Friday, November 22, 2019

កិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្តកែប ដែលមានរយៈពេលប្រាំឆ្នាំទៅលើផែនការជាអាទិភាព

កែប ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកែប លោក អ៊ឹង ឆាយ អភិបាលរងខេត្តកែប តំណាង លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្តដើម្បីពិនិត្យ ផ្តល់យោបល់ទៅលើសេចក្តីព្រាងប្រតិទិនការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់ខេត្ត(២០២០-២០២៤) និងសេចក្ដីសម្រេចស្ដីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ដ ដែលមានការអញ្ជើញចូលរួមដោយ លោក លោកស្រី ដែលជាសមាជិកសមាជិកការក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ចំនួន៣៩រូប ។
នាឱកាសនោះដែរ លោក អ៊ឹង ឆាយ បានមានប្រសាសន៍ថា ដើម្បីឲ្យការងាររៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤)របស់រដ្ឋបាលខេត្ត ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ត្រូវតែរៀបចំឲ្យមាននូវប្រតិទិនការងារ ដើម្បីគ្រប់គ្រងទៅលើក្របខណ្ឌពេលវេលា កំណត់អ្នកទទួលខុសត្រូវ និងថវិកាសម្រាប់គាំទ្រដល់ដំណើរការរៀបចំនេះ។
ជាមួយគ្នានេះផងដែរ លោកក៏បានបញ្ជាក់បន្ថែមទៀតថា គោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ដនេះ យើងត្រូវធ្វើការពិភាក្សាឲ្យបានល្អិតល្អន់ ដោយពិនិត្យមើលក្របខ័ណ្ឌច្បាប់ គោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានា ដូចជា យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល ស្ថានភាពជាក់ស្តែងរបស់ខេត្ត កំណត់អំពីចក្ខុវិស័យ សកម្មភាព ឬវិស័យជាអាទិភាព ដែលខេត្តត្រូវយកចិត្តទុកដាក់អនុវត្តសម្រាប់រយៈពេលប្រាំឆ្នាំនៃអាណត្តិរបស់ក្រុមប្រឹក្សា។
ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់បន្ថែមទៀតថា ឯកសារទាំងពីរនេះពិតជាមានសារៈសំខាន់ណាស់ ក្រុមការងារកសារផែនការអភិវឌ្ឍន៍ខេត្ត ។ លោកបានសង្កត់ធ្ងន់ថា ក្រុមការងារត្រូវតែពិនិត្យ និងកែសម្រួលឲ្យបានគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន ព្រោះឯកសារទាំងពីរនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំគណៈអភិបាលខេត្តបន្តទៀត ៕



អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យការសាងសង់ស្ពានថ្មីប្រើជាបណ្តោះអាសន្ន

កំពង់ ចាម ៖ នៅ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យស្ពានបណ្តោះអាសន្នសំរាប់ធ្វើផ្លូវវាង ធ្វើអំពីដែកបេឡេ ដោយរង់ចាំការកសាងស្ពានថ្មថ្មី ដែលក្រសួងអភិវឌ្ឍជនបទបានរៀបចំ ហើយកងវិស្វកម្ម ក្រសួងការពារជាតិកំពុងសាងសង់ ។
សូម ជម្រាប ថា ស្ពាន មានទំហំ ៩០ម៉ែត្រ គុណនឹង ៤ម៉ែត្រ ដែលជាស្ពានចាស់ បានកសាងឡើង នាអំឡុងឆ្នាំ២០០១-២០០២ ហើយទទួលរងការបាក់ស្រុតដី ដោយសារគ្រោះទឹកជំនន់កន្លងមក។
លោក អភិបាល ខេត្ត បានបញ្ជាក់ ថា ទោះបីជាមានស្ពានវាងថ្មី តែមិនអនុញ្ញាតិអោយឡានធន់ធ្ងន់ឆ្លងកាត់ឡើយ ដោយខ្លាចមានគ្រោះថ្នាក់ ហើយត្រូវរងចាំស្ពានថ្មី កសាងរួចរាល់សិន៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ដែលរង់ចាំទទួលស្វាគមន៍វត្តមានរបស់លោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្ញើសារថ្លែងអំណរគុណដល់ បងប្អូនកូនក្មួយ ពលករ កម្មករ និងប្រជាពលរដ្ឋខ្មែរជាច្រើន ដែលកំពុងរង់ចាំទទួលស្វា​គមន៍វត្តមានរបស់លោកនៅប្រទេសកូរ៉េខាងត្បូង។ លោក បានបង្ហោះសារនៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណ បងប្អូន កូនក្មួយ ពលករ កម្មករ និងប្រជាពលរដ្ឋខ្មែរជាច្រេីន ដែលកំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសកូរ៉េ គឺកំពុងតែរង់ចាំទទួលស្វាគមន៍ ដោយសេចក្ដីសោមនស្សរីករាយចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងប៊ូសាន-សាធារណៈរដ្ធកូរ៉េ»
សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ការ​ងារ និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ។ ការថ្លែងអំណរគុណរបស់របស់លោកនាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋខ្មែរដែលបានទៅបម្រើការងារ និងមានក្រុមគ្រួសារជាជនជាតិកូរ៉េ បានប្រកាសពីការត្រៀមខ្លួនដើម្បីទទួលស្វាគមន៍វត្តមាន របស់លោក និងគណៈប្រតិភូ ប្រកបដោយក្ដីរីករាយ និងរំភើបជាទីបំផុត។
ពលករខ្មែរទាំងអស់នោះ ក៏បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានឈ្លៀតពេលពីការប្រជុំ ហើយជួបសំណេះសំណាលជាមួយពួកគាត់។ ក្រុមពលករបានចាត់ទុកថា នេះជាវេលាដ៏មានតម្លៃណាស់សម្រាប់ពួកគាត់ ដើម្បីអាចចែករំលែកពីសុខទុក្ខ ក្នុងការរស់នៅក្រៅប្រទេស ជូននាយករដ្ឋមន្ដ្រីរបស់ខ្លួន។ ជាមួយគ្នានេះ ពួកគាត់ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងទាំងអស់ កុំភ្លេចទៅទទួលស្វាគមន៍លោក ឲ្យបានគ្រប់ៗគ្នាដើម្បីបង្ហាញអំពីទំហំនៃក្ដីស្រលាញ់។
គួរជម្រាបថា បន្ទាប់ពីដឹងព័ត៌មានថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចុះជួបសួរសុខទុក្ខដោយផ្ទាល់ចំពោះពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសកូរ៉េខាងត្បូង ពលរដ្ឋខ្មែរនៅទីនោះ បាននាំគ្នាបង្ហោះសារ និងវីដេអូពេញបណ្ដាញសង្គម Facebook បង្ហាញនូវក្ដីរំភើបរីករាយចំពោះដំណឹងនេះផងដែរ៕

អភិបាលព្រះសីហនុ ពិភាក្សាការងារជាមួយក្រុមហ៊ុន ចិន អំពីគម្រោងវិនិយោគកែឆ្នៃសំរាមបំលែងជាថាមពលអគ្គិសនី

ព្រះសីហនុ ៖ នៅទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd បានចូលជួបសម្តែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងធ្វើការវិនិយោគកែឆ្នៃសំរាមបំលែងជាថាមពលអគ្គិសនៅខេត្តព្រះសីហនុ ។
នាឱកាសនោះដែរ លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd មានប្រសាសន៍ជំរាបជូន អភិបាលខេត្តព្រះសីហនុ អំពីគោលបំណងនៃការវិនិយោគ ឲ្យកាន់តែប្រសើរឡើងដល់ខេត្តព្រះសីហនុ និងផ្តល់ឱកាសឱ្យក្រុមហ៊ុនលោកមកធ្វើការវិនិយោគកែឆ្នៃសំរាមទៅជាអគ្គិសនី និងវិនិយោគលើផ្នែកផ្សេងៗទៀតនៅខេត្តព្រះសីហនុ។
ក្រុមហ៊ុនមានជំនាញ បច្ចេកវិទ្យាក្នុងការកែឆ្នៃសំរាម មកជាថាមពលអគ្គិសនី ទន្ទឹមនឹងនោះ ក៏មានគម្រោងការងារមនុស្សធម៌ជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋខេត្តព្រះ សីហនុ។ ប្រធានក្រុមហ៊ុន ក៏បានអញ្ជើញអភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនៈកិច្ចនៅរោងចក្រក្នុងខេត្ត នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ។
លោក គួច ចំរើន បានស្វាគមន៍ក្រុមហ៊ុនដែលមានបំណងមកធ្វើការវិនិយោគអគ្គិសនី ដែលយកវត្ថុធាតុដើមចេញពីសំរាម ប្រសិនបើសិក្សាមានផលវិជ្ជមាន រដ្ឋបាលខេត្ត នឹងស្វាគមន៍ចំពោះការវិនិយោគមួយនេះ និងសន្យាជួយរកទីតាំងបង្កើតរោងចក្រ និងជួយសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការសុំច្បាប់វិនិយោគនៅ CDC និងក្រសួងបរិស្ថានថែមទៀតផង ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកមានអ្នកវិនិយោគ បានចូលជួបពិភាក្សាគ្នា ក្នុងគោលបំណងវិនិយោគសំរាម ដោយកែឆ្នៃជាថាមពលអគ្គិសនី ក៏ប៉ុន្តែមិនបានឆ្លើយតបតាមតម្រូវការដែលរដ្ឋបាលខេត្តចង់បាននោះទេ គឺគ្រាន់តែមកហើយ បាត់ស្ងាត់ទៅវិញ ប្រសិនបើក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd មានបំណងមកវិនិយោគពិតប្រាកដ ត្រូវសិក្សាលម្អិត ហើយរដ្ឋបាលខេត្តនឹងចូលរួមសហការ ដើម្បីដំណើរការបង្កើតរោងចក្រឡដុតសំរាមទទួលបានផ្លែផ្កានាពេលខាងមុខ ។
លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co, Ltd ក៏បានផ្តល់អង្ករចំនួន ១០តោន ដល់រដ្ឋបាលខេត្តព្រះសីហនុ ចូលរួមក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមក្នុងខេត្តព្រះសីហនុ ៕




លោក Donald Trump បញ្ជាក់ពីជំហរអាមេរិកប្ដេជ្ញាគាំទ្រកម្ពុជា និងមិនគាំទ្រដាច់ខាតនៅការផ្លាស់ប្តូររបបនៅក្នុងកម្ពុជាតាមគ្រប់រូបភាព

នៅវិមានសន្តិភាព រសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបកាលពីរសៀលនេះ លោក Patrick Murphy បាននាំយកនូវលិខិត០២ របស់ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនចំពោះ លោកនាយករដ្ឋមន្ត្រី ដែលលិខិតទី០១ ស្ដីអំពីទំនាក់ទំនង និងសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលសហរដ្ឋអាមេរិកមានបំណងពង្រឹង និងធ្វើអោយកាន់តែប្រសើឡើងនូវទំនាក់ទំនងដែលប្រទេសទាំងពីរមានជាយូរលង់មកហើយ ដែលក្នុងនោះគឺមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ។ ក្នុងលិខិតពីសេតវិមានវ៉ាយហៅស៍ ( White House) ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump គឺបាន បញ្ជាក់ច្បាស់អំពីជំហរសហរដ្ឋអាមេរិកដោយមានការប្ដេជ្ញាខ្ពស់ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងមិនមានការគាំទ្រអោយមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជានោះទេ។ ជាពិសេសទៀតនោះ គឺសហរដ្ធអាមេរិកនឹងជួយការពារអធិបតេយ្យភាពកម្ពុជាផងដែរ ហើយសហរដ្ឋអាមេរិកនឹងបន្តជួយកម្ពុជាអោយមានប្រព័ន្ឋគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកក្វក់ដែលធ្វើអោយប៉ះពាល់ដល់ប្រទេសជាតិ ព្រមទាំងជំនួយបច្ចេកទេសជាច្រើនទៀតដែលកម្ពុជាត្រូវការ គឺសហរដ្ធអាមេរិកនឹងជួយដើម្បីជំរុញមិត្តភាព និងកិច្ចសហការអោយកាន់តែល្អនឹងជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំង។ ចំពោះលិខិតទី ២ គឺលោកប្រធានាធិបតី Donald Trump គោរពអញ្ជើញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមប្រជុំកំពូលពិសេសរវាងសហរដ្ធអាមេរិក និងអាស៊ាន នៅលើទឹកដីសហរដ្ធក្នុងឆមាសទី១ក្នងឆ្នាំ ២០២០ ខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី បានគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី Donald Trump ហើយ លោក បានចាត់ទុកថាជាកិច្ចប្រជុំដ៏សំខាន់ដែលអាស៊ាន និងសហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទាំងសងខាងរវាងអាមេរិក និងអាស៊ាន។ លោក នឹងពិភាក្សាជាមួយនឹងប្រមុខដឹកនាំប្រទេសអាស៊ានផ្សេងៗទៀតក្នុងការគាំទ្រអាមេរិក និងអាស៊ាន ដើម្បីធ្វើយ៉ាងណាអោយកិច្ចប្រជុំកំពូលនេះអោយបានល្អប្រសើរ។ ហើយសម្តេចគិតថា នេះជាយុទ្ធសាស្ត្រ ធ្វើអោយ អាស៊ាន-សហរដ្ឋអាមេរិក កាន់តែជិតស្និទ្ឋ បន្តមានភាពរីកចម្រើន និងផ្ដល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមកកាន់តែច្រើនឡើង។
នៅក្នុងជំនួបនេះផងដែរ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានចូលរួមរំលែកនូវព្រះមរណទុក្ខចំពោះការយាងសោយទីវង្គតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទីវី ដែលព្រះអង្គបានចូលរួមលើកស្ទួយវិស័យវប្បធម៌ជាច្រើនរបស់ប្រទេសកម្ពុជានោះ ហើយបានយាងសោយទិវង្គតកាលពីថ្ងៃទី១៨ វិច្ឆិកាកន្លងទៅនេះ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណសហរដ្ឋអាមេរិកដែលបានគាំទ្រប្រទេសកម្ពុជាតាំងពីកម្ពុជាមិនទាន់ទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៣ មកម៉្លេះ។ នេះគឺបង្ហាញពីចំណងមិត្តភាពនិងសហប្រតិបត្តិការល្អជាមួយគ្នាដែលមានរយៈពេលយូរលង់មកហើយ។ ទន្ទឹមនឹងនេះដែរ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអរគុណដល់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបាននាំយកលិខិត ២ច្បាប់របស់លោកប្រធានាធិបតី Donald Trump ទាក់ទងទៅនឹងទាក់ទងទៅនឹងការបង្កើនទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និងលិខិតអញ្ជើញចូលរួមកិច្ចប្រជុំកំពុលពិសេសអាមេរិកអាស៊ាន ២០២០ ។ លោក បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបង្កើនមិត្តភាពល្អជាមួយសហរដ្ធអាមរិក ហើយរីករាយនឹងចូលរួមកិច្ចប្រជុំពិសេសដែលរៀបចំដោយសហរដ្ធអាមេរិកនៅឆ្នាំក្រោយនេះ។
លោកនាយករដ្ឋមន្ត្រីក៏បានអរគុណដល់លោកអគ្គរដ្ធទូតអាមេរិកដែលបានចូលរួមរំលែកនូវព្រះរាជមរណៈទុក្ខដ៏ក្រៀមក្រំចំពោះការយាងសោយទិវង្គតរបស់ព្រះរៀម នរោត្តម បុប្ផាទេវី ហើយ លោក ក៏បានអរគុណដល់អគ្គរដ្ធទូតអាមេរិក
ផងដែរដែលកន្លងមកបានចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិកម្ពុជា និងពិធីបុណ្យអុំទូកអកអំបុកកន្លងមកនេះ ហើយទន្ទឹមនឹងនោះដែរគឺ លោកបានធ្វើការងារជាបន្តបន្ទាប់ជាមួយមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកដូចជាបានជួបប្រជុំពិភាក្សាការងារជាមួយ លោក ទៀ បាញ់ និងមន្ត្រីជាច្រើនទៀតចាប់តាំងពីថ្នាក់ក្រសួងរហូតដល់ខេត្ត ដើម្បីរិតចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អជាមួយគ្នា។
លោកនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើសួរសុខទុក្ខលោកប្រធានាធិបតី Donald Trump ហើយនឹងចាត់មន្រ្តីក្រសួងការបរទេសអោយរៀបចំលិខិតឆ្លើយតបជាផ្លូវការទៅសេតវិមានវិញនៅពេលឆាប់នេះ៕