Wednesday, April 25, 2018

ខេត្តស្វាយរៀងបើកកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំព្រះរាជពិធីច្រត់ព្រះន័ង្គល និងការតាំងពិព័រណ៍

ស្វាយរៀង៖ លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងាររបស់គណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដើម្បីរៀបចំស្តង់ពិព័រណ៌ប្រចាំស្រុកស្វាយជ្រំ នៅទីតាំងប្រារព្ធពិធី។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក លោកស្រី អភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យចំណុះសាលាស្រុក លោក លោកស្រីមេឃុំ ទាំង១៦ឃុំនៃស្រុកស្វាយជ្រំ។

សូមជម្រាបជូនផងដែរថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ខេត្តស្វាយរៀង នឹងរៀបចំ ពិធីច្រត់ព្រះនង្គ័លដែលនឹងប្រព្រឹត្តិទៅនៅបរិវេណវិទ្យាល័យស្វាយរៀង ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះហាក្សត្រនៃកម្ពុជា ៕



ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសាកែវ ប្រទេសថៃ បានអន្តរាគមន៍ជួយពលករខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តប្រាជីនបុរី

បន្ទាប់ពីមានករណីពលករខ្មែរខុសច្បាប់ចំនួន ២១នាក់ បានរងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តបា្រជីនបុរី ប្រទេសថៃ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទៅពិនិត្យស្ថានភាពរបស់ពលករនៅមន្ទីរពេទ្យ និងសហការជាមួយអាជ្ញាអរជាតិប៉ោយប៉ែត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ អ្នករងរបួសធ្ងន់ និងអ្នកថែទាំ អ្នករបួស នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជានៅបន្ទាប់ពីអាការៈធូរស្រាល។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅក្នុងឃុំឌុងឡេក ស្រុកមឿងបា្រជីនបុរី ដោយរថយន្ត Pick-up មួយគ្រឿងដែលដឹកពលករខ្មែរខុសច្បាប់ ចំនួន ២១នាក់ (ស្រី ៥នាក់) ចេញពីច្រកព្រំដែនបឹងត្រកួន-ណងចាន់ (ខេត្តបន្ទាយមានជ័យ-ខេត្តសាកែវ) ឆ្ពោះទៅខេត្តឈុនបុរី បានរេចង្កូតបុករថយន្តដឹកទឹកកកពីក្រោយ បណ្ដាលឲ្យពលករខ្មែរទាំងនោះរងរបូសធ្ងន់ និងស្រាល ហើយត្រូវ អាជ្ញាធរថៃបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕

ខាងក្រោមនេះជាបញ្ជីឈ្មោះពលករដែលរងគ្រោះថ្នាក់ និងសេចក្ដីប្រកាស ៖



(សូមទស្សនាវីដេអូ)លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ យើងផ្តើមពីចក្ខុវិស័យ «ឃុំមួយ អនុវិទ្យាល័យមួយ» ឆ្ពោះទៅ «ខេត្តមួយសាកលវិទ្យាល័យមួយ»

ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះមហាក្សត្រ

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន ១.០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមេសា ឆ្នាំ២០១៨នេះ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិត ៖



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វត្តមានរបស់ ហ៊ុន សែន វត្តមានរបស់គណបក្សប្រជាជននៅក្នុងការគ្រប់គ្រងប្រទេសនាពេលខាងមុខ គឺជាវត្តមាននៃការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំចរ ខិតជិតមកដល់ភ្លាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានសមិទ្ធផលថ្មីៗ សម្ពោធដាក់ជូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់ភ្លាមៗផងដែរ ដោយនៅថ្ងៃនេះលោកបានសម្ពោធដាក់ឱ្យប្រើប្រាស់សាកលវិទ្យាល័យថ្មីមួយនៅក្នុងខេត្តក្រចេះ ហើយកាលពីថ្ងៃទី២៣ ប៉ុន្មានថ្ងៃមុននេះលោកបានសម្ពោធសណ្ឋាគាររលំដាប់ថ្នាក់ពិភពលោកនៅលើកោះរ៉ុងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ថែមពីលើនេះលោកបានប្រកាសនៅចំពោះមុខប្រជាពលរដ្ឋរស់នៅខេត្តក្រចេះថា លោកនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គជូនប្រជាពលរដ្ឋនៅខេត្តក្រចេះមួយទៀតដើម្បីបង្ករភាពងាយស្រួលដល់ការធ្វើដំណើរ ដោយលោកបានមានប្រសាសន៍បញ្ជាក់ថា «ខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជូនបងប្អូន បញ្ជាក់ជូនបងប្អូនទាំងនៅខេត្តក្រចេះ ហើយក៏បញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋចិនផងដែរ ដែលខ្ញុំនិយាយថាស្ពានវាមិនទាន់គ្រប់ ត្រូវបង្កើតស្ពានមួយនៅនឹងទីរួមខេត្តក្រចេះនេះ ស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថាការសាងសង់ស្ពាននេះ ដើម្បីបង្កើតភាពងាយស្រួលដល់ដល់ទំនាក់ទំនងរវាងអ្នកខេត្តក្រចេះឆ្លងកាត់ទៅខេត្តកំពង់ធំ ខេត្តសៀមរាប ឱ្យបានលឿន ដោយលោកបានបញ្ជាក់ថា «បើទៅកាត់ហ្នឹង ទៅកំពង់ធំតែ ១២៩គីឡូម៉ែត្រទេ អ៊ីចឹង វត្តមានរបស់ ហ៊ុន សែន វត្តមានរបស់គណបក្សប្រជាជន នៅក្នុងការគ្រប់គ្រងប្រទេសនាពេលខាងមុខ គឺជាវត្តមានដើម្បីឈានទៅបញ្ចាប់នូវការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះ អ៊ីចឹងសង្ឃឹមថាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្រចេះ នឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនបន្តទៀត ដើម្បីឱ្យខ្ញុំបន្តដឹកនាំធ្វើស្ពាននៅខេត្តក្រចេះ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្តក្រចេះនេះ ចូលទៅក្នុងគម្រោងឆ្នាំ២០១៩ ហើយលោកប្រកាសថានឹងសម្ពោធបើកការដ្ឋានការសាងសង់ស្ពាននេះនៅក្នុងឆ្នាំ២០១៨៕




សមត្ថកិច្ចចម្រុះចុះទប់ស្កាត់ការទន្ទ្រានព្រៃឈើក្នុងឧទ្យានអង្គរ

ក្រុមការងារចម្រុះ រួមមានមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ប៉ូលិសបេតិកភណ្ឌ អាជ្ញាធរមូលដ្ឋានជាច្រើនរូប បានចុះពិនិត្យមើលការកាប់ទន្ទ្រានព្រៃនៅក្នុងឧទ្យានអង្គរ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ខាងកើតកន្លែងត្រួតពិនិត្យសំបុត្រចំណុចអក្សរតេផ្លូវ៦០ម៉ែត្រ។

លោក បេង ប៊ន មន្ត្រីទទួលបន្ទុកព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា សកម្មភាពលួចកាប់ទន្ទ្រានព្រៃឈើ នៅខាងកើតប៉ុស្តិ៍ត្រួតពិនិត្យសំបុត្រ៦០ម៉ែត្រ បានចាប់ផ្តើម តាំងពីឆ្នាំ២០១៧មកម្ល៉េះ តែក្រោយការទប់ស្កាត់ឃើញថាសកម្មភាពទាំងនោះបានបញ្ឈប់ហើយ។ ដោយឡែក ក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ សកម្មភាពកាប់ទន្រ្ទានដុតព្រៃបានកើតឡើង ម្តងទៀត។ ជនដែលសកម្មក្នុងការកាប់ព្រៃនេះ មានឈ្មោះ ថៃ ធឿង ដែលមានទំហំប្រមាណជាកន្លះ ហិចតានៅខាង ក្រោយផ្ទះរបស់ខ្លួន រួមនឹងកន្លែងផ្សេងៗទៀតជាច្រើនកន្លែង។ មួយចំណុចទៀតនៅឆៀងមុខផ្ទះ ថៃ ធឿង មានទំហំប្រមាណ៣០ម៉x៤០ម៉ ដែលបង្កដោយជនមិនស្គាល់ឈ្មោះ។

លោក បេង ប៊ន បញ្ជាក់ទៀតថា ការលួចកាប់នេះ ធ្វើឡើងពេលក្រុមការងារព្រៃឈើរបស់ អាជ្ញាធរជាតិអប្សរា អវត្តមាន ដូចជាពេលបុណ្យចូលឆ្នាំ ថ្ងៃសម្រាកបុណ្យជាតិ ថ្ងៃសៅរ៍-អាទិត្យ និងចន្លោះមុននិង ក្រោយពេល ចូលនិងចេញធ្វើការរបស់ក្រុមការងារ។ ពួកគេតែងលួចកាប់បន្តិចម្តងៗជារៀងរាល់ថ្ងៃ លុះពេលហាមឃាត់ ហើយសួរនាំ ក៏ឆ្លើយថា គ្រាន់តែដើរកាប់ដើម្បីហាត់ប្រាណឬក៏ប្រើពាក្យជេរប្រទេចតបមកក្រុមការងារ ហើយអះអាងថាព្រៃទាំងអស់នេះ ជាកម្មសិទ្ធិរបស់ខ្លួន ទាំងដែលខ្លួនត្រឹមជាអ្នកចំណូលស្រុកប៉ុណ្ណោះ ហើយអ្នកខ្លះទៀតត្រូវចៅសង្កាត់អះអាងថាមិនមានឈ្មោះជាប្រជាជនស្ថិតក្នុងភូមិស្រុករបស់ខ្លួនឡើយ។

ដោយមូលហេតុអាជ្ញាធរជាតិអប្សរា មិនមានសមត្ថកិច្ចក្នុងការដាក់ទោសទណ្ឌចំពោះជនបង្កបទល្មើស ក៏តែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធផ្សេងៗដើម្បីទប់ស្កាត់។ ជាក់ស្តែង លោក ង៉ា ចុង ចៅសង្កាត់នគរធំ ក៏បានរំឭកថា ច្រើនដងណាស់ដែលលោកហៅ ថៃ ធឿង ទៅជួបដើម្បីនិយាយគ្នា តែជននេះ មិនសូវទៅ ហើយក៏ធ្លាប់ធ្វើកិច្ចសន្យានឹងបុគ្គលនេះច្រើនដងដែរកន្លងមក តែធ្វើរួច ជននោះនៅតែមិនបញ្ឈប់ សកម្មភាពរបស់ខ្លួន។ លោកក៏បានលើកឡើងថា ដើម្បីទប់ស្កាត់ឱ្យបាន ក្រុមការងារទាំងអស់ ពិសេសមន្ត្រី ប៉ូលិសបេតិកភណ្ឌត្រូវដាក់កម្លាំងតាមគ្រប់ជំហាននិងបង្ក្រាបលើបទល្មើសជាក់ស្តែង ហើយដាក់ទោស ឱ្យសមនឹងកម្រិតទោស ទើបរាងចាល ដោយមិនអាចយោគយល់បានឡើយ ព្រោះកន្លងមកការយោគយល់ គឺគ្មានប្រសិទ្ធិភាពចំពោះជននេះ។

ដោយឡែក សម្រាប់មន្ត្រីប៉ូលិសបេតិកភណ្ឌ បានអះអាងថា ចំពោះករណីដុតព្រៃនិងកាប់ព្រៃទន្រ្ទានយកដីនេះ គឺមិនបានដឹងព័ត៌មានឡើយ តែពីពេលនេះទៅ ក្រុមការងារនឹងចុះល្បាត ហើយសហការយ៉ាង ជិតស្និទ្ធិជាមួយ ក្រុមការងារអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ដោយការចុះល្បាតឱ្យបានញឹកញាប់ ពិសេសបន្ថែមលើម៉ោង ការងារដែលក្រុមអាជ្ញាធរជាតិអប្សរាផុតម៉ោងធ្វើការ។

គួរបញ្ជាក់ជូនថា សម្រាប់ការចុះពិនិត្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារចម្រុះមិនបានឃើញមាន អ្នកបង្កហេតុឡើយ ព្រោះពួកគេបានគេចខ្លួនអស់ ហើយនឹងសម្ងំក្នុងផ្ទះ។ លើសពីនោះ ក៏បានឃើញការកាប់ បន្ថែមទៀត ដែលតាមការស្មានគឺធ្វើឡើងមួយថ្ងៃពីរថ្ងៃមុននេះ ពេលក្រុមការងារផុតម៉ោងការងារ ៕







បទអត្ថាធិប្បាយ៖ យើងវៃកូនគេ ឪគេឈឺ

ពាក្យខ្មែរនិយាយលេងថា យើងវៃកូនគេ ឪគេឈឺ របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ថ្មីៗនេះ សហ​រដ្ឋ​អាមេរិក​ពិត​ជា​បាន​បង្ហាញ​ការ​ឈឺ​ចាប់​ដល់​ឆ្អឹង  ​ក្នុងនាម​ជា​ម៉ែ​ឪ​របស់​ក្រុម​ប្រឆាំង​ដែល​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​មាន​ចរិក​វាយ​ប្រហារ​ខាង​នយោ​បាយ ដោយ​បាន​បាញ់​ពណ៌​ស្រអាប់​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​​នៅកម្ពុជា ដោយ​​​ខ្លួនបាន​ប្រឹងលើក​ឡើង​នូវបញ្ហា​តូចតាច​ក្នុង​ដំណើរ​​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ភាវូបនីយកម្ម និង​ការ​អនុវត្ត​នីតិ​រដ្ឋ​របស់​រដ្ឋ​អធិប​តេយ្យ​​មួយ ដែល​បាន​និង​កំពុង​ប្រឹង​ស្ទុះ​ងើប​ចេញ​ពី​ភាព​ក្រី​ក្រ​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ស៊ីវិល​រាំរៃ ដែល​​ដុត​បញ្ឆេះ​ដោយ​សហ​រដ្ឋ​អាមេរិក​នោះ។

ជាការពិតសម្រាប់មហាជនទូទៅដែលស្រឡាញ់សន្តិភាព និង​ការ​អភិវឌ្ឍ​មាន​ការ​សោក​ស្តាយ​​យ៉ាង​ខ្លាំង ចំពោះការលើកឡើងយ៉ាងអយុត្តិធម៌របស់អាមរិក ដែល​មិន​បាន​ឆ្លុះ​ប​ញ្ចាំង​នូវ​ការ​ពិត និងសុច្ចរិតភាព ក្នុង​បរិបទនៃដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម និង​ការ​អនុ​វត្ត​នីតិ​​រដ្ឋ​របស់រដ្ឋអធិបតេយ្យមួយ ដែល​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា គឺជាច្បាប់កំពូលរបស់រដ្ឋ ក្នុងនោះ ស្ថាប័ន​​តុលា​ការ គឺ​ជា​ស្ថាប័ន​ឯក​រាជ្យ​ក្នុង​ការ​អនុវត្ត​នីតិ​រដ្ឋ។ ហើយ​រាជ​រដ្ឋាភិបាល​មាន​កាតព្វ​កិច្ច​តាម​ផ្លូវច្បាប់ ដើម្បី​ធានា​រក្សា​ការ​ពារ​ឱ្យបាននូវសុខសន្តិភាព ស្ថេរ​​ភាព និង​សណ្តាប់​​សង្គម​ជា​ចាំ​បាច់ ក្នុង​សង្គម​ប្រជាធិប​តេយ្យ​មួយ​ឈ​​លើ​នីតិ​រដ្ឋ​យ៉ាង​ប្រា​កដ។

វាជាភ័ព្វសំណាងសម្រាប់ប្រជាជនកម្ពុជា ដែល​រាជ​រដ្ឋា​ភិបាល​បាន​ធ្វើ​ការ​បង្រ្កាប​ទាន់​ពេល​​វេលា​នូវ​គម្រោង​ជា​យុទ្ធសាស្រ្តរបស់អតីតបក្សសង្រ្គោះជាតិ ដែល​មាន​ផែន​ការ​ទុច្ច​រិត ដើម្បី​ផ្តួល​រំលំរាជរដ្ឋាភិបាល​ស្រប​​ច្បាប់។ ចំណុចចាប់ផ្តើម គឺ​រាជ​រដ្ឋាភិ​បាល​បាន​រក​ឃើញ​ភស្តុតាង​​ដ៏​រឹង​​មាំ​ចេញពីមាត់លោក កឹម សុខា បង្ហាញ​​ឱ្យ​ដឹងនូវចេតនាខាងនយោបាយរបស់ កឹម សុខា និង​​គណ​​​បក្ស​​​សង្រ្គោះ​​ជា​តិ​​ក្នុង​​ចេតនា​​រំលំ​រាជ​រដ្ឋាភិ​បាល​​កម្ពុជា​ស្របច្បាប់តាមរយៈការញុះញង់ ដុត​កម្តៅ​មហា​​ជន និង​ប្រមូល​ផ្តុំ​មហា​ជន​ឈាន​ទៅ​ដល់​បង្កើត​បដិវត្តន៍​​ពណ៌​មួយ​ដែល​មាន​ទិស​ដៅ​ទាញ​ទំលាក់​រាជ​រដ្ឋា​ភិបាល​​មួយនេះ តាម​រយៈ​ការ​ថ្លែង​នូវ​វោហា​សាស្រ្ត​នយោ​បាយ​​បំ​បែក​​​បំ​បាក់​ជាតិ ការ​ដុត​កម្តៅ​ស្អប់ពូជសាសន៍ ។ល។ ហើយ​គួប​ផ្សំ​នឹង​គំ​ហើញ របស់​រាជ​រដ្ឋា​ភិបាល​​នូវ​ការ​ជាប់​​​ពាក់​ព័ន្ធ​របស់​អង្គ​ការ​អន្តរជាតិមួយចំនួន ដូច​ជា NDI, IRI និង CANVAS ព្រម​ទាំង​ការ​ជួយ​បន្ទរ ដោយ​បណ្តាញ​ផ្សព្វ​ផ្សាយ ទាំង​វិទ្យុ (វិទ្យុអាស៊ីសេរី វីអូអេ វីអូឌី ។ល។) កាសែត The Cambodia Daily, The Phnom Penh Post និង​បណ្តាញ​សង្គម​ផងដែរនោះ គឺជា​សេណារី​យោ​ដ៏​អាក្រក់ ដែល​នឹង​នាំ​មក​​នូវ​​មហា​គ្រោះ​ថ្នាក់​ដល់​ប្រជា​ជន​និង​ជាតិ​មាតុ​ភូមិ​កម្ពុជា។ វិធាន​ការ​តាម​ផ្លូវ​​ច្បាប់​ទាំង​នេះ គឺ​ប្រៀប​ដូច​យើង​វៃ​ប្រដៅ​កូន​គេ ឪ​គេ​ឈឺ​ចាប់​ជា​មិន​ខាន។

រដ្ឋធម្មនុញ្ញកម្ពុជាបានផ្តល់នូវសិទ្ធិសេរីភាពយ៉ាងពេញលេញដល់ពលរដ្ឋខ្មែរគ្រប់រូប​ ហើយ​ការ​អនុវត្ត​សិទ្ធិសេរីភាពទាំងអស់មិនត្រូវប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និង​មិន​រំលោភ​ច្បាប់​ជា​ធរមាន​របស់​ប្រទេស​ជា​ដាច់​ខាត។ ដូច្នេះ ក្រសួង​ការ​បរទេស​អាមេរិក​មិន​គួរ​គប្បី​ធ្វើ​ឈឺ​ចាប់​លើ​បញ្ហាតូចតាច ឬ បុគ្គល និងអង្គការ បក្ស​នយោ​បាយ​​មួយ​ចំនួន ដែល​បាន​ធ្វើ​សកម្មភាព​រំលោភ​ច្បាប់​​ប្រទេស​ធ្ងន់ធ្ងរ​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សុខ​សន្តិ​ភាព ស្ថេរ​ភាព​នយោ​បាយ និង​សណ្តាប់​សង្គម​របស់​ប្រទេស​នោះ​ទេ។ យ៉ាង​ណាក៏​ដោយ​កម្ពុជា​បាន​យល់​ដឹង​ក្នុង​​ន័យដែល​ថា យើង​វៃ​កូន​គេ ឪគេឈឺចាប់ហើយ តែយ៉ាងណាទស្សនៈរបស់កម្ពុជា គឺ សន្តិភាព និង​ស្ថេរ​ភាព​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃបាន ក្នុង​ន័យ​ដែល​កម្ពុជា​ខ្លួន​ឯង​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់​គ្រប់​គ្រាន់​ក្នុង​សង្រ្គាម​ដែល​​មាន​​ការ​​ជ្រៀត​ជ្រែក​ពី​បរទេស​ក្នុង​ទស្សវត្ស​ឆ្នាំ១៩៦០ និង​១៩៧០ ដែល​បាននាំ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​​ហន្ត​រាយ​ខ្ទេច​ខ្ទីស្ទើទៅជាផេះ។

ការពិតប្រទេសកម្ពុជាកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយ​ជំហ​របស់​រាជ​រដ្ឋា​ភិបាល​ប្រកាស​យ៉ាងច្បាស់នូវមាគ៌ាប្រជាធិបតេយ្យដោយឥតងាករេ ដែល​ការ​បោះ​ឆ្នោត​ជាតិ​ទាំង​សា​កល និង​អសាកល​ត្រូវ​ធ្វើ​យ៉ាង​ទៀង​ទាត់​តាម​អាណត្តិ​នៃ​ច្បាប់​បោះ​ឆ្នោតកំណត់។ ហើយ​រយៈ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​​ខាង​​មុខ​​នៅ​​សល់​មិន​ដល់​១០០​ថ្ងៃ​ទៀត​ទេ ដែល​ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​បោះ​ឆ្នោត​នឹង​បង្ហាញ​ឆន្ទះ​របស់​ខ្លួន​ដោយសេរី ក្នុង​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​បក្ស​នយោបាយ​ដែល​​ពួក​គាត់​ពេញ​ចិត្ត។

ដូច្នេះ សម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម និង​ការ​អនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា គឺ មាន​រយៈ​ពេល​២៥​ឆ្នាំ​ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​មាន​រយៈ​ពេល​​២០​​ឆ្នាំ​​ក្រោយ​មាន​សន្តិ​ភាព​​ពេញ​លេញ​ក្រោយឆ្នាំ១៩៩៨ ដែល​ផ្ទុយ​ស្រឡះ​ពី​អាមេរិក​ខ្លួន​ឯង បាន​ឆ្លងកាត់សន្តិភាពជាង២០០ឆ្នាំ ជា​មួយ​នឹង​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​​របស់​​ខ្លួន​រាប់​សិប​​លើក​​ទើប​​បាន​មក​ដល់សព្វថ្ងៃនេះ។

ជារួម ប្រជាជនកម្ពុជាដែលស្រឡាញ់និងត្រូវការសន្តិភាពជាចាំបាច់ និងកាអភិវឌ្ឍ មាន​ការ​សោក​ស្តាយ​ដែល​ក្រសួង​ការ​បរទេស​អាមេរិក​បាន​បាញ់​ពណ៌​រូបភាព​ទាំង​មូល​នៅ​កម្ពុជា​ឱ្យ​មើល​ឃើញ​ស្រអាប់ ក្នុង​ន័យ​​ដែល​ខ្លួនបានផ្តល់នូវការវិនិឆ្ឆ័យគ្មានយុត្តិធម៌ ប្រកប​ដោយ​សុច្ចរិត​ភាព និង​មាន​ចរិក​លក្ខណៈ​វាយប្រហារ​ខាង​​នយោបាយ​ច្រើន​ជាង​ការស្តាប់​ការ​​ពន្យល់​​​អំពី​ដំណើ​ការ​​លទ្ធិប្រជា​ធិប​តេយ្យ​​ភាវូប​នីយ​កម្ម និង​ការ​អនុវត្ត​នីតិ​រដ្ឋ​ក្នុង​រដ្ឋ​អធិប​តេយ្យ​​​មួយ ហើយ​ការ​ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​​អភិក្រម​មួយ​ដែល​ថា លទ្ធិប្រជា​ធិបតេយ្យ​​ត្រូវ​ឈរ​​លើ​នីតិ​រដ្ឋ បើ​ពុំ​នោះ​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នឹង​ក្លាយ​ទៅ​ជា​អាណា​ធិប​តេ​យ្យ​យ៉ាង​ប្រាកដ។ យ៉ាង​ណា​ក៏​ដោយ យើង​វៃ​កូន​គេ ឪគេឈឺ យើង​​វៃកូន​គេ​ព្រោះ​កូន​គេ​ខូច​ពេក ហើយ​ឪ​គេ​ប្រា​កដ​ជា​កាន់​ជើង​យ៉ាង​នោះ​ហើយ៕

ដោយ ឡុង បូរិតា


ប្រជាពលរដ្ឋ៥ភូមិក្នុងតំបន់អង្គរទទួលបានប្រឡាយថ្មីមួយខ្សែសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរា សហការជាមួយ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនយុវពាណិជ្ជបានស្តារប្រឡាយបុរាណមួយខ្សែ ដែលមានប្រវែង ១៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិគិរីមានន្ទ និងភូមិបង្កោង ដើម្បីទប់ទឹកប្រើប្រាស់ក្នុងរដូវប្រាំង។

ក្នុងពិធីបើកការដ្ឋានស្តារប្រឡាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ លោក ព្រៀន ប្រម មេឃុំអំពិលបានបញ្ជាក់ ថា ប្រឡាយមួយខែ្សនេះជាប្រឡាយបុរាណ ដែលមានជាយូរយារ មកហើយ។ កាលពីមុនប្រជាពលរដ្ឋនៅ ទីនេះ តែងមានទឹកប្រើប្រាស់គ្រប់ប្រាំងវស្សា ដោយ អាស្រ័យទឹកប្រឡាយនេះ។ ប៉ុន្តែដោយសារប៉ុន្មានឆ្នាំចុង ក្រោយនេះ អាកាសធាតុប្រែប្រួល ហើយស្ថានភាពបាតប្រឡាយក៏កាន់តែរាក់ទៅៗ ដែលធ្វើឲ្យប្រឡាយដ៏ ចំណាស់នេះ លែងមាន ទឹកហូរ និងប្រើប្រាស់បានទៀតនៅរដូវប្រាំង។ ក្នុងនាមអាជ្ញាធរមូលដ្ឋានលោកពិត ជារីករាយ និងថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនយុវពាណិជ្ជដែលបានជួយស្តារប្រឡា យនេះឡើងវិញ។

លោក ភូ ភក្តី តំណាងក្រុមហ៊ុនយុវពាណិជ្ជបានលើកឡើងថា ការសម្រេចស្តារប្រឡាយបុរាណនេះឡើង គឺធ្វើតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន និងមានការអនុញ្ញាតព្រមទាំងការចុះពិនិត្យមើល បច្ចេកទេស ការងារពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹងបញ្ចប់ការងារនេះក្នុង រយៈពេល១ខែយ៉ាងយូរ។

លោក ម៉ក់ សំភារ អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគងក៏បានបង្ហាញនូវភាព សប្បាយរីករាយ ដែលប្រជាពលរដ្ឋនឹងទទួលបាននូវប្រឡាយ សម្រាប់តម្កល់ទឹកប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ លោកបញ្ជាក់ថា នេះជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដ៏លើសលុបដែលកើតឡើងក្នុងសម័យកាល លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញជាអធិបតីក្នងពិធីបើកការដ្ឋាន នេះបានបញ្ជាក់ថា អាជ្ញាធរជាតិតែងគោរពនិងដើរតាមគោលនយោបាយ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល កម្ពុជា។ ដូច្នេះហើយ ក្នុងកិច្ចអភិរក្សរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏មិនភ្លេចការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ដែលបម្រើដល់វិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោកបញ្ជាក់ថា នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេស ចំពោះសុខទុក្ខរបស់ ប្រជាពលរដ្ឋ ជាពិសេស គឺលោកនាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរដល់សុខសន្តិភាពជាតិ និងការ អភិវឌ្ឍគ្រប់វិស័យផ្សារភ្ជាប់នឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការពារសម្បត្តិបេតិកភណ្ឌជាតិ សម្រាប់កូនចៅ គ្រប់ជំនាន់។

ជាចុងក្រោយ លោកក៏បានសំណូមពរចំពោះក្រុមហ៊ុនក្នុងករណីប្រទះឃើញដោយចៃដន្យនូវវត្ថុបុរាណណាមួយ ក្នុងការជីកស្តារប្រឡាយឡើងវិញ ត្រូវប្រគល់ជូនសមត្ថកិច្ចដើម្បីរក្សាទុកក្នុងទីសុវត្ថិភាព។ ជាមួយគ្នានេះ លោកក៏បានសំណូមពរប្រជាពលរដ្ឋសូមចូលរួមថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យបានគង់វង្ស ៕







អភិបាលខេត្តតាកែវ បញ្ជាឱ្យអាជ្ញាធរស្រុកកោះអណ្តែត ទប់ស្កាត់រថយន្តដឹកទំនិញធុនធំដែលធ្វើឱ្យខូចផ្លូវក្នុងភូមិ

តាកែវ៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ក្នុងឃុំព្រៃយុថ្កា ស្រុកកោះអណ្តែតនៅថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាឱ្យ អាជ្ញាធរស្រុកកោះអណ្តែត និងអាជ្ញាធរឃុំពេជសារ ឃុំក្រពុំឈូក និងឃុំព្រៃយុថ្កា សហការគ្នាទប់ស្កាត់ឱ្យ បាននូវរថយន្តធុនធំដឹកទំនិញ ជាពិសេសរថយន្តដឹកស្ករ បើកបរតាមភូមិសាស្ត្រឃុំទាំង៣ ដើម្បីចុះទូកដឹក ទៅប្រទេសវៀតណាម ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាផ្លូវលំនៅក្នុងភូមិឃុំ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋគាត់មានកង្វល់គឺជា រឿងត្រឹមត្រូវពីព្រោះ រថយន្តទាំងនោះធំពេក ក្នុងការបើកបរលើផ្លូវក្នុងភូមិឃុំរបស់យើង ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់ សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជានាំឱ្យខូចខាតដល់ផ្លូវរបស់យើង។ លោកបន្តថា យើងមិនហាមឃាត់ គាត់ដឹកទំនិញទាំងនោះ ចុះតាមកំពង់ចំណតទូកនេះទេ ប៉ុន្តែសុំឱ្យគាត់រំលែកចាប់ពីផ្លូវជាតិមក ដឹកតាមរថយន្ត តូចៗដែលមិនបង្កឱ្យប៉ះពាល់ដល់ផ្លូវលំតាមភូមិ តាមឃុំរបស់យើង។

ក្រោយពីស្តាប់នូវប្រសាសន៍របស់លោកអភិបាលខេត្តរួចមក បងប្អូនប្រជាពលរដ្ឋបានសំដែងភាពសប្បាយ រីករាយ និងថ្លែងអំណរគុណចំពោះលោកដែលបានជួយដោះស្រាយ និងមានវិធានការចំពោះបញ្ហានេះ ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ យើងផ្តើមពីចក្ខុវិស័យ «ឃុំមួយ អនុវិទ្យាល័យមួយ» ឆ្ពោះទៅ «ខេត្តមួយសាកលវិទ្យាល័យមួយ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានមហិច្ឆតាបង្កើតឱ្យមានសាកលវិទ្យាល័យរដ្ឋមួយក្នុងខេត្តមួយ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ដែលលោកយល់ឃើញថា ធនធានមនុស្សជាផ្នែកដ៏សំខាន់សំរាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយលោកបានមានប្រសាសន៍ថា «កាលពីឆ្នាំ២០០២ ខ្ញុំបានដាក់ចេញនូវចក្ខុវិស័យ ឃុំមួយ អនុវិទ្យាល័យមួយ ក្រោយមកដោយឃើញថាឃុំខ្លះគឺមានទំហំធំ យើងក៏បានប្រែក្លាយពាក្យថា ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច ហើយយើងក៏បានដាក់ចេញថា ស្រុកមួយវិទ្យាល័យច្រើនមិនមែនវិទ្យាល័យមួយទេ ហើយខេត្តមានវិទ្យាល័យច្រើន ប៉ុន្តែអ្វីដែលយើងចង់បានថែមទៀតនោះ គឺមហិច្ឆតាខេត្តមួយសាកលវិទ្យាល័យមួយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា «ឥឡូវនេះយើងរាប់បានថា សាកលវិទ្យាល័យមាននៅខេត្តឧត្តរមានជ័យ បាត់ដំបង ព្រៃវែង ស្វាយរៀង សៀមរាប ថ្ងៃនេះយើងក៏បានដាក់ឱ្យដំណើរការមួយទៀតនូវសាកលវិទ្យាល័យរបស់រដ្ឋនៅខេត្តក្រចេះ ដែលនេះជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍ របស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈនៃការបណ្តុះបណ្តាលធនធានមនុស្ស»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថាការវិនិយោគទាមទារឱ្យមានភាពប្រទាក់ក្រឡាគ្នា និងមានចក្ខុវិស័យច្បាស់លាស់ ចាប់ផ្តើមតាំងពីផ្នែកខាងក្រោមឡើងមក ដោយលោកបានថ្លែងថា «យើងមានចក្ខុវិស័យច្បាស់លាស់ និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការវិនិយោគទៅលើបញ្ហាទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើទៅដល់ការវិនិយោគការអភិវឌ្ឍនៅទីនេះ ឧទាហរណ៍ភាពប្រទាក់ក្រឡានេះដោយខ្ញុំព្រះករណាខ្ញុំគ្រាន់តែលើកថា ប្រសិនបើយើងមិនមានការតភ្ជាប់ផ្លូវមកកាន់ទីនេះទេ តើយើងធ្វើសាកលវិទ្យាល័យនៅទីនេះបែបណា ដូច្នេះការធ្វើសាកលវិទ្យាល័យមួយបានទាមទារឱ្យមានការអភិវឌ្ឍតាំងពិផ្នែកខាងក្រោមមួយ តាំងពីបឋមសិក្សា មធ្យមសិក្សា និងបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីឆ្លើយតបទៅនឹងការបង្កើតឡើងនូវសាកលវិទ្យាល័យនៅខេត្តក្រចេះរបស់យើងនេះ»៕








លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សាកលវិទ្យល័យក្រចេះ នាខេត្តក្រចេះ

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។

សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគ វិភាគទានដ៏ធំធេងខាងផ្នែកហិរញ្ញវត្ថុ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅក្នុងអង្គការមូលនិធិឧត្តមសិក្សាក្រចេះ ព្រមជាមួយនឹងការឧបត្ថម្ភជាហិរញ្ញប្បទាន ឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន និងលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋចិន ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ឱ្យដឹងថា សាកលវិទ្យាល័យក្រចេះនេះ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ហើយសមិទ្ធផលនៅសាកលវិទ្យាល័យ ដែលកសាងបាននៅពេលនេះរួមមាន ៖ អគារបណ្ណាល័យ ១ខ្នង អគារវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា ១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន ១ខ្នង អគារវិទ្យាស្ថានមច្ឆវិទ្យា ១ខ្នង អគារអភិសាល ១ខ្នង អគារសិក្សា ២ខ្នង អគារពិសោធន៍ ២ខ្នង អគាររោងជាង ១ខ្នង អគារអាហារដ្ឋាន ១ខ្នង អគារ ផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនី ១ខ្នង។

តាមប្រភពពីមន្ត្រីក្រសួងអប់រំ ជាជំហានដំបូង សាកលវិទ្យាល័យ នឹងផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលផ្នែកកសិកម្ម (ក្សេត្រវិទ្យា វិទ្យាសាស្រ្តសត្វ បសុពេទ្យ និងមច្ឆវិទ្យា) កសិ-ឧស្សាហកម្ម ទេពកោសល្យជនបទ ភាសាបរទេស និងព័ត៌មានវិទ្យា ដែលអាចនិយាយបានថា ជាផ្នែកមួយលើកកម្ពស់ ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ការបណ្តុះបណ្តាលនៅក្នុង សាកលវិទ្យាល័យនេះនឹងមានគ្រប់ថ្នាក់ និងកម្រិតចាប់ពីថ្នាក់បរិញ្ញាបត្ររង ឬ ឯកទេស បច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្រ ឬ វិស្វករ រហូតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិតនៅពេលអនាគត តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗ ក្នុងប្រទេសក្នុងតំបន់ និងអន្តរជាតិ៕












លោក ហ៊ុន ម៉ាណែត បានអញ្ជើញដល់ប្រទេសជប៉ុនដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ

នាវេលាម៉ោង ៦.១៥ ព្រឹក ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០​១៨នេះ លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ព្រលានយន្តហោះ ណារីតា ប្រទេសជប៉ុន ដោយសុវត្ថិភាពក្នុងដំណើរបំពេញទស្សនកិច្ចរយៈ​ពេល​៥ថ្ងៃនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិ បាលជប៉ុន ដើម្បីពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅលើការយល់ដឹងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្មវិធីផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតអ្នកអនុវត្ត (Program for Strategic Exchanges on Practical Level—STEP) ។

សូមជម្រាបជូនថា ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ។

ក្នុងដំណើរអញ្ជើញដល់ព្រលានយន្តហោះណារីតា ប្រទេសជប៉ុន គេសង្កេតឃើញមានវត្តមានតំណាងក្រសួងការបរទេសជប៉ុន និងវត្តមានលោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានមកទទួលស្វាគមន៍យចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងពេលនេះផងដែរ៕







ផ្សាយបន្តផ្ទាល់ (Live) សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សាកលវិទ្យល័យក្រចេះ

នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៨​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។