
សន្និសីទ្ធអន្តរជាតិសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិកលើកទី២០ ត្រូវបានសហការរៀបចំឡើងដោយរាជបណ្ឌិតសភាកម្ពុជា និងលេខាធិការដ្ឋានសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក មានកម្មវិធីរយៈពេលមួយសប្តាហ៍ (១២-១៨ ខែមករា ឆ្នាំ២០១៤) ដោយមានប្រតិភូមកពី ៤០ប្រទេស ចូលរួម ក្នុងនោះមានវាគ្មិនអន្តរជាតិដែលជាអ្នកស្រាវជ្រាវចំនួន ៧២៩នាក់ និងវាគ្មិនមកពីស្ថាប័ននានារបស់ព្រះរាជាណាចក្រកម្ពុជាចំនួន ៣២នាក់ ត្រូវពិភាក្សាលើប្រធានបទចំនួន ៦៣ធំៗ និងប្រធានបទរងចំនួន ៥៨០ ចែកជា ១០១ វគ្គពិភាក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍នៃសន្និសីទ្ធអន្តរជាតិសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិកលើកទី២០នេះថា ជាសកម្មភាពរួមចំណែកដល់ការលើកកម្ពស់នូវការយល់ដឹង ឲ្យកាន់តែច្បាស់បន្ថែមទៀតនូវវប្បធម៌ អារ្យធម៌រវាងគ្នាទៅវិញទៅមក បណ្តុះចំណងមិត្តភាព និងសហប្រតិបត្តិការទាំងក្នុងកម្រិតជាតិ តំបន់ និងពិភពលោក។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា នេះគឺជាវេទិកាវិទ្យាសាស្ត្រដ៏ធំសម្រាប់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ជាច្រើនរយនាក់ ក្នុងវិស័យវប្បធម៌មកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកលទ្ធផលស្រាវជ្រាវថ្មីៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រើប្រាស់នៅក្នុងវិស័យបុរាណវត្ថុវិទ្យា។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន ក្នុងការការពារអភិរក្ស និងលើកតម្លៃបេតិកភ័ណ្ឌវប្បធម៌ជាតិ តាមទិសដៅ“អភិរក្ស ដើម្បីអភិវឌ្ឍន និងអភិវឌ្ឍ ដើម្បីអភិរក្ស”។ រាជរដ្ឋាភិបាលបាន និងកំពុងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសលើសកលលោក និងស្ថាប័នអន្តរជាតិនានា ដើម្បីអភិរក្ស អភិវឌ្ឍន និងផ្សព្វផ្សាយវប្បធម៌អារ្យធម៌ខ្មែរ និងជួយសម្របសម្រួលដល់អ្នកស្រាវជ្រាវអន្តរជាតិ ក្នុងការសិក្សាស្រាវជ្រាវវិស័យបុរាណវិទ្យានៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ជម្រាបជូនអង្គសន្និសីទ្ធថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានវប្បធម៌ អារ្យធម៌ដ៏ចំណាស់ និងល្បីល្បាញ ដែលស្តែងឡើងតាមរយៈកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រធំៗជាច្រើន ដូចជាសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្របុរាណជាច្រើន នៅពាសពេញផ្ទៃប្រទេស ក្នុងនោះប្រាសាទអង្គរ និងប្រាសាទព្រះវិហារ បានក្លាយជាបេតិកភ័ណ្ឌពិភពលោក។ ក្រៅពីសម្បត្តិរូបីដ៏មានតម្លៃទាំងនេះ កម្ពុជានៅមានសម្បត្តិវប្បធម៌អរូបីសំខាន់ៗជាច្រើនទៀត ដែលបង្កប់នូវមូលដ្ឋានគំនិត ចំណេះដឹង បទពិសោធន៍ និងសកម្មភាពរបស់មនុស្សមាន ជាអាទិ៍ នៅក្នុងជំនឿ ទេវកថា ប្រពៃណី សាសនា ទស្សនវិជ្ជា ក្បួនសាស្ត្រា ច្បាប់នានា របាំ តន្ត្រី គំនូរ ចម្លាក់ ក្បាច់រចនាជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រាសន៍ថា វប្បធម៌អរូបីមួយចំនួន ត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដូចជា របាំព្រះរាជទ្រព្យ (២០០៣) និងល្ខោនស្បែកធំ (២០០៥)។ ជាងនេះទៀតរាជរដ្ឋាភិបាលបាន និងកំពុងរៀបចំបែបបទ ស្នើសុំចុះបញ្ជីនូវសម្បត្តិបេតិកភ័ណ្ឌជាតិ ទាំងរូបី និងអរូបីជាច្រើនទៀត ដូចជា ប្រាសាទសម្បូរព្រៃគុហ៍ ស្ថិតក្នុងខេត្តកំពង់ធំ និងក្បាច់បុរាណខ្មែរ “ល្បុកត្តោ” ជាដើម។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានរំលឹកផងដែរអំពីជោគជ័យនៃគណកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ (ICC Angkor) ដែលបានបង្កើតឡើងរយៈពេលជាង ២០ឆ្នាំមកហើយនោះ ក្នុងការជួយអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ ដោយសហការជាមួយអាជ្ញាធរអប្សរា បានក្លាយជាស្ថាប័នគំរូនៅលើសកលលោក ក្នុងការអភិរក្ស និងអភិវឌ្ឍនបេតិកភ័ណ្ឌ ដែលជាសម្បត្តិរបស់មនុស្សជាតិ។
តាមរយៈសន្និសីទ្ធអន្តរជាតិសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិកលើកទី២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍វាយតម្លៃថា រមណីយដ្ឋានអង្គរ លែងជាកន្លែងដែលស្ថិតនៅក្នុងព្រៃទៀតហើយ តែត្រូវបានគេស្គាល់ពាសពេញពិភពលោក។
ក្នុងនាមជាអ្នកសហការរៀបចំ សន្និសីទ្ធអន្តរជាតិសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិកលើកទី២០ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ក្នុងឆ្នាំ២០០៩ សន្និសីទ្ធអន្តរជាតិសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិកលើកទី១៩ បានប្រារព្ធធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាម ដែលមានសមាជិកចូលរួមចំនួន ៦០០នាក់ប៉ុណ្ណោះ។ នៅខែកញ្ញា ឆ្នាំ២០១១ គណកម្មាធិការសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក បានបោះឆ្នោតសម្រេចជ្រើសរើសប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និសីទ្ធអន្តរជាតិសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិកលើកទី២០ ឆ្នាំ២០១៤នេះ។
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានមានប្រសាសន៍បញ្ជាក់ថា ការជ្រើសរើសរៀបចំសន្និសីទ្ធអន្តរជាតិនៅកម្ពុជា ជាការផ្តល់នូវកិត្យានុភាពមួយថ្មីបន្ថែមទៀតដល់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ដោយហេតុថា ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ហើយជាប្រទេសដែលមានអារ្យធម៌ដ៏ល្បីល្បាញនាសម័យបុរាណ ដែលបានបន្សល់នូវមរតកវប្បធម៌រូបីតាមស្ថានីយបុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ និងបុរាណវត្ថិសិល្បៈគ្រប់ប្រភេទ ជាច្រើននៅពាសពេញប្រទេស ពិសេសនៅតំបន់អង្គរនៃខេត្តសៀមរាបនេះតែម្តង។
ក្រៅពីការអះអាងដោយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលគណៈអភិបាលខេត្តសៀមរាប អំពីការខិតខំអភិវឌ្ឍន៍ខេត្តសៀមរាបឲ្យមានការរីកចម្រើន និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរ លោកសាស្ត្រាចារ្យ អៀន លីលី (Prof. Ian Lilley) អគ្គលេខាធិការសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា អំពាវដល់នាវទេសចរនៅក្នុងពិភពលោក ឲ្យមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា ដែលលោកចាត់ទុកថា រណីយដ្ឋានអង្គរជាកន្លែងដ៏អស្ចារ្យនៅក្នុងពិភពលោក។
លោកសាស្ត្រាចារ្យ អៀន លីលី (Prof. Ian Lilley) អគ្គលេខាធិការសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក បានមានប្រសាសន៍បញ្ជាក់ថា ប្រៀបធៀបនឹងសន្និសីទ្ធអន្តរជាតិមុនៗ វត្តមានអ្នកស្រាវជ្រាវបុរាណវិទ្យាបានមកចូលរួមច្រើន បង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា។
សមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៩ គឺជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់លើវិស័យវប្បធម៌ និងបុរាណវិទ្យា ប្រមូលផ្តុំទៅដោយអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញក្នុងវិស័យនេះមកពីជុំវិញពិភពលោក ដែលបានធ្វើការស្រាវជ្រាវនៅតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍។ នៅរៀងរាល់ ៤ឆ្នាំម្តង សមាគមនេះត្រូវរៀបចំធ្វើសន្និសីទ្ធអន្តរជាតិរបស់ខ្លួន នៅក្នុងប្រទេសជាសមាជិកតាមការផ្លាស់វេនគ្នា៕