Thursday, March 25, 2021

ករណីស្លាប់ពីរនាក់​ ដោយសារជំងឺកូវីដ-១៩​ នាព្រឹកថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២១​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​

 


លោកស្រី មិថុនា ភូថង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩

កោះកុង៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដោយផ្តោតលើចំណុចមួយចំនួនដូចជា៖

- អំពីសមាសភាពអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង និងលេខាធិការ

- ការស្រង់ស្ថិតិមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋ ។ល។

- ការត្រៀមរៀបចំផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩

- អត្ថប្រយោជន៍នៃការប្រលប្រាស់ប្រព័ន្ធ QR Code ក្នុងខេត្តកោះកុង។


លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ គឺបានតាមរយៈកិច្ចខិតខំប្រឹងប្រែង និងសហការ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ក្នុងក្របខណ្ឌទូទាំងខេត្ត។ 


មួយវិញទៀត យើងបានត្រៀមកំណត់ទីតាំងចាក់វ៉ាក់សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនាពេលខាងមុខ ដោយជំរុញការស្រង់ទិន្នន័យជាក់លាក់ និងកំណត់យកទីតាំង ចំនួន៣ ៖

១- មន្ទីរពេទ្យស្រុកស្រែអំបិល

២- មណ្ឌលសុខភាពឃុំភ្ញីមាស ស្រុកគិរីសាគរ និង

៣- មន្ទីរពេទ្យខេត្តកោះកុង។


ដោយឡែកមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវស្រង់ទិន្នន័យព្រះសង្ឃ និងតាជីយាយជី ដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងវត្ត។ អាជ្ញាធរក្រុង ស្រុក និងមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត ត្រូវស្រង់ស្ថិតិមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងការពារកូវីដ រួចផ្ញើមកក្រុមការងារលេខាធិការដ្ឋាន អោយបានលឿនតាមការកំណត់ (ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១)។ ត្រៀមក្រុមអ្នកស្ម័គ្រចិត្ត ដូចជាយុវជននានា ដើម្បីជួយដល់យុទ្ធនាការចាក់វ៉ាក់សាំងនាពេលខាងមុខ។ ត្រៀមបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ ការចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំថ្ងៃ៕





រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវអ្នកដែលបានប៉ះពាល់ជាមួយប្រធានការិយាលយ័សុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មកធ្វើតេស្តរកមេរោគកូវីដ១៩ឱ្យបានទាន់ពេលវេលា

 កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ តាមលទ្ធផលពិនិត្យសំណាក នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ចំពោះបុរសម្នាក់ មានតួនាទីជាប្រធានការិយាលយ័សុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានទីលំនៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានមកសម្រាកនៅផ្ទះម្តាយនាខេត្តកំពង់ចាម និង បានចូលមកសម្រាកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖




រដ្ឋបាលខេត្តក្រចេះ ជូនដំណឹង ស្តីពីសម្រេចការបិទចេញ-ចូលជាបណ្តោះអាសន្ននៅទីតាំងមន្ទីរសម្រាប់ព្យាបាលនិងសម្ភពព្រាបស ស្ថិតនៅភូមិផ្សារវែង សង្កាត់ក្រចេះ

 ក្រចេះ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ស្តីពីសម្រេចការបិទចេញ-ចូលជាបណ្តោះអាសន្ននៅទីតាំងមន្ទីរសម្រាប់ព្យាបាលនិងសម្ភពព្រាបស ស្ថិតនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖




លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ត្រួតពិនិត្យបន្ទប់ពិសោធធ្វើតេស្តិ៍រកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា

 ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ កន្លងទៅនេះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យការងារមួយចំនួន នៅមន្ទីរពេទ្យព្រះកេតុមាលា ដែលទាក់ទងទៅនឹងការងារបច្ចេកទេសបន្ទប់ពិសោធន៍ផ្នែកកូវីដ-១៩។ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយក មន្ទីពេទ្យព្រះកេតុមាលា បានលើកឡើងពីកិច្ចសហការរវាងមន្ទីរពេទ្យព្រះកេតុមាលា ជាមួយវិទ្យាស្ថាន សុខភាពសាធារណៈ របស់ក្រសួងសុខាភិបាល និងសហការរៀបចំអោយមានដូចជាបន្ទប់ ផ្នែកសិក្សា វីរុស កូវីដ-១៩ ការវិភាគរកវីរុស ការរៀបចំទទួល និងបែងចែកសំណាក រួចយកសំណាកមកធ្វើតេស្តិ៍។ ក្នុងការរៀបចំនេះ ទី១ មន្ទីរពេទ្យព្រះកេតុមាលា បានចែកជាបន្ទប់ អិចស្ត្រាសិន ដោយចម្រាញ់រកធាតុផ្សំរបស់មេរោគ ដើម្បីបណ្តុះរកប្រភេទមេរោគអោយឃើញនៅក្នុងម៉ាស៊ីន។ បន្ទប់ទីពីរ ជាបន្ទប់ ម៉ាស្ទើមិច បន្ទាប់មកយើងចូលបន្ទប់មួយទៀត ដើម្បីរកប្រភេទមេរោគកូវីដ-១៩។

បន្តមកទៀត យើងចូលបន្ទប់ ទិន្នន័យ ទើបបញ្ចេញជាលទ្ធផលចុងក្រោយ។ ក្នុងបន្ទប់នីមួយៗ យើងត្រូវការបុគ្គលិកចាប់ពីពីរនាក់ និងផ្នែកមួយទៀតឈ្មោះថា៖ សុវត្ថិភាពវិជ្ជសាស្ត្រ។ ព្រមទាំងបន្ទប់ឃ្លាំងតូច-ធំ សម្រាប់ស្តុក។ ក្នុងចំនួននេះ យើងអាចធ្វើតេស្តិ៍បានប្រមាណ ៤០០តេស្ត ក្នុងមួយថ្ងៃ នៅពេលមានឧបករគ្រប់គ្រាន់។ ទាំងនេះជាការជួយដល់ក្រសួងសុខាភិបាល ដែលធ្វើតេស្តិ៍មិនទាន់ ដោយសហការគ្នាឱ្យបានរលូន ទៅតាមសេចក្តីត្រូវការ របស់ផ្នែកវិជ្ជសាស្ត្រយើង។

ក្នុងឱកាសចុះពិនិត្យការងារបច្ចេកទេសទាក់ទងទៅនឹងការរៀបចំបន្ទប់ធ្វើតេស្តិ៍រកមេរកកូវីដ១៩ នាពេលនោះ លោក ទៀ បាញ់ បានលើកឡើង ពីការជួយជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចតេជោ ដែលជានិច្ចកាលសម្តេច បានស្វះស្វែងរកវ៉ាក់សាំង និងឱសថសំរាប់ជួយព្យាបាលជំងឺកូវីដ-១៩ ជូនកងកម្លាំង ខភម ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអោយមានសុខភាពល្អ ទទួលបានក្តីសុខសាន្ត សំរាប់គ្រួសារ និងសង្គមជាតិទាំងមូល។ លោក ក៏បានក្រើនរំលឹកលោកគ្រូ អ្នកគ្រូពេទ្យ ដែលជាយុទ្ធជនអាវស និងជាកំលាំងជួរមុខទាំងអស់ត្រូវស្មោះស្ម័គ្រចិត្ត លះបង់នូវផលប្រយោជន៍ ពេលវេលាគិតគូរដល់សុខទុក្ខអ្នកជំងឺ ដែលកំពុងដង្ហោយហៅរកអ្នក អោយជួយសង្រ្គោះជីវិត។

លោក ទៀ បាញ់ បានសំដែងនូវក្តីសង្ឃឹម និងជឿជាក់ លើការដឹកនាំប្រកបដោយឋាមពលខ្លាំងក្លា និង បញ្ញាញាណរបស់ក្រុមគ្រូពេទ្យទាំងអស់ ប្រកបដោយកត្តញ្ញូតាធម៌ ទឹកចិត្តស្មោះសរ ស្ម័គ្រជួយមនុស្សជាតិគ្រប់ជាតិសាសន៍ ពណ៌សំបូរ ដែលកំពុងរស់នៅ និងបំពេញភារកិច្ចនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា អោយរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ៕





សកម្មភាពកាត់ក្រី និងដកហូតដើមឈើហានិភ័យខ្ពស់នៅភ្នំបាខែង

 ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន២៥ដើមដែលមានហានិភ័យខ្ពស់ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណះងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញភ្នំបាខែង។

ដើមឈើងាប់ដែលបានកាត់ដកហូតរួមមាន ដើមបំពីងរាជ១ដើម ផ្ញៀវ១ដើម ព្រីង១០០ស្រ ទាប់១ដើម ល្ងៀង៣ដើម រកា១ដើម ចំបក់១ដើម សិរមាន់១ដើម ជន្លូស២ដើម ក្រឡាញ់១ដើម និងឈើទាល១ដើម ដែលស្ថានភាពដើមឈើងាប់ទាំងនោះ ដុះជាប់ផ្លូវដើរឡើងលើភ្នំ និងដុះក្បែរប្រាសាទ។ ចំណែកឯដើមឈើដែលបានកាត់ក្រីមែករួមមាន ដើមល្ងៀង៦ដើម ស្នួល៣ដើម ក្រឡាញ់១ដើម និងដើមយាង២ដើម មានមែកសាខាច្រើន ដុះបាំងទេសភាពសម្រាប់ការទស្សនាពីលើភ្នំបាខែងទៅបារាយណ៍ខាងលិច និងទៅប្រាសាទអង្គរវត្ត៕







អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក និងនាំយកអំណោយសប្បុរសជនចែកជូនពលករកំពុងធ្វើចត្តាឡីស័កតាមផ្ទះ

 កំពង់ធំ៖ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក និងនាំយកអំណោយសប្បុរសជន ចែកជូនបងប្អូនពលករដែលធ្វើចត្តាឡីស័កតាមផ្ទះដែលមានជីវភាពខ្វះខាត នៅស្រុកតាំងគោក និងស្រុកបារាយណ៍។

ជាមួយគ្នានោះដែរលោក សុខ លូ បានពន្យល់ដល់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ អំពីសារៈសំខាន់នៃការធ្វើចត្តាឡីស័ក និងច្បាប់ផ្សេងៗ នៃបទល្មើសនិងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រសិនបើបងប្អូនគេចវេសពីការធ្វើចត្តាឡីស័កនេះ គឺនឹងត្រូវមានទោសទណ្ឌទៅតាមច្បាប់ដែលបានកំណត់។

លើសពីនេះទៀតលោក សុខ លូ ក៏បានអំពាវនាវដល់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមចូលរួមគោរពនូវវិធានការការពារនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បីការពារ បីកុំ និងពីរចូលរួម និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសនៅក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ បងប្អូនមិនត្រូវគេចវេសពីការធ្វើចត្តាឡីស័ក ឬពីទីកន្លែងធ្វើចិត្តាឡីស័ក ព្រមទាំងរក្សានៅគម្លាតសុវត្ថិភាពបុគ្គល រក្សាអនាម័យឱ្យបានជាប់ជានិច្ច ត្រូវលាងដៃនឹងសាប៊ូ ទឹកអាកុល ឬជែល ជាដើម ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងនោះលោក សុខ លូ ក៏បានសំណូមពរ ឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ចំពោះបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅគ្រប់ទីកន្លែងទាំងអស់ នឹងបន្តតាមដានការធ្វើចត្តាឡីស័ក ព្រមទាំងបន្តការចុះសាកសួរសុខទុក្ខបងប្អូនពលករឲ្យបានញឹកញាប់ផងដែរ៕





គ្រួសារងាយរងគ្រោះក្នុងអំឡុងពេលជួបវិបត្តិដោយសារជំងឺកូវីដ-១៩ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយរបស់លោកស្រី វណ្ណលុយ អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងអំឡុងពេលជួបវិបត្តិដោយសារជំងឺកូវីដ-១៩ ចំនួន ៦គ្រួសារ ស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង


កម្មវិធីចែកអំណោយនេះ មានការចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន លោក ឌឹម ឌន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការនិមន្តចូលរួមពៅព្រះអង្គ ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ព្រះអង្គ នុច មុនី ព្រះលេខាគណខេត្ត និងអាជ្ញាធរដែនដី ផងដែរ។


លោក អម សុភា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះ មានចំនួន៦គ្រួសារ ជាគ្រួសារងាយរងគ្រោះ ជួបការលំបាក ដែលបានរងនូវផលប៉ះពាល់ជីវភាពក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយរបស់លោកស្រី វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមដោះស្រាយការលំបាកក្នុងអំឡុងពេលនៃការរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។


លោក បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី វណ្ណ លុយ ដែលជានិច្ចកាលតែងតែបានបរិច្ចាគនូវធនធានមួយចំនួន សម្រាប់ជួយដល់ប្រជាពល រដ្ឋក្នុងគ្រាលំបាកនេះ។ នៅក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋត្រូវតែចូលរួមនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល នូវការរីករាលដាលជាសកលនូវជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នជំងឺនេះកំពុងតែរីករាលដាលនៅពាសពេញពិភពលោក ក្នុងនោះកម្ពុជាក៏បាននឹងកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩នេះផងដែរ។ 


ដូច្នេះសូមបងប្អូនត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈពាក់ម៉ាស លាងសម្អាតដៃជាមួយអាល់កុល សាប៊ូ ជែល និងមានគម្លាតសុវត្ថិភាព ពិសេសគឺអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ។


អំណោយរបស់លោកស្រី វណ្ណ លុយ ដែលបានផ្តល់ជូននាពេលនេះចំនួន៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ត្រីខ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ៕





សេចក្ដីជូនដំណឹងស្ដីពីករណីរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ពីក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ

 ស្វាយរៀង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងស្ដីពីករណីរកឃើញអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ពីក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ ជាមួយប្រជាពលរដ្ឋនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ដែលជាបុរសជនជាតិខ្មែរម្នាក់ អាយុ ២៩ឆ្នាំ បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នៅក្រុមហ៊ុនឯកជនមួយកន្លែងនៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរតាមរថយន្តឈ្នូលទៅផ្ទះនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង លម្អិតដូចខាងក្រោម៖




ពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អ

 ក្រចេះ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកចំនួន ០៣ គឺស្រុកស្នួល ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព”។

ក្នុងពិធីដ៏មានអត្ថន័យនេះ អភិបាលរងខេត្ត មានប្រសាសន៍សម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើចំពោះអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មផុលផុសក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងការថែរក្សាការពារ សណ្ដាប់ធ្នាប់សុវត្ថិភាពសាធារណៈ ធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទូទៅក្នុងខេត្ត។ ហើយជោគជ័យដែលយើងទាំងអស់គ្នាសម្រេចបាន គឺពិតជាមានការរួមចំណែកពីប្រជាជន និងអ្នកពាក់ព័ន្ធដែលជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលុបបំបាត់ និងកាត់បន្ថយបទល្មើស ពិសេសការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព នៅមូលដ្ឋាន ធ្វើឱ្យការរស់របស់ប្រជាពលរដ្ឋកាន់តែមានភាពសុខដុមរមនា បង្កភាពអនុគ្រោះដល់ដំណើការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ ។

ក្នុងឪកាសនោះដែរ អភិបាលរងខេត្តបានសូមឱ្យកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀនឱ្យបានទាន់ពេលវេលា ឱ្យដូចភ្លៀងរលឹម ពង្រឹងការអនុវត្តយន្តការថ្នាក់ ស្រុក ឃុំ សង្កាត់ ដើម្បីប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺគោលនយោបាយលេខ០១ គនប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្តីពីគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងមូលដ្ឋាន តាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

អភិបាលរងខេត្តក៏បានក្រើនរំលឹកអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត និងសូមបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីវិធានការនានាជាពិសេសវិធានការ “៣ ការពារ និង៣ កុំ” របស់ប្រមុខរាជរដ្ឋាភិបាល៕










កិច្ចប្រជុំត្រួតពិនិត្យបែងចែកមុខងារ តួនាទី ភារកិច្ច តាមលក្ខខណ្ឌការងារចាំបាច់របស់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក

 កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក វន ស៊ីផា ឣភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់ និងត្រួតពិនិត្យបំណែងចែកមុខងារ មុខងាររងសកម្មភាពការងារ និងលក្ខខណ្ឌការងាររបស់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ដោយមានការចូលរួមពីលោកអភិបាលរងស្រុក នាយករដ្ឋបាល និងនាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ ដ.ន.ស.ភ ស្រុក និងលោកអនុប្រធាន រួមទាំងមន្រ្តីការិយាល័យទាំងអស់ និងការិយាល័យគ្រប់គ្រងធនធានមនុស្ស។

លោកអភិបាលស្រុក បានធ្វើការណែនាំដល់បុគ្គលិកនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ត្រូវបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមលក្ខខណ្ឌការងារដែលបានកំណត់ក្នុងមុខងាររង ឬសកម្មភាពជាក់លាក់នៃមុខងារនីមួយៗ ដោយផ្អែកតាមរបៀបរបបបំពេញមុខងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ការិយាល័យត្រូវរៀបចំ ផែនការសកម្មភាព និងរបាយការណ៍ជាទៀងទាត់ តាមគោលការណ៍កំណត់ ព្រមទាំងត្រូវរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីត្រួតពិនិត្យលើការងារដែលបានអនុវត្ត កំណត់បញ្ហាប្រឈមនានាដែលត្រូវដោះស្រាយ និងកំណត់ទិសដៅដែលត្រូវអនុវត្តបន្ត ដោយប្រធានការិយាល័យ ត្រូវធានាថាបុគ្គលិកក្នុងការិយាល័យរបស់ខ្លួនមកបំពេញការងារជាទៀងទាត់ និងអនុវត្តតួនាទី ភារកិច្ចតាមលក្ខខណ្ឌការងារ គោរពតាមបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវ។

ក្នុងឱកាសនោះដែរ លោកឣភិបាលស្រុក បានធ្វើការណែនាំដល់មន្ត្រីទាំងអស់ ត្រូវការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ បើមានបងប្អូនប្រជាពលរដ្ឋទើបតែវិលត្រឡប់មក ពីក្រៅប្រទេសវិញសូមរាយការណ៍មកអាជ្ញាធរក្នុងមូលដ្ឋាន និងអនុវត្តតាមឣនុសាសន៍ដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យឣនុវត្តវិធានការ «៣ ការពារ និង ៣កុំ» ៕





សាលារាជធានីភ្នំពេញ បង្ហាញទីតាំង និងលេខទូរស័ព្ទទំនាក់ទំនងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់មនុស្សវ័យ៦០ឆ្នាំឡើង

 មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញតារាងបញ្ជីឈ្មោះទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មាននៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពសរុប១៩កន្លែង ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានចាប់ផ្តើយុទ្ធនាការ ១៥ថ្ងៃនៃការចាក់វ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេនីកា ជូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ។

រយៈពេលពីរថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ បានចាក់ជូនមនុស្សវ័យ៦០ឆ្នាំឡើង ក្នុងរាជធានីភ្នំពេញ ចាក់បានជិត ១ម៉ឺននាក់ ៕



សេចក្តីជូនដំណឹងស្តីពី ការបិទបញ្ចប់នៃការដោះស្រាយបញ្ហាមួយចំនួនរបស់អាជីវករលក់ដូរនៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ

 កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្តីពី ការបិទបញ្ចប់ នៃការដោះស្រាយបញ្ហាមួយចំនួនរបស់អាជីវករលក់ដូរនៅផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖




ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៥៥នាក់ ខណៈអ្នកជំងឺចំនួន២៣នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៥៥នាក់ ដែកសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន២៣នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។









អភិបាលខេត្តកែប អំពាវនាវហើយអំពាវនាវទៀត និងសុំយ៉ាងទទូច ឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តឱ្យខានតែបាននូវវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

 កែប៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការចំពោះកិច្ច ការចាក់វ៉ាក់សាំងនៅខេត្តកែប ដែលមានសមាជិកសមាជិកាអនុគណៈកម្មការប្រមាណ ២០រូប។

លោកអភិបាលខេត្ត បានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងកិច្ចការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកបានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបង្កើតជាផែនការមេឱ្យបានច្បាស់លាស់ ដោយត្រូវរៀបចំយន្តការត្រឹមត្រូវ និងប្រើប្រាស់កម្លាំងសរុបឱ្យអស់លទ្ធភាពជំរុញការចាក់វ៉ាក់សាំងក្នុងល្បឿនមួយលឿន ដើម្បីកុំឱ្យវ៉ាក់សាំងហួសដឺឡេ (សុពលភាព) និងឱ្យវ៉ាក់សាំងដែលយើងទទួលបានទៅដល់ប្រជាជនឱ្យបានឆាប់ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩។

ក្នុងនោះ លោកបានសំណូមពរដល់បងប្អូន និងណែនាំដល់អជ្ញាធរមូលដ្ឋាន ទោះបីជាបានទទួលការចាក់វ៉ាក់សាំងទាំងពីរលើករួចក៏ដោយ ក៏ត្រូវអនុវត្តឱ្យបានជាដាច់ខាត នូវវិធាន ៣កុំ និង៣ការពារ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នេះ៕