Wednesday, September 06, 2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជជែកពិភាក្សាជាមួយ ប្រធានសភារបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសចូលរួមពិធីជប់លៀងពិសេស (Gala Dinner) ក្រោយកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ក្រៅពីជួបជជែកពិភាក្សាជាមួយមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក នៅរាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ដដែល នៅក្នុងឱកាសចូលរួមពិធីជប់លៀងពិសេស (Gala Dinner) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក៏បានជួបជជែកពិភាក្សាជាមួយលោកស្រី Puan Maharani ប្រធានសភារបស់ប្រទេសឥណ្ឌូនេស៊ី។

លោកស្រី Puan Maharani គឺជាចៅស្រីរបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ី Sukarno និងជាកូនស្រីរបស់អតីតប្រធានាធិបតី Megawati Sukarnoputri។

សូមជំរាបថា នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក, សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបថ្នាក់ដឹកនាំជាច្រើន ក្នុងនោះរួមទាំងលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) អនុប្រធានធិបតីអាមេរិក និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕

ពិធីជប់លៀងពិសេសអាហារពេលល្ងាច (Gala Dinner) រៀបចំដោយ លោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។




អ្នកឧកញ៉ា គិត ម៉េង ចូលតុមូលជាមួយវិស័យឯកជន បណ្តាប្រទេសសមាជិក RCEP ដើម្បីស្វែងរកយុទ្ធសាស្រ្តនានា ឆ្ពោះទៅសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ច

(ហ្សាការតា)៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៉ី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមបឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្រោមប្រធានបទ ជំរុញសក្តានុពលអាស៊ានតាមរយៈ RCEP។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីលោក Zulkifli Hasan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៉ី និង តំណាងវិស័យឯកជន ប្រធានក្រុមហ៊ុនបណ្តាប្រទេសសមាជិក RCEP ។

ថ្លែងក្នុងឱកាសនៃកិច្ចពិភាក្សានេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា គន្លឹះសំខាន់គឺអាស៊ានត្រូវជំរុញពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់រវាងប្រទេសជាសមាជិក និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ ជាពិសេស ការបន្សីគោលនយោបាយប្រទេសសមាជិកអាស៊ានឲ្យស៊ីសង្វាក់គ្នា និងសាមគ្គីគ្នា គឺត្រូវធ្វើការរួមគ្នាដើម្បីផលប្រយោជន៍អាស៊ាន។

អ្នកឧកញ៉ា បន្តថា ទីផ្សារ RCEP មានទំហំធំ ប៉ុន្តែប្រសិនបើប្រទេសសមាជិកអាស៊ាន មិនអាចជ្រៀតចូលទីផ្សារប្រទេសធំៗបានទេ នោះកិច្ចព្រមព្រៀងអាសិប មិនមានគុណតម្លៃឡើយ។ អ្នកឧកញ៉ា បានជម្រាបជូនអង្គប្រជុំ អំពីគោលនយោបាយគាំទ្រអាស៊ាន និងពាណិជ្ជកម្មក្នុងតំបន់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

គោលបំណងសំខាន់នៃកិច្ចពិភាក្សាតុមូលនេះ គឺស្វែងរកយុទ្ធសាស្រ្តនានា ដើម្បីសម្រេចឲ្យបាននូវសក្តានុពលពេញលេញរបស់ RCEP ដោយបញ្ចូលនូវធាតុផ្សំសំខាន់ៗដែលជួយលើកកម្ពស់តួនាទីរបស់អាស៊ាននៅក្នុងកិច្ចព្រមព្រៀងមួយនេះ។ RCEP មានគោលការណ៍ដូចគ្នានឹងអាស៊ាន គឺផ្តោតទៅលើការចូលរួមជាបរិយប័ន្ន និងផលប្រយោជន៍ទៅវិញទៅមក ដោយទទួលស្គាល់នូវភាពខុសគ្នានៃការអភិវឌ្ឍ និង តម្រូវការផ្សេងគ្នា របស់ប្រទេសជាសមាជិក។

សូមជម្រាបថា RCEP គឺជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំជាគេបង្អស់ក្នុងពិភពលោក ដែលគ្របដណ្តប់ប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ប្រទេសដែលជាសមាជិកនៃអាសិប មានចំនួន១៥ គឺប្រទេសអាស៊ានទាំង១០ និងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ ចិន ជប៉ុន និងកូរ៉េ ខាងត្បូង៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជួបជជែកពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុងឱកាសចូលរួមពិធីជប់លៀងពិសេស (Gala Dinner) ក្រោយកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី

 (ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានជួបជជែកពិភាក្សាគ្នាជាមួយលោក លោក អាន់តូនី អាល់បានីស (Anthony Albanese) និងលោកជំទាវ នៅក្នុងឱកាសចូលរួមពិធីជប់លៀងពិសេស ក្រោយកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា​​ ប្រទេសឥណ្ឌូនេស៊ី។

ពិធីជប់លៀងពិសេសអាហារពេលល្ងាច (Gala Dinner) រៀបចំដោយ លោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។


នាយករដ្ឋមន្ត្រីទីម័រខាងកើត បង្ហាញការដឹងគុណកម្ពុជា ជួយឱ្យទីម័រខាងកើតក្លាយ​ជា​អ្នកសង្កេតការណ៍អាស៊ាន


(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត បានសម្តែងការដឹងគុណ និងអរគុណយ៉ាង​ជ្រៅចំពោះកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងជួយប្រទេសទីម័រ​ខាងកើតក្លាយជាអ្នកសង្កេតការណ៍របស់អាស៊ាន ក៏ដូចជាការឈានឈ្មោះទៅជា​សមាជិក​ពេញ​សិទ្ធិ​របស់អាស៊ាន។

ការបង្ហាញនូវការដឹងគុណ ក៏ដូចជាអរគុណនេះ បានធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រី​ប្រទេស​ទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះលោកនាយករដ្ឋមន្ត្រីទីម័រខាងកើត បានសម្តែងនូវការអបអរសាទរ​យ៉ាងជ្រាល​ជ្រៅ​ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភា​ដឹកនាំ​រាជ​រដ្ឋាភិបាលកម្ពុជានីតិកាលថ្មី។ លោកនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើនូវការសួរ​សុខទុក្ខ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលលោកតែង​ចាត់​ទុកជាបងប្អូនដ៏គួរឱ្យគោរព។

លោកនាយករដ្ឋមន្ត្រី បានសម្តែងអំណរគុណរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន យ៉ាង​ជ្រាលជ្រៅបំផុត ដែលតែងផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ប្រទេសទីម័រ ក្នុងការធ្វើ​សមា​ហរណកម្មទៅក្នុងតំបន់ និងសកល។

«ការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសសង្កេតការណ៍របស់អាស៊ាន ខណៈកម្ពុជា​ជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និងការចែករំលែកបទ​ពិសោធន៍​របស់​កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និង​ជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័ររៀនសូត្រ និង រៀបចំខ្លួនដើម្បីក្លាយ​ជាសមាជិក​អា​ស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ»។ នេះជាការគូសបញ្ជាក់របស់លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និង​ការ​ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ។ សម្តេចធិបតី ក៏បានលើក​ឡើងថា ការជួយប្រទេសទីម័រ ក៏ជាមោទនភាពមួយរបស់កម្ពុជាផងដែរ។

សម្តេចធិបតី បានលើកទៀតថា កម្ពុជា ក្នុងនាមជាប្រទេសធ្លាប់ឆ្លងកាត់វិនាសកម្ម១ពាន់ជំពូក យល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រខាងកើត កំពុងជួបនាពេល​បច្ចុប្បន្ន។ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំថា នឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងប្រទេសទីម័រថែមទៀត ជាពិសេស សម្រាប់ដំណើររៀបចំខ្លួន ចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ។

ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាបន្ថែមផងដែរ អំពីវិស័យដែលមានសក្តា​នុពល​សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសវិស័យពាណិជ្ជកម្ម, អប់រំ, កសិកម្ម, និងទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះ នឹងក្លាយជាឧត្តមប្រយោជន៍ដ៏ល្អសម្រាប់ប្រជាជាតិទាំងពីរ៕


វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង និងរុស្ស៉ី ចង់បានអ្វីពីគ្នាទៅវិញទៅមក?

 

(សេអ៊ូល)៖ ក្រុមមន្ត្រីនៃរដ្ឋបាលប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន បានឱ្យដឹងនៅក្នុងសប្ដាហ៍នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ក្នុងពេលឆាប់ៗ ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលដំណើរទស្សនកិច្ចបែបនេះ ប្រសិនបើកើតឡើងពិតមែន នោះវានឹងក្លាយជាការគូសបញ្ជាក់ពីទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈមេដឹកនាំនៃប្រទេសឯកោទាំង២នេះ កំពុងប្រឈមមុខនឹងសត្រូវរួម គឺ «សហរដ្ឋអាមេរិក»។

បើតាមក្រុមមន្ត្រីអាមេរិក រុស្ស៉ីកំពុងស្វែងរកទិញអាវុធពីកូរ៉េខាងជើង ជាពិសេសគឺគ្រាប់កាំភ្លើងធំ ដើម្បីបំប៉នសង្រ្គាមឈ្លានពានរបស់ខ្លួនប្រឆាំងនឹង អ៊ុយក្រែន។ ជំនួបណាមួយជាមួយលោក ពូទីន នឹងក្លាយជាកិច្ចប្រជុំលើកដំបូងបំផុតរបស់លោក គីម ជុងអ៊ុន ជាមួយមេដឹកនាំបរទេសម្នាក់ ចាប់តាំងពី កូរ៉េខាងជើងបិទព្រំដែនទប់ស្កាត់កូវីដ១៩ កាលពីខែមករា ឆ្នាំ២០២០មក។ លោក គីម ជុងអ៊ុន និងលោក ពូទីន បានជួបគ្នាលើកដំបូងបំផុត កាលពី ខែមេសា ឆ្នាំ២០១៩ ពោលតែ២ខែប៉ុណ្ណោះក្រោយកិច្ចប្រជុំកំពូលរវាងលោក គីម និងអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបរាជ័យ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែកក្កដាកន្លងទៅនេះ ហើយបើតាមក្រុមមន្ត្រីអាមេរិក លោក​ Shoigu បានស្នើឱ្យលោក គីម ផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី។ លោក Shoigu ក៏បាននិយាយដែរថាទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងអាចនឹងពិចារណាធ្វើ សមយុទ្ធយោធារួមគ្នាជាលើកដំបូងបំផុត។ គេមិនទាន់អាចដឹងថាកិច្ចសហប្រតិបត្តិការយោធារវាងលោក គីម និងលោក ពូទីន អាចនឹងដើរទៅឆ្ងាយប៉ុនណា នោះទេ។ ប៉ុន្តែ គ្រប់សញ្ញានៃភាពកក់ក្ដៅក្នុងទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ី គឺជាកង្វល់មួយសម្រាប់សហដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ រុស្ស៉ីកំពុង ព្យាយាមបំបាក់ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន និងអូសបន្លាយសង្រ្គាម ខណៈកូរ៉េខាងជើងកំពុងបង្កើនការធ្វើតេស្ដបាញ់មីស៊ីលជាការសម្ញែងសាច់ដុំ ប្រឆាំងជំទាស់នឹងសហរដ្ឋអាមេរិកដែលកំពុងពង្រឹងសម្ព័ន្ធភាពកាន់តែប្រសើរឡើងជាមួយកូរ៉េខាងត្បូង និងជប៉ុន។

* តើរុស្ស៉ីចង់បានអ្វីពីកូរ៉េខាងជើង?

ចាប់តាំងពីឆ្នាំ២០២២មក ក្រុមមន្ត្រីអាមេរិកបានបង្ហាញការសង្ស័យ និងម្ដងម្កាលបានចោទប្រកាន់កូរ៉េខាងជើងថាកំពុង ឬអាចនឹងផ្ដល់ឱ្យនូវគ្រាប់ភ្លើងធំ រ៉ុក្កែត និងគ្រាប់រំសេវដែលភាគច្រើនជាប្រភេទអាវុធចម្លងពីអតីតសហភាពសូវៀត។ លោក Kim Taewoo បាននិយាយថា «រុស្ស៉ីកំពុងត្រូវការជាបន្ទាន់នូវ ការផ្គត់ផ្គង់សម្រាប់សង្រ្គាម។ ប្រសិនបើមិនដូច្នោះទេ តើរដ្ឋមន្ត្រីការពារជាតិនៃប្រទេសមហាអំណាចអាចធ្វើទស្សនកិច្ចទៅកាន់ប្រទេសតូចតាចមួយដូចជា កូរ៉េខាងជើង បានយ៉ាងដូចម្ដេច»? អតីតនាយកវិទ្យាស្ថានសម្រាប់ការបង្រួបបង្រួមជាតិមានមូលដ្ឋានក្នុងទីក្រុងសេអ៊ូលរូបនេះបានបន្ថែមថាលោក Shoigu គឺជារដ្ឋមន្ត្រីការពារជាតិដំបូងគេបំផុតរបស់រុស្ស៉ី ដែលបានធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ចាប់តាំងពីការរំលំរលាយសហភាពសូវៀត ក្នុងឆ្នាំ១៩៩១មក។

ការទិញអាវុធពីកូរ៉េខាងជើង ជាទង្វើបំពានលើដំណោះស្រាយអង្គការសហប្រជាជាតិដែលហាមឃាត់ការធ្វើពាណិជ្ជកម្មអាវុធជាមួយកូរ៉េខាងជើង ហើយ ដែលដំណោះស្រាយនេះរុស្ស៉ីជាអ្នកគាំទ្រផង។ ប៉ុន្តែ បច្ចុប្បន្ន រុស្ស៉ីខ្លួនឯងដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកខាងលិច ជុំវិញសង្រ្គាម ឈ្លានពានប្រឆាំងអ៊ុយក្រែន ដែលនេះធ្វើឱ្យរុស្ស៉ីងាកទៅរកការទិញអាវុធពីបណ្ដាប្រទេសកំពុងជាប់ទណ្ឌកម្មដូចជាអ៉ីរ៉ង់ និងកូរ៉េខាងជើង។ តែយ៉ាងណាក៏ដោយ លោក Du Hyeogn Cha ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយ នៅតែមានការសង្ស័យថាតើកូរ៉េខាងជើងអាចនឹងបញ្ជូន អាវុធក្នុងបរិមាណគ្រប់គ្រាន់ និងទាន់ពេលវេលាទៅកាន់រុស្ស៉ីបានដែរឬក៏យ៉ាងណា ដោយសារតែផ្លូវគោកដែលតភ្ជាប់រវាងប្រទេសទាំង២ អាចអនុញ្ញាតសម្រាប់ ការដឹកជញ្ជូនតាមផ្លូវដែកក្នុងបរិមាណមានកំណត់។

* តើលោក គីម ជុងអ៊ុន ចង់បានអ្វីត្រឡប់មកវិញ?

បើតាមក្រុមអ្នកវិភាគ អាទិភាពចម្បងរបស់លោក គីម ជុងអ៊ុន គឺជំនួយស្បៀងអាហារ កិតស្យានុភាព និងបច្ចេកវិទ្យាយោធា។ ត្រង់ចំណុចនេះ លោក Nam Sung-wook ជាអតីតនាយវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិគ្រប់គ្រងដោយចារកម្មកូរ៉េខាងត្បូង បានកត់សម្គាល់ថាការលក់អាវុធឱ្យរុស្ស៉ីនឹងក្លាយជា នយោបាយឈ្នះៗ សម្រាប់ប្រទេសទាំង២ ក្នុងពេលដែលលោក ពូទីន កំពុងព្រួយបារម្ភពីការថយចុះអាវុធ រីឯលោក គីម កំពុងប្រឈមមុខនឹងសម្ពាធពី កិច្ចសហប្រតិបត្តិការត្រីភាគីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។ ដូច្នេះហើយអ្វីដែលកូរ៉េខាងជើង និងរុស្ស៉ីកំពុងត្រូវការគឺត្រូវគ្នាម៉ាច់។

អំឡុងការបិទព្រំដែនទប់ស្កាត់ការឆ្លងកូវីដ១៩ កូរ៉េខាងជើងបានជួបវិបត្តិសេដ្ឋកិច្ច និងការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ហើយលោក គីម ទំនងជានឹងស្វែងរកការ ផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលដើម្បីបំពេញការខ្វះខាត ស្របពេលការពង្រីកទំនាក់ទំនងជាមួយរុស្ស៉ីអាចនឹងក្លាយជាសញ្ញាបង្ហាញថាប្រទេសរបស់លោកអាច ជម្នះភាពឯកោអស់រយៈពេលជាច្រើនឆ្នាំមកនេះ ជាការឃោសនានយោបាយក្នុងស្រុក។ លោក គីម ក៏អាចនឹងស្វែងរកផងដែរនូវបច្ចេកវិទ្យាពីរុស្ស៉ី ដើម្បីគាំទ្រដល់ ការអភិវឌ្ឍអាវុធប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ មីស៊ីលល្បឿនលឿនជាងសំឡេង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងផ្កាយរណបស៊ើបការណ៍ជាដើម។ ប៉ុន្តែ បញ្ហាគឺនៅត្រង់ថារុស្ស៉ីតែងតែរឹតត្បិតព័ត៌មានស្ដីពីបច្ចេកវិទ្យាអាវុធសំខាន់ៗបំផុត ពីដៃគូរបស់ខ្លួនមិនថាចិនក៏ដោយ។ ដូច្នេះគេត្រូវរង់ចាំមើលសិនថាតើកិច្ចសហប្រតិបត្តិការយោធារវាងលោក គីម និងលោក ពូទីន អាចដើរទៅឆ្ងាយប៉ុនណា។

កាន់តែសំខាន់ជាងនេះ កូរ៉េខាងជើងក៏ត្រូវបានក្រុមអ្នកវិភាគមួយចំនួនមើលឃើញដែរថាអាចនឹងប្រើប្រាស់ទំនាក់ទំនងល្អជាមួយរុស្ស៉ី ដើម្បីរក្សាបាននូវតុល្យភាព ទំនាក់ទំនងជាមួយចិន។ ទោះបីគឺជាសម្ព័ន្ធមិត្តមិនអាចខ្វះបានក៏ពិតមែន ក៏មិនមែនមានន័យកូរ៉េខាងជើងត្រូវតែធ្វើតាមចិនគ្រប់រឿងនោះទេ។ ភាពផ្អែមល្ហែមរវាង រុស្ស៉ី និងកូរ៉េខាងជើង អាចជាការបញ្ជូនសារមួយទៅកាន់ចិនថាកូរ៉េខាងជើងកំពុងងាកទៅរករុស្ស៉ីទាំងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។ ដូច្នេះចង់ ឬមិនចង់ វាអាចនឹង ក្លាយជាការដាក់សម្ពាធមួយទៅលើចិនឱ្យបង្កើនការទំនាក់ទំនងបន្ថែមជាមួយកូរ៉េខាងជើង ក្នុងនោះអាចមានទាំងការបង្កើនការទិញទំនិញនាំចេញពីកូរ៉េខាងជើង និងផ្ដល់បច្ចេកវិទ្យាចិន រួមទាំងស្បៀងអាហារជាដើម។

គួរបញ្ជាក់ថា ក្រៅតែរឿងយុទ្ធសាស្ត្រ កូរ៉េខាងជើង ក៏សង្ឃឹមដែរថាកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៉ី អាចនឹងជំរុញឱ្យទីក្រុងមូស្គូទទួលយកពលករកូរ៉េខាងជើង បន្ថែម សម្រាប់បំពេញការងារនៅតាមរោងចក្រនានា និងកន្លែងរុករករ៉ែ ស្ថិតនៅឯចុងបូព៌ាបំផុតដែលជាតំបន់មិនសូវមានប្រជាជនរស់នៅច្រើនមួយរបស់រុស្ស៉ី ដែលនេះនឹងផ្ដល់ឱ្យទីក្រុងព្យុងយ៉ាងទាំងលុយដែលពលករកូរ៉េខាងជើងផ្ញើមកស្រុកវិញ និងអាចសម្រាលបន្ទុកចិញ្ចឹមប្រជាជនរបស់ខ្លួនបានមួយផ្នែកដែរ៕


សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១១


(ភ្នំពេញ)៖ នៅទីក្រុងហ្សាការតា​​ ប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទីពុធ ទី៦ កញ្ញា ២០២៣នេះ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១១។

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដឹកនាំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងលោកស្រី ខាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក តំណាងឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់​ព្រះចៅ​ស៊ុល​តង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សន​សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និង​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយ​មន្ត្រី​ជាន​ខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។

កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ក៏ដូចជាកិច្ចប្រជុំកំពូលនានានៅឆ្នាំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រ​ខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេតការណ៍។ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូល​រួមនៅក្នុង​កិច្ចប្រជុំនេះផងដែរ។

គិតត្រឹមឆ្នាំ២០២៣ ទំនាក់ទំនងអាស៊ាន និងអាមេរិក មានរយៈពេល ៤៦ឆ្នាំហើយ។ តាមគេហទំព័ររបស់រដ្ឋាភិបាលអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែក​អភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និងសន្តិសុខជាង ១២.១ពាន់លានដុល្លារដល់សម្ព័ន្ធមិត្ត និងដៃគូនៅអាស៉ីអាគ្នេយ៍ រួមទាំងសមាជិកអាស៊ានផងដែរ ចាប់តាំងពីឆ្នាំ២០០២មក។ ក្នុងរយៈពេលដូចគ្នានោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ជាង ១.៤ពាន់លានដុល្លារ រួមទាំងជំនួយគ្រោះមហន្តរាយសង្គ្រោះជីវិត ជំនួយស្បៀងសង្គ្រោះបន្ទាន់ និងជំនួយដល់ជនភៀសខ្លួនទូទាំងតំបន់។

សហរដ្ឋ​អាមេរិក និង​អាស៊ាន ​ទទួល​បាន​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ។ អាស៊ានតំណាងឱ្យទីផ្សារធំជាងគេទី៤ របស់ពិភពលោក ហើយសហរដ្ឋអាមេរិក គឺជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈដែលពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ មានក្រុមហ៊ុនអាមេរិកជាង ៦,២០០ប្រតិបត្តិការក្នុងអាស៊ាន ហើយនៅឆ្នាំ២០២០ អ្នកដំណើរអាមេរិកចំនួន ៦៣០,០០០នាក់ បានចំណាយប្រាក់ចាយវាយច្រើនជាង ១.៣ពាន់លានដុល្លារ នៅអាស៉ីអាគ្នេយ៍៕