CNV:
ព្រឹត្តិការណ៍ ៣ វិច្ឆិកា ពន្យារពេលជួបសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល/ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ
ដំបូងអនុញ្ញាតឱ្យខ្ញុំសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ចំពោះឯកឧត្តម លោកជំទាវ ជាពិសេស មេធាវីរបស់រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ដែលបានអញ្ជើញចូលរួមនៅក្នុងពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សុំអបអរសាទរ ចំពោះឯកឧត្តម លី ច័ន្ទតុលា ដែលត្រូវបានសន្និបាតបោះឆ្នោតឱ្យធ្វើជាប្រធានគណៈមេធាវី នៃអាណត្តិថ្មី ហើយសុំជូនពរឯកឧត្តមឱ្យដឹកនាំគណៈមេធាវីរបស់យើង សម្រេចជោគជ័យសម្រាប់ ២ អាណត្តិ ដែលយើងបានកំណត់គ្នារួចហើយ។ ការជួបជុំរបស់យើងថ្ងៃនេះ ធ្វើឡើងយឺត ២ ថ្ងៃ តាមការគ្រោង(កាលពី)ដើម គឺយើងត្រូវជួបគ្នាថ្ងៃទី ២៣ ម្សិលម្ង៉ៃ។ ប៉ុន្តែ ដោយសារតែ ធីតា ពៅ ដែលជាភរិយារបស់ឯកឧត្តម គួច ចំរើន ត្រូវធ្វើចត្តាឡីស័កជាមួយនឹងអភិបាលខេត្ត(ការជួបនេះ ក៏ត្រូវបានលើកពេល)។ ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺជាប់ពាក់ព័ន្ធអភិបាលខេត្ត និងក្រុមគ្រួសាររហូតដល់ ៣ ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តកែប។ អញ្ចឹងទេ បានជាយើងលើកពេលពីថ្ងៃទី ២៣ ដោយសារថ្ងៃ ២៣ គឺជាថ្ងៃផុតការកំណត់ នៃរយៈពេលបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា ហើយថ្ងៃ ២៥ យើងអាចមកប្រជុំនៅទីនេះបាន។ ខ្ញុំគួរតែរំលឹកបន្តិចថា ថ្ងៃនេះ នៅខេត្តរតនៈគិរី និងខេត្តព្រះវិហារ ក៏បានបញ្ចប់នូវព្រឹត្តិការណ៍ ៣ វិច្ឆិកាដែរ ដោយយើងបានកំណត់រយៈពេល នៃការចាប់ផ្តើមយកសំណាកទៅធ្វើតេស្ត ជាមួយនឹងការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។
កូវីដ១៩ បានបំផ្លាញ និងតម្រូវឱ្យរស់នៅតាមរបៀបគន្លងថ្មី
ពិតមែនតែនិយាយរឿងមេធាវី ក៏ប៉ុន្តែ យើងមិនត្រូវភ្លេចខ្លួនថា ឥឡូវនេះ កូវីដ-១៩ កំពុងបំផ្លាញយើង ហើយតម្រូវឱ្យយើងរស់នៅតាមរបៀបគន្លងថ្មី។ ពិតមែនហើយ គឺស្ថានភាពបែបនេះ វានឹងបន្តប្រហែលជាមិនឆាប់ទេ។ គន្លងថ្មីដែលយើងកំពុងដំណើរនេះ ជាក់ស្តែងពេលមកដល់ទីនេះ យើងពាក់ម៉ាស់ទាំងអស់គ្នា។ មានគេបន្ទោសខ្ញុំពីការខ្ញុំមិនពាក់ម៉ាស់ ខ្ញុំសុំទទួលយកនូវការស្ម័គ្រចិត្ត។ ពេលប្រជាពលរដ្ឋខ្មែរមិនបានស្តីបន្ទោសខ្ញុំទេ ប៉ុន្តែ មានវិទ្យុបរទេសមួយ គេថា ខ្ញុំមិនដែលឃើញពាក់ម៉ាស់ទេ។ ខ្ញុំសុំទទួលយក ក៏ប៉ុន្តែ នៅក្នុងទីនេះ បើអ្នកទាំងអស់គ្នាពាក់(ម៉ាស់)ហើយ ខ្ញុំចាំបាច់ពាក់ធ្វើអីទៀត? តែខ្ញុំមានរបស់ខ្ញុំ។ ប៉ុន្តែ នៅពេលដែលខ្ញុំចាប់ផ្តើមនិយាយ បើខ្ញុំពាក់ម៉ាស់ គឺនិយាយមិនច្បាស់។ នេះហើយដែលហៅថា ការរស់នៅជាប្រក្រតីតាមគន្លងថ្មីនោះ មិនដឹងថាពេលណាគន្លងចាស់វិលត្រឡប់។ ប៉ុន្តែ ប្រហែលជាលទ្ធភាពនោះមានតិចតួច។ ឥឡូវ គេមិនទាន់ដឹងច្បាស់ថា ជំងឺកូវីដ-១៩ ចេញពីត្រង់ណាមកវិញទៀត?
ព្រឹត្តិការណ៍ដែលខ្ញុំហៅថា ៣ វិច្ឆិកានេះ (គឺ)ដើម្បីចៀសវាង(ការនិយាយ)ថា ព្រឹត្តិការណ៍រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលវាអាចក្លាយទៅជាពាក្យមួយនៅពេលក្រោយ ហើយក្លាយទៅជាវិបត្តិ នៃចំណងទាក់ទងក៏អាចថាបាន។ រដ្ឋមន្ត្រីការបរទេសរូបនេះ គឺល្អណាស់ ជាមិត្តដ៏ស្មោះត្រង់ជាមួយយើង គាត់ធ្លាប់មកទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ ២០១៦ មួយលើកហើយៗ លើកទី ២ គឺលើកនេះ។ ខ្ញុំក៏ទៅ Budapest ចំនួន ២ លើកផងដែរ។ គាត់ជារដ្ឋមន្ត្រីការបរទេសវ័យក្មេង ប៉ុន្តែ គាត់មិនបានបំបែកឯកទគ្គកម្ម ដែលក្មេងជាងខ្ញុំ(នោះទេ)។ ពេលដែលខ្ញុំធ្វើរដ្ឋមន្ត្រីការបរទេស ខ្ញុំមានវ័យមិនទាន់គ្រប់ ២៧ ឆ្នាំ ឯគាត់ឥឡូវនេះអាយុ ៤១ ឆ្នាំ ក្នុងពេលដែលគាត់ធ្វើរដ្ឋមន្ត្រីការបរទេសបានប្រមាណជាជិត ១០ ឆ្នាំ រួចមកហើយ បានសេចក្តីថា គាត់អាយុជាង ៣០ ឆ្នាំបន្តិច ធ្វើរដ្ឋមន្ត្រីការបរទេស។ យើងមិនអាចទៅស្តីបន្ទោសគាត់ទេ គាត់បានធ្វើតេស្ដគ្មាន កូវីដ-១៩ តាំងពីចេញពីប្រទេស(របស់គាត់)។ អ្នកធ្វើដំណើរជាមួយគាត់ទាំងប៉ុន្មាន ត្រឡប់ទៅ Budapest វិញ គឺអត់មានជំងឺអីទាំងអស់ ប៉ុន្តែ បែរជាអគ្គរដ្ឋទូតរបស់គាត់ ដែលមកពីហាណូយនោះ ទៅជាអ្នកឆ្លងមេរោគនេះទៅវិញ។
យន្តការប្រតិកម្មរហ័ស គ្រប់គ្រងបាន “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” មិនឱ្យឆ្លងចូលសហគមន៍
… ករណីមួយនេះជាប់ពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលរហូតដល់ ១ ៨០២ នាក់ ដែលគ្របដណ្តប់ដល់ទៅ ១១ ខេត្ត/រាជធានី ដែលមានភ្នំពេញ មានកំពង់ឆ្នាំង មានពោធិ៍សាត់ មានកែប មានខេត្តព្រះសីហនុ មានព្រៃវែង មានកំពង់ចាម មានកំពង់ធំ មានព្រះវិហារ និងរតនៈគីរី។ ខ្ញុំអាចនិយាយបានដោយមោទនភាពថា សំណុំបញ្ហាដ៏សាំញ៉ាំ នៃព្រឹត្តិការណ៍ ៣ វិច្ឆិកា មិនមែនជារឿងតូចតាចទេ គឺជារឿងធំណាស់។ ប្រសិនបើយើងគ្មានយន្តការប្រតិកម្មរហ័សដោយក្រុមគ្រូពេទ្យរបស់យើង និងអាជ្ញាធរ (ក៏ដូចជា)តួអង្គពាក់ព័ន្ធ យើងមិនអាចគ្រប់គ្រងនូវសភាពការណ៍នេះបានទេ។ ឧទាហរណ៍៖ ប្រសិនបើយើងមិនប្រញាប់ប្រញាល់គ្រប់គ្រងសភាពការណ៍នេះបន្ទាន់(ទេ) វានឹងអាចធ្វើឱ្យឆ្លងចូលសហគមន៍ ពេលនោះហើយបញ្ហាវានឹងបានកើត។ ប៉ុន្តែ យើងកម្រិតត្រឹមតែមនុស្ស ៤ នាក់(ប៉ុណ្ណោះ) ដែលបានឆ្លង គឺអគ្គរដ្ឋទូតរបស់ហុងគ្រី ១ នាក់។ មន្ត្រីរបស់យើង(ជា)តំណាងរាស្ត្រ ១ នាក់ (ព្យាបាល)ជាហើយ។ មន្ត្រីកសិកម្ម ១ នាក់ (ព្យាបាល)ជាហើយ។ ឥឡូវ នៅសល់តែអង្គរក្ស(ការពារផ្ទាល់)របស់រដ្ឋមន្ត្រីការបរទេសនេះប៉ុណ្ណោះ (មិនទាន់ជាសះស្បើយ)។ អញ្ចឹងទេ យើងកម្រិតឱ្យនៅតូច ហើយយើងដោះស្រាយបញ្ហានេះបានតាមរយៈ នៃការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ធ្វើតេស្តបានហ្មត់ចត់ (និង)យើងអាចគ្រប់គ្រងបានសភាពការណ៍។
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការអរគុណ ចំពោះក្រសួងសុខាភិបាល ចំពោះមន្ត្រីសុខាភិបាលគ្រប់រូប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមទប់ស្កាត់ ហើយបញ្ចប់បានដោយជោគជ័យនូវ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” ដែលខ្ញុំចាត់ទុកថា ជាមហន្តរាយសុខភាពសាធារណៈ។ ប៉ុន្តែ ដោយសារភាពហ្មត់ចត់ និងប្រតិកម្មរហ័សនៃយន្តការដែលមានស្រាប់របស់យើង (ក៏ដូចជា)ការចូលរួមពីប្រជាពលរដ្ឋទៅលើការគ្រប់គ្រងបញ្ហានេះ។ ប្រទេសមួយចំនួនគេដាក់ម៉ាស៊ីនតាមដាន ប៉ុន្តែ សម្រាប់យើងៗមិនអាចឈានទៅដល់នោះទេ អ្វីដែលយើងបានធ្វើតាំងពីដើម រហូតដល់មកដល់ពេលនេះ ការខិតខំរបស់យើង គឺតាមផ្តាច់មុខសញ្ញា ឧទាហរណ៍៖ បើមនុស្សម្នាក់នេះ តើមនុស្សម្នាក់នេះជាប់ពាក់ព័ន្ធជាមួយមនុស្សប៉ុន្មាននាក់? ថាជាប់ពាក់ព័ន្ធជាមួយ ៥ នាក់ យើងទៅតាមរក ៥ នាក់ យើងសួរ ៥ នាក់នេះ ជាប់ពាក់ព័ន្ធជាមួយប៉ុន្មាននាក់ទៀត? យើងទៅតាមរកទាល់តែអស់ បានជាឡើងរហូតទៅដល់ ១ ៨០២ នាក់។ ប៉ុន្តែ ម៉ាស៊ីនតាមដានមិនប្រាកដថា តាមដានជាប់ទេ។ (មានតែ)ប្រជាជនចូលរួមស្ម័គ្រចិត្ត ទើបជាបញ្ហាសំខាន់។
ដូចខ្ញុំបង្ហោះក្នុងហ្វេសប៊ុកអញ្ចឹង ខ្ញុំថា កាលដែលយើងមានប្រជាជនឆ្លងតិច ហើយមិនមានមនុស្សស្លាប់មិនមែនមកពីយើងជាកូនខ្មែរអង្គរ ដែលមានឈាមក្រហម អាចប្រឆាំងនឹងកូវីដ-១៩ បានទេ ឬក៏មកពីកត្តាធាតុអាកាស អ្នកខ្លះអះអាងបែបនេះ។ បានខ្ញុំបើករង្វង់ក្រចកសរសេរបន្តិចថា អ្នកដែលអះអាងថា យើងជាឈាមជ័រជាខ្មែរអង្គរ មានឈាមក្រហម អាចទប់ទល់ជាមួយនឹងកូវីដ-១៩បាន សុំស្ម័គ្រចិត្តទៅបម្រើអ្នកកើតកូវីដ-១៩ទៅ ហើយមិនចាំបាច់មានប្រដាប់ការពារអីទេ ឆ្លងឬមិនឆ្លង ដើម្បីឱ្យអង្គការសុខភាពពិភពលោកគេបានដឹងថា ឈាមពួកខ្មែរ ពួកអាស៊ីមួយចំនួនអត់ឆ្លងទេ។ នេះជាការអះអាងរបស់គេទេ។ ហើយមានខ្លះគេថា ដោយសារយើងធាតុអាកាសវាក្តៅ អញ្ចឹង វាមិនអាចចូលមកបានទេ។ ខ្ញុំ(ក៏បាន)លើក(ឡើង) ដូចជាកាតា ដូចជាតំបន់មជ្ឈឹមបូព៌ាក្តៅណាស់ ម៉េចបានវាឆ្លងនៅហ្នឹង? អញ្ចឹង កត្តាធាតុអាកាស ក៏មិនមែនជាហេតុផល នៃការមិនចម្លងដែរ។
ប្រទេសជឿនលឿនមួយចំនួន មានអ្នកស្លាប់/ឆ្លងកូវីដ–១៩ រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ
បច្ចុប្បន្ន ត្រូវមើលឱ្យឃើញ មិនប្រាកដថាប្រទេសដែលមានវិទ្យាសាស្ត្រជឿនលឿន អាចទប់ស្កាត់បាននោះទេ។ ជាក់ស្តែង ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ វិស័យសុខាភិបាលរឹងមាំ ប៉ុន្តែ ការស្លាប់គជើងគ្នា រកកន្លែងកប់ស្ទើរតែមិនបាន ឆ្លងរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ ដូច្នេះ ភាសាដែលគេនិយាយថា សុខាភិបាលប្រទេសនេះរឹងមាំ ប្រទេសនេះទន់ខ្សោយ មិនទាន់ប្រាកដទេ។ បញ្ហាពិតប្រាកដស្ថិតនៅត្រង់ថាវិធីចាត់ចែងគ្រប់គ្រងសភាពការណ៍បានយ៉ាងដូចម្តេច។ លើការជាក់ស្តែង នៅលើពិភពលោកមានរួចមកហើយ ដែលគ្រាន់តែមានការធ្វេសប្រហែសលើការចាត់ចែង ប្រជាជនមិនព្រមសហការ ក៏បានកើតឡើងនូវបញ្ហា។ ប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងធ្វើបាតុកម្មប្រឆាំងជាមួយវិធានការបិទប្រទេស/តំបន់ អញ្ចឹង នាំមកនូវផលលំបាកសម្រាប់រដ្ឋាភិបាលប្រទេសទាំងនោះ ដោយប្រជាជនមិនព្រមទទួលយកនូវការដាក់ខ្លួននៅនឹងកន្លែង និងការប្រមូលផ្តុំជួបជុំមិនព្រមស្តាប់។
ខ្ញុំមានមោទនភាព ចំពោះប្រជាពលរដ្ឋកម្ពុជាយើង។ ពិតហើយ លោកជំទាវ ឱ វណ្ណឌីន បានវាយឱ្យខ្ញុំអំពីការណែនាំរបស់ក្រសួងសុខាភិបាល ទៅលើបញ្ហាការលក់ម៉ាស់ខ្វះគុណភាព និងការលក់ដំឡើងថ្លៃ។ ខ្ញុំក៏បានវាយសារតបត្រឡប់មកវិញថា ចំណុចនេះបង្ហាញឱ្យឃើញថាប្រជាជនកម្ពុជាយើងចេះការពារខ្លួន។ បើទោះបីជាម៉ាស់ថ្លៃបន្តិច ក៏គាត់នៅតែទិញ ហើយពេលនោះម៉ាស់លក់ដាច់។ ទីក្រុងភ្នំពេញដែលកាលពីមុននេះ មួកសុវត្ថិភាពសឹងតែ ១០០% មុនព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺអ្នកពាក់ម៉ាស់មាននៅសល់ប្រហែលជា ៥% ទេ ប៉ុន្តែ ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា អ្នកពាក់ម៉ាស់មានច្រើនជាង បូកនឹងខ្ញុំឱ្យបញ្ចេញ ២ លានម៉ាស់ក្រណាត់ ដើម្បីចែកជូនប្រជាពលរដ្ឋ រាប់ទាំងអ្នកជិះម៉ូតូស្អីៗ។ យើងអត់បានឱ្យគាត់ដឹង។ គាត់(ឆ្ងល់ថា)ពាក់មួកទៅហើយ ប៉ូលីសហៅដែរ។ ស្មានតែហៅផាក(ពិន័យ) ហៅឱ្យម៉ាស់។ ឱ្យម៉ាស់ពាក់មួយហើយ ឱ្យមួយថែមទៀត។ ម៉ាស់ក្រណាត់របស់យើងអាចប្រើបាន ២-៣ ខែ/ម៉ាស់មួយ គេអាចបោកទឹកបាន។
បន្តខិតខំឱ្យកម្ពុជាមានអ្នកឆ្លងតិច និងគ្មានមនុស្សស្លាប់
បន្ទាប់ពីខ្ញុំប្រកាសបញ្ចប់ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” ដូចជាចំហទៀតហើយ។ កាលពីមុន បាត់(មុខ) ហ៊ុន សែន ដឹងតែសភាពការណ៍ធ្ងន់ធ្ងរហើយ។ បើសិនជាខ្ញុំសំងំឈឺថែមបន្តិចទៀត ប្រហែលជាពាក់ម៉ាស់បានយូរ ប៉ុន្តែ បើធ្វើយ៉ាងដូច្នេះ វាមានហានិភ័យទៅលើបញ្ហាសេដ្ឋកិច្ចសង្គមទៅវិញ។ សូម្បីតែ ឯកឧត្តម វេង សាខុន ត្រូវរៀបការកូនថ្ងៃទី ២០ បានសួរយោបល់ទៅខ្ញុំ អាចរៀបការបានអត់នៅថ្ងៃទី ២០ ខ្ញុំថាគួរតែរៀបការទៅ។ ដោយសារធ្លាប់លើកម្តងហើយ ពីរនាក់ដន្លងគាត់គឺ ចាយ បូរិន សមាជិកសភាកំពង់ចាម គឺបានទៅជួបជាមួយខ្ញុំៗ ថាឱ្យការទៅ។ ប៉ុន្តែ ដល់ព្រឹត្តិការណ៍ ៣ វិច្ឆិកា អ្នកដែលចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី គឺ វេង សាខុន អត់ឆ្លង ដល់ទៅឆ្លងៗ អគ្គនាយករងធ្វើការជាមួយគាត់ទៅវិញ។ អញ្ចឹងទេ ត្រូវលើកពេលទៀត។ បើទោះបីថា “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” បានកន្លងផុត ប៉ុន្តែ យើងត្រូវតែច្បាស់លាស់ ត្រូវបន្តការខិតខំប្រឹងប្រែង ដើម្បីធានាថា កម្ពុជាមានជំងឺឆ្លងតិច ហើយគ្មានមនុស្សស្លាប់។
កូវីដ–១៩ នៅកម្ពុជា ១០០% ជាការនាំចូលមកពីក្រៅ
ថ្ងៃនេះ មាន(ឆ្លងកូវីដ-១៩) ១ នាក់ទៀត (ជា)ជនជាតិណេប៉ាល់។ និយាយរួម នៅក្នុងប្រទេសរបស់យើងកូវីដ-១៩ នាំចូល ១០០% មកចម្លងក្នុងស្រុក ហើយយើងទទួលការពិនិត្យព្យាបាលឱ្យជនបរទេសដោយការនាំចូល រាប់ទាំងខ្មែរយើង។ ព្រឹកនេះដូចជា ១២៥ នាក់ (ជា)និស្សិតរបស់យើង (ដែល)មកពីអ៊ីស្រាអ៊ែល មកចុះចតនៅភ្នំពេញ ហើយត្រូវដឹកនិស្សិតកម្ពុជា ១៥០ នាក់ ត្រឡប់ទៅអ៊ីស្រាអ៊ែល ដើម្បីបន្តការរៀនសូត្រនៅទីនោះទៀត។ បើយើងមិនឱ្យពលរដ្ឋយើងត្រឡប់ចូលស្រុក គឺវាមិនត្រឹមត្រូវ។ មានករណីតែមួយពេលទេ ដែលយើងរៀបចំខាងក្នុងអត់ទាន់ពេល ករណីពន្យារពេលរបស់បងប្អូននៅម៉ាឡេ ដែលពេលនោះ យើងបញ្ជូនប្រាក់ទៅឱ្យស្ថានទូតយើងជួយចិញ្ចឹម។ ខ្ញុំពិតជាមានមោទនភាព ចំពោះការ(ដែល)គ្រប់គ្រង(បាននូវ)សភាពការណ៍។ យើងអត់ត្រូវធ្វេសប្រហែសទេ។ ថ្ងៃនេះ ឡើងចំនួន ៣០៧ នាក់ បូក(ទាំង)ថ្ងៃនេះ។ ម្សិលមិញនៅសល់ ១០ នាក់ ថែមថ្ងៃនេះ ១ (នាក់)ទៀត (វាឡើង) ១១ នាក់ ឯយើងព្យាបាលជាមានចំនួន ២៩៦ នាក់ មិនទាន់មានមនុស្សស្លាប់ទេ។
រួមចំណែកក្នុងសហគមន៍អន្ដរជាតិ ផ្ដល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន
ឆ្លៀតឱកាសនេះ ខ្ញុំសុំបញ្ជាក់បន្តិច យើងបានជួយជំនួយទៅមិត្តឡាវ ចំនួន ២ លានម៉ាស់ ដូចដែលអ្នកទាំងអស់គ្នាពាក់ហើយហ្នឹង ១០ ម៉ឺនម៉ាស់ក្រណាត់ ដែលយើងផលិតខ្លួនឯង បូកនឹងសម្ភារវេជ្ជសាស្ត្រដទៃៗទៀត ដែលមានតម្លៃ ២ ២២៤ ០០០ ដុល្លារអាមេរិក។ យើងបានជួយទៅឡាវ។ គាប់ជួនពេលដែលរបស់(ជំនួយ)យើងទៅដល់ ឡាវឆ្លងមួយថ្ងៃ ១៤ នាក់ភ្លាម។ ប៉ុន្តែ ជាករណីនាំចូលទេ មិនមែនឆ្លងក្នុងសហគមន៍។ (មូលហេតុ)ដែលយើងត្រូវផ្ដល់ឱ្យឡាវ ដោយសារឡាវមានព្រំដែនជាប់ជាមួយនឹងមីយ៉ាន់ម៉ា។ ស្អែកនេះ ឯកឧត្តម ម៉ម ប៊ុនហេង នឹងត្រូវដឹកជញ្ជូន(ទៅមីយ៉ាន់ម៉ា)ដោយប្រើយន្ដហោះ ៣ គ្រឿង។ ថ្ងៃមុនយើងប្រើ Airbus 320 (ចំនួន) ២ គ្រឿង ដឹកអស់។ ប៉ុន្ដែ ដោយសារតែយន្ដហោះនេះ គឺ Airbus 320 (ចំនួន) ១ គ្រឿង និង 319 (ចំនួន) ២ គ្រឿង ដោយសារគោលការណ៍ក្រុមហ៊ុនអត់ដោះកៅអីចេញ។ អញ្ចឹងទេ បានត្រូវប្រើយន្ដហោះពិសេស(ចំនួន) ៣ គ្រឿង ដឹកជញ្ជូនផ្ដល់ជំនួយទៅឱ្យមីយ៉ាន់ម៉ា។ អ្នកខ្លះគេឌឺមកឱ្យខ្ញុំថា ខ្លួនឯងដោះស្រាយមិនចេញផង ទៅដោះស្រាយរឿងគេ? អ្នកនិយាយអីនិយាយចុះ ក៏ប៉ុន្ដែ ខ្ញុំក្នុងឋានៈជាអ្នកចូលរួមចំណែកក្នុងសហគមន៍អន្ដរជាតិ ខ្ញុំមានកាតព្វកិច្ចចូលរួមជាមួយនឹងរដ្ឋដទៃ ប្រជាជាតិដទៃ ដើម្បីផ្ដល់ជំនួយទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ត្រៀមនឹងធ្វើអន្ដរាគមន៍ចំពោះទីម័រខាងកើត
កម្ពុជាមិនគ្រាន់តែផ្ដល់ជំនួយនៅក្នុងផ្នែកវេជ្ជសាស្ដ្រទៅដល់មិត្តឡាវ/មីយ៉ាន់ម៉ាទេ ហើយខ្ញុំត្រៀមនឹងធ្វើអន្តរាគមន៍ ចំពោះទីម័រខាងកើត។ ម្សិលមិញ ខ្ញុំបានជម្រាបជូននាយករដ្ឋមន្ដ្រីវៀតណាម ព្រោះពិភាក្សាគ្នាក្នុងទំនាក់ទំនងទ្វេភាគីលើគ្រប់បញ្ហា រាប់ទាំងបញ្ហាប្រយុទ្ធប្រឆាំងកូវីដ-១៩ សម្រាប់ប្រទេសនីមួយៗ និងក្នុងតំបន់។ ប៉ុន្ដែ ទីម័រខាងកើតបែរជាអត់សូវមានមនុស្សឆ្លង។ ឡាវកុំអីតិចជាងទីម័រលេស្ត ប៉ុន្ដែកើនលើសទីម័រដោយសារឆ្លងមួយថ្ងៃ ១៤ ករណី។ យើងមិនមែនគ្រាន់តែផ្ដល់ជំនួយបែបនេះទេ យើងបានផ្ដល់ជំនួយជាអាយុជីវិត និងសាច់ឈាម ដោយបញ្ជូនកងទ័ពរបស់យើងទៅចូលរួមរក្សាសន្ដិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ ឥឡូវ កងទ័ពរបស់យើងដែលមកពីប្រទេសនានា កំពុងធ្វើចត្តាឡីស័ក។ យើងនៅតែបន្ដបញ្ជូនកងទ័ពរបស់យើងទៅប្រទេសម៉ាលី, អាហ្វ្រិកកណ្ដាល, ស៊ូដង់ខាងត្បូង នៅលីបង់ដូចជាខែក្រោយត្រូវមក។ កម្ពុជាក្រ តូចល្អិត តែចិត្តធំទូលាយ។
ករណី Westerdam តើប្រទេសណាឱ្យចូល បើខ្មែរមិនឱ្យចូល? ខ្ញុំអត់ដឹងទេថា Westerdam ជារបស់អាមេរិក។ ស៊ុន ចាន់ថុល ហៅទូរស័ព្ទមក(ខ្ញុំ) ម៉ោងប្រហែលជា ១០:៣០ នាទីយប់ (ថាមាន)នាវាទេសចរណ៍ ១ គ្រឿង បើកទៅត្រង់នេះ/នោះគេមិនឱ្យចូល។ គាត់រាយការណ៍ប្រាប់ខ្ញុំ។ ខ្ញុំបានប្រាប់ទៅ ឯកឧត្តម ស៊ុន ចាន់ថុល ថា សូមឱ្យប្រញាប់ចូលមកកំពង់ផែក្រុងព្រះសីហនុ ព្រោះនៅលើនាវាចង់អស់ស្បៀង/ទឹកទៅហើយ តើឱ្យគាត់ទៅឯណា? ប៉ុន្ដែ បែរជាក្រោយមកមានអ្នកបកស្រាយថា ទន្ទឹមនឹងការធ្វើដំណើរទៅប្រទេសចិនកាលពីខែកុម្ភៈ នាយករដ្ឋមន្ដ្រីកម្ពុជាក៏ចាប់ផ្ដើមយកចិត្តអាមេរិកដោយឱ្យនាវាចូល។ កោតតែគេនិយាយទៅរួច? នៅពេលដែលយើងធ្វើសកម្មភាពមនុស្សធម៌ដោយមិនប្រកាន់ លើកលែងតែពួកភេរវកម្ម។ ប៉ុន្ដែ មនុស្សជាង ២ ពាន់នាក់ ជាទេសចរ បូកនឹងមនុស្សដែលធ្វើការលើនោះជាង ៨០០ នាក់ទៀត តើទុកឱ្យគ្នាទៅណា? ពេលនោះ (មាន)បងប្អូនជាច្រើនព្រួយបារម្ភពីខ្ញុំ (ដោយ)ខ្ញុំចាប់ដៃមនុស្សជាង ២០០ នាក់។ ប៉ុន្ដែ វាមិនបានឆ្លងឯណា? ហ្នឹងបងប្អូនព្រួយបារម្ភមួយសាទៅ។ លើកនេះ ក៏សូមអរគុណដល់បងប្អូនរបស់យើង ដែលបានចូលរួមព្រួយបារម្ភ និងបង្ហាញអំពីកង្វល់ រួមទាំងហ្លួងម៉ែ ដែលបានផ្ដាំផ្ញើតាមរយៈសារសម្លេងមកសួរសុខទុក្ខទូលព្រះបង្គំ និងភរិយា អំពីជំងឺនេះ។
មើលឃើញសមត្ថភាពមន្ដ្រី ក្នុងពេលដោះស្រាយវិបត្តិកូវីដ–១៩ និងទឹកជំនន់
ឥឡូវ សម្ភារដែលយើងដកចេញពីស្ដុកបម្រុងប្រមាណជាង ១០% បន្ដិច។ ខ្ញុំបានចេញបទបញ្ជាឱ្យទិញត្រឡប់មកទុកវិញ។ យើងមានឃ្លាំងពីរ។ ឃ្លាំងមួយ ក្រសួងសុខាភិបាលប្រើជាប្រចាំ។ ឃ្លាំងមួយទៀត ជាឃ្លាំងស្ដុកយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល។ ឯឃ្លាំងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ទើបនឹងប្រើប្រាស់ដោយយកជូនឡាវ និងមីយ៉ាន់ម៉ា។ យើងបានដកស្ដុកបម្រុងរបស់រាជរដ្ឋាភិបាលប្រើប្រាស់លើទឹកជំនន់។ យើងត្រូវឃើញពីសមត្ថភាពដោះស្រាយរបស់មន្ដ្រីគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ(គ្រប់ប្រភេទ)របស់យើង។ យើងទប់ទល់នឹងទិសពីរក្នុងពេលតែមួយ។ ម្ខាង គឺកូវីដ-១៩ ម្ខាងទៀត គឺទឹកជំនន់វាយលុកផ្ទួនៗ (ក្នុងនោះ)ខេត្តបី ដែលធ្ងន់ធ្ងរជាងគេ គឺពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ តម្រូវឱ្យខ្ញុំអន្ដរាគមន៍ដោយផ្ទាល់។ ពេលដែលខ្ញុំ(ធ្វើ)អន្ដរាគមន៍ ត្រូវដកយកអង្ករ/មី ពីស្ដុកបម្រុងរបស់រាជរដ្ឋាភិបាល។ យើងស្តុកតាំងពីអង្ករ/មី/ទឹកត្រី/ទឹកស៊ីអ៊ីវ/ប៊ីចេង/ពូជស្រូវ។ ពេលនេះ យើងចែកពូជស្រូវជាង ៦ ពាន់តោន។
ការបរិច្ចាគធនធានដោយស្ម័គ្រចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល
ថវិកាដែលបានមកពីសប្បុរសជនជាង ៨ លានដុល្លារ(អាមេរិក) នៅសល់ពីចំណាយជាង ១ លាន ៦ សែន ដុល្លារ(អាមេរិក)។ ប៉ុន្ដែ មិនមែនបានសេចក្ដីថា ប្រាក់នេះនៅសល់ទេ បើយើងយកទៅចាយទៅលើជំនួយ ដែលយើងប្រើប្រាស់ គឺមានទំហំលើសពី ១០ លានដុល្លារ ព្រោះយើងបានយក(សម្ភារចេញពី)ស្តុកបម្រុងរបស់រាជរដ្ឋាភិបាលនេះមួយផ្នែក។ អញ្ចឹង ថវិកាគ្រាន់តែសង្រ្គោះទឹកជំនន់នេះ ប្រើប្រាស់ថវិកាជាង ១០ លានដុល្លារ(អាមេរិក)។ ប៉ុន្តែ ឆ្លងកាត់វិញ្ញាសាដ៏លំបាកលំបិននេះ យើងមើលឃើញសមត្ថភាព នៃការដោះស្រាយរបស់រាជរដ្ឋាភិបាល របស់ស្ថាប័នពាក់ព័ន្ធ (ក៏ដូចជា)អាជ្ញាធរថ្នាក់ក្រោមជាតិ និងការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង។ សប្បុរសជនរបស់យើងផ្តួចផ្តើមគំនិត ខ្ញុំអត់បានអំពាវនាវទេ ស្រាប់តែបើកឡើងឃើញថា អ្នកនេះចូលប៉ុណ្ណេះៗទៅហើយ។ គេវាយមក គេសុំចូលរួមតាមរយៈសម្តេចតេជោ សរុបទៅបានជាង ៨ លាន ដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹង ខ្ញុំឱ្យ គន់ គីម ដែលជាអនុប្រធានទី ១ ក្រុមប្រឹក្សាគ្រប់គ្រងគ្រោះមហន្តរាយ ដើរពិនិត្យមើល។
យើងនឹងប្រើប្រាស់ថវិកា ១ លាន ៦ សែន ដុល្លារ(អាមេរិក) ដែលនៅសេសសល់ ទៅលើគោលដៅអ្វីខ្លះ? ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវហូរតាមទឹកទៅបាត់ហើយ។ អញ្ចឹង គប្បីត្រូវផ្តល់ជំនួយដល់ពួកគាត់ទៅលើការកសាងលំនៅដ្ឋានឬទេ? ខ្ញុំកំពុងឱ្យពិចារណាលើបញ្ហានេះ ត្រូវការដោះស្រាយពូជមួយចំនួនបន្ថែមទៀត។ អាហ្នឹងសុទ្ធតែជាបញ្ហា។ យើងបានឆ្លងផុតនូវបញ្ហានេះ។ ហើយនេះយើងមិនទាន់គិតខេត្តមួយចំនួន ដូចជា៖ ស្វាយរៀង ព្រៃវែង កំពង់ចាម ក្រចេះ ថវិកាដែលប្រមូលបានភ្លាមៗ ចែកមកទីក្រុងភ្នំពេញ ១០ ម៉ឺនដុល្លារ(អាមេរិក)។ កណ្តាល ១០ ម៉ឺនដុល្លារ(អាមេរិក)។ ពោធិ៍សាត់ ១០ ម៉ឺនដុល្លារ(អាមេរិក)។ បាត់ដំបង ១០ ម៉ឺនដុល្លារ(អាមេរិក)។ ប៉ៃលិន ១០ ម៉ឺនដុល្លារ(អាមេរិក)។ បន្ទាយមានជ័យឡើងដល់ ២០ ម៉ឺនដុល្លារ(អាមេរិក)។ កំពង់ស្ពឺ ៥ ម៉ឺនដុល្លារ(អាមេរិក)។ កំពង់ធំ ៥ ម៉ឺនដុល្លារ(អាមេរិក)។ ស្ទឹងត្រែង ៥ ម៉ឺនដុល្លារ(អាមេរិក)។ នេះហើយជាវិធីដោះស្រាយ ធ្វើយ៉ាងម៉េចកុំឱ្យប្រជាជនស្លាប់ដោយដាច់បាយ។ ជម្លៀសគាត់ឱ្យដល់ទីទួលសុវត្ថិភាព។ ផលប៉ះពាល់ពីវាធំធេង ក៏ប៉ុន្តែ យើងជំនះបាន។ ឥឡូវ កំពុងតែទិញស្រូវ ដែលកំពុងច្រូតចូលមកស្តុកបម្រុងវិញ។ សូម្បីតែទឹកត្រី ដកទៅប្រើ ត្រូវដាក់មក(ក្នុង)ស្តុកវិញ។
ឆ្នាំនេះ យើងបង្កបង្កើនផល បើទោះបីមានការខូចខាតខ្លះ ក៏ប៉ុន្តែការបង្កបង្កើនផលរបស់យើងបានល្អ។ ថ្ងៃនេះ ប្រហែលអ្នកកំពុងមើលឆ្ងល់ថា ហេតុអ្វីបានខ្ញុំរុំដៃ តិចថាខ្ញុំ Cancer ដៃ? វាយកទៅបកស្រាយបានទៀតណា។ កន្លងទៅវាថាខ្ញុំជិតដាច់ខ្យល់ហើយ។ សុំផ្តាំ មិនប្រាកដថា ដើរនិយាយព័ត៌មានថា ហ៊ុន សែន ស្លាប់/ឈឺធ្ងន់ អាចធ្វើឱ្យ ហ៊ុន សែន ស្លាប់នោះទេ។ ប៉ុន្តែ ប្រយ័ត្នស្លាប់ខ្លួនឯង។ ខ្ញុំគ្មានជំងឺមហារីកទេ។ អ្នកដែលមានជំងឺមហារីក ១០០ អាចនិយាយបានថាស្លាប់ ៩៩ ហើយ។ ដោយសារតែចេញវាយកូនគោលដំបូងហ្នឹងចង់ធ្វើ Swing ឱ្យវាល្អ (ដោយប្រើ) Driver ក៏ថ្មី Wood ក៏ថ្មី ដែកក៏ថ្មី ប្រឹងវាយឱ្យឆ្ងាយ។ អញ្ចឹងទៅស្រាប់វាមានបញ្ហាបន្តិច។ អញ្ចឹង ដាក់ថ្នាំទៅរុំដៃបន្តិច ដើម្បីថ្ងៃទី ២៩(វិច្ឆិកា) ទៅប្រឡងគ្នានៅសៀមរាប។
លុបកម្មវិធី ដោយត្រូវធ្វើចត្តាឡីស័ក
ថ្ងៃទី ៣០(វិច្ឆិកា) បើកការដ្ឋាននៅសៀមរាប។ កុំអីបើកការដ្ឋាននៅថ្ងៃទី ១៦(វិច្ឆិកា)។ ប៉ុន្តែ នៅពេលព្រឹត្តិការណ៍(៣ វិច្ឆិកា)មកដល់ ខ្ញុំត្រូវលុបចោលកម្មវិធីទាំងអស់។ កម្មវិធីដែលខ្ញុំបានលុបចោល៖ ទី (១) ត្រូវចុះទៅខេត្តពោធិ៍សាត់ ចែកជំនួយ និងពូជស្រូវឱ្យប្រជាជននៅខេត្តពោធិ៍សាត់ជិត ២ ម៉ឺនគ្រួសារ។ (ទី ២) ត្រូវហោះមកទីក្រុងភ្នំពេញវិញ ដើម្បីទទួលនូវព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងហ្លួងម៉ែ។ (ទី ៣) ព្រឹកថ្ងៃទី ៨ ត្រូវហោះទៅបាត់ដំបង ដើម្បីចែក(អំណោយ/ពូជស្រូវ)ជាង ១ ម៉ឺនគ្រួសារ។ (ទី ៤) ត្រូវហោះត្រឡប់មកទីក្រុងភ្នំពេញវិញ ដើម្បីដង្ហែព្រះមហាក្សត្រចូលរួមបុណ្យជាតិ ៩ វិច្ឆិកា។ (ទី ៥) បន្ទាប់ទៅថ្ងៃទី ១០ ត្រូវហោះទៅបន្ទាយមានជ័យ ដើម្បីចែកប្រមាណជាជិត ២ ម៉ឺនគ្រួសារ ទាំងស្រូវពូជ/ជំនួយឧបត្ថម្ភ។ (ទី ៦) ល្ងាចថ្ងៃទី ១១ ត្រូវដង្ហែព្រះមហាក្សត្រពន្លត់ភ្លើង។ (ទី ៧) ថ្ងៃទី ១២, ១៣, ១៤, ១៥ គឺប្រជុំអាស៊ាន ៤ ថ្ងៃជាប់គ្នា។
ខាងមិត្តវៀតណាមបានស្នើសុំថា ឱ្យខ្ញុំប្រជុំតាម Video conference។ សុំឱ្យខ្ញុំចូលប្រជុំក្នុងពេលវេលាណាមួយ ក៏ប៉ុន្តែ ខ្ញុំបានពន្យល់ទៅខាងភាគីវៀតណាមវិញថា ពេលធ្វើចត្តាឡីស័កគេមិនឱ្យខ្ញុំចេញពីផ្ទះទេ។ បើខ្ញុំចេញពីផ្ទះ វាខុសនឹងក្រឹត្យក្រមចត្តាឡីស័ក។ បើចូលមកវិមានសន្តិភាព អ្នកនៅក្នុងវិមានសន្តិភាពទាំងអស់ ត្រូវធ្វើចត្តាឡីស័ក។ អញ្ចឹង ត្រូវទៅប្រជុំពីផ្ទះខ្ញុំ។ បើអ្នកណាចូលផ្ទះខ្ញុំ អ្នកហ្នឹងមិនអាចចូលផ្ទះខ្លួនឯងវិញបានទេ។ តែចូលផ្ទះខ្ញុំហើយ ត្រូវចូលកន្លែងធ្វើចត្តាឡីស័ក។ អញ្ចឹង ទាំងអ្នកបច្ចេកទេស Video conference ទាំងអ្នកបកប្រែ ទាំងអ្នកជំនួយការលើឯកសារ គឺត្រូវជាប់ទាំងអស់។ អញ្ចឹងទេ បានជាជូនឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ធ្វើជាតំណាងក្នុងអង្គប្រជុំនោះទៅ។ នេះជាការខកខាន នៃកម្មវិធីរបស់ខ្ញុំ។
ថ្ងៃទី ១៦(វិច្ឆិកា) ត្រូវបើកការដ្ឋាននៅសៀមរាប ក៏ត្រូវលុបចោល។ ឥឡូវ ទៅកំណត់កម្មវិធីឡើងវិញ គឺថ្ងៃទី ៣០(វិច្ឆិកា) ប៉ុន្តែ ខ្ញុំត្រូវទៅមុន ព្រោះថ្ងៃហ្នឹងថ្ងៃសៅរ៍-អាទិត្យ។ ប៉ុន្តែ ជា សុផារ៉ា មិនបាច់ចូលក្រុមទេ រើសក្រុមខ្លួនឯងទៅ។ ក្រុមខ្ញុំមាន ៧ នាក់ហើយ។ ត្រៀមវាយកូនគោលឱ្យខ្លាំងលើសដើម មិនមែនជំងឺមហារីកមេដៃទេ។ អាហ្នឹងគ្រាន់តែបញ្ជាក់ ព្រោះឃើញខ្ញុំរុំមេដៃ ឆ្ងល់ថាឈឺអី? អាហ្នឹងមកពីរពឹស។ កាលមុនរពឹសប្រណាំងកង់ (ក៏)ដួល(មានរបួស)ស្មាទៅ។ រពិសមួយទៀត សាកលេង Driver លេងឱ្យខ្លាំង។ ផុតពីអាហ្នឹងទៅលេង Wood លេងឱ្យខ្លាំងទៀត មើលបានចង្ងាយប៉ុន្មាន? វាយបានឆ្ងាយគ្រាន់បើ។
កម្ពុជាក្រ ប៉ុន្តែអ្វីដែលអាចជួយបាន កម្ពុជាជួយ
បន្ទាប់ពីការបើកឆាក ដែលចំណាយពេលអស់សឹងកន្លះម៉ោង នៃការនិយាយ ក៏ប៉ុន្តែ ខ្ញុំក៏បានពន្យល់ដល់ប្រជាពលរដ្ឋដែរថា យើងដោះស្រាយបានបញ្ហា ថែមទាំងនិយាយអំពីទាក់ទងជំនួយទៅក្រៅ្រទេស អ្វីដែលយើងធ្វើបាន សុំ(បន្ត)ធ្វើទៅ យើងមិនមែនអ្នកមានទេ ក៏ប៉ុន្តែ យើងអ្នកក្រដែរ ប៉ុន្តែ យើងអាចជួយបានយើងត្រូវជួយ។ ថ្ងៃ(ដឹកជញ្ជូនម៉ាស់ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ)ទៅឡាវ នាយករដ្ឋមន្រ្តីឡាវចេញទទួល អញ្ចឹង ខ្ញុំត្រូវតែចាត់ឱ្យឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ធ្វើដំណើរនាំសម្ភារហ្នឹងទៅ។ ប៉ុន្តែ នៅខាងមីយ៉ាន់ម៉ាគឺពីម្សិលមិញឱ្យដឹងថា រដ្ឋមន្រ្តីសុខាភិបាលចេញទទួល អញ្ចឹងឱ្យឯកឧត្តម ម៉ម ប៊ុនហេង។ ស្អែកហ្នឹងយន្តហោះ ៣ គ្រឿង ហោះទៅ ធ្វើពិធីប្រគល់នៅព្រលានយន្តហោះ រួចហើយហោះត្រឡប់មកផ្ទះវិញ។
រៀបចំលិខិតបទដ្ឋានគតិយុត្តិ កំណត់ពីតួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល
កោតសរសើរ ចំពោះមេធាវីរាជរដ្ឋាភិបាល ដែលបានខិតខំទៅលើការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលបានប្រគល់។ ខ្ញុំទទួលយកដោយការពេញចិត្តនូវសំណើ ដែលត្រូវឱ្យមានលិខិតបទដ្ឋានគតិយុត្តិ និងរចនាសម្ព័ន្ធចាត់តាំងឱ្យបានត្រឹមត្រូវ។ សុំឯកឧត្តម ប៊ិន ឈិន ពិភាក្សាជាមួយឯកឧត្តម គី តិច រៀបចំឱ្យមានលិខិតបទដ្ឋានត្រឹមត្រូវ តើត្រូវធ្វើដល់ព្រះរាជក្រឹត្យ ឬធ្វើត្រឹមអនុក្រឹត្យ? ត្រូវពិភាក្សាគ្នាអំពីបញ្ហានេះ។ កំណត់អំពីរចនាសម្ព័ន្ធ គេហៅថា តួនាទីភារកិច្ចដំណើរការប្រព្រឹត្តទៅនៃមេធាវីរបស់រាជរដ្ឋាភិបាល ត្រូវមានភារកិច្ចអ្វីខ្លះ? សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើសំណើមកខ្ញុំ ដើម្បីសុំចាត់តាំងមេធាវីនៅតាមបណ្ដាខេត្ត/រាជធានីផងដែរ ព្រោះវាមានករណីខ្លះត្រូវការពឹងពាក់មេធាវីឱ្យចេញតទល់ក្តី។
ពិតហើយ គឺដូចជាមេធាវីនៅតាមរចនាសម្ព័ន្ធរបស់ថ្នាក់ខេត្ត គឺសុំផ្តល់នូវកម្រៃដូចជា ១ លាន ១ សែនរៀល ស្មើនឹងមេឃុំ។ ក៏ប៉ុន្តែ មេធាវីនោះក៏ការពារក្តី សម្រាប់អ្នកដទៃទៀតបានក្រៅពីការពារក្តី សម្រាប់រដ្ឋាបាល។ ក្រសួងនីមួយៗអាចនឹងពិនិត្យទៅលើការរៀបចំមេធាវីប្រចាំស្ថាប័នរបស់ខ្លួនបានដែរ។ អញ្ចឹងសម្រាប់សំណើរបស់ឯកឧត្តម គី តិច ពាក់ព័ន្ធជាមួយនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ កំណត់តួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល គឺ(ខ្ញុំ)ឯកភាព ហើយនៅក្នុងហ្នឹង (ការ)កំណត់អំពីថវិកា គឺ(ត្រូវ)ប្រើប្រាស់ថវិការដ្ឋ ដោយស្ថិតក្នុងកញ្ចប់ថវិការបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
តាមយោបល់ខ្ញុំ ធ្វើត្រឹមអនុក្រឹត្យវាអាចគ្រប់គ្រាន់ហើយ ប៉ុន្តែ ដល់ការតែងតាំង គឺតែងតាំងដោយព្រះរាជក្រឹត្យ។ អាហ្នឹងអត់មានអីខ្ទាស់គ្នាទេ។ ខាងក្រសួងយុត្តិធម៌ ក៏ទើបហ្នឹងបានស្នើសុំតែងតាំងមេធាវីជាង ៦០ នាក់ ដែលជាមេធាវីកាតព្វកិច្ចផងដែរ ដែលនៅទីនោះ គេមិនយកបៀវត្សរ៍ទេ។ សម្រាប់មេធាវីរបស់រាជរដ្ឋាភិបាល ខ្ញុំសុំកោតសរសើរ ហើយសុំគាំទ្រធ្វើឱ្យមានលិខិតបទដ្ឋាន ហើយយកទៅសិក្សាជាមួយគ្នាទៅ តើយើងត្រូវធ្វើកម្រិតត្រឹមអនុក្រឹត្យ ឬដល់ទៅព្រះរាជក្រឹត្យ ដើម្បីដំណើរការការរៀបចំ និងការប្រព្រឹត្តទៅ នៃតួនាទីមេធាវីរបស់រាជរដ្ឋាភិបាល។ កន្លងទៅគ្រាន់តែយើងជួយដោះស្រាយម្តងម្កាល ប៉ុន្តែ យើងមិនទាន់មានកន្លែង ដើម្បីរៀបចំសំណុំឯកសារស្អីៗនេះឱ្យមានយន្តការមួយជាក់លាក់សម្រាប់បម្រើឱ្យកិច្ចការរបស់រាជរដ្ឋាភិបាល។
ហៅត្រឹមថា មេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ
ចំពោះមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ខ្ញុំហៅត្រឹមសម្តេចតេជោទៅចុះ កុំឱ្យហៅសែនអី ព្រោះសែនហ្នឹងវាឈ្មោះខ្ញុំទៅហើយៗ តេជោហ្នឹង ខ្ញុំកំពុងតែស្រាវជ្រាវ តើតេជោដំឌិនហ្នឹងមានពិតឬអត់? ឬគ្រាន់តែមានក្នុងរឿង? បើយើងស្រាវជ្រាវ មានតេជោមាស និងតេជោយ៉ត ដែលវាទាក់ទងជាមួយនឹងចម្បាំងជាមួយនឹងព្រះបាទថៃណា ក្នុងសតវត្សរ៍ទី ១៦? ក៏បុន្តែ តេជោដំឌិន មានពិតប្រាកដឬអត់? បើតាម អ៊ី ឈាន នៅមានស្លាកស្នាមកន្លែងណានៅប៉ៃលិនមាន តេជោ ដំឌិន។ ប្រសិនក្នុងករណីមានតេជោដំឌិនពិតប្រាកដ ប្រហែលជាខ្ញុំ គឺជាមនុស្សទី ៤ នៅក្នុងប្រទេសកម្ពុជា ដែលមានគោរម្យងារជាតេជោ ដែលព្រះរាជទានដោយព្រះមហាក្សត្រ។ ប៉ុន្តែ ក្នុងករណីដែលមិនមានតេជោដំឌិនពិតប្រាកដទេ ខ្ញុំជាមនុស្សទី ៣ បន្ទាប់ពីសតវត្សរ៍ទី ១៦ មកដល់សតវត្សរ៍ទី ២១ ត្រូវទទួលបានគោរម្យងារជាតេជោ។ អញ្ចឹង ខ្ញុំហៅត្រឹមថា មេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ប៉ុន្តែ អស់លោក/ស្រីហៅតេជោសែន។ អាហ្នឹង គឺឈ្មោះជាមេធាវីសម្តេចតេជោសែនអញ្ចឹងតែម្តង។ អញ្ចឹង ខ្ញុំហៅកាត់ខ្លីថា មេធាវីស្ម័គ្រចិត្តតេជោអញ្ចឹងតែម្តងទៅ។
ប្រឹងប្រែងការពារក្តីសម្រាប់ស្ត្រី/ជនក្រីក្រ ធ្វើការងារមនុស្សធម៌ និងការងារបរិស្ថាន
ខ្ញុំសុំកោតសរសើរជាមួយនឹងការខិតខំទាំងឡាយ ដែលមេធាវីរបស់យើងបានប្រឹងប្រែងធ្វើក្នុងការចូលរួមចំណែកទៅលើការការពារ សម្រាប់ស្រ្តីក្រីក្ររបស់យើង។ ពីមុនយើងមានសមាជិកត្រឹមជាង ៦០ នាក់ ឥឡូវ ឡើងជាង ១៥០ នាក់ ដែលយើងពង្រាយទៅតាមខេត្តក្រុងនានា ហើយមានប្រធានក្រុម។ បទយកការណ៍មួយធ្វើដោយ BTV ខ្ញុំក៏មិនបានមើលដែរទេ តែព្រឹកមិញឃើញ ឯកឧត្តម គី តិច បញ្ជូនឱ្យខ្ញុំតាំងពីយប់ តែប្រហែលជាខ្ញុំសម្រាកពីល្ងាចបន្តិច។ មិនមែនសម្រាកទេ ជក់មើលកុន ព្រោះបន្ទាប់ពីរឿងសាមកុកទៅ នៅមានរឿងទីប្រឹក្សាស៊ីម៉ាអី។ តាមមើលកុនហ្នឹងទៀត។ ឥឡូវ បានពាក់កណ្ដាលហើយ។ ចង់មើលរឿងដើមរបស់គេ វាមានល្បិចកលយ៉ាងម៉េចអីយ៉ាងម៉េច។ ចេះតែមើលលេងអញ្ចឹងទៅ។ កម្សាន្តផងអីផងកុំឱ្យស្មុកពេក ដល់ពេលក្បែរភ្លឺឃើញអាហ្នឹង។ គេបានស្រាវជ្រាវឯកសារច្រើនណាស់ បទយកការណ៍មួយហ្នឹង គឺល្អ។
មេធាវីរបស់យើង មិនមែនគ្រាន់តែទៅជួយការពារក្ដីទេ ប៉ុន្តែ យើងបានរួមធ្វើកិច្ចការមនុស្សធម៌។ យើងបានធ្វើកិច្ចការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដែលជាជោគជ័យមួយក្នុងចំណោម នៃការជោគជ័យក្នុងការដោះស្រាយវិវាទ។ យើងបានចូលរួមនៅក្នុងកិច្ចការការពារបរិស្ថាន តាមរយៈការចូលរួមដាំដើមឈើ និងសកម្មភាពដទៃទៀត។ ខ្ញុំសុំផ្ដល់ការកោតសរសើរ ហើយសុំប្រកាន់យកនូវឥរិយាបទបែបនេះតទៅទៀត។ ពិតមែនហើយ ថវិកាមកដល់ពេលនេះ តាមរបាយការណ៍ គឺយើងនៅសល់ថវិកាចំនួន ១ លាន សែន ៦ម៉ឺនដុល្លារ(អាមេរិក) ជាង ៦ ពាន់លានរៀល។ ត្រង់នេះបញ្ជាក់ឱ្យឃើញថា ក្រុមមេធាវីរបស់យើងមិនបានយកថវិកានេះទៅប្រើប្រាស់ទេ គឺបានចំណាយថវិកាផ្ទាល់ខ្លួន ជួយទៅដល់ជនក្រីក្រ។ ថវិកាដែលយកមកប្រើនេះ គឺរៀបចំកន្លែងធ្វើការស្អីៗទេ។ ប៉ុន្តែ ភាគច្រើនមេធាវីស្ម័គ្រចិត្តរបស់យើង បានធ្វើទាំងកិច្ចការផង បានចេញទាំងថវិកាផ្ទាល់ខ្លួន ដើម្បីជួយការពារក្ដី ចំពោះជនក្រីក្ររបស់យើងផង។
ថវិការដ្ឋផ្ដល់ឱ្យគណៈមេធាវី មានគោលដៅបម្រើជនក្រីក្រពិតប្រាកដ
ថ្ងៃក្រោយ សុំឱ្យឯកឧត្តម លី ច័ន្ទតុលា ពិនិត្យមើលផងដែរ អំពីការចំណាយថវិកាដែលរដ្ឋផ្ដល់ឱ្យគណៈមេធាវី។ ការចាយវាយត្រូវឱ្យចំទិសដៅ និងបម្រើទៅជនក្រីក្រពិតប្រាកដ។ ប្រសិនបើអាចធ្វើទៅបាន គួរតែធ្វើរបាយការណ៍មួយ។ ក្នុងប៉ុន្មានឆ្នាំដែលចាប់ផ្ដើមទទួលនូវថវិកាពីរដ្ឋាភិបាល ការពារក្ដីបានប៉ុន្មាន? ផ្ដល់ការពិគ្រោះផ្លូវច្បាប់បានប៉ុន្មាន? ក្រសួងយុត្តិធម៌ ត្រូវទទួលខុសត្រូវទៅលើបញ្ហាហ្នឹង ព្រោះក្រសួងយុត្តិធម៌ ជាអាណាប័ក។ ឆ្នាំនេះ(ថវិការដ្ឋផ្តល់ឱ្យមានចំនួន) ១ ៦០០ លាន(រៀល) ឆ្នាំក្រោយឡើងទៅដល់ ២ ០០០ លាន(រៀល)។ អាណាប័កត្រូវតែធ្វើការត្រួតពិនិត្យថវិកានោះផងដែរ។ ចំពោះខ្ញុំវាអត់ចំណោទទេ។ រឿងថវិកា ខ្ញុំមិនគិតថាមានបញ្ហាសម្រាប់មេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោទេ។
ការផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាជនក្រីក្រ ចាប់ផ្តើមពីកត្តា ៣ យ៉ាង
យើងត្រូវឃើញអំពីការចាំបាច់ អំពីការផ្ដល់ជំនួយផ្នែកច្បាប់ជូនប្រជាជនក្រីក្រ តើចាប់ផ្ដើមពីអ្វី? នោះនៅត្រង់ថា៖ ទី (១) ការយល់ដឹងឱ្យបានច្បាស់លាស់អំពីច្បាប់ គឺជារឿងចាំបាច់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងសង្គមនីតិរដ្ឋ។ ប៉ុន្តែ ដោយសាតែច្បាប់ និងនីតិវិធីតុលាការ មានច្រើនប្រភេទ និងមានលក្ខណៈបច្ចេកទេសកាន់តែស្មុគស្មាញទៅៗ ប្រជាពលរដ្ឋទូទៅមិនអាចយល់បានច្បាស់លាស់ និងស៊ីជម្រៅ អំពីអត្ថន័យរបស់ច្បាប់ និងនីតិវិធីនានារបស់តុលាការបាននោះទេ។ ហេតុដូច្នេះ នៅក្នុងសង្គមនីតិរដ្ឋ វិជ្ជាជីវៈមេធាវីត្រូវបានបង្កើតឡើង ដើម្បីបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការផ្ដល់ជំនួយផ្នែកច្បាប់ តាមរយៈការផ្ដល់សេវាប្រឹក្សាយោបល់ និងផ្ដល់សេវាការពារក្ដីនៅចំពោះមុខតុលាការជូនប្រជាពលរដ្ឋ ដើម្បីការពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់។ នេះជាចំណុចទី ១ ដែលមានការចាំបាច់។
ការប្រឹក្សាខាងផ្នែកច្បាប់ ជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌
ជំនួយផ្លូវច្បាប់ គឺមិនត្រឹមតែអ្នកដែលពាក់ព័ន្ធជាមួយនឹងបទល្មើស ដែលខ្លួនបានប្រព្រឹត្តបទល្មើស ឬក៏ស្អីទេ សូម្បីតែអ្នករកស៊ីក៏គេអាចត្រូវការជំនួយផ្លូវច្បាប់របស់យើងផងដែរ។ មិនថាអ្នកក្រទេ អ្នកមានក៏ត្រូវការជំនួយផ្នែកច្បាប់ដែរ។ ប៉ុន្តែ សម្រាប់គោលដៅរបស់យើង តម្រង់ទៅរកអ្នកក្រីក្រដែលត្រូវការប្រឹក្សាខាងផ្លូវច្បាប់ជាមួយហ្នឹងយើង។ ចំណុចនេះ ទាមទារឱ្យមេធាវីរបស់យើងជួយបំពេញការយល់ដឹងរបស់ប្រជាពលរដ្ឋ ហើយយើងត្រូវចាត់ទុកថា ការប្រឹក្សាខាងផ្នែកច្បាប់នេះ និងកិច្ចការដែលយើងកំពុងធ្វើនេះ ក៏ជាផ្នែកមួយ នៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការរបស់យើងផងដែរ។ ដូច្នេះហើយបានជាយើងមិនត្រឹមតែធ្វើកិច្ចការទាក់ទងជាមួយការការពារ ចំពោះមុខតុលាការទេ តែកិច្ចការដែលមានច្រើនជាងនេះទៀត គឺកិច្ចការពិគ្រោះផ្លូវច្បាប់ ព្រោះយើងជាមេធាវី យើងជាអ្នកយល់ច្បាប់ យើងចេះច្បាប់ ប៉ុន្តែ ប្រជាពលរដ្ឋអត់ដឹងទេ។ ជួនកាលប្រជាពលរដ្ឋត្រូវការយើងឱ្យជួយសរសេរពាក្យបណ្ដឹង ឬប្រជាពលរដ្ឋឱ្យជួយសរសេរពាក្សស្នើសុំកាន់កាប់ដីធ្លី។ ជួនកាលគាត់ពឹងពាក់យើង ក៏យើងគួរចូលរួមចំណែកពន្យល់គាត់ តើធ្វើរបៀបយ៉ាងម៉េច? ឧទាហរណ៍ថា៖ ទាក់ទងនឹងការកាន់កាប់ដីធ្លីត្រូវធ្វើរបៀបម៉េច តាមច្បាប់ភូមិបាលត្រូវធ្វើរបៀបម៉េច។ ទាក់ទងទាំងអស់គឺជាការប្រឹក្សាផ្លូវច្បាប់ ត្រូវឱ្យប្រជាពលរដ្ឋយើងយល់អំពីច្បាប់។
ទី (២) វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈសេរី ដែលបំពេញការងាររបស់ខ្លួនដោយឯករាជ្យពីស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ ខុសពីមន្ត្រីរាជាការសាធារណៈ។ មេធាវីមិនទទួលប្រាក់ខែពីរដ្ឋនោះទេ ប៉ុន្តែ ទទួលប្រាក់កម្រៃសេវាពីប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់ខ្លួន តាមរយៈការផ្ដល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ឬការពារក្ដីនៅ ចំពោះមុខតុលាការ ដោយសារការប្រើប្រាស់សេវាមេធាវីត្រូវបង់ថ្លៃ ហើយកម្រៃសេវានេះ ត្រូវកំណត់ដោយសេរីពីមេធាវី ធ្វើឱ្យប្រជាពលរដ្ឋក្រីក្រមិនអាចមានលទ្ធភាព ក្នុងការស្វែងរកជំនួយផ្នែកច្បាប់ពីមេធាវីបាននោះទេ។
វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈក្រៅក្របខណ្ឌនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការ តែមានលក្ខខន្តិកៈមេធាវី
ខ្ញុំសុំបញ្ជាក់រឿងនេះ វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈនៅក្រៅក្របខណ្ឌនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការ។ ប៉ុន្តែ មានលក្ខខន្តិកៈដូចដែលយើងកំពុងមានសព្វថ្ងៃនេះ។ ខ្ញុំមានសិទ្ធិបោះឆ្នោត(ជ្រើសរើសប្រធានគណៈមេធាវី ដែល) កន្លងទៅលោក លី ច័ន្ទតុលា ក៏ទទួលបានឆ្នោតរបស់ខ្ញុំមួយសន្លឹកដែរ ព្រោះខ្ញុំដូចជាស្បថនៅឆ្នាំ ១៩៩៦ ឬ ១៩៩៧ បានសេចក្ដីថា ខ្ញុំគ្រាន់តែជាមេធាវីដែលព្យួរទេ ដល់ពេលខ្ញុំចូលនិវត្តន៍ ក្លឹបមេធាវីសម្ដេចតេជោនៅបន្ត។ គោលដៅរបស់ខ្ញុំ គឺដូច្នេះ។ នៅពេលដែលខ្ញុំឈប់ធ្វើជានាយករដ្ឋមន្ត្រី បើអ្នកទាំងអស់គ្នាស្ម័គ្រចិត្តនៅជាមួយខ្ញុំបន្តទៀត យើងអាចរកកន្លែងមួយផ្សេងធ្វើជាទីស្នាក់ការ។ វាមិនលំបាកទេ។
ខ្ញុំធ្លាប់បាននិយាយហើយថា ជីដូនរបស់ខ្ញុំជាស្មាក្តី ដែលក្រោយមកគេហៅមេធាវីនេះឯង។ ពីដើមគេហៅស្មាក្ដី។ ជីដូនរបស់ខ្ញុំជាស្មាក្ដីឡើងមកដល់ភ្នំពេញ ពីដើមគេហៅសាលាវិនិច្ឆ័យ។ គាត់ឧស្សាហ៍និយាយណាស់ គាត់ថា ដើម្បីកុំឱ្យចាញ់ច្រាប ទៅដល់គាត់ទន្ទ្រាំជើងនៅទ្វារចូល។ តំណក់ឈាមរបស់ជីដូនខ្ញុំវាមិនបានទៅណាទេ វាឆ្លងមកដល់ខ្ញុំ។ ឥឡូវ ខ្ញុំកំពុងតែមើលចៅរបស់ខ្ញុំ តើចៅមួយណាវាអាចមានឈាមជ័រជាមេធាវី? បើសួរមួយទៅវាមិនស្គាល់មេធាវីជាស្អីដែរ។ ប៉ុន្តែ អ្នកធ្លាប់ស្គាល់ក៏វាអត់ចាប់យកអាហ្នឹង។ (ចៅ)ទី ២២ នៅតែ ២ ខែទៀត មកដល់។ (ចៅ)អាទី ២១ ជិតចេះក្រឡាប់ហើយ។ (ចៅ)អាទី ២២ កើតសម័យកូវីដ-១៩ តែម្ដង។ ប៉ុន្តែ ផ្នែកពេទ្យអត់មានតែម្ដង អត់មានអ្នកណាកាត់ទៅជីដូនវា។ ប្រពន្ធខ្ញុំ គឺគ្រូពេទ្យ។ អត់មានអ្នកណាមួយចង់ទេ ខ្លាចម្ជុល។
ក្តីបរិហារកេរ្តិ៍ នៅបារាំង ប្រើពេលដល់ទៅ ៣ ឆ្នាំ
វិជ្ជាជីវៈមេធាវីជាផ្នែកមួយដែលមិនស្ថិតនៅក្រោមនីតិបញ្ញត្តិ នៅក្រោមនីតិប្រតិបត្តិ ឬនៅក្រោមតុលាការទេ ក៏ប៉ុន្តែ វាជាផ្នែកមួយ ដែលមិនអាចខ្វះបាន សម្រាប់ដំណើរការក្ដី។ បើគ្មានមេធាវីទេ មិនអាចក្ដីបានទេ។ ខ្ញុំគួរតែនិយាយបន្តិច។ ខ្ញុំបានប្ដឹងពីបទបរិហាកេរ្តិ៍(មួយ)នៅតុលាការបារាំង។ ឥឡូវ តុលាការហ្នឹងកំណត់សវនាការនៅវេលាម៉ោង ១៖៣០ នាទីរសៀល ថ្ងៃទី ០១ កញ្ញា ២០២២។ សវនាការនេះ អាចប្រើរយៈពេល ២ ម៉ោងកន្លះ។ នេះគ្រាន់តែជាបណ្ដឹងបរិហារកេរ្តិ៍ (ដែលបាន)ប្ដឹងតាំងពីឆ្នាំ ២០១៩។ អញ្ចឹង រឿងអីដែលពួកបរទេសនានាមកនិយាយថា ឱ្យកាត់ក្ដីសំណុំរឿងមួយចំនួននៅភ្នំពេញឱ្យបានឆាប់។ មើលខ្លួនឯងទៅ។ ឱ្យយើងទៅបង្ខំតុលាការម៉េចហ្នឹងកើត? យើងគ្មានលទ្ធភាពទៅបង្ខំតុលាការ(ទេ) ស្រុកបារាំងក៏គេគ្មានលទ្ធភាពបង្ខំតុលាការភ្នំពេញដែរ? និយាយគ្នាឱ្យច្បាស់កន្លែងហ្នឹង។ បទល្មើសល្អិតល្អោច គេថាសំណុំរឿងកកស្ទះដោយសារ កូវីដ-១៩។ នៅទីនេះ ក៏កកស្ទះដោយសារ កូវីដ-១៩។ ពេលដែល ឯកឧត្តម គី តិច វាយមកឱ្យខ្ញុំៗ បញ្ចូលទៅក្នុង Note របស់ខ្ញុំ។ គ្រាន់តែរឿងបរិហារកេរ្តិ៍ ប្រើពេលដល់ទៅ ៣ ឆ្នាំ។ រឿងអីមកគាបសង្កត់ឱ្យតុលាការភ្នំពេញកាត់ក្ដីរឿងធំៗមួយចំនួនបានឆាប់រហ័ស? (បារាំង)នេះ(ជា)ប្រទេសដែលគេចាត់ទុកថាឯករាជ្យ តុលាការឆាប់រហ័ស មានរឿងអញ្ចឹងដែរ។
ខ្ញុំត្រូវតែហ៊ាននិយាយ ដើម្បីឱ្យទាំងអស់គ្នាលឺ ថាម៉េចបានជាដំណើរការក្ដីខ្លះនៅកម្ពុជាយឺតម្ល៉េះ? ស្រុកបារាំងដែលគេថាស្រុកស៊ីវិល័យ ស្រុកតុលាការឯករាជ្យ គឺប្រើពេលជាង ៣ ឆ្នាំ នៅក្នុងសំណុំរឿងបរិហារកេរ្តិ៍។ មានរឿងមួយទៀត ខ្ញុំសូមរំលឹកបន្តិច។ ខ្ញុំឈ្នះក្ដីលើការសែត Le Figaro ចំនួន ៥ ម៉ឺនហ្វ្រង់ នៅឆ្នាំ ១៩៩៧ ប៉ុន្តែ ខ្ញុំចំណាយលើមេធាវីអស់ ១២ ម៉ឺនហ្វ្រង់ ហើយប្ដឹងនៅតុលាការប៉ារីស ខ្ញុំទារតែ ១ អឺរ៉ូទេ ដើម្បីរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំ។ ខ្ញុំអត់ទារច្រើនទេ។ ប៉ុន្តែ ខ្ញុំអាចចំណាយទៅលើតម្លៃមេធាវីរាប់ម៉ឺនអឺរ៉ូ។ កាសែត Le Figaro សងជំងឺចិត្តបានតែ ៥ ម៉ឺន ដល់ចាយត្រឡប់ទៅវិញ ១២ ម៉ឺនហ្វ្រង់ កាលនោះមិនទាន់មានអឺរ៉ូទេ។ (មេធាវី)គ្រាន់តែគាត់ធ្វើដំណើរមកគាត់គិតលុយ នៅប្រទេសយើងប្រហែលជាមានអាហ្នឹងដែរ ព្រោះជាការកំណត់ដោយសេរីរបស់មេធាវី។ ដោយសាការកំណត់នេះហើយ បានជាធ្វើឱ្យអ្នកក្រីក្ររបស់យើងខ្វះលទ្ធភាពរកមេធាវីការពារ។
ស្នើក្រសួងសេដ្ឋកិច្ច បំពេញថវិកាបន្ថែមឱ្យបានគ្រប់ ៥០០ លានរៀល ជូនក្រុមប្រឹក្សាជាតិដើម្បីស្ត្រី
ដំបូងខ្ញុំបានផ្ដល់ឱ្យមេធាវីរាជរដ្ឋាភិបាល តាំងពីជំនាន់ ឯកឧត្តម គី តិច នៅធ្វើជាប្រធាន ដំឡើងបន្តិចម្ដងៗ បន្ទាប់ទៅឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប៉ុន្មានឆ្នាំចុងក្រោយនេះ ៥០០ លាន(រៀល) ប៉ុន្តែ លឺថា ឆ្នាំក្រោយ គេកាត់នៅសល់តែ ៣០០ លាន(រៀល)។ សុំបញ្ជាក់ទៅ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ច្បាប់ថវិកាទោះបីចេញមែនក៏ដោយ តែខ្ញុំសុំស្នើឱ្យបំពេញបន្ថែមគ្រប់ ៥០០ លាន(រៀល) (ដោយ) យកថវិកា ដែលមិនទាន់បែងចែក ឬយកពីទីស្ដីការគណៈរដ្ឋមន្ត្រីបន្ថែមគ្រប់ ៥០០ លាន(រៀល)។ ដោយឃើញថា វាមិនគ្រប់ទើបឆ្នាំកន្លងទៅពេលប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ខ្ញុំក៏ផ្ដួចផ្ដើមគំនិត ដើម្បីបង្កើតឡើងនូវមេធាវីស្ម័គ្រចិត្ត សម្ដេចតេជោ។ បន្ទាប់ពីនោះមក បានកកើតចេញពីរូបរាង ហើយយើងបានប្រមូលទុន។ ទុនខ្ញុំដាក់ដំបូង ៥០ ម៉ឺន ដុល្លារ(អាមេរិក)។ បន្ទាប់ទៅមានការចូលរួមរហូតដល់ ១ លាន ៥០ ម៉ឺន ដុល្លារអាមេរិក។ ប៉ុន្តែ មេធាវីរបស់យើង មិនបានយកប្រាក់នេះទៅប្រើប្រាស់នោះទេ។ នេះជាការស្ម័គ្រចិត្តពិតប្រាកដ …។
ទី (៣) ការផ្ដល់ជំនួយសេវាផ្នែកច្បាប់ដល់ជនក្រីក្រ បានក្លាយជាការទទួលខុសត្រូវ និងជាផ្នែកមួយ នៃគោលនយបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសិទ្ធិទទួលបានយុត្តិធម៌របស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងសង្គមនីតិរដ្ឋ។ បណ្ដាប្រទេសមួយចំនួនបានចាត់ទុកជំនួយផ្នែកច្បាប់នេះ គឺជាផ្នែកមួយ នៃសេវាសាធារណៈ និងបានបង្កើតឱ្យមានយន្តការផ្ដល់សេវាជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃនេះ ជូនដល់ប្រជាពលរដ្ឋក្រីក្ររបស់ខ្លួន។ សេវាជំនួយផ្នែកច្បាប់ជួយជនក្រីក្រដោយឥតគិតថ្លៃនេះ រួមទាំងការផ្ដល់ពិគ្រោះយោបល់សេវាផ្នែកច្បាប់ និងសេវាការពារក្ដីនៅគ្រប់ដំណាក់កាលនៃនីតិវិធីតុលាការ ប៉ុន្តែការអនុវត្តគោលនយោបាយ ក្នុងការផ្ដល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រដោយឥតគិតថ្លៃ បានក្លាយជាបន្ទុកចំណាយផ្នែកហិរញ្ញវត្ថុដ៏ច្រើនសម្រាប់រដ្ឋ។ ហេតុដូច្នេះ បានជាប្រទេសមួយចំនួនមិនទាន់មានលទ្ធភាពផ្នែកហិរញ្ញវត្ថុបានគ្រប់គ្រាន់ បានរិះរកនូវយន្តការផ្សេងៗ ដើម្បីធានាឱ្យប្រជាពលរដ្ឋក្រីក្រអាចទទួលបានជំនួយផ្នែកច្បាប់ ក្នុងការអនុវត្តសិទ្ធិទទួលបានយុត្តិធម៌ ក្នុងកម្រិតអប្បបរមា ដោយរួមទាំងការការពារក្ដីនៅចំពោះមុខតុលាការដោយស្មាក្ដី ឬការអនុញ្ញាតឱ្យមានការការពារក្ដីដោយពលរដ្ឋ ឬអ្នកស្ម័គ្រចិត្ត ដែលមានចំណេះដឹងផ្នែកច្បាប់ ប៉ុន្តែ មិនមែនជាមេធាវី។
ចំណុចនេះ រំលឹកទៅដល់ជីដូនរបស់ខ្ញុំ រឿងនេះមានតាំងពីមុន គាត់មិនមែនជាមេធាវីនៅក្នុងគណៈមេធាវីទេ ក៏ប៉ុន្តែគ្រាន់តែគាត់ជាអ្នកចេះដឹងផ្នែកច្បាប់។ គេពឹងពាក់គាត់ឱ្យឡើងមកសាលាដំបូងកំពង់ចាម ឱ្យឡើងមកសាលាវិនិច្ឆ័យទីក្រុងភ្នំពេញនេះ ក៏ប៉ុន្តែ ក៏មានអ្នកខ្លះគេស្ម័គ្រចិត្តការពារខ្លួនគេដែរ។ គេអត់ត្រូវការមេធាវី។
ក្របខណ្ឌ ៣ នៃការផ្ដល់សេវាផ្នែកច្បាប់និងមេធាវីការពារក្ដី៖ ទី (១) ការផ្ដល់ជំនួយផ្នែកច្បាប់ និងមេធាវីការពារជនក្រីក្រ
និយាយពីស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាវាយ៉ាងម៉េច។ ការផ្ដល់សេវាផ្នែកច្បាប់ និងមេធាវីការពារក្ដី ត្រូវបានហ្នឹងកំពុងអនុវត្តក្នុង ៣ ក្របខណ្ឌ។ ក្របខណ្ឌទី (១) ការផ្ដល់ជំនួយផ្នែកច្បាប់ និងមេធាវីការពារជនក្រីក្រ។ កន្លងមកការផ្ដល់ជំនួយបែបនេះ ត្រូវបានធ្វើឡើងដោយគណៈមេធាវីរបស់កម្ពុជា (និងតាមរយៈ)ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដោយសមាគម ឬអង្គការក្រៅរដ្ឋាភិបាល យោងតាមមាត្រា ២៩ នៃច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីៗមានកាតព្វកិច្ចជួយដល់ជនក្រីក្រ តាមបែបបទនៃបទបញ្ជាផ្ទៃក្នុង។
ទន្ទឹមនេះ គណៈមេធាវីត្រូវមានបេឡាពិសេសមួយរបស់ខ្លួន ដែលទទួលភាគទានពីគ្រប់សមាជិកមេធាវីទាំងអស់ ដើម្បីផ្ដល់កម្រៃដល់មេធាវី ដែលការពារជនក្រីក្រ។ ដូច្នេះ ការផ្ដល់សេវាជំនួយផ្នែកច្បាប់ដល់ជនក្រីក្រនេះ ក៏ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់គណៈមេធាវីផងដែរ។ ប៉ុន្តែ ដើម្បីជួយដល់ជនក្រីក្រ ដែលត្រូវការពារខ្លួនចំពោះមុខតុលាការ រាជរដ្ឋាភិបាលបានផ្ដល់កញ្ចប់ថវិកាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣ (ចំនួន) ២០០ លានរៀល ហើយកញ្ចប់ថវិកានេះ ត្រូវបានបង្កើតជាបន្តបន្ទាប់។ ឆ្នាំ ២០២០ មាន(ចំនួន) ១ ៦០០លាន(រៀល) និងឆ្នាំ ២០២១ ឡើងទៅដល់ ២ ០០០ លាន(រៀល) ដែលប្រធានគណៈមេធាវីថ្មីត្រូវសម្រិតសម្រាំងប្រើប្រាស់ឱ្យចំទិសដៅ។ ក្រៅពីនោះ យើងបានផ្តល់តាមក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ចំនួន ៥០០ (លានរៀល)។ ឥឡូវ លឺសូរថាកាត់នៅសល់ ៣០០ (លានរៀល) ប៉ុន្តែ ខ្ញុំធានាថាឱ្យត្រឡប់ទៅវិញឱ្យគ្រប់ ៥០០ (លានរៀល)។
អង្គការក្រៅរដ្ឋាភិបាលខ្លះ ផ្តល់មេធាវីការពារពលរដ្ឋក្រីក្រតាមមូលដ្ឋាន
លើការជាក់ស្តែង ការផ្តល់មេធាវីការពារជនក្រីក្រ គឺអនុវត្តតែក្នុងពេលដែលសំណុំរឿងមកដល់តុលាការ ហើយតុលាការតម្រូវឱ្យមានមេធាវីការពារក្តីតែប៉ុណ្ណោះ។ ប៉ុន្តែ ការផ្តល់សេវានេះ មិនគ្របដណ្តប់ទៅដល់ការផ្តល់ជំនួយផ្នែកប្រឹក្សាយោបល់ផ្លូវច្បាប់នៅថ្នាក់មូលដ្ឋាននោះឡើយ។ កន្លងមក សមាគម ឬអង្គការ មិនមែនរដ្ឋាភិបាលមួយចំនួន បានធ្វើសកម្មភាពនៅថ្នាក់មូលដ្ឋាន ដោយជួបផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ ដែលត្រូវការសេវាផ្នែកច្បាប់ ទាំងការផ្តល់ជំនួយប្រឹក្សាយោបល់ ក៏ដូចជាជួយរៀបចំដាក់ពាក្យបណ្តឹងទៅ តុលាការ និងការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ។ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ ទទួលបានថវិកាពីបរទេស ដើម្បីបើកស្នាក់ការធ្វើប្រតិបត្តិការនៅតាមបណ្តាខេត្តមួយចំនួន ក៏ដូចជា ជួលមេធាវីប្រចាំការ ដើម្បីការផ្តល់សេវាជំនួយផ្នែកច្បាប់ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលត្រូវការសេវាផ្នែកច្បាប់។
ចំណុចនេះ ក៏ជាផ្នែកមួយនៃការជួយឧបត្ថម្ភ ដែលខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការអរគុណ និងកោត សរសើរចំពោះអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលបានធ្វើសកម្មភាពក្នុងការផ្តល់នូវមេធាវី ក៏ដូចជា ការពិគ្រោះខាងផ្លូវច្បាប់ សម្រាប់ប្រជាជននៅតាមមូលដ្ឋាន។
អង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងមេធាវីខ្លះ ឆ្លៀតឱកាសរុញឱ្យមានបាតុកម្ម
ខ្ញុំក៏សូមបញ្ជូនសញ្ញាប្រាប់ថា មានអង្គការមួយចំនួន និងមេធាវីខ្លះ ក៏ឆ្លៀតឱកាសរុញឱ្យមានបាតុកម្មផ្ទុះឡើង។ មិនមែនយើងជា(រាជ)រដ្ឋាភិបាលមិនដឹងរឿងនោះទេ។ យើងលើកទឹកចិត្តឱ្យផ្តល់ជំនួយផ្លូវច្បាប់ ឬការពារក្តីជូនជនក្រីក្រ តែយើងមិនលើកទឹកចិត្តឱ្យអ្នកធ្វើសកម្មភាពញុះញង់ ដើម្បីរុញឱ្យធ្វើបាតុកម្មនោះទេ។ ខ្ញុំថ្លែងអំណរគុណផង តែខ្ញុំបង្ហាញពីការខកចិត្តខ្លះផង។ ខ្ញុំលើកទឹកចិត្តឱ្យអង្គការក្រៅរដ្ឋាភិបាល ដែលបានទទួលជំនួយពីបរទេសជួយសេវាផ្លូវច្បាប់ និងការពារ(ក្តី) ចំពោះជនក្រីក្រ តែខ្ញុំក៏មិនលើកទឹកចិត្តឱ្យឆ្លៀតធ្វើសកម្មភាពញុះញង់បង្កើតឱ្យមានបាតុកម្ម។ (មាន)រឿងខ្លះ (គេបាន)រុញពីកំពង់សោម/កោះកុង/ក្រចេះ។ មានក្រុមមេធាវី នៃអង្គការក្រៅរដ្ឋាភិបាលខ្លះ(ធ្វើដូចនេះ) មិនមែនយើងមិនដឹងទេ តែចំណុចអវិជ្ជមានទាំងនេះ យើងមិនដែលបាននិយាយទេ។ ខ្ញុំផ្ញើសារថា ខ្ញុំអរគុណ តែខ្ញុំ(ក៏)បង្ហាញការមិនសប្បាយចិត្ត។ បើយើងតម្រូវឱ្យធ្វើតាមផ្លូវច្បាប់ គឺដំណើរតាមផ្លូវច្បាប់ ជាជាងការរុញពលរដ្ឋឱ្យមកធ្វើសកម្មភាពបែបនេះ …។
… ទី (២) ការផ្តល់មេធាវីកាតព្វកិច្ច ក្នុងករណីបទឧក្រិដ្ឋ ឬសំណុំរឿងពាក់ព័ន្ធនឹងអនីតិជន
ឯក្របខណ្ឌទី ២ ការផ្តល់មេធាវីកាតព្វកិច្ច ក្នុងករណីបទឧក្រិដ្ឋ ឬសំណុំរឿងពាក់ព័ន្ធនឹងអនីតិជន។ យោងតាមមាត្រា ៣០១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ជំនួយពីមេធាវីត្រូវតែមានជាដាច់ខាត ក្នុងករណីបទឧក្រិដ្ឋ និងក្នុងករណីដែលជនជាប់ចោទជាអនីតិជន។ ទន្ទឹមនេះ មាត្រា ៦ នៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន ក៏បានចែងផងដែរថា អនីតិជនគ្រប់រូប ដែលជាប់សង្ស័យ ឬត្រូវបានចោទ ឬជាប់ចោទថាបានប្រព្រឹត្តបទល្មើស ត្រូវតែទទួលបានសិទ្ធិជាមូលដ្ឋាន ក្នុងការទទួលបានជំនួយពីមេធាវី ដោយការជ្រើសរើស ឬដោយការចាត់តាំង ដោយមិនយកកម្រៃ ស្របតាមលក្ខខណ្ឌ ដែលមានចែងដោយច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី ចាប់តាំងពីដំណាក់កាលដំបូងបំផុតនៃនីតិវិធី។ ការចាត់តាំងមេធាវីក្នុងករណីទាំងពីរនេះ គឺជាលក្ខខណ្ឌចាំបាច់ ដែលតម្រូវដោយច្បាប់ ដែលហៅថា មេធាវីកាតព្វកិច្ច ដើម្បីឱ្យនីតិវិធីតុលាការអាចដំណើរការទៅបាន។ តាមផ្លូវច្បាប់ ជនជាប់ចោទអាចជ្រើសរើសមេធាវីដោយខ្លួនឯងបាន។ ប៉ុន្តែ ប្រសិនបើជនជាប់ចោទពុំព្រមជ្រើសរើសមេធាវីដោយខ្លួនឯងទេ តុលាការត្រូវតែធានាឱ្យមានមេធាវីជួយការពារក្តីឱ្យជនជាប់ចោទទាំងនេះដោយឥតគិតថ្លៃ បើទោះបីជនជាប់ចោទនោះមិនមែនជាអ្នកក្រីក្រក៏ដោយ។
ចំណុចស្តីពី “ប្រធានគណៈមេធាវីអាចចាត់តាំងមេធាវីការពារដោយឥតគិតថ្លៃសម្រាប់តែជនក្រីក្រ”
ចំណុចនេះ គឺជាបញ្ហាប្រឈមក្នុងក្របខណ្ឌច្បាប់ ស្តីពីលក្ខខន្តិកៈមេធាវី ដែលកំណត់ថា ប្រធានគណៈមេ ធាវី អាចចាត់តាំងមេធាវីការពារដោយឥតគិតថ្លៃ សម្រាប់តែជនក្រីក្រ។ នេះជាចំណុច ដែលសុំឱ្យរដ្ឋមន្ត្រីយុត្តិធម៌ (និង/ឬ)គណៈមេធាវី (ពិនិត្យមើលថាតើ)អាចនឹងត្រូវធ្វើវិសោធនកម្មទៅលើចំណុចនេះ(ទេ)។ ចុះបើមនុស្សខ្លះមិនមែនជាជនក្រីក្រ បើគ្មានមេធាវី (រឿងក្តី)នេះទៅ(មុខ)អត់រួច។ ធ្វើអត់បាន។ កកស្ទះសំណុំរឿង។ ដោយសារតែច្បាប់របស់យើងតម្រូវឱ្យការពារតែអ្នកក្រីក្រ ចុះបើអ្នកមិនមែនក្រីក្រ តែមិនព្រមយកមេធាវី។ បើគេមិនព្រម យកមេធាវី ហើយគេសុខចិត្តធ្វើមេធាវីខ្លួនឯង អាហ្នឹងវាអត់បញ្ហា។ ប៉ុន្តែ បើគាត់មិនព្រមយកមេធាវី បានសេចក្តីថា ដំណើរការក្តីនេះទៅ(មុខ)អត់បានទេ។
ជាបទពិសោធន៍នៅក្នុងបណ្តាប្រទេសមួយចំនួន មេធាវីការពារជនក្រីក្រ និងមេធាវីកាតព្វកិច្ច ត្រូវបានចាត់ តាំងដោយប្រធានតុលាការពីក្នុងបញ្ជីមេធាវីប្រចាំឆ្នាំមួយ ដើម្បីការពារក្តីនៅចំពោះមុខតុលាការ ហើយមេធាវីនោះត្រូវទទួលបានកម្រៃសេវាក្នុងអត្រាមួយ ដែលត្រូវបានកំណត់ជាមុនដោយរដ្ឋ។ ប៉ុន្តែ សម្រាប់កម្ពុជា រដ្ឋពុំទាន់អាចមានលទ្ធភាពផ្នែកថវិកាទាំងស្រុង ដើម្បីរ៉ាប់រងការអនុវត្តគោលនយោបាយផ្តល់ជំនួយ ផ្នែកច្បាប់ពេញលេញនៅឡើយ ដោយរួមទាំងការផ្តល់សេវាប្រឹក្សាយោបល់ សម្រាប់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាន។ ដូច្នេះ ចំពោះមុខយន្តការមេធាវីស្ម័គ្រចិត្ត ដើម្បីជួយការពារក្តី និងផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាផ្នែកច្បាប់នេះ គឺជាជម្រើសដែលល្អជាងគេ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានបច្ចុប្បន្ន។
ចំណុចនេះ (សុំ)ឱ្យពិចារណារួមគ្នា កន្លងទៅគណៈមេធាវីជាអ្នកចង្អុលមេធាវីកាតព្វកិច្ចទៅ។ ឥឡូវនេះ តើគួរធ្វើវិសោធនកម្មប្រគល់ការចង្អុលមេធាវីនេះ ឱ្យមកប្រធានតុលាការឬទេ? នេះក៏ជាចំណុចក្រៅពីពាក្យជនក្រីក្រ បន្ថែមដោយចំណុចអ្នកដែលទាត់ចោលមិនព្រមយកមេធាវី ធ្វើឱ្យការអូសបន្លាយ ក៏ត្រូវគិតថា តើត្រូវចង្អុលបង្ហាញកំណត់ដោយប្រធានគណៈមេធាវី ឬក៏ចង្អុលដោយប្រធានតុលាការ សម្រាប់មេធាវីកាតព្វកិច្ច? រឿងហ្នឹង គឺសូមយកទៅពិចារណា។ ខ្ញុំគ្រាន់តែផ្ដល់ជាអនុសាសន៍ សម្រាប់ការគិតគូរទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការរបស់យើង។ យើងនិយាយថ្ងៃនេះ គឺពាក់ព័ន្ធជាមួយនឹងផ្នែកខ្លះ នៃកំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ។ ដូច្នេះ ចំពោះមុខយន្តការមេធាវីស្ម័គ្រចិត្ត ដើម្បីជួយការពារក្ដី និងប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាផ្នែកច្បាប់នេះ គឺជាជម្រើសល្អជាងគេដើម្បីដោះស្រាយបញ្ហាកំពុងប្រឈម …។
នៅពេលខ្វះមេធាវីកាតព្វកិច្ច តើមេធាវីស្ម័គ្រចិត្តតេជោសែនអាចដើរតួជំនួសឬទេ?
ឥឡូវ ក្រសួងយុត្តិធម៌មាន ៦៨ រូបហើយ។ សម្ដេចក្រឡាហោម ស ខេង បានស្នើសុំឱ្យចាត់តាំងមេធាវី ប៉ុន្តែ(ការស្នើសុំ)នោះ(គឺជា)មេធាវីការពារខាងរដ្ឋវិញទេ។ តែមេធាវីដែលត្រូវធ្វើជាមេធាវីកាតព្វកិច្ចនេះ ឥឡូវ ទើបនឹងមាន ៦៨ នាក់ បូកមេធាវីរបស់តេជោសែន ១៥៣ នាក់។ ហ្នឹងដូចជាផ្នែកមួយនៃមេធាវីកាតព្វកិច្ចដែរ។ ខ្ញុំសុំឱ្យឯកឧត្ដម គី តិច ធ្វើការជាមួយមេធាវីរបស់យើង។ មេធាវីរបស់យើងនៅទីនេះស្រាប់។ នៅពេលដែលមានការខ្វះ យើងអាចដើរតួជាមេធាវីកាតព្វកិច្ច។ ក៏ប៉ុន្តែ បញ្ហាវាស្ថិតនៅត្រង់រឿងនេះទៀត។ បើគេជាឃាតករ ហើយបែរជាយកមេធាវីតេជោសែនយកទៅការពារគឺវាចប់។ ពាក់ព័ន្ធនឹងមេគ្រឿងញៀន បើយកមេធាវីតេជោសែនទៅការពារទៀត គឺជារឿងមួយពិបាក។ ចំណុចនេះ ត្រូវថ្លឹងថ្លែងឱ្យបានច្បាស់។ ប៉ុន្តែ អ្វីដែលជាក់លាក់ គឺ ៦៨ រូប ដែលជាមេធាវីកាតព្វកិច្ចត្រូវបានតែងតាំងរួចហើយ។ ពួកគាត់មិនយកប្រាក់បៀវត្សទេ។ ឥឡូវ បានបែងចែកទៅតាមសាលាដំបូងរាជធានី/ខេត្តនៅទូទាំងប្រទេសហើយ។
បើចង់ឱ្យដំណើរការក្ដីលឿន មេធាវីកុំធ្វើពហិកា
ខ្ញុំគ្រាន់តែបញ្ជាក់ជូនបន្ថែម ព្រោះ(ថា)បើគ្មានមេធាវីដំណើរការក្ដីទៅមិនបាន។ កន្លងទៅមានដំណើរការក្ដីខ្លះ ជាការឆោតល្ងង់របស់មេធាវី។ ខ្លួនចង់បានដំណើរការក្ដីឱ្យបានឆាប់ ប៉ុន្តែខ្លូនបែរជាធ្វើពហិកា(សវនាការ) ដោយមេធាវីដើរចេញ។ ដូច្នេះ នេះជាកំហុសយុទ្ធសាស្រ្តផ្លូវច្បាប់តែម្ដង។ ខ្ញុំនិយាយបែបនេះ ប្រហែលជាអ្នកដែលមានការពាក់ព័ន្ធក្នុងចំណោមរឿងក្ដីនេះ ដែលធ្លាប់បានពហិកា អាចនឹងដឹងខ្លួនថា ខ្លួនបានធ្វើកំហុសផ្លូវច្បាប់។ ជាយុទ្ធសាស្រ្តផ្លូវច្បាប់តែម្ដង។ ខ្ញុំមិនមែនជាអ្នកច្បាប់ទេ តែខ្ញុំជាមេធាវីម្នាក់ ហើយក៏ធ្លាប់ដឹកនាំកសាងច្បាប់រាប់សិបឆ្នាំហើយ។ កំពុងជម្រុញរឿងនេះឱ្យបានឆាប់ ប៉ុន្តែខ្លួនឯងបែរជាបន្តិចៗ ពហិកាដើរចេញ។ ដល់ពហិកា តុលាការគេធុញ គេបិទសវនាការ។ អញ្ចឹង រង់ចាំតទៅទៀតទៅ។
ខ្ញុំសូមផ្ដាំសូមមេធាវីស្ម័គ្រចិត្តរបស់តេជោសែន កុំធ្វើពហិកាដើរចោលតុលាការ ដែលធ្វើឱ្យតុលាការកំពុងតែដំណើរការត្រូវផ្អាកលើកពេលសវនាការ។ នេះជាបណ្ដាំរបស់ខ្ញុំ។ កុំធ្វើដូចមេធាវីខ្លះចង់រុញដំណើរការឱ្យលឿន ក៏ប៉ុន្តែ ខ្លួនឯងបែរជាដើរចេញ។ ដល់ដើរចេញ តុលាការគេកាត់ក្ដីមិនកើត។ អញ្ចឹង ការយឺតយ៉ាវបណ្ដាលមកពីអ្នកណា? មកពីមេធាវីខាងជនជាប់ចោទតែម្ដង មិនមែនជាកំហុសរបស់តុលាការឯណា? តុលាការគេកំពុងដំណើរការ ដល់ទៅឯងមិនពេញចិត្ត នាំគ្នាដើរចេញ។ ដល់ដើរចេញ តុលាការត្រូវអង្គុយចាំ ឬក៏គេបិទសវនាការចោលតែម្ដង រួចហើយមួយខែ ឬពីរខែ បានគេកោះឡើងវិញទៀត។ អញ្ចឹង ខ្លួនឯងចេះតែបន្តយឺតទៅ។ សុំឱ្យមេធាវីកាតព្វកិច្ច ឬមេធាវីតេជោសែន កុំធ្វើពហិកាដើរចោលសវនាការ ព្រោះតុលាការរបស់យើងកកស្ទះសំណុំរឿងច្រើនណាស់។ ប៉ុន្តែ ក្រោមយុទ្ធនាការរយៈពេលប៉ុន្មានខែរបស់រដ្ឋមន្រ្តីយុត្តិធម៌ថ្មី កើត រិទ្ធ ក៏បានកាត់បន្ថយការកកស្ទះនេះបានច្រើន ក៏ប៉ុន្តែ សំណុំរឿងចូលមកថ្មី ក៏វាចូលច្រើនដែរ ដែលតម្រូវឱ្យយើងធ្វើសកម្មភាពជាប់មិនដាច់។
ស្វែងរកសង្គតិភាពរវាងច្បាប់ស្ដីពីលក្ខខន្តិកៈមេធាវី និងក្រមនីតិវិធីព្រហ្មទណ្ឌ
ដើម្បីដោះស្រាយបញ្ហាទៅថ្ងៃមុខ ក្រសួងយុត្តិធម៌ត្រូវពិនិត្យឡើងវិញទាក់ទងទៅនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខខន្តិកៈមេធាវី ទាំងទៅលើក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន ជាពិសេសដើម្បីធានាឱ្យមានការអនុវត្តមានភាពងាយស្រួលជាងមុន ក្នុងការចាត់តាំងមេធាវី ក៏ដូចជាធានាឱ្យនីតិវិធីតុលាការមានដំណើរការដោយគ្មានឧបសគ្គទាក់ទងនឹងកង្វះមេធាវី។ ត្រូវធ្វើឱ្យវាមានសង្គតិភាពៗ រវាងម្ខាង គឺច្បាប់ស្ដីពីលក្ខខន្តិកៈមេធាវី និងម្ខាងទៀត គឺក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឱ្យវាមានសង្គតិភាពជាមួយគ្នាទៅលើបញ្ហាច្បាប់ទាំងពីរនេះ។
អញ្ចឹង ចាប់ចូលអាណត្តិថ្មី បន្ទាប់ពី វិសាល មក គឺដល់ (លី ច័ន្ទ)តុលា ត្រូវចាប់ផ្ដើមរៀបចំអាហ្នឹង។ តែកុំភ្លេចថា ពីមុននេះ គណៈមេធាវីជាអ្នកចង្អុលមេធាវី។ ឥឡូវ តើយើងគួរយកចេញពីដៃ(គណៈ)មេធាវីយកដាក់ឱ្យប្រធានតុលាការចង្អុលមេធាវីឬទេ? នេះគ្រាន់តែជាការផ្ដល់មតិទេណា។ ឥឡូវ កំពុងតែគណៈមេធាវីជាអ្នកចង្អុលមេធាវីកាតព្វកិច្ច ប៉ុន្តែមេធាវីកាតព្វកិច្ចកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ឯណោះទៅវិញ។ អញ្ចឹង តើគួរឱ្យសិទ្ធិទៅប្រធានតុលាការ ឬឱ្យសិទ្ធិទៅគណៈមេធាវី? រឿងហ្នឹងទុក(ពិភាក្សា)គ្នាទៅ។ ទៅតាមផ្លូវណា។ ឱ្យតែស្រុះស្រួលគ្នា គឺខ្ញុំគាំទ្រទៅលើបញ្ហាហ្នឹង។
… ទី (៣) ការផ្ដល់ជំនួយផ្នែកច្បាប់ដោយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និងខាងផ្នែកមេធាវីរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី
ចំពោះក្របខណ្ឌ ទី (៣) គឺមានការផ្ដល់ជំនួយផ្នែកច្បាប់ដោយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និងខាងផ្នែកមេធាវីរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ដ្រី ដែលក្នុងមួយឆ្នាំថវិកាក៏មាន ៥០០ លាន(រៀល)ដែរ ដែលត្រូវបន្តនូវការងារនេះ។ ឥឡូវ ខ្ញុំនិយាយតម្រង់ឆ្ពោះទៅរកមេធាវីរបស់តេជោសែន ដែលខ្ញុំសូមអរគុណជាមួយនឹងការរៀបចំបានយ៉ាងឆាប់ ហើយការស្ម័គ្រចិត្តទទួលយកកាតព្វកិច្ចជួយការពារស្រ្តីក្រីក្រ បានធ្វើឡើងប្រកបដោយប្រសិទ្ធភាព។ ខ្ញុំគិតថា ប្រជាពលរដ្ឋអាចនឹងត្រូវការ … កន្លងទៅមិនសូវមាន មិនសូវបានដឹង ដែលយើងផ្សព្វផ្សាយបានតិច ប៉ុន្តែ ថ្ងៃនេះការផ្សាយបន្តផ្ទាល់តាមច្រើនទូរទស្សន៍ណាស់។ ប្រជាជនអាចនឹងរកយើងបន្ថែមទៀត។ អញ្ចឹង តាមខេត្តនីមួយៗក៏ត្រូវខិតខំ ដើម្បីធ្វើយ៉ាងម៉េច កន្លែងដែលគាត់ត្រូវការពិគ្រោះ ហើយយើងក៏អាចចុះទៅដល់ទីកន្លែង ដើម្បីអាចជួបពួកគាត់ផងដែរ។
ផ្តល់ការការពារក្ដីចំពោះតែអ្នកសារព័ត៌មានគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ
កាលពីដើមឆ្នាំនេះ នៅពេលដែលជួបអ្នកសារព័ត៌មាន រដ្ឋមន្រ្តី(ព័ត៌មាន) ខៀវ កាញារីទ្ធ បានសំណូមពរឱ្យមេធាវីតេជោសែននេះ ជួយការពារ(ក្តី)អ្នកសារព័ត៌មាន។ ខ្ញុំក៏ព្រមទទួល ក៏ប៉ុន្តែ ទទួលតែអ្នកសារព័ត៌មាន ដែលបានបំពេញការងារដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ហើយត្រូវបានគេប្ដឹងតែប៉ុណ្ណោះ។ ព្រោះដូចដែលខ្ញុំនិយាយថ្ងៃនោះ អ្នកខ្លះព្រឹបឡើងជេរគេ បើជេរគេមិនឱ្យគេប្ដឹង? ថ្ងៃមុនសរសេរតាមនេះមួយ (មានអ្នកសារព័ត៌មានម្នាក់)ជាប់ ២ បណ្ដឹងឯណោះ ដើម្បីរួចពីបណ្ដឹង អ្នកកាសែតនេះបានសុំចូលគណបក្សប្រជាជន។ ខ្ញុំបានវាយត្រឡប់ទៅវិញថា អត់ទេ! អត់មានការដោះដូរគ្នាថា គេប្ដឹងហើយមកសុំចូលគណបក្សប្រជាជន ហើយបានរួចពីបណ្ដឹងទេ។ រឿងសុំចូលគណបក្សប្រជាជនជារឿងដោយឡែក រឿងជាប់ក្ដីក្ដាំជារឿងដោយឡែកពីគ្នា។ អត់ជាប់គ្នាទេ។ តិចថាមកសុំចូលគណបក្សប្រជាជនបានរួចខ្លួនផុតពីការចោទប្រកាន់ អត់ទេ! មន្រ្តីគណបក្សប្រជាជនមិនតិចទេ ដែលបានជាប់គុក។ តែធ្វើខុសច្បាប់ វាជាប់គុកហើយ ជាក់ស្ដែងដូចជាអតីតអភិបាលខេត្តតាកែវ ក៏កំពុងតែជាប់គុក។
មេធាវីរបស់យើង ក្រៅពីកាតព្វកិច្ចការពារជនក្រីក្រ ក៏យើងមានកាតព្វកិច្ចជួយទៅដល់អ្នកសារព័ត៌មាន ដែលបំពេញតាមវិជ្ជាជីវៈ។ កន្លែងខ្លះ ខ្ញុំក៏ត្រូវប្ដឹងដែរ។ សម្ដីរបស់ខ្ញុំមួយគគោក ម៉េចមិនយកទៅបង្ហោះ? ទៅបង្ហោះអីតែសារមួយដុំហ្នឹង? ខ្ញុំត្រូវប្ដឹងដែរ ព្រោះរឿងនេះមិនមែនរឿងធម្មតាពេក។ វាជារឿងបង្កើតទៅជាការញុះញង់បង្កើតឱ្យមានចលាចល។ សម្ដីរបស់ខ្ញុំ មិនអាចកាត់យកតែមួយកង់ៗ (សម្តីខ្ញុំ)មិនខ្វះទេ ឥឡូវ គេកំពុងផ្សាយបន្តផ្ទាល់ យកមកចាក់ឡើងវិញ(ទាំងស្រុង)ទៅមើល វាមានន័យថាម៉េច? ដូចជាករណី(ដែលស្រង់សំដីខ្ញុំ)ថា “បើវាដល់ពេលហើយ លក់ម៉ូតូចាយសិន”។ តាមធម្មតាវាអញ្ចឹងមែន។ វាមិនដែលនរណាទុកគ្រឿងអលង្ការ ក្នុងពេលដែលអត់បាយទេ។ វាត្រូវមានវិធីដោះស្រាយហើយ។ ដល់ទៅបង្ហោះៗតែចំណុចហ្នឹងបន្តិច។ ការនិយាយ គេមានសារបានរបស់គេ។ ខ្លះព្រឹបឡើង live show ជេរប៉ាតណាប៉ាតណី ទទឹងទិសអញ្ចឹងទៅ។ នរណាទៅការពារឱ្យ? រកមេធាវីខ្លួនឯងទៅ។ មេធាវីតេជោសែនអត់ទៅជួយការពារទេ។ ប៉ុន្តែ បើយើងគោរពវិជ្ជាជីវៈត្រឹមត្រូវ បែរជាគេប្ដឹង ហ្នឹងមេធាវីតេជោសែនចេញមុខការពារ។
ខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
ខ្ញុំសូមផ្ដាំផ្ញើមេធាវីរបស់យើង ដំបូងខិតខំទៅលើរឿងនេះ កន្លងទៅយើងបានធ្វើមួយចំនួន។ បើសិនជាមេធាវីរបស់យើងខិតខំដោះស្រាយសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ គឺវាល្អណាស់។ បទពិសោធន៍ក្នុងប៉ុន្មានខែនេះ ដែលដោះស្រាយបានដោយទីប្រឹក្សា/ជំនួយការរបស់ខ្ញុំ ជម្លោះខ្លះរ៉ាំរ៉ៃ ១០ ឆ្នាំ (ឬ) ២០ ឆ្នាំ ដោះស្រាយចេញតាមរយៈការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។ ក្រុមមេធាវីស្ម័គ្រចិត្តរបស់យើងបានទៅធ្វើនៅសៀមរាបមួយករណី។ នៅម៉ាឡៃ(មានរឿងទំនាស់) ២០ ឆ្នាំហើយ។ រ៉ាំរ៉ៃ។ តំណាងរបស់ខ្ញុំដោះចប់ក្រៅប្រព័ន្ធតុលាការ។ រឿងនៅខេត្តកំពតប៉ុន្មានរឿង នៅកំពង់ស្ពឺ នៅខេត្តកណ្ដាល ជួនកាលទំនាស់ក្នុងគ្រួសារហ្នឹង ជីដូនដេញចៅចុះពីផ្ទះ តុលាការកាត់ឱ្យជីដូនឈ្នះ ត្រូវបណ្ដេញចៅចេញ យើងផ្អាកការអនុវត្តសិន ឱ្យចុះទៅដោះស្រាយសម្រុះសម្រួល។ ចៅនោះក៏វាខុសដែរ ដល់ដឹងកំហុសទៅ ក៏សំពះថ្វាយបង្គំជីដូនទៅ រួចហើយជីដូនក៏ឱ្យនៅផ្ទះហ្នឹងវិញទៅ។ ប៉ុន្តែ យើងក៏អស់លុយ ៣ ម៉ឺនដុល្លារដែរ ដើម្បីឱ្យគាត់ត្រូវរ៉ូវគ្នាវិញទៅ។ ចង់ដោះស្រាយបញ្ហានេះបាន កុំទាក់ទងនឹងផលប្រយោជន៍ណាមួយ អាហ្នឹងដោះស្រាយឆាប់ចេញ។ (ដោយហេតុនេះ) បានជាអតីតរដ្ឋមន្រ្តីយុត្តិធម៌ ឥឡូវ ជាទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស អង្គ វង្សវឌ្ឍនា (ត្រូវបានប្រគល់តួនាទី)ឱ្យទទួលខុសត្រូវទៅលើការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
បើមេធាវីរបស់យើងខិតខំរកទៅតាមផ្លូវនេះ បើទោះបីរឿងនេះនៅក្នុងដៃតុលាការហើយក៏ដោយ គេអាចយករឿងនេះមកដោះស្រាយក្រៅប្រព័ន្ធតុលាការវិញបាន។ ឯរឿងខ្លះទៀត ដូចជានៅកំពតដដែល បងប្អូនមាន ៨ នាក់ ត្រូវចែកដីគ្នាមួយប្លង់ៗម្នាក់ តែបងបង្អស់អត់ឱ្យ ដំណើរការក្ដីបងប្អូនបង្កើតនេះ តាំងពីសាលាដំបូង ដល់ឧទ្ធរណ៍ ដល់ទៅតុលាការកំពូល កាត់ចែកឱ្យមួយប្លង់ៗម្នាក់ ក៏ប៉ុន្តែ តុលាការយើង និងអាជ្ញាធរមិនព្រមអនុវត្តន៍ ទុកឱ្យប្អូនៗ ៨ នាក់ ផ្សេងទៀតអត់ដីនៅ អត់ដីកសាងផ្ទះ។ រឿងហ្នឹង ប្អូនៗក៏បានប្ដឹងមកខ្ញុំៗ ក៏បញ្ជូនបញ្ហាហ្នឹងទៅឱ្យ(អភិបាលខេត្ត) ជាវ តាយ អនុវត្តន៍សាលដីកាហ្នឹងទៅ ព្រោះមនុស្សម្នាក់នេះក៏បានដីមួយចំណែកដែរ ក្នុងចំណោម ៩ នាក់។ ដល់ទៅ(អនុវត្សន៍សាលដីកា) គេព្រមព្រៀងគ្នា បងប្អូនហ្នឹងគេរាប់អានគ្នាវិញទៅ។ ហៅមកជុំគ្នាទៅ អនុវត្តន៍ទៅ។ យើងចេញបណ្ណកម្មសិទ្ធិឱ្យទៅ វាចប់រឿង។
មានរឿងបងនិងប្អូនបង្កើត ហើយជាអតីតមន្រ្តីក្រសួងការបរទេស ដែលធ្លាប់ទៅធ្វើលេខាទូតនៅឆេកូស្លូវាគី នៅក្រុង Prague កាលពីនោះ។ ក្ដីក្ដាំជាមួយគ្នា ក៏ជួយដោះស្រាយ បូកបន្ថែមដោយមន្រ្តីក្រសួងការបរទេសម្នាក់ ដែលជាលេខាទូត អត់បានទទួលប្រាក់សោធននិវត្តន៍។ អញ្ចឹងទេ ខ្ញុំក៏បានប្រាប់ទៅក្រសួងសង្គមកិច្ចឱ្យជួយដោះស្រាយឱ្យគាត់បានទទួលប្រាក់សោធននិវត្តន៍ ព្រោះចូលក្រសួងការបរទេសតាំងពីឆ្នាំ ១៩៧៩ តាំងពីខ្ញុំនៅធ្វើរដ្ឋមន្រ្តីការបរទេសនោះ។ រើសដំបូង។ តែគាត់ចូលនិវត្តន៍អត់មានប្រាក់។ ដល់អញ្ចឹងខាងមុខងារសាធារណៈ ខាងសង្គមកិច្ច សួរថា តើឱ្យគាត់ស៊ីប្រាក់ខែថ្នាក់អនុមន្រ្តី ឬវរមន្រ្តី ឬឧត្ដមមន្រ្តី? ខ្ញុំថា ធ្វើតាំងពី ១៩៧៩ មកហើយ ៤០ ឆ្នាំជាងហើយ ដាក់ឧត្ដមមន្រ្តីតែម្ដងទៅ …។
របៀបប្រុងតែសម្លាប់មួយ … មិនព្រមទេ
ខ្ញុំសូមផ្ដាំផ្ញើមេធាវីស្ម័គ្រចិត្តរបស់យើង សុំផ្ដោតការយកចិត្តទុកដាក់ទៅលើរឿងខ្លះ ដែលអាចសម្រុះ សម្រួលក្រៅប្រព័ន្ធតុលាការបាន ដែលយកដំណោះស្រាយឈ្នះឈ្នះ។ អ្នកនេះថយមួយជំហាន អ្នកនោះថយមួយជំហាន រកឃើញនូវដំណោះស្រាយឈ្នះឈ្នះ។ ខ្ញុំអាចធ្វើបានតែត្រឹមប៉ុណ្ណឹង។ ខ្ញុំអាចធ្វើបានត្រឹមតែរំលត់ភ្លើងសង្គ្រាម ធ្លាប់តែវាយគ្នាស្លាប់រស់ ខ្ញុំអាចធ្វើទៅរួច ហើយខ្ញុំអាចជួយរកដំណោះស្រាយតាមរយៈជំនួយការ/មេធាវី ទៅលើក្ដីក្ដាំមួយចំនួន ប៉ុន្តែ រឿងខ្លះខ្ញុំមិនអាចធ្វើកើតទេ។ ដូចជាករណី(មួយដែល)ខ្ញុំត្រូវដាក់ពាក្យបណ្ដឹង។ វាមិនអាចធ្វើទៅរួច បើដាក់ចេញនយោបាយ “មានឯងអត់អញ មានអញអត់ឯង”។ តើខ្ញុំធ្វើយ៉ាងម៉េច? ខ្ញុំធ្វើវាមិនបាន។ ត្រូវហើយ “មានសែន អត់ស៊ី មានស៊ី អត់សែន” តាំងពីឆ្នាំ ២០០៣ រហូតមកដល់ឥឡូវ ១៧ ឆ្នាំ។ វាត្រូវតែអញ្ចឹង។ អញ្ចឹង (រឿង)ឈ្នះឈ្នះ វាទាល់តែចង់ឈ្នះទាំងអស់គ្នា។ តែរបៀបប្រុងប្រៀបសម្លាប់មួយ អត់ទេ កុំលេងវ៉ើយ អញមិនព្រមទេ។ សូមផ្ដាំទុកឱ្យហើយ។ អ្ហែងត្រូវចាំ បើដាក់គោលដៅបង្រួបបង្រួមខ្មែរ អូខេ! បើដាក់គោលដៅកម្ចាត់ត្រកូល ហ៊ុន សូមផ្ដាំទៅ ទោះបីរលាយផែនដីក៏ ហ៊ុន សែន នៅតែតស៊ូ។ ផ្ដាំឱ្យហើយ។ ឥឡូវ មិនមែនវាយតែ ហ៊ុន សែន ទេ វាយត្រកូល ហ៊ុន ទាំងមូល។ ប្រធានាធិបតីអាមេរិកថ្មី ដែលជាប់ឆ្នោតអាយុ ៧៨ (ឯ)ខ្ញុំទើប ៦៨ គាត់ចាស់ជាងខ្ញុំៗមានទាន់ចាស់ឯណា? និយាយពី Driver អស់ទាស់ហើយ …។ អញ្ចឹង បើអ្នកឯងប្រុងប្រៀបតែប្រហារខ្ញុំ រឿងអីដែលខ្ញុំត្រូវទុកឱ្យអ្នកឯងប្រហារ? ខ្ញុំត្រូវតែប្រហារអ្នកឯង។ស រឿងវាអញ្ចឹង។
កម្ពុជា មិនមានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ
ថាលោក ហ៊ុន សែន អប់រំគេឱ្យចេះសម្របសម្រួល តែខ្លួនឯងអត់ចេះសម្របសម្រួល។ ខ្ញុំសម្របសម្រួលអស់ប៉ុណ្ណឹងហើយ។ ខ្ញុំគ្មានពេលសម្របសម្រួលជាមួយអ្នកណាទៀតទេ។ ដំណើរការផ្លូវច្បាប់ត្រូវតែធ្វើតាមច្បាប់ ផុតពីរឿងច្បាប់ហើយ ចាំសម្របសម្រួលគ្នាខាងនយោបាយ។ អត់មានសម្រួលគ្នាខាងនយោបាយមុនសម្រួលគ្នាខាងផ្លូវច្បាប់ទេ។ សូមជូនសារទុកឱ្យហើយ។ ដំណើរការផ្លូវច្បាប់នៅតែបន្ត។ អ្នកឯងត្រូវជាប់គុក ត្រូវជាប់គុកឱ្យហើយ ចាំមកនិយាយគ្នាខាងនយោបាយ។ អ្នកមិនទាន់កាត់ក្ដី ត្រូវតែកាត់ក្ដីឱ្យហើយ ចាំមកនិយាយគ្នាខាងនយោបាយ។ ថ្ងៃនេះ ក៏ដូចជាការជូនសារមួយ សម្រាប់អ្នកដទៃទៀតថា អត់មានដំណោះស្រាយនយោបាយទេ ព្រោះខ្មែរអត់មានត្រូវការមានជម្លោះទេ មានតែអ្នកដែលមានជម្លោះជាមួយផ្លូវច្បាប់តែប៉ុណ្ណោះ តែវាអត់មានជម្លោះនយោបាយទេ។ កម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ។ ខ្ញុំអត់មានជម្លោះជាមួយអ្នកណាទេ។ អ្នកឯងបង្កជម្លោះជាមួយផ្លូវច្បាប់ទេតើ។ អញ្ចឹង ចាំផ្លូវច្បាប់ដោះស្រាយរួច ចាំមកនិយាយពីរឿងនយោបាយ។ (អ្នក)ខ្លះរង់ចាំអញ្ចេះ/អញ្ចុះ ថាបន្តិចទៀតមានដំណោះស្រាយហើយ។ អត់ទេ! គ្មានកិច្ចព្រមព្រៀងប៉ារីសទី ២ ទេ ហើយក៏គ្មានការលើកលែងទោសលើកទី ៣, ទី ៤, ទី ៥ អីទៀតដែរ។
មិនទាន់មានអ្នកណាអាចជំនួស ហ៊ុន សែន បានទេ
បន្តិចៗ ចេញមកហើយ លោក ហ៊ុន សែន ក្រាញអំណាច។ ក្នុងពេលដដែល(នឹងថា) លោក ហ៊ុន សែន កំពុងរកវិធីដើម្បីផ្ទេរអំណាចឱ្យកូនប្រុស រួចចុះវា(អត់)និយាយងាប់អីវា? ព្រឹកនេះបានលេចឡើងនូវអត្ថបទ ដែលជាអតីតអ្នកសរសេរឱ្យ Cambodia Daily ចេញមកថា អូន ព័ន្ធមុន្នីរ័ត្ន បានលេចឡើងជាបេក្ខជននាយករដ្ឋមន្ត្រីដ៏មានសក្ដានុពល។ បើ ហ៊ុន សែន កំពុងតែធ្វើអញ្ចឹង អ្នកណាមកដណ្ដើមពី ហ៊ុន សែន ទៅរួច? បើនៅអម ហ៊ុន សែន បាន ក៏ប៉ុន្តែ មិនទាន់ជំនួស ហ៊ុន សែន បានទេ។ ហើយ ហ៊ុន សែន ក៏មិនទាន់ចេញដែរ។ មិនមែនបានសេចក្ដីថា មិនឱ្យមានចក្ខុវិស័យមើលមនុស្ស ឬត្រៀមមនុស្ស សម្រាប់ជំនាន់ក្រោយទេ។ ហេតុអីបក្សប្រជាធិបតេយ្យ ទៅរើសលោក Joe Biden ធ្វើជាបេក្ខជនប្រធានាធិបតី? ដោយសារតែអ្នកក្មេងៗ (ជាង)គាត់ (គេ)រកមិនបាន បានជាគេត្រូវរកអ្នកចាស់ ដែលគេចាត់ទុកថា ប្រធានាធិបតីអាមេរិកចាស់ជាងគេ។
ការប៉ុនប៉ងកម្ចាត់ត្រកូល “ហ៊ុន” វាអាចនិយាយទៅរួចទេ? គេមួយត្រកូល។ សូមផ្តាំ អ្នកឯងនិយាយដូច្នេះវា ធ្វើឱ្យខ្ញុំកាន់តែប្រឹង។ ខ្ញុំនិទានរឿងមួយឱ្យអ្នកទាំងអស់គ្នាស្ដាប់, ឆ្នាំ ១៩៧៩ បើនិយាយពីខែវិញ (ខ្ញុំ)អត់ទាន់គ្រប់(អាយុ) ២៧ ឆ្នាំទេ ព្រោះខ្ញុំកើតនៅថ្ងៃទី ០៥ សីហា ១៩៥២ ប៉ុន្តែ ទទួលតំណែងជារដ្ឋមន្រ្តីការបរទេសនៅថ្ងៃទី ០៨ មករា ១៩៧៩។ ពេលនោះ ថ្នាក់ដឹកនាំដទៃទៀតមានអាយុ ៤០ ឆ្នាំ, ៥០ ឆ្នាំ។ ក៏មានរដ្ឋមន្រ្តីមួយចំនួនគាត់ជជែកគ្នាលេង គាត់ថា ហ៊ុន សែន ជារដ្ឋមន្រ្តីមិនទាន់បាត់ធុំក្លិនទឹកដោះគោ។ ភាសាមួយម៉ាត់នេះ ធ្វើឱ្យខ្ញុំប្រឹងធ្វើការផងរៀនផង ដោយសារតែការប៉ះទង្គិចនូវពាក្យមួយម៉ាត់ ដែលថា “ជារដ្ឋមន្រ្តីមិនទាន់បាត់ធុំក្លិនទឹកដោះគោ” ព្រោះនៅពេលដែលពួកគាត់ចូលតស៊ូប្រឆាំងនឹងបារាំង ខ្ញុំទើបនឹងកើត។ អញ្ចឹង បានជាចេញភាសាហ្នឹងមក។
អញ្ចឹង (សំដីនោះ)បង្កើតនូវការឈឺចាប់ (ធ្វើឱ្យ)យើងប្រឹងរៀនសូត្រ។ កាលពីមុននោះ ខ្ញុំទទួលតំណែងជារដ្ឋមន្រ្តីការបរទេស ខ្ញុំ(គិត)ធ្វើត្រឹម(តែ) ៨ ខែទេ តែទីចុងបំផុត ចាប់តាំងពីថ្ងៃទី ០៨ មករា ១៩៧៩ រហូតមកដល់ពេលនេះ ខ្ញុំអត់ដាច់រយៈក្នុងរដ្ឋាភិបាលទេ។ ពីរដ្ឋមន្រ្តីការបរទេស ទៅឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ទៅជានាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសមួយរយៈ។ អញ្ចឹង នៅពេលនេះ ឮសូរសំឡេងកម្ចាត់ត្រកូល “ហ៊ុន” បានសេចក្ដីថា កាន់តែធ្វើឱ្យខ្ញុំប្ដេជ្ញាចិត្ត ទាល់តែពួកអ្ហែង និងមេខ្លោងវាងាប់សិន បានអញរាថយ។ និយាយគ្នាអញ្ចឹង។ រឿងអីមកលេងដល់ត្រកូលដល់គ្រួសារទាំងមូល។ ទទួលយកអត់បានទេអាហ្នឹង។
ក្តាប់បានអង្គហេតុពីកូនក្តី ទើបមេធាវីអាចកំណត់បានពីអង្គច្បាប់
ខ្ញុំក៏សូមផ្ដាំផ្ញើមួយទៀត ចំពោះមេធាវីរបស់យើង។ អ្នកទាំងឡាយធ្លាប់បានលើកហើយ និយាយអំពីបញ្ហាអង្គហេតុ និងអង្គច្បាប់។ ដើម្បីការពារក្ដី ឬការធ្វើអ្វីក៏ដោយ ចៅក្រមមុនការកត់សេចក្ដី ក៏គាត់ត្រូវក្ដាប់ឱ្យជាប់នៅអង្គហេតុ។ បន្ទាប់ទៅបានគេពិនិត្យទៅលើអង្គច្បាប់ តើត្រូវចោទប្រកាន់តាមច្បាប់មួយណា? យើងជាមេធាវីក៏ត្រូវធ្វើដូចគ្នាដែរ។ ក្ដាប់ឱ្យជាប់នូវអង្គហេតុពីកូនក្ដីរបស់យើង ទើបយើងពិនិត្យដល់អង្គច្បាប់។ អញ្ចឹងបានជាយើងត្រូវចេះច្បាប់។ ហេតុអ្វីបានជាខ្ញុំត្រូវនិយាយរឿងនេះ ព្រោះរឿងវាអញ្ចេះ ប៉ុន្មានថ្ងៃមុននោះ ខ្ញុំទៅបើកការដ្ឋាន(សាងសង់ស្ពានភ្ជាប់កោះពេជ្រ)ទៅកោះនរា ខ្ញុំបានចាក់សំឡេង ហូ វ៉ាន់ ដែលវាបញ្ជាពីសហរដ្ឋអាមេរិកមកក្រុមបាតុកម្មនៅទីនេះឱ្យស្ដាប់បន្ដិច។ ស្រាប់តែគេថា លួចថតសំឡេងគេ វាខុសនឹងរដ្ឋធម្មនុញ្ញឬអត់? ខ្ញុំថា បើសិនជាអ្នកនយោបាយវាឆ្លើយថាខុស ក៏វាមិនអីដែរ ក៏ប៉ុន្តែ ក្នុងនោះមានមេធាវីម្នាក់បាននិយាយថា គឺខុសនឹងរដ្ឋធម្មនុញ្ញ ក្នុងពេលដែលមេធាវីរូបនេះ មិនទាន់ដឹងថា តើសំឡេងដែលខ្ញុំយកសំឡេង ហូ វ៉ាន់ បាននេះ បានមកពីលួចថតសំឡេងគេ ឬបានមកពីនរណា? នេះជាអំពើឆោតល្ងង់នៃមេធាវីម្នាក់។ ប្រហែលជាអ្នកតាមដានកិច្ចការបានដឹងហើយ មិនបាច់និយាយចំឈ្មោះគេទេ។ ប្រសិនបើយើងមិនច្បាស់ទេ យើងត្រូវប្រើភាសាអញ្ចេះ “ប្រសិនបើគាត់លួចថតមែន គឺគាត់នឹងធ្វើខុសជាមួយនឹងរដ្ឋធម្មនុញ្ញ …” គាត់ត្រូវមានការគិតទុក។ តែនេះអត់មានគិតអីសោះ ថាអាហ្នឹងខុស។
មានច្បាប់ពីរ ដែលអនុញ្ញាតឱ្យចាប់សំឡេង
សូមផ្ដាំទៅវិញ ហូ វ៉ាន់ បញ្ជាមកតាម Group Facebook។ ក្នុង Group Facebook មានមនុស្សរបស់យើងនៅក្នុងហ្នឹង។ អញ្ចឹង រឿងអីជាអាថ៌កំបាំង? បើអ្នកឯងបញ្ជាមក Group Facebook ហើយមនុស្សចាប់ពី ៥ នាក់ឡើងទៅ មានមនុស្ស ហ៊ុន សែន នៅក្នុងហ្នឹងហើយកុំឆ្ងល់ពេក។ អញ្ចឹង វាមានអីជាអាថ៌កំបាំង ព្រោះនៅក្នុងគ្រុបហ្នឹង វាមានមនុស្សរាប់សិបនាក់ឯណោះ។ អ្នក(ក្នុងចំណោម)ហ្នឹង គេបញ្ចេញមកឱ្យយើង។ គេចូលមើលតាមគ្រុបអញ្ចឹងទេតើ ដូចជាគ្រុម Telegram, Group Facebook អាហ្នឹងមានទោសអី? ក្រៅពីនោះ មានច្បាប់ដូចជាច្បាប់ ២ ដែលអនុញ្ញាតចាប់សំឡេង៖ ច្បាប់ប្រឆាំងអំពើពុករលួយមួយ និងច្បាប់ប្រឆាំងភេរវកម្មមួយ។ ហេតុអ្វីបានមកហ៊ានអះអាងទាក់ទងជាមួយនឹង(ការចាក់សំឡេង ហូ វ៉ាន់)ថាខុសច្បាប់? បើប្រើពាក្យត្រឹមប៉ុណ្ណេះ ខ្ញុំគិតថា ជាការឆ្លាតវៃ “ប្រសិនបើគាត់លួចថតសំឡេងគេមែន គឺជាការខុសច្បាប់”។ ប៉ុន្តែ បញ្ជាក់តែម្ដង “នេះគឺជាការខុសច្បាប់” នៅពេលដែលយើងទទួលបាននូវការផ្ដល់(ដោយ)អ្នកនៅក្នុងគ្រុប។
យើងត្រូវក្ដាប់ឱ្យជាប់នូវអង្គហេតុពិតប្រាកដជាស្អី? ក្ដាប់ជាប់អង្គហេតុហើយ បានយើងទៅរកអង្គច្បាប់។ ខ្ញុំមិននឹកស្មានថា ក្នុងឋានៈជាអ្នកច្បាប់ ជាមេធាវីម្នាក់ ដែលគេចាត់ទុកថា ជាមេធាវីដ៏ឆ្នើមទៀតនោះ បែរជាខ្វះចន្លោះអំពីអង្គហេតុ ហើយហ៊ានសន្និដ្ឋានទៅលើអង្គច្បាប់តែម្ដង … គេជាមេធាវី ប៉ុន្តែ ខ្ញុំក៏ជាមេធាវីដែរ តែស្ថិតនៅក្នុងមុខតំណែងនាយករដ្ឋមន្រ្តី។ តែគេអាចនិយាយទៅកើត បើពួកអ្នកនយោបាយចុះ អាហ្នឹង ទោះបីធ្វើល្អប៉ុណ្ណាក៏វាមិនដឹង ប៉ុន្តែខ្លួនជាមេធាវី ខ្លួនត្រូវតែច្បាស់។ បើខ្លួនមិនច្បាស់ទេ ខ្លួនអាចនិយាយថា “ប្រសិនបើគាត់លួចថតសំឡេងមែន គាត់ខុសនឹងច្បាប់ ប៉ុន្តែ បើសិនជាវាស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់ដែលបានចែងនៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ស្ដីពីការប្រឆាំងភេរវកម្ម ដែលព្រះរាជអាជ្ញាចេញឱ្យនគរបាលតាមស៊ើបយកការណ៍ អាហ្នឹង គឺអត់មានអីខុសច្បាប់ទេ” …។
កុំមកបន្ទោសខ្មែរអី បន្ទោសអ្នកផលិតឧបករណ៍(ថតសំឡេង)។ ខ្ញុំមិនដឹងថា តើសព្វថ្ងៃទូរស័ព្ទខ្ញុំត្រូវគេចាប់សំឡេងប៉ុន្មានទេ? កាលជំនាន់ប្រើ Analog ទិញពីញ៉ូវយ៉ក មកដល់ស្រុកខ្មែរ យួរមួយកាបូបមក និយាយពីចាប់។ ជំនាន់ប្រើ Analog មិនបាច់ចាំទៅរកឧបករណ៍ចាប់ទេ បើតែទូរទស្សន៍ វារត់រកប៉ុស្ដិ៍ ពេលដែលវារត់រកប៉ុស្ដិ៍ ស្រាប់តែទូរស័ព្ទណាកំពុងតែនិយាយ ទូរទស្សន៍វាឈប់ត្រឹមហ្នឹងតែម្ដង។ អញ្ចឹង យើងអង្គុយស្ដាប់គេតាមទូរទស្សន៍ហ្នឹង។ ដល់ប្រើ Digital ការចាប់សំឡេងមិនងាយធ្វើទេ។ ប៉ុន្តែ ខ្មែរអត់ចេះផលិត(ឧបករណ៍ចាប់សំឡេង)ហ្នឹងទេ។ ខ្ញុំមិនដឹងថា តើជនបរទេសណា ដែលអាចបន្លំចូលមកស្រុកខ្មែរ ដើម្បីតាមចាប់(សំឡេង)ទូរស័ព្ទរបស់ខ្ញុំនោះទេ។ តែនេះជាកិច្ចការរបស់ចារកម្ម។ តើប្រទេសលើលោកនេះ មានប្រទេសប៉ុន្មានទៅ ដែលផលិត(ឧបករណ៍ថតសំឡេង)ហ្នឹង? គេផលិតដើម្បីអ្វី? គេថា ដើម្បីសន្ដិសុខជាតិគេ។ បើទូរស័ព្ទយើងឆ្លងចូលប្រទេសគេៗ ច្បាស់ជាចាប់សំឡេងយើងនៅហ្នឹងហើយ។ ទូរស័ព្ទចូលប្រទេសគេ កុំនិយាយអាក្រក់ពីប្រទេសគេ ច្បាស់ជាសំឡេងយើងថតទុកនៅហ្នឹងហើយ។
ករណីខ្លះ មេធាវីជាបុរស មិនអាចយកចម្លើយអស់ដូចមេធាវីជាស្ត្រី
ខ្ញុំមិនសំដៅទៅលើអ្នកណា ប៉ុន្តែ អ្នកនោះអាចដឹងខ្លួនហើយ ក្នុងឋានៈជាមេធាវីហ៊ានឆ្លើយបែបនេះ ក្នុងពេលដែលអង្គហេតុមិនច្បាស់។ អ្នកស្ដាប់ក៏ស្ដាប់ មិនស្ដាប់ទេក៏ហី។ តែខ្ញុំអះអាងថា អ្នកឯងធ្វើខុស តែខ្ញុំយកកំហុសរបស់អ្នកឯងមាននេះ មកធ្វើការណែនាំមេធាវីរបស់ខ្ញុំ កុំឱ្យធ្វើតាមអ្នកឯងតែប៉ុណ្ណោះ។ មុនទៅរកអង្គច្បាប់ ត្រូវគ្រប់គ្រង (និង)ក្ដាប់ឱ្យជាប់នូវអង្គហេតុសិន មិនថាចៅក្រម មិនថាព្រះរាជអាជ្ញា មិនថាមេធាវីទេ។ អញ្ចឹង បានជាយើងត្រូវច្បាស់។ មេធាវីតេជោសែននេះ ក៏សម្បូរទៅដោយស្រ្តីដែរ ដែលមានបញ្ហាខ្លះ គឺមេធាវីជាបុរសមិនអាចទទួលយកចម្លើយអស់ដូចមេធាវីជាស្រ្តីទេ ព្រោះយើងការពារកូនក្ដីរបស់យើងភាគច្រើនជាស្រ្តី។ ខ្លះគេរំលោភផ្លូវភេទអីអញ្ចេះអញ្ចុះ ឱ្យបុរសទៅសួរ គឺចប់។ មានតែស្រ្តីគ្នាឯងទេ ដែលអាចសួរពិនិត្យរឿងហ្នឹងបាន(ងាយស្រួលជាងបុរស)។
មានសមាគមត្រកូល “កូវ” សូមចូលរួមថវិកាចំនួន ៦៥ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងសកម្មភាពរបស់សម្ដេចតេជោ (ដើម្បី)ជួយការពារសិទ្ធិស្រ្តីងាយរងគ្រោះតាមផ្លូវច្បាប់។ សមាគមក៏កំពុងមើលតាមការផ្សាយផ្ទាល់ដែរ។ នេះជាការចូលរួម ហើយខ្ញុំក៏អត់ដែលស្គាល់សមាគមត្រកូល “កូវ” ហ្នឹងដែរ។ តែគាត់បានឃើញអ្វីដែលយើងកំពុងធ្វើនេះ គឺត្រឹមត្រូវ បានជាគាត់ចូលរួមវិភាគទានតាមរយៈ ឯកឧត្តម គី តិច ចំនួន ៦៥ ០០០ ដុល្លារសហរដ្ឋអាមេរិក។ អរគុណចំពោះអស់លោក/ស្រី នៃសមាគមត្រកូល “កូវ” ដែលបានចូលរួមជាថវិកាមក ចំពោះមេធាវីស័្មគ្រចិត្តតេជោសែន ដើម្បីការពារទៅដល់ស្រ្តីក្រីក្រ ងាយរងគ្រោះ។
បើខ្វះការគាំទ្រ គេមិនចូលរួមទេ។ ទឹកជំនន់ក៏អញ្ចឹង។ ខ្លះមកចោទប្រកាន់គ្នា(បង្ហោះតាមហ្វេសប៊ុក)ខ្ចប់លុយមកទីស្ដីការគណៈរដ្ឋមន្រ្តី។ មកជេរគ្នាឯណោះទៅទៀត។ ប្រជាជនកំពុងរងគ្រោះនៅឯណោះ គេចូលហើយៗ គេយកលុយមកដល់កន្លែងទៀត។ គ្រាន់តែគ្នាបង្ហោះតាមហ្វេសប៊ុក គេនាំគ្នាទិតៀន(គ្នា)នៅខាងក្រៅ។ ប៉ុន្តែ ទិសដៅរបស់គេៗ ចង់ធ្វើយ៉ាងម៉េចឱ្យប្រជាជនកាន់តែរងគ្រោះ គឺកាន់តែល្អសម្រាប់គេ។ កូវីដ-១៩ ងាប់មនុស្សកាន់តែច្រើន គឺល្អសម្រាប់ពួកគេ។ អារឿងល្អ ពួកគេមិនដែលសរសើរយើងមួយមាត់ទេ រាប់ទាំងកីឡាករ/ការិនីរបស់យើង ដែលទទួលជោគជ័យ ក៏គេមិនដែលអបអរសាទរដែរ។ យើងដាក់ បេតិកភណ្ឌជាតិរបស់យើងទៅក្នុងបេតិកភណ្ឌពិភពលោកបាន ក៏គេមិនដែលអបអរសាទរ ព្រោះបើអបអរ សាទរ វាដូចជាអបអរសាទរ ចំពោះ(រាជ)រដ្ឋាភិបាល ហ៊ុន សែន ដដែល។
… អ្វីដែលពួកគេធ្វើ គឺជារឿងរបស់គេ តែប្រជាជនភាគច្រើន (ប្រមាណ) ១៦ លាននាក់ នៅក្នុងក្របខណ្ឌ នៃការចូលរួមជាមួយរាជរដ្ឋាភិបាល ទោះបីជានយោបាយមិនត្រូវគ្នា ក៏ប៉ុន្តែសេចក្តីត្រូវការគឺដូចគ្នា។ ដូចជាគ្រោះទឹកជំនន់ យើងទៅចែកជំនួយ អត់បានសួរថា អ្នកឯងបក្សណាៗទេ ចែកទាំងអស់។ គាត់ក៏មិនគិតថា គាត់បោះឆ្នោតឱ្យបក្សផ្សេងមិនមកទទួលជំនួយពីគណបក្សប្រជាជនដែរ។ យើងទៅការពារក្តី ក៏មិនមែនជ្រើសរើសយកតែសមាជិកគណបក្សប្រជាជនដែរ អ្នកដែលខ្វះលទ្ធភាព ជួបការលំបាក យើងជួយផ្ដល់សេវាផ្លូវច្បាប់ផង ឬតទល់នៅ ខាងផ្លូវតុលាការ ឬក៏រកការសម្របសម្រួលណាមួយ។
សុំឱ្យគណៈមេធាវីធ្វើរបាយការណ៍ ៤០ ម៉ឺនដុល្លារ ចាយបានពាក់កណ្តាលឆ្នាំ តើចាយទៅលើអីខ្លះ?
ជាថ្មីម្តងទៀត សុំអរគុណ ចំពោះសមាគមត្រកូល “កូវ” ចំពោះថវិកានេះ ហើយជូនទៅក្រុមមេធាវីសម្តេចតេជោផ្ទាល់ ដើម្បីបញ្ចូលទៅធនាគារ ឬក៏ស្អី? ដាក់ទៅធនាគារទៀតទៅ។ អត់ឱ្យគណៈមេធាវីទេ គណៈមេធាវីចាយលុយច្រើនណាស់។ កន្លងទៅ ១ ៦០០ លានរៀល ចាយបានតែពាក់កណ្តាលឆ្នាំទេ។ មិនដឹងចាយទៅលើអីខ្លះទេ? អញ្ចឹង បានជាខ្ញុំចង់ធ្វើ Audit។ ឥឡូវ ខ្ញុំមិនធ្វើ Audit ទេ គ្រាន់តែខ្ញុំសុំរបាយការណ៍តែប៉ុណ្ណឹង ចាយទៅលើអីខ្លះ? ១ ៦០០ លានរៀល វាស្មើនឹង ៤០ ម៉ឺនដុល្លារ(អាមេរិក) តែបែរជាចាយបានពាក់កណ្តាលឆ្នាំអស់លុយ។ (តើ)យកទៅធ្វើអី? ឱ្យការពារជនក្រីក្រ អញ្ចឹងការពារជនក្រីក្រមួយសំណុំរឿង អញ្ចឹងវាស្មើនឹងការទារតម្លៃពីរដ្ឋត្រូវបង់ឱ្យ។ ដែលហៅថា នាយកដ្ឋានក្រុមការពារជនក្រីក្រវាលែងមានន័យហើយ ព្រោះយកលុយ(រាជ)រដ្ឋាភិបាលទៅចាយ។ យើងមិនមែនមិនឱ្យចាយទេ ក៏ប៉ុន្តែ ដូចជារឿងសាំងឡានស្អីៗនេះ ព្រោះកម្រិតជីវភាពមេធាវីរបស់យើងខ្លះទៅក៏ធូរធារ ខ្លះទៅក៏មិនធូរធារ អញ្ចឹង ក៏ត្រូវគិតមើលដែរនៅក្នុងចំណាយ។
ផ្តល់ជូនវត្ថុអនុស្សាវរីយ៍ដល់មេធាវី
ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់មេធាវីរបស់យើង៖ ទី (១) មានកាក់មាសមួយ ដែលជាវត្ថុអនុស្សាវរីយ៍ ដែលជាប្រាក់ស្លឹង ដែលយើងបានរកឃើញទៅចម្លងពីប្រទេសហូឡង់ត្រឡប់មកវិញ។ ប្រាក់នេះប្រវត្តិរបស់វា គឺ បោះនៅក្នុងឆ្នាំ ១៥១៤ ដោយហ្លួងព្រះស្តេចកន។ អញ្ចឹង ប្រាក់នេះមានអាយុវែងណាស់ ហើយយើងយក មកបោះថ្មីនៅឆ្នាំ ២០០៦ ហើយនេះជាកាដូ សម្រាប់មេធាវីរបស់យើង។ ទី (២) មាន iPad 128G ចំនួន ១ គ្រឿង។ សុំបញ្ជាក់ iPad នេះ គឺក្រុមហ៊ុន ហេងហ៊ី តាមរយៈ ឯកឧត្តម គី តិច បានផ្តល់ថវិកា ចំនួន ៨ ម៉ឺនដុល្លារអាមេរិក ហើយយើងបានយកទៅទិញក្នុង ១ គ្រឿង (តម្លៃ) ៤៩៥ ដុល្លារអាមេរិក (ចំនួន) ១៥៣ គ្រឿង ស្មើនឹង ៧៥ ៧៣៥ ដុល្លារអាមេរិក ប្រាក់ដែលនៅសល់ ៤ ២៦៥ ដុល្លារអាមេរិក ត្រូវដាក់ចូលទៅក្នុងប្រាក់របស់មេធាវីតេជោសែនទៀត។ ការពិតអ្នកទាំងអស់គ្នាមិនចង់បានអាលុយហ្នឹងទេ (តែ)មិនផ្តល់ខ្លះក៏ វាមិនកើត សុំជូនម្នាក់ ២០ ម៉ឺនរៀល គ្រាន់ទិញស្ករគ្រាប់ឱ្យកូន។
សេដ្ឋកិច្ចមានកំណើនអវិជ្ជមាន តែទំហំនៃការនាំចេញកើន ១៨%
ឥឡូវវាទៅជារឿងអញ្ចេះ អ្វីដែលខ្ញុំនិយាយ ត្រូវបានបកប្រែនៅក្រៅប្រទេសទាំងអស់។ ដល់អ្នកសរសេរសារព័ត៌មានពីក្រៅប្រទេសត្រឡប់មកវិញ មានន័យថា ចាប់ច្បិចយកសំដីដែលយើងនិយាយ។ អញ្ចឹងក៏ល្អដែរ អ្នកប្រឆាំងយើងក៏បានមើលយើងដែរ។ តើនិយាយពីអី? រហូតទៅដល់ថ្ងៃទី ៣០ (វិច្ឆិកា) បានខ្ញុំចេញមុខសាជាថ្មីទៀត នៅឯខេត្តសៀមរាបឯណោះ។ ឆ្នាំនេះ ទោះបីយ៉ាងណាក៏ដោយ យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាកៗ (ក្នុងនោះមាន) កូវីដ-១៩, ទឹកជំនន់, ព្រឹត្តិការណ៍ ៣ វិច្ឆិកា។ សេដ្ឋកិច្ចរបស់យើង អវិជ្ជមាន ក៏ប៉ុន្តែទំហំនៃការនាំចេញរបស់យើងបានកើនដល់ ១៨% ឯណោះ។ អញ្ចឹង កូវីដ-១៩ អាចបំផ្លាញយើង ក៏ប៉ុន្តែ កូវីដ-១៩ ក៏មិនទាន់សម្លាប់យើងបានដែរ ប៉ុន្តែ យើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ធ្វើសកម្មភាពព្រមៗគ្នា។
ឆ្នាំ ២០២១ ក៏នៅតែមិនអាចដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ
ជាថ្មីម្តងទៀត សុំការយោគយល់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលឆ្នាំ ២០២១ មិនអាចដំឡើង បៀវត្សរ៍ជូនបាន។ យើងគ្រាន់តែសុំឱ្យដំឡើងបៀវត្សរ៍ សម្រាប់អ្នកចូលនិវត្តន៍មុន(ជាមន្ត្រីរាជការស៊ីវិល) និងអតីតយុទ្ធជនអ្នកចូលនិវត្តន៍មុន ដែលមានគម្លាត រវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ គឺយើងបន្ថែមទៅឱ្យអ្នកចូលនិវត្តន៍មុនឱ្យគ្នាបានច្រើនបន្តិច ព្រោះកាលពីមុនប្រាក់ ៥០ ម៉ឺនរៀល ចូលនិវត្តន៍ទៅថានៅសល់ ៣០ ម៉ឺនរៀល។ អ្នកនិវត្តន៍ក្រោយ ប្រាក់ខែ ១ លានរៀល ចូលនិវត្តន៍ទៅប្រាក់ខែនៅសល់ ៨០ ម៉ឺនរៀល។ អញ្ចឹង គម្លាតនេះវាធំ។ អញ្ចឹង បានជាយើងផ្តល់លទ្ធភាពធំ សម្រាប់តែអ្នកចូលនិវត្តន៍មុន និងអតីតយុទ្ធជនអ្នកចូលនិវត្តន៍មុន ដើម្បីកុំឱ្យដងជញ្ជីងវាខុសគ្នាពេក ឱ្យវាបះឡើងបន្តិច រវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ តែប៉ុណ្ណឹងទេ។
ក្នុងដំណាក់កាលកូវីដ–១៩ ប្រាក់ខែគោលកម្មករ/ការិនីឡើងបាន ២ ដុល្លារ គឺ ១៩២ ដុល្លារ
ឯចំពោះកម្មករ/ការិនីតាមរោងចក្រ គឺដំឡើងបានត្រឹមតែ ២ ដុល្លារអាមេរិក ពី ១៩០-១៩២ (ដុល្លារអាមេរិក) ក្នុងដំណាក់កាលកូវីដ-១៩។ ឥឡូវ យើងបានកាត់បន្ថយនូវការចំណាយចិញ្ចឹមកម្មករ ដែលមុននេះមានប្រមាណជា ១៥ ម៉ឺននាក់ មកនៅត្រឹមប្រមាណ ៥ ម៉ឺននាក់ តែប៉ុណ្ណោះ ដោយសាររោងចក្រនានាខ្លះក៏បានបើកថ្មី ខ្លះក៏បានបើកឡើងវិញ។ ខ្ញុំសួរ អ៊ិត សំហេង ថាអ្នកហ្នឹងគ្រាន់តែបិទបណ្តោះអាសន្ន។ យើង ជួយចិញ្ចឹមប្រមាណជា ៤ ម៉ឺននាក់ ដែលមុននេះមានប្រហែល ១៥ ម៉ឺននាក់ និងកម្មករបុគ្គលិកសណ្ឋាគារ ប្រហែលជា ១ ម៉ឺននាក់ អញ្ចឹង ប្រហែលជា ៥ ម៉ឺននាក់។
បញ្ចេញថវិកាជិត ២០០ លានដុល្លារ ចិញ្ចឹមជាង ៦៧ ម៉ឺនគ្រួសារក្រីក្រ និងកម្មការិនីមានផ្ទៃពោះ
យើងត្រូវជួយចិញ្ចឹមប្រជាពលរដ្ឋក្រីក្ររបស់យើងឡើង ៦៧ ម៉ឺនគ្រួសារជាង ដែលមានមនុស្សប្រមាណ ៣ លាននាក់។ ឥឡូវ យើងបានបញ្ចេញថវិកាជិត ២០០ លានដុល្លារ(អាមេរិក) សម្រាប់បើកផ្តល់ឱ្យទាំងអ្នកដែលមានផ្ទៃពោះ។ សម្រាប់កម្មការិនីរបស់យើង មួយថ្ងៃៗកើតមិនចេះតិច តែកើតហើយយើងត្រូវតែឧបត្ថម្ភ បើមិនឧបត្ថម្ភវាខុសហ្នឹងគោលការណ៍ ព្រោះអាហ្នឹងយើងត្រូវឧបត្ថម្ភជាប់។ ស្ត្រីមានផ្ទៃពោះស្អីៗហ្នឹង យើងត្រូវតែបន្ត។ បន្ថែមទៅដោយយើងត្រូវរែកពន់មនុស្សជាង ៣ លាននាក់ទៀត។ សំណាងល្អ ដែលយើងបានសន្សំសាច់ប្រាក់ … (បាន)ជាង ៣ ពាន់លានដុល្លារ(អាមេរិក)ឯណោះ។
យន្តការអគ្គបញ្ជាការតែមួយ នាយអគ្គសេនាធិការតែមួយ ជាជោគជ័យនៃកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ
ឥឡូវ យើងនឹងបញ្ចេញ (ថវិកាចំនួន) ១៥០ លានដុល្លារ(អាមេរិក) ធ្វើផ្លូវ ៣៨ ខ្សែ នៅសៀមរាប។ យើង មិនមែនជាប្រទេសអ្នកមាន ប៉ុន្តែរបៀបចាត់ចែងគ្រប់គ្រងដឹកនាំប្រទេសមួយ ធ្វើដូចជាស្ត្រីមេផ្ទះទើបបាន។ ណាគួរចាយណាមិនគួរចាយ ណាលៃទុកស្បៀង ណាលៃទុកខោអាវកូន។ ត្រូវមានរបៀបចាត់ចែង ច្បាស់លាស់ណាស់។ អញ្ចឹង បានជាយន្តការអគ្គបញ្ជាការតែមួយ នាយអគ្គសេនាធិការតែមួយ គឺជាជោគជ័យ នៃកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ដែលយើងមានសមត្ថភាពដោះស្រាយយកទៅចែក ឱ្យប្រជាជន មិនមែនយកក្រដាសទៅចែកឯណា (គឺយក)លុយ(ទៅចែក) ហើយលុយបើកតាមវីង គឺគាត់បើកយ៉ាងស្រួល។ ចំនួនមនុស្សមានការកើនឡើង។ មុនមានមិនដល់ ៦០ ម៉ឺន(គ្រួសារ)ទេ ឥឡូវឡើងដល់ជាង ៦៧ ម៉ឺនគ្រួសារ។ យើងនឹងបន្តធ្វើខែវិច្ឆិកា/ធ្នូ បើសិនជាកូវីដ-១៩ វាមិនចប់ក្នុងខែធ្នូ យើងនឹងបន្តធ្វើទៀត ដែលមុននេះ ខ្ញុំបាននិយាយហើយ ត្រៀមទុក ការធ្វើរបស់យើងសម្រាប់ដប់ខែ ដែលមុននេះ យើងគិតថា យើងចាយត្រឹមតែ ២៥ លាន/ខែ តែឥឡូវយើងចាយ ៣០ លាន/ខែ។
កូវីដ–១៩ និង EBA ២០% មិនអាចសម្លាប់យើងបានទេ
កម្ពុជាមិនទាន់ដល់ដំណាក់កាលស្លាប់ទេ។ មានអ្នកខ្លះនិយាយថា បន្តិចទៀតវាងាប់ហើយ ព្រោះកាត់ EBA អស់ ២០% ហើយ។ EBA អត់មានអីប៉ះពាល់(ទេ)។ ម្យ៉ាងទៀត ពិនិត្យមើលមុខទំនិញរបស់កម្ពុជាពាក់ព័ន្ធនឹងទីផ្សារនៅអឺរ៉ុប គឺមានតិចណាស់។ កូវីដ-១៩ ក៏មិនអាចសម្លាប់យើងបាន។ EBA ២០% ក៏មិនអាចសម្លាប់យើងបានដែរ។ អញ្ចឹង ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសក្នុងវិស័យ កសិកម្មកំពុងមានកំណើន។ ការធ្វើស្រូវក៏បានល្អ ពិតមែនតែមានការខូចខាត ឥឡូវកំពុងតែស្តារឡើងវិញ កំពុងតែព្រួយរឿងទឹក ព្រោះតំបន់ស្តារឡើងវិញហ្នឹង កន្លែងខ្លះក៏មានប្រភពទឹក កន្លែងខ្លះក៏អត់ប្រភពទឹក ត្រៀមអន្តរាគមន៍នៅពេលខាងមុខ។
ចំណូលគយនិងពន្ធដារ បានទៅកៀកនឹងចំណូលថវិកាចរន្ត ៥ ពាន់លានដុល្លារ
ខ្ញុំគិតថា នៅឆ្នាំ ២០២១ នឹងមានសន្ទុះឡើងវិញ។ ឆ្នាំនេះ បើទោះបីជាចំណូលមានការបាត់បង់ ក៏ប៉ុន្តែ មកដល់ពេលនេះ ចំណូលដែលយើងទទួលបាន គឺមានប្រមាណជា ៤ ៥០០ លានដុល្លារ(អាមេរិក)។ បើទោះបីវាមិនគ្រប់ផែនការ ក៏ប៉ុន្តែ ចំណូលដែលយើងទទួលបានមានប្រមាណ ៤ ៥០០ លានដុល្លារ(អាមេរិក) រួច ស្រេចទៅហើយ។ ក្នុងហ្នឹងបានមកពីពន្ធដារមានលើស ២ ៥០០ លានដុល្លារ(អាមេរិក) ចំណែកបានមក ពីគយបានប្របាណ ២ ១០០ លានដុល្លារ(អាមេរិក)។ អញ្ចឹង វាអាចទៅកៀកជាមួយនឹង ៥ ០០០ លានដុល្លារ(អាមេរិក) នៅក្នុងឆ្នាំនេះ នៃចំណូលថវិកាចរន្ត។ ឯសាច់ប្រាក់ដែលយើងសល់សន្សំ យើងបានយក ចំណាយក្នុងចំនួនតិចតួច។ ឥឡូវ ក៏នៅបន្តឱ្យយើងនៅសល់ក្នុងដៃប្រមាណ ៣ ០០០ លានដុល្លារ(អាមេរិក)។ ដូច្នេះ បានជាយើងហ៊ានក្នុងការជួយមិត្តភក្តិ ទៅឡាវ/មីយ៉ាន់មា ហើយមិនចាំបាច់ឱ្យមិត្តភក្តិព្រួយបារម្ភទេ យើងដឹកយន្តហោះពិសេសជូនទៅ។ ក្រុមហ៊ុន Lanmei (Airlines) នេះ គឺគេអត់យកប្រាក់ទេ ឯក្រុមហ៊ុនមួយទៀតដែលត្រូវដឹក(ជញ្ជូន)ស្អែកនេះ ដូចជាកម្ពុជាអ៊ែរ (យន្តហោះ) ៣ គ្រឿង គេអត់យកលុយទៀត។ គេចូលរួមមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល។ រាប់ទាំងថ្ងៃនេះ សមាគមត្រកូល “កូវ” ស្តាប់/ការផ្សាយរបស់លោក ហ៊ុន សែន និយាយ គាត់ចូលមកដែរ។ តែមិនស្រួលគេថារៃអង្គាស។
ព្រះមហាក្សត្រខ្មែរ ជាក្សត្រមានព្រះទ័យមនុស្សធម៌ធំទូលាយ ដែលប្រជានុរាស្ត្រយកគម្រូតាម
មានអ្នកដាក់ផ្លៃឱ្យយើង(ថា) កូវីដ-១៩ ក៏រៃលុយ, ទឹកជំនន់ក៏រៃលុយ, ហែរបក្សក៏រៃលុយ, ស្អីក៏រៃលុយ។ វាបង្ហោះហ្វេសប៊ុកអញ្ចឹងទៅ។ ពេលហ្នឹងខ្ញុំនៅបន្ទាយមានជ័យ ខ្ញុំមិនថាត្រឡប់ទៅវិញ ខ្ញុំថា ខ្ញុំមិនធ្វើសត្រូវជាមួយលុយទេ បើអ្នកឯងចង់ធ្វើសត្រូវជាមួយលុយធ្វើតែឯងទៅ ព្រោះនេះគេចូលដោយការស្ម័គ្រចិត្ត។ ខ្ញុំមិនបានទៅសុំគេផង។ ព្រឹបឡើងគេចូលជួយៗ។ អ្នកមាន(នៅក្នុង)ប្រទេសយើងបច្ចុប្បន្ន សប្បុរសជាង ពេលណាៗទាំងអស់។ អ្វីដែលសំខាន់ជាង(នេះ)ទៀត នៅលើពិភពលោកនេះ ព្រះមហាក្សត្រដែលក្រជាងគេ គឺព្រះមហាក្សត្រកម្ពុជា ប៉ុន្តែក៏ជាព្រះមហាក្សត្រ ដែលមានព្រះទ័យមនុស្សធម៌ធំទូលាយ មហាសាល សម្រាប់ប្រជាពលរដ្ឋ ដែលកូនចៅ និងមន្ត្រីរាជការរបស់យើងយកគម្រូ។ ព្រះទ័យទូលំទូលាយរបស់ហ្លួងម៉ែ កូវីដ-១៩ ព្រឹបភ្លាម ព្រះអង្គនាំមុខតើ។ ដំបូងពីរព្រះអង្គដូចជា(ចូលរួមថវិកាវិភាគទាន) ៥០ ម៉ឺន(ដុល្លារអាមេរិក) ដល់ក្រោយមក ២ លាន(ដុល្លារអាមេរិក)តែម្តង។ គ្រាន់តែប្រកាសប៉ុណ្ណឹង ឧកញ៉ានេះ/នោះ (ចូលវិភាគទាម)តាម (ធ្វើឱ្យ)ថវិកានេះឡើង ១៩ លាន(ដុល្លារអាមេរិក)ជាង។ យើងចាយអស់ ១១ លាន(ដុល្លារអាមេរិក) នៅសល់ ៨ លាន(ដុល្លារអាមេរិក) កំពុងបញ្ជាទិញសម្ភារមកបន្ថែម។
មន្ត្រីរាជការកម្ពុជា ស្ម័គ្រចិត្តកាត់ប្រាក់ខែចូលរួមវិភាគទាន
ប្រទេសខ្លះចេញក្រឹត្យប្រធានាធិបតី កាត់ប្រាក់ខែរដ្ឋការរបស់គេ តែសម្រាប់យើង ខ្ញុំគ្រាន់តែបរិច្ចាគគ្រឹប ប្រកាសភ្លាម មន្ត្រីរបស់យើងរាប់ម៉ឺននាក់បានចូល(រួមវិភាគទាន) សរុបមកដល់ពេលនេះចូលដល់ ធនាគារប៉ុន្មានពាន់លាន(រៀល)ហើយ។ ប៉ុន្តែ សរុបរួម ៤២ ពាន់លាន(រៀល) ស្មើនឹង ១០ លានដុល្លារ (អាមេរិក)ជាង។ ប្រាក់នេះអត់ទាន់បានប្រើទេ។ ទឹកជំនន់ព្រឹប ស្រាប់តែបើកមើលក្នុងទូរស័ព្ទ មានអ្នកចូល(វិភាគទាន)ហើយ បើចូល(វិភាគទាន)ហើយត្រូវធ្វើម៉េច? ចូលហើយមានតែវិធីអរគុណ។ ដល់ឃើញ មួយចូល(ក៏ចេះតែចូលតៗគ្នា)។ នេះជាការចូលរួម។ គេដឹងថា លុយហ្នឹងអត់ទៅណាទេ (គឺ)វាទៅដល់ ប្រជាពលរដ្ឋ បានគេចូលជួយ។ ខ្ញុំបានធ្វើលិខិតទៅហើយ អរគុណចំពោះក្រុមហ៊ុន ហេងហ៊ី ដែលបានផ្តល់ ៨ ម៉ឺនដុល្លារ(អាមេរិក) សម្រាប់ iPad។
សារព័ត៌មានខូចមួយចំនួន ច្បិចយកតែចំណុចខ្លីៗ ខ្វះន័យមកផ្សាយ
អរគុណ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា ដែលបានអង្គុយស្តាប់ទាំងលំបាកត្រចៀក មិនដឹងលំបាកត្រចៀកឬអត់? ប៉ុន្តែ សម្រាប់ពួកប្រឆាំង គឺវាលំបាកត្រចៀក តែខ្ញុំមិនបានជួលឱ្យអ្នកឯងស្តាប់ ឯណា? ទាស់តែអ្នកឯងចេះតែបើកមើលខ្ញុំហ្នឹង។ ឃឹម វុទ្ធី វាយមកយប់មិញ ទូរទស្សន៍ផ្សាយផ្ទាល់ចេញពី ទីហ្នឹងមាន៖ ទូរទស្សន៍ជាតិ, BTV និង Fresh News អាហ្នឹងគេផ្សាយផ្ទាល់ខ្លួនគេតែម្តង។ ដល់ផ្សាយបន្ត ផ្ទាល់មានទូរទស្សន៍ដទៃទៀតយ៉ាងច្រើន។ អញ្ចឹងទេ យកទៅ(ផ្សាយទៅ)។ ដែលខ្ញុំអាក់អន់ចិត្តនៅកន្លែងហ្នឹង យើងនិយាយ ៣ ម៉ោង វាច្បិចយកមួយដុំ វាទៅផ្សាយចំណុចណាដែលចំណេញដល់វា។ អញ្ចឹង បើសម្ភាសន៍ជាមួយពួកនេះ ត្រូវយកសម្លេងទុក។ អ្ហែងផ្សាយមិនអស់ឱ្យ Fresh News ផ្សាយ ឬក៏សារព័ត៌មានរបស់យើងផ្សាយទាំងស្រុងទៅ … កន្លងទៅ ទៀ បាញ់ ធ្វើអញ្ចឹង។ ព្រឹបភ្លាម ទៀ បាញ់ ថតសម្លេង ដល់ឃើញខាងនោះអត់ផ្សាយ ខាងនេះដាក់គឹបទាំងអស់ …។
ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា ជាពិសេស ក្រុមមេធាវីស្ម័គ្រចិត្តតេជោសែននៅតាមបណ្តាខេត្ត ក៏ដូចជា រាជធានី សូមទទួលបានជោគជ័យក្នុងភារកិច្ច ហើយសូមជួបប្រទះតែពុទ្ធពរទាំង ប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕