Friday, October 25, 2024

ទស្សន:មិត្តអ្នកអាន៖ បាតុកម្មប្រឆាំងនឹង CLV-DTA គឺជានយោបាយប្រជាភិថុតិរបស់ក្រុមជ្រុលនិយម

 



មួយរយៈចុងក្រោយនេះ បើទោះបីរាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការថា កម្ពុជាបានសម្រេចបញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) តាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រួចមកហើយក្តី ក៏ពួកក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច នៅតែខំបន្តយករឿងនេះ មកធ្វើជាលេសនយោបាយ ដើម្បីបោកប្រាស់យុវជនមួយចំនួន ឱ្យចាញ់បោកឧបាយកលទុច្ចរិតរបស់ខ្លួនដើម្បីតែមហិច្ឆតាអំណាចរបស់គេតែប៉ុណ្ណោះ។ កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានអនុវត្តអស់រយ:ពេលជាង២៥ឆ្នាំមកហើយ គឺតាំងពីពេលដែលក្រុមអ្នកនយោបាយចាស់ក្បាលទាំងនោះ កំពុងមានសំឡេងនៅក្នុងរដ្ឋសភាមកម្លេះ ព្រមទាំងមានសមាសភាពក្រុមអ្នកនយោបាយចាស់ក្បាលទាំងនោះ បានទៅចូលរួមប្រជុំពិភាក្សា និងសម្រេចគម្រោងមួយចំនួនផងដែរ ប៉ុន្តែចុងក្រោយពួកគេបែរជាធ្វើជាមិនដឹងខ្យល់ ប្រឆាំងកោកៗដូចជារឿងថ្មីទើបផុសឡើងឆ្នាំ២០២៤អ៊ីចឹង។ តើនេះឬជាចេតនាអីឱ្យពិតប្រាកដ?ចុះតើហេតុអ្វីបានជាគណបក្សប្រឆាំង ដែលមានសមាសភាពរបស់ខ្លួនចូលរួមនៅពេលនោះ មិនព្រមជំទាស់នឹងកិច្ចសហប្រតិបត្តិការ CLV-DTA ខណៈខ្លួននៅក្នុងសភា? ចំណុចនេះត្រូវបាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរទៅគណបក្សប្រឆាំងថា នៅពេលដែលខ្លួននៅក្នុងសភា និងមានអំណាច ខណៈមានការអនុវត្តកិច្ចសហប្រតិបត្តិការនេះហេតុអ្វីក៏មិនចោទសួរ មិននិយាយអ្វីសោះ ហើយមិនសើរើនៅពេលនោះ ស្របពេលដែលពួកគេមានតំណាងរបស់ខ្លួនចូលរួមប្រជុំពី CLV-DTA ដែរ។ ការមិននិយាយអ្វីសោះរបស់ពួកអ្នកនយោបាយចាស់ក្បាលនៅពេលនោះ ក៏ព្រោះតែកិច្ចសហប្រត្តិបត្តិការ CLV-DTA មិនបានធ្វើឱ្យកម្ពុជាខាតបង់អ្វីឡើយ។ ប៉ុន្តែពេលនេះ បែរជាក្រុមអ្នកនយោបាយចាស់ក្បាលទាំងនោះ មកប្រកូកប្រកាសប្រមូលផ្តុំយុវជនឱ្យមកចូលរួមធ្វើបាតុកម្មតវ៉ាប្រឆាង CLV-DTA នេះទៅវិញ ដែលការពិតវាគឺជាឧបាយកលនយោបាយដែលមានចរិតញុះញង់របស់ពួកគេទាំងនោះ ដែលចង់បង្កឱ្យមានចលាចល មើលឃើញកម្ពុជាក្នុងរូបភាពអវិជ្ជមាន និងដើម្បីឈានទៅដល់ការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគន្លងបដិវត្តពណ៌ដូចនៅប្រទេសមួយចំនួន ដែលបានហិនហោច និងរងគ្រោះជាបន្តបន្ទាប់។ បងប្អូនយុវជនមួយចំនួននៅក្រៅប្រទេស ដែលត្រូវបានពួកអ្នកនយោបាយចាស់ក្បាលអូសទាញឱ្យចាញ់ឧបាយកល ហើយបបួលធ្វើបាតុកម្មនោះ ត្រូវសួរទៅពួកមេក្លោងបាតុកម្មចាស់ក្បាលទាំងនោះថា ហេតុអ្វីកាលពីពេលនៅក្នុងសភាអត់មាននិយាយអ្វីសោះ អំពីរឿង CLV-DTA ហ្នឹង? ចាំមើលតើអ្នកនយោបាយចាស់ក្បាលទាំងនោះឆ្លើយយ៉ាងម៉េច? ការពិត ក្រុមអ្នកនយោបាយដែលចាញ់ការបោះឆ្នោតងើបមុខមិនរួចទាំងនោះ ចង់ប្រើល្បិចធ្វើបាតុកម្មតវ៉ាទាមទារនេះដើម្បីស្តារមុខមាត់របស់ពួកគេ ដែលកំពុងរលាយបាត់ពីឆាកនយោបាយនៅកម្ពុជា ក្រែងបានកំរើកឡើងវិញខ្លះ ហើយមួយវិញទៀត ក៏ជាពេលវេលាមួយដែលត្រូវទៅកៀរគរប្រមូលលុយពីបងប្អូនយុវជនដែលកំពុងខិតខំធ្វើការរកប្រាក់ដោយលំបាកនៅប្រទេសកូរ៉េ និងជប៉ុនផងដែរ។ ក្រោយពេលដែលប្រមូលលុយបានច្រើហើយ ក្រុមអ្នកនយោបាយចាស់ក្បាលទាំងនោះ ប្រាកដជាយកលុយដែលប្រមូលបានទៅស៊ីចាយ និងលេងល្បែងយ៉ាងសប្បាយដូចពេលមុនៗទៀតជាមិនខាន។ ជារួម ផែនការប្រមូលយុជនមកចូលរួមធ្វើបាតុកម្ម តវ៉ារឿង CLV-DTA គឺជាល្បិចកលរបស់ក្រុមអ្នកនយោបាយចាស់ក្បាលមួយក្តាប់តូច ដែលចង់បោកប្រាស់កម្លាំងយុវជនដែលធ្វើការនៅក្រៅប្រទេស ដើម្បីសម្រេចមហិច្ឆតានយោបាយ និងការបោកប្រាស់ប្រមូលថវិកាពីយុវជនប៉ុណ្ណោះ។ សរុបមក បាតុកម្មប្រឆាំងនឹង CLV-DTA ដែលពួកគេធ្វើនេះ គឺជានយោបាយប្រជាភិថុតិរបស់ក្រុមជ្រុលនិយមតែប៉ុណ្ណោះ ដែលនេះហើយជាចរិតញុះញង់របស់អ្នកនយោបាយចាស់ក្បាល ដែលចង់បង្កចលាចលសង្គម ជាក់ស្តែង ព្រឹត្តិការណ៍ ថ្ងៃ១៨ សីហា ឆ្នាំ២០២៤ ដែលបម្រុងនឹងដុតប្រទេសឱ្យមានចលាចលកន្លងមកជាភ័ស្តុតាងស្រាប់។ ប៉ុន្តែជាភ័ព្វសំណាងល្អ រាល់ឧបាយកលខ្មៅងងឹតរបស់ពួកគេ ដែលចង់មកបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ត្រូវបានកំចាត់ចោលទាន់ពេលវេលា ដោយរាជរដ្ឋាភិបាលមិនអនុញ្ញាត្តឱ្យមានការបំផ្លិចបំផ្លាញសុខសន្តិភាពដែលកម្ពុជាកំពុងមាន និងរកបានដោយលំបាកបានជាដាច់ខាត។ ដោយ : ឌី វីរ:

លិខិតមិត្តអ្នកអាន៖ បាតុកម្មនៅក្រៅប្រទេសរៀបចំឡើងដើម្បីបំផ្លាញខ្មែរ មិនមែនដើម្បីជួយខ្មែរនោះទេ

 



ថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានប្រកាសរៀបចំគម្រោងធ្វើបាតុកម្មជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសមួយចំនួន ក្រោមលេសពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CLV-DTA បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទបញ្ចប់ទៅហើយ ក៏ពួកគេនៅតែយករឿង CLV-DTA មកបោកប្រាស់ អ្នកចូលរួមឱ្យធ្វើបាតុកម្មប្រឆាំងទាំងងងើល មិនដឹងខ្យល់អីដដែល។ ជុំវិញកិច្ចសហប្រតិបត្តិការ CLV-DTA គឺមានការបកស្រាយច្បាស់លាស់ហើយពីប្រមុខរាជរដ្ឋាភិបាល និងអ្នកជំនាញ ព្រមទាំងមានការផ្ញើរលិខិតផ្លូវការសុំបញ្ចប់ពីភាគីកម្ពុជា និងមានការជួបរវាងមេដឹកនាំប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម កាលពីពេលកន្លងទៅថ្មីៗនៅជុំវិញការបិទបញ្ចប់កិច្ចសហប្រតិបត្តិការរួមគ្នានេះហើយក៏ដោយ ក៏ពួកជ្រុលនិយមទាំងនោះ នៅតែធ្វើមិនយល់ និងធ្វើជាភ្លើមិនព្រមស្តាប់។ តើអ្វីជាមូលហេតុនៃការធ្វើបាតុកម្មរបស់ពួកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស? ទី១- ក្រុមប្រឆាំងមានចេតនាបំផ្លាញមុខមាត់ប្រទេសកម្ពុជានៅក្រៅប្រទេស៖ បាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ធ្វើឡើងដើម្បីតែអុចអាល បោកប្រាស់ បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យមានការស្អប់ខ្ពើមភាន់ច្រឡំមកលើការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ គឺអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខសាន្ត ក្រោមម្លប់សុខសន្តិភាព និងការរីកចម្រើន ជាបន្តបន្ទាប់ ចំណែកឯក្រុមប្រឆាំងជ្រុលនិយមវិញ ពួកគេបានតែបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាប៉ុណ្ណោះ។ ជាក់ស្តែងពួកគេធ្វើនយោបាយយូរឆ្នាំមកហើយ មិនដែលឃើញជួយប្រទេសកម្ពុជា ឬប្រជាជនកម្ពុជា ក្នុងរូបភាពតិចតួចណាមួយឡើយ។ ពួកប្រឆាំងជ្រុលនិយម មិនដែលបានកសាងសូម្បីបង្គន់១នៅកម្ពុជាឡើយ កុំថាឡើយដល់ផ្លូវ ស្ពាន សាលារៀន ឬមន្ទើរពេទ្យ ហើយការរៀបចំបាតុកម្មនៅតាមបណ្តាប្រទេសនានានោះទៀតសោត គឺដើម្បីយកវេទិកានោះ និយាយបំផ្លើសការពិតពីប្រទេសកម្ពុជា ដែលវាគ្មានអ្វីជាការផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ និងអ្នកចូលរួមនោះទេ។ ទី២- ដើម្បីបន្តអាជីវកម្មនយោបាយបោកលុយអ្នកចូលរួម៖ ការធ្វើបាតុកម្មនៅតាមបណ្តាប្រទេសនានា ដែលក្រុមប្រឆាំងរៀបចំ ត្រូវបានមើលឃើញយ៉ាងច្បាស់ថា ពួកគេកំពុងត្រូវការលុយពីអ្នកចូលរួមបាតុកម្ម ព្រោះបើមិនមានព្រឹត្តិការណ៍ទេ ពួកគេគ្មានឱកាសរកលុយចូលហោប៉ៅងាយៗឡើយ។ បាតុកម្ម គឺជាឧបករណ៍មួយ ក្នុងការចិញ្ចឹមឆ្នាំងបាយ និងកៀរគរថវិកាពីអ្នកចូលរួម ដែលនេះជារបៀបវារៈនយោបាយដដែលៗ ពោលគឺត្រីធំស៊ីត្រីតូច។ កន្លងមកពួកគេធ្លាប់បានរៃអង្គាសប្រាក់មិនតិចទេពីអ្នកចូលរួម ដើម្បីយកទៅចែកគ្នាចាយ និងហ៊ឺរហារ ផ្ទាល់ខ្លួន ដូចជាករណីមូលនិធិទូរទស្សន៍ព្រះអាទិត្យ មូលនិធិនាឡិកាទណ្ឌិតមេក្លោង និងមូលនិធិជាច្រើនទៀត ដែលពួកគេធ្លាប់បានអះអាងថា ប្រមូលលុយដើម្បីយកមកជួយប្រជាពលរដ្ឋខ្មែរក្នុងស្រុក តែជាក់ស្តែងគឺបាត់ស្រមោល ពេលបានលុយច្រើន គឺចប់។ ចំណែកអ្នកចូលរួម ដែលខំធ្វើការហត់នឿយមិនហ៊ានសម្រាក សន្សំសំចៃ ត្រូវយកលុយទៅឱ្យគេបោកស្រួលៗទៅវិញ។ ទី៣- ចេតនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៖ បាតុកម្មនៅក្រៅប្រទេស ដឹកនាំដោយមេក្លោងជាជនក្បត់ជាតិ និងជាទណ្ឌិតរត់ចោលស្រុក គឺដើម្បីបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយពួកគេយល់ថា នឹងកៀរគរបានកម្លាំងអ្នកចូលរួម ដើម្បីបង្កើតជាចលនា បះបោរណាមួយក្នុងពេលខាងមុខ។ នេះជាចេតនាចង់បំផ្លាញកម្ពុជា ពោលគឺពួកប្រឆាំងជ្រុលនិយម ធ្វើនយោបាយចងគំនុំ និងមិនដែលធ្វើសកម្មភាពណាមួយដើម្បីប្រយោជន៍ជាតិឡើយ ក្រៅតែពីបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។ កន្លងមក ទណ្ឌិតក្បត់ជាតិ និងបក្ខពួក តែងតែធ្វើការអំពាវនាវដោយបង្កប់ចរិតពិសពុល បំបែកបំបាក់សាមគ្គីជាតិខ្មែរ ចង់ឱ្យពលរដ្ឋខ្មែរក្នុងស្រុក ដើរតាមពួកគេ ដោយងើបបះបោរ និងចង់ដណ្តើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ ព្រោះតែពួកគេបោះឆ្នោតមិនដែលឈ្នះ។ សកម្មភាពទាំងអស់នេះ គឺជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការគាំទ្រដោយសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរជាច្រើនលើសលុប ដែលយើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ ជារួម ការប្រកាសធ្វើបាតុកម្មនៅក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយមក្រោមលេសកិច្ចសហប្រតិបត្តិការ CLV-DTA គឺគ្រាន់តែជាចេតនាទុច្ចរិតក្នុងការចិញ្ចឹមបញ្ហារបស់ពួកគេ ដើម្បីផលប្រយោជន៍ខ្លួន និងជារបៀបវារៈនយោបាយដ៏ទុច្ចរិត ដែលមិនផ្តល់ផលប្រយោជន៍សូម្បីបន្តិចសោះឡើយសម្រាប់ជាតិខ្មែរ។ ពួកគេមានបំណងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរដែលកំពុងតែរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ។ ដូចនេះ ក្នុងនាមជាពលរដ្ឋខ្មែរនៅក្នុងស្រុក យើងពិតជាថ្កោលលទោសចំពោះការបាតុកម្មក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់បំផ្លាញផលប្រយោជន៍ជាតិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរជាង១៧លាននាក់៕ ដោយ៖ មាន មេត្តា

លិខិតមិត្តអ្នកអាន៖ តើការបោះពុម្ពធនបត្រប្រភេទ ២០ម៉ឺនរៀលថ្មី មានកំហុសឬទេ?





នៅលើលោកនេះ ការបោះពុម្ពក្រដាស់ប្រាក់ប្រភេទថ្មីសម្រាប់ប្រើបា្រស់នៅក្នុងប្រទេសនីមួយៗ មិនមានអ្វីដែលចម្លែកនោះទេ ព្រោះនេះជាការធ្វើឡើងដោយផ្អែកទៅលើទំហំនៃម៉ាក្រូសេដ្ឋកិច្ច និងប្រកបដោយការទទួលខុសត្រូវ ដោយធានាបាននូវលំនឹងសេដ្ឋកិច្ច និងធានាបានថាមិនមានអតិផរណាកើនឡើង នៅក្នុងទីផ្សារនៃប្រទេសរបស់ខ្លួន។ ត្រង់ចំណុចនេះ ចង់សួរដល់ពួកប្រឆាំង និងអ្នករិះគន់មួយក្តាប់តូចដែរថា តើប្រទេសកម្ពុជាទើបតែបានបោះពុម្ពធនបត្រប្រភេទថ្មីបែបនេះជាលើកទី១ឬយ៉ាងណា? តាមពិត ធនាគារជាតិនៃកម្ពុជាបានបោះពុម្ពធនបត្រប្រភេទថ្មីបែបនេះ ច្រើនលើករួចមកហើយ ថែមទាំងមានទំហំទឹកប្រាក់ច្រើនទៀតផង អាចនិយាយបានថាមានតម្លៃរាប់ពាន់លានដុល្លារ ដោយកាលពី៥ឆ្នាំមុន ធនាគារជាតិនៃកម្ពុជាក៏បានបោះពុម្ពក្រដាស់ប្រាក់ ១៥០០០រៀល ក្នុងឱកាសរំលឹកដល់ខួបទី១៥ឆ្នាំ នៃការឡើងគ្រងរាជរបស់ព្រះមហាក្សត្រផងដែរ ហេតុអ្វីក្រុមប្រឆាំងនិងអ្នករិះគន់ពេលនោះមិនចេញមករិះគន់ បែរជាទើបតែចេញមុខមករិះគន់នៅពេលនេះ ឬមួយពួកគេមានបង្កប់នូវរបៀបវីរៈនយោបាយនៅពីក្រោយខ្នង ដើម្បីធ្វើយ៉ាងណាបង្កើតជាបញ្ហា រិះគន់ វាយប្រហារលើរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តីទី៧នេះ។ ពួកប្រឆាំងជ្រុលនិយមមួយក្តាប់តូច តែងព្យាយាមយករឿងជាច្រើន យកមករិះគន់រាជរដ្ឋាភិបាល ដែលធាតុពិតរឿងទាំងនោះ មិនដូចជាការចោទប្រកាន់គ្មានការពិតរបស់ពួកគេឡើយ។ ជាក់ស្តែងដូចជាពេលថ្មីៗនេះ ពួកគេបានរិះគន់ទៅលើការបោះពុម្ពធនបត្រប្រភេទថ្មី២០ម៉ឺនរៀល គឺតាមពិតពួកគេមានគោលបំណងតែម្យ៉ាងគត់គឺចង់បង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋមានការខឹងសម្បា ឬមិនពេញចិត្តនឹងរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថាកម្ពុជានឹងជួបវិបត្តិដោយសាររាជរដ្ឋាភិបាលបោះពុម្ពក្រដាសប្រាក់ថ្មី២០ម៉ឺនរៀល ធ្វើឱ្យមានអតិផរណាអីជាដើម។ ការចោទប្រកាន់នេះវាអត់មានចំណុចឡូស៊ីកទាល់តែសោះ ព្រោះការបោះពុម្ពក្រដាសប្រាក់ថ្មីគឺ គេបោះដោយប្តូរជំនួសឱ្យក្រដាសប្រាក់ចាស់ រហែក ទក់ និងខូច ប៉ុណ្ណោះ។ ចំណែកឯចំនួនទឹកប្រាក់ដែលបានបោះពុម្ពថ្មីនោះទៀតសោត គឺស្ថិតក្នុងកម្រិតមធ្យមដែលត្រឹមត្រូវទៅតាមទំហំសេដ្ឋកិច្ចកម្ពុជា ពោលគឺមិនមានការបោះពុម្ពក្រដាសប្រាក់លើសចំនួន ដែលធ្វើឱ្យលុយរៀលធ្លាក់ថ្លៃដូចការចោទប្រកាន់ឡើយ។ ពាក់ព័ន្ធនឹងករណីនេះ ធនាគារជាតិនៃកម្ពុជាបានចេញមកបកស្រាយពន្យល់អំពីការបោះពុម្ពក្រដាស់ប្រាក់២០ម៉ឺនរៀលថ្មី ដោយបំភ្លឺច្បាស់ៗថា ការបោះពុម្ពក្រដាស់ប្រាក់ប្រភេទថ្មីនេះគឺជាការដាក់ជំនួសក្រដាស់ប្រាក់ដែលរហែក ប្រលាក់ និងខូចគុណភាពមិនអាចប្រើប្រាស់បាន និងមានទំហំទឹកប្រាក់ស្មើគ្នាទៅនិងក្រដាស់ប្រាក់ដែលត្រូវបានកម្ទេចចោល និងស្របពេលទៅនឹងខួបព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួបលើកទី២០ឆ្នាំ រាជរបស់ព្រះអង្គ គឺនៅថ្ងៃ២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុននេះក៏ដោយ ក៏ពួកប្រឆាំងជ្រុលនិយម នៅតែមិនព្រមធ្វើយល់ ហើយនៅតែខិតខំរិះគន់ទាំងបិទភ្នែក បិទត្រចៀក ដោយមិនខ្វល់ និងមិនស្តាប់អ្វីៗទាំងអស់ គឺនៅតែបន្តរិះគន់ទាំងទទឹងទិស និងដោយមិនសមហេតុផល។ យើងអាចនិយាយបានថា កាបោះពុម្ពធនបត្រប្រភេទ២០ម៉ឺនរៀលថ្មីនេះ ជាការធ្វើចរាចរបំពេញបន្ថែមសាច់ប្រាក់បង្គ្រប់នៅក្នុងទីផ្សារតែប៉ុណ្ពោះ មិនមានអ្វីចម្លែកនោះទេ។ បើយើងមើលឱ្យឆ្ងាយពីប្រាក់រៀលខ្មែរ សូម្បីតែនៅសហរដ្ឋអាមេរិកដែលគេចាយប្រាក់ដុល្លារ ដែលជាប្រទេសមួយដែលក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច សរសើមិនដាច់ពីមាត់ និងមើលឃើញថាធ្វើអ្វីៗល្អដូចផ្កា និងកំពុងសង្ងំលាក់ខ្លួនជ្រកកោណ គេចវេសពីទោសទណ្ឌ ដែលខ្លួនបានប្រព្រឹត្តនៅកម្ពុជា ក៏ប្រទេសគេបាននិងកំពុងបោះពុម្ពក្រដាស់ថ្មីដូចកម្ពុជាដែរ ថែមទាំងពេលខ្លះគេបោះពុម្ពលើសពីទំហំទឹកប្រាក់ដែលត្រូវការថែមទៀតផង ព្រោះដើម្បីយកប្រាក់ទាំងនោះទៅផ្គត់ផ្គង់ដល់ប្រទេសផ្សេងៗដែលកំពុងត្រូវការជំនួយ ក្នុងការធ្វើសង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយគ្នាពីមួយកន្លែងទៅមួយកន្លែងមិនចេះចប់មិនចេះហើយ។ ជាពិសេស ក្នុងពេលនេះពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ច និងមានអតិផរណាមួយយ៉ាងខ្ពស់ តួយ៉ាងដូចសព្វថ្ងៃនេះតម្លៃមាសបាននិងកំពុងហក់ឡើងយ៉ាងខ្ពស់ ធៀបទៅនិងប្រាក់ដុល្លារ ដែលបញ្ហានេះមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយក្នុង១តម្លឹងមាស មានតម្លៃជាង ៣ពាន់ដុល្លារអាមេរិកទៅហើយ។ តើនេះមកពីមាសឡើងថ្លៃ ឬប្រាក់ដុល្លារចុះថោក? តើក្រុមប្រឆាំងនិងអ្នករិះគន់ជ្រុលនិយមមួយចំនួន ធ្លាប់បានលើកបញ្ហានេះមកវិភាគ និងរិះគន់ដែរឬទេ? បើយើងក្រឡេកមើលមកកម្ពុជាក្នុងក្រសែភ្នែកល្អវិញ តើនៅមុនពេលនិងក្រោយពេលបោះពុម្ពធនបត្រប្រភេទ២០ម៉ឺនរៀលថ្មី អត្រាប្តូរប្រាក់មានការប្រែប្រួលដែរទេ បើធៀបនិងប្រាក់ដុល្លារនោះ គឺមិនមានទេ មិនត្រឹមតែប៉ុណ្ណោះកម្ពុជាថែមទាំងរក្សាបាននូវលំនឹងសេដ្ឋកិច្ចបានល្អទៀតផង ពោលគឺមានតម្លៃថេរដោយក្នុង១ដុល្លារចម្លោះត្រឹមពី ៤០៥០ រៀល ទៅ៤១០០រៀល ប៉ុណ្ណោះ ត្រង់នេះឬ ដែលគេអាចនិយាយថាប្រាក់រៀលខ្មែរចុះថោកនោះ? ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប សូមក្រើនរំលឹកដល់អ្នកប្រឆាំងដែលចូលចិត្តរិះគន់បែបជ្រុលនិយមខ្លះ និងអ្នកវិភាគដូរបាយទាំងឡាយថា ប្រជាពលរដ្ឋខ្មែរសម័យនេះ គាត់មានការយល់ដឹងច្រើននិងមានការវិភាគលើបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ច បានគ្រប់ជ្រុងជ្រោយល្អណាស់ អាចនិយាយបានថាមិនចាញ់ក្រុមប្រឆាំងរត់ចោលស្រុកមួយចំនួននោះទេ ព្រោះសម័យនេះពួកគាត់ទទួលបាននូវព័ត៌មានច្រើនពីគ្រប់ទិសទី និងលឿនរហ័ស ដែលពួកប្រឆាំងមិនអាចបំភ្លៃការពិត និងញុះញុងបានទៀតនោះទេ។ ប្រជាជពលរដ្ឋខ្មែរដឹងយ៉ាងច្បាស់ថា ពួកប្រឆាំងរត់ចោលស្រុកនេះ មិនដែលមើលឃើញប្រទេសរបស់ខ្លួនក្នុងក្រសែភ្នែកល្អម្តងណាទេ៕ 

ដោយ៖ ជា ឧត្តម

សម្តេចបវរធិបតី៖ បន្ទាប់ពីការអនុវត្ត “គោលនយោបាយឈ្នះ-ឈ្នះ”






សម្តេចបវរធិបតី៖ បន្ទាប់ពីការអនុវត្ត “គោលនយោបាយឈ្នះ-ឈ្នះ” ប្រកបដោយភាពជោគជ័យ កម្ពុជាបានបិទបញ្ចប់ការបែកបាក់ទឹកដីក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ និងទទួលបានឯកភាពជាតិពេញលេញនៅក្នុងឆ្នាំ១៩៩៨ ដែលធ្វើឱ្យប្រទេសរួបរួមគ្នា ហើយក៏ជាកត្តាអំណោយផលដល់រាជរដ្ឋាភិបាលក្នុងការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ រយៈពេល ៥ឆ្នាំ (១៩៩៨-២០០៣) នាគ្រានោះ ដែលផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការធំៗចំនួន ៣ រួមមាន៖ (១) ការពង្រឹងភាពជឿទុកចិត្តដើម្បីរក្សាសន្ដិភាពឱ្យបានថិតថេរ (២) ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងឆាកអន្តរជាតិ និង (៣) ការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ។ (២៤ តុលា ២០២៤) Samdech Borvor Thipadei: After the successful implementation of the "Win-Win Policy", Cambodia ended 500 years of territorial fragmentation and achieved full national unity in 1998, resulting in the unification of the country. This created a favorable environment for the Royal Government to introduce the five-year Triangle Strategy (1998-2003), which focused on three main priorities: (1) strengthening trust to maintain stable peace, (2) integrating Cambodia into the international community, and (3) implementing policies for development and poverty reduction. (24 October 2024) Unofficial translation





ត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនាគតរុងរឿងរបស់ប្រទេសជាតិនិងកូនចៅយើង


 

ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសយើងប្រែមុខមាត់ថ្មីទាំងស្រុងមិនធ្លាប់មានពីមុន និងកំពុងដាក់ទិសដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតដែរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនាគតរុងរឿងរបស់ប្រទេសយើង និងកូនចៅយើង។ 

ការលើកឡើងដូច្នេះរបស់ឯកឧត្ដម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិ» នៅសាលាភូមិន្ទរដ្ឋបាល (ERA) នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ 

នាឱកាសនោះដែរ ឯកឧត្ដម ប៉ែន បូណា បានលើកឡើងថា ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់អតីតកាលដ៏មហាជូរចត់ រន្ធត់តក់ស្លុត គ្រប់គ្រាន់ហើយ ដូច្នេះ យើងមិនចង់ឃើញកូនចៅយើង ដែលកើតក្រោយសម័យសង្គ្រាម ជួបរស់ជាតិជីវិតលំបាកវេទនាដូចពួកយើងឡើយ។ដើម្បីបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល មានជម្រើសតែមួយគត់ គឺការចូលរួមគាំទ្រដឹកនាំរបស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ហើយការងារដ៏សំខាន់មួយរបស់យើងទាំងអស់គ្នា ពិសេសមន្ត្រីរាជការ គឺនាំគ្នាប្រយុទ្ធប្រឆាំងនិងបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដែលមានចរិតបំផ្លិចបំផ្លាញ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ 

ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដើម្បីបំពុលសង្គមទាំងនេះ គឺមានតែបញ្ចេញព័ត៌មានពិត និងស្នាដៃទាំងឡាយដែលរាជរដ្ឋាភិបាលបានកសាងទុកជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ដោយមិនទុកឱកាសឱ្យព័ត៌មានមិនពិតទាំងនោះ ចូលមកបំពុលសង្គមបានឡើយ ជាពិសេសនោះ ត្រូវបង្ហាញពីគុណតម្លៃសន្តិភាព សមិទ្ធផល និងចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុជាតិនិងប្រជាជន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបជាប្រចាំ ក្នុងស្មារតីបុរេសកម្មដ៏រស់រវើក៕