Tuesday, February 22, 2022

សម្តេចតេជោ ហ៊ុន សែន៖ គ្មានការសម្របសម្រួលនយោបាយណាមួយជាមួយក្រុមដែលប្រមាថប្រពន្ធនិងកូនខ្ញុំនោះឡើយ

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅទាំងមិត្តបរទេស និងខ្មែរទាំងអស់ដែលមានបំណងចង់ឱ្យសម្តេចមានការសម្របសម្រួលបង្រួបបង្រួមជាមួយក្រុមជនដែលបានប្រមាថដល់ប្រពន្ធ និងកូនសម្តេច ថាជាកូនរបស់មេដឹកនាំវៀតណាម។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមយើងជាឪពុក  ជាប្តី យើងមិនអាចទទួលយកនូវការប្រមាថពីក្រុម និងជនទុរយសទាំងនោះបានទេ។ សម្តេច បានបន្តថា នេះជាការប្រមាថធ្ងន់ធ្ងរ មិនអាចលើកលែងឱ្យបានទេទោះក្នុងតម្លៃណាក៏ដោយ៕



បទវិភាគអន្តរជាតិ៖ តើការដោះស្រាយតាមផ្លូវការទូតជាមួយរុស្ស៊ី ដើរដល់ផ្លូវទ័លហើយ ឬ?


(ម៉ូស្គូ)៖ សម្រាប់អ្នកកំពុងតាមដានវិបត្តិអ៊ុយក្រែន ប្រហែលជាដឹងហើយថាថ្ងៃទី២០ ខែកុម្ភៈ គឺជាកាលបរិច្ឆេទដែលសហរដ្ឋអាមេរិក ព្យាករថា ជាពេលរុស្ស៊ីធ្វើសកម្មភាព។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ ខណៈមានព័ត៌មានជាច្រើនបានអះអាងថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបញ្ជាឱ្យកងទ័ពរបស់លោកបើក ការវាយប្រហារលើអ៊ុយក្រែន។

ការព្យាករបែបនេះមិនមែនគ្មានមូលដ្ឋាននោះទេ។ ពោលគឺផ្អែកលើសកម្មភាពយោធារុស្ស៊ី នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន និងប្រវត្តិសាស្ត្រ ដែលធ្លាប់បានកើតឡើង។ រុស្ស៊ីធ្លាប់បានឈ្លានពានចូលប្រទេសហ្ស៊កហ្ស៊ី កាលពីឆ្នាំ២០០៨ កំលុងព្រឹត្តិការណ៍រដូវក្ដៅក្រុងប៉េកាំង និងបាន ក្រសោបយកតំបន់គ្រីមៀ បន្តិចម្ដងៗនៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ២០១៤ ក្នុងទីក្រុងសូឈី (Sochi)។

ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ រុស្ស៊ីបែរជាផ្ដល់ក្ដីសង្ឃឹមនៃការបន្ធូរបន្ថយភាពតានតឹងទៅវិញ ហើយក៏ចំពេលម៉ូស្គូការបញ្ចប់ការធ្វើ សមយុទ្ធយោធារួមគ្នាជាមួយបេឡារុសផងដែរ។ វិមានក្រឹមឡាំងបានឱ្យដឹងថាកងទ័ពរុស្ស៊ីនឹងត្រូវត្រឡប់ចូលបន្ទាយវិញ តែមិនបានបញ្ជាក់ឱ្យ ច្បាស់នោះទេ ជាហេតុធ្វើឱ្យលោកខាងលិច ជាពិសេសអាមេរិកនៅតែសង្ស័យចំពោះចេតនារបស់រុស្ស៊ី។ យ៉ាងណាក៏ដោយ អ្វីដែលគេអាច និយាយបាននៅពេលនេះ ការឈ្លានពានដែលលោកខាងលិចបានព្យាករវាមិនបានកើតឡើងនោះទេ។ ប៉ុន្តែ អាមេរិកនៅតែមិនអស់ចិត្តដោយ បន្តព្រមានថារុស្ស៊ី មិនបានដកទ័ពឡើយ ហើយថែមទាំងបង្កើនចំនួនកងទ័ពដល់ ១៩០,០០០នាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដើម្បីត្រៀមលក្ខណៈឈ្លានពាន នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខ។

ដោយឡែក ក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន បានដាក់កងទ័ពឱ្យប្រុងជើងការខ្ពស់ និងជម្លៀសជនស៊ីវិល ទៅកាន់ទឹកដីរុស្ស៊ីជាបណ្ដោះអាសន្ន ចំពោះមុខសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ពីការរំលោភបទឈប់បាញ់។ ដូច្នេះតើនេះមាន័យថា ការដោះស្រាយតាមផ្លូវការទូតទទួលបរាជ័យហើយមែនទេ?

ច្បាស់ណាស់, វាមិនទាំងអស់នោះទេ។ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងនេះ លោក ពូទីន និងប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបើក កិច្ចពិភាក្សាតាមទូរស័ព្ទ ហើយមេដឹកនាំទាំង ២ បានឯកភាពគ្នាលើភាពចាំបាច់ ក្នុងការបន្តរក្សាកិច្ចសន្ទនាដោយបើកចំហរគ្រប់កម្រិត ពាក់ព័ន្ធ នឹងស្ថានភាពនៅអ៊ុយក្រែន។ បើតាមវិមានក្រឹមឡាំង ការអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ (Minsk) គឺជាដំណោះស្រាយតែមួយគត់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍។

តែខាងរដ្ឋាភិបាលអ៊ុយក្រែន មើលឃើញថាកិច្ចព្រមព្រៀងនេះប្រៀបបានទៅនឹងការបង្ខំឱ្យខ្លួនទទួលយក នៅក្រោមការគំរាមកំហែងពីកាណុងកាំភ្លើង។

គួរបញ្ជាក់ថា រូបភាពថ្មីៗពីផ្កាយរណបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ម៉ាសារ (MAXAR) បានបង្ហាញឲ្យឃើញថារុស្ស៊ីទើបធ្វើ ការដាក់ពង្រាយរថពាសដែក និងកងទ័ពបន្ថែមទៀត នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែន ដែលស្របពេលនឹងការព្រមានពី រដ្ឋមន្ត្រីការបរទេសអាមេរិកថា កងទ័ពរុស្ស៊ីពិតជាកំពុងត្រៀម ក្នុងការឈ្លានអ៊ុយក្រែនក្នុងពេលឆាប់ៗ។

បើតាមលោក ស្ទេហ្វិន វូដ (Stephen) នាយកជាន់ខ្ពស់នៃការិយាល័យព័ត៌មាន របស់ក្រុមហ៊ុន MAXAR បានអះអាងថា យោងទៅលើការតាមដានស្ថានភាពជារួម និងដានលើវាលព្រិលដូចមាននៅក្នុងរូបភាព គេអាចសន្និដ្ឋបានថា វាទើបតែបានកើតមានឡើង កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ លោក វូដ បានថ្លែងយ៉ាងដូច្នេះទៀតថា «សម្រាប់ខ្ញុំផ្ទាល់ វាជាសញ្ញាបង្ហាញបង្ហាញអំពីការប្រុងជើងការ (របស់រុស្ស៊ី) ដែលទើបត្រូវបានបង្កើន»៕

ប្រភព៖ CNN (ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២)

ដោយ៖ Fresh News





សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មបដិសេធជាថ្មី លើការវិភាគអគតិដែលចោទប្រកាន់ថា កម្ពុជានឹងជាប់អន្ទាក់បំណុលប្រទេសចិនដូចប្រទេសស្រីលង្កា

សម្តេច ហ៊ុន សែន បានថ្លែងថា អ្នកវិភាគដែលបានលើកពីអន្ទាក់បំណុលរបស់ប្រទេសចិនលើបញ្ហាកំពង់ផែព្រះសីហនុ ដូចជាអន្ទាក់បំណុលរបស់ស្រីលង្កាជាមួយចិន។សម្តេចបានចាត់ទុកការលើកឡើងនេះ គឺមិនបានយល់ពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីអញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


សម្តេច ហ៊ុន សែន បានថ្លែងពន្យល់ទៅអ្នកវិភាគមួយចំនួនថា កំពង់ផែក្រុងព្រះសីហនុ ប្រទេសជប៉ុនជាអ្នកទទួលរ៉ាប់រងសាងសង់ និងមានភាគហ៊ុនមួយចំនួនក្នុងការអភិវឌ្ឍនោះផងដែរ។ សម្តេច បានចោទជាសំណួរទៅវិញថា កំពង់ផែជប៉ុនជាអ្នកទទួលខុសត្រូវសាងសង់ ហេតុអ្វីបែរជាអ្នកវិភាគចោទថា ទៅជាប់បំណុលរបស់ចិនទៅវិញ?សម្តេចចាត់ទុកអ្នកវិភាគនេះជាមនុស្សអន់ជាងសត្វតិរិច្ឆាន ឬប្រដូចទៅជាប្រេតជាដើម៕






សម្តេចតេជោ ហ៊ុន សែន៖ គ្មានការបិទប្រទេស ឬបិទទីក្រុងដូចឆ្នាំមុនទេ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារមានមតិមួយចំនួនបានលើកឡើងថា អាចនឹងមានការបិទប្រទេស ឬបិទទីក្រុងម្តងទៀតនោះ សម្តេច បានអះអាងថា នឹងគ្មានការបិទប្រទេស ឬបិទទីក្រុងដូចឆ្នាំមុនទេ សុំកុំមានការព្រួយបារម្ភ។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបិទប្រទេសឬបិទទីក្រុងលើកមុននោះ ដោយសារប្រជាពលរដ្ឋយើងមិនទាន់បានចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ បានច្រើននៅឡើយ ប៉ុន្តែពេលនេះ ប្រជាពលរដ្ឋយើងបានទទួលវ៉ាក់សាំងបានច្រើនរួចមកហើយ។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រសិនបើមានការឆ្លងនៅទីតាំងណាមួយគឺគ្រាន់តែយកអ្នកជំងឺទៅសម្រាកព្យាបាលបានហើយ មិនចាំបាច់បិទទីតាំងទាំងមូលនោះឡើយ៕






សម្តេចតេជោ ហ៊ុន សែន ៖ ទីក្រុងស្អាត សេវាល្អ ផ្តើមចេញពីពលរដ្ឋប្រកាន់ភ្ជាប់អនាម័យ និងបរិស្ថានល្អ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា នៅឆ្នាំ១៩៨០ កម្ពុជា គ្មានឈឺក្បាលរឿងអនាម័យ បរិស្ថាន ឬសំរាមនោះទេ ពីព្រោះប៉ុលពតបានយកទីក្រុងទៅជាកន្លែងធ្វើស្រែ ដាំដំណាំ ហើយអ្វីដែលសំខាន់គឺឱ្យតែមានហូប បានរស់មានជីវិតតែប៉ុណ្ណោះ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បច្ចុប្បន្នកំណើនការហូបដែលធ្វើឱ្យមានសំរាមច្រើន ដោយក្នុងមួយថ្ងៃប្រមូលសំរាមចំនួន ៣ពាន់តោន។ មិនត្រឹមតែប៉ុណ្ណោះ មុននឹងទទួលទានសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យគុណភាពទៅទៀត នេះជាភាពសំបូរបែបរស់នៅមានជម្រើស។


សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា មានធុងដាក់ឱ្យចោលសំរាមដោយមានដាក់ញែកសំរាមរវាងកាកសំណល់រឹង និងសំណល់រាវ តែដល់អ្នកបោះចោលមិនព្រមញែកទៅតាមនោះទេ ដូច្នេះសម្តេចតេជោ អំពាវនាវដល់អ្នករស់នៅទីក្រុងភ្នំពេញ និងអ្នកមកទស្សនាកំសាន្តនៅទីក្រុងភ្នំពេញ សូមយកចិត្តទុកដាក់លើការសំអាតបរិស្ថាន អនាម័យផង ដើម្បីទីក្រុងស្អាត សេវាល្អទាំងអស់គ្នា៕





សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរក្សាអនាម័យបរិស្ថានដើម្បីទីក្រុងស្អាត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរក្សាអនាម័យបរិស្ថានដើម្បីទីក្រុងស្អាត មិនត្រូវបោះចោលសំរាមផ្តេសផ្តាសពាសវាលពាសកាលឡើយដូចជាមិនត្រូវយកសំរាមទៅបោះចូលនៅក្នុងលូជាដើម។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាកង្វល់របស់យើងនៅពេលនេះ គឺប្រជាពលរដ្ឋមិនព្រមរក្សាអនាម័យទុកដាក់សំរាមទេ ដែលនេះគឺជាបញ្ហាឈឺក្បាលសម្រាប់យើងទាំងអស់គ្នា។


សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា ទីក្រុងភ្នំពេញយើងកាលពីទសវត្សឆ្នាំ១៩៨០ យើងពុំមានការឈឺក្បាលបញ្ហាសំរាមឬទឹកកខ្វក់ទេ ដោយសារស្ថានភាពយើងនៅពេលនោះ ពុំសម្បូរម្ហូបអាហារបរិភោគច្រើនបែបយ៉ាងដូចសព្វថ្ងៃនេះឡើយ៕








សម្តេចតេជោ ហ៊ុន សែន ៖ គ្រប់តំបន់ មិនចេះតែអភិវឌ្ឍបានទាំងអស់នោះទេ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅក្នុងរយៈពេលជាង មួយខែកន្លងមកនេះ មានការដ្ឋានចំនួន ៣ទីតាំងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងការដ្ឋានសាងសង ក្នុងនោះមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តក្រចេះ-ស្វាយរៀង ជាផ្លូវតភ្ជាប់រវាងខេត្តទាំងពីរ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២២កន្លងមកនេះ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីអញ្ជើញបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនងាយស្រួលនោះទេ ដែលយើងជ្រើសរើសទីតាំងសម្រាប់ការអភិវឌ្ឍ យើងត្រូវសិក្សាគិតគូរពីប្រព័ន្ធរំដោះទឹកផង និងសិក្សាពីបរិស្ថាន អនាម័យ ផលប៉ះពាល់ពីមជ្ឃដ្ឋានជុំវិញផងដែរ៕





សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទទួលជំនួយពីគ្រប់ដៃគូអភិវឌ្ឍទាំងអស់

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកជួយគាំទ្ររបស់ប្រទេសជប៉ុនបានឡើយ ហើយកម្ពុជាយើងទទួលជំនួយពីគ្រប់ដៃគូអភិវឌ្ឍទាំងអស់មិនមែនត្រឹមតែជប៉ុននោះឡើយ។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


គួរបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនទៅមុខជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ សម្តេចតេជោ ក្រោយពីបានរំដោះប្រទេសជាតិចេញពីគំនរផេះផង់មក បន្តធ្វើការកសាងប្រទេស រហូតរីកចម្រើនដូចសព្វថ្ងៃនេះ៕






ផ្សាយបន្តផ្ទាល់៖ ពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

 នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ​ (Kubota-Metawater Joint Venture)។ 

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង។​ នៅគម្រោងនេះ មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ ដែលមានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១,៦៩០ម៉ែត្រ ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថី អ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង។ ផ្លូវនេះ នឹងជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ទំហំមុខកាត់ ០.៣ ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។