Monday, September 11, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាកចេញពីកម្ពុជាហើយដើម្បីទៅចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន នៅខេត្តក្វាងស៊ី ប្រទេសចិនចំនួន៣ថ្ងៃ

នៅវេលាម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅចូលរួមពិធីតាំងពិព័រណ៍ ចិន-អាស៊ាន នៅខេត្តក្វាងស៊ី ប្រទេសចិន រយៈពេល៣ថ្ងៃក្នុងសប្តាហ៍ក្រោយនេះ ដែលចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានឱ្យដឹងថា គណៈប្រតិភូអមដំណើររួមមាន៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា៕






លិខិតចំហជូនស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ អាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា ? ជាដៃគូ ឬជាឪរបស់កម្ពុជា?


ពិតជាគួរឱ្យអស់សំណើច និងហួសចិត្តបំផុតដែលឯកអគ្គរដ្ឋទូតអាមេរិក វិល្លៀម ហេដ William Heidt តាមរយៈទំព័រហ្វេសប៊ុកស្ថានទូតនៅកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា នេះ បាន ចុះផ្សាយអត្ថបទថា «តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? យើងសង្គ្រោះព្រៃឈើ!” William Heidt បានព្យាយាមលើក គុណសម្បត្តិបន្តិចបន្តួចរបស់ខ្លួនក្នុងការងារព្រៃឈើ តម្លើងខ្លួនជាតួឯកជាអ្នកការពារធនធានធម្មជាតិដោយបំភ្លេចកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរកំណែទម្រង់លើការការពារ និងគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួន។
តាមរយៈហ្វេសប៊ុកស្ថានទូតអាមេរិកដដែល William Heidt បានថ្លែងដោយយល់ច្រឡំ និងមានចេតនាញុះញង់ថា ប្រទេសកម្ពុជាកំពុងតែបាត់បង់ព្រៃឈើលឿន ជាងប្រទេសណាទាំងអស់នៅលើផែនដីនេះ។ ប៉ុន្តែ William Heidt បែរជាភ្លេចលើកពីអាត្រានៃការបាត់បង់ព្រៃឈើច្រើនជាងគេនៅតំបន់ព្រៃអាម៉ាហ្សូនទៅវិញ។
តើនេះគឺជាចេតនាបំភ័ន្ត បំភ្លៃ បំផ្លើសសាធារណៈមតិឬយ៉ាងណា? William Heidt គួរដឹងថា បើតាមទិន្នន័យនៃការវាយតម្លៃលើគម្របព្រៃឈើនៅកម្ពុជា អាត្រាការបាត់បង់គម្របព្រៃឈើមានការធ្លាក់ចុះនៅកម្ពុជា ពោលគឺអាត្រាការបាត់បង់មានប្រមាណ ០,៨% ក្នុងមួយឆ្នាំ។ ការបាត់បង់គម្របព្រៃឈើធ្លាក់ចុះមានន័យថា គម្របព្រៃឈើមានការកើនឡើង ហើយកំណើននេះដោយសារតែតាមរយៈការអនុវត្តកំណែទម្រង់គ្រប់ជ្រុងជ្រោយលើវិស័យធនធានធម្មជាតិ ការអនុវត្តច្បាប់ ការដាំដុះឈើឡើងវិញ និងប្រសិទ្ធភាពនៃកំណែទម្រង់លើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិជាដើម។
William Heidt ក៏បាននិយាយកេងចំណេញនយោបាយថា «យើងកំពុងធ្វើការដើម្បីបញ្ឈប់រឿងនេះ។ យើងបានជួយប្រទេសកម្ពុជានៅក្នុងការលើកកំពស់ការ គ្រប់គ្រងដី និងអភិរក្សដីព្រៃចំនួនជាង ២,៦ លានហិកតា។ យើងបានបណ្តុះបណ្តាល និងផ្តល់គ្រឿងបរិក្ខាដល់អ្នកល្បាតព្រៃរាប់រយនាក់ ដើម្បីបញ្ឈប់អ្នកកាប់ឈើ ខុសច្បាប់។ យើងកំពុងធ្វើការនៅតាមសហគមន៍ព្រៃឈើចំនួនជាង១០០ ដើម្បីជួយអ្នកស្រុកអោយទទួលបានកម្មសិទ្ធិដី ហើយយើងបានជួយប្រជាជនជនបទចំនួនជាង ១៥០០០នាក់ ក្នុងការរកប្រភពចំណូលថ្មីៗក្រៅពីកាប់ឈើ»។
ការលើកឡើងនេះបានទាត់ចោលនូវសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើក្នុងនាមជាម្ចាស់ប្រទេស William Heidt និយាយ ដូច្នេះហាក់ដូចជា បានបង្ហាញច្បាស់ថា អាមេរិកបាននិងកំពុងចាត់ចែងលើការងារជំនួសកម្ពុជា ដែលវាហាក់ដូចជាអាមេរិកគិតថាកម្ពុជាស្ថិតនៅក្រោមអាណានិគម បែបថ្មីរបស់ខ្លួន។
យោងតាមខ្លឹមសារដែលបានលើកឡើងនៅក្នុងវេទិកាជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បានលើកឡើងពីកិច្ចការជាច្រើនដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ធនធានធម្មជាតិ។
រដ្ឋាភិបាលបានរៀបចំគោលការណ៍ណែនាំស្តីពីនីតិវិធី និងដំណើរការរៀបចំសហគមន៍ការពារធម្មជាតិ ដើម្បីសម្រួលដល់ការរៀបចំបង្កើត ការពង្រឹងសមត្ថភាពគ្រប់គ្រង និងលើកកម្ពស់ជីវភាពសហគមន៍។ រាជរដ្ឋាភិបាលក៏បានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងពង្រឹងការអនុវត្តសារាចរណែនាំលេខ០៥ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ។
រដ្ឋាភិបាលក៏កំពុងធ្វើការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ បោះបង្គោលកំណត់ព្រំ រៀបចំផែនការតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោះស្រាយទំនាស់ដីធ្លី សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច ហើយតាមរយៈយុទ្ធនាការរបស់ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បទល្មើសព្រៃទ្រង់ទ្រាយធំនៅទូទាំងប្រទេសត្រូវបានលុបបំបាត់ទាំងស្រុង។ ទាំងនេះជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្មព្រមទាំងរបស់ប្រជាជនកម្ពុជា មិនមែនរបស់អាមេរិក ឬរបស់ William Heidt ឡើយ។
ដូច្នេះ William Heidt គួរហ៊ានទទួលស្គាល់ការពិតនេះ ហើយសូមកុំព្យាយាម បំពុលខ្មែរតាមរយៈព័ត៌មានបំភ្លៃរបស់ខ្លួនដើម្បីសម្រេចផែនការប៉ុនប៉ងបំផ្លាញ សេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជាតិខ្មែរ។ មនុស្សទូទាំងប្រទេសកម្ពុជា បានដឹងអស់ហើយថា អាមេរិកបាន និងកំពុងគាំទ្របក្សសង្គ្រោះជាតិ ក្នុងការផ្លាស់ប្តូររបបដឹកនាំតាមរយៈ កឹម សុខា តាំងពីឆ្នាំ១៩៩៣ រហូតមកទល់ពេលនេះ។ កឹម សុខា ក៏បានសារភាពដោយខ្លួនឯងថា ទទួលជំនួយពីអាមេរិក ដើម្បីផ្តួលរំលំរបបដឹកនាំនៅកម្ពុជា។
កម្ពុជាជារដ្ឋអធិបតេយ្យឯករាជ្យ ហើយប្រទេសជាមិត្តអាចជួយជំនួយបច្ចេកទេស ប៉ុន្តែគ្មានសិទ្ធិចាត់ចែងកិច្ចការជំនួស ម្ចាស់ប្រទេសឡើយ។ William Heidt មិនគួរច្រឡំតួនាទីរបស់ខ្លួនជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ជាប្រធានាធិបតីអាមេរិកនៅលើទឹកដីកម្ពុជាឡើយ។ ពិតជាគួរឱ្យស្តាយដែលឯកអគ្គរដ្ឋទូតមហាអំណាចមួយ ដែលគេប្រសិទ្ធនាមជាប្រទេសមាតាធិបតេយ្យ ប៉ុន្តែបែរជាបំពេញការងារដូចជា ការដាក់អាណានិគមទៅវិញ ដើរតួនាទីជំនួសស្ថាប័នបច្ចេកទេសនៃរដ្ឋអធិបតេយ្យមួយ។
ប៉ុន្តែសំណួរអាចចោទសួរថា ហេតុអ្វីបានជា William Heidt តាមរយៈហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជាបង្ហាញសារលើកតម្កើងខ្លួន ដោយលួចសមិទ្ធផលកម្ពុជា ធ្វើជារបស់ខ្លួនទៅវិញ? William Heidt ពិតជាមានរបៀបវារៈនយោបាយនៅពីក្រោយសារនេះច្បាស់ណាស់។ នៅក្នុងទ្រឹស្តីនៃការធ្វើបដិវត្តន៍ពណ៌ ការបញ្ឆេះកំហឹងប្រជាពលរដ្ឋអំពីធនធានធម្មជាតិ គឺជាវិធីសាស្ត្រមួយដើម្បីឱ្យប្រជាពលរដ្ឋចោទរដ្ឋាភិបាលថា គ្មានសមត្ថភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងងើបឡើងតស៊ូមតិ។ តើអ្វីដែល William Heidt លើកឡើងតាមហ្វេសប៊ុកនេះ គឺជាចេតនានយោបាយទុច្ចរិតមួយដើម្បីបង្កឱ្យមានការយល់ច្រឡំ ការស្អប់របស់ប្រជាជនមកលើរាជរដ្ឋាភិបាលកម្ពុជា? William Heidt គួរយល់ថា កម្ពុជាជារដ្ឋឯករាជ្យ មិនមែនស្ថិតនៅក្រោមអាណានិគមអាមេរិកឡើយ ហើយអាមេរិកជាឪរបស់បក្សប្រឆាំងនៅកម្ពុជា ប៉ុន្តែមិនមែនជាឪកម្ពុជាឡើយ។ ដូច្នេះគួរកុំលួចសមិទ្ធផលរាជរដ្ឋាភិបាលមកធ្វើជារបស់ខ្លួន ហើយក៏គួរកុំធ្វើឫកខែងរែងខុសក្បួនដូច្នេះ៕
ពីយើងខ្ញុំប្រជាជនកម្ពុជា

រដ្ឋសភា យល់ព្រមឱ្យសមត្ថកិច្ចចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន លោក កឹម សុខា

បន្ទាប់ពីបើកកិច្ចប្រជុំបានប្រហែលជា ២០ នាទី រដ្ឋសភា ដែលមានតំណាងរាស្ត្រចូលរួមកិច្ចប្រជុំ ៦៧ រូប បានលើកដៃគាំទ្រឱ្យក្រសួងមានសមត្ថកិច្ច បន្តនីតិវិធីចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនលោក កឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។

កិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ មិនមានវត្តមានអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឡើយ។ លោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា តំណាងឱ្យតំណាងរាស្ត្រហត្ថលេខី បានលើកឡើងថា លោក កឹម សុខា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ដោយផ្អែកលើបទល្មើសជាក់ស្តែងស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ។

បន្ទាប់ពីអនុម័តលើការសម្រេចឱ្យតុលាការបន្តនីតិវិធីលើករណីលោក កឹម សុខា កិច្ចប្រជុំរដ្ឋសភាបានបិទបញ្ចប់កិច្ចប្រជុំភ្លាមៗ៕







អនុសាសន៍៥ចំណុចដើម្បីធានាស្ថិរភាពការងារ និងប្រាក់ចំណូលល្អ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយនឹងការដាក់ចេញនូវគោលនយោបាយឧស្សាកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខខណ្ឌការងារ និងប្រាក់ចំណូលល្អ។ លោក បានថ្លែងដូចនេះ ក្នុងឱកាស សំ​ណេះសំណាលមួយតំណាងកម្មករដូចជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុមមកពីបណ្តារោងចក្រ សហគ្រាសផ្សេងៗគ្នាជាង៤,៤៥២ពាន់នាក់ មកពីរោងចក្រចំនួន៨២ នៅមជ្ឈមណ្ឌ​លកោះពេជ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗទាំង៥ចំណុចនោះរួមមាន៖
១- ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
២- រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។
៣- រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។
៤- ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករ និយោជិត។
៥- បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវលក្ខ័ណការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធនឹងការងាររបស់ក្មួយៗកម្មករ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន​សែន បានណែនាំឱ្យក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសម្រាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះទៅ សម្រាប់កម្មការនីមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះទទួលបាន៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួលបាន១លាន២០ម៉ឺនរៀលរួមនឹងការឧបត្ថម្ភផ្សេងៗបន្ថែមទៀត៕



រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយ១០លានដុល្លារក្នុងមួយឆ្នាំសម្រាប់ជួយឧបត្ថម្ភកម្មការិនីគ្រប់វិស័យក្នុងពេលសម្រាលកូន

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលតែងតែគិតគូរយកចិត្តទុកដាក់ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋរួមទាំងកម្មករនិ​យោជិតផងដែរ ក្រៅពីការគាំពារសង្គម និងសុខភាព រាជរដ្ឋាភិបាល ក៏នឹងចំណាយថវិកាក្នុងមួយឆ្នាំ១០លានដុល្លារផងដែរសម្រាប់ឧបត្ថម្ភដល់កម្មការិនីដែលឆ្លងទន្លេ។ លោក បានថ្លែងដូចនេះ ក្នុងឱកាស សំ​ណេះសំណាលមួយតំណាងកម្មករដូចជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុមមកពីបណ្តារោងចក្រសហគ្រាសផ្សេងៗគ្នាជាង៤,៤៥២ពាន់នាក់ មកពីរោងចក្រចំនួន៨២ នៅមជ្ឈមណ្ឌ​លកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចេញគោលនយោបាយ ត្រៀមថវិកា១ឆ្នាំ ១០លានដុល្លារសម្រាប់ជួយឧបត្ថម្ភដល់កម្មករិនីគ្រប់វិស័យដែលឆ្លងទន្លេ បើកូនម្នាក់ ឧបត្ថម្ភ ៤០ ម៉ឺនរៀល បើកូនភ្លោះ២នាក់ឧបត្ថម្ភ ៨០ ម៉ឺនរៀល បើកូនភ្លោះ៣នាក់ឧបត្ថម្ភ ១,២០០,០០០រៀល ហើយបើសិនសម្រាលកូន កូនស្លាប់ក៏ផ្តល់ជូន៤០ម៉ឺនរៀលផងដែរ ដែលនឹងចាប់អនុវត្តពីមករា ឆ្នាំ២០១៨តទៅ។ លោក ហ៊ុន សែន ក៏បានរម្លឹកផងដែរថា កម្មករនិយោជិតគ្រប់វិស័យនឹងទទួលបានប្រាក់សោធនិវត្តន៍ស្មើនឹង៨០% នែប្រាក់ខែ ហើយនឹងអនុវត្តចាប់ពីឆ្នាំ២០១៩តទៅ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរឱ្យថៅកែរោងចក្របើកប្រាក់ខែឱ្យកម្មករនិយោជិតឱ្យបានមុនថ្ងៃភ្ជុំបិណ្ឌធំ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស្របពេលរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងមកដល់ សូមថៅកែរោងចក្រទាំងអស់លៃលកលទ្ធភាពបើកប្រាក់ខែឱ្យកម្មករនិយោជិតឱ្យបានមុនថ្ងៃភ្ជុំបិណ្ឌធំមកដល់។ លោក បានថ្លែងដូចនេះ ក្នុងឱកាស សំ​ណេះសំណាលមួយតំណាងកម្មករដូចជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុមមកពីបណ្តារោងចក្រសហគ្រាសផ្សេងៗគ្នាជាង៤,៤៥២ពាន់នាក់ មកពីរោងចក្រចំនួន៨២ នៅមជ្ឈមណ្ឌ​លកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យថៅកែរោងចក្រខិតខំបើកប្រាក់ខែកម្មករឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌធំ បើមិនបានបើកទាំងអស់ទេគឺឱ្យកម្មករខ្ចីជាបុរេប្រទាន៥០ភាគរយមុន។ នេះជាការយកចិត្តទុកដាក់ខ្ពស់ពីតម្រូវការរបស់បងប្អូនកម្មករនិយោជិត៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់ នៅកោះពេជ្រ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសួរសុខទុក្ខសំណេះ​សំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រ មកពីរោងចក្រ៨២ផ្សេងៗគ្នាប្រមាណ៤,៤៥២នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការិនី។ មកទល់ថ្ងៃនេះ លោក បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករចំនួន៧ដងរួចហើយ រួមទាំងនៅកោះពេជ្រនិងនៅតាមរោងចក្រ ដែលនៅតាមរោងចក្រគឺជួបបាន៣ដងហើយ រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា។

សព្វថ្ងៃនេះកម្ពុជា មានរោងចក្រកាត់ដេរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាសទាំងអស់គឺមានចំនួន ១១,១៦៨ ដែលបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករលើកទី៧នៅកោះពេជ្រ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងជួបសួរសុខទុក្ខសំណេះសំណាលមួយតំណាងកម្មករដូចជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោងចក្រសហគ្រាសផ្សេងៗគ្នាជាង៤,៤៥២ពាន់នាក់ មកពីរោងចក្រចំនួន៨២ នៅមជ្ឈមណ្ឌលកោះពេជ្រ។

នេះជាការការជួបជុំជាមួយបងប្អូនកូនក្មួយកម្មករលើកទី៧ហើយរួមទាំងការជួបសំណេះសំ​ណាលនៅតាមរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីពេលថ្មីៗកន្លងមកនេះ។ ព័ត៌មានបន្ថែមនឹងផ្សាយជូនក្រោយកិច្ចសំណេះសំណាល៕


លោក ហ៊ុន សែន ឧបត្ថម្ភថវិកា ១០៩លានរៀល ដល់សិល្បករសិល្បការិនីសម្តែងល្ខោនបុរាណ «មហាវេស្សន្តជាតក»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់សិល្បករ សិល្បការិនីសម្តែងល្ខោនបុរាណ «មហាវេស្សន្តជាតក» ១០៩នាក់ ម្នាក់ៗ ១លានរៀល សរុប ១០៩លានរៀលស្មើនឹងប្រមាណ ២៧,២៥០ដុល្លារអាមេរិក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ថវិកាដែលឧបត្ថម្ភនេះមិនមែនត្រឹមតែជាប្រាក់រង្វាន់សម្រាប់លើកទឹកចិត្តដល់ក្រុមសិល្បករ សិល្បការិនីភាគច្រើនសុទ្ធតែជាសិល្បករ សិល្បការិនីជើងចាស់ផ្នែកល្ខោនបុរាណនោះទេ តែក៏សម្រាប់ពួកគាត់យកទៅប្រើប្រាស់ក្នុងរដូវ បុណ្យភ្ជំបិណ្ឌផងដែរ។ ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សិល្បករ សិល្បការិនី បានធ្វើឡើងក្នុងឱកាសអញ្ជើញទស្សនាល្ខោនបុរាណរឿង «មហាវេស្សន្តជាតក» នៅសាលមហោ​ស្រពចតុមុខនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧។

បន្ទាប់ពីអង្គុយទស្សនាការសម្តែងល្ខោនបុរាណ «មហាវេស្សន្តជាតក» អស់រយៈពេលជាង ១ម៉ោង លោក ហ៊ុន សែន បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំរបស់សិល្បករ សិល្បការិនីជើងចាស់ផ្នែកបុរាណទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា គាស់រំលើងផ្ទាំងទស្សនីយភាព សិល្បៈបុរាណរបស់ខ្មែរ។ សូមស្មារតីរួបរួមគ្នាបន្តកើតមានជារៀងរហូតសម្រាប់សិល្បករ សិល្បការិនីខ្មែរដើម្បីរក្សានូវសិល្បៈវប្បធម៌ដែលជាកេរមរតកដូនតាខ្មែរ៕




ថ្ងៃនេះ ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបសម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល ខណៈបណ្តាខេត្តផ្សេងៗត្រូវប្រកាសថ្ងៃស្អែក

នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈទៅតាមបណ្តាខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែកញ្ញាស្អែកនេះ។

សូមជម្រាបថា ក្រសួងអប់រំ ធ្លាប់បានប្រកាសថា ក្រសួងនឹងការប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅថ្ងៃទី១២ ខែកញ្ញា សម្រាប់ភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី១៣ ខែកញ្ញា សម្រាប់បណ្តាខេត្តផ្សេងៗ ប៉ុន្តែការប្រកាសលទ្ធផលនេះ ត្រូវបានធ្វើឡើងមុខពេលកំណត់។ ក្រសួងអប់រំបញ្ជាក់ថា ការ​ប្រកាស​លទ្ធផល​នេះ​ ធ្វើឡើង​មុន​កាល​បរិច្ឆេទ​កំណត់​ដោយ​សារ​ដំណើរ​​ការ​កំណែ និង​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុតាម​ប្រព័ន្ធ​កុំព្យូទ័រ​​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​តម្លាភាព​ប្រកប​ដោយ​ស្មារតី​យក​ទុក​ដាក់​ និងទទួលខុសត្រូវខ្ពស់​ពី​សំណាក់​ប្រធាន​ អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់​ព័ន្ធ៕