Thursday, October 17, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចាកចេញពីទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ក្នុងដំណើរនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ

បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៣ថ្ងៃ នៅទីក្រុងសូហ្វីយ៉ា សាធា រណរដ្ឋប៊ុលហ្ការី ប្រកបដោយលទ្ធផលដ៏ត្រចេះត្រចង់រួចមក នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរ ចាកចេញពីទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ក្នុងដំណើរនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ។
នៅអាកាសយានដ្ឋានអន្តរជាតិ សូ ហ្វីយ៉ា វត្តមាននៃការអញ្ជើញជូនដំណើរលោកនាយករដ្ឋមន្រ្តី រួមមាន លោក ហ្គ័រ ហ្គ័រហ្គើ អេវ អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប៊ុលហ្ការី លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀទណាម លោក ប៉ូល សេងគី ភារៈធារី នៃឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្ការី ព្រមទាំងឥស្សរជនការទូតនៃប្រទេសកម្ពុជាជាច្រើនរូបទៀត។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី បានចាកចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ក្នុងការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសអឺរ៉ុបខាងកើតចំនួន៣ រួមមានសាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្ការី។ ដំណើរបំពេញទស្សន កិច្ចផ្លូវការទីកាន់ប្រទេសអឺរ៉ុបខាងកើតទាំងបី របស់លោកនាយករដ្ឋមន្រ្តី ទទួលបាននូវលទ្ធផលដ៏ត្រចេះត្រចង់បំផុត ពិសេសការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក៕





ឧក្រិដ្ឋជនសម រង្ស៊ី ត្រូវបានអាជ្ញាធរថៃប្រកាសមិនឱ្យចូលស្រុក

ថ្មីៗនេះឧក្រិដ្ឋជន សម រង្ស៊ី ដែលស្ពាយទោសជាប់ខ្លួនជាច្រើនបាននិយាយថា នឹងចូលមកប្រទេសកម្ពុជាតាមរយៈប្រទេសថៃ ពេលនេះហាក់ត្រូវមួយដំបងចំក្បាល ក្រោយពេលដែលអគ្គស្នងការរងតម្រួត(ប៉ូលីស)ថៃ ព្រមានមិនផ្តល់ទិដ្ឋាការ។
បើយើងគ្រាន់តែស្តាប់ព័ត៌មានដោយមិនវិភាគ យើងអាចនឹងគិតថាវាគ្រាន់តែជាព័ត៌មានធម្មតា ប៉ុន្តែបើយើងគិតឱ្យជ្រៅបន្តិចយើងនឹងអាចដឹងពីន័យបង្កប់នៅក្នុងព័ត៌មាននេះជាមិនខាន៖
១. អគ្គស្នងការរងតម្រួត(ប៉ូលីស)ថៃ និយាយមិនមែនតាមការគិតរបស់ខ្លួនឡើយ ហើយវាក៏មិនមែនជារឿងតូចតាចដែរ ព្រោះវាជាបញ្ហាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ហេតុដូចនេះហើយការបញ្ចេញព័ត៌មានទាំងនេះ គឺធ្វើតាមការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលថៃ។
២. ការថ្លែងរបស់អគ្គស្នងការរងតម្រួត(ប៉ូលីស)ថៃនេះ មិនមែនជាភាសារគួរសម ក្នុងពិធីជំនួបរវាងកម្ពុជា-ថៃ ទេ ប៉ុន្តែជាការប្រកាសដោយឆន្ទៈយ៉ាងម៉ឹងម៉ាត់ក្នុងនាមរាជ
រដ្ឋាភិបាលថៃដែលទទួលស្គាល់ និងឱ្យតម្លៃភាពស្របច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន។
ក្រៅពីចំណុចខាងលើ គេត្រូវដឹងថាប្រជាពលរដ្ឋថៃគោរពស្រឡាញ់ព្រះមហាក្សត្រ ដូចកម្ពុជាដែរ នោះក៏ជាហេតុផលមួយដែលថៃទទួលយកមិនបានទាល់តែសោះនូវការប្រកាសរបស់ឧក្រិដ្ឋជន សម រង្ស៊ីដែលមើលងាយ មើលថោកប្រមាថអង្គព្រះមហាក្សត្រ និងមានបំណងប្តូររបបរាជានិយមនៅកម្ពុជា។
ចំណុចសំខាន់មួយទៀតនោះគឺ ថៃ នឹងរងផលប៉ះពាល់ច្រើនបើសម រង្ស៊ីចូលស្រុកថៃ ព្រោះ សម រង្ស៊ី ខ្លួនឯងនេះ បាននិយាយថានឹងប្រមូលពលករកម្ពុជានៅប្រទេសថៃឱ្យមកកម្ពុជាធ្វើការបះបោរ។ បញ្ហនេះហើយ ដែលធ្វើឱ្យថៃត្រូវតែប្រកាសបែបនេះដើម្បី បង្ការកុំឱ្យមានហានិភ័យណាមួយកើតឡើងបានឡើយ ព្រោះប្រទេសថៃកំពុងខ្វះកម្លាំងពលកម្ម បើសិនសម រង្ស៊ី ប្រមូលអ្នកគាំទ្រខ្លួនឱ្យចាកចេញពីប្រទេសថៃ ទោះក្នុងចំនួនណាក៏ដោយ វិស័យមួយចំនួននឹងជួបវិបត្តិ ដូចជា កសិកម្ម នេសាត អាជីវករក្នុងផ្សារ ឧស្សារហកម្ម..ល.. នឹងបាត់មនុស្សធ្វើការដោយមិនកំណត់ពេលវេលា។
សរុបជារួម ការព្រមានរបស់ថៃថានឹងមិនផ្តល់ទិដ្ឋាការឱ្យឧក្រិដ្ឋជន សម រង្ស៊ី គឺជាការប្រាប់ទៅសម រង្ស៊ី នឹងបក្សពួកថា អ្នកអាចធ្វើអ្វីក៏ធ្វើទៅ តែកុំធ្វើនៅប្រទេសថៃ ហើយថៃនឹងចាត់វិធានផ្លូវច្បាប់ប្រឆាំងឧក្រិដ្ឋជន សម រង្ស៊ី ប្រឆាំងនឹងអំពើទាំងឡាយណាដែលធ្វើឱ្យគេខាតបង់ប្រយោជន៍បង្ករចលចលក្នុងប្រទេសរបស់គេ។
យ៉ាងណាមិញ ក្រៅពីដើម្បីរក្សាទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ថៃក៏ធ្វើដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនផង និងក៏ដើម្បីលើកតម្កើងរាជបាល័ង្ករបស់ខ្លួនដែរព្រោះបើរាជានិយមនៅកម្ពុជារង្គោះរង្គើរ នោះនៅថៃក៏មិនស្ងប់សុខដែរព្រោះវានឹងក្លាយជាមេរៀនសម្រាប់ជនជាតិថៃមួយក្រុមតូចដកបទពិសោធន៍ និងយកគម្រូតាម។

លោក សុខ សូកាន ជម្រាបជូនមហាសន្និបាត IPU បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគោរពច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី

ស៊ែប៊ី លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានថ្លែងសុន្ទរកថា ជម្រាបជូនអង្គមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគោរពច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី។
មកទល់ពេលនេះ កម្ពុជាបាននិងកំពុងបន្តកិច្ចសហការជាមួយស្ថាប័ន និងសហគមន៍អន្តរជាតិទាំងអស់។ ជាមួយគ្នានេះផងដែរ កម្ពុជាជាសមាជិកយ៉ាងសកម្មនៃគំនិតផ្តួចផ្តើមជាសកល និងតំបន់ជាច្រើន។ ជាក់ស្តែង នាពេលនេះ លោក សុខ សូកាន បានចែករំលែកនូវសមិទ្ធផល ៣ គួរឱ្យកត់សម្គាល់ទៅកាន់អង្គមហាសន្និបាទ មានជាអាទិ៍៖
១៖ អង្គការសហប្រជាជាតិ និងប្រទេសកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ នៅឆ្នាំ ២០០៣ ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(ECCC) ។ ECCC ជាតុលាការកូនកាត់ស្តង់ដារអន្តរជាតិនៅកម្ពុជាដែលដើរតួជាតុលាការគំរូដែលអនុញ្ញាតឱ្យមានការចូលរួមពីអន្តរជាតិក្នុងការបង្កើតការជំនុំជម្រះក្តីដើម្បីកាត់ទោសមេដឹកនាំកំពូលនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជារាប់លាននាក់ ឬជិតមួយភាគបីនៃប្រជាជនទាំងមូល។
២៖ ចាប់តាំងពីឆ្នាំ ២០០៦ មកបុគ្គលិកកងកំលាំងមួកខៀវកម្ពុជាចំនួន ៦៣០០នាក់បានចូលរួមក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានដាក់ពង្រាយនៅ ៨ ប្រទេសក្នុងទ្វីបអាហ្វ្រិក។
៣៖ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ កម្ពុជាមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ។ កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ដោយត្រូវបានតែងតាំងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៣៧ ក្នុងឆ្នាំ ២០១៣ និងការចុះបញ្ជីឧទ្យានបុរាណវិទ្យាអង្គរ និងប្រាសាទព្រះវិហារក្នុងឆ្នាំ ១៩៩២ និង ២០០៨ ទៅក្នុងបញ្ជីតំបន់បេតិកភណ្ឌពិភព ។ បន្ទាប់មកទៀត គឺការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដែលមានបារាំងនិងជប៉ុន ចិននិងឥណ្ឌា ធ្វើជាសហប្រធាន ដែលនេះជាវេទិកាបំផុសគំនិត និងបានឆ្លុះបញ្ចាំងពីការដើរតួជាគំរូនៃសាមគ្គីភាព និងសហប្រតិបត្តិការអន្តរជាតិ ៕



កម្ពុជា-ប៊ុលហ្ការី ប្តេជ្ញារួមគ្នាក្នុងការបន្តនូវការគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ

នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់រៀបចំឡើងដោយលោកស្រី អេកាតេរីណា ហ្សាខារីអេវ៉ា ក្នុងនាមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប៊ុលហ្ការី។ ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី ជាច្រើនរូប។
ក្នុងពិធីទទួលទានអាហារថ្ងៃត្រង់នេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍនភាពថ្មីៗ ដែលរដ្ឋាភិបាលសាធារណរដ្ឋប៊ុលហ្ការីសម្រេចបាន ជាពិសេសជាប្រទេសមួយដែលបានក្លាយជាសមាជិករបស់អង្គការណាតូនៅឆ្នាំ២០០៤ និងជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ២០០៧។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះរដ្ឋាភិបាល ប៊ុលហ្គារី ដែលបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏ធំមួយ កាលពីទសវត្សរ៍ឆ្នាំ៩០ ដើម្បីកែប្រែសេដ្ឋកិច្ចតាមបែបផែនការ និងគ្រប់គ្រងដោយរដ្ឋ ទៅជាសេដ្ឋកិច្ចទីផ្សារសេរី។ លើទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលប៊ុលហ្គារី ដែលបានគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៩។ កម្ពុជាក៏បានគាំទ្របេក្ខភាពប៊ុលហ្ការី ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ អាណត្តិឆ្នាំ២០១៩-២០២១ និងគាំទ្រលោកសាស្រ្តាចារ្យ Valina Todorova ជាសមាជិកគណៈកម្មាធិការសិទ្ធិកុមារសម្រាប់អាណត្តិឆ្នាំ២០១៧-២០២០ របស់អង្គការសហប្រជាជាតិ និងគាំទ្រប៊ុលហ្ការី ក្នុងគណៈកម្មាធិការស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងស្រ្តីសម្រាប់ អាណត្តិឆ្នាំ២០១៥-២០១៨ របសអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី អេកាតេរីណា ហ្សាខារីអេវ៉ា ក៏បានប្តេជ្ញារួមគ្នាក្នុងការបន្តនូវការគាំទ្រគ្នាទៅវិញទៅមកទាំងក្នុង ក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកពិសេសសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី។
សូមបញ្ជាក់ថា នៅក្នុងជំនួបកំពូលនៃមេដឹកនាំរដ្ឋាភិបាលទាំងពីរ លោកនាយករដ្ឋមន្រ្តី ប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតកម្ពុជាចំនួន១០កន្លែង និងបានស្នើឲ្យមានការបើកស្ថានឯកអគ្គរដ្ឋទូតប៊ុលហ្ការីនៅកម្ពុជាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕






ក្រសួងការបរទេស បង្ហាញលទ្ធផលនៃទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទៅកាន់ប្រទេសហុងគ្រី

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅប្រទេសហុងគ្រី ជាកន្លែងដែលសម្តេចបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៊ុយដាប៉ែសស្តីពីទឹក លើកទី៣ (3rd BWS) នៅថ្ងៃទី១៥ ខែតុលា នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដែលរៀបចំឡើងក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» ។
ខាងក្រោមនេះជាលទ្ធផលនៃទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទៅកាន់ប្រទេសហុងគ្រី ៖




EBA៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រាប់ប្រធានាធិបតីប៊ុលហ្ការីថា ចង់ឃើញអឺរ៉ុបផ្តល់យុត្តិធម៌ឱ្យកម្ពុជា

សូហ្វីយ៉ា, ប៊ុលហ្ការី៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងទៅកាន់ប្រធានាធិបតីប៊ុលហ្ការី លោក រ៉ូមែន រ៉ាដេវ ដែលជាប្រទេសសមាជិកសហភាពអឹរ៉ុបដែរនោះថា ចង់ឃើញសហភាពអឺរ៉ុបផ្តល់នូវយុត្តិធម៌សម្រាប់កម្ពុជាពាក់ព័ន្ធនឹងការចង់លុបប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជានៅទីផ្សារអឺរ៉ុប។
ការបង្ហាញបំណងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីប៊ុលហ្ការី នៅទីសូហ្វីយ៉ា ប្រទេសប៊ុលហ្ការី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា មិនមានការដើរថយក្រោយនោះឡើយ។ លោកនាយករដ្ឋមន្រ្ដី បានលើកបង្ហាញទៀតថា ការបោះឆ្នោតឆ្នាំ២០១៨កន្លងទៅ បានដំណើរការយ៉ាងល្អប្រសើរ ដោយមានគណបក្សរហូតដល់ទៅ២០បានចូលរួម ហើយមានអ្នកទៅបោះឆ្នោតរហូតដល់ជាង ៨៣ភាគរយ។
ជាការឆ្លើយតបទៅលើបញ្ហានេះ លោកប្រធានាធិបតីប៊ុលហ្ការី បានអះអាងថា ប៊ុលហ្ការី ផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងប្រធានាធិបតីប៊ុលហ្ការី បានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទទៀត។ ជាពិសេសការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយប្រើយន្តការទ្វេភាគី អាស៊ាន-អឺរ៉ុប ឬអាស៊ី-អឺរ៉ុប។
ក្នុងជំនួបនេះលោកប្រធានាធិបតី រ៉ូមែន រ៉ាដេវ បានវាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់លោកនាយករដ្ឋមន្ត្រី សម្រាប់ការស្វែងរកសន្តិភាព និងសន្តិសុខនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ជាពិសេសការទប់ស្កាត់នូវការប៉ុនប៉ងត្រឡប់មកវិញនៃរបបខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រីនៅចំពោះមុខប្រធានាធិបតីប៊ុលហ្ការី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនប៊ុលហ្ការី ដែលបានគាំទ្រ និងជួយកម្ពុជាក្នុងគ្រាដ៏លំបាកបំផុតនាទសវត្សរ៍ឆ្នាំ១៩៨០។
នៅក្នុងជំនួបថ្ងៃនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអនុញ្ញាតឱ្យចៅស្រីច្បងដែលកំពុងសិក្សានៅអឺរ៉ុប ចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីប៊ុលហ្ការី និងបានជម្រាបពីការសិក្សារបស់ចៅស្រីផងដែរ ៕






លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាំចៅស្រីច្បងឲ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប៊ុលហ្គារី ដើម្បីយល់ពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ

ប៊ុលហ្ការី៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសកំពុងបំពេញទស្សនកិច្ច នៅប្រទេសប៊ុលហ្គារី ជាប្រទេសទី៣ ចុងក្រោយដែលត្រូវបំពេញទស្សនកិច្ច ក្នុងតំបន់អឺរ៉ុបនោះ, លោកបាននាំចៅស្រីច្បងរបស់លោក ឲ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ប៊ុលហ្គារី ដើម្បីឲ្យរូបគេបានយល់ពីរៀបចរចានៃថ្នាក់ដឹកនាំជាតិ។
តាមរយៈការបង្ហោះ Facebook នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ លោកនាយករដ្ឋមន្ត្រី បានពន្យល់មូលហេតុដែលលោកនាំចៅស្រី ជួបប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប៊ុលហ្ការី ថា ដោយសារតែចៅស្រីរបស់លោក រៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ក្នុងនាមលោកជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប ក៏ខិតខំជួយចៅស្រី ដើម្បីសម្រេចគោលដៅដែលគេចង់បាន។
នេះមិនមែនជាលើកទី១ទេ ដែលលោកនាំចៅស្រីច្បង ជួបមេដឹកនាំប្រទេសក្នុងតំបន់អឺរ៉ុបនេះ កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅ លោកក៏បាននាំចៅស្រីច្បងរូបនេះ ជួបជាមួយមេដឹកនាំប្រទេសហុងគ្រីផងដែរ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ចៅស្រីខ្ញុំ ដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមកជួបជីតា នៅប្រទេសប៊ុលហ្ការី។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតា ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខិតខំជួយចៅ ដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។
ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពីរបៀបចរចា នៃថ្នាក់ដឹកនាំជាតិ។
កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅចៅក៏បានចូលរួមរបៀបនេះ នៅប្រទេសហុងគ្រី ក្នុងពេលដែលខ្ញុំទស្សនកិច្ចនៅទីនោះផងដែរ»។
សូមជម្រាបថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចំនួនបី នៅតំបន់អឺរ៉ុបគឺ៖ សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ តាមការគ្រោងទុកលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៨ ខែតុលាស្អែកនេះ ៕



សហភាពអន្តរសភា( IPU)លុបឈ្មោះ ទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ តាមសំណើកម្ពុជា

ទណ្ឌិត​ សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ត្រូវបានសហភាពអន្តរសភា IPU សម្រេចលុបឈ្មោះ ចេញពីបញ្ជីអ្នកដែលត្រូវឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ ទៅតាមសំណើរបស់គណៈប្រតិភូសភាកម្ពុជា។
ឈ្មោះរបស់ ទណ្ឌិត​ សម រង្ស៉ី ដោយដាក់ត្រឹមតែ R. Sam ត្រូវបានគេឃើញបញ្ចូលនៅក្នុងបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅលេខរៀងទី៦៤ ដែលជាលេខរៀងចុងក្រោយគេ មួយថ្ងៃមុនកិច្ចប្រជុំចាប់ផ្តើមជាផ្លូវការ ដោយលោកបានប្រើប្រាស់តួនាទីនៅក្នុងអង្គការមួយ ដើម្បីជ្រៀតចូលក្នុងមហាសន្និបាតលើកទី១៤១ នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ប៉ុន្តែបន្ទាប់ពីមានសំណើរបស់តំណាងគណៈប្រតិភូសភាពេញសិទ្ធិកម្ពុជា ដែលដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ដែលបញ្ជាក់អំពីពិរុទ្ធភាពជននេះ ទើបឈ្មោះរបស់ ទណ្ឌិត​ សម រង្ស៉ី (R. Sam)នេះ ត្រូវបានលុបចេញតែម្តង តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រហូតមកតែម្តង។
លោកស្រី ឃួន សុដារី ដែលដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតខាងលើនេះ បានថ្លែងប្រាប់អង្គភាពព័ត៌មានថា នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះថា សំណើកម្ពុជាដើម្បីសុំដកឈ្មោះសម រង្ស៉ី ត្រូវបានសរសេរទៅកាន់ មេដឹកនាំ IPU ចំនួន៣រូប ដែលក្នុងនោះក៏មាន លោកស្រី Gabriela Cuevas Barron ប្រធានសហភាពអន្តរសភា IPU និងលោកស្រី Maja Gojkovic ប្រធានរដ្ឋសភាស៊ែប៊ី និងប្រធានមហាសន្និបាត IPU លើកទី១៤១ ផងដែរ។
តំណាងសភាកម្ពុជា លោកស្រី ឃួន សុដារី ក៏បានថ្លែងអំណរគុណចំពោះ ប្រធាន IPU ដែលបានយល់ព្រមតាមសំណើរបស់កម្ពុជា លុបឈ្មោះទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីឈ្មោះអ្នកដែលត្រូវឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ ដោយសារតែទណ្ឌិតនេះ ជាពិរុទ្ធជន ដែលតុលាការកំពុងតាមចាប់ខ្លួន។
សូមបញ្ជាក់ថា មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា (IPU) បានរៀបចំឡើង នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ដោយចាប់ផ្តើមពីល្ងាចថ្ងៃទី១៣ ខែតុលា ហើយបើកជាផ្លូវការ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដោយឱ្យតំណាងប្រទេសទាំងអស់ឡើងថ្លែងសុន្ទរកថា ។ សន្និបាតនេះនឹងបញ្ចប់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
មហាសន្និបាតនេះ មានចូលរួមពីគណៈប្រតិភូសភាប្រទេសជាសមាជិក IPU ប្រមាណជាង ១៧០០នាក់ មកពី១៤០ប្រទេស ក្នុងនោះមានប្រធានសភា ៧០រូប អនុប្រធាន៤០រូប តំណាងរាស្រ្ត ៧០០នាក់ ជាស្រ្តី៣០% និងវ័យក្មេង១៧% ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៉ីវិល មកពីបណ្តាប្រទេសពាសពេញពិភពលោកជាច្រើនទៀត៕






អតីតសកម្មជនអតីត CNRP ខេត្តសៀមរាប ចូលសារភាពចំពោះមុខសមត្ថ​កិច្ច ហើយប្រកាសឈប់ Share ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី

សៀមរាប៖ លោក ឃុន វណ្ណា អតីតសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងការចែកចាយការអំពាវនាវរបស់ លោក សម រង្ស៉ី នៅលើបណ្តាញសង្គម Facebook ដែលជាផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។បន្ទាប់ពីបានភ្ញាក់រលឹកដកខ្លួនហើយនោះ អតីតសកម្មជនអតីតគណបក្សប្រឆាំងដ៏សកម្មរូបនេះ បានប្រកាសលុបចោលនូវការចែកចាយបន្តនូវសកម្មភាព ឬការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៉ី ហើយអំពាវនាវឱ្យអតីតសកម្មជនទាំងអស់ កុំចែកចាយ ឬចូលរួមជាមួយផែនការរដ្ឋប្រហារខុសច្បាប់របស់លោក សម រង្ស៉ី។
លោកបានបញ្ជាក់ឱ្យដឹងថា នៅគ្រាដំបូងលោកបានចែកចាយអំពីមាតុភូមិនិវត្តរបស់ លោក សម រង្ស៉ី ដោយសារតែពេលនោះមិនបានដឹងថា វាជារឿងខុសច្បាប់ ប៉ុន្តែក្រោយមកបន្ទាប់ពីលោក សម រង្ស៉ី បានប្រកាសចិញ្ចឹមកងទ័ព និងអំពាវនាវដល់កងទ័ពចូលរួមប្រឆាំងរដ្ឋា​ភិបាល ទើបលោកយល់ថា នេះជាទង្វើខុសច្បាប់ ហើយសម្រេចចិត្តចូលមកសារភាពចំពោះមុខ​សមត្ថកិច្ច ដើម្បីបានរួចផុតពីទោស។ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងមិត្តភក្តិក្នុងបណ្តាញសង្គម Facebook កុំយល់ច្រឡំ រួមគំនិតក្បត់ជាតិឱ្យសោះ ខ្ញុំសូមសំណូមពរដល់មិត្តភក្តិនៅលើបណ្តាញសង្គម Facebook សូម​លុប​សារចេញពី Account របស់ខ្លួនឱ្យអស់ ហើយខ្ញុំសូមថ្កោលទោស សកម្មភាពទណ្ឌិត សម រង្ស៉ី ដូចជាការកៀរគរពលរដ្ឋ កៀរគរទ័ពជាសកម្មភាពរួមគំនិតក្បត់ជាតិ ខ្ញុំសូមសន្យាថា ខ្ញុំលែងគាំទ្រ និងចែកចាយព័ត៌មានតាមបណ្តាញ Facebook ទៀតហើយ ព្រោះវាជាសកម្ម​ភាពរួមគំនិតក្បត់ជាតិ»
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋា​ភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋា​ភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួក​គេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់​ឱ្យព្រះ​មហា​ក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
សាររបស់ លោក សម រង្ស៉ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថ​កិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ចបានព្រមានថា អ្នកចូលរួម និងគាំទ្រ ដល់ផែនការរដ្ឋប្រហាររបស់លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់ ៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុស នឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕