Wednesday, September 29, 2021

វិភាគអន្តរជាតិ៖ ក្រោយបង្កើតសម្ព័ន្ធភាព AUKUS, អ្វីទៅជាជំហានបន្ទាប់របស់សហរដ្ឋអាមេរិក?


(វ៉ាស៊ីនតោន)៖ ការប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS (A-UK-US) រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានបង្កឱ្យមានប្រតិកម្មផ្សេងៗពីគ្នា ដោយប្រទេសខ្លះបានបង្ហាញជំហរជំទាស់ រីឯខ្លះគាំទ្រ ហើយខ្លះទៀតបង្ហាញក្ដីព្រួយបារម្ភថាសម្ព័ន្ធភាពនេះដែលសន្យានឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរ អាចនឹងបង្កទៅជាការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្រៅតែពីនេះ ចាប់តាំងពីការប្រកាសបង្កើតសម្ព័ន្ធភាព AUKUS មក គេនាំគ្នាចាប់អារម្មណ៍ខ្លាំងតែទៅលើការខឹងសម្បាររបស់ទីក្រុងប៉ារីសដែលត្រូវបាក់មុខ និងខាតបង់ប្រាក់ រាប់ពាន់លានដុល្លារដោយសារតែអូស្ត្រាលីលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកធម្មតាពីក្រុមហ៊ុនបារាំង ដើម្បីស្រវាយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បច្ចេកវិទ្យាអាមេរិក។ ក៏ប៉ុន្តែ ចំណុចដ៏សំខាន់មួយដែលគេមើលរំលង នោះគឺថាតើក្រោយការបង្កើត AUKUS រួច អ្វីទៅជាជំហានបន្ទាប់របស់សហរដ្ឋអាមេរិក? ហើយថាតើ អាមេរិកអាចបញ្ចុះបញ្ចូលឱ្យបណ្ដាប្រទេសដទៃគាំទ្រ ឬចូលរួមជាមួយសម្ព័ន្ធភាព AUKUS បានដែរ ឬក៏យ៉ាងណា?

*បង្កើតវេទិការត្រីភាគីជាមួយឥណ្ឌូណេស៊ី (AUKUS + Indonesia)

នៅក្នុងរយៈពេលវែង, ភាគីទី៣ ដែលគេមើលឃើញថានឹងរងផលប៉ះពាល់ខ្លាំងជាងគេពីសម្ព័ន្ធភាព AUKUS នោះគឺឥណ្ឌូណេស៊ីដែលជាបងធំអាស៊ាន ព្រោះប្រទេសនេះមាន ដែនទឹកជាប់នឹងអូស្ត្រាលី។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនឹងផ្ដល់ឱ្យអូស្ត្រាលី នូវសមត្ថភាពកាន់តែល្អប្រសើរ ក្នុងការតាមដានតំបន់ដែនទឹកសមុទ្រសំខាន់ៗដែល រត់កាត់តាមទីប្រជុំកោះរបស់ឥណ្ឌូណេស៊ី។ ដូច្នេះប្រសិនបើធ្វើបានល្អ នោះវានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលីជាមួយឥណ្ឌូណេស៊ីឱ្យកាន់តែស៊ីជម្រៅ និងពង្រឹង សន្តិសុខរវាងប្រទេសទាំង២។ ប៉ុន្តែ បើដើរខុសវិញ នោះវាមិនត្រឹមតែធ្វើឱ្យខូចដល់ទំនាក់ទំនងរវាងអូស្ត្រាលី និងឥណ្ឌូណេស៊ីប៉ុណ្ណោះទេ តែវាក៏នឹងធ្វើឱ្យខូចផងដែរដល់ ទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌូណេស៊ី។

ជាជម្រើសមួយដ៏ល្អ អាមេរិក និងអូស្ត្រាលីអាចនឹងបង្កើតវេទិកាត្រីភាគីជាមួយឥណ្ឌូណេស៊ី ហើយក៏អាចធ្វើបែបនេះជាមួយបណ្ដាប្រទេសដទៃនៅក្នុងតំបន់ដែរ។ ធ្វើដូចនេះ អាមេរិកអាចបង្ហាញប្រាប់ទីក្រុងហ្សាការតា ឬប្រទេសផ្សេងក្នុងតំបន់ថាខ្លួនមានការយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីផលប្រយោជន៍ជាតិរបស់ប្រទេសជាដៃគូ និងសម្ព័ន្ធមិត្ត។

*ពិចារណាចែករំលែកបច្ចេកវិទ្យាយន្ដហោះ B-21 ជាមួយអូស្ត្រាលី

ជាការពិតណាស់, ការចែករំលែកបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយនុយក្លេអ៊ែរដល់អូស្ត្រាលី វាមិនទាន់គ្រប់គ្រាន់ក្នុងការជួយពង្រឹងសមត្ថភាព និងយុទ្ធសាស្ត្រស៊ើបការណ៍ ឬតាមដានរបស់អូស្ត្រាលីនោះទេ។ តែទោះជាបែបនេះក្ដី មានដំណឹងល្អមួយ នោះគឺកាលពីពេលថ្មីៗនេះ កងទ័ពអាកាសអាមេរិកបានឱ្យដឹងថាយន្ដហោះទម្លាក់គ្រាប់បែក B-21 ចំនួន ៥ គ្រឿង បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការផលិត។ យន្ដហោះទម្លាក់គ្រាប់បែកទាំងនេះអាចធ្វើប្រតិបត្តិការនៅលើអាកាសបន្ថែមពីលើប្រតិបត្តិការនៅក្រោមបាតសមុទ្រ របស់នាវាមុជទឹកនុយក្លេអ៊ែរ។ ថ្វីបើការចែករំលែកបច្ចេកវិទ្យា B-21 ហាក់ដូចជាទៅមិនរួច តែការយល់ព្រមចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់ អូស្ត្រាលីដែលជាប្រទេសទី៣ ទទួលបានបច្ចេកវិទ្យានេះពីអាមេរិក វាបានបង្ហាញថាទៅថ្ងៃអនាគត ទីក្រុងវ៉ាស៊ីនតោនក៏អាចចែករំលែកបច្ចេកវិទ្យាយោធាសំខាន់ៗដទៃទៀត ឱ្យអូស្រ្តាលីក៏ថាបាន ប្រឈមមុខនឹងការកើនឡើងឥទ្ធិពលយោធាចិននៅក្នុងតំបន់។

*ជួយជប៉ុនអភិវឌ្ឍប្រព័ន្ធមីស៊ីល

ក្រោយការបង្កើតសម្ព័ន្ធភាព AUKUS មានសំណួរត្រូវបានចោទសួរថាតើហេតុអ្វីបានជាសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីដូចជា ជប៉ុន ឬកូរ៉េខាងត្បូង ជាដើមមិនត្រូវបានបញ្ចូលទៅក្នុងសម្ព័ន្ធភាពយោធានេះដែរ? ចម្លើយដែលគេអាចព្យាយាមឆ្លើយបាន គឺនៅត្រង់ថាសម្ព័ន្ធមិត្តអាមេរិក ដូចជាជប៉ុនមានតម្រូវការចាំបាច់ផ្សេងពី អូស្ត្រាលី។ បើតាមក្រុមអ្នកជំនាញ អ្វីដែលជប៉ុនត្រូវការបំផុតគឺមិនមែននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះទេ តែមហាយក្សសេដ្ឋកិច្ចលេខ៣មួយនេះត្រូវការប្រព័ន្ធ មីស៊ីលមួយដែលមានសមត្ថភាពបាញ់ក្នុងរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងនាវាចម្បាំងបំពាក់គ្រូសមីស៊ីល។

ជប៉ុន និងសហរដ្ឋអាមេរិកអាចនឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធមីស៊ីលបែបនេះដែលអាចនឹងជួយពង្រឹងទំនាក់ទំនងរវាងអាមេរិក និងជប៉ុនឱ្យកាន់តែ ស៊ីជម្រៅ ដូចគ្នាក្នុងផ្លូវតែមួយដែលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពង្រឹងសម្ព័ន្ធភាពអាមេរិក-អូស្ត្រាលី។ ម្យ៉ាងវិញទៀត ប្រសិនបើទទួលបានជោគជ័យ នោះប្រព័ន្ធ មីស៊ីលនេះនឹងទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាសម្ព័ន្ធមិត្តអាមេរិកដទៃក្នុងតំបន់ដូចជា អូស្ត្រាលី, ហ្វីលីពីន, វៀតណាម រួមទាំងតៃវ៉ាន់ដែរក៏ថាបាន។

*នាំអាមេរិកត្រឡប់មកកាន់តុពាណិជ្ជកម្មវិញ

មួយថ្ងៃក្រោយការប្រកាសបង្កើតសម្ព័ន្ធភាព AUKUS, ចិនស្រាប់តែប្រកាសភ្លាមៗពីការស្នើសុំជាផ្លូវការចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP។ CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកើតចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលប្រមូលផ្ដុំបណ្ដាប្រទេស នៅជុំវិញខ្សែក្រវាត់ប៉ាស៊ីហ្វិកដែលតំណាងឱ្យ ១៣.៤ ភាគរយនៃ GDP សកលលោក។

គោលបំណងសំខាន់មួយនៃការបង្កើតកិច្ចព្រមព្រៀងនេះឡើង គឺដើម្បីកាត់បន្ថយកុំឱ្យបណ្ដាប្រទេសនានា ពឹងផ្អែកខ្លាំងពេកទៅលើការធ្វើពាណិជ្ជកម្មជាមួយចិន ហើយលើក កម្ពស់មុខមាត់ជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពី TPP កាលពីឆ្នាំ២០១៧ ដោយសំអាងថាកិច្ចព្រមព្រៀងនេះសម្លាប់ការងាររបស់ប្រជាជនអាមេរិក។ នៅឆ្នាំបន្ទាប់ គឺឆ្នាំ២០១៨ ទើបសមាជិក១១ផ្សេងទៀតដែលនៅសេសសល់ ដូចជា អូស្រ្តាលី, ប្រ៊ុយណេ, កាណាដា, ស៊ីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកស៊ិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី និងវៀតណាម បានរួមគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP។

មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមិនបានបង្ហាញពីចេតនាចង់ត្រឡប់ចូលក្នុងកិច្ចព្រមព្រៀង CPTPP វិញនោះទេ ខណៈអ្នកជំនាញភាគច្រើនយល់ថាអាមេរិកសម្រេចចូល ឬក៏មិនចូល វាគឺអាស្រ័យលើនយោបាយនៅក្នុងស្រុករបស់សហរដ្ឋអាមេរិក។ ពោលគឺដូចគ្នាទៅនឹងលោក ត្រាំ លោក ចូ បៃដិន ក៏មើលឃើញដូចគ្នាដែរថា CPTPP ធ្វើឱ្យ ប៉ះពាល់ដល់ប្រយោជន៍សេដ្ឋកិច្ច ជាពិសេសគឺការងារប្រជាជនអាមេរិក។ នៅក្នុងតំបន់អាស៊ី គេនាំគ្នានិយាយពីរឿងលុយ ជាជាងយោធា ឬសន្តិសុខ ហើយជាយុទ្ធសាស្ត្រប្រជែង ឥទ្ធិពលគ្នា ចិនឱ្យសេដ្ឋកិច្ចដើរមុន រីឯអាមេរិកយកសន្តិសុខដាក់មុខ មុនសេដ្ឋកិច្ច។

ដូច្នេះហើយបច្ចុប្បន្ន គេឃើញថាយុទ្ធសាស្ត្រទាញបណ្ដាប្រទេសដទៃឱ្យចូលមកក្នុងគន្លងសេដ្ឋកិច្ចរបស់ខ្លួនដោយទីក្រុងប៉េកាំង ហាក់ដូចជាមានទម្ងន់ជាងយុទ្ធសាស្ត្រសន្តិសុខ របស់អាមេរិក ហើយបូករួមទាំងវិបត្តិ COVID-19 ប្រទេសក្នុងតំបន់ត្រូវការនោះ គឺប្រយោជន៍ខាងសេដ្ឋកិច្ចដើម្បីជួយឱ្យពួកគេងើបចេញពីវិបត្តិ និងស្ដារសេដ្ឋកិច្ចឡើងវិញ។ និយាយបែបនេះមិនមែនអាមេរិកមិនបារម្ភពីអំណាចសេដ្ឋកិច្ចចិននោះទេ តែប្រសើរជាងត្រឡប់ចូលទៅក្នុង CPTPP វិញ សហរដ្ឋអាមេរិកប្រហែលជានឹងប្រឹងប្រែងអូសទាញ បណ្ដាប្រទេសដទៃឱ្យចូលរួមក្នុងគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ច B3W (Build Back Better for the World) របស់លោក ចូ បៃដិន។ B3W គឺជាកម្មវិធីវិនិយោគមួយរបស់រដ្ឋបាល លោក ចូ បៃដិន ដែលផ្ដោតសំខាន់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ហើយវាត្រូវបានបង្កើតឡើងដើម្បទប់ទល់ជាមួយនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI)៕

ប្រភព៖ វិទ្យាស្ថាន AEI (ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១)

ដោយ៖ Fresh News



No comments:

Post a Comment