Thursday, September 30, 2021

វិភាគអន្តរជាតិ៖ វិនាសកម្មនៅពីក្រោយ «នយោបាយដាក់ទណ្ឌកម្ម» របស់សហរដ្ឋអាមេរិក


(វ៉ាស៊ីនតោន)៖ មានប្រទេសជាច្រើននៅជុំវិញពិភពលោកដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅក្រោមហេតុផលស្ដារប្រជាធិបតេយ្យ និងកែលម្អលក្ខខណ្ឌសិទ្ធិមនុស្ស។ ការដាក់ទណ្ឌកម្មគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃនយោបាយការបរទេសអាមេរិក ប៉ុន្តែទន្ទឹមគ្នាវាក៏បានបង្ក ឱ្យមានគ្រោះមហន្តរាយដល់មនុស្សជាតិ ហើយពេលខ្លះក៏មិនមានប្រសិទ្ធភាព និងត្រូវបានគេចាត់ទុកថាជានយោបាយចាស់គំរិល។

នយោបាយដាក់ទណ្ឌកម្មជាធម្មតា ត្រូវបានអនុវត្តតែទៅលើប្រទេសដែលអាមេរិកចោទថា បានបំផ្លាញនូវគុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ និយាយបែប នេះមិនមែនមានន័យថា គ្រប់ប្រទេសដែលត្រូវគេចោទថារំលោភសិទ្ធិមនុស្សសុទ្ធតែអាចជាប់ទណ្ឌកម្មនោះទេ។ ពោលគឺតាមការពិតទៅ ទណ្ឌកម្មមិនមែនសម្រាប់ តែការការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប៉ុណ្ណោះទេ តែរឿងសំខាន់បំផុត វាក៏ត្រូវបានទីក្រុងវ៉ាស៊ីនតោនប្រើផងដែរ ដើម្បីផលប្រយោជន៍អាមេរិក ខណៈប្រទេស ខ្លះទទួលបាន «អភ័យឯកសិទ្ធិ» ពីសហរដ្ឋអាមេរិកដូចជាអ៉ីស្រាអែល ដោយសូម្បីតែតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក៏មិនហ៊ានប៉ះដែរ។

* សិទ្ធិមនុស្ស ឬភូមិសាស្ត្រនយោបាយ?

ជាលក្ខណៈទ្រឹស្ដី ទណ្ឌកម្មត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីបំពេញ «កម្មវត្ថុភូមិសាស្ត្រនយោបាយ»។ អ្នកនយោបាយដែលគំាទ្រការដាក់ទណ្ឌកម្ម តែងតែ យល់ថាការដាក់សម្ពាធ ឬទណ្ឌកម្មសេដ្ឋកិច្ចអាចនឹងជួយជំរុញឱ្យមានការផ្លាស់ប្ដូរដ៏ធំនៅក្នុងគោលនយោបាយ រហូតឈានដល់ការផ្លាស់ប្ដូររបបដឹកនាំមួយ។ ថ្នាក់ដឹកនាំអាមេរិក នៅពេលខ្លះក៏បានប្រើប្រាស់ដាក់ទណ្ឌកម្ម ដើម្បីប្ដូររបបដឹកនាំនៃប្រទេសដទៃផងដែរ ដោយពួកគេគិតថាតាមរយៈការដាក់ទណ្ឌកម្ម, វានឹង ដុតបញ្ឆេះកំហឹងរបស់ប្រជាជន, ធ្វើឱ្យពួកគេគិតថាវិបត្តិទាំងឡាយដែលកើតឡើងគឺបង្កឡើងដោយរដ្ឋាភិបាល ហើយងើបឡើងបះបោរ ឬធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលតែម្ដង។

ជាឧទាហរណ៍ជាក់ស្ដែង អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ធ្លាប់បាននិយាយត្រង់ៗថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ នឹងលើកទឹកចិត្តឱ្យប្រជាជនអ៉ីរ៉ង់ងើបឡើងបះបោរ ឬក៏នឹងផ្លាស់ប្ដូរអាកប្បកិរិយារបស់របបដឹកនាំអ៉ីរ៉ង់។ ជួនកាលទណ្ឌកម្មត្រូវបានគេរំពឹងថា នឹងជំរុញឱ្យឥស្សរជនជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលងើបឡើងប្រឆាំង នឹងរដ្ឋាភិបាលខ្លួនឯងជាជាងប្រជាជនស៊ីវិលធម្មតា។ ដូចជាកាលពីឆ្នាំ២០១៧ រដ្ឋបាល អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបដឹកនាំវេណស៊ុយអេឡារបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដោយ សង្ឃឹមថាក្រុមឧត្តមសេនីយ៍ និងយោធាជាន់ខ្ពស់វេណេស៊ុយអេឡានឹងធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូពីតំណែង។

ជាងនេះទៅទៀត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះទៀតសោត ក៏ត្រូវបានគេរំពឹងដែរថានឹងការផ្ដាច់ធនធានទាំងឡាយពីរដ្ឋាភិបាលដែលជាគោលដៅនៃការដាក់ទណ្ឌកម្ម ហើយធ្វើបែបនេះគឺដើម្បីជំរុញក្រុមមន្ត្រីរដ្ឋាភិបាលងើបឡើងបះបោរ។ នៅក្នុងករណីនេះ គេអាចយកប្រទេសស៊ីរីមកធ្វើជាឧទាហរណ៍បាន ដោយក្រោយ អតីតរដ្ឋបាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋាភិបាលស៊ីរីកាលពីខែសីហា ឆ្នាំ២០១១, អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនៅពេលនោះ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន បានធានាចំពោះមុខប្រជាជនអាមេរិកថាទណ្ឌកម្មនេះនឹងវាយប្រហារចំបេះដូង នៃរដ្ឋាភិបាលលោកប្រធានាធិបតីស៊ីរី បាស្សា អាល់ អាសាដ ដ្បិតវានឹងកាត់ផ្ដាច់មិនឱ្យលោក អាសាដ មានប្រាក់បើកឱ្យមន្ត្រីរាជការ ជាពិសេសគឺកម្លាំងសន្តិសុខ។

អាមេរិកធ្លាប់បានទទួលជោគជ័យក្នុងការផ្លាស់ប្ដូររបបដឹកនាំមួយចំនួនដែរ កាលពីអតីតកាល ដូចជារបបដឹកនាំរបស់លោក មហាំម៉ាត់ ម៉ូសាដែស (Mohammad Mosaddegh) នៅអ៉ីរ៉ង់, លោក ងូ ឌីន ឌៀម (Ngo Dinh Diem) នៅវៀតណាម និងរបបដឹកនាំរបស់លោក សាល់វ៉ាដ័រ អាលែនដេ នៅស៊ីលី។ ក៏ប៉ុន្តែទណ្ឌកម្ម របស់អាមេរិកនាសម័យទំនើបបច្ចុប្បន្នហាក់ដូចជាមិនសូវមានប្រសិទ្ធភាពទាល់តែសោះ ហើយពេលខ្លះត្រូវបានគេហៅថាជា «នយោបាយចាស់គំរិល» ទៀតផង។ ដូចជាគុយបា, វេណេស៊ុយអេឡា, អ៉ីរ៉ង់ និងកូរ៉េខាងជើងជាដើម ដែលប្រទេសទាំងនៅតែបន្តដកដង្ហើមបាន បើទោះជាពួកគេកំពុងស្ថិតនៅក្រោមទណ្ឌកម្មសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកក៏ដោយ។ អ្នកជំនាញបានព្យាយាមពន្យល់ថាទណ្ឌកម្មអាមេរិកអាចទទួលជោគជ័យនៅក្នុងសំណុំរឿងតូចតាចតែប៉ុណ្ណោះ តែនៅពេលនិយាយ ដល់ការផ្លាស់ប្ដូរររបបដឹកនាំ វាហាក់ដូចជាសឹងតែមិនដំណើរ ហើយមានហេតុផលសំខាន់មួយដែលគេអាចយកមកសំអាងបាន នោះគឺនៅពេលអាមេរិកដាក់ទណ្ឌកម្ម លើប្រទេសណាមួយ មហាអំណាចផ្សេងៗដូចជា ចិនតែងតែងចេញមុខធ្វើជាវីរៈបុរសជិះសេះសទៅសង្រ្គោះប្រទេសទាំងនោះ នៅពេលដែលផល ប្រយោជន៍តម្រូវឱ្យធ្វើដូច្នេះ។

* ទណ្ឌកម្មអាមេរិក តែងតែបង្កវិនាសកម្មដល់មនុស្សជាតិ?

ក្រុមអ្នករៀបចំគោលនយោបាយអាមេរិកយល់ថា ការដាក់ទណ្ឌកម្ម គឺជានយោបាយមួយដែលមានគោលដៅជាក់លាក់លើថ្នាក់ដឹកនាំនៃរដ្ឋាភិបាល ឬរបបដឹកនាំមួយ។ តែជាក់ស្ដែង នៅពេលទណ្ឌកម្មត្រូវបានអនុវត្ត ប្រជាជនសាមញ្ញស្លូតត្រង់ជាពិសេស ស្ត្រីមានផ្ទៃពោះ, ទារក, អ្នកជំងឺ, មនុស្សចាស់ និងកុមារ តែងតែក្លាយជា អ្នករងគ្រោះធ្ងន់ធ្ងរជាងគេទៅវិញ ហើយជួនកាលវាក៏បណ្ដាលឱ្យពួកគេបាត់បង់ជីវិតថែមទៀតផង។ ជាឧទាហរណ៍ ទណ្ឌកម្មសេដ្ឋកិច្ចដែលអាមេរិកបានដាក់លើ ប្រទេសអ៉ឺរ៉ាក់កាលពីទសវត្សរឆ្នាំ១៩៩០ ត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យកុមារច្រើនជាង ៥០០,០០០នាក់បាត់បង់ជីវិត។ ចំណែកឯរបាយការណ៍មួយរបស់ អង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ បានបង្ហាញថាទណ្ឌកម្មអាមេរិកលើប្រទេសហៃទី បានផ្ដាច់ជីវិតកុមារ ១,០០០នាក់ក្នុងមួយខែនៅពេលនោះ។

ដោយឡែក នៅអ៉ីរ៉ង់ ទណ្ឌកម្មអាមេរិកក៏បានចូលរួមចំណែកធ្វើឱ្យមនុស្សប្រមាណជា ១,៦០០នាក់ស្លាប់ដោយសារវីរុស H1N1 កាលពីឆ្នាំ២០១៩ ផងដែរ។ ដ្បិត ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច វាធ្វើឱ្យអ៉ីរ៉ង់ជួបឧបសគ្គក្នុងការនាំចូលបរិក្ខាពេទ្យ និងទទួលជំនួយនានាពីបរទេស ហើយនេះមិនទាន់រាប់បញ្ចូលជនរងគ្រោះដទៃ ទៀតនៅក្នុងប្រទេសដែលជាប់ទណ្ឌកម្មអាមេរិក ដូចជាស៊ីរី, វេណេស៊ុយអេឡា និងកូរ៉េខាងជើងផង។

គួរបញ្ជាក់ថា ទណ្ឌកម្មមិនមែនសម្រាប់តែការការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប៉ុណ្ណោះទេ តែវាក៏ត្រូវបានទីក្រុងវ៉ាស៊ីនតោនប្រើផងដែរដើម្បីបង្ខំឱ្យប្រទេស ដទៃធ្វើតាមខ្លួន ឬទុកប្រឆាំងនឹងបណ្ដាប្រទេសដែលជាប់ចោទថាប្រឆាំងនឹងផលប្រយោជន៍អាមេរិក។ ប្រទេសខ្លះទទួលបាន «អភ័យឯកសិទ្ធិ» ពីអាមេរិក ដូចជា អ៉ីស្រាអែល ដោយសូម្បីតែតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក៏មិនអាចប៉ះពាល់បានផងដោយសារអាមេរិកកាងនៅពីក្រោយ បើទោះជាអ៉ីស្រាអែលរងការ ចោទប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម ឬរំលោភសិទ្ធិមនុស្សប្រឆាំងប្រជាជនប៉ាឡេស្ទីនក៏ដោយ។

នៅក្នុងសំណុំរឿងឃាតកម្មលើអ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi កាលពីឆ្នាំ២០១៨ កាន់តែបង្ហាញយ៉ាងច្បាស់ថា ទណ្ឌកម្មអាមេរិកត្រូវប្រើ របៀបណា ឬក៏ប្រឆាំងនឹងអ្នកណា។ ក្រុមអ្នកស៊ើបអង្កេរ UN និងសភាអាមេរិកសុទ្ធតែធ្វើការសន្និដ្ឋានដូចគ្នាថា ឃាតកម្មលើលោក Jamal Khashoggi មានជាប់ ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំកំពូលអារ៉ាប៊ីសាអូឌីត។ តែរដ្ឋបាលលោក បៃដិន មិនបានធ្វើអ្វីនោះទេ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មដោយផ្ទាល់លើរាជវង្សអារ៉ាប៊ីសាអូឌីតឡើយ ដោយសំអាងថា «ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតគឺមានភាព ធំធេង ជាជាងបុគ្គលតែម្នាក់»៕


ប្រភព៖ Cato Institute (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News



ក្រសួងសុខាភិបាល ដាក់ចេញផែនការសកម្មភាព អនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំប្រឆាំងមេរោគ

(ភ្នំពេញ)៖ ដោយមានការរាតត្បាតនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនប្រភេទដែលតា ក្នុងសហគមន៍ បាននាំមកនូវបញ្ហាប្រឈមថ្មី ដោយសារការចម្លងមេរោគល្បឿនលឿន បង្កភាពធ្ងន់ធ្ងរ ដល់អ្នកជំងឺអាចបណ្តាលឱ្យអត្រាស្លាប់ខ្ពស់ជាង ប្រភេទមេរោគកូវីដ១៩ ផ្សេងៗទៀត និងបន្ថយប្រសិទ្ធិភាពនៃវ៉ាក់សាំង ក្រសួងសុខាភិបាល បានសម្រេចដាក់ចេញផែនការសកម្មភាព សម្រាប់អនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំប្រឆាំងមេរោគកូវីដ១៩។ សូមអានផែនការសកម្មភាពអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖

អ្នកវិភាគចៅចាក់ស្មុក៖ សហរដ្ឋអាមេរិកជាគ្រូគង្វៀលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលភ្លេចឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ជំងឺខ្លួនឯង

(ភ្នំពេញ)៖ រដ្ឋសភាសហរដ្ឋអាមេរិកដែលដិតដាមដោយរូបភាពអំពើ ហិង្សាអំឡុងពេលកុបករគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រុកចូលកាន់កាប់យ៉ាងអនាធិបតេយ្យ និងជានិមិត្តរូបនៃការបែកបាក់សង្គម និងគំរូអាក្រក់នៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់មហាអំណាច បានអនុម័តសេចក្តីស្នើច្បាប់ស្តីពី លទ្ធិប្រជាធិបតេយ្យ កម្ពុជាដើម្បីដាក់ទណ្ឌកម្ម លើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាដែលស្នើឡើង ដោយតំណាងរាស្ត្រ ២ នាក់ដែលលុះដោយអគតិនិងជាអ្នកស្និទ្ធខ្លាំង និងផ្តល់ការគាំទ្រលើក្រុមជនក្បត់ជាតិដោយចោទថាមន្ត្រីរដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យ។ សេចក្តីព្រាងច្បាប់ដែលអនុម័តកាលពីថ្ងៃទី២៨ ខែកញ្ញានេះនឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាដើម្បីអនុម័ត។



សំណើច្បាប់តែមួយដូចគ្នានេះធ្លាប់ត្រូវបានព្រឹទ្ធសភាអាមេរិកមិនបានឆ្លងនិងអនុម័តម្តងរួចមកហើយកាលពីឆ្នាំកន្លងទៅ។ ជាសេចក្តីស្នើច្បាប់មួយដែលរៀបចំឡើង ក្នុងចេតនាទុច្ចរិតប្រឆាំង នឹងថ្នាក់ដឹកនាំនិងមន្ត្រីកម្ពុជា ហើយក៏ជាសេចក្តីស្នើច្បាប់ដើម្បីសងសឹកនឹងកម្ពុជាដែលបានចាត់វិធានការស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវប្រឆាំង នឹងអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ និងដកសិទ្ធិធ្វើនយោបាយរបស់ក្រុមមេដឹកនាំប្រតិបត្តិករបដិវត្តន៍ពណ៌ និងក្រុមឧបឃាដដែលជា កូនជឹងនយោបាយរបស់ពួកគេ។ ជាងនេះច្បាប់នេះត្រូវបាន គេមើលឃើញថាជាការបម្រើឱ្យរបៀបវារៈភូមិសាស្ត្រ នយោបាយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិននៅក្នុង យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន។

តើកម្ពុជាពិតជាបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យដូចគេចោទប្រកាន់មែនឬ? គឺមានតែក្រុមជនអគតិប៉ុណ្ណោះដែលបានមើលកម្ពុជាក្នុងក្រសែភ្នែកអវិជ្ជមាន ដោយធ្វើជាមិនឃើញកិច្ចខិតខំប្រឹងប្រែងរបស់ កម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងធ្វើការលាបពណ៌តាមរបៀបវារៈនយោបាយពួកគេ។ កម្ពុជាមានសេរីភាពសារព័ត៌មានល្អជាងគេក្នុងអាស៊ាន ដែលជាឋានសួគ៌នៃក្រុមប្រឆាំង។ កម្ពុជាបានគោរពសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ និងសិទ្ធិសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ហើយលំហប្រជាធិបតេយ្យមានយ៉ាងទូលំទូលាយបំផុត។

តែកាលដែលប្រទេសអមិត្តមួយចំនួនថាកម្ពុជារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងរកលេសប្រឆាំងនឹងកម្ពុជា គាប់សង្កត់កម្ពុជាដើម្បីបម្រើផលប្រយោជន៍របស់ខ្លួនដូចដែលគេធ្លាប់បានធ្វើនៅតាមបណ្តាប្រទេសមួយចំនួន។ ដោយសារតែពួកគេដឹងថា កម្ពុជាប្រកាន់គោលជំហររឹងមាំក្នុងនយោបាយការទូតដោយមិនយកប្រទេសណាមួយជាសត្រូវ និងប្រកាន់គោលជំហរអព្យាក្រឹត្យមិន ចូលបក្ខាម្ព័ន្ធ និងជានយោបាយផ្កាចម្រុះពណ៌ ពួកគេព្យាយាមក្នុងការទាញកម្ពុជាឱ្យងាកចេញពីគោលនយោបាយសន្តិសហវិជ្ជមាននេះដូចដែលពួកគេធ្លាប់ ធ្វើមកលើកម្ពុជាកាលពីអតីតកាលដូច្នេះដែរ។ ម្យ៉ាងទៀតពួកគេទំនងឈឺចាប់ខ្លាំងនៅពេលឃើញផែនការដ៏ខ្មៅងងឹតរបស់ខ្លួនត្រូវបានបំផ្លាញ ហើយកូនជឹងរបស់ខ្លួនត្រូវបាន ជាប់ទ្រុងដោយសារតែភ្លាត់ស្នៀត ហើយពាក្យសារភាពរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិនិយាយទៅកាន់អ្នកគាំទ្រខ្លួននៅប្រទេសអូស្ត្រាលីឆ្នាំ២០១៣ ជាសក្ខីកម្មស្រាប់។

ពិតជាគួរឱ្យសោកស្តាយបំផុតដែលអ្នកតំណាងរាស្ត្រនៃ ប្រទេសមហាអំណាចមួយធ្វើទង្វើដ៏អយុត្តិធម៌មកលើមន្ត្រីកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងសងសឹកឱ្យក្រុមខ្លួន ខណៈថ្នាក់ដឹកនាំនិងមន្ត្រី ដែលពួកគេចោទដោយគ្មានមូលដ្ឋាននេះជាអ្នកដែលបានយកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជីវិតប្រជាជន និងជាតិកម្ពុជាទាំងមូលពីមហាឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម ថែមទាំងបានពន្លត់ភ្នក់ភ្លើងសង្គ្រាមនាំយកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ។

ពួកគេកំពុងតែដើរ បញ្ច្រាសគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិ មនុស្សដោយរៀបចំច្បាប់ប្រឆាំងនឹងអ្នកដែលលើក តម្កើងសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ លើកតម្កើងសិទ្ធិរស់រានមានជីវិត អ្នកអភិវឌ្ឍន៍ជាតិ និងប្រឆាំងនឹងអ្នកការពារប្រជាជនទៅវិញ។ កាលដែលតំណាងរាស្ត្រអាមេរិកបង្កើតច្បាប់ប្រឆាំងកម្ពុជា ដែលចាត់វិធានការប្រឆាំង នឹងក្រុមជនក្បត់ជាតិ គឺមានន័យស្មើនឹងការគាំទ្រឱ្យមានអំពើក្បត់ជាតិ និងគាំទ្រឱ្យមានការអនុវត្តផែនការបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងឡើងកាន់អំណាច មិនតាមបែបប្រជាធិបតេយ្យ។ តាមពិតទៅក្រុមតំណាង រាស្ត្រអាមេរិកគួរតែក្រឡេកមើលសហរដ្ឋអាមេរិកខ្លួនឯង ផង មុននឹងចោទគេថាមិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

តំណាងរាស្ត្រអាមេរិកទាំងនេះគ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការពិនិត្យមើលប្រទេសខ្លួនឯងរំលោភសិទ្ធិមនុស្សឡើយ។ ដោយមិននិយាយពីការប្រកាន់ពូជសាសន៍ និង បញ្ហាផ្ទៃក្នុងផ្សេងៗរបស់សហរដ្ឋអាមេរិក តើតំណាងរាស្ត្រទាំងនេះមានដែលបានគិតទេថា រដ្ឋការអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ ៣ លានតោនក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង៧០ ជាការរំលោភសិទ្ធិមនុស្ស ហើយសូម្បីពាក្យសុំទោសមួយម៉ាត់ក៏មិនបាននិយាយចំពោះជនជាតិខ្មែរ ហើយថែមទាំងទារឱ្យសងសំណងកខ្វក់ ថែមទៀតផង។ តើតំណាងរាស្ត្រទាំងនេះមានបានចោទ សួរពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកនៅក្រៅ ប្រទេសទេដូចជានៅអ៊ីរ៉ាក់ អាហ្វហ្គានីស្ថានជាដើម។

ក្រុមតំណាងរាស្ត្រទាំងនេះបានបិទភ្នែកធ្វើមិនឃើញនូវទង្វើរំលោភសិទ្ធិប្រទេសដទៃ និងធ្វើមិនឃើញពីការប្រព្រឹត្ត អំពើឧក្រិដ្ឋកម្មរបស់ខ្លួន។ ប៉ុន្តែពួកគេបានតាមចាប់កំហុស ឬប្រឌិតរឿងផ្សេងៗដើម្បីលាបពណ៌មកលើប្រទេសផ្សេងដែលពួកគេគិតថាមិនដើរតាមបន្ទាត់នយោបាយ ឬមិនបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ ពួកគេ។ ពួកគេគួរយកពេលវេលាកែសម្អស្ថានភាពក្នុង ប្រទេសខ្លួនឱ្យបានល្អជាមុនសិន ហើយគួរពិនិត្យថាតើ នៅលើទឹកដីអាមេរិកអស់ហើយឬនៅការរើសអើងប្រកាន់ពូជសាសន៍ តើមានការគោពសិទ្ធិមនុស្សល្អឥតខ្ចោះ ហើយឬនៅ? អ្វីដែលគេមើលឃើញ តាមពិតសហរដ្ឋអាមេរិកគ្មានអ្វីខុសគេឡើយលើការគោរពសិទ្ធិមនុស្ស ហើយពេលខ្លះអាក្រក់ជាងកម្ពុជាទៅទៀតជាពិសេសការរើសអើងជាតិសាសន៍។ ក្រុមតំណាងរាស្ត្រនេះមិនបានគិតថាសហរដ្ឋអាមេរិកជាប្រទេសបិតាប្រជាធិបតេយ្យ តែឡាំប៉ាលើលទ្ធផលបោះឆ្នោតរហូតដល់បង្កើតជាអំពើហិង្សាកុបករកាន់កាប់រដ្ឋសភា។

ដូច្នេះសហរដ្ឋអាមេរិកដែលជាគ្រូគង្វៀលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគួររៀនឆ្លុះកញ្ចក់មើលខ្លួនឯងជាមុនសិន ហើយងូតទឹក ដុះក្អែល ព្យាបាល វះកាត់ខ្លួនឯងជាមុនសិន ចាំមកប្រដៅគេ។ សហរដ្ឋអាមេរិកតាំងខ្លួនជាអ្នកអប់រំអ្នកដទៃ តែមិនខិតខំអប់រំខ្លួនឯង។ សហរដ្ឋអាមេរិកឃើញកំហុសអ្នកដទៃ តែមិនឃើញកំហុសខ្លួនឯង។ សហរដ្ឋអាមេរិកដឹងរឿងអ្នកដទៃ មិនដឹងរឿងខ្លួនឯង ហើយសហរដ្ឋអាមេរិកឈ្នះអ្នកដទៃ តែមិនឈ្នះខ្លួន។ កម្ពុជាជារដ្ឋឯករាជ្យ មានអធិបតេយ្យភាពជាតិ បូរណភាពដែនដីដែលជាតិនិងប្រជាជនកម្ពុជាបានរួមសាមគ្គីការពារជាដាច់ខាត។

ក្រុមជនក្បត់ជាតិនិងចៅហ្វាយនាយបរទេសពួកគេបាននិងកំពុងព្យាយាមបំផ្លាញកម្ពុជាគ្រប់មធ្យោបាយ តែជាតិនិងប្រជាជនកម្ពុជានៅតែមានភាពរឹងមាំ និងក្រោកឈរការពារជាតិ និងប្រឆាំងដាច់ខាតរាល់ឧបាយកលទុច្ចរិតបំផ្លាញកម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១




សារព័ត៌មានបរទេស៖ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដល់ប្រជាជនបានល្អប្រសើរ ជាងបណ្តារដ្ឋជាច្រើនរបស់អាមេរិកទៅទៀត (Video inside)

 (ពិភពលោក)៖ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទទួលបានការកោតសរសើរពីបណ្តាប្រទេសលោកខាងលិច លើកម្មវិធីចាក់វ៉ាក់សាំងបង្ការវីរុស កូវីដ១៩របស់កម្ពុជា គឺពិតជាទទួលបានជោគជ័យយ៉ាងធំធេង ពោលគឺជាង៩៨%នៃមនុស្សពេញវ័យនៅកម្ពុជាទាំងអស់ បានចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស ខណៈដែល៦៥% បានចាក់វ៉ាក់សាំងបង្ការពេញលេញ ហើយចំនួននេះក៏បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ទៀតផងដែរ។


«រាជធានីភ្នំពេញក៏ជារាជធានីមួយ ដែលបានចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ដល់ប្រជាជនបានច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ» នេះបើយោងតាម សារព័ត៌មាន The World ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Boston សហរដ្ឋអាមេរិក ចេញផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

សារព័ត៌មាននេះបានផ្សាយដែរថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមានទំហំតូចជាងសេដ្ឋកិច្ចនៃទីក្រុង Huntsville នៃរដ្ឋ Alabama។ ក៏ប៉ុន្តែនៅពេលនិយាយដល់ការចាក់វ៉ាក់សាំងវ៉ាក់សាំង១៩ ប្រជាជនចំនួន១៦លាននាក់របស់កម្ពុជា ពិតជាបានវ៉ាដាច់បណ្តារដ្ឋរបស់អាមេរិក ដូចជា Alabama, រដ្ឋ Texas និងរដ្ឋ Ohio ខណៈដែលអត្រាចាក់ វ៉ាក់សាំងពេញលេញរបស់កម្ពុជាគឺមានចំនួនស្មើនឹងរដ្ឋ New York។

កាលពីនៅខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលពិភពលោកជាច្រើន កំពុងភ័យស្លន់ស្លោអំពីវីរុសដ៏អាថ៌កំបាំង ដែលមានប្រភពមកពីប្រទេសចិន សម្តេចតេជោ ហ៊ុន សែន បែរជាបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដែលនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋ បន្ទាប់ពីពេលកើតមានវីរុសកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានស្ម័គ្រចិត្តធ្វើដំណើរទៅកាន់ទីក្រុង Wuhan ទៀតផង ដែលពេលនោះវាគឺជាចំណុចនៃការចាប់ផ្តើមរាតត្បាតនៃវីរុសកូវីដ១៩ ក៏ប៉ុន្តែសម្តេចតេជោ មិនបានធ្វើដំណើរទៅទេ ដោយសារចិនមានការពិបាកក្នុងការរៀបចំទទួលនៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ លោកពិតជា បានបង្ហាញនូវសារយ៉ាងច្បាស់លាស់ថា «ប្រទេសចិន, យើងនឹងគាំទ្រអ្នក»។

ជាលទ្ធផល នៅពេលប្រទេសចិនបង្កើតបានវ៉ាក់សាំងកូវីដ១៩ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសបរទេសដំបូងគេដែលទទួលបានវ៉ាក់សាំងនេះនិងក្នុងចំនួនដ៏ច្រើន។

សម្តេចតេជោ ហ៊ុន សែន មិនបានរង់ចាំរហូតដល់ អង្គការសុខភាពពិភពលោក (WHO) អនុម័តទទួលស្គាល់វ៉ាក់សាំងរបស់ចិន ដូចជា Sinovac នោះទេ ដោយក្នុងនោះ លោកបានបន្ទរតាមការលើកឡើងរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ថា «វាមានសុវត្ថិភាពហើយ» និងបានចាប់ផ្តើមចាក់វ៉ាក់សាំងនេះជូនដល់ពលរដ្ឋរបស់លោកភ្លាមៗ។

សូមជំរាបថា នៅក្នុងអំឡុងឆ្នាំ២០១០ ពាក់កណ្តាលនៃកញ្ចប់ថវិការរបស់កម្ពុជា គឺទទួលបានពីម្ចាស់ជំនួយបរទេស បូករួមទាំងពីសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែនៅមួយទសវត្សរ៍ចុងក្រោយនេះ ការផ្លាស់ប្តូរយ៉ាងខ្លាំងបានកើតមានដោយក្នុងនោះប្រទេសចិន បានក្លាយជាម្ចាស់ជំនួយដ៏ធំមួយ បើធៀបនឹងសហរដ្ឋអាមេរិក និងម្ចាស់ជំនួយលោកខាងលិចដទៃទៀត ខណៈទីក្រុងប៉េកាំងបានផ្តល់ជំនួយដល់កម្ពុជា ដោយមិនមានការប្រមាថម៉ាក់ងាយអ្វីឡើយ។

ចាប់តាំងពីពេលកើតមានការរាតត្បាតនៃវីរុសកូវីដ១៩ សហរដ្ឋអាមេរិកបានបញ្ជូនវ៉ាក់សាំង Johnson & Johnson តែមួយលានដូសប៉ុណ្ណោះមកឱ្យកម្ពុជា ខណៈដែលយន្តការ COVAX ដែលជាដៃគូរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្តាប្រទេសក្រីក្រ បានបញ្ជូនវ៉ាក់សាំងមកឱ្យកម្ពុជាប្រមាណ ៣៥០,០០០ដូសប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរប្រទេសចិនបានផ្តល់ឱ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ រហូតដល់ប្រមាណ ៣០លានដូស។

រដ្ឋាភិបាលកម្ពុជាអាចនឹងនាំមុខតំបន់អាស៊ីទាំងមូល នៅពេលនិយាយដល់ការចាក់វ៉ាក់សាំងកូវីដ១៩។ កម្ពុជាមានបំណងចង់ឱ្យប្រជាជនជាង ៩០% បានចាក់វ៉ាក់សាំង បង្ការពេញលេញហើយគោលដៅនេះពិតជាអាចនឹងសម្រេចបាន ខណៈដែលសហរដ្ឋអាមេរិកកំពុងជជែកវែកញែកអំពីការផ្តល់វ៉ាក់សាំងដល់កុមារតូចៗ កាលពីសប្តាហ៍មុន ប្រទេសកម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពីអាយុ ៦ឆ្នាំឡើងរួចហើយ៕

ដោយសារព័ត៌មាន The World.









Wednesday, September 29, 2021

សារព័ត៌មាន Counter Punch ៖ មេរៀនពីកម្ពុជា ស្តីអំពីរបៀបឆ្លើយតបទៅនឹងវីរុសកូវីដ-១៩

 រាប់ចាប់ពីទ្វីបអឺរ៉ុបរហូតដល់អាស៊ីប៉ាស៊ីហ្វិក ក្តីសង្ឃឹមស្តីពីការអាចងើបឡើងវិញចេញពីវិបត្តិកាលពី ដើមឆ្នាំនេះ ត្រូវបានពើបប្រទះនឹងការកើនឡើងវីញនូវករណីឆ្លងនិងស្លាប់ ដោយសារវីរុសកូវីដ-១៩ ទម្រង់ Delta ដែលមានសមត្ថភាពចម្លងកាន់តែខ្លាំងជាងមុន។


នៅពេលឥឡូវនេះ បណ្តាប្រទេសដែលធ្លាប់គ្រប់គ្រងបានយ៉ាងល្អលើវីរុសរាតត្បាតកូវីដ-១៩ បាននិងកំពុងជួបនូវការលំបាកក្នុងការទប់ស្កាត់ការរីករាលដាល នៃវីរុសនេះ ខណៈពេលដែលរលកថ្មីៗនៃការឆ្លង បាននិងកំពុងបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស។

ប៉ុន្តែ «ប្រទេសមួយហាក់ដូចជាកំពុងដើរផ្ទុយពីនិន្នាការពិភពលោកទៅវីញ»។ ប្រទេសកម្ពុជាកំពុងទប់ទល់នឹងរលកទី៤ នៃការរាតត្បាតនៃវីរុសកូវីដ-១៩ និងហាក់ដូចជាកំពុងឈានឆ្ពោះទៅរកដំណាក់កាលនៃការវិវឌ្ឍសេដ្ឋកិច្ចដែលមានលក្ខណៈ ស្រដៀងគ្នាទៅនឹងកម្រិតសេដ្ធកិច្ចដែលកម្ពុជាទទួលបាននៅ មុនពេលកើតមានការ រាតត្បាតនៃវីរុសកូវីដ-១៩។

ថ្វីបើ GDPសម្រាប់មនុស្សម្នាក់ៗនៅកម្ពុជាមានចំនួនស្មើនឹង ១/១០ នៃ GDP សម្រាប់មនុស្សម្នាក់ៗ នៅសហភាពអឺរ៉ុបក៏ដោយ «ក៏កម្ពុជាអាចសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំងស្រដៀងគ្នាទៅនឹងសហភាពអឺរ៉ុប ជាមួយនឹងអត្រាស្លាប់ទាបជាងរហូតដល់ទៅ ២០ ដង»។

ការតស៊ូប្រយុទ្ធរបស់តំបន់អាស៊ីអាគ្នេយ៍ប្រឆាំងនឹងវីរុសទម្រង់ Deltaតំបន់អាស៊ីអាគ្នេយ៍នៅមិនទាន់មានភាពស៊ាំទៅនឹងវីរុសកូវីដ-១៩ ទម្រង់ថ្មីៗ នៅឡើយទេ។ ប្រទេសថៃបានប្រឈមមុខនឹងការផ្ទុះឡើងនៃករណីឆ្លង ដែលនៅខែមីនាមានចំនួនជាមធ្យមប្រហែល ១៣០ ករណី ប៉ុណ្ណោះក្នុងមួយថ្ងៃៗ ក៏ប៉ុន្តែបានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺ ២១០០០ ករណី កាលពីខែសីហា។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា វីរុសទម្រង់ Delta បានបន្ថែមសម្ពាធកាន់តែធ្ងន់ធ្ងរ ទៅលើប្រជាជនដែល បាននិងកំពុងប្រឈម មុខនឹងបញ្ហាសេដ្ឋកិច្ច និងវិបត្តិសុខភាពដែល បង្កឡើងដោយការធ្វើរដ្ឋប្រហារយោធាដ៏ហិង្សា។ ប្រទេសនេះមានករណីស្លាប់ដោយសារវីរុសកូវីដ-១៩ ប្រមាណ ១៦៧០០ ករណីរហូតមកដល់បច្ចុប្បន្ននេះ។

ប្រទេសវៀតណាម ដែលពីដំបូងឡើយ បានទទួលនូវការកោតសរសើរចំពោះភាពជោគជ័យនៃការអាចគ្រប់គ្រងបានយ៉ាងល្អលើវីរុសកូវីដ-១៩ តែនៅពេលឥឡូវនេះក៏បាននិងកំពុងប្រឈមមុខនឹងការលំបាកផងដែរ ខណៈ ដែលករណីឆ្លងជា មធ្យមក្នុងមួយថ្ងៃបានកើនដល់ជាង ១២០០០ ករណី នៅក្នុងខែកញ្ញានេះ។

ប្រទេសអ្នកមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពល្អប្រសើរជាងនេះបន្តិច។ ប្រទេសអូស្រ្តាលីអាចការពារខ្លួនបានល្អពីការរាតត្បាតដ៏អាក្រក់បំផុត តាមរយៈការដាក់ចេញ នូវវិធានការបិទព្រំដែន ដ៏ចម្រូងចម្រាស ដែលបានធ្វើឱ្យជនជាតិអូស្ត្រាលីជាច្រើនត្រូវជាប់នៅក្រៅប្រទេស និងមិនអាចវិលត្រឡប់មកផ្ទះវិញបាន។

ប៉ុន្តែរដ្ឋាភិបាលរបស់លោក Morrison បានខ្ជះខ្ជាយពេលវេលា តាមរយៈការមិនខិតខំព្យាយាមចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានទាន់ពេលវេលាដែលជាហេតុធ្វើឱ្យប្រទេសនេះបាត់បង់ម្ចាស់ការ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសទម្រង់ Delta ដែលបានធ្វើឱ្យករណីឆ្លងនិងស្លាប់កើនឡើងយ៉ាងគំហ៊ុក។

ក្នុងចំណោមការកើនឡើងដ៏គួរឱ្យព្រួយបារម្ភទាំងនេះ សម្រាប់ពេលបច្ចុប្បន្ននេះ «ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលអាចទប់ស្កាត់បានយ៉ាងល្អទៅនឹងរលកទី៣ នៃការរាតត្បាតនៃវីរុសកូវីដ-១៩»។

ចាក់វ៉ាក់សាំងហើយបន្តដំណើរទៅមុខទៀតរបាយការណ៍របស់ដៃគូយុទ្ធសាស្ត្រមេគង្គ (Mekong Strategic Partners) ដែលមាន ចំណងជើងថា «ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា» បានឱ្យដឹងថា «ការចាក់វ៉ាក់សាំងបានឆាប់រហ័សគឺជាមូលហេតុនៅពី ក្រោយភាពជោគជ័យរបស់កម្ពុជា ហើយប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅ លើពិភពលោកដែល បានផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនក៏ដូចជា ដល់កុមារ»។

បច្ចុប្បន្ននេះប្រជាជនកម្ពុជាចំនួន ៥៧% បានទទួលវ៉ាក់សាំងចំនួន ២ដូស ខណៈដែលប្រទេសថៃមានអត្រាចាក់វ៉ាក់សាំងពេញលេញត្រឹមតែ ១៧% និងវៀតណាមមានត្រឹមតែ ៤% ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ នៅក្នុងប្រទេសអូស្រ្តាលី ប្រជាជនតិចជាង ៤០% ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយខណៈពេលដែលប្រជាជនអូស្រ្តាលីប្រមាណ ៣៦% ទៀតនៅតែមានភាពស្ទាក់ស្ទើរ ក្នុងការចេញទៅចាក់វ៉ាក់សាំង។ ហើយ វាក៍អាចទៅរួចដែលថា «ប្រទេសអូស្ត្រាលីនឹងមិនអាចវិលត្រឡប់ទៅរកស្ថានភាពជាធម្មតាវិញបាននៅក្នុងពេលឆាប់ៗនេះទេ»។

សមិទ្ធផលនៃការចាក់វ៉ាក់សាំងនៅកម្ពុជាបានធ្វើឱ្យចំនួនករណីស្លាប់ដោយ សារវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះ មានចំនួនតិចជាងបណ្តាប្រទេសអាស៊ានជិតខាង។ អត្រាមរណៈភាពទាបរបស់កម្ពុជាមានន័យស្មើនឹងមនុស្សចំនួន ៣៤០ នាក់អាចនៅបន្តរស់រានមានជីវិតជារៀងរាល់សប្តាហ៍បើ ប្រៀបធៀបទៅនឹង បណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់»។

នេះគឺភាពជោគជ័យមួយរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់គ្រប់ប្រភេទវ៉ាក់សាំងទាំងអស់ដែលខ្លួនអាចទទួលបានដែលរួមមានទាំងវ៉ាក់សាំង Sinovac, Sinopharm, AstraZeneca,និង Johnson & Johnson។

ខណៈពេលដែលមានមនុស្សតិចជាងមុនបានឆ្លងវីរុសនិងបានធ្លាក់ខ្លួនឈឺដោយសារវីរុសនេះ ប្រព័ន្ធថែទាំសុខភាពរបស់កម្ពុជាបានស្ថិតក្រោមសំពាធតិចតួចប៉ុណ្ណោះ និងអាចផ្តោតអារម្មណ៍លើការគ្រប់គ្រងជំងឺដទៃទៀត ដែលតែងតែផ្ទុះឡើង នៅក្នុងរដូវភ្លៀងធ្លាក់។

ការបោះជំហានទៅ មុខបន្តិចម្តងៗរបស់កម្ពុជាពីការបិទខ្ទប់និងការចាប់ផ្តើមបើក ដំណើរការអាជីវកម្មឡើងវិញ បាននិងកំពុងធ្វើឱ្យកម្ពុជាស្ថិត នៅលើមាគ៌ាឆ្ពោះទៅរកការវិលត្រឡប់ទៅរកជីវភាពជាធម្មតាតាមបែបគន្លងថ្មី (New Normal)។

ប្រទេសកម្ពុជាក៏កំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការបើក សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញផងដែរ ចំពោះការវិនិយោគពីបរទេស និងការធ្វើទេសចរណ៍ពីសំណាក់អន្តរជាតិ។ វីរុសរាតត្បាតនេះបានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍, សំណង់ និងផលិតកម្ម ជាពិសេសបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ។

ប៉ុន្តែ ការព្យាករណ៍ សម្រាប់ឆ្នាំ ២០២២ បានបង្ហាញថា «កម្ពុជាអាចទទួលបានកំណើនពី ៥% ទៅ ៦%» ខណៈដែលកម្មករនិងបុគ្គលិក ដែលបានចាក់វ៉ាក់សាំងរួច ក៏បាននិងកំពុងវិលត្រឡប់ទៅកាន់រោងចក្រ, ការិយាល័យ និងការដ្ឋានសំណង់របស់ពួកគេជាបណ្តើរៗផងដែរ។

ទាំងអស់នេះគឺជាដំណឹងដ៏ល្អសម្រាប់ប្រជាជនកម្ពុជានិងអ្នកតស៊ូមតិអំពីវ៉ាក់សាំង ក៏ប៉ុន្តែវាក៏បាននាំមកនូវផលប៉ះពាល់មួយចំនួនផងដែរ។

ការចាក់វ៉ាក់សាំងនឹងផ្តល់នូវសេរីភាពភាពជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ វីរុសទម្រង់ Delta បានផ្តល់ក្តីសង្ឃឹមដល់ប្រទេសដទៃទៀតដែលកំពុងជួបប្រទះនឹងការលំបាកក្នុងការទប់ស្កាត់ការរីករាលដាល នៃវីរុសនេះ។

តើមានអ្វីដែល យើងអាចរៀនបានពីវិធីសាស្ត្រឆ្លើយតប ទៅនឹងវីរុសរាតត្បាតរបស់ព្រះរាជាណាចក្រនេះ?

ទី1 «ការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ពិតជាបានជួយសង្គ្រោះជីវិតមនុស្ស»។ ការសង្ស័យអំពីវ៉ាក់សាំងនៅក្នុងប្រទេសអ្នកមានបាននិងកំពុងធ្វើឱ្យមនុស្ស ជាច្រើនត្រូវស្លាប់បាត់បង់ជីវិត និងបានបន្តពន្យារពេលការយកឈ្នះលើវីរុសកូវីដ-១៩ ហើយការបិទព្រំដែននឹងមិនមានប្រសិទ្ធិភាពដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងនោះទេដែល នេះគឺជាមេរៀនដ៏ឈឺចាប់មួយដែលអូស្ត្រាលីទទួលបាន។
ទី2 «ការចាក់វ៉ាក់សាំងបាននាំមកនូវលទ្ធផលជាវិជ្ជមាន ដែលធ្វើឱ្យបុគ្គលិកថែទាំសុខភាពអាចផ្តោតអារម្មណ៍បានល្អលើការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ»។
ទី3 «បញ្ហាសំខាន់គឺការពាក់ម៉ាស់និងការ លាងសម្អាតដៃដែល បានរួមចំណែកដល់ការជួយសង្គ្រោះសុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជន និងដែលអាចអនុញ្ញាតឱ្យម្ចាស់អាជីវកម្មបើកដំណើរការភោជនីយដ្ឋាន, បារ និងការដ្ឋានសំណង់ឡើងវិញ ហើយមនុស្សក៏អាចវិលចូលធ្វើការវិញបានផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានៅមិនទាន់រួច ផុតពីបញ្ហានៅឡើយទេ ខណៈដែលការកើនឡើងនូវករណីឆ្លងថ្មីៗ និងបញ្ហាប្រឈមជាបន្តបន្ទាប់ បានបន្តកើតមានដោយសារវីរុសកូវីដ-១៩ទម្រង់ថ្មីៗ។

ប៉ុន្តែភាពជោគជ័យនៃការចាក់វ៉ាក់សាំង របស់កម្ពុជានៅតែធ្វើឱ្យកម្ពុជាស្ថិតនៅលើទីតាំងដែលមានប្រៀបជាងបណ្តាប្រទេសជិតខាង។

ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នឹងមិនបញ្ចប់នៅក្នុងពេលឆាប់ៗនេះទេ។ ហេតុដូច្នេះហើយ យើងនឹងត្រូវប្រើប្រាស់រាល់គ្រប់បទពិសោធន៍ដែល យើងមានដើម្បីគ្រប់គ្រងលើវីរុសនេះឱ្យបាន៕



វិភាគអន្តរជាតិ៖ ក្រោយបង្កើតសម្ព័ន្ធភាព AUKUS, អ្វីទៅជាជំហានបន្ទាប់របស់សហរដ្ឋអាមេរិក?


(វ៉ាស៊ីនតោន)៖ ការប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS (A-UK-US) រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានបង្កឱ្យមានប្រតិកម្មផ្សេងៗពីគ្នា ដោយប្រទេសខ្លះបានបង្ហាញជំហរជំទាស់ រីឯខ្លះគាំទ្រ ហើយខ្លះទៀតបង្ហាញក្ដីព្រួយបារម្ភថាសម្ព័ន្ធភាពនេះដែលសន្យានឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរ អាចនឹងបង្កទៅជាការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្រៅតែពីនេះ ចាប់តាំងពីការប្រកាសបង្កើតសម្ព័ន្ធភាព AUKUS មក គេនាំគ្នាចាប់អារម្មណ៍ខ្លាំងតែទៅលើការខឹងសម្បាររបស់ទីក្រុងប៉ារីសដែលត្រូវបាក់មុខ និងខាតបង់ប្រាក់ រាប់ពាន់លានដុល្លារដោយសារតែអូស្ត្រាលីលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកធម្មតាពីក្រុមហ៊ុនបារាំង ដើម្បីស្រវាយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បច្ចេកវិទ្យាអាមេរិក។ ក៏ប៉ុន្តែ ចំណុចដ៏សំខាន់មួយដែលគេមើលរំលង នោះគឺថាតើក្រោយការបង្កើត AUKUS រួច អ្វីទៅជាជំហានបន្ទាប់របស់សហរដ្ឋអាមេរិក? ហើយថាតើ អាមេរិកអាចបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសដទៃគាំទ្រ ឬចូលរួមជាមួយសម្ព័ន្ធភាព AUKUS បានដែរ ឬក៏យ៉ាងណា?

*បង្កើតវេទិការត្រីភាគីជាមួយឥណ្ឌូណេស៊ី (AUKUS + Indonesia)

នៅក្នុងរយៈពេលវែង, ភាគីទី៣ ដែលគេមើលឃើញថានឹងរងផលប៉ះពាល់ខ្លាំងជាងគេពីសម្ព័ន្ធភាព AUKUS នោះគឺឥណ្ឌូណេស៊ីដែលជាបងធំអាស៊ាន ព្រោះប្រទេសនេះមាន ដែនទឹកជាប់នឹងអូស្ត្រាលី។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនឹងផ្ដល់ឱ្យអូស្ត្រាលី នូវសមត្ថភាពកាន់តែល្អប្រសើរ ក្នុងការតាមដានតំបន់ដែនទឹកសមុទ្រសំខាន់ៗដែល រត់កាត់តាមទីប្រជុំកោះរបស់ឥណ្ឌូណេស៊ី។ ដូច្នេះប្រសិនបើធ្វើបានល្អ នោះវានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលីជាមួយឥណ្ឌូណេស៊ីឱ្យកាន់តែស៊ីជម្រៅ និងពង្រឹង សន្តិសុខរវាងប្រទេសទាំង២។ ប៉ុន្តែ បើដើរខុសវិញ នោះវាមិនត្រឹមតែធ្វើឱ្យខូចដល់ទំនាក់ទំនងរវាងអូស្ត្រាលី និងឥណ្ឌូណេស៊ីប៉ុណ្ណោះទេ តែវាក៏នឹងធ្វើឱ្យខូចផងដែរដល់ ទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌូណេស៊ី។

ជាជម្រើសមួយដ៏ល្អ អាមេរិក និងអូស្ត្រាលីអាចនឹងបង្កើតវេទិកាត្រីភាគីជាមួយឥណ្ឌូណេស៊ី ហើយក៏អាចធ្វើបែបនេះជាមួយបណ្ដាប្រទេសដទៃនៅក្នុងតំបន់ដែរ។ ធ្វើដូចនេះ អាមេរិកអាចបង្ហាញប្រាប់ទីក្រុងហ្សាការតា ឬប្រទេសផ្សេងក្នុងតំបន់ថាខ្លួនមានការយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីផលប្រយោជន៍ជាតិរបស់ប្រទេសជាដៃគូ និងសម្ព័ន្ធមិត្ត។

*ពិចារណាចែករំលែកបច្ចេកវិទ្យាយន្ដហោះ B-21 ជាមួយអូស្ត្រាលី

ជាការពិតណាស់, ការចែករំលែកបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយនុយក្លេអ៊ែរដល់អូស្ត្រាលី វាមិនទាន់គ្រប់គ្រាន់ក្នុងការជួយពង្រឹងសមត្ថភាព និងយុទ្ធសាស្ត្រស៊ើបការណ៍ ឬតាមដានរបស់អូស្ត្រាលីនោះទេ។ តែទោះជាបែបនេះក្ដី មានដំណឹងល្អមួយ នោះគឺកាលពីពេលថ្មីៗនេះ កងទ័ពអាកាសអាមេរិកបានឱ្យដឹងថាយន្ដហោះទម្លាក់គ្រាប់បែក B-21 ចំនួន ៥ គ្រឿង បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការផលិត។ យន្ដហោះទម្លាក់គ្រាប់បែកទាំងនេះអាចធ្វើប្រតិបត្តិការនៅលើអាកាសបន្ថែមពីលើប្រតិបត្តិការនៅក្រោមបាតសមុទ្រ របស់នាវាមុជទឹកនុយក្លេអ៊ែរ។ ថ្វីបើការចែករំលែកបច្ចេកវិទ្យា B-21 ហាក់ដូចជាទៅមិនរួច តែការយល់ព្រមចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់ អូស្ត្រាលីដែលជាប្រទេសទី៣ ទទួលបានបច្ចេកវិទ្យានេះពីអាមេរិក វាបានបង្ហាញថាទៅថ្ងៃអនាគត ទីក្រុងវ៉ាស៊ីនតោនក៏អាចចែករំលែកបច្ចេកវិទ្យាយោធាសំខាន់ៗដទៃទៀត ឱ្យអូស្រ្តាលីក៏ថាបាន ប្រឈមមុខនឹងការកើនឡើងឥទ្ធិពលយោធាចិននៅក្នុងតំបន់។

*ជួយជប៉ុនអភិវឌ្ឍប្រព័ន្ធមីស៊ីល

ក្រោយការបង្កើតសម្ព័ន្ធភាព AUKUS មានសំណួរត្រូវបានចោទសួរថាតើហេតុអ្វីបានជាសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីដូចជា ជប៉ុន ឬកូរ៉េខាងត្បូង ជាដើមមិនត្រូវបានបញ្ចូលទៅក្នុងសម្ព័ន្ធភាពយោធានេះដែរ? ចម្លើយដែលគេអាចព្យាយាមឆ្លើយបាន គឺនៅត្រង់ថាសម្ព័ន្ធមិត្តអាមេរិក ដូចជាជប៉ុនមានតម្រូវការចាំបាច់ផ្សេងពី អូស្ត្រាលី។ បើតាមក្រុមអ្នកជំនាញ អ្វីដែលជប៉ុនត្រូវការបំផុតគឺមិនមែននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះទេ តែមហាយក្សសេដ្ឋកិច្ចលេខ៣មួយនេះត្រូវការប្រព័ន្ធ មីស៊ីលមួយដែលមានសមត្ថភាពបាញ់ក្នុងរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងនាវាចម្បាំងបំពាក់គ្រូសមីស៊ីល។

ជប៉ុន និងសហរដ្ឋអាមេរិកអាចនឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធមីស៊ីលបែបនេះដែលអាចនឹងជួយពង្រឹងទំនាក់ទំនងរវាងអាមេរិក និងជប៉ុនឱ្យកាន់តែ ស៊ីជម្រៅ ដូចគ្នាក្នុងផ្លូវតែមួយដែលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពង្រឹងសម្ព័ន្ធភាពអាមេរិក-អូស្ត្រាលី។ ម្យ៉ាងវិញទៀត ប្រសិនបើទទួលបានជោគជ័យ នោះប្រព័ន្ធ មីស៊ីលនេះនឹងទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាសម្ព័ន្ធមិត្តអាមេរិកដទៃក្នុងតំបន់ដូចជា អូស្ត្រាលី, ហ្វីលីពីន, វៀតណាម រួមទាំងតៃវ៉ាន់ដែរក៏ថាបាន។

*នាំអាមេរិកត្រឡប់មកកាន់តុពាណិជ្ជកម្មវិញ

មួយថ្ងៃក្រោយការប្រកាសបង្កើតសម្ព័ន្ធភាព AUKUS, ចិនស្រាប់តែប្រកាសភ្លាមៗពីការស្នើសុំជាផ្លូវការចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP។ CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកើតចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលប្រមូលផ្ដុំបណ្ដាប្រទេស នៅជុំវិញខ្សែក្រវាត់ប៉ាស៊ីហ្វិកដែលតំណាងឱ្យ ១៣.៤ ភាគរយនៃ GDP សកលលោក។

គោលបំណងសំខាន់មួយនៃការបង្កើតកិច្ចព្រមព្រៀងនេះឡើង គឺដើម្បីកាត់បន្ថយកុំឱ្យបណ្ដាប្រទេសនានា ពឹងផ្អែកខ្លាំងពេកទៅលើការធ្វើពាណិជ្ជកម្មជាមួយចិន ហើយលើក កម្ពស់មុខមាត់ជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពី TPP កាលពីឆ្នាំ២០១៧ ដោយសំអាងថាកិច្ចព្រមព្រៀងនេះសម្លាប់ការងាររបស់ប្រជាជនអាមេរិក។ នៅឆ្នាំបន្ទាប់ គឺឆ្នាំ២០១៨ ទើបសមាជិក១១ផ្សេងទៀតដែលនៅសេសសល់ ដូចជា អូស្រ្តាលី, ប្រ៊ុយណេ, កាណាដា, ស៊ីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកស៊ិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី និងវៀតណាម បានរួមគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP។

មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមិនបានបង្ហាញពីចេតនាចង់ត្រឡប់ចូលក្នុងកិច្ចព្រមព្រៀង CPTPP វិញនោះទេ ខណៈអ្នកជំនាញភាគច្រើនយល់ថាអាមេរិកសម្រេចចូល ឬក៏មិនចូល វាគឺអាស្រ័យលើនយោបាយនៅក្នុងស្រុករបស់សហរដ្ឋអាមេរិក។ ពោលគឺដូចគ្នាទៅនឹងលោក ត្រាំ លោក ចូ បៃដិន ក៏មើលឃើញដូចគ្នាដែរថា CPTPP ធ្វើឱ្យ ប៉ះពាល់ដល់ប្រយោជន៍សេដ្ឋកិច្ច ជាពិសេសគឺការងារប្រជាជនអាមេរិក។ នៅក្នុងតំបន់អាស៊ី គេនាំគ្នានិយាយពីរឿងលុយ ជាជាងយោធា ឬសន្តិសុខ ហើយជាយុទ្ធសាស្ត្រប្រជែង ឥទ្ធិពលគ្នា ចិនឱ្យសេដ្ឋកិច្ចដើរមុន រីឯអាមេរិកយកសន្តិសុខដាក់មុខ មុនសេដ្ឋកិច្ច។

ដូច្នេះហើយបច្ចុប្បន្ន គេឃើញថាយុទ្ធសាស្ត្រទាញបណ្ដាប្រទេសដទៃឱ្យចូលមកក្នុងគន្លងសេដ្ឋកិច្ចរបស់ខ្លួនដោយទីក្រុងប៉េកាំង ហាក់ដូចជាមានទម្ងន់ជាងយុទ្ធសាស្ត្រសន្តិសុខ របស់អាមេរិក ហើយបូករួមទាំងវិបត្តិ COVID-19 ប្រទេសក្នុងតំបន់ត្រូវការនោះ គឺប្រយោជន៍ខាងសេដ្ឋកិច្ចដើម្បីជួយឱ្យពួកគេងើបចេញពីវិបត្តិ និងស្ដារសេដ្ឋកិច្ចឡើងវិញ។ និយាយបែបនេះមិនមែនអាមេរិកមិនបារម្ភពីអំណាចសេដ្ឋកិច្ចចិននោះទេ តែប្រសើរជាងត្រឡប់ចូលទៅក្នុង CPTPP វិញ សហរដ្ឋអាមេរិកប្រហែលជានឹងប្រឹងប្រែងអូសទាញ បណ្ដាប្រទេសដទៃឱ្យចូលរួមក្នុងគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ច B3W (Build Back Better for the World) របស់លោក ចូ បៃដិន។ B3W គឺជាកម្មវិធីវិនិយោគមួយរបស់រដ្ឋបាល លោក ចូ បៃដិន ដែលផ្ដោតសំខាន់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ហើយវាត្រូវបានបង្កើតឡើងដើម្បទប់ទល់ជាមួយនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI)៕

ប្រភព៖ វិទ្យាស្ថាន AEI (ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១)

ដោយ៖ Fresh News



សេចក្ដីជូនដំណឹង ស្តីពីការចែកចាយឧបករណ៍តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Wondfo សម្រាប់សាធារណជន


ដើម្បីបញ្ជាទិញសូមចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួង រៀលរាល់ថ្ងៃធ្វើការ។
សូមទស្សនាវីដេអូ របៀបប្រើឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Wondfo Antigen Rapid Test : https://fb.watch/8k8NOC6bM0/





ក្រសួងអប់រំ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកម្មវិធីធុរកិច្ចជាតិ សម្រាប់យុវជន ឆ្នាំ២០២១





នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ២០ម៉ឺនដូស


(ភ្នំពេញ)៖ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានបង្ហាញនូវការដឹងគុណ និងអរគុណក្រៃលែងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសដល់រដ្ឋាភិបាល និងប្រជាជនឡាវ។ នាយករដ្ឋមន្ត្រីឡាវ បានចាត់ទុកការផ្តល់ជំនួយនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីទឹកចិត្តសប្បុរសធម៌យ៉ាងពិតប្រាកដរបស់សម្តេចតេជោ និងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ។


ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រីឡាវ បានគូសបញ្ជាក់យ៉ាងដូច្នេះ «តាងនាមឱ្យបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំសូមឆ្លៀតឱកាសនេះ សូមសម្តែងនូវការដឹងគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវ ក្នុងរយៈកាលប៉ុន្នានឆ្នាំកន្លងទៅ ជាពិសេសក្នុងគ្រាដ៏លំបាក ដែលប្រទេសយើងទាំងពីរកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជានៅតែចែករំលែកដោយទឹកចិត្តសប្បុរសធម៌នូវអ្វីដែលកម្ពុជាមាន តាមរយៈការផ្តល់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២០០ ០០០ ដូស ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោកនាយករដ្ឋមន្ត្រីឡាវបន្តថា «កាយវិការនេះជាការរួមចំណែកជួយយើងខ្ញុំ ធ្វើឱ្យសម្រេចបានទិសដៅ ៥០% ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនរបស់យើងខ្ញុំ នៅដំណាច់ឆ្នាំនេះតាមការគ្រោងទុក។ ជំនួយឧបត្ថម្ភដ៏មានតម្លៃនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងចំណងសាមគ្គីភាពដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះ រដ្ឋាភិបាលនិងប្រជាជនឡាវ ហើយក៏ជាអះអាងបញ្ជាក់ផងដែរពីចំណងមិត្តភាពជិតស្និទ្ធិ សាមគ្គីភាពយូអង្វែង និងភាពជាអ្នកជិតខាងល្អ ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលត្រូវបានពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅប្រកបដោយផ្លែផ្កាថែមទៀត។»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសជូនទៅរដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងលិខិតផ្ញើជូននាយករដ្ឋមន្ត្រីឡាវ, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយវ៉ាក់សាំងនេះធ្វើឡើងក្រោមស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏សាហាវនេះ។

វ៉ាក់សាំងជាជំនួយនេះ ត្រូវបានលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដឹកយកទៅជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ ពិធីប្រគល់ និងទទួលត្រូវបានធ្វើឡើងនៅច្រកព្រំដែនកម្ពុជា-ឡាវ ត្រពាំងក្រៀល-ណុងណងខៀន។ ភាគីឡាវអញ្ជើញទទួលដោយលោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ៕