Wednesday, October 04, 2023

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ានៃការអភិវឌ្ឍលូតលាស់ឥតឈប់ឈរ

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាណាចក្រកម្ពុជា ។

នៅក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត និងសហការី និងបានអរគុណចំពោះលិខិតអបអរសាទរ ក្នុងឱកាសនៃការចូលកាន់ តំណែងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី កាលពីខែសីហា ឆ្នាំ២០២៣ ព្រមទាំងបានអរគុណ លោកជំទាវឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួល និងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋឥណ្ឌា កាលខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ និងការពារជាតិ ជាដើម។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងផងដែរថា ប្រទេសទាំងពីរនឹងពង្រីកវិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើការវិនិយោគ, សន្តិសុខអ៉ីនធឺណិត និងវិស័យដទៃទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ស្របពេលដែលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ានៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ ។

ជាការឆ្លើយតប តាងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌា លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ក៏បានចូលរួមអបអរសាទរក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។ ទន្ទឹមគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងប្រជាសាស្ត្រ ហើយបច្ចុប្បន្នក៏កំពុងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង នៅក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ក្នុងពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត ក៏នឹងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ។ នៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នាចុងខែតុលា ឆ្នាំ២០២៣ ខាងមុខ ដែលការណ៍នេះនឹងជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង ។ លើសពីនេះ ឥណ្ឌាក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ដោយទ្បែកចំពោះវិស័យការពារជាតិវិញ ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពលូតលាស់គួរឱ្យកត់សម្គាល់ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា ។

សម្តេចធិបតី និង លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នាក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទៅដល់កងទ័ពជើងទឹក ។ ជារួម លោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងទ្បើង ហើយការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក៏កាន់តែរឹងមាំ បន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅកាន់ប្រទេសឥណ្ឌា នាពេលកន្លងមក ។

ក្នុងឱកាសនោះផងដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ជាថ្មីម្តងទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និទ្ធស្នាល និងឋិតថេរ ៕









សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាថ្មី នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត


នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ។

ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងនូវការអបអរសាទរជូន សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានយកឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល, កាកបាទក្រហម និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខនិងផ្តល់ជំនួយមនុស្សធម៌ ក្នុងកាលៈទេសៈដែលប្រទេសតួកគីជួបនូវគ្រោះធម្មជាតិរញ្ជួយដីកន្លងមក ។ ក្នុងជំនួបនេះ លោកជំទាវ ក៏បានធ្វើការកត់សម្គាល់ផងដែរថា ក្រោយការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ទៅកាន់ប្រទេសតួកគីកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនខ្ពស់ទ្បើងជាលំដាប់ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ។ ចំពោះវិស័យអប់រំ តួកគីបានផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលវប្បធម៌តួកគី ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាការបើកឱ្យមានថ្នាក់រៀនភាសាតួកគីផងដែរ ដោយបច្ចុប្បន្ននេះមាននិស្សិតប្រមាណ ៦០ នាក់កំពុងសិក្សា ។ ជាមួយគ្នានេះ តួកគីក៏បានបង្កើតឱ្យមានជាលើកដំបូងនូវការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនទៅមុខឆាប់រហ័ស ។ លើសពីនេះទៀត លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជា៖ វិស័យសុខាភិបាល, កសិកម្ម, បរិស្ថាន, ការពារជាតិ និងការអនុវត្តច្បាប់ ជាដើម ។ល។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលតួកគី ដែលបានគាំទ្រ និងផ្តល់កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងដំណើការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក ។ សម្តេចធិបតី បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានា ដែលកំពុងអនុវត្ត។ ជាក់ស្តែង នៅក្នុងវិស័យអប់រំ តួកគីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតតួកគីវិញផងដែរ ។ ក្នុងជំនួបនេះ សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងទុកផងដែរថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកឱ្យស៊ីជម្រៅបន្ថែមទៀត ជាពិសេសនៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, វិស័យអប់រំ, កសិកម្ម, ទេសចរណ៍ និងពាណិជ្ជកម្ម ដោយ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ លោកជំទាវឯកអគ្គរដ្ឋ ជួបផ្ទាល់ជាមួយបណ្តារដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នទាំងនោះផងដែរ ។ ចំពោះវិស័យការពារជាតិវិញ សម្តេចមហាបវរធិបតី បានរំពឹងទុកផងដែរថា នឹងមានការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងការចែករំលែកព័ត៌មាន ជាដើម ហើយតទៅអនាគត ក៏អាចឈានទៅដល់ការធ្វើលំហាត់រួម ដើម្បីបង្កើននូវទំនាក់ទំនងរវាងកងទ័ព និងកងទ័ព ឱ្យកាន់តែជិតស្និទ្ធ ។
ជាកិច្ចបញ្ចប់, សម្ដេចធិបតី បានជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia








សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានបង្ហាញនូវទឹកចិត្តរំភើបរីករាយ ដែល
សម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម ខណៈពេលគាប់ជួនចៃដន្យ ដែលនាថ្ងៃដដែលនេះមួយឆ្នាំមុន ពោលគឺនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ានូអែល ម៉ារេរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ជាថ្មីអំពីជំហររបស់រដ្ឋាភិបាល និងប្រជាជនគុយបា ចំពោះកម្ពុជាថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ ថ្វីបើភូមិសាស្ត្រនៃប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងដ៏កក់ក្តៅរបស់ប្រជាជាតិទាំងពីរ នៅជិតគ្នាជានិច្ច ។ ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យជាច្រើន ជាអាទិ៍៖ វិស័យសុខាភិបាល, កសិកម្ម, និងវិស័យសក្តានុពលផ្សេងៗទៀត។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់
រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការជិតស្និទ្ធក្នុងរយៈពេលនៃការបំពេញការងារការទូតរបស់លោកជំទាវនៅកម្ពុជា អស់រយៈកាលកន្លងមកនេះ និងក្នុងនាមរដ្ឋាភិបាល និងប្រជាជនគុយបា លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់បញ្ជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ហង់ ជួនណារ៉ុន តំណាងជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូល G77+China នៅទីក្រុងហាវ៉ាណា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោកជំទាវឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការអរគុណជូនចំពោះ ឯកឧត្តមប្រធានាធិបតី Miguel Díaz-Canel Bermúdez ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានរឭកផងដែរអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំងពីរ នាពេលថ្មីៗនេះ ។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកាលនោះកម្ពុជាមិនមានមិត្តភក្តិច្រើននៅឡើយ ហើយប្រទេសគុយបាបានក្លាយជាមិត្តដ៏ល្អ ហើយមិត្តភាពនេះក៏បានបន្តរហូតមកដល់បច្ចុប្បន្ន និងក៏កំពុងបន្តពង្រឹង និងពង្រីកទៅមុខកាន់តែរឹងមាំ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា គុយបា ជាមិត្តដ៏ពិតប្រាកដ និង ជាមិត្តល្អ ដែលតែងជួយគ្នាក្នុងគ្រាលំបាក។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅដល់ប្រទេសគុយបា រួមទាំងការស្នើជំរុញឱ្យមានការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតមន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ប្តូររវាងធុរកិច្ច និង ធុរកិច្ច ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធ ដូចជំនាន់ព្រះបរមរតនកោដ្ឋ និងលោកប្រធានាធិបតី ហ្វីដែល កាស្ត្រូ ផងដែរ ។
ជាកិច្ចបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា តបតាមការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតីគុយបា ហើយប្រជាជនគុយបាទាំងអស់នឹងត្រៀមខ្លួនទទួលស្វាគមន៍ សម្តេចធិបតី យ៉ាងកក់ក្តៅបំផុត។ ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពទទួលយកសំណើនេះដោយរីករាយ និងបានបញ្ជាក់អំពីបំណងដូចគ្នានេះ ដោយ សម្តេចធិបតី នឹងស្វែងរកពេលវេលាសមស្របណាមួយ ក្នុងពេលខាងមុខ។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia







អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ គិតគូពីជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពដ៍ចម្បងបំផុត របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត !

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទិស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូផ្លូវការមួយមានរយៈពេលប្រមាណ១៨នាទី ក្រោមចំណងជើងថា គិតគូពីជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពដ៍ចម្បងបំផុត របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ។


វីដេអូនេះ បានរំលេចនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូជាពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ និងដោយចាត់ទុកជាភារកិច្ចចម្បង និងអាទិភាពខ្ពស់បំផុត។

ការដឹងច្បាស់នូវបញ្ហាប្រឈម និងការដាក់ចេញវិធានការដោះស្រាយបញ្ហាបន្ទាន់ៗ ឆ្លើយតបនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺបានបង្ហាញឱ្យឃើញនូវស្មារតីទទួលខុសត្រូវខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអាណត្តិទី៧នេះ ក៏ដូចជាការបញ្ចៀសបាននូវការបកស្រាយបំភ័ន្តពីក្រុមអ្នករិះគន់ វាយប្រហារក្នុងចេតនាអាក្រក់ណាមួយដែលនាំឱ្យសង្គមជាតិច្របូកច្របល់ ក្នុងនោះ សូម្បីតែបញ្ហាពន្ធដារជាដើម។ល។

នៅលើវិស័យពន្ធដារ រាជរដ្ឋាភិបាល បានគិតគូយ៉ាងខ្លាំង ដោយធ្វើយ៉ាងណាចៀសវាង មិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងប្រជាពលរដ្ឋដែលប្រកប របរតូចតាច ដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យដឹងផងដែរថា នឹងធ្វើវេទិកា រាជរដ្ឋាភិបាល ជាមួយវិស័យឯកជននៅខែវិច្ឆិកា ខាងមុខនេះ ដែលនឹងត្រូវពិនិត្យ ទៅលើកញ្ចប់វិធានការមួយចំនួនដើម្បីជួយទៅដល់វិស័យឯកជន ដែលជាចលករមួយសំខាន់សម្រាប់សេដ្ឋកិច្ចរបស់យើង។

រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណដែលជាគោលនយោបាយអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងប្រាកដនិយមដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើជីវភាពប្រជាពលរដ្ឋ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាកើកាលទី១ ហើយដែលត្រូវបានប្រកាសឲ្យអនុវត្តជាបន្ទាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាព៦យ៉ាង ដែលសុទ្ធសឹងជាគោលនយោបាយយុទ្ធសាស្ត្រដើម្បីគាំពារជីវភាពប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យដែលទទួលបានផលប្រយោជន៍មុនគេ។

វីដេអូនេះ នឹងបង្ហាញនូវការចាត់វិធានការបន្ទាន់ៗ និងចាំបាច់ជាច្រើនរបស់សម្តេចធិបតី ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដែលគេពិតជាអាចនិយាយ បានថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលដែលគិតគូពីជីវភាពនិងសុខទុក្ខប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត។

សូមទស្សនាវីដេអូ៖

អាជ្ញាធរជាតិអប្សរាកំពុងគ្រប់គ្រង និងបញ្ជៀសទឹកបានដោយមិនឱ្យជន់លិចតំបន់ប្រាសាទ

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកខ្លាំងដើម្បីគ្រប់គ្រង និងបញ្ជៀសទឹកដែលកំពុងហូរពីផ្នែកខាងលើ មកដល់តំបន់រមណីយដ្ឋានអង្គរ។


លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែតុលានេះ ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋានអង្គរកំពុងហក់ឡើងខ្លាំង។ ដើម្បីបង្ការបញ្ហាជន់លិចតំបន់ប្រាសាទ តាមការណែនាំរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យមន្រ្តីបើកទ្វារទឹក និងត្រៀមបញ្ជៀសឱ្យបានទាន់ពេលវេលា។ ជាក់ស្ដែងអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកបានទាំងស្រុង និងមិនមានហានិភ័យឡើយ។


លោក ភឿន សុឃីម បន្ថែមថា ទឹកទាំងនោះបានបញ្ជៀសទៅតាមទ្វារទឹកសំខាន់ៗដូចជា អូរខ្លូត អូររកាជាដើម ទម្លាក់ទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងមួយចំនួនទៀតបញ្ចូលទៅតាមកសិន្ធុ និងបារាយណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។ 


ស្ថានភាពទឹកនៅពេលនេះ លោក ភឿន សុឃីម បញ្ជាក់ថា មានស្ថានភាពខ្លាំងបើធៀបនឹងឆ្នាំ២០១៤។ យ៉ាងណាមិញលោកបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាអាចគ្រប់គ្រងស្ថានការណ៍នេះបាន ដោយមិនបារម្ភពីការជន់លិចតំបន់ប្រាសាទ និងក្រុងសៀមរាបឡើយ ដ្បិតសមត្ថភាពទ្វារទឹកដែលបានសាងសង់ថ្មី និងស្ដារប្រព័ន្ធទឹកបុរាណមួយចំនួនធំឡើងវិញ បម្រើដល់ការងារគ្រប់គ្រងទឹកនេះ។


ប្រសិនគ្មានភ្លៀងធ្លាក់២ទៅ៣ថ្ងៃខាងមុខ ស្ថានភាពទឹកភ្លៀងនៅតំបន់រមណីយដ្ឋានអង្គរ នឹងធូរស្រាលទៅវិញ ទឹកនឹងស្រកវិញឆាប់ៗ។ លោក ភឿន សុឃីម ស្នើឱ្យពលរដ្ឋយោគយល់កំឡុងពេលបើកទ្វារទឹកនេះ ដែលអាចឱ្យផ្ទះពលរដ្ឋនៅក្បែរអូរជន់លិចដោយសារបរិមាណទឹកហូរទៅខ្លាំង និងច្រើន តែថាក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕












អត្ថបទ៖ នាង សំណាង

រូបភាព៖ យី សុថា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងជំនួបនេះ ឯកឧត្តម ដូមីនិច វីល្លៀម បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេសចំនួន ៣ កន្លែង ក្នុងនេះមានសាកលវិទ្យា

ល័យចំនួន ១ កន្លែង ត្រូវបានបើកដំណើរការ ។ លើសពីនេះ កម្ពុជា-អង់គ្លេស ក៏បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme - DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences - GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលអង់គ្លេស នៅក៏នៅតែបេ្តជ្ញាបន្តគាំទ្រការបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥ ។ ក្រៅពីនេះ ភាគីមិត្ត ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើ

វិស័យចំនួនពីរ នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណ ពោលគឺ វិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើងវិញ ហើយក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែមទៀត នៅគ្រប់ផ្នែក និង គ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ ។ ដោយឡែក ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់អំពីជោគជ័យនៃដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម ដោយបានវាយតម្លៃថា នេះជាការបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ជាអាទិ៍៖ ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការគាំទ្រដល់កិច្ចដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម រហូតដល់ទីបញ្ចប់, ការប្តេជ្ញាបន្តគាំទ្រដំណើរការបោសសម្អាតមីននៅកម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥ ជាដើម ។ល។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង ។ ដោយឡែក សម្តេចធិបតី ក៏បានគូសបញ្ជាក់ នូវជំហរគាំទ្ររបស់កម្ពុជាលើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ព្រមទាំងបានសម្តែងនូវក្តីរីករាយសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ លើវិស័យទាំងនេះ នាពេលខាងមុខ ។ មួយវិញទៀត សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងបន្តរុងរឿងទ្បើងថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឱ្យកម្ពុជាអាចពង្រីកទីផ្សារថ្មីៗបន្ថែមទៀត លើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស ។ ចំពោះវិស័យការពារជាតិវិញ សម្តេចធិបតី ក៏រំពឹងផងដែរថានឹងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ទាំងលើការងារហ្វឹកហ្វឺន, ការធ្វើលំហាត់រួម និងការចូលចតនាវា ជាដើម ។ 

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួលឡើយ ។







សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា

 

នាព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

ក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការថ្លែងអំណរគុណជូនដល់ ឯកឧត្តម អាន់វ៉ាអា-អ៊ុល-ហាក់ កាកា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ភ្ជាប់ជាមួយនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីក កាន់តែប្រសើរឡើង ថែមទៀត ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ក៏ដូចជាចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម ដែលត្រូវបានកត់សម្គាល់តាម

រយៈលទ្ធភាពនៃការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។  ដោយទ្បែក វិស័យការពារជាតិ ក៏បានស្តែងឡើងតាមរយៈការចូលចតនាវា និងការបំពេញទស្សនកិច្ចផ្លូវការរបស់មន្ត្រីយោធាជាន់ខ្ពស់ ផងដែរ ។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យកសិកម្ម។ 

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងបានគោរពស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែល សម្តេចតេជោ ធ្លាប់បានឯកភាពកាលពីពេលមុនកន្លងមកដែរ ។







រចនាសម្ពន្ធមួយចំនួនរបស់ខ្លោងទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើត កំពុងធ្វើការជួសជុល

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ខ្លោងទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើត ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។ បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ភិន វិជ្ជាសច្ចរ៉ា មានប្រសាសន៍ថា ក្រុមការងារបានរៀបចំរៀបថ្មហោរជាង និងថ្មលើស៊ុមទ្វារទៅទីតាំងដើមវិញ។ ជាមួយគ្នានេះ ក្រុមការងារបានរៀបរន្ទាដើម្បីជួសជុលចំណុចកណ្តាលនៃដំបូលរបស់ខ្លោងទ្វារ និងពង្រឹងរចនាសម្ពន្ធខ្លោងទ្វារប្រាសាទអង្គរវត្តឱ្យទៅតាមទម្រង់ដើម៕

អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក យី សុថា