តបតាមការអញ្ជើញរបស់ឯកឧត្ដម ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្រ្ដី នៃសហព័ន្ធរុស្ស៊ី
និងតបតាមការអញ្ជើញរបស់ឯកឧត្ដម វ្លាឌឺមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីនោះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្ដី និងមន្រ្ដីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត
កាលពីម៉ោងប្រមាណជា៩ និង៣០យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ
និងអញ្ជើញចូលរួមក្នុង "កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី" នៅទីក្រុងម៉ូស្គូ និងទីក្រុងសូឈី
នៃសហព័ន្ធរុស្ស៊ី។
ឯកឧត្ដម ស្រ៊ី ថាមរ៉ុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី
បានឲ្យដឹងថា គណៈប្រតិភូអមដំណើររួមមានៈឯកឧត្ដម ប្រាក់ សុខុនទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងការបរទេស
និងសហប្រតិបត្ដិការអន្ដរជាតិ, ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី
និងជារដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌, ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍, ឯកឧត្ដម ប៉ាន់ សូរសក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម, ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្ដី ក្រសួងបរិស្ថាន, និងរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី
រួមមានៈ ឯកឧត្ដម សុខ ចិន្ដាសោភា, ឯកឧត្ដម ស្រ៊ី ថាមរ៉ុង, និងឯកឧត្ដមបណ្ឌិ កៅ គឹមហួន។ ឯកឧត្ដម ស្រ៊ី ថាមរ៉ុង
បានឲ្យដឹងបន្ដថា សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្ដី និងគណៈប្រតិភូនឹងអញ្ជើញទៅដល់នាពេលព្រឹកហើយនៅពេលថ្ងៃត្រង់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី
នឹងជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្ដមឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្រ្ដី
នៃសហព័ន្ធរុស្ស៊ី បន្ទាប់មកគឺការពិសារអាហារថ្ងៃត្រង់រួមគ្នា។
ក្រោយមកទៀតសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម ឌីមីទ្រី មេដវេដេវ នឹងធ្វើជាសាក្សីធ្វើចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន
រួមមានៈ
ទី១-
សន្ធិសញ្ញាស្ដីពីបច្ចាប័ណ្ណ,
ទី២-អនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្ដិការរ វាងក្រសួងយុត្ដិធម៌ និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី,
ទី៣-អនុស្សារណៈ
នៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្ដិការលើវិស័យទូរគមនាគមន៍
និងវិស័យបច្ចេកវិទ្យាព័ត៌មាន,
ទី៤-អនុស្សារណៈ នៃការយោគយល់គ្នាស្ដីពី សហប្រតិបត្ដិការរវាងគណៈកម្មាធិការអំឡាំពិក នៃព្រះរាជាណាចក្រកម្ពុជា
និងសហព័ន្ធរុស្ស៊ី,
ទី៥-សេចក្ដីប្រកាសរួមស្ដីពី
បញ្ជីចលនាគម្រោងសម្រាប់សហប្រតិបត្ដិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច
វិនិយោគ,
ទី៦-អនុស្សារណៈ
នៃការយោគយល់គ្នាស្ដីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មាន ថាមពលនុយក្លេអ៊ែរ,
ទី៧អនុស្សារណៈ នៃការយោគយល់គ្នាស្ដីពីការបង្កើតក្រុមការងារួមកម្ពុជា-រុស្ស៊ី លើកិច្ចសហប្រតិបត្ដិការ
ក្នុងការប្រើប្រាស់ថាមពលបរមាណូ ក្នុងគោលបំណងសន្ដិភាព,
ទី៨-កិច្ចព្រមព្រៀងស្ដីពី
កិច្ចសហប្រតិបត្ដិការរវាងក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ។
ឯកឧត្ដម ស្រ៊ី
ថាមរ៉ុង បានឲ្យដឹងទៀត ថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅថ្ងៃទី១៨ ខែឧសភាខាងមុខនេះ
ក៏នឹងជួបសំណេះសំណាលជាមួយនិស្សិត ដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី ដើម្បីបានសម្ដែងការគួរសមជាមួយសម្ដេចផងដែរ។
ចំណែកនៅថ្ងៃទី១៨ ខែឧសភា សម្ដេចតេជោ និងជួបពិភាក្សាការងារជាមួយឯកឧត្ដម វ្លាឌឺមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី
បន្ទាប់មកនឹងអនុញ្ញាតឲ្យឯកឧត្ដមង្វៀន សួន ហ្វ៊ុក នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី
ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ក្នុងគោលដៅពង្រឹងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ
ក្នុងនាមជាមួយប្រទេសជិតខាង និងជាមួយប្រទេសនៅក្នុងតំបន់អាស៊ានជាមួយគ្នា ដើម្បីធ្វើឲ្យមានការរីកចំរើន
នៃប្រទេសទាំងពីរ។ ចំណែកនៅថ្ងៃទី២០ ខែឧសភា
គឺចាប់ផ្ដើមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ដោយមេដឹកនាំអាស៊ានទាំងអស់
នឹងជួបជាមួយតំណាងវេទិកាធុរកិច្ច, បន្ទាប់មកចូលរួមកិច្ចប្រជុំពេញអង្គអាស៊ាន-រុស្ស៊ី, និងចុងក្រោយកិច្ចប្រជុំពិភាក្សាការងារបណ្ដើរ ពិសារអាហារថ្ងៃត្រង់បណ្ដើរ។
សូមជម្រាបថា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងមន្រ្ដីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ
នៅថ្ងៃទី២១ ខែឧសភា ហើយគ្រោងនឹងមកដល់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦៕