Thursday, October 24, 2019

ឯកអគ្គរដ្ឋទូតអាមេរិកថ្មី៖ អាមេរិកមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសណាទេ, «ខ្ញុំមកដើម្បីគាំទ្រកម្ពុជា និងធ្វើជាដៃគូសំខាន់»

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានប្រាប់ទៅលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា រដ្ឋាភិបាលអាមេរិក គ្មានគោលនយោយបាយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយនោះទេ ហើយលោកមកធ្វើការនៅកម្ពុជា គឺដើម្បីគាំទ្រកម្ពុជា និងធ្វើជាដៃគូដ៏សំខាន់របស់កម្ពុជា។
ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលប្រមុខការទូតកម្ពុជា អនុញ្ញាតឲ្យលោកចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ។ លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានធ្វើសន្និសីទសារព័ត៌មានស្តីពីជំនួបនេះ។
លោក កុយ គួង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធទៅនឹងជំហររបស់សហរដ្ឋអាមេរិកវិញ លោក Patrick Murphy បានបញ្ជាក់ច្បាស់ណាស់ថា សហរដ្ឋអាមរិកគ្មានគោលនយោបាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ គឺជំហរសហរដ្ឋអាមេរិក ជាពិសេសមានរូបលោកជាតំណាង គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានេះ គឺជំហរសំខាន់ គឺដើម្បីគាំទ្រ ឬក៏ជាដៃគូដ៏សំខាន់របស់ប្រទេសកម្ពុជា»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានឲ្យដឹងបន្ថែមថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការអបអរសាទរ ដែលលោក Patrick Murphy ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពជា។
ប្រមុខការទូតខ្មែរបានបញ្ជាក់ថា លោក Patrick Murphy ធ្លាប់ជាឥស្សរជនជាន់ខ្ពស់ នៃក្រសួងការបរទេសអាមេរិក, លោកធ្លាប់ជាឧបការីរងរដ្ឋមន្ត្រីការបរទេស ដូច្នេះការតែងតាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការបរទេសអាមេរិក ឲ្យធ្វើជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជានេះ ក៏បានបង្ហាញពីសុឆន្ទៈរបស់សហរដ្ឋអាមេរិក ដែលចង់ឲ្យមានការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Patrick Murphy ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រាប់លោក Patrick Murphy ថា ចាប់ពីពេលនេះទៅកម្ពុជា និងអាមេរិក នឹងធ្វើការងារជាមួយគ្នាបន្តទៀត ជាពិសេស គឺធ្វើយ៉ាងណាពង្រឹកពង្រីកនិងរឹតបន្តឹងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដែលមានស្រាប់ និងទៅលើវិស័យសំខាន់ៗដទៃទៀត។
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញជំហរថា និងយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្នុងពេលបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងនៅក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សារងារជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះនៅវិមានសន្តិភាព។ ជំហររបស់លោកឯកអគ្គរដ្ឋទូតនេះ ក៏ត្រូវបានយកមកចុះផ្សាយនៅលើទំព័រ Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។
ស្ថានទូតអាមេរិក បានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា ក្នុងជំនួបសម្តេចតេជោ និងលោក មូហ្វី បានពិភាក្សាពីកិច្ចគាំទ្រដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងសម្រាប់កម្ពុជា មានភាពរុងរឿង ប្រជាធិបតេយ្យ និងអធិបតេយ្យភាព។
លោក Patrick Murphy និងភរិយារបស់លោក បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងាររបស់ខ្លួននៅកម្ពុជា ជំនួសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផុតអាណត្តិ លោក William A. Heidt។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក លោក Murphy បានចាប់ផ្តើមការងារនៅថ្ងៃដំបូងរបស់លោកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយមានការសែនព្រេន នៅផ្ទះអ្នកតាក្នុងស្ថានទូត។
លោក Patrick Murphy ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័ត ឱ្យក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសខ្លួន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រួចហើយប្រធានាធិបតីលោក Trump បានបញ្ជូនការតែងតាំងនេះ ទៅព្រឹទ្ធសភា ដែលយោងតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មានការទទួលខុសត្រូវក្នុងការផ្តល់ «ប្រឹក្សានិងការយល់ព្រម» លើការតែងតាំងទាំងឡាយ ដោយប្រធានាធិបតី ក្នុងនោះមានឯកអគ្គរដ្ឋទូតផងដែរ។
លោកជាអតីតឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ហើយជាសមាជិកអាជីពម្នាក់ នៅក្នុងកិច្ចការបរទេសជាន់ខ្ពស់។ កន្លងមកលោក គឺជាអនុប្រធានទូត និងជាភារធារី ប្រចាំនៃប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦, នៅប្រទេស Lesotho ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៨ ហើយបានធ្វើជាតំណាងស្តីទីពិសេស និងជាអ្នកសម្របសម្រួលគោលនយោបាយ សម្រាប់ប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។
លោក Patrick Murphy បានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីការសាកលវិទ្យាល័យ Vermont រួមជាមួយសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ John Hopkins និងមហាវិទ្យាល័យយោធា និងបានបម្រើការងារក្នុងវិស័យការទូតលើស២៥ឆ្នាំ ហើយលោកបានកាន់តំណែងជាន់ខ្ពស់ជាច្រើនផងដែរ។
កាលពីពេលកន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបង្ហាញភាពសុទិដ្ឋិនិយមថា លោក Patrick Murphy នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែមានភាពល្អប្រសើរ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វត្តមានលោក Patrick. Murphy ឯកអគ្គរដ្ឋទូត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានលក្ខណៈល្អប្រសើរ ដោយសារលោកទូត មានបទពិសោធន៍ និងចំណេះដឹងការងារការទូតច្រើនឆ្នាំ, លោកនឹងធ្វើការងារការទូត»។
គួររំលឹកដែរថា លោក Patrick Murphy កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញក្តីសប្បាយរីករាយ ដោយមានកិត្តិយសដ៏ធំធេង បានចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងព្រះបរមរាជវាំង ដើម្បីបង្ហាញខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ចំពោះព្រះភក្រ្តព្រះមហាក្សត្រ។ លោកថែមទាំងបាន បញ្ជាក់ពីជំហរចង់ជួបជាមួយសមាជិកនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពផងដែរ។
លោកបានសរសេរសារខ្លីនៅបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា៖ «បន្ទាប់ពីចូលគាល់បង្ហាញខ្លួនក្នុងនាមជា ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា ចំពោះព្រះភក្រ្តព្រះមហាក្សត្ររួចហើយ ខ្ញុំកំពុងរង់ចាំជួបជាមួយសមាជិកនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។
បន្ទាប់ពីលោក Patrick Murphy បានបង្ហាញពីបំណងចង់ជួបមន្រ្តីរាជរដ្ឋាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពអាមេរិក-កម្ពុជា ក្រោយចូលគាល់ព្រះមហាក្សត្រនោះ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសារស្វាគមន៍ និងអបអរសាទរយ៉ាងខ្លាំង។
លោក ផៃ ស៊ីផាន ថែមទាំងថ្លែងទៀតថា អ្វីៗដែលមានសព្វថ្ងៃ ក៏មានចំណែកចូលរួមរបស់សហរដ្ឋអាមេរិកផងដែរ ហើយកម្ពុជាគឺជាប្អូនស្រីរបស់អាមេរិក ៕


លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងបញ្ហាប្រឈម៣ ធំៗ ក្នុង​វេទិកា​សៀងសាន​លើក​ទី​៩ នៅ​ទី​ក្រុង​ប៉េកាំង

ចិន៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមតំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានចូលរួមក្នុងវេទិកាសៀងសានលើកទី៩ នៅទីក្រុងប៉េកាំង ដែលនៅក្នុងវេទិកាសៀងសាននេះ ត្រូវបានពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
ថ្លែងទៅកាន់កិច្ចប្រជុំពេញអង្គលើកទី៣ ក្រោមប្រធានបទ “ផលប្រយោជន៍នៃរាល់បណ្តាប្រទេសតូច ប្រទេសមធ្យម និងសន្តិសុខរួម” លោកឧបកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា​ វេទិកាសៀងសាន គឺជាឱកាសដ៏ល្អប្រសើរមួយ ដើម្បីលើកឡើងពីក្តីកង្វល់រួម និងរកដំណោះស្រាយជាមួយគ្នា លើបញ្ហាទាំងនោះ។
តាមរយៈវេទិកាសៀងសានលើកទី៩នេះ លោកឧបកនាយករដ្ឋមន្ត្រីបានលើកឡើងនូវបញ្ហាប្រឈមចំនួន៣ ទៅកាន់កិច្ចប្រជុំ ក្នុងនោះបញ្ហាប្រឈមទី១ គឺក្នុងទិដ្ឋភាពទ្រឹស្តី នៃទំនាក់ទំនងអន្តរជាតិ តែងផ្តោតសំខាន់ពីសកម្មភាព នៃប្រទេសមហាអំណាច ធ្វើការសិក្សាពន្យល់ពីឬសគល់នៃជម្លោះរបស់ពួកគេ ហើយស្វែងរកវិធី ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាពអំណាចរវាងមហាអំណាច ហើយដែលគេជឿថានេះជាភាពចាំបាច់ដើម្បីរក្សាសន្តិភាពពិភពលោក។ លោកបានបញ្ជាក់ថា គេច្រើនតែមើលរំលងពីផលប្រយោជន៍ និងសំណូមពររបស់ប្រទេសតូច និងមធ្យម ហើយយ៉ាងច្រើនគេបានត្រឹមតែបង្ហាញការអាណិតអាសូរចំពោះប្រទេសតូច និងមធ្យមប៉ុណ្ណោះ។ ប៉ុន្តែជាទូទៅប្រទេសតូច និងមធ្យមត្រូវគេបង្ខំឱ្យលះបង់ផលប្រយោជន៍ជាតិខ្លួន ដើម្បីបុព្វហេតុសន្តិភាពរវាងប្រទេសមហាអំណាច។ លោកក៏បានបញ្ជាក់ទៀតថា ផ្អែកតាមប្រវត្តិសាស្រ្ត យើងបានដឹងហើយថា នៅពេលដែលប្រទេសមហាអំណាចមានទំនាស់នឹងគ្នា ប្រទេសតូចនិងមធ្យមត្រូវបានគេចាប់បង្ខំឱ្យជ្រើសរើសភាគីជម្លោះណាមួយ ឬពេលខ្លះទៀត គឺមហាអំណាចគឺជាអ្នកធ្វើការកំណត់ជំនួសតែម្តង។ ហើយនៅពេលដែលប្រទេសមហាអំណាចត្រូវគ្នា ប្រទេសតូច និងមធ្យមបែរជាក្លាយទៅជារបស់សម្រាប់ប្រទេសមហាអំណាចដោះដូរគ្នាទៅវិញ។
បញ្ហាប្រឈមទី២ លោកបានលើកឡើងថា ទោះបីជាយើងបានឃើញបញ្ហាទី១ខាងលើនេះ យើងនៅតែមិនអាចគេចផុតពីវាបានទេ។ ពិភពលោកសព្វថ្ងៃគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិ និងពឹងពាក់គ្នាទៅវិញទៅមក។ គ្មានប្រទេសណាដែលអាចរស់នៅម្នាក់ឯង ដោយគ្មានការទាក់ទងជាមួយពិភពខាងក្រៅឡើយ ពីព្រោះការរស់នៅបែបនេះជាការលំបាកណាស់។ យ៉ាងណាមិញ នៅពេលដែលយើងបើកចំហទៅកាន់ពិភពលោក យើងច្បាស់ជានឹងត្រូវប្រាស្រ័យទាក់ទងគ្នា ហើយរងនូវឥទ្ធិពលពីទង្វើនៃប្រទេសដទៃ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ ក្នុងន័យនេះ លោកក៏បានបន្ថែមថា ទោះបីចង់ ឬមិនចង់ យើងត្រូវតែទាក់ទងជាមួយប្រទេសទាំងអស់លើពិភពលោក ហើយជាទូទៅការទាក់ទងនេះមិនមែនគ្មានភាពលំអៀងទៅរកប្រទេសធំនោះទេ។
បញ្ហាប្រឈមទី៣ គឺភាពផ្ទុយគ្នា ឬទំនាក់ទំនងជាវិចារវិទ្យា ក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងទិដ្ឋភាពមួយ ប្រទេសនីមួយៗចាំបាច់ត្រូវស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួនឱ្យបានច្រើន តាមដែលខ្លួនអាចធ្វើបាន។ ប៉ុន្តែក្នុងទិដ្ឋភាពម្យ៉ាងទៀត គេត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងតថភាពជាក់ស្តែងយើងឃើញថាពេលខ្លះប្រទេសធំៗ និងជាមហាអំណាចអាចស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួន ដោយពុំសូវគិតដល់គោល​ការណ៍សីលធម៌អន្តរជាតិទេ។ ផ្ទុយទៅវិញប្រទេសតូច និងមធ្យមមិនអាចធ្វើបែបនោះបានឡើយ។ នៅពេលដែលប្រទេសតូច និងមធ្យមព្យាយាមធ្វើបែបនេះ ពួកគេច្រើនត្រូវបានរារាំង ដោយលើកពីគោលការណ៍សីលធម៌អន្តរជាតិ។ ជាក់ស្តែងក្នុងករណីកម្ពុជាផ្ទាល់ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងជាតិខ្លួនក៏ដោយ ក៏កម្ពុជានៅតែទទួលរងសម្ពាធពីប្រទេសមួយចំនួន ដែលរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ។
នៅក្នុងកិច្ចប្រជុំវេទិកាសៀងសានលើកទី៩នេះ វាគ្មិនមកពីបណ្តាលប្រទេសដ៏ទែទៀតក៏បានចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដែលទាក់ទងទៅនឹងប្រធានបទថ្មីៗ ស្តីអំពីទំនាក់ទំនងប្រទេសមហាអំណាច និងសណ្តាប់អន្តរជាតិ ការគ្រប់គ្រងហានិភ័យសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក ការគ្រប់គ្រងអាវុធអន្តរជាតិ និងសន្តិសុខសាកល និងការផ្លាស់ប្តូរទស្សនៈវិស័យដែលទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខក្នុងតំបន់ និងពិភពលោក៕









កម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមខណៈបញ្ហាផ្គររន្ទះ និងខ្យល់កន្ត្រាក់ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីបញ្ហាអាកាសធាតុចាប់ពីថ្ងៃទី២៥ ដល់ ៣១ ខែតុលា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ជ្រលងសម្ពោធខ្ពស់ខ្សោយពីប្រទេសចិន បាននិងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ពីបញ្ហាអាកាសធាតុនៅកម្ពុជាយ៉ាងដូច្នេះថា៖
១៖ ចាប់ពីថ្ងៃទី២៨-៣១ ខែតុលា៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និងមណ្ឌលគិរី នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើនៅក្នុងកម្រិតបរិមាណពីខ្សោយទៅតិច។
២៖ ចាប់ពីធ្ងៃទី២៥-៣១ ខែតុលា៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនៅជាប់តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីតិចទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងក៏នៅតែអំពាវនាវឲ្យបងប្អូន ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ មានដូចខាងក្រោមនេះ ៖

សេចក្តីជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យពាក់ព័ន្ធនឹងក្បាលដីសំគាល់ម្ចាស់អចលនវត្ថុ

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងសាលាបុណ្យ ភូមិថ្មីស្ថិតនៅភូមិសុខសែនជ័យ ឃុំពាម និងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឲ្យបានដឹងថា៖ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យគណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។
ដូចនេះសាធារណៈជន និងអង្គភាពពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាកំហិត ស្ថិតនៅក្នុងបរិវេណសហគមន៍សុខសែនជ័យ ភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ផុតកំណត់ខាងលើគណៈកម្មការសន្មត់ថា ទិន្នន័យដែលបានបើកចំហជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានឡើយ។
សូមបញ្ជាក់ថា៖ ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះគណៈកម្មការរដ្ឋបាលនិងធ្វើការបូកសរុប និងលើកសំណើទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យសម្រេចបញ្ជូនឲ្យរដ្ឋបាលសូរិយោដីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់។
គណៈកម្មាធិការរដ្ឋបាលនឹងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទស្រាយដើម្បីចាំទទួលពិគ្រោះ និងផ្ដល់យោបល់ដល់អ្នកដែលមានសំណូមពរផងដែរ៕