពីឆ្នាំ ២០០៨ មកដល់ពេលនេះ ឃើញកម្ពុជាមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន សេដ្ឋកិច្ចកម្ពុជា បានរីកចំរើនយ៉ាងឆាប់រហ័ស កម្ពុជាទទួលបាននូវស្ថិរភាពនយោបាយ និងជីវភាពរបស់ប្រជាជន ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងន័យនេះ ឯកឧត្តមបានសុំគោរពកោតសរសើរចំពោះសមិទ្ធផល ដែលកម្ពុជាទទួលបាន។ ឯកឧត្តមបានគោរពជំរាបជូនសម្តេចថា ទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានៅពេលនេះ គឺអនុវត្តជាក់ស្តែងនូវរាល់កិច្ចព្រមព្រៀងទាំងឡាយណាដែលសម្តេចតេជោ និងឯកឧត្តម ស៊ីជីងពីង ប្រធានាធិបតីចិន បានព្រមព្រៀងគ្នា ហើយឯកឧត្តមក៏បានរាយការណ៍ជូនសម្តេចអំពីកិច្ចពិក្សា រវាងឯកឧត្តមជាមួយនឹងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីព្រឹក ថ្ងៃទី១៨មេសានេះ ដែលបានឯកភាពគ្នាលើកិច្ចការមួយចំនួនហើយបានចុះកិច្ចព្រមព្រៀងជាមួយគ្នា។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការ ពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរសម្រាប់ ឆ្នាំថ្មីពីថ្នាក់ដឹកនាំចិន ជូនចំពោះសម្តេច និងបានថ្លែងអំណរគុណដែលចិនបានបញ្ជូនក្រុមយុវជនមកចូលរួមក្នុងកម្មវិធីអង្គរ សង្ក្រាន្ត ហើយសម្តេចក៏បានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តម Guo Shng Kun គឺចំពេល ដែលប្រទេសទាំងពីរត្រូវពង្រឹងការងារសន្តិសុខនេះ ហើយដំណើរទស្សនកិច្ចនេះ ធ្វើឱ្យកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពស៊ីជម្រៅជាងមុន និងកាន់តែធ្វើឱ្យមានការជឿជាក់គ្នាជាងមុនតទៅទៀត។
ឆ្លៀតឱកាសនេះ សម្តេច បានលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាតទៅទៀតរវាងក្រសួងសន្តិសុខចិន ជាមួយក្រសួងមហាផ្ទៃកម្ពុជា និងបានថ្លែងអំណរគុណចំពោះជំនួយទាំងឡាយដែលមិត្តចិន បានផ្តល់ដល់កម្ពុជាសម្រាប់ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមទាំងជំនួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងផ្នែកសន្តិសុខផងដែរ៕
