Tuesday, June 14, 2022

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មី អំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធថានឹងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣។ យោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំបានប្រកាស អំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់ អំពីពេលវេលាដែលបង្កឱ្យមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ ជូនថាការដំឡើងបៀវត្សរ៍នឹងត្រូវចាប់ផ្តើម នៅខែមករាឆ្នាំ២០២៣»។

សូមជំរាបថាការបញ្ជាក់ជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានការភ័ន្តច្រឡំពីពេលវេលា ដែលសម្តេចបានប្រកាសកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០- ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ។



លិខិតមិត្តអ្នកអាន៖ «ឈឹម ស៊ីថរ និងបក្សពួកកំពុងរៀបចំឈុតឆាកទឹកភ្នែកក្រពើដើម្បីបិទបាំងការទាមទារខុសទំនងរបស់ពួកខ្លួន»

ផែនការអុកឡុកសភាពការណ៍របស់ឈឹម ស៊ីថរ និងគូកននៅមិនទាន់ចប់នៅឡើយនោះទេ។ កាលពីមុនការបោះឆ្នោតឃុំសង្កាត់ដែលទើបកន្លងផុតទៅថ្មីៗនេះ ពួកគេបានរៀបចំឈុតឆាកជា ច្រើនដើម្បីបំផ្លាញមុខមាត់ និងកិត្យានុភាពរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅលើឆាកអន្តរជាតិ ជាពិសេសដើម្បីទម្លាក់កំហុសនិងបង្កាច់បង្ខូចអាជ្ញាធរមានសមត្ថកិច្ច តាមរយៈការធ្វើសកម្មភាពផ្សេងៗ ដែលពួកបរទេសធ្លាប់បានធ្វើការបណ្តុះបណ្តាល ដូចជាការធ្វើពុតជាដួលនៅពេលសមត្ថកិច្ចសំណូមពរឲ្យឡើងឡានក្រុងទៅទីលានប្រជាធិប្បតេយ្យ ខណៈបក្សពួកផ្សេងទៀតបានថតរូបបង្ហោះ ដោយចោទសមត្ថកិច្ចថាបានធ្វើបាបកម្មករជាដើម។

យុទ្ធសាស្ត្រនេះមានគោលដៅជួយដល់ក្រុមប្រឆាំងក្នុងការដណ្តើមកៅអីមេឃុំ ចៅសង្កាត់ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ ល្បិចកលនេះមិនទទួលបានលទ្ធផលឡើយ ពីព្រោះប្រជាពលរដ្ឋខ្មែរមិនបានចាប់អារម្មណ៍ចំពោះទង្វើបំពានច្បាប់ ក៏ដូចជាការតវ៉ាទាមទារខុសទំនងនេះនោះទេហើយបន្តបោះឆ្នោតជូនគណបក្សកាន់អំណាចដែលដឹកនាំដោយលោក នាយករដ្ធមន្ត្រី ហ៊ុន សែនដែលធ្វើឲ្យគណបក្សកាន់អំណាចនេះទទួលបានសំឡេងភាគច្រើនលើសលប់ ជាពិសេសទទួលបានតំណែងចៅសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ។
ទោះជាយ៉ាងនេះក៏ដោយ ក៏មេសហជីពអស់សុពលភាពនិងជាសកម្មនយោបាយគាំទ្រក្រុមប្រឆាំងផ្កាប់មុខជ្រុលនិយមឈ្មោះ ឈឹម ស៊ីថរ និងបក្សពួកមួយក្តាប់តូចនេះ នៅមិនបញ្ឈប់សកម្មភាពរបស់ខ្លួនដែរ។ ឥឡូវ នេះ ពួកគេបានប្រជុំដាក់ផែនការជាថ្មីដើម្បីបន្តអុកឡុករំខានរដ្ឋាភិបាល។ ជាក់ស្តែង យោងតាមការរៀបរាប់របស់អតីតបុគ្គលិកណាហ្កាវើលដ៍ដែលបានចូលប្រជុំតាមអ៊នឡាញជាប្រចាំជាមួយ ឈឹម ស៊ីថរនិងដែលបានចេញមកទទួលយកដំណោះស្រាយតាមកិច្ចសន្យាការងារជាមួយក្រុមហ៊ុន បានអោយដឹងថា «នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២២ ឈឹម ស៊ីថរ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ដោយបានដាក់ ចេញនូវផែនការសកម្មភាពដើម្បីធ្វើឲ្យមានការរំខានដល់អាជ្ញាធរនិងរាជរដ្ឋាភិបាល»។
ផែនការសកម្មភាពរបស់ពួកគេគឺរៀបចំញ្ញត្តិដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដោយប្រមូលផ្តុំទ្រង់ទ្រាយធំនៅមុខភូមិគ្រឹះរបស់លោកនាយករដ្ធមន្ត្រីហ៊ុន សែន តែម្តង។ បន្ទាប់មកទៀត ពួកគេគ្រោងរៀបចំធ្វើសន្និសីទកាសែតដើម្បីត្អូញត្អែរពីបញ្ហារបស់ខ្លួនដោយតម្រូវឲ្យកូនក្រុមទាំងអស់ជួយ ស៊ែរផេកឱ្យបានផូសផុលក្នុងគោលបំណងទាក់ទាញការអាណិតអាសូរ។ ឈឹម ស៊ីថរ ក៏បានដាក់ផែនការ ឲ្យគូកនទាំងអស់កុំឲ្យឡើងលើរថយន្តក្រុងដែលរដ្ឋបាលរាជធានីរៀបចំ ព្រមទាំងតម្រូវឲ្យអង្គុយលើទីតាំងដែលអាជ្ញាធររុញឡើងឡាន។ ឈឹម ស៊ីថរ អះអាងថា នឹងដឹកនាំចេញធ្វើសកម្មភាពដោយផ្ទាល់ប្រសិនបើសមាជិកក្រុមដឹកនាំមិនហ៊ានចេញធ្វើសកម្មភាពទេ ដោយអះអាងថា ពួកគេអាចជ្រើសរើសថ្ងៃណាមួយដើម្បីប្រមូលផ្តុំកម្លាំងរហូតធ្វើឱ្យអាជ្ញាធរខ្លាចនិងទប់លែងជាប់។ ទាំងអស់នេះគឺជាផែនការដែល មានលក្ខណៈញុះញង់ និងចាប់បង្ខំឲ្យគូកនរបស់ខ្លួនធ្វើ សកម្មភាពបើទោះបីជាអ្នកខ្លះបានសំដែងការមិនយល់ស្របក៏ដោយ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺ សកម្មជននយោបាយឈឹម ស៊ីថរ កំពុងព្យាយាមយកអតីតបុគ្គលិកណាហ្គាវើលដ៍ ទាំងនោះធ្វើជាឈ្នាន់ដើម្បីចង់បានតំណែងប្រធានសហជីពរបស់ខ្លួនមកវិញដោយសុខចិត្តបំភាន់ឲ្យអតីតបុគ្គលិកទាំងនោះ យល់ច្រឡំថា ការទាមទារឲ្យថៅកែយកធ្វើការវិញជាសិទ្ធិការងារ។ តាមពិត សិទ្ធិការងារគឺជាសិទ្ធិដែលថៅកែនិងនិយោជិតបានយល់ព្រមជ្រើសរើស និងទទួលយកការងារធ្វើជាថ្នូរនឹងប្រាក់ឈ្នួល និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ក្នុងករណីដែលភាគីណាមួយយល់ឃើញថា ខ្លួនមិនអាចទទួលយកបាន ពួកគេមានសិទ្ធិសុំឈប់ពីការងារ ឬបញ្ឈប់ពីការងារ ដោយអនុវត្តតាមច្បាប់ស្តីពីការងារតាមរយៈការទូទាត់សំណងនិងផល ប្រយោជន៍ផ្សេងៗ។ «គ្មានថៅកែណាមានសិទ្ធិបង្ខំឲ្យនិយោជិតណាម្នាក់អោយនៅធ្វើការបម្រើខ្លួនអស់មួយជីវិតទាំងដែលគេមិនពេញចិត្តនោះឡើយ»ហើយ« ក៏គ្មាននិយោជិតណាមានសិទ្ធិបង្ខំឲ្យថៅកែទទួលយកខ្លួនធ្វើ ការរហូតទាំងដែលថៅកែមិនពេញចិត្តនោះឡើយដែរ»។ ហេតុដូច្នេះហើយបានជាគេបង្កើតច្បាប់ការងារឬកិច្ចសន្យាការងារដើម្បីឲ្យភាគីទាំងអស់គោរពក្នុងករណីដែលមានការ សុំលាឈប់ ឬការបញ្ឈប់ពីការងារ។ ប៉ុន្តែ ឈឹម ស៊ីថរ បែរជាមិនយល់ពីគោលការណ៍នេះហើយចាប់បង្ខំឲ្យនិយោជក់ទទួលយកខ្លួននិងគូកនឲ្យនៅធ្វើការទាំងដែលក្រុមហ៊ុនសម្រេចចិត្តបញ្ឈប់និងយល់ព្រមផ្តល់សំណងតាមច្បាប់ការងារ។
ម្យ៉ាងវិញទៀតកន្លងមក រដ្ឋាភិបាលតែងតែបានខិតខំប្រឹងប្រែងអនុវត្តតាមសេចក្តី សម្រេចរបស់ក្រុម ប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការអព្យាក្រឹត្យ ហើយក្រសួងការងារ ក៏បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់ និងបានលើកទឹកចិត្តដោយមិនមានភាព លម្អៀងឱ្យមានការជួបជជែកគ្នារហូតដល់ទៅ11ដងដើម្បី ស្វះស្វែងឱ្យក្រុមអ្នកតវ៉ាព្រមទទួលយកប្រាក់អតីតភាព ការងារ និងខិតខំ ស្វែងរកកន្លែងធ្វើការថ្មី ដើម្បី ជាការជំនួស ។ប៉ុន្តែហេតុអ្វីបានជាក្រុមអតីតបុគ្គលិកនៅតែបន្តបដិសេធ មិនព្រមទទួលយក ខណៈដែលពួកគាត់ក៏សុទ្ធតែបានយល់ច្បាស់ហើយដែរថា ការដោះស្រាយបានឈានមកដល់ដំណាក់កាលនេះ មិនអាចវិលត្រលប់ក្រោយវិញបាននោះទេព្រោះវាអាច បង្កឱ្យមានភាព ច្របូកច្របល់។
អ្វីដែលអាក្រក់បំផុតទៀតនោះគឺ ផែនការបង្កប់ដោយល្បិចទុច្ចរិតដើម្បីទម្លាក់កំហុសលើអាជ្ញាធរដែលគ្រាន់តែចាំការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឬក៏ជួយសម្របសម្រួលឲ្យមានកិច្ចពិភាក្សាគ្នារកដំណោះស្រាយ។ ឈុតឆាកដែលគេកំពុងរៀបចំពេលនេះគឺដើម្បីរុញដុំថ្មក្តៅដែលខ្លួនជាអ្នកដុតទៅឲ្យនាយករដ្ឋមន្ត្រីក្នុងគោលបំណងភ្ជាប់រឿងនេះទៅរាជរដ្ឋាភិបាល។ ឈុតឆាកដែលឈឹម ស៊ីថរ កំពុងរៀបចំនេះទៀតសោតគឺជាការសម្តែង«ទឹកភ្នែកក្រពើ»ដើម្បីទាក់ទាញក្តីអាណិតអាសូរពីមហាជនឲ្យមើលឃើញថា ពួកគេជាជនរងគ្រោះ តែតាមពិតគឺពួកគេនេះហើយជាអ្នកធ្វើឲ្យបញ្ហាអូសបន្លាយក្រោមរបៀបវារៈនយោបាយដោយមិនទទួល យកដំណោះស្រាយតាមផ្លូវច្បាប់។
ទោះជាយ៉ាងណា ឈុតឆាកទាំងនេះនឹងមិនទទួលបានផលឡើយពីព្រោះគ្មានច្បាប់ណា អាចបង្ខំឲ្យថៅកែទទួលយកបុគ្គលិក ដែលគេបញ្ឈប់ពីការងារឲ្យចូលធ្វើការងារវិញនោះទេ។ ម្យ៉ាងទៀត មហាជនក៏បានដឹងលឺគ្រប់គ្នាហើយថា នៅក្នុងពិភពលោក សម្រាប់ការងារនៅក្នុងវិស័យឯកជន ការធ្វើការងារគឺកើត ឡើងតាមរយះការព្រមព្រៀងគ្នារវាង ថៅកែនិងបុគ្គលិក ដោយឈរលើមូលដ្ធាននៃ កិច្ចសន្យាការងារ។ វាគឺជាអ្វីដែលគេបានអនុវត្តជាទូទៅនៅក្នុងពិភពលោកយើង នេះ សូម្បីតែនៅក្នុងប្រទេសប្រជាធិប្បតេយ្យនៅ លោកខាងលិច ក៍មិនដែលមានករណីបុគ្គលិកកម្មករគម្រាមនិងបង្ខំថៅកែអោយយកខ្លួនចូលធ្វើការវិញនោះដែរ។ដូចនេះហើយទើបមហាជនខ្មែរទូទៅចាត់ទុកថា ការតវ៉ាទាមទាររបស់អតីតបុគ្គលិកណាហ្កាវើលដ៍គឺជារឿងដែលមិនសមហេតុផលនិងខុសទំនង ហើយវាក៏ជារឿងខុសច្បាប់ទម្លាប់ផងដែរ ។ ដូច្នេះ បងប្អូនដែលចាញ់កលល្បិចឈឹម ស៊ីថរ គួរតែដកខ្លួនចេញដោយងាកទៅទទួលយកសំណងពីក្រុមហ៊ុនហើយទៅរកការងារថ្មីធ្វើដើម្បីកុំឲ្យខាតពេល និងខាតប្រយោជន៍ ព្រោះទីបំផុតរឿងនេះនឹងឡើងដល់តុលាការ ហើយគ្មានក៏ច្បាប់ណាដែលតុលាការតម្រូវឲ្យថៅកែទទួល យកបុគ្គលិកដែលគេបញ្ឈប់ពីការងារនោះឡើយ៕
ដោយ :អ្នកនយោបាយតុកាហ្វេ