លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកផងដែរអំពីប្រវត្តិដែលជួបលោកព្រឹទ្ធាចារ្យកាលពីឆ្នាំ ១៩៨២ នៅខេត្តកំពតជាមួយសិល្បៈករសិល្បៈការិនី ព្រមទាំង លោកតា ប្រាជ្ញ ឈួនផងដែរដែលជាភ័ព្វសំណាងខ្លាំងណាស់ ដែលយើងបានចេញផុតរួចពីស្ថានភាពដ៏លំបាកលំបិននៃរបបប៉ុល ពត ដែលកាលពីមុនដោយសារប្រទេសអសន្តិសុខ រាល់ការសម្តែងល្ខោន និងសិល្បៈនានា គឺតួអង្គសម្តែងជាបុរសភាគច្រើនត្រូវកាន់កាំភ្លើងគ្រប់ៗគ្នា។ លោកពិតជាមានមោទនភាពដែលយើងបានរួមគ្នាចេញដំណើរពីស្ថានភាពលំបាកលំបិន ពិតមែនតែសិល្បៈករសិល្បៈការិនីយើងមួយចំនួន បានលាចាកលោកនេះទៅទោះបីជាជំនាន់មុនក្តី មុនរបប ក្នុងរបបប៉ុលពតក្តី ក៏ប៉ុន្តែក្រោយមកទៀត ក៏នៅមានសិល្បៈករ សិល្បៈការិនីយើងមួយចំនួនបានចូលរួមជាមួយយើងដើម្បីកសាងរៀបចំឡើងវិញនូវសិល្បៈសម្រាប់ប្រទេសរបស់យើង។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរម្លឹកអំពីការខិតខំរបស់អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ពីមុនដូចជា លោក កែវ ចិន្តា និងលោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលបានប្រមែប្រមូលសិល្បៈករ សិល្បៈការិនីដែលបាននៅរស់រានមានជីវិតពីរបបកាប់សម្លាប់ ប៉ុល ពត ដែលពេលនោះគឺជាដំណាក់កាលប្រមូលទុន ដើម្បីរៀបចំវប្បធម៌ជាតិឱ្យរស់ឡើងវិញ។ យើងបានខិតខំរួមគ្នាធ្វើឱ្យសិល្បៈវប្បធម៌ជាតិរស់រានមានជីវិត រួមទាំងចាប៉ីដងវែង ហើយដែលនៅឆ្នាំ២០១៦ ក៏បានដាក់បញ្ចូលជាបេតិកភ័ណ្ឌអរូបីយ៍ពិភពលោកផងដែរ។ ប្រសិនបើយើងក្រឡេកមើលទៅក្រោយគឺលំបាកខ្លាំងណាស់ ចំពោះអ្នកដែលមិនធ្លាប់ដឹងពីអតីតកាលរបស់កម្ពុជាគឺមិនបានដឹងថាមានអ្វីកើតឡើងទេ អ្វីដែលគេបានឃើញសព្វថ្ងៃគឺគិតថាកម្ពុជាមិនមានអ្វីកើតឡើងឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្ថែមថា ដែលហៅថាវប្បធម៌វាមិនមែនគ្រាន់តែសិល្បៈមួយមុខឬចម្រៀងមួយមុខនោះទេ ក៏ប៉ុន្តែវាពាក់ព័ន្ធបញ្ហាច្រើនណាស់ ហើយដែលគ្របដណ្តប់លើទិដ្ឋភាពជាច្រើនដែលយើងបានខិតខំរួមគ្នាធ្វើឱ្យរស់រានមានជីវិត មិនត្រឹមតែរស់រានមានជីវិតក្នុងក្របខណ្ឌប្រទេសទេ។ កន្លងទៅយើងក៏បានដាក់ជាបន្តបន្ទាប់ទាំងរូបី និងអរូបីទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដូចជាចាប៉ីដងវែងនេះ គឺត្រូវបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌអរូបីពិភពលោកនៅឆ្នាំ២០១៦កន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា លោក និងតួអង្គផ្សេងទៀតនៃអ្នកដឹកនាំកម្ពុជា ក្រោយសម័យប៉ុល ពត បានផ្សាភ្ជាប់ខ្លួនយ៉ាងខ្លាំងជាមួយគ្រប់ទិដ្ឋភាព គ្រប់ផ្នែក គ្រប់វិស័យ និងអនុវិស័យដែលក្នុងនោះរាប់ទាំងវិស័យសិល្បៈ វប្បធម៌ដែលអាចផ្សាភ្ជាប់ខ្លួនជាមយយសិល្បៈច្រើនទម្រង់។ សិល្បៈខ្មែរក៏ទទួលបានការទទួលស្គាល់ជាបន្តបន្ទាប់នូវស្នាដៃនិងសិល្បៈបែបបូរាណរបស់យើង ហើយលោក សង្ឃឹមថារឿងនេះយើងនឹងបន្តអភិរក្សតទៅទៀតជាមួយនឹងអ្វីដែលកំពុងតែស្ថិតនៅក្នុងប្រទេសរបស់យើង។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានខិតខំលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ក្នុងនោះ រួមទាំងឧបករណ៍ភ្លេងខ្មែរជាដើមនៅក្នុងពិធីលៀងសាយភោជន៍ ដែលបានរៀបចំជូនភ្ញៀវអន្តរជាតិ និងប្រមុខរដ្ឋនានា ដែលមកទស្សនកិច្ចនៅកម្ពុជាផងដែរ៕