Friday, August 04, 2023

សម្តេចក្រឡាហោម ស ខេង ផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ ជាទីគោរព!


ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។ 

 ក្នុងន័យនេះ ក្នុងនាមខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រាបថា៖ 

 ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនបើមានការបែកបាក់ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ។   

 ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។ 

 គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្រ្ត នៃបេសកម្មរបស់ខ្លួន គ្រប់កាលៈទេសៈ គឺសុទ្ធតែមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបានមានប្រសាសន៍បញ្ជាក់រួចហើយ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ម្សិលម៉ិញនេះ។ 

 ជាថ្មីម្តងទៀត ខ្ញុំគូសបញ្ជាក់ជំហរដ៏មុតមាំរបស់ខ្ញុំជូនបងប្អូនជនរួមជាតិ ជ្រាបថា៖ 

 -ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។ 

 -ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។

 ក្នុងន័យនេះ ខ្ញុំនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា។ 

 សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ៕ 

រាជធានីភ្នំពេញ ថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣

សម្តេចក្រឡាហោម ស ខេង

អនុប្រធានគណបក្សប្រជាជនកម្ពុជា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ




វិភាគអន្តរជាតិ៖ ហេតុអ្វីចិនបោសសម្អាតផ្ទៃក្នុងកងកម្លាំងមីស៊ីលនុយក្លេអ៊ែររបស់ខ្លួន?


FN (ប៉េកាំង)៖ ឧត្តមសេនីយ៍ចិនដែលបានបាត់ខ្លួន និងជាមេបញ្ជាការនៃកងកម្លាំងមីស៊ីលនុយក្លេអ៊ែររបស់ចិន ត្រូវបានបណ្ដេញចេញពីតំណែងដែលនេះកំពុងបង្ក ​ឱ្យមានការសង្ស័យពីការបោសសម្អាតផ្ទៃក្នុងយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន ក្នុងពេលមួយទសវត្សរ៍មកនេះ។ លោកឧត្តមសេនីយ៍ Lǐ Yùchāo ជាមេបញ្ជាការ កងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិន (PLARF) និងមេបញ្ជាការរងរបស់លោក គឺលោកឧត្ដមសេនីយ៍ Liú Guāngbīn បានបាត់ខ្លួនអស់រយៈពេលជាច្រើន សប្ដាហ៍ហើយ។ រហូតដល់ថ្ងៃចន្ទ ទី៣១ ខែកក្កដាកន្លងទៅនេះ ទើបប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថាលោក Wáng Hòubīn ជាមេបញ្ជាការរង នៃកងទ័ពជើងទឹកចិន PLA​ ចាប់តាំងពីឆ្នាំ២០២០មក នឹងត្រូវឡើងកាន់តំណែងជំនួសលោក​ Lǐ Yùchāo ខណៈមន្ត្រីកងទ័ពអាកាស និងជាសមាជិក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដចិន លោក Xú Xīshèng ត្រូវតែងតាំងជាប្រមុខទទួលបន្ទុកអប់រំនយោបាយនៃកងកម្លាំងរ៉ុក្កែតចិន។

ការប្រកាសពីការផ្លាស់ប្ដូរតួនាទីឧត្ដមសេនីយ៍ទាំង២រូបនេះ កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានប្រកាសពីព័ត៌មាន ដ៏ភ្ញាក់ផ្អើលស្ដីពីការបញ្ចប់តំណែងរដ្ឋមន្ត្រីការបរទេស លោក ឈិន កាង ដោយតែងតាំងលោក វ៉ាង យី ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន។ ក៏ប៉ុន្តែថាតើអ្វីទៅ នៅពេលក្រោយឆាកនៃការដកតំណែងមេបញ្ជាការនៃកងកម្លាំងមីស៊ីលនុយក្លេអ៊ែររបស់ចិន?

* តើនរណារបូតតំណែង ហើយនរណាត្រូវបានដំឡើងតំណែង?

អ្វីដែលគេដឹង មកទល់នឹងម៉ោងនេះ នោះគឺលោក Wang Houbin ត្រូវបានតែងតាំងជាមេបញ្ជាការថ្មីនៃកងកម្លាំងមីស៊ីលនុយក្លេអ៊ែរ ឬកងកម្លាំងរ៉ុក្កែតចិន PLARF ហើយលោក Xu Xisheng ជាប្រមុខទទួលបន្ទុកអប់រំនយោបាយនៃកងកម្លាំង PLARF។ នេះមិនមែនជារឿងធម្មតានោះទេ ពីព្រោះថាមេដឹកនាំទាំង២ នៃកងកម្លាំង PLARF ដែលទទួលបន្ទុកលើប្រតិបត្តិការយោធាក្រៅប្រទេស និងប្រមុខទទួលបន្ទុកអប់រំនយោបាយត្រូវបានផ្លាស់ប្ដូរតំណែងក្នុងពេលដំណាលគ្នា។

មួយវិញទៀត មិនថាលោក Wang ឬលោក Xu សុទ្ធតែមិនមានសាវតារនៅក្នុងកងកម្លាំង PLARF នោះទេ។ តួយ៉ាង លោក Wang បានចំណាយពេលក្នុងអាជីព របស់លោកនៅក្នុងជួរកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន PLA និងជាជនមកពីខាងក្រៅដំបូងគេបំផុតដែលត្រូវបានតែងតាំងជាមេបញ្ជាការ PLARF ចាប់តាំងពីឆ្នាំ១៩៨២មក។ ចំណែក លោក Xu វិញគឺមានសាវតារមកពីកងទ័ពអាកាសចិន។ លោក Li Yuchao ដែលជាមេបញ្ជាការមុននៃកងកម្លាំងរ៉ុក្កែតចិន មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ព្រមទាំងអវត្តមាននៅឯពិធីដំឡើងតំណែងកាលពីពេលថ្មីៗនេះដែលជាធម្មតា លោក តែងតែមានវត្តមានចូលរួម។ មិនតែប៉ុណ្ណោះ សូម្បីតែអតីតបញ្ជាការរងទាំង២រូបរបស់លោក Li Yuchao គឺលោក Liu Guangbin និងលោក Zhāng Zhènzhōng ក៏បានបាត់ខ្លួនពីការបំពេញភារកិច្ចជាទម្លាប់ធម្មតាផងដែរ។ អតីតមេបញ្ជាការរង PLARF លោក Wú Guóhuá បានទទួលមរណភាព ក្នុងទីក្រុងប៉េកាំង កាលពី ថ្ងៃទី៤ ខែកក្កដាកន្លងទៅ ប៉ុន្តែព័ត៌មានពីមរណភាពយ៉ាងអាថ៌កំបាំងរបស់លោកមិនត្រូវបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នោះទេ រហូតទាល់តែ ដល់ថ្ងៃទី២៧ ខែកក្កដា។

* ហេតុអ្វីបានជាគេជឿថានេះជាការបោសសម្អាតផ្ទៃក្នុង?

ជាទូទៅ ព័ត៌មានពាក់ព័ន្ធនឹងចិន ទាល់តែចិនចេញមុខមកបញ្ជាក់ដោយខ្លួនឯង ទើបគេគ្រប់គ្នាអាចដឹងច្បាស់ថាមានរឿងអ្វីបានកើតឡើង។ ប៉ុន្តែ ការរុះរើតំណែង មន្ត្រីចិននៅពេលនេះ គឺវាកើតឡើងគាប់ជួននឹងពាក្យចចាមអារ៉ាម និងសេចក្ដីរាយការណ៍ក្នុងទីក្រុងប៉េកាំងថាលោកប្រធានាធិបតី ស៊ី ជិនពីង បានបើកភ្លើងបៃតង សម្រាប់ការស៊ើបអង្កេតបោសសម្អាតអំពើពុករលួយប្រឆាំងនឹងក្រុមឧត្តមសេនីយ៍នៃកងកម្លាំង PLARF។ ព័ត៌មានពីការបោសសម្អាតនេះត្រូវបានចុះផ្សាយនៅលើ សារព័ត៌មានតៃវ៉ាន់ និងសារព័ត៌មានចិននៅឯក្រៅប្រទេស អស់រយៈពេលជាច្រើនសប្ដាហ៍ ហើយកាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា សារព័ត៌មាន South China Morning Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏បានចុះផ្សាយព័ត៌មានដូចគ្នានេះដែរ។ ប្រសិនបើវាជាការពិតមែន នោះ ការយល់ព្រមរបស់លោក ស៊ី ជិនពីង លើការស៊ើបអង្កេត នឹងមានន័យថាលោក Li លោក Liu និងលោក Zhang ស្ថិតនៅក្នុងចំណោមមន្ត្រីដែលត្រូវបានបោសសម្អាត ខណៈការតែងតាំងមេបញ្ជាការថ្មីរបស់កងកម្លាំង PLARF ដែលសុទ្ធតែជាជនមកពីខាងក្រៅ អាចសន្មត់បានផងដែរថាលោក ស៊ី ចង់បោសសម្អាតផ្ទៃក្នុង និងមិនជឿ ទុកចិត្តលើថ្នាក់ដឹកនាំនៃកងកម្លាំង PLARF។

* តើការបោសសម្អាតនេះអាចនឹងធ្វើឱ្យរាំងស្ទះដល់ការធ្វើទំនើបកម្មរបស់ PLA ឬ?

ភ្លាមៗគេមិនអាចនិយាយបាននោះទេថាតើការបោសសម្អាតផ្ទៃក្នុងនេះ នឹងបង្កផលប៉ះពាល់ដល់ការធ្វើទំនើបកម្មរបស់ PLA ជាពិសេសប្រសិនបើគេមិនបានដឹងច្បាស់ ថាតើមានបទចោទអ្វីដែលពាក់ព័ន្ធអំពើពុករលួយផងនោះ។ ប៉ុន្តែ ច្បាស់ណាស់អ្វីដែលកំពុងកើតឡើងនឹងកាន់តែធ្វើឱ្យមានការសង្ស័យ និងការចោទសួរពីផលវិបាក នៃអំពើពុករលួយទៅលើគុណភាព និងការត្រៀមលក្ខណៈនៃកងកម្លាំងរ៉ុក្កែតចិន រួមទាំងសមត្ថភាពនុយក្លេអ៊ែរកំញើញទប់ស្កាត់សង្រ្គាម។

យ៉ាងណាក៏ដោយ អ្វីដែលគេអាចដឹង នោះគឺការរុះរើតំណែងមន្ត្រីចិនបានបង្ហាញថាលោក ស៊ី ជិនពីង នៅតែមានអំណាចលើសលប់ក្នុងការគ្រប់គ្រងកងទ័ព PLA។ ការលុបបំបាត់អំពើពុករលួយ គឺជារឿងដ៏លំបាកបំផុត សម្រាប់មេដឹកនាំ បើទោះជាមេដឹកនាំមានឥទ្ធិពលដូចលោក ស៊ី ជិនពីងក៏ដោយ។ អំពើពុករលួយក្នុងប្រទេស ចិន នៅតែមាន បន្ទាប់ពីលោក ស៊ី ចាប់ផ្ដើមបើកយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ហើយវាក៏មិនមែនជាភ្ញាក់ផ្អើលនោះដែរ។ ពីព្រោះអំពើពុករលួយអាចកើតមាន មិនថានៅក្នុងជួរយោធាណានោះទេ សូម្បីតែសហរដ្ឋអាមេរិកក៏ដោយ។ លោក ស៊ី ជិនពីងខ្លួនឯងក៏ធ្លាប់បានក្រើនរំឮកប្រាប់មន្ត្រីរបស់លោកផងដែរ ថាគណបក្សកុម្មុយនិស្ដចិន នឹងត្រូវស្ថិតជានិច្ចលើដំណើរផ្លូវនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕


សម្ដេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេង​របស់​សមាជិក​ក្រុមប្រឆាំងនៅក្រៅប្រទេសម្នាក់ ដែល​បាន​បកអាក្រាតអំពីអំពើឃោរឃៅរបស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​កម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ បានទម្លាយអំពីសារសំឡេងរបស់សមាជិកក្រុមប្រឆាំងនៅក្រៅប្រទេសម្នាក់ឈ្មោះ មាស លក្ខិណា ដែលបាន​បក​អាក្រាតអំពីអំពើ ឃោរឃៅរបស់​មេដឹកនាំក្រុម​ប្រឆាំង​នៅក្រៅប្រទេស ដែលបានធ្វើចំពោះខ្លួន និងក្រុម​គ្រួសារ។

តាមរយៈបណ្ដាញ Telegram សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញវីដេអូសំឡេងស្ត្រីខាងលើ ជាមួយនឹង​ការបញ្ជាក់ដូច្នេះថា៖

សូមស្តាប់​សំដីលោកស្រី មាស់ លក្ខិណា ដែលនិយាយ​អំពីភាព​សាហាវរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស និងការលំបាកនៃជីវភាពសម្រាប់អ្នករស់នៅប្រទេសក្រៅ។ ទោះបីលោកស្រីស្អប់និងជេរប្រមាថខ្ញុំ តែលោកស្រីនៅតែចាត់ទុកក្រុមលោកស្រី ជាអ្នកសាហាវ។ សូមកុំសួរថាសម្លេងនេះបានមកដោយរបៀបណា? និងសូមស្តាប់ទាំងអស់គ្នា។

បើតាមវីដេអូសំឡេងខាងលើនេះ លោកស្រី មាស លក្ខិណា បានត្អូញត្អែរអំពីការរងការធ្វើទុក្ខបុកម្នេញរបស់ ក្រុមលោក ម៉ែន សុថាវរិន្ទ្រ ដោយមានការគំរាមសម្លាប់លោកស្រី និងកូនៗ៕

ខាងក្រោមជា សារសំឡេងរបស់សមាជិកក្រុមប្រឆាំងនៅក្រៅប្រទេសម្នាក់ឈ្មោះ មាស លក្ខិណា៖