Thursday, December 19, 2019

លិខិតមិត្តអ្នកអាន៖ សកម្មភាពមិនមានសង្គតិភាពរបស់អតីតស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប

ជាង២ឆ្នាំហើយដែលសហភាពអឺរ៉ុបយល់ឃើញថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិម​នុស្សនៅកម្ពុជាមានការធ្លាក់ចុះខ្លាំង។ បញ្ហានេះជំរុញឲ្យសហភាពអឺរ៉ុប ចាប់ផ្តើមនីតិវិធីដែលអា​ចនាំទៅដល់ការដកភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម EBA។ យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាមិនបានយល់ស្របនឹងទស្សនៈ និងការព្រួយបារម្ភរបស់សហភាពអឺរ៉ុបនោះទេ ដោយបានហៅសកម្មភាពរបស់សហភាពអឺរ៉ុបថា គឺជាការលូកដៃដោយអយុត្តិធម៌ចូលក្នុងកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពរបស់កម្ពុជា។ ភាគីទាំង២មានការបញ្ជាក់ពីភាពត្រឹមត្រូវដែលមានមូ​លដ្ឋានច្បាប់ចំពោះសកម្មភាពរបស់របស់ពួកគេ។
កាលកំណត់ថ្ងៃទី១២ ខែធ្នូ សម្រាប់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងរបាយការណ៍របស់ស​ហ​ភាពអឺរ៉ុបស្តីពីការរកឃើញ និងសេចក្តីសន្និដ្ឋានស្របតាមមាត្រា១៩(៧) នៃបទប្បញ្ញត្តិ (EU) 978/2012 ទាក់ទងនឹងនីតិវិធីសម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះអនុវត្តចំ​ពោះ​ព្រះរាជាណាចក្រកម្ពុជា តាមមាត្រា១៩ នៃបទប្បញ្ញត្តិ (EU) No 978/2012 បានកន្លងផុត ហើយរដ្ឋាភិបាលកម្ពុជាបានផ្ញើការឆ្លើយតបនៅថ្ងៃចុងក្រោយនោះ។ គណៈកម្មការអឺរ៉ុប (អង្គនីតិប្រតិបត្តិ) នឹងត្រូវធ្វើសេចក្តីសម្រេចក្នុងទម្រង់ជាច្បាប់ delegated acts ប្រសិនជាត្រូវដកដោយផ្នែក ឬទាំងស្រុងនូវអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្មក្រោមកម្មវិធី EBA ដែលផ្តល់ឲ្យប្រ​ទេ​​សកម្ពុជាក្រោមប្រព័ន្ធអនុគ្រោះទូទៅរបស់ខ្លួន។ សភាអឺរ៉ុប និងក្រុមប្រឹក្សា (អង្គនីតិបញ្ញត្តិ) មិនជាប់ទាក់ទងនឹងការអនុម័តច្បាប់ delegated acts នោះទេ តែអាចជំទាស់នឹងច្បាប់ទាំងនោះក្នុងរយៈពេល២ខែ។
ប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុបគឺជាប្រព័ន្ធដែលគេបានប្រើប្រាស់យ៉ាងទូលំទូលាយច្រើនជាងគេបំផុតក្នុងចំណោមប្រព័ន្ធអនុគ្រោះទូទៅរបស់ប្រទេសអភិវឌ្ឍន៍ទាំងអស់។ ទំហំនៃ​ការនាំចូលទៅក្នុងសហភាពអឺរ៉ុបដោយប្រទេសកំពុងអភិវឌ្ឍន៍ក្រោមប្រព័ន្ធអនុគ្រោះទូទៅនេះ គឺមានទំហំធំជាងការនាំចូលទៅក្នុងសហរដ្ឋអាមេរិក កាណាដា និងជប៉ុន រួមគ្នា។ ក្រោ​មប្រព័ន្ធអនុគ្រោះទូទៅរបស់ខ្លួនកម្មវិធី EBA គឺជាភាពអនុគ្រោះផ្នែកពាណិជ្ជកម្មដែលមានលក្ខណៈសប្បុរសធម៌បំផុត។ សហភាពអឺរ៉ុបនិងប្រជាពលរដ្ឋរបស់ខ្លួនអាចមានមោទនភាពក្នុងនា​មជាទីផ្សារមួយដែលមានភាពបើកចំហបំផុតសម្រាប់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។
បច្ចុប្បន្ន ក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចទាំង៤៧ កម្ពុជា គឺជាអ្នកទទួលផ​លធំមួយពី EBA ដោយមានទឹកប្រាក់នាំចេញសរុបទៅសហភាពអឺរ៉ុប មានចំនួនលើសពី៥ពា​ន់លានដុល្លារ។ មែនហើយភាពអនុគ្រោះដែលផ្តល់ឲ្យប្រទេសទទួលទាំងឡាយក្រោមប្រព័ន្ធនេះត្រូវបានផ្សារភ្ជាប់ ជាមួយលក្ខខណ្ឌនៃការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែ​លសហភាពអឺរ៉ុបបានអះអាងថា ជាតម្លៃស្នូលរបស់ខ្លួន។ ហើយដោយហេតុថា ភាពអនុគ្រោះគឺត្រូវបានផ្តល់ឲ្យដោយឯកតោភាគី សហភាពអឺរ៉ុប មានសិទ្ធិពេញលេញក្នុងការដកទៅវិញ ប្រ​​សិនជាខ្លួនបានត្រួតពិនិត្យហើយសន្និដ្ឋានថា ប្រទេសទទួលណាមួយមិនបានអនុលោមទៅតាមតម្លៃស្នូលដែលសហភាពអឺរ៉ុបបានអះអាងថាជារបស់ខ្លួននោះ។
តម្លៃស្នូលដែលបានអះអាងធៀបនឹងសកម្មភាពដែលមានសង្គតិភាព
ខណៈដែលយើងយល់ស្រប និងកោតសរសើរតម្លៃស្នូលរបស់សហភាពអឺរ៉ុប តើសហភាពអឺ​រ៉ុបមានសង្គតិភាពក្នុងសកម្មភាពរបស់ខ្លួនក្នុងការការពារ​តម្លៃស្នូលនេះ​ដែរឬទេ?
ច្បាស់ណាស់ មានប្រទេសជាច្រើនដែលទទួលបានភាពអនុគ្រោះនេះ មានកំណត់ត្រានៃការគោរពសិទ្ធិមនុស្សអន់ជាងកម្ពុជាទៅទៀត ហើយសហភាពអឺរ៉ុប​មិនបានចាត់វិធានការទៅលើប្រទេសទាំងនោះទេ។ ហើយផ្ទុយទៅវិញមុនពេល​ចាប់ផ្តើមនីតិវីធីក្នុងការដកប្រព័ន្ធអនុគ្រោះពីកម្ពុជា សហភាពអឺរ៉ុបបានចាប់ផ្តើមការ​ចរចាពាណិជ្ជកម្ម​សេរីជាមួយប្រទេសវៀតណាមតាំងពីខែមិថុនា ឆ្នាំ២០១២ ហើយ​យោងតាមគោលការណ៍និងស្តង់ដារលោកខាងលិច ប្រទេសវៀតណាម គឺជា​ប្រទេស​ដែលមិន​មានលទ្ធិប្រជាធិបតេយ្យ និងមានកម្រិតទាប​ក្នុងការគោរពសិទ្ធិ​មនុស្ស។
មកដល់ពេលនេះ វៀតណាមនៅតែជាប្រទេសកុម្មុយនីស្ត ដែលមានប្រព័ន្ធឯកបក្សគ្មានការបោះឆ្នោតទូទៅ។ ប្រទេសនេះអនុញ្ញាតតិចបំផុតចំពោះសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ។ អំពីការការពារសិទ្ធិកម្មករ វៀតណាមបានចុះហត្ថលេខាផ្តល់សច្ចាប័នលើអនុសញ្ញាស្នូ​ល​របស់អង្គការអន្តរជាតិខាង​ការងារតិចជាងកម្ពុជាឆ្ងាយ​ណាស់ជាពិសេសអនុសញ្ញាលេខ៨​៧​ ស្តីពីសេរីភាពនៃការបង្កើតសមាគមនិងសហជីព និងអនុសញ្ញាលេខ៩៨ស្តីពីសិទ្ធិក្នុងការរៀបចំនិងការចរចាជាសមូហភាព។ វៀតណាមមិនអនុញ្ញាតឲ្យមានការបង្កើតសហជីពច្រើនទេ លើកលែងតែសហជីពកណ្តាលមួយដែលគេមើលឃើញថា មិនមានឯករាជ្យភាពពីការគ្រ​ប់គ្រង​របស់រដ្ឋាភិបាលនោះទេ។ យោងតាមអ្នកទិតៀននៅលោកខាងលិច វៀតណាគឺជារដ្ឋដែលមានការកៀបសង្កត់ផ្នែកនយោបាយខ្លាំង។ រដ្ឋាភិបាលកុម្មុយនីស្តមានអំណាចផ្តាច់មុខ ហើយគ្មានសារព័ត៌មានឯករាជ្យទេ។ គ្មានអ្នកប្រឆាំងណាត្រូវបានអត់ឱននោះទេ ហើយការទិតៀនរដ្ឋាភិបាលត្រូវបានផ្តន្ទាទោសដោយការដាក់ពន្ធនាគារយ៉ាងយូរ។
ទោះបីជាប្រទេសវៀតណាមលើកតម្កើងប្រព័ន្ធតម្លៃក្នុងទ្រង់ទ្រាយផ្សេងក្នុងបរិបទដែលអាចដំ​ណើរការបានល្អផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ដែលប្រជាជាតិនៅអាស៊ីភាគច្រើនកោតសរសើរនិងទទួលស្គាល់នោះ ប្រទេសវៀតណាមបរាជ័យខ្លាំង បើផ្អែកលើគោលការណ៍និងបទដ្ឋានលោកខាងលិច។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកនៅមិនទាន់ស​ម្រេចផ្តល់ប្រព័ន្ធអនុគ្រោះទូទៅ GSP ដល់វៀតណាមនៅឡើយផង ដោយសារហេតុផលច​ម្បង២ ទី១៖ គឺជាប្រទេសកុម្មុយនីស្ត និងទី២៖ ដោយសារកង្វះខាតក្នុងការការពារសិទ្ធិកម្មករដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ប៉ុន្តែលក្ខខណ្ឌទាំង ពីរនេះ កម្ពុជាអាចឆ្លើយតបបាន។
ជាការចំអក ឬជាការធ្វើឲ្យកាន់តែអាម៉ាស់មកលើប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសារសង្គ្រាម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom និងក្រុមរបស់លោកស្រីបានមកប្រទេសវៀតណាមយ៉ាងមានមោទនភាពដើម្បីចុះហត្ថលេខាលើកិច្ចព្រងព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប និងវៀតណាម កាលពីខែមិថុនា ឆ្នាំនេះ ខណៈដែលកម្ពុជាកំពុងស្ថិតនៅក្រោមដំណើរការដែលអាចមានការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម​។ កិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីស​ហភាពអឺរ៉ុប និងវៀតណាមបានផ្តល់ឲ្យវៀតណាមនូវអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្មយ៉ាងច្រើនដោយបានដក​ចេញស្ទើរតែទាំងស្រុងនូវ​របាំងពន្ធគយ​លុបបំបាត់ជាង៩៩% នៃពន្ធគយសម្រាប់ការនាំចូលទៅអឺរ៉ុប។
ហេតុអ្វីបានជាសហភាពអឺរ៉ុបគ្មានសង្គតិភាពនៅក្នុងសកម្មភាពរបស់ខ្លួនដោយសម្រេចផ្តល់អត្ថប្រ​យោជន៍ផ្នែកពាណិជ្ជកម្មដល់ប្រទេសវៀតណាម ខណៈដែលខ្លួនកំពុងពិចារណាលើស​កម្មភាពដែលអាចនឹងដាក់ទណ្ឌកម្មដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករក្រីក្រជាស្ត្រីដែ​លងាយរងគ្រោះ ដែលកំពុងបម្រើការ ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ???
យើងប្រហែលមានសិទ្ធិសួរ ឬគ្មានសិទ្ធិសួរ ប៉ុន្តែវាច្បាស់ដែរថា សម្រាប់សហភាពអឺរ៉ុប ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងនយោបាយមានសារៈសំខាន់ជាងអ្វីៗផ្សេងទៀត។
តម្លៃស្នូលរបស់កម្ពុជា
ឆ្លងចេញពីភាពជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ សង្គ្រាមស៊ីវិល និងការប្រល័យពូជសាសន៍ដ៏យូរ ចំណុចជាអាទិភាពរបស់កម្ពុជាគឺសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ខណៈព្យាយាមលើកតម្កើងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សមិទ្ធផលសម្រេ​ចបានរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំដ៏ខ្លី ក្រោយប្រទេសមានសន្តិភាពពេញលេញគឺជារឿងដែលគួរកោតសរសើរបាន។ កម្ពុជាត្រូវបានគេទទួលស្គាល់ថា បានសម្រេចបានគោលដៅអភិ​វឌ្ឍន៍សហស្សវត្ស និងផ្នែកជាច្រើននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការស​ហប្រជាជាតិ។ ធនាគារពិភពលោក បានទទួលស្គាល់កម្ពុជាថា ជាប្រទេសមួយដែលមានកំ​ណើ​​​​នសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោកដោយមានស្ថិរភាពនយោបាយខ្ពស់បំផុតក្នុងចំណោ​​មប្រទេសក្រោយសង្គ្រាម។
នេះមានន័យយ៉ាងដូចម្តេច? វាមានន័យថា ប្រជាពលរដ្ឋកម្ពុជា ជាច្រើនត្រូវបានទាញចេញផុ​តពីភាពក្រីក្រដោយមានសិទ្ធិទទួលបាននូវឱកាសសេដ្ឋកិច្ច ការងារ ប្រាក់ចំណូលមានស្ថិរភា​ព អត្ថប្រយោជន៍សន្តិសុខសង្គម ការអប់រំ ការផ្តល់អំណាចដល់ស្ត្រី។ល។ កម្ពុជាកំពុងនៅលើផ្លូវត្រឹមត្រូវឆ្ពោះទៅក្លាយ​ជាប្រទេសដែល​មានប្រាក់​ចំណូលមធ្យមកម្រិតទាបត្រឹមឆ្នាំ២០៣០ និ​ងប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ បើសិនជាស្ថិរភាពនយោបាយត្រូវបានរក្សា ហើយកំណែទម្រង់​ការិយា​ធិបតេយ្យមានជានិរន្តរ៍។ ដើម្បីរក្សាឲ្យប្រទេសមានភាពប្រកួតប្រជែងនិងមានស្ថិ​រភាព កំណែទម្រង់ការិយាធិបតេយ្យនឹងត្រូវធ្វើលឿន​ជាងកំណែទម្រង់​នយោបាយ។
ចំពោះនយោបាយ ទោះបីជាមានការទិតៀនប្រជាពលរដ្ឋកម្ពុជាពិតជាមានឱកាសក្នុងការផ្លា​ស់​ប្តូរដ្ឋាភិបាលរបស់ពួកគេជារៀងរាល់៥ឆ្នាំម្តង។ ពួកគេគ្រាន់តែត្រូវការនូវការអប់រំឲ្យបានត្រឹ​មត្រូវ ទទួលបាននូវការផ្តល់ព័ត៌មានបានល្អ និងជាងណាៗទាំងអស់យល់ពីកាតព្វកិច្ចនៃការចូលរួមក្នុងនយោបាយ។ មានគណបក្សនយោបាយជាច្រើនក្នុងការប្រកួតប្រជែង ហើយការដាក់ក្តីសង្ឃឹមទាំងស្រុងទៅលើគណបក្សប្រឆាំងតែ១ទំនងជាមិនត្រឹមត្រូវទាំងស្រុងទេ។ ទោះ​ជាមានសមិទ្ធិផលយ៉ាងណាក៏ដោយ មានការងារជាច្រើនទៀតដែលត្រូវធ្វើ ហើយកម្ពុជាបន្តត្រូវការទាំងការគាំទ្រ និងទាំងកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ ឈរលើមូលដ្ឋាននៃផលប្រយោជន៍ទាំងសងខាង និងការគោរពអធិបតេយ្យភាពទៅវិញទៅមក និងសិទ្ធិក្នុ​ងការកំណត់ជោគវាសនារបស់ខ្លួនដោយខ្លួនឯងផ្ទាល់។

ដោយ៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា

ទស្សនៈមិត្តអ្នកអាន៖​ ខ្មោចងាប់ហើយ​គ្មាននរណា​ទៅ​​តាម​ទេ!

ពីអ្នកស្នេហាជាតិ​ក្លាយទៅជាពួកក្បត់ជាតិ ​ពួកលក់ខ្លួន​លក់ក្បាល​ ពួកអាយ៉ង​ ពួកសំរាម ។ល។​ គឺជាពាក្យពេញ​និយមបំផុតរបស់ក្រុមប្រឆាំង​ផ្កាប់​មុខ ​​ប្រើស​ម្រាប់​លាប​ពណ៌​ទៅ​លើ​មនុស្ស​ដែល​អស់​ជំនឿលើការដឹកនាំរបស់ខ្លួន ហើយ​នាំគ្នាចាកចេញពីខ្មោចបក្សប្រឆាំង ដែល​រលាយ​ក្លាយ​ជាខ្យល់​លែងមាន​រូបរាង​ហើយនោះ។
អតីតសកម្មជន ​និងមន្ត្រីជាន់ខ្ពស់ខ្មោចបក្សប្រឆាំងមួយ​ចំនួនធំ ដែលអស់ជំនឿ​បានដើរ​ចេញ​ពី​ខ្មោចបក្សនេះ ទៅបង្កើតបក្សថ្មី ​ឬក៏ចូលរួមក្នុងជីវភាពនយោបាយ​ជាមួយបក្ស​ផ្សេង​ពិតជា​បទ​ពិសោធន៍ឈឺចុក​ចាប់​ដោយសារតែការជេរតិះដៀល ​ពីសំណាក់​អតីតសហការីរបស់​ខ្លួន​ក្នុង​បក្សតែមួយ។
ជាក់ស្តែង ​លោក ​គង់​ គាំ​ មនុស្ស​ជំនិត​របស់ ​សម ​រង្ស៊ី​ និង​ជាអតីត​​ទីប្រឹក្សាជាន់ខ្ពស់​ខ្មោច​បក្ស​ប្រឆាំង​ បានដើរចេញពីបក្សប្រឆាំងទៅបង្កើតគណបក្សឆន្ទៈខ្មែរ ​លោក​ ​រៀល​ ខេមរិន្ទ្រ​ ទៅ​បង្កើត​គណបក្សខ្មែរអភិរក្សនិ​យម​ និងក្រុម​អតីតមន្ត្រីជាន់​ខ្ពស់មួយ​ចំនួន​ទៀត​របស់​ខ្មោច​បក្ស​ប្រឆាំង​ ដឹកនាំដោយលោក​ ជីវ​ កត្តា ​និង​លោក ​កង ​គឹមហាក់ ​បាននាំគ្នាចាកចេញ​ ហើយ​គ្រោង​នឹង​បង្កើតគណបក្ស​ថ្មីមួយ​ត្រូវ​បានក្រុម​ប្រឆាំង​ផ្កាប់​មុខលាបពណ៌ ​និង​​​ចោទ​​ថា​ ជាជន​ក្បត់ ​ឬ​ជា​​​ជន​​ឆ្លៀត​ឱកាស​ដើម្បី​ផល​​ប្រយោជន៍​​ផ្ទាល់​ខ្លួន​។​ ការលាបពណ៌​អ្នកឈប់ជឿ​ឧបាយ​កល​បោកប្រាស់របស់ពួកជ្រុលនិយម​ គឺជាការបំបិទសិទ្ធិសេរីភាពនៅក្នុងការធ្វើនយោបាយ​របស់​ពលរដ្ឋ​ទូទៅ ​ដែល​​មាន​សិទ្ធិ​គ្រប់​គ្រាន់​​ក្នុងការ​ធ្វើ​នយោ​បាយ។ ​ម្យ៉ាង​ទៀត ​ការ​បង្កើត​គណបក្ស​ថ្មី​​ក៏ដោយ​សារ​តែ​គេ​មានហេតុផល​ផ្សេងផ្ទុយ​ពីក្រុមជ្រុលនិយមនេះ​។
ករណីចុងក្រោយ​នេះ ​​ក្រុម​អតីត​តំណាងរាស្ត្រ​ និង​អតីត​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​ខ្មោច​បក្ស​ប្រឆាំង​​រួម​មាន​​លោក​ កង​ គឹមហាក់ ​លោក ​ជីវ​ កត្តា ​​អតីត​តំណាងរាស្ត្រ​ និង​​លោក ​​ស៊ឹម​សុវណ្ណនី ​​អតីត​សមាជិក​គណៈកម្មាធិការ​​នាយក​​​​ បាន​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​ក្រុមខ្មោច​បក្ស​ប្រឆាំ​ង ​និង​ត្រៀម​រៀប​ចំ​បង្កើត​បក្ស​ថ្មីមួយ​​​ដែលអាចជា​បក្ស​​បន្ត​វេន​​ពី​ខ្មោចបក្ស​ប្រឆាំង​មុនៗ។​ការ​គ្រោង​បង្កើត​បក្ស​ថ្មីនេះ​ដោយសារ​​​មើលឃើញ​ស្ថានភាព​ន​យោបាយ​​នាពេល​បច្ចុប្បន្ន ​មាន​ការ​ធ្លាក់ចុះ​​សំឡេង​ដែលមាន​និន្នាការ​ប្រឆាំ​ងនឹង​បក្ស​កាន់អំណាច ​និង​ការបែក​បាក់​យ៉ាងខ្លាំង​រវាង​ក្រុមដែលតាំងខ្លួនឯងថា ជា​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេ​យ្យនោះ។​
​​ជាមួយគ្នានេះ ​ក្រុម​អតីត​តំណាងរាស្ត្រខ្មោច​បក្ស​ប្រឆាំង ដឹកនាំ​ដោយ​លោក ​ជីវ ​កត្តា​ និង​លោក ​កង ​គឹមហាក់​​​ ក៏បាន​​អំពាវនាវ​ឱ្យ​អ្នកស្នេហាជាតិ​ទាំងអស់​ ចូលមក​រួបរួម​កម្លាំង​គ្នាក្នុង​បុព្វហេតុ​នៃ​ការបង្កើត​បក្ស​ថ្មី​នេះ​ ឲ្យ​ក្លាយ​ជា​បក្សប្រឆាំង​ដែល​រឹងមាំ​ដើម្បី​ការពារ​​ និង​បម្រើ​នូវ​ផល​ប្រយោជន៍​ជាតិ​​ និង​ផលប្រយោជន៍​ពិតប្រាកដ​​របស់​អ្នក​ដែល​គាំទ្រ​កន្លងមក​។ ​បក្ស​ប្រឆាំង​​ថ្មី​នេះ ​ជា​យន្តការ​ន​យោបាយ​មួយ​សម្រាប់​ចរចា​ជាមួយ​បក្សកាន់អំណាច ​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឱ្យលោក ​កឹម​ សុខា​ ការពារ​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ​-​កម្មការិនី​​រាប់​លាន​​នាក់ ​និង​ដោះស្រាយ​បញ្ហា​ធំៗ​ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ​ទាំង​មូល​។
​ហេតុអ្វីបានជាគេទៅបង្កើតបក្សថ្មី? ​ពីព្រោះតែពួក​គេឆ្អែត​ឆ្អន់​អស់​ជំនឿ​និង​យល់​ថា​ខ្មោច​បក្ស​ប្រឆាំង ​​គឺ​ជាអតីតបក្ស​ដែល​ពោរពេញ​ដោយ​ការភូតកុហក​ប្រជាភិថុតិ ​និង​ធ្វើ​នយោបាយ​បោក​ប្រាស់​រាស្ត្រ ដែលគេ​មិនអាច​បន្តរស់​នៅជាមួយបក្សដែលរលាយបាន​តទៅទៀត ​ទើបជ្រើស​រើសផ្លូវដើររៀងខ្លួន។​​
ពួកគេបញ្ជាក់​ថា​ អតីត​​បក្ស​សង្គ្រោះ​ជាតិ​​បានស្លាប់​​​ក្លាយ​ជាខ្មោចបាត់​ទៅ​ហើយ​​ មិន​អាច​រស់​ឡើងវិញបានឡើយ។ ខ្មោច​ងាប់​ហើយ​គ្មាន​​នរ​ណា​ទៅ​តាម​ទេ!​ ដូច្នេះ​ ជម្រើស​ដ៏ល្អក្នុង​ការធ្វើ​នយោ​បាយឡើងវិញបាន​ គឺមានតែបង្កើតបក្សថ្មី។ ​ហើយអ្នកដែល​ប្រឆាំង​នឹង​ការបង្កើតបក្សថ្មី​ បាន​បង្ហាញឲ្យឃើញពីភាពផ្តាច់​ការ​​ព្រោះឲ្យតែអ្នកណាមិនគាំទ្រខ្លួន​ ​ចោទ​គេក្បត់​លក់​ក្បាល​ជាដើម​។ ​តាមពិត ពួកអ្នក​ចោទគេហ្នឹង ​គឺជាអ្នកដែលងប់ងល់ ​ហើយ​លក់ក្បាលដាច់ថ្លៃ បម្រើ​ឲ្យមេឧទ្ទាម ​សម ​រង្ស៊ី ​ដែល​បាន​ក្លាយ​ជា​ជន​ចោល​ម្សៀត​​បាត់​ទៅហើយនោះ៕

ដោយ៖​ សុខ ​សុវណ្ណ



វេទិការពិគ្រោះយោបលរវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តតាកែវ លើកទី២

តាកែវ៖ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក លី សាវេត អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល (លើកទី២) ដែលកម្មវិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកនាយករដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត កងកម្លាំងទាំង៣ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រីអភិបាលរង ក្រុង ស្រុក ទាំង១០ លោក លោកស្រីមន្ត្រីរាជការសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរអង្គភាព ពាក់ព័ន្ធនានា លោក លោកស្រីតំណាងអង្គការ សមាគម និងសសយកខេត្ត សរុបអ្នកចូលរួមចំនួន ១៥០នាក់ កម្មវិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។
មានប្រសាសន៍ឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសហគមន៍នានានៅក្នុងមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព ស្របតាមច្បាប់ជាធរមានដោយគ្មានការហាមឃាត់ ឬរារាំងហើយមិនតម្រូវឲ្យជូនដំណឹងជាមុនក្នុងរយៈពេលយ៉ាងតិច ៣ថ្ងៃ ទៅអាជ្ញាធរមូលដ្ឋានឡើយ។ រដ្ឋបាលខេត្តតាកែវ ក៏បានដាក់វិធានការ ឲ្យធ្វើការត្រួតពិនិត្យតាមដាន និងការអនុវត្តគោលការណ៍ខាងលើនេះ ពីគ្រប់អាជ្ញាធរមូលដ្ឋានរហូតមកដល់ខែធ្នូឆ្នាំ២០១៩ កន្លងទៅនេះរដ្ឋបាលខេត្តមិនបានទទួលរបាយការណ៍ ឬព័ត៌មានណាមួយពាក់ព័ន្ធនឹងការរារាំងសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាននោះឡើយ។
ដើម្បីបង្ហាញនូវឆន្ទៈពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងបង្ហោះនយោបាយនៅកម្ពុជារដ្ឋបាលខេត្តបានផ្ដោតលើចំណុចសំខាន់ៗចំនួន ៤ដូចខាងក្រោម៖
១. ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋបន្ថែមទៀតជាពិសេសការអនុញ្ញាតឱ្យបុគ្គល ដែលជាប់បម្រាមធ្វើសកម្មភាពនយោបាយ អាចចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញបានឮ
២. ការលើកកម្ពស់ភាពជាដៃគូពិតប្រាកដជាមួយអង្គការសង្គមស៊ីវិល
៣. វិធានការដោះស្រាយពាក់ព័ន្ធសិទ្ធិការងារនិងសហជីព
ទី៤. ការលើកកម្ពស់ដំកើនសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នានាជាធរមាន។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការស្នើសុំលោក លោកស្រី ជាតំណាងដៃគូអភិវឌ្ឍន៍សមាគម និងអង្គការសង្គមស៊ីវិល បន្តគាំទ្រនឹងចូលរួមជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរដែនដីក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពរីកចម្រើននិងរុងរឿងដូចបណ្ដាប្រទេសនានាលើសកលលោក ៕







ក្រសួងដែនដី ត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការឱ្យចូលបម្រើការងារនៅថ្ងៃទី២៨ ខែធ្នូ ខាងមុខ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការទូទៅដែលមានសញ្ញាបត្រ ចាប់ពីបរិញ្ញាបត្រឡើងទៅឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការទូទៅឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ប្រភេទក្របខណ្ឌ ចំនួន ៤៤កន្លែង។ តាមសេចក្តីជូនដំណឹង ក្រសួងរៀបចំដែនដី នឹងរៀបចំការប្រឡងនេះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សូមអានខ្លឹមសារលម្អិតនៅក្នុងសេចក្តីជូនដំណឹងខាងក្រោម៖



លោក គួច ចំរើន ជួបសំណេះសំណាលជាមួយគ្រូបង្រៀនដែលបានស្មគ្រ័ចិត្តពង្រាយតាមសាលាដែលខ្វះគ្រូបង្រៀននៅក្នុងព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ដែលបានស្មគ្រ័ចិត្តពង្រាយតាមសាលាដែលខ្វះគ្រូក្នុងក្រុងព្រះសីហនុ នៅសាលាវិទ្យាល័យក្រុងព្រះសីហនុ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរមន្ទីរអប់រំ ដែលបានរៀបចំគោលនយោបាយពង្រាយគ្រូបង្រៀនក្នុងឆ្នាំសិក្សា២០១៩-២០២០ ពីសាលានៅទីប្រជុំជន ទៅបង្រៀននៅក្រៅទីប្រជុំជន ពីសាលាដែលមានគ្រូបង្រៀនច្រើន ទៅសាលាដែលខ្វះគ្រូបង្រៀន គោលនយោបាយនេះ យើងត្រូវធ្វើការផ្សព្វផ្សាយបន្តដល់លោកគ្រូ-អ្នកគ្រូ ដែលមានទេពកោសល្យ ដើម្បីទៅបង្រៀននៅតាមសាលាដែលខ្វះខាតគ្រូ នៅតាមជនបទក្នុងក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំងខេត្តព្រះសីហនុ ដែលពួកគាត់បានស្មគ្រចិត្តទៅកាន់សាលានានាទូទាំងខេត្ត ដែលត្រូវការគ្រូចាំបាច់សម្រាប់បង្រៀនកូនចៅរបស់យើង ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ត្រូវជ្រើសរើសគរុសិស្សដែលបញ្ចប់ការសិក្សាចេញទៅបង្រៀនតាមសាលាក្នុងខេត្តព្រះសីហនុ ដែលសិក្សាបាននិទ្ទេសល្អ ត្រូវផ្តល់អាទិភាព ជ្រើសរើសប៉ុស្តិ៍បង្រៀននៅតាមក្រុង ស្រុក ឃុំសង្កាត់ ចៀសវាងការពង្រាយគ្រូមកកាន់សាលាដែលមានគ្រូច្រើនលើសតម្រូវការ ព្រមទាំងបានថ្លែងអំណរគុណលោកគ្រូ-អ្នកគ្រូ ដែលបានស្មគ្រ័ចិត្តចំនួន ១៧នាក់ ទៅកាន់សាលាដែលខ្វះគ្រូ ។

ក្នុងឱកាសនោះលោក គួច ចំរើន ក៍បានផ្តល់ថវិកាលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ ចំនួន ១៧នាក់ ដែលបានស្មគ្រ័ចិត្តទៅបង្រៀននៅសាលាដែលខ្វះគ្រូ ក្នុងម្នាក់ទទួលបានថវិកា ១លានរៀលផងដែរ ៕




លោក កេង ប៊ុណ្ណា ផ្តាំផ្ញើលោកអភិបាលរងស្រុកត្បូងឃ្មុំ ទើបតែងតាំងថ្មី ត្រូវខិតខំសហការ និងសាមគ្គីផ្ទៃក្នុងឲ្យបានល្អ

ត្បូងឃ្មុំ៖ អភិបាលរងខេត្តត្បូងឃ្មុំ លោក កេង ប៊ុណ្ណា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ អញ្ជើញប្រកាស លោក ហេង សុធី ឲ្យចូលកាន់តំណែងអភិបាលរងស្រុកត្បូងឃ្មុំថ្មី ដោយមានការចូលរួមពីលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ និងអភិបាលរងស្រុក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាព ព្រមទាំងមន្ត្រីរាជការជុំវិញស្រុក។
លោក កេង ប៊ុណ្ណា បានលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី បានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។
ជាមួយគ្នានោះ លោក កេង ប៊ុណ្ណា ក៏បានធ្វើការណែនាំឱ្យលោកអភិបាលរងស្រុកថ្មី ត្រូវស្តាប់ការណែនាំពីលោកអភិបាលស្រុក សហការគ្នាសាមគ្គីគ្នា ដើម្បីដឹកនាំការងារ ក្នុងស្រុកឱ្យទទួលបានជោគជ័យ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-ឃុំសុវត្ថិភាព បញ្ឈប់ឱ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធិភាព។
លោក សេង សុធី អភិបាលរងស្រុកទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាអនុវត្តន៍ ចំនួន៥ចំណុច ក្នុងនោះរួមមាន៖
ទី១៖ អនុវត្តឱ្យបានជាដាច់ខាតនូវរាល់គោលនយោបាយ ច្បាប់ សារាចរណែនាំ លិខិតបទដ្ឋាននានានៃរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងអនុសាសន៍ណែនាំនានារបស់ថ្នាក់ដឹកនាំ,
ទី២៖ រក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាល និងមន្ត្រីក្រោមឱវាទឱ្យបានល្អប្រសើរ បង្កើនទំនាក់ទំនងឱ្យបានស្អិតរមួតជួយយកអាសារគ្នាទៅវិញទៅមកជាមហាគ្រួសាររដ្ឋបាលស្រុកដ៏កក់ក្តៅ ,
ទី៣៖ សហការបំពេញការងារ ឱ្យបានល្អប្រសើរជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ការិយាល័យ អង្គភាពជំនាញជុំវិញស្រុក,
ទី៤៖ យកចិត្តទុកដាក់អស់ ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារស្មោះត្រង់បម្រើជាតិមាតុភូមិ ដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិជាធំ

ទី៥៖ គោរពនូវអភិក្រមរបស់រាជរដ្ឋាភិបាល និងខិតខំអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕




ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី ចុះសួរសុខទុក្ខសមាជិកក្រមការងារស្រុកជលគីរី កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាជូនលោក កែវ វង្សតារា ប្រធានការិយាល័យ ដ.ន.ស.ភ ស្រុកជលគីរី ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក លី សុភា ប្រធានមន្ទីរ ក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារសូមជួយថែរក្សាអ្នកជំងឺ ព្រមទាំងសូមជូនពរលោក កែវ វង្សតារា ឆាប់ជាសះស្បើយដូចដើមវិញដើម្បីបានមកបំពេញការងារជូនជាតិមាតុភូមិឡើងវិញ។

ក្នុងពេលនោះផងដែរ លោក កែវ វង្សតារា បានបង្ហាញសេចក្ដីសមនស្សរីករាយយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងមន្ទីរដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីដែលមានជម្ងឺ និងបានគោរពជូនពរ លោកប្រធាន និងសហការីទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



លោក ហេង សំរិន ថ្លែងអំណរគុណប្រទេសស៊ុយអ៊ែតជួយអភិវឌ្ឍន៍ SME និងបានជំរុញឲ្យកម្ពុជា-ស៊ុយអ៊ែតពង្រឹងវិស័យពាណិជ្ជកម្មបន្ថែមទៀត

ក្នុងឱកាសអនុញ្ញាតឲ្យលោក ប៊ីចូន ហេកម៉ាគ ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម លោក ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តនិងគំាទ្រចំពោះលទ្ធផលជាផ្លែផ្កាដែល រាជរដ្ឋាភិបាលប្រទេសកម្ពុជា និងស៊ុយអ៊ែត រួមសហការគ្នានាពេលកន្លងមក។ ប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេសស៊ុយអ៊ែត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ ស៊ីដា (SIDA) បានចូលរួមជួយអភិវឌ្ឍវិន៍ស័យសហគ្រាសខ្នាតតូច និងមធ្យម (SME)ដល់កម្ពុជា។
ក្នុងជំនួបនាព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា លោក ហេង សំរិន បានមានប្រសាសន៍បន្តថា ក្នុងអាណត្តិនៃបេសកកម្មការទូតរបស់លោក ប៊ីចូន ហេកម៉ាគ លោក ហេង សំរិន មានសេចក្តីសង្ឃឹមថា ស៊ុយអ៊ែតនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយកម្ពុជាជាពសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ ជាដើម។
ជាមួយគ្នានេះ ប្រធានរដ្ឋសភា បានស្នើរដ្ឋាភិបាល ស៊ុយ អ៊ែត បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅស៊ុយ អ៊ែត។ លោក ហេង សំរិន បានគូសបញ្ជាក់ថា កម្ពុជាត្រូវការធនធានមនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
លោក ប៊ីចូន ហេកម៉ាគ បានគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់ប្រធានរដ្ឋសភានិងបានគូសបញ្ជាក់ពីជំនួយនានាដែលប្រទេសស៊ុយអ៊ែតបានជួយមកដល់កម្ពុជានាពេលកន្លងមក មានដូចជាគំាទ្រដល់ដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សកម្មភាពមនុស្សធម៌ វិស័យអប់រំ វិស័យកសិកម្ម ជាដើម។ លោកឯកអគ្គរាជទូត បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍដ៍រឹងមាំរបស់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ។ប្រទេសស៊ុយអ៊ែតសន្យាបន្តគំាទ្រដល់កម្ពុជា។ លោកបានមានប្រសាសន៍ថាកម្ពុជានិងស៊ុអ៊ែតជាដៃក្នុងការដោះស្រាយញ្ហារួមមួយចំនួន ដែលមានដូចជាការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនាមរដ្ឋសភា លោក ហេង សំរិន បានសម្តែង ក្តីរីករាយនិងស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោក ប៊ីចូន ហេកម៉ាគ។ រដ្ឋសភាកម្ពុជា គាំទ្រ និងសន្យាធ្វើកិច្ចសហការឲ្យបានពេញលេញដើម្បីឲ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យ៕



លំហាត់សមយុទ្ធសង្គ្រោះទ្រង់ទ្រាយធំលើកទី ៦ នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ

សៀមរាប៖ នៅវេលាម៉ោងប្រមាណ៩ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ Full Scale Airport_Emergency Exercise ដែលមានឈ្មោះ REPEX-19 នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ លំហាត់សមយុទ្ធនេះធ្វើឡើង ក្នុង​គោល​បំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ននានាដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវ​ហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះជាយថាហេតុណាមួយ។ នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានធ្វើការដុតកង់ឡានចាស់ៗ បង្កើតជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ ដោយមានការចល័តរថយន្តពន្លត់អគ្គិភ័យ ការដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនានា ក្នុងក្រុងសៀមរាប ដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា លំហាត់សមយុទ្ធនេះ ជាការដាស់ស្មារតី និង ការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវជាតិ និង អន្ដរជាតិ ដែលធ្វើដំណើរតាមយន្ដហោះ ហើយការធ្វើសមយុទ្ធនេះ ត្រូវធ្វើឲ្យបានតាមប្រតិទិនតាមគ្រោងទុក។ លោកក៏បានគូសបញ្ជាក់ថា លំហាត់សមយុទ្ធនេះ គឺបង្កើននូវស្មារតីយកចិត្តខ្ពស់របស់កងកម្លាំងនៅពេលដែលឧបទ្ទវហេតុគ្រោះថ្នាក់អ្វីកើតឡើងជាយថាហេតុ និងបានផ្តល់នូវបទពិសោធន៍ ចំណេះដឹងអំពីនិតិវិធីក្នុងការជួយសង្រ្គោះជនរងគ្រោះ រួមទាំងក្រុមគ្រូពេទ្យផងដែរ។
ក្នុងនោះ លោកក៏បានធ្វើការថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានចូលរួម ព្រមទាំងក្រុមហ៊ុនអាកាសចរ និងប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលបានរៀបចំធ្វើលំហាត់​សម​យុទ្ធនេះឡើង។ កត្តាទាំងនេះក៏បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរខេត្ត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ដូចជាក្រុមហ៊ុនអាកាសចរ ក្នុងការពង្រឹងលើផ្នែកសន្តិសុខ សុវត្ថិភាពក្នុងដែនសមត្ថកិច្ចផងដែរ។
តាមសេចក្តីរាយការណ៍របស់គណៈកម្មការរៀបចំ បានឲ្យដឹងថា យន្តហោះរងគ្រោះនេះ មានអ្នកដំណើរជិះលើយន្តហោះចំនួន ៧៤នាក់ ត្រូវបានទទួលរងគ្រោះថ្នាក់ទាំងអស់ និងហើយអ្នកដែលទៅជួយសង្គ្រោះម្នាក់ក៏ត្រូវបានរងរបួសផងដែរ។ ក្នុងនោះ របួសអាទិភាពទី១ ចំនួន ១៤នាក់ អាទិភាព​ទី២ ចំនួន ១៦នាក់ អាទិភាពទី៣ ចំនួន ៣៧នាក់ និងស្លាប់ចំនួន ២១នាក់។ ក្នុងចំណាត់ការនោះ អ្នករងរបួសត្រូវបានក្រុមការងារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជនក្នុងខេត្ត និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញចំនួន ៣នាក់ផងដែរ។
សូមជម្រាបជូនថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ បានរៀបចំឡើងក្នុងរយៈពេល ២ឆ្នាំម្ដង ដោយ​អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប ដែលមានស្ថាប័នពាក់ព័ន្ធជិត ៣០០នាក់បានចូលរួម រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថខេត្ត យោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករងសៀមរាប ក្រុមកំចាត់មីនស៊ីម៉ាក់ ក្រុមគ្រូពេទ្យរដ្ឋ និងឯកជន ដោយប្រើប្រាស់រថយន្តបង្កា ពន្លត់អគ្គិភ័យអាកាសយានដ្ឋាន ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ព្រមទាំងរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យខេត្ត កងរាជអាវុធហត្ថ មន្ទីរពេទ្យយោធភូមិភាគទី៤ តំបន់​ប្រតិបត្តិការសឹកសៀមរាប និង រថយន្តសង្រ្គោះពេទ្យឯកជនផងដែរ។ កត្តាទាំងនេះជាការ​យក​ចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ី​វិល​កម្ពុជា និងអាជ្ញាធរខេត្តសៀមរាប សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ទាន់​ពេលវេលា។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី ៦ហើយ ក្នុងការរៀបចំនូវ លំហាត់សមយុទ្ធ ក្នុងការសង្រ្គោះដល់ជនរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ គឺដើមី្បធ្វើការពង្រឹងនូវ ស្មារតីដល់​កង​កម្លាំងសង្រ្គោះ ទាំងចំណេះដឹង បច្ចេកទេសក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ។ ម៉្យាងទៀត​ក៏បង្ហាញ ពីកិច្ចសហការបានល្អរបស់អាជ្ញាធរខេត្ត ក្នុងការបញ្ជាដឹកនាំកងកម្លាំង ជាមួយមន្ត្រីអាកាស​យានដ្ឋានអន្តរជាតិសៀមរាប បានកិច្ចដំណើរការទៅប្រកបដោយជោគជ័យ ព្រមទាំងទទួលបាននូវបទពិសោធន៍ល្អៗ សម្រាប់យកទៅអនុវត្តក្នុងការ ជួយសង្រ្គោះនៅពេលមានកើតឡើង នូវឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗកើតឡើងទៀតផង។ លោកក៏បានធ្វើការវាយតម្លៃខ្ពស់អំពីលទ្ធផលនៃការអនុវត្ត ក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្ត​ហោះ​នេះ​ផងដែរ។

លំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport Emergency Exercise) ដែលមានឈ្មោះ (REPEX-19 ) នេះ ក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់នូវបទពិសោធន៍ ដល់អង្គភាពស្ថាប័នដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ក្នុងការ​ជួយ​សង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ។ សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រតិបត្តិការក្នុងការសង្រ្គោះ​ដល់ជនរងគ្រោះដោយឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ ដោយមានវត្តមានចូលរួមរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអស់លោក លោកស្រីជាមេបញ្ជាការកងទ័ពអាកាស អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ មេបញ្ជា​ការរងយោធភូមិភាគទី៤ គណៈអភិបាលខេត្ត តំបន់ប្រតិបត្តិការសឹករងសៀមរាប កងរាជអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត និង នាយករដ្ឋបាលសាលាខេត្ត ប្រធានអាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប ក្រុមហ៊ុនអាកាសចរ រួមទាំងក្រុមគ្រូពេទ្យ ក្រុមកំចាត់មីនស៊ីម៉ា និង​កង​កម្លាំងជួយសង្គ្រោះជាច្រើនផងដែរ៕






ពិធីចែកអំណោយមនុស្សធម៌ដល់សិស្សានុសិស្ស និងជនចាស់ជរាជួបទុក្ខលំបាកក្នុងភូមិពោធិ៍

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកស្រី ឈឹម ស្រីមុំ ឈួរច័ន្ទឌឿន ភរិយាអភិបាលខេត្ត និងមានការនិមន្តចូលរួមពីព្រះមង្គលា​នុរ័ក្ខ អំសៃ ព្រះរាជាថ្នាក់កិត្តិយសជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ សរ បញ្ញាឬទ្ធិ លោកស្រី ឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត សប្បុរសជនមកពីរាជធានីភ្នំពេញ អាជ្ញាធរ មេឃុំ មេភូមិ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជូនដល់ចាស់ជរា ជួបការលំបាក ចំនួន១០គ្រួសារ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អំណោយចែកជូនចាស់ជរាក្នុងឱកាសនោះ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី ១កេះ ទឹកស៊ីអីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ សម្លៀកបំពាក់ ១សម្រាប់ ព្រមទាំងថវិកាចំនួន ៧៥.០០០រៀល។

បន្ទាប់មកលោកស្រី និងក្រុមការងារ បានជួបសំណេះសំណាលជាមួយអ្នកគ្រូ និងសិស្សានុសិសិ្សចំនួន ៥០នាក់ នៅក្លិបកុមារស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សិស្សានុសិស្សក្រីក្រចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ខ្មៅដៃ ប៊ិច នំ និងថវិកា ៥ពាន់រៀលផងដែរ។ នៅក្នុងឱកាសនោះ លោកស្រី ព្រមទាំងក្រុមការងារ និងសប្បុរសជន បានចែកជូនដល់អ្នកគ្រូ ១៨​ម៉ឺនរៀល អាជ្ញាធរដែនដីថវិកាចំនួន ១៥ម៉ឺនរៀល៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពបន្តអនុគ្រោះពន្ធលើវិស័យអប់រំដើម្បីពង្រីកវិសាលភាពគរុកោល្យឱ្យកាន់តែមានប្រសិទ្ធភាព

នៅរសៀលទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតិអោយសមាគមគ្រឹះស្ថានឧត្តមសិក្សាដែលដឹកនាំដោយលោក ហេង វ៉ាន់ដា ជួបពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា បានគោរពរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីវឌ្ឍនភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជារយៈពេលមួយឆ្នាំកន្លងមក។ ហើយឆ្លៀតក្នុងឱកាសនោះ លោកក៏បានគោរពស្នើសុំការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីលោកនាយករដ្ឋមន្រ្តី និងសុំនូវសេចក្តីសម្រេចលើបញ្ហា៣ដែលក្នុងនោះរួមមាន៖
ទី១- គឺសុំបន្តការអនុគ្រោះលើបញ្ហាពន្ធដូចដែលបានអនុវត្តកន្លងមក គឺសូមអនុគ្រោះពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ដូចដែលបានធ្វើកន្លងមក។
ទី២- គឺការវាយតម្លៃគុណភាពគ្រឹះស្ថានឧត្តមសិក្សា និង
ទី៣- គឺការពង្រីកវិសាលភាពគរុកោសល្យ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពលើបញ្ហាអនុគ្រោះពន្ធ គឺបន្តអនុគ្រោះពន្ធឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣។ ទាក់ទងទៅនឹងការពង្រីកវិសាលភាពបណ្ដុះបណ្ដាលគរុកោសល្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ករណីនេះត្រូវធ្វើតាមវិទ្យាស្ថានជាតិអប់រំបណ្ដុះបណ្ដាលគរុកោសល្យដែលមានស្រាប់។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស ដោយបានចាត់ទុកថា មនុស្ស គឺជាគោលនយោបាយអាទិភាពនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នេះ៕






៦ ចំណុច សំខាន់ៗ ដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវប្រកាន់ភ្ជាប់ជាមួយអាជ្ញាធរមូលដ្ឋានក្នុងកិច្ចពង្រឹងការសហប្រតិបត្តិការល្អ

ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល (លើកទី២) ក្រោមប្រធានបទ “ពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ ដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀង”។ ក្នុងវេទិកានេះមានការចូលរួមពី ព្រះសង្ឃ លោក ចិន សាធាន នាយករដ្ឋបាលសា​លា​ខេត្ត លោក លៀង រិទ្ធី ចៅក្រមសាលាដំបូងខេត្ត លោក សួស យុត្ថារី ព្រឹទ្ធបុរស​មហា​វិទ្យា​ល័យ​សង្គមសាស្រ្ត សាកលវិទ្យាល័យស្វាយរៀង តំណាងសាកលវិទ្យាធិការ កងកម្លាំងទាំង៣ លោក​នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រីអភិបាលរង ក្រុង/ស្រុកទាំង៨ លោក លោកស្រីមន្ត្រីរាជការសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរអង្គភាព ពាក់ព័ន្ធនានា លោក លោកស្រីតំណាងអង្គការ សហជីប សមាគម ស.ស.យ.ក និងសមាគមន៍អមត សរុបអ្នកចូលរួមចំនួន ១៦០អង្គ/នាក់។

នាឱកាសនោះ លោកអភិបាលរងបានមានប្រសាសន៍ ៦ចំណុច ដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវប្រកាន់ភ្ជាប់ជាមួយអាជ្ញាធរមូលដ្ឋាន មានដូចខាងក្រោម៖
១. សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀង ក្នុងការលើកកម្ពស់លិទ្ឋិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពរីកចម្រើន និងរុងរឿង ជាពិសេសសូមបន្តចូលរួម និងគាំទ្រគម្រោងផែនការអភិវឌ្ឍ ៥ឆ្នាំ និងគម្រោងវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់។
២. សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សារណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និង លក្ខន្តិកៈ របស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងអនុស្សារណៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
៣. អង្គការ សមាគម មួយចំនួនសូមកុំព្យាយាមប្រើរូបភាពអូសទាញចលនាមហាជន ក្នុងការចលនាទាមទារសិទ្ធិសេរីភាព ការងារលើវិស័យដីធ្លីជាដើម។
៤.សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តស្វាយរៀង សូមជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលខេត្ត អំពីការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតំណែងប្រធាន ឬតំណែងនាយកប្រតិបត្តិ តំណាង ឬតំណាងប្រចាំប្រទេស ឬផ្អាកការធ្វើសកម្មភាពមករដ្ឋបាលខេត្ត និងសូមធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្ត ក្រោយបញ្ចប់សកម្មភាពរបស់ខ្លួន ឬរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស និងឆ្នាំមករដ្ឋបាខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើការពិនិត្យតាមដានអំពីសកម្មភាព និងលទ្ធផលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានា នឹងមានមូលដ្ឋានក្នុងការធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ ។
៥. សូមអង្គការ សមាគម ទាំងអស់ធ្វើកិច្ចសហការ មានភាពស្មោះត្រង់ក្នុងភាពជាដៃគូក្នុងការពង្រឹងសាមគ្គីភាពឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
៦. អង្គការ សមាគម ដែលធ្វើសកម្មភាពនៅតាមទីសាធារណៈ ដាច់ខាតត្រូវជូនដំណឹងមករដ្ឋបាលខេត្តជៀសវាងមានភាពមិនប្រក្រតីកើតឡើងណាមួយប្រឈម និងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី៕