Thursday, December 19, 2019

លោក ហេង សំរិន ថ្លែងអំណរគុណប្រទេសស៊ុយអ៊ែតជួយអភិវឌ្ឍន៍ SME និងបានជំរុញឲ្យកម្ពុជា-ស៊ុយអ៊ែតពង្រឹងវិស័យពាណិជ្ជកម្មបន្ថែមទៀត

ក្នុងឱកាសអនុញ្ញាតឲ្យលោក ប៊ីចូន ហេកម៉ាគ ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម លោក ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តនិងគំាទ្រចំពោះលទ្ធផលជាផ្លែផ្កាដែល រាជរដ្ឋាភិបាលប្រទេសកម្ពុជា និងស៊ុយអ៊ែត រួមសហការគ្នានាពេលកន្លងមក។ ប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេសស៊ុយអ៊ែត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ ស៊ីដា (SIDA) បានចូលរួមជួយអភិវឌ្ឍវិន៍ស័យសហគ្រាសខ្នាតតូច និងមធ្យម (SME)ដល់កម្ពុជា។
ក្នុងជំនួបនាព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា លោក ហេង សំរិន បានមានប្រសាសន៍បន្តថា ក្នុងអាណត្តិនៃបេសកកម្មការទូតរបស់លោក ប៊ីចូន ហេកម៉ាគ លោក ហេង សំរិន មានសេចក្តីសង្ឃឹមថា ស៊ុយអ៊ែតនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយកម្ពុជាជាពសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ ជាដើម។
ជាមួយគ្នានេះ ប្រធានរដ្ឋសភា បានស្នើរដ្ឋាភិបាល ស៊ុយ អ៊ែត បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅស៊ុយ អ៊ែត។ លោក ហេង សំរិន បានគូសបញ្ជាក់ថា កម្ពុជាត្រូវការធនធានមនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
លោក ប៊ីចូន ហេកម៉ាគ បានគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់ប្រធានរដ្ឋសភានិងបានគូសបញ្ជាក់ពីជំនួយនានាដែលប្រទេសស៊ុយអ៊ែតបានជួយមកដល់កម្ពុជានាពេលកន្លងមក មានដូចជាគំាទ្រដល់ដំណើរការតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សកម្មភាពមនុស្សធម៌ វិស័យអប់រំ វិស័យកសិកម្ម ជាដើម។ លោកឯកអគ្គរាជទូត បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍដ៍រឹងមាំរបស់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ។ប្រទេសស៊ុយអ៊ែតសន្យាបន្តគំាទ្រដល់កម្ពុជា។ លោកបានមានប្រសាសន៍ថាកម្ពុជានិងស៊ុអ៊ែតជាដៃក្នុងការដោះស្រាយញ្ហារួមមួយចំនួន ដែលមានដូចជាការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនាមរដ្ឋសភា លោក ហេង សំរិន បានសម្តែង ក្តីរីករាយនិងស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោក ប៊ីចូន ហេកម៉ាគ។ រដ្ឋសភាកម្ពុជា គាំទ្រ និងសន្យាធ្វើកិច្ចសហការឲ្យបានពេញលេញដើម្បីឲ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យ៕



No comments:

Post a Comment