Tuesday, January 26, 2021

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ

 នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត ប្រតិភូក្រសួង អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

តាមសេចក្តីប្រកាសលេខ ១៩២ប្រក សម្រេចតែងតាំងលោក ប៊ុត បុប្ផា ជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ជំនួសលោក ដេត ណូ ដែលបានចូលនិវត្តន៍ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំបុគ្គលិកមន្ទីរវប្បធម៌ជា ពិសេសលោក ដេត ណូ ចូលនិវត្តន៍ បានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការដឹកនាំមន្ទីរទទួលបានលទ្ធផលល្អមានការគោរពពីមន្ត្រីក្រោមឱវាទ ព្រមទាំងបានផ្ដាំផ្ញើលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ថ្មី ដែលបានផ្ដល់សេចក្តីទុកចិត្តពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតាំងជាប្រធានមន្ទីរវប្បធម៌ថ្មី ត្រូវបំពេញការងារឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់លិខិតបទដ្ឋានគតិយុត្ត មានការរីកចម្រើន ប្រតិបត្តិការទន់ភ្លន់ម៉ត់ចត់ជាមួយមន្ទីរ អង្គភាពអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ប្រកបដោយមនសិការវិជ្ជាជីវៈទទួលការខុសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” និងបាវវចនាពីរគឺ “កែទម្រង់ខាងក្នុង” និង “បង្កើនមិត្តខាងក្រៅ” ព្រមទាំងប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់តាមពាក្យស្លោក “កែទម្រង់ គឺរស់ បើមិនកែទម្រង់គឺស្លាប់ ” ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើលោកប្រធានមន្ទីរថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ចបែងចែកការងារដល់មន្ត្រីក្រោមឱវាទ សហការសាមគ្គីភាពផ្ទៃក្នុង ពិសេសសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តស្រាវជ្រាវសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរឱ្យក្លាយជាចលករប្រកបដោយប្រសិទ្ធភាពក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

លោក ស្រី សួន រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការផ្តាំផ្ញើប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចាត់ចែកការងារឱ្យមានតម្លាភាព និងគណនេយ្យភាព ស្មោះត្រង់តម្កល់ផលប្រយោជន៍រួមជាធំ មិនត្រូវមើលបំណាំគ្នា បើមានបញ្ហាប្រឈមត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ។ ត្រូវយកចិត្តទុកដាក់លើសេចក្តីណែនាំលេខ ០២ស.ណ.ន ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១១ និងខ្លឹម សារប្រកាសលេខ ១៧២ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០២ ស្តីពីការតាំងផ្ទាំងយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងផ្ទាំងសញ្ញា ។ ខិតខំបង្កើតក្រុមសិល្បៈ សហការជាមួយអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ មន្ទីរអប់រំ អង្គការ សមាគមន៍សិល្បៈ និងវិស័យឯកជន រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈនៅតាមទីធ្លាសាធារណៈ ដើម្បីផ្សព្វផ្សាយបង្ហាញសិល្បៈ ប្រពៃណីវប្បធម៌ ឱ្យអ្នកទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ បង្កើនភាពរស់រវើកនៃវប្បធម៍ជាតិខ្មែរ ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៧ខែទៀតជូនទៅក្រសួងសុខាភិបាលចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ២០២១ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩

 នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៧ខែទៀតជូនទៅក្រសួងសុខាភិបាលចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ២០២១ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩។

ខ្លឹមសារនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានខ្លឹមសារថា «ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល៧ខែជូនទៅក្រសួងសុខាភិបាល។ បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩.០៩០០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល។ អាស្រ័យដោយកូវីដ១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំណរគុណចំពោះ លោក លោកស្រីថ្នាក់ដឹកនាំទាំងស្ថាបន័ស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំស្រុងឬមួយផ្នែករយះពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕


ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺ៣នាក់ជាសះស្បើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺ៣នាក់ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទាំង២នាក់រួមមាន៖

១៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តព្រះសីហនុ ជាអ្នកដំណើរមក ពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខ ភាពសាធារណៈនៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០៣ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ចំណែកអ្នកជាសះស្បើយទាំង៣នាក់រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ ១៧ឆ្នាំ មានអាសយដ្ឋានស្នាក់សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដំណើរមកពីប្រទេសសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ស្ត្រីរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធ ផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់ រោគរបេងនិងហង់សិន។

២៖ បុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាអ្នកដំណើរមកពី ប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរ មកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ ស្ត្រីរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤១២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៨នាក់ ៕