Monday, March 04, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការស្នើសុំនីតិសម្បទាសិទ្ធិធ្វើនយោបាយឡើងវិញ អាចនឹងបញ្ចប់នៅមុនឬក្រោយចូលឆ្នាំខ្មែរខាងមុខនេះ!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា «ទ្វារបើកហើយ អ្នកចូលឬមិនចូលអាស្រ័យលើអ្នក ហើយទ្វារដែលបើកហើយវាក៏អាចបិទវិញបានដែរ។ បើអ្នកព្រងើយកន្តើយហើយ ចង់ទាមទារ នេះទាមទារនោះ លក្ខខណ្ឌនេះ លក្ខខណ្ឌនោះ អ្នកត្រូវដឹងថា អ្នកត្រូវរង់ចាំដល់ខែវិច្ឆិកា ឆ្នាំ២០២២»។ លោកបានប្រសាសន៍បន្តថា បើនៅតែព្រងើយកន្តើយ ទ្វារអាចនឹងបិទនៅមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ ទោះបីដាក់ពាក្យសុំក៏លោកមិនអើពើ បើនៅតែបន្តប្រើសម្តីឈ្លើយបែបនេះ។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សូមកុំរង់ចាំអ្វីទាំងអស់ កម្ពុជាជាប្រទេស ជាប្រទេសឯករាជ្យ អធិបតេយ្យ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ រាជរដ្ឋាភិបាល បានខិតខំបើកទ្វារសម្រាប់អស់លោកអ្នក ប៉ុន្តែរឿងអស់លោកអ្នកចូលឬមិនចូល គឺជារឿងខ្លួនឯង ហើយកុំសង្ឃឹមថា នឹងមានការលើកលែងទោស ឬលើកលែងការចោទប្រកាន់ចំពោះអ្នកណានោះទេ៕







យុទ្ធនាការផ្សព្វផ្សាយឯកសារច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរិតបន្តឹងការពាក់មួកសុវត្ថិភាព

បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវ ឱ្យមានការប្រុងប្រយ័ត្ននៅស្រុកភ្នំព្រឹក។ ក្នុងយុទ្ធនាការនេះក៏មានការចូលរួមពីលោកអភិបាល ស្រុកភ្នំព្រឹក កម្លាំងសមត្ថកិច្ចនគរបាលស្រុក កងរាជអាវុធហត្ថស្រុក លោកមេឃុំ និងមន្រ្តីលេខាធិការ ដ្ឋាននៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលប្រព្រឹត្តទៅនៅចំនុច រង្វង់មូលស្រុកភ្នំព្រឹក។

ដោយក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរា​ចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែក៖
– មួកសុវត្ថិភាពចំនួន ៥០មួក
– សៀវភៅផ្សព្វផ្សាយសញ្ញាចរាចរណ៍សំខាន់ចំនួន ១០ក្បាល
– ស្ទិកឃ័រការពារជីវិតអ្នកកុំបើកបរហួសល្បឿនកំណត់ចំនួន ១០០សន្លឹក
– ប្រការសំខាន់ៗដែលអ្នកបើកបរត្រូវចងចាំចំពោះអ្នកប្រប្រាស់ផ្លូវចំនួន ២០០សន្លឹក
– ផ្ទាំងផ្លាកសញ្ញាសម្រាប់អ្នកថ្មើជើងចំនួន ១០សន្លឹក
– ស្លាកសញ្ញាសចរាចរណ៍ចំនួន ១០សន្លឹក
-បទប្បញ្ញត្តិសំខាន់ៗនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ២០០សន្លឹក
-ស្ទិកឃ័របើកបរដោយសុវត្ថិភាពពាក់មួកចំនួន ២០០សន្លឹក
-សៀវភៅ ដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ក្បាល
– ស្ទិកឃ័រការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវចំនួន ២០០សន្លឹក
– សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៥០ក្បាល៕





គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ចំណាយទឹកប្រាក់ប្រមាណ ៣៦លានដុល្លារអាមេរិក

នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានី ភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។
គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងគម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿងផងដែរ។
ភូមិសាស្រ្តនៅក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្នកំពុង តែត្រូវបានពង្រីកវិសាលភាពយ៉ាងធំទូលាយផងដែរ ដែលរួមមាន១២ខណ្ឌ ហើយក្នុងពេលថ្មីៗនេះយើងបានបង្កើត២ខណ្ឌបន្ថែមទៀតដែលសរុបមានចំនួន១៤ខណ្ឌ ហើយទំហំផ្ទៃដីក៏ចេះតែមានការកើនឡើង ជាបន្តបន្ទាប់ផងដែរ។
យោងតាមសាលារាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ប្រើរយៈពេលប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដែលគម្រោងនេះនឹងរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាធ្វើឱ្យបរិស្ថាននៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កាន់តែប្រសើរឡើងផងដែរ។
បច្ចុប្បន្ននេះ រាជធានីភ្នំពេញរបស់យើងកាន់តែមានការរីកចម្រើនទៅ មុខជាលំដាប់ដែលក្នុងនោះយើងឃើញថា អគារខ្ពស់ៗ និងទំនើបៗ កំពុងតែកើតមានឡើងរីកស្គុះស្គាយជាច្រើនផងដែរ ពាសពេញ ទីក្រុងភ្នំពេញ បើយើងប្រៀបធៀបពីអតីតកាលជាពិសេស ក្រោយពេល ដែលទើបបញ្ចប់សង្រ្គាម ទីក្រុងភ្នំពេញដែលស្ទើរតែគេហៅថាជាទី ក្រុងខ្មោចទៅហើយ ប៉ុន្តែបច្ចុប្បន្ននេះ រាជធានីភ្នំពេញបានអភិវឌ្ឍយ៉ាង ឆាប់រហ័សដោយក្នុងនោះកំណើនយានយន្តក៏មានការកើនឡើង បញ្ហានៃការកកស្ទះចរាចរណ៍ក៏មានការកើនឡើងផងដែរដែលទាំងអស់នេះដោយសារតែការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានចំនួនកាន់តែច្រើនឡើង។

តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ ជាមួយដៃគូ អភិវឌ្ឍន៍នានា ជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននោះ បានអនុវត្តន៍គម្រោង ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ចំនួន៣លើករួចមកហើយ ដែលលើកនេះគឺជាគម្រោងទី៤។ តាមរយៈគម្រោងទាំង៣កន្លងមក បានជួយឲ្យរាជធានីភ្នំពេញគេចផុត ពីការគំរាមកំហែងដោយទឹកជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អ ប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង៕





(សូមទស្សនាវីដេអូ)៖ ភ្នំពេញមានការរីកចម្រើនដោយបានប្រែក្លាយពីទីក្រុងដែលគ្មានមនុស្សរស់នៅ ទៅជាទីក្រុងដែលមានមនុស្សច្រើនកុះករស្ទះចរាចរណ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ភ្នំពេញមានការរីកចម្រើនដោយបានប្រែក្លាយពីទីក្រុងដែលគ្មានមនុស្សរស់នៅ ទៅជាទីក្រុងដែលមានមនុស្សច្រើនកុះករស្ទះចរាចរណ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ក្រោយរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត កម្ពុជាបានចាប់ផ្តើមកសាងជាបណ្តើរៗ ពីដំណាក់កាលដែលទីក្រុងភ្នំពេញគ្មានមនុស្សរស់នៅ ក្លាយទៅជាទីក្រុងភ្នំពេញមួយដែលមានមនុស្សច្រើនកុះករ រហូតដល់ការបង្កើតឱ្យមានការស្ទះចរាចរណ៍ផងដែរដែលនេះក៏បង្ហាញឱ្យឃើញពីវឌ្ឍនភាពដ៏ធំសម្បើមនៅក្នុងរយៈពេល៤០ឆ្នាំកន្លងផុតទៅនេះ ។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សួនច្បាររបស់យើងនេះ បន្ទាប់ពីយើងកាប់ដើមដូងចេញហើយ យើងបានកសាងសួនច្បារឡើងវិញ ប៉ុន្តែសួនច្បាររបស់យើងកាលពីពេលមុន គ្រាន់តែជាដីក្រហមទេ ដែលប្រជាពលរដ្ឋរបស់យើងដើរលេងកម្សាន្តតែងមានការប្រឡាក់ជើង ប្រសិនបើមានភ្លៀងធ្លាក់។ លោកបានបន្តថា ប៉ុន្តែនៅពេលនេះ សួនច្បារទាំងអស់របស់យើងនៅទីក្រុងភ្នំពេញពេលនេះ បានក្លាយទៅជាសួនច្បារដែលមានការរៀបចំ បានល្អ ហើយបានផ្តល់ជាទីកន្លែងសមរម្យសម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាទីធ្លារហាត់ប្រាណរបស់ប្រជាពលរដ្ឋនៅតាមសួនច្បារទាំងនោះផងដែរ៕









ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ១រូបទៀត ត្រូវបានព្រះមហាក្សត្រ ផ្តល់នីតិសម្បទា ឱ្យធ្វើនយោបាយឡើងវិញ

លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញហើយ។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩។
ការប្រទាននីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញនេះ បានធ្វើឡើងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីសាមីខ្លួន បានធ្វើលិខិតស្នើសុំនីតិសម្បទានេះ តាមវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។
លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពី លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ លោក ស៊ីម សុវណ្ណនី ស្ថិតនៅក្នុងលេខរៀងទី៤៤ នៃបញ្ជីហាមឃាត់ធ្វើនយោបាយរបស់តុលាការកំពូល។
សូមបញ្ជាក់ថា អតីតគណបក្សសង្រ្គោះជាតិ សរុបចំនួន១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកាផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបិតផ្លូវតវ៉ា បន្ទាប់ពីតុលាការរកឃើញថា អតីតគណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
គួរបញ្ចាក់ដែរថា លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែលជាកូនប្រុសរបស់ លោក គង់ គាំ បានបង្ហើបថា នឹងមានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀត ស្នើសុំសិទ្ធិធ្វើនយោបាយ នៅពេលខាងមុខនេះ។
ទន្ទឹមគ្នានេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលជាអតីតថ្នាក់ដឹកនាំមួយរូប ក្នុងអតីត CNRP ១១៨នាក់ ក៏បានបង្ហើបតាមបណ្តាញសង្គម ​Facebook អំពីការទទួលយកសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ​បើសិនមានការប្រទានពីព្រះមហាក្សត្រ។
ព្រះអង្គមានបន្ទូលយ៉ាងដូច្នេះថា «ប្រសិនបើ ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឲ្យខ្ញុំមានសិទ្ធិ ធ្វើនយោបាយ ឡើងវិញ ខ្ញុំនឹងទទួល ដើម្បីបន្តដំណើរ (ក្នុងស្រុក) ឆ្ពោះទៅរក ការផ្លាស់ប្តូរ ជាវិជ្ជមាន»។

ប៉ុន្តែទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ដល់អ្នកនយោបាយជាប់បម្រាមទាំងអស់ ដែលចង់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ត្រូវតែធ្វើការស្នើសុំទៅក្រសួងមហាផ្ទៃ ហើយលិខិតស្នើសុំទាំងអស់ដាច់ដោយឡែកពីគ្នា មិនអាចធ្វើជាកញ្ចប់នោះទេ៕




លិខិតមិត្តអ្នកអាន៖ « ក្រុមអ្នកកឹមសុខានិយម នៅអាមេរិកនិងកាណាដាគ្រោងជួបគ្នានៅហ្វីឡាឌែលហ្វៀ» !

ក្រុមអ្នក កឹម សុខា និយម នៅសហរដ្ឋអាមេរិក កាណាដានិងបារាំង គ្រោងជួបជុំគ្នានៅទីក្រុងហ្វីឡាឌែលហ្វៀ( Philadelphia) ឆាប់ៗនេះដើម្បីពិភាក្សាអំពីកិច្ចការដែលពួកគេត្រូវធ្វើ សម្រាប់អនាគតនយោបាយនៃក្រុមរបស់ខ្លួន។
ប្រភពពីក្រុម កឹម សុខា និយមនៅអាមេរិកបានឲ្យដឹងថា មានក្រុមអ្នកគាំទ្រលោក កឹម សុខា ជាច្រើននៅក្រៅប្រទេសជាពិសេសនៅអាមេរិក កាណាដា និងបារាំង បានសម្តែងការក្តៅក្រហាយកាន់តែខ្លាំងឡើងៗ ចំពោះទង្វើរបស់លោក សម រង្ស៊ី និងបក្សពួករបស់គាត់ដែលមាន លោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ជាដើម។ ក្រុម កឹម សុខា និយមទាំងនោះ បានចាត់ទុកការធ្វើសកម្មភាពរបស់លោក សម រង្ស៊ី និងគូរកនទាំងនោះថា ជាសម្ពាធកាន់តែធ្ងន់ទៅៗមកលើលោក កឹម សុខា តាមរយៈការដុតកម្តៅស្ថានការណ៍ឥតឈប់ឈរដែលជាចេតនារបស់លោក សម រង្ស៊ី ក្នុងការបិទផ្លូវនយោបាយ សម្រាប់ការរកដំណោះស្រាយបង្រួបង្រួមជាតិរវាងខ្មែរនិងខ្មែរ។ ស្ថានភាពនេះត្រូវបានក្រុមអ្នកគាំទ្រលោក កឹម សុខា ហៅថា ជានយោបាយចែកដីគ្នា នៅដែលធ្វើឲ្យជោគវាសនារបស់លោក កឹម សុខា ស្ថិតក្នុងសភាពងងឹតសូន្យសុង។
ប្រភពបានឲ្យដឹងទៀតថា ដោយអត់ទ្រាំនឹងទង្វើនេះលែងបាន ក្រុមអ្នកគាំទ្រលោក កឹម សុខា ដែលមានការគាំទ្រនិងជួយជ្រោមជ្រែងពីលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលីសញ្ជាតិខ្មែរនៃរដ្ឋវិចតូរីយ៉ាផង ក៏បានពិភាក្សាគ្នារិះរកច្រកចេញមួយផ្សេងពីផ្លូវដែលលោក សម រង្ស៊ី កំពុងដើរ។ ឥឡូវនេះ ពួកគេកំពុងរៀបគម្រោងដើម្បីបើកពិធីជួបជុំមួយដែលឈានទៅរកការសម្រេចចិត្តខាងនយោបាយដ៏សំខាន់មួយ។ ក្រុមអ្នកគាំទ្រលោក កឹមសុខា នៅក្រៅប្រទេសគ្រោងនឹងរៀបចំពិធីជួបជុំដូចគ្នាទៅនឹងអ្វីដែលលោក សម រង្ស៊ីនិងបក្សពួកបានធ្វើកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិកដើម្បីធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា ដូច្នេះដែរ។
បើតាមប្រភពគួរឲ្យទុកចិត្តបាន ក្រុម កឹម សុខា និយមទាំងនោះមានបំណងពិភាក្សាដើម្បីឈានទៅប្រកាសសេចក្តីសម្រេចសំខាន់ៗមួយចំនួនដូចជា ការសុំសិទ្ធិធ្វើនយោបាយឡើងវិញ ការប្រកាសគោលជំហរ នយោបាយមួយដែលជារបស់អ្នក កឹម សុខា និយមដែលពួកគេចាត់ទុកជាអនាគតនយោបាយនៃក្រុមប្រឆាំងនៅកម្ពុជា។ ក្រុមនេះមានគោលដៅទាត់ចោលតួនាទីរបស់លោក សម រង្ស៊ី និងប្រកាសមិនពាក់ព័ន្ធជាមួយក្រុមលោក សម រង្ស៊ី ទៀតឡើយ ពោលគឺការផ្តាច់ចំណងសម្ព័ន្ធភាពក្លែងក្លាយរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ហើយផ្តល់តួនាទីសំខាន់ដល់លោក កឹម សុខា ឬឥស្សរៈជនម្នាក់ពីកូតាលោក កឹម សុខា (អាចជាកូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា) ឲ្យបន្តដឹកនាំក្រុមប្រឆាំង ដោយផាត់ចោលទាំងស្រុងតួនាទីរបស់លោក សម រង្ស៊ី។
ក្រុមលោក កឹម សុខា ដែលដាក់ឈ្មោះខ្លួនឯងថា ជាក្រុមកែទម្រង់ ចង់អនុម័តគោលនយោបាយថ្មីមួយសម្រាប់បក្សប្រឆាំងដែលមានលក្ខណៈស្ថាបនា និងទន់ភ្លន់ដោយមិនយកការញុះញង់ ចាក់ដោត លាបពណ៌ ដើម្បីបញ្ឆេះកំហឹងដូចដែលលោក សម រង្ស៊ី បានធ្វើនោះឡើយ។ ក្រុមនេះ ក៏គ្រោងប្រកាសគោលនយោបាយការបរទេសថ្មីមួយសម្រាប់ក្រុមរបស់ខ្លួនដែលខុសពីគោលនយោបាយការបរទេសរបស់លោក សម រង្ស៊ី ផងដែរ។
សម្រាប់អ្នកតាមដាននយោបាយតុកាហ្វេ ខ្ញុំយល់ឃើញថា នេះជារបត់នយោបាយថ្មីមួយដ៏សំខាន់ សម្រាប់កសាងអនាគតបក្សប្រឆាំងមួយដែលមានតួនាទីពិតប្រាកដនៅកម្ពុជាពីព្រោះនយោបាយប្រឆាំងបែបលោក សម រង្ស៊ីដែលត្រូវបានសាកល្បងជាង ២០ឆ្នាំមកហើយនោះ ឃើញថា ទទួលបរាជ័យទាំងស្រុង។ ចលនា កឹម សុខា និយម ដែលកំពុងកម្រើកឡើងនាពេលនេះជាសញ្ញាប្រកាសអាសន្នចំពោះលោក សម រង្ស៊ី និងគូរកនដែលអាជីពនយោបាយលាបពណ៌ និងបញ្ឆេះកំហឹងរបស់ពួកគេបានឈានដល់ទីបញ្ចប់។
ទោះបីជាក្រុមលោក កឹម សុខា បានខាតពេលយ៉ាងច្រើនជាមួយលោក សម រង្ស៊ី និងបានធ្វើឲ្យគណបក្សរលាយដោយសារនយោបាយលោក សម រង្ស៊ី ក៏ដោយ ក៏ប៉ុន្តែវានៅមិនទាន់ហួសពេលនៅឡើយនោះទេ ដែលត្រូវចាប់ផ្តើមឡើងវិញនៅពេលនេះ « It is better late than never »។ ផ្ទុយទៅវិញប្រសិនបើក្រុមលោក កឹម សុខា នៅបន្តសម្ងំស្ងៀមបន្តិចទៀតនោះ វាច្បាស់ជាហួសពេលជាមិនខាន។

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​

សៀមរាប៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារសាមគ្គីជាមួយក្រុមនិស្សិតនៃថ្នាក់ពិសេសនីតិសាស្ត្រភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ នៅសណ្ឋាគារសុខាខេត្តសៀមរាប។
ដំណើរទស្សនកិច្ចសិក្សាលើទឹកដីខេត្តសៀមរាបនេះ ធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០១៩ ដែលមាននិស្សិតចូលរួមសរុប ១២០នាក់ ដឹកនាំដោយលោក Laurent Mesmann ប្រធានគម្រោងសហប្រតិបត្តិការភាសាបារាំង នៃមហាវិទ្យាល័យនីតិសា្រស្ត និងលោក យ៉ាន​ វ៉ាន់ដឺលុច្ស សាស្ត្រាចារ្យសាលាភូមិន្ទរដ្ឋបាល។

ដំណើរទស្សនកិច្ចនេះ​ធ្វើឡើងក្រោមប្រធានបទ “សកម្មភាពយុវជនដើម្បីការអភិវឌ្ឍសង្គមប្រកបដោយចីរភាព”​ និងមានគោលបំណងរួមចំណែកក្នុងកិច្ចការសង្គម និងសកម្មភាពសប្បុរសធម៌នានាដូចជា ការជួយឧបត្ថម្ភដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ការចែករំលែកចំណេះដឹងទាក់ទងនឹងសាលាក្តីខ្មែរក្រហម បញ្ហាចរាចរ ច្បាប់ផ្សេងៗ និងការគាំពារបរិស្ថានតាមរយៈការដាំកូនឈើតាមប្រាសាទនានា ៕


ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល បានប្រគល់ជូនគ្រួសារសព សមាជិកសមាគមអតីតយុទ្ធជន


កំពង់ឆ្នាំង៖ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ តំណាង លោក ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត, លោក ឡាយ សុភ័ត នាយរងការិយា ល័យបុគ្គលិករួមជាមួយ៖ សមាជិក សអក សាខា ស្រុក ឃុំ ភូមិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកនូវសារ រំលែកទុក្ខ រួមជាមួយថវិកាចំនួន ៤លានរៀលជូន លោកស្រី តេង ចន្ថា ត្រូវជាកូនរបស់សពសមាជិក សអក ឈ្មោះ ម៉ាង វឿន ប្រភេទជនពិការ ID(HA88001279) បានទទួលមរណភាព នៅវេលា ម៉ោង៤:៣០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិខ្យាងជើង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕


គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការប្តឹងតវ៉ា និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងទៅនឹងការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ សម្រាប់ការ បោះឆ្នោត នាពេលខាងមុខ។ នេះតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលទទួលបាននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ។
គ.ជ.ប បានឱ្យដឹងថា កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ព្រឹក នៅសាលសន្និសីទសារព័ត៌មាន ជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, តំណាងព្រឹទ្ធសភា និងរដ្ឋសភា, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖

អភិបាលរងស្រុកចន្ទ្រា នាំយកអំណោយមនុស្សធម៌ប្រគល់ជូន លោកយាយចាស់ជរានៅឃុំមេសរថ្ងក

ស្វាយរៀង៖ នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ ២០១៩ លោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រា តំណាងលោក ហួត ឃាងវេង ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា បានដឹកនាំ យុវជន ស.ស.យ.ក ស្រុកនាំយកអំណោយ និងថវិកាទៅចែកជូនលោកយាយ ចាស់ជរា នៅឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៣គ្រួសារ។
ចាស់ជរាទាំង៣គ្រួសាររួមមាន៖ លោកយាយ នឹម ផន អាយុ៦៣ឆ្នាំ លោកយាយ ពិ សាវន់ និងលោកតា ស៊ុ អ៊ អាយុ៤៥ឆ្នាំ។

អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ ប្រេងឆា១ដប និងថវិកា៤០០០០រៀល៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បបួលមេចោរដែលលួចហ្វេសប៊ុករបស់លោកស្បថស្លាប់មួយពូជ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាថ្មីម្តងទៀតថា លោកសូមបបួលមេចោរហ្វេសប៊ុកដែលបានលួចហ្វេសប៊ុករបស់លោកជាង១ម៉ោងមកស្បថឱ្យស្លាប់មួយពូជ ប្រសិនបើនិយាយថា មិនបានលួចនោះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មេចោរហ្វេសប៊ុករូបនោះបានលួចហ្វេសប៊ុករបស់លោកគ្រប់គ្រងជាង១ម៉ោង ហើយថែមទាំងបានបង្ហោះសារថា បើសិនក្រុមហ៊ុនហ្វេសប៊ុកហ៊ានបិទហ្វេសប៊ុករបស់លោក លោកនឹងបិទហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជាទាំងមូល។ លោកបានបន្តថា នេះជាសារបង្ហោះមួលបង្កាច់ ដោយសារមេចោរហ្វេសប៊ុករូបនោះលេងហ្វេសប៊ុកមិនដែលឈ្នះលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការលួចហ្វេសប៊ុករបស់លោកនេះ គឺជាឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលពិភពលោកកំពុងតែថ្កោលទោសយ៉ាងខ្លាំង ហើយទង្វើនេះក៏វាបានប្រាសចាកពីផ្លូវច្បាប់ផងដែរដែលអាចនឹងត្រូវប្រឈមទោស។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេចូលលួចយកគ្រប់គ្រង និងបានបង្ហោះផ្សាយនូវព័ត៌មានប្រឌិតមួយចំនួនដែលអាចប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ ហើយចោរលួចនោះក៏បានលុបចោលទិន្នន័យនៅក្នុងទំព័រហ្វេសប៊ុករបស់លោកផងដែរ។ គេសង្កេតឃើញថា ក្រោយការបង្ហោះបំភ្លៃមានការចែកចាយ (share) ជាច្រើនពីក្រុមអ្នកលេងហ្វេសប៊ុកដែលមាននិន្នាការប្រឆាំងផងដែរ៕




កម្ពុជានឹងមានផ្លូវល្បឿនលឿនដំបូងបំផុតពី ភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋាសាងសង់នាថ្ងៃទី២២ ខែមីនា

ទីបំផុតទៅផ្លូវល្បឿនលឿនដំបូងបំផុតនៅកម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកនោះ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ពីធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្ដី ហ៊ុន​ សែន និងលោក​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ នេះបើយោងតាមតារាងកម្មវិធីការងាររបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។
គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានចុះហត្ថលេខារវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខាជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន កាលពីដើមឆ្នាំ២០១៨។ ពិធីចុះហត្ថលេខានោះធ្វើឡើង ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចិនបំពេញទស្សនកិច្ចនៅកម្ពុជា។
ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើឡើងតាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT)។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានកសាងរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ។ ផ្លូវល្បឿនលឿននេះគ្រោងប្រើពេលសាងសង់ ៤ឆ្នាំ។
លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ ដទៃទៀត។

លោករដ្ឋមន្ត្រីជឿថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងរួមចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មានមជ្ឈដ្ឋានមួយចំនួនខ្វះសុចរិតភាពក្នុងការធ្វើអត្ថាធិប្បាយបញ្ហាជំនន់ទឹកភ្លៀងកន្លងមក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កន្លងមកមានមជ្ឈដ្ឋានមួយចំនួននៅពេលដែលមានជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ បែរជាបង្ហោះផ្សាយបែបឌឺដងលើសមត្ថភាពក្នុងការគ្រប់គ្រងទឹក ដែលប្រការនេះត្រូវបានលោកហៅថាជាការខ្វះសុចរិតភាពក្នុងការធ្វើអត្ថាធិប្បាយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យមជ្ឈដ្ឋាននានាធ្វើការវិនិច្ឆ័យឱ្យបានត្រឹមត្រូវក្នុងនាមជាមនុស្ស ពីព្រោះមានតែតិរច្ឆានទេដែលពុំមានសុភៈវិនិច្ឆ័យនោះ។ លោកបានបន្តថា នៅក្នុងប្រទេសមហាអំណាចធំៗ ក៏ជួបប្រទះនូវគ្រោះទឹកជំនន់ផងដែរ ហើយពេលខ្លះគឺបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកសូមបបួលស្បថជាមួយអ្នកដែលថាការដឹកនាំរបស់លោកធ្វើឱ្យប្រទេសកម្ពុជាក្រទៅៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកមានការងឿងឆ្ងល់ដែរចំពោះមតិមួយចំនួនតូចដែលបានលើកឡើងថា ការដឹកនាំរបស់លោកបានធ្វើឱ្យប្រទេសកម្ពុជាក្រទៅៗ ហើយលោកក៏សូមបបួលអ្នកដែលនិយា​យចោទទាំងនោះស្បថតែម្តង ព្រោះលោកឈប់ភ្នាល់ហើយដោយសារមានមនុស្សមួយចំនួនមិនបានគោរពតាមការភ្នាល់ឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ពុំមានពេលណាដែលប្រទេសកម្ពុជាក្រីក្រជាងក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុល ពតឡើយ ដែលនៅពេលនោះអ្វីៗត្រូវបានបំផ្លិចបំផ្លាញរហូតដល់ឬសគល់៕