ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សោម អូន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ បានលើកឡើងថា ការធ្វើយុទ្ធនារបស់ក្រុមមេដឹកនាំសហជីពមួយចំនួន ដែលមានចរិតដូចជាបាតុកម្ម នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៤ ខាងមុខ ដើម្បីទាមទារតំឡើងប្រាក់ឈ្នួលកម្មករសំរាប់ ឆ្នាំ ២០១៥នោះ គឺធ្វើឡើងដើម្បីស្វែងរកប្រជាប្រិយភាពប៉ុណ្ណោះ ហើយការតវ៉ាកន្លងមក ដែលក្រៅអំពីយន្ដការនៃការដោះស្រាយផ្លូវច្បាប់ គឺមិនដែលទទួលបានជោគជ័យម្តងណាឡើយ ។
លោក សោម អូន បានបញ្ជាក់ថា ផ្ទុយទៅវិញ ការធ្វើបាតុកម្ម មានតែធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់កម្មករ ដូចជាការខាតបង់ពេលវេលាធ្វើការ បាត់បង់ប្រាក់ឈ្នួល បាត់បង់ការងារ ឬគ្រោះថ្នាក់ដល់ជីវិត និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃសង្វាក់ ផលិតកម្ម ព្រោះការបញ្ជាទិញតាមរោងចក្រនីមួយៗ អ្នកបញ្ជាទិញបានកំណត់យ៉ាងច្បាស់ អំពី ពេលវេលាផលិត ដូច្នេះបើកម្មករឈប់សំរាកមិនធ្វើការនោះ និងធ្វើឲ្យការផលិតទំនិញស្ទះ ហើយអ្នកបញ្ជាទិញអាចលុបចោលការបញ្ជាទិញ នឹងអស់ជំនឿលើករោងចក្រមួយនោះ ហើយគាត់ អាចបង្វែរការបញ្ជាទិញទៅប្រទេសផ្សេង នៅពេលនោះកម្មករយើង និងបាត់បង់ការងារ ហើយមួយវិញទៀតវាអាចប៉ះពាល់ដល់សន្តិសុខជាតិ ព្រោះរាល់ពេលធ្វើយុទ្ធនាការ រឺបាតុកម្មម្តងៗ តែងតែមានក្រុមអ្នកនយោបាយ ឆ្លៀតឱកាសចូលរួមដែលច្រើនតែបង្កឲ្យមានអំពើហិង្សា ជាក់ស្តែងកន្លងមក គឺមានកម្មករមួយចំនួនបានរងរបួស និងខ្លះបានស្លាប់បាត់បង់ជីវិតជាដើម។
លោក សោម អូន ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ គឺមានក្រុមសហជីពចំនួនប្រហែលជា ៥-៦ប៉ុណ្ណោះ ដែលដឹកនាំកម្មករធ្វើយុទ្ធនាការ នៅទីលានប្រជាធិបតេយ្យ គោលបំណង គឺដើម្បីទាមទារដំឡើងប្រាក់ខែកម្មករសំរាប់ ឆ្នាំ២០១៥។
ចំពោះបញ្ហាប្រាក់ឈ្នួលកម្មករនេះ លោក សោម អូន បានលើកឡើងថា គឺមានយន្តការមួយដែលជាយន្តការផ្លូវច្បាប់ ដែលបង្កើតឡើង ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈជាត្រីភាគី គឺមានតំណាងសហជីព តំណាងនិយោជក និងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែលយើងហៅថាគណៈកម្មការប្រឹក្សាការងារ។ តាមរយៈយន្តការនេះកន្លងមក យើងបានធ្វើការងារជោគជ័យជាច្រើន នៅក្នុងការពិភាក្សាដើម្បីរកច្រកចេញនៃការដំឡើងប្រាក់ឈ្នួលជូនកម្មករ។
លោក សោម អូន បានបញ្ជាក់ដែរថា តាមរយៈសិក្ខាសាលាធំ មួយរបស់អង្គការពលកម្មអន្តរជាតិអាយឡូ កាលពីថ្ងៃទី២៤-២៥ ខែមេសាកន្លងទៅ បានសម្រេចយកគោលការណ៍មួយចំនួនសម្រាប់ការដំឡើងប្រាក់ឈ្នួលគឺទី១- ដំឡើងទៅតាមកំណើនសេដ្ឋកិច្ច ទី២-យោងទៅតាមគោលការណ៍ឈ្នះឈ្នះ គឺឈ្នះទាំងខាងនិយោជក និងឈ្នះទាំងខាងកម្មករ និងទី៣-យើងប្រើប្រព័ន្ធ២គឺប្រសិនបើពិភាក្សាដំឡើងប្រាក់ឈ្នួល គឺយកការសម្រេចជាឯកច្ឆន្ទ ហើយប្រសិនបើមិនឯកភាពគ្នាទេ គឺប្រើការបោះឆ្នោតជាសម្ងាត់ ហើយលក្ខណៈនៃការពិភាក្សាប្រាក់ឈ្នួលនេះ យើងពឹងផ្អែកទៅលើទិន្នន័យនៃក្រសួងផែនការ និងលទ្ធភាពនៃការប្រកួតប្រជែងអំពីទីផ្សារការងារ និងកម្រិតជំនាញនៃកម្មករនៅក្នុងវិស័យនោះ ជាពិសេសគិតគូរទៅលើគ្រួសារ និងអតិផរណានៅក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ការចរចាមកដល់ពេលនេះរវាងសហជីព នឹងនិយោជកគឺខាងនិយោជកបានដំឡើង១០ដុល្លារបន្ថែម ហើយសហជីពបានចុះពី១៧៧មកត្រឹម១៥០ ដូច្នេះនេះជាតួលេខនៃការចរចាគ្នាចុងក្រោយ ប៉ុន្ដែតួលេខនេះនៅមិនទាន់ឯកភាពគ្នានៅឡើយទេ ការចរចានិងបន្តរហូតដល់ ខែវិច្ឆិកា ដើម្បីផ្ដល់ឱកាសឲ្យភាគីទាំងសងខាងជជែកគ្នាឲ្យបានច្រើនក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនេះ។ លោក សោម អូន បានបន្ថែមថា ជាផែនការតាមរយៈការចរចានេះ បានឯកភាពគ្នា ឲ្យអនុវត្តប្រាក់ឈ្នួលជូនកម្មករ ចាប់ពីថ្ងៃ ទី១ ខែ មករា ឆ្នាំ២០១៥ខាងមុខនេះ។
ជារួម លោក សោម អូន បានចាត់ទុកថា យុទ្ធនាការ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ គឺធ្វើឡើងដើម្បីប្រជាប្រិយភាព ដែលនេះជាទម្លាប់សំរាប់សហជីពនៅស្រុកខ្មែរយើងទៅហើយ នៅពេលណាមានការជជែកពីបញ្ហាប្រាក់ឈ្នួល តែងតែមានក្រុមផ្សេងៗ ធ្វើសកម្មភាពដើម្បីដណ្តើមនូវប្រជាប្រិយភាព ប៉ុន្តែបើយើងគិតទៅ គឺមានចំនួនតិចតួចប៉ុណ្ណោះ ព្រោះថាសហជីពបច្ចុប្បន្នគឺមានប្រហែលជាជិត៩០ ហើយសហព័ន្ធដែលចូលរួមធ្វើយុទ្ធនាការនោះ មានប្រហែលជា ៥-៦ទេ ក្រៅពីនេះ គឺពួកគេបានចូលរួមគាំទ្រការចរចាយន្តការត្រីភាគី និងកំពុងរង់ចាំស្តាប់លទ្ធផល។
ទោះជាយ៉ាងណា លោក សោម អូន បានសង្គត់ធ្ងន់ថា ជាបទពិសោធន៍កន្លងមក ការចូលរួមពីបងប្អូនកម្មករយើង គឺមិនមានច្រើនទេ ជាឧទាហរណ៍ បើគម្រោង២០០០, ៣០០០នាក់ ប៉ុន្តែពេលមក គឺបានតែ ២០០-៣០០នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ កម្មករគាត់យល់ដឹងច្រើន ព្រោះកន្លងមកក្រុមសហជីពមួយចំនួន តែងតែនាំគាត់ទៅធ្វើបាតុកម្ម រឺយុទ្ធនាការផ្សេងៗ ប៉ុន្តែចុងបញ្ចប់អត់បានលទ្ធផលអ្វីទាំងអស់។
លោក សោម អូន បានវាយតម្លៃថា ការធ្វើយុទ្ធនាការនៅថ្ងៃទី ១២ ខាងមុខនេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ ប៉ុន្តែកម្មករយើងមានសិទ្ធិពិចារណាថា គាត់គួរចូលរួម ឬមិនចូលរួម ហើយជាគោលការណ៍លោកគិតថា កម្មករយើងគាត់អត់ចង់ចូលរួមទេ ព្រោះគាត់យល់ថា ម្នាក់ៗកំពុងតែចាំស្តាប់លទ្ធផលរបស់ គណៈកម្មការប្រឹក្សាការងារ។
អត្ថបទៈ ច័ន្ទ ទេវី