(វ៉ាស៊ីនតោន)៖ កាលពីប៉ុន្មានសប្ដាហ៍មុន ភាពភ័យខ្លាចពីការផ្ទុះសង្រ្គាមលោកលើកទី៣ បានកើតឡើងម្ដងរួចមកហើយ ក្រោយមីស៊ីលផលិតដោយរុស្ស៉ី មួយគ្រាប់ធ្លាក់លើទឹកដីប៉ូឡូញ ដែលជាសមាជិកបក្សសម្ព័ន្ធយោធា NATO។ ការភ័យខ្លាចបែបនេះបានកើតឡើងជាថ្មីម្ដងទៀត កាលពីថ្ងៃចន្ទ ទី៥ ខែធ្នូនេះ ក្រោយទីក្រុងមូស្គូ ចោទប្រកាន់ថាអ៊ុយក្រែនបានប្រើយន្ដហោះដ្រូនវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន២ ស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី។
អ៊ុយក្រែនមិនបានទទួលស្គាល់ត្រង់ៗថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ ឬយ៉ាងណានោះទេ ប៉ុន្តែប្រសិនបើវាជាការពិតមែន នោះការវាយប្រហារនេះ នឹងបង្ហាញពីរបៀបដែលទីក្រុងកៀវ កំពុងដើរចេញពីគន្លងសង្រ្គាមសព្វថ្ងៃតាមតម្រូវចិត្តខ្លួនឯង ហើយថាតើហេតុអ្វីបានជាវាអាចនឹងបង្កភាពតានតឹងជាមួយ សហរដ្ឋអាមេរិកជាអ្នកទំនុកបម្រុងដ៏ធំរបស់អ៊ុយក្រែន?
ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក អ៊ុយក្រែនបានវាយសំពងកងទ័ពរុស្ស៉ី តាមមធ្យោបាយជាច្រើន ក្នុងនោះមានទាំងការប្រើប្រាស់ យ៉ាងប៉ិនប្រសប់នូវអាវុធទំនើបៗ ដូចជាប្រព័ន្ធមីស៊ីល HIMARS ផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញឃ្លាំងស្ដុកអាវុធ មជ្ឈមណ្ឌលភស្ដុភារ និងទីបញ្ជាការចល័តរបស់រុស្ស៉ី រហូតដល់មានសមត្ថភាពប្រើកលល្បិច ក្នុងការប្រើមីស៊ីលវាយប្រហារកម្ទេចនាវាចម្បាំងរបស់កងកម្លាំងរុស្ស៉ីប្រចាំតំបន់ សមុទ្រខ្មៅទៀតផង។
មិនតែប៉ុណ្ណោះ នៅក្នុងទេសៈកាលៈខ្លះ អ៊ុយក្រែនក៏បានដឹកនាំការវាយប្រហារដោយកងកុម៉្មង់ដូពិសេស, ការវាយប្រហារបង្កៃគ្រាប់បែកលើរថយន្ដ និងការវាយឆ្មក់ដោយឧទ្ធម្ភាគចក្រលើគោលដៅជាច្រើននៅក្នុងតំបន់គ្រីមៀដែលទីក្រុងមូស្គូ បានក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងជួនកាល នៅលើទឹកដីរុស្ស៉ីតែម្ដង។ ការវាយប្រហារលើកចុងក្រោយបំផុត គឺមានគោលដៅលើមូលដ្ឋានទ័ពអាកាសរុស្ស៉ី Engels-1 នៅក្នុងតំបន់ Saratov ជាទីដែល យន្ដហោះចម្បាំងរុស្ស៉ីហោះចេញធ្វើប្រតិបត្តិការវាយប្រហារលើអ៊ុយក្រែន។ នាពេលកន្លងមក អ៊ុយក្រែនធ្លាប់បានប្រើប្រាស់យន្ដហោះដ្រូនធុនតូច និងមាន តម្លៃថោក សម្រាប់ស៊ើបការណ៍, វាយប្រហារលើរថក្រោះរុស្ស៉ី និងដើម្បីសម្លាប់កងទ័ពរុស្ស៉ី ហើយក្នុងពេលបច្ចុប្បន្ន ទីក្រុងកៀវត្រូវបានគេរាយការណ៍ថា បានប្រើយន្ដហោះដ្រូនវាយប្រហារយ៉ាងជ្រៅចូលទៅក្នុងទឹកដីរុស្ស៉ី។
ការវាយប្រហាររបៀបនេះអាចនឹងបន្តធ្វើឡើង។ ពីព្រោះថាអ៊ុយក្រែនចាំបាច់ត្រូវតែរក្សាឱ្យបាននូវការដាក់សម្ពាធយោធា និងចិត្តសាស្ត្រលើទីក្រុងមូស្គូ ខណៈ កងកម្លាំងអ៊ុយក្រែនកំពុងប្រមូលផ្ដុំកម្លាំងឡើងវិញសម្រាប់ត្រៀមប្រយុទ្ធក្នុងសមរភូមិថ្មីដ៏ធំជាមួយរុស្ស៉ី រីឯលោក ហ្សេលេនស្គី ត្រូវការមធ្យោបាយវាយបកវិញ ក្នុងបរិបទដែលរុស្ស៉ីកំពុងទម្លាក់គ្រាប់បែកឥតឈប់ឈរលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ មែនទែនទៅ សង្រ្គាមសព្វថ្ងៃមិនមានយុត្តិធម៌រួចបាត់ទៅហើយ។ ពោលគឺក្នុងពេលដែលរុស្ស៉ីជាអ្នកឈ្លានពានអាចវាយប្រហារតាមអំពើចិត្ត អ៊ុយក្រែនវិញតែងតែរងសម្ពាធពីសម្ព័ន្ធមិត្តរបស់ខ្លួន នៅពេលដឹកនាំការវាយប្រហារ លើរុស្ស៉ី ឬសូម្បីតែលើតំបន់គ្រីមៀ ដែលជាទឹកដីរបស់ខ្លួនឯង ហើយដែលនេះបង្ហាញពី «ភាពមិនស៊ីង្វាក់គ្នា» រវាងអ៊ុយក្រែន និងលោកខាងលិច។
នៅក្នុងសង្រ្គាមសព្វថ្ងៃ អ៊ុយក្រែនបានធ្វើតេស្ដយ៉ាងប្រុងប្រយ័ត្នលើព្រំដែននៃសម្ព័ន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោន ថាតើទីក្រុងកៀវអាចវាយប្រហារ ក្នុងកម្រិតណាលើរុស្ស៉ី ស្របពេលរដ្ឋបាលលោក ចូ បៃដិន នៅតែបន្តព្យាយាមបញ្ចៀស និងទប់ស្កាត់កុំឱ្យសង្រ្គាមរាលដាលកាន់តែធំ ឬអាចអូសឱ្យអាមេរិក និង NATO ធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី។ ជាក់ស្ដែង នៅពេលដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិករកឃើញថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកសម្លាប់កូនស្រីរបស់អ្នកជាតិនិយមរុស្ស៉ីម្នាក់ ក្រុមមន្ត្រីនៅក្រោម រដ្ឋបាលលោក បៃដិន បានបង្ហាញការមិនពេញចិត្ត និងសង្ឃឹមថាទីក្រុងកៀវនឹងមិនធ្វើបែបនេះសាជាថ្មីនោះទេ។
អ៊ុយក្រែន បាន និងកំពុងទទូចស្នើសុំប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្ដហោះដ្រូនទំនើបៗមកបន្ថែម ដែលអាចឱ្យកងទ័ពរបស់ខ្លួនវាយប្រហារលើ តំបន់គ្រីមៀ ឬគោលដៅក្នុងប្រទេសរុស្ស៉ី ក្នុងករណីចាំបាច់។ ប៉ុន្តែ មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកនៅតែបដិសេធ ហើយបើទោះជាបានផ្ដល់អាវុធទំនើបៗ ដូចជាប្រព័ន្ធមីស៊ីល HIMARS ឱ្យអ៊ុយក្រែនក៏ពិតមែន ក៏រដ្ឋបាលលោក បៃដិន នៅតែដាក់កំហិតកុំឱ្យទីក្រុងកៀវ ប្រើអាវុធរបស់ខ្លួនវាយប្រហារលើរុស្ស៉ីជាដាច់ខាត។ នៅត្រង់ចំណុចនេះ នៅលើឆាក រដ្ឋបាលលោក បៃដិន បង្ហាញការគាំទ្រសិទ្ធិស្របច្បាប់របស់អ៊ុយក្រែន ក្នុងការវាយប្រហារលើគោលដៅក្នុងតំបន់គ្រីមៀ តែជាលក្ខណៈឯកជន ក្រុមមន្ត្រីអាមេរិកតែងតែប្រាប់កុំឱ្យអ៊ុយក្រែនធ្វើដូច្នេះ។
យ៉ាងណាក៏ដោយ ភាពមិនស៊ីសង្វាក់គ្នានេះនៅតែបន្តស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ នៅលើឆាកអន្តរជាតិ។ ដ្បិតទាំងទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន មានប្រយោជន៍រួមដ៏ធំ និងកំពុងធ្វើការជាមួយគ្នាដើម្បីសម្រេចឱ្យបាននូវលទ្ធផលដ៏អស្ចារ្យ ដូចកាលពីអ៊ុយក្រែនវាយបណ្ដេញកងទ័ពរុស្ស៉ីឱ្យចេញពីទីក្រុងកៀវ ដែលជាជ័យជម្នះមួយធានានូវអាយុជីវិតជាតិអ៊ុយក្រែន និងជាយុទ្ធសាស្ត្រធ្វើឱ្យរុស្ស៉ីចុះខ្សោយ ដែលផ្ដល់ផលចំណេញដល់សហរដ្ឋអាមេរិក។
នៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក បៃដិន ធ្លាប់បានបញ្ជាក់ច្បាស់ៗថាការបញ្ចៀសឱ្យបាននូវជម្លោះ ឬសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី គឺជាអាទិភាពរបស់លោក ហើយវាក៏អាចជួយអ៊ុយក្រែនបានដូចគ្នាដែរ។ ប៉ុន្តែ នៅក្នុងទីក្រុងកៀវវិញ ការភ័យខ្លាចផ្ទុះសង្រ្គាមបែបនេះជារឿងមិនត្រឹមត្រូវ ហើយការគិតបែបនេះ ក៏មកពី អ៊ុយក្រែន បានធ្វើសង្រ្គាមជាមួយរុស្ស៉ីរួចទៅហើយ ដើម្បីឱ្យជាតិខ្លួនបានរស់។ ឬអាចនិយាយម្យ៉ាងទៀតបានថាសម្រាប់លោក បៃដិន ការធ្វើអន្តរាគមន៍ដោយផ្ទាល់ របស់សហរដ្ឋអាមេរិក និងការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំនឹងក្លាយជា «មហន្តរាយ» តែសម្រាប់លោក ហ្សេលេនស្គី ការធ្វើអន្តរគមន៍ដោយផ្ទាល់របស់អាមេរិក មានន័យ ស្មើនឹង «ការជួយសង្រ្គោះអ៊ុយក្រែន»។ តែនេះមិនមែនមានន័យថាលោក ហ្សេលេនស្គី កំពុងអូសទាញឱ្យសហរដ្ឋអាមេរិកប្រឡូកចូលក្នុងភ្លើងសង្រ្គាមនោះទេ គ្រាន់តែនៅក្នុងស្ថានភាពអស់សង្ឃឹម លោកប្រហែលជាប្រឹងប្រែងធ្វើអ្វីដែលលោកអាចធ្វើបាន។ ទាំងលោក បៃដិន និងលោក ហ្សេលេនស្គី មានគោលដៅរួម នោះគឺបញ្ចប់សង្រ្គាម ប៉ុន្តែក៏មានអាទិភាពផ្សេងគ្នាៗ ក្នុងការសម្រេចគោលដៅនេះផងដែរ៕ Fresh News